ច្បាប់លេវី
២៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើអ្នកណាម្នាក់ធ្វើសម្បថពិសេស+ថាជូនប្រាក់ស្មើនឹងតម្លៃបុគ្គលម្នាក់ដល់ព្រះយេហូវ៉ា តម្លៃនោះមានដូចតទៅ៖ ៣ បុរសចាប់ពីអាយុ២០ឆ្នាំដល់៦០ឆ្នាំ មានតម្លៃជាប្រាក់៥០ហ្សេគិល* តាមទម្ងន់ហ្សេគិលដែលប្រើក្នុងកន្លែងបរិសុទ្ធ។ ៤ ប៉ុន្តែ បើជាស្ត្រីវិញ តម្លៃនោះគឺ៣០ហ្សេគិល។ ៥ បើមានអាយុចាប់ពី៥ឆ្នាំដល់២០ឆ្នាំ សម្រាប់ប្រុសតម្លៃ២០ហ្សេគិល សម្រាប់ស្រី១០ហ្សេគិល។ ៦ បើមានអាយុចាប់ពីមួយខែដល់ប្រាំឆ្នាំ សម្រាប់ប្រុសតម្លៃប្រាំហ្សេគិល សម្រាប់ស្រីបីហ្សេគិល។
៧ «‹បើមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ សម្រាប់ប្រុសតម្លៃ១៥ហ្សេគិល សម្រាប់ស្រី១០ហ្សេគិល។ ៨ ប៉ុន្តែ បើអ្នកស្បថនោះក្រីក្រមិនអាចបង់តាមតម្លៃដែលកំណត់ទេ+ អ្នកនោះត្រូវទៅឈរនៅមុខសង្ឃ ហើយសង្ឃត្រូវកំណត់តម្លៃលើអ្នកនោះស្របតាមលទ្ធភាពដែលអ្នកនោះអាចជូនបាន។+
៩ «‹បើសម្បថនោះទាក់ទងនឹងសត្វសម្រាប់ជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ា សត្វដែលជូនព្រះយេហូវ៉ា នឹងទៅជាស្អាតបរិសុទ្ធ។ ១០ អ្នកស្បថមិនអាចប្ដូរសត្វមិនល្អជំនួសសត្វល្អ ឬសត្វល្អជំនួសសត្វមិនល្អនោះទេ។ ប៉ុន្តែ បើគាត់ត្រូវប្ដូរសត្វមួយទៀត នោះសត្វដំបូងនិងសត្វដែលត្រូវប្ដូរ គឺទាំងពីរនឹងទៅជាបរិសុទ្ធ។ ១១ ឯសត្វមិនស្អាតបរិសុទ្ធ+ដែលមិនអាចជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ាវិញ នោះគាត់ត្រូវនាំវាទៅឈរនៅមុខសង្ឃ។ ១២ បន្ទាប់មក សង្ឃនឹងកំណត់តម្លៃ អាស្រ័យទៅលើសត្វនោះល្អឬមិនល្អ។ តម្លៃណាដែលសង្ឃកំណត់ ត្រូវយកតាមតម្លៃនោះ។ ១៣ ប៉ុន្តែ បើគាត់ចង់ទិញសត្វនោះមកវិញ គាត់ត្រូវថែម១ភាគ៥ពីលើតម្លៃដែលបានកំណត់។+
១៤ «‹បើអ្នកណាញែកផ្ទះគាត់ជាបរិសុទ្ធជូនដល់ព្រះយេហូវ៉ា សង្ឃត្រូវកំណត់តម្លៃ អាស្រ័យទៅលើគុណភាពផ្ទះ។ តម្លៃណាដែលសង្ឃកំណត់ ត្រូវយកតាមតម្លៃនោះ។+ ១៥ ប៉ុន្តែ បើអ្នកនោះចង់ទិញផ្ទះមកវិញ គាត់ត្រូវថែម១ភាគ៥ពីលើតម្លៃដែលបានកំណត់ រួចផ្ទះនោះនឹងបានជារបស់គាត់។
១៦ «‹បើអ្នកណាញែកដីស្រែចម្ការខ្លះរបស់គាត់ទុកជាបរិសុទ្ធជូនដល់ព្រះយេហូវ៉ា តម្លៃដីនោះបានត្រូវកំណត់ស្របទៅតាមពូជដែលសាបព្រោះ គឺស្រូវបាលីមួយហូម៉ើរ* មានតម្លៃជាប្រាក់៥០ហ្សេគិល។ ១៧ បើគាត់ញែកដីស្រែចម្ការគាត់ទុកជាបរិសុទ្ធជូនដល់ព្រះ ចាប់ពីឆ្នាំសោមនស្ស+ តម្លៃនោះនឹងនៅដដែល។ ១៨ បើគាត់ជូនដីនោះក្រោយពីឆ្នាំសោមនស្ស សង្ឃត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំសោមនស្សបន្ទាប់ ហើយត្រូវបញ្ចុះតម្លៃដែលបានកំណត់។+ ១៩ ប៉ុន្តែ បើគាត់ចង់ទិញដីស្រែចម្ការមកវិញ គាត់ត្រូវថែម១ភាគ៥ពីលើតម្លៃដែលបានកំណត់ រួចដីនោះនឹងនៅជារបស់គាត់ដូចមុន។ ២០ ប៉ុន្តែ បើគាត់មិនបានទិញទេ ហើយក្រោយមកដីនោះបានត្រូវលក់ទៅឲ្យអ្នកផ្សេង នោះគាត់មិនអាចទិញមកវិញបានទេ។ ២១ លុះដល់ឆ្នាំសោមនស្សជាពេលដែលត្រូវប្រគល់ដីមកវិញ ដីនោះនឹងទៅជាដីបរិសុទ្ធជូនព្រះយេហូវ៉ា។ ដីនោះនឹងក្លាយទៅជាកម្មសិទ្ធិរបស់ពួកសង្ឃ។+
២២ «‹បើអ្នកណាញែកដីស្រែចម្ការដែលខ្លួនបានទិញទុកជាបរិសុទ្ធជូនព្រះយេហូវ៉ា ជាដីដែលមិនមែនជាដីកេរមត៌ករបស់ខ្លួន+ ២៣ សង្ឃត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំសោមនស្ស ហើយគាត់ត្រូវកំណត់តម្លៃនៅថ្ងៃនោះតែម្ដង។+ ដីនោះជាដីបរិសុទ្ធជូនព្រះយេហូវ៉ា។ ២៤ ដល់ឆ្នាំសោមនស្ស ដីនោះនឹងត្រូវប្រគល់ដល់ម្ចាស់ដើមវិញ ព្រោះជាដីកេររបស់គាត់។+
២៥ «‹តម្លៃនីមួយៗត្រូវគិតតាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ គឺមួយហ្សេគិលស្មើនឹង២០កេរ៉ា។*
២៦ «‹ប៉ុន្តែ ចំពោះកូនដំបូងរបស់សត្វ មិនត្រូវញែកជាបរិសុទ្ធទុកជូនព្រះយេហូវ៉ាទេ ព្រោះកូនដំបូងរបស់សត្វទាំងអស់ជារបស់ព្រះយេហូវ៉ាស្រាប់ហើយ ទោះជាគោឈ្មោលឬចៀមក្ដី។+ ២៧ បើក្នុងចំណោមកូនសត្វដែលមិនស្អាតបរិសុទ្ធ គាត់អាចលោះបានតាមតម្លៃដែលបានកំណត់ ដោយថែម១ភាគ៥ពីលើតម្លៃវា។+ ប៉ុន្តែ បើគាត់មិនទិញមកវិញទេ គេនឹងលក់វាតាមតម្លៃដែលបានកំណត់។
២៨ «‹រីឯអ្វីដែលបុគ្គលម្នាក់ប្រគល់ជូនព្រះយេហូវ៉ាដោយគ្មានល័ក្ខខ័ណ្ឌ គាត់មិនអាចលក់ឬទិញមកវិញបានទេ ទោះជាមនុស្ស សត្វ ឬដីស្រែចម្ការក្ដី។ អ្វីទាំងអស់ដែលបានប្រគល់ជូនព្រះយេហូវ៉ា ជាអ្វីដែលបរិសុទ្ធបំផុត។+ ២៩ ឯអ្នកដែលបានត្រូវទុកសម្រាប់ការបំផ្លាញ គេមិនអាចលោះគាត់បានទេ។+ អ្នកនោះត្រូវស្លាប់ជាមិនខាន។+
៣០ «‹ភោគផល១ភាគ១០+ជារបស់ព្រះយេហូវ៉ា ទោះជាផលពីដីស្រែចម្ការ ឬផលផ្លែពីដើមឈើក្ដី។ នោះជាអ្វីបរិសុទ្ធជូនព្រះយេហូវ៉ា។ ៣១ បើអ្នកណាចង់ទិញផល១ភាគ១០របស់គាត់មកវិញ គាត់ត្រូវថែម១ភាគ៥ពីលើផលនោះ។ ៣២ ចំណែក១ភាគ១០ពីហ្វូងគោហ្វូងចៀមនិងហ្វូងពពែវិញ រាល់សត្វទី១០ដែលដើរកាត់ក្រោមដំបងរបស់គង្វាល នឹងទៅជាអ្វីដែលបរិសុទ្ធជូនព្រះយេហូវ៉ា។ ៣៣ គាត់មិនត្រូវពិនិត្យមើលថាសត្វនោះជាសត្វល្អឬមិនល្អទេ ហើយក៏មិនអាចប្ដូរបានដែរ។ ប៉ុន្តែ បើគាត់ព្យាយាមប្ដូរសត្វ នោះទាំងសត្វដំបូងទាំងសត្វដែលត្រូវប្ដូរ នឹងទៅជាអ្វីបរិសុទ្ធជូនព្រះ។+ គាត់មិនអាចលោះសត្វនោះមកវិញបានទេ›»។
៣៤ នេះហើយជាច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាឲ្យដល់បណ្ដាជនអ៊ីស្រាអែលតាមរយៈម៉ូសេ នៅលើភ្នំស៊ីណាយ។+