បណ្ដាស្ដេចទី១
១១ ស្ដេចសាឡូម៉ូនបានស្រឡាញ់ស្ត្រីជនជាតិដទៃជាច្រើនទៀត+ ក្រៅពីកូនស្រីរបស់ផារ៉ូ។+ ស្ត្រីទាំងនោះរួមមាន៖ ជនជាតិម៉ូអាប់+ ជនជាតិអាំម៉ូន+ ជនជាតិអេដំ ជនជាតិស៊ីដូន+ និងជនជាតិហេត។+ ២ ស្ត្រីទាំងនោះមកពីជនជាតិផ្សេងៗដែលព្រះយេហូវ៉ាបានមានប្រសាសន៍ហាមពួកអ៊ីស្រាអែលថា៖ «អ្នកមិនត្រូវរៀបការជាមួយនឹងពួកគេឡើយ ព្រោះពួកគេនឹងបំបែរចិត្តអ្នកទៅតាមព្រះរបស់ពួកគេមិនខាន»។+ ប៉ុន្តែ សាឡូម៉ូនបាននៅជិតស្និទ្ធនឹងពួកគេ ហើយស្រឡាញ់ពួកគេ។ ៣ គាត់មានភរិយាចំនួន៧០០នាក់ជាអ្នកដែលមានឋានៈខ្ពស់ ហើយមានភរិយាបន្ទាប់ចំនួន៣០០នាក់។ បន្តិចម្ដងៗស្ត្រីទាំងនោះបានបំបែរចិត្តគាត់។ ៤ កាលគាត់ចាស់ទៅ+ ភរិយាទាំងនោះបានបំបែរចិត្តគាត់ឲ្យទៅតាមព្រះដទៃ។+ ខុសពីដាវីឌជាឪពុក សាឡូម៉ូនមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ាជាព្រះរបស់គាត់ទាំងស្រុងទេ។ ៥ សាឡូម៉ូនបានកាន់តាមព្រះរបស់ជនជាតិស៊ីដូនដែលមានឈ្មោះថាព្រះនាងអាសថារ៉ូត+ ព្រមទាំងកាន់តាមព្រះមីលខម+ជាព្រះដ៏គួរឲ្យស្អប់ខ្ពើមដែលជនជាតិអាំម៉ូនគោរពបូជា។ ៦ សាឡូម៉ូនបានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ហើយគាត់មិនបានកាន់តាមព្រះយេហូវ៉ាយ៉ាងអស់ពីចិត្តដូចដាវីឌជាឪពុកនោះទេ។+
៧ នៅគ្រានោះ សាឡូម៉ូនបានសង់ទីខ្ពស់+លើភ្នំដើម្បីគោរពបូជាដល់ព្រះកេម៉ូសរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡេក+របស់ជនជាតិអាំម៉ូន+ ដែលសុទ្ធតែជាព្រះដ៏គួរឲ្យស្អប់ខ្ពើម។ គាត់បានសង់ទីខ្ពស់នោះនៅទល់មុខក្រុងយេរូសាឡិម។ ៨ គាត់បានសង់ទីខ្ពស់ទាំងនោះសម្រាប់ភរិយាទាំងប៉ុន្មានរបស់គាត់ដែលជាជនជាតិដទៃ ទុកជាកន្លែងដុតគ្រឿងបូជា*ដល់ព្រះរបស់ពួកគេ។
៩ ព្រះយេហូវ៉ាខឹងនឹងសាឡូម៉ូនយ៉ាងខ្លាំង ដោយសារចិត្តរបស់គាត់បានបែរចេញពីព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល+ ដែលបានលេចមកឲ្យគាត់ឃើញពីរដង+ ១០ ហើយនោះជាអ្វីដែលលោកបានព្រមានគាត់រួចហើយថាមិនគួរកាន់តាមព្រះឯទៀតឡើយ។+ ប៉ុន្តែ គាត់មិនបានធ្វើតាមបង្គាប់ព្រះយេហូវ៉ាទេ។ ១១ ពេលនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់សាឡូម៉ូនថា៖ «ដោយព្រោះតែអ្នកធ្វើដូច្នោះ ហើយមិនបានកាន់តាមកិច្ចព្រមព្រៀងនិងបញ្ញត្តិដែលខ្ញុំបានបង្គាប់ដល់អ្នក នោះខ្ញុំនឹងដកហូតរាជាណាចក្រនោះពីអ្នក ហើយប្រគល់ឲ្យអ្នកបម្រើម្នាក់របស់អ្នកវិញ។+ ១២ ប៉ុន្តែ ដោយយល់ដល់ដាវីឌឪពុករបស់អ្នក ខ្ញុំនឹងមិនដកហូតរាជ្យនោះនៅគ្រារបស់អ្នកទេ។ ខ្ញុំនឹងដកហូតរាជ្យនោះពីដៃរបស់កូនអ្នកវិញ+ ១៣ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំនឹងមិនដកហូតរាជ្យនោះទាំងមូលទេ។+ ខ្ញុំនឹងទុកកុលសម្ព័ន្ធមួយឲ្យកូនរបស់អ្នក+ ព្រោះខ្ញុំយល់ដល់ដាវីឌជាអ្នកបម្រើរបស់ខ្ញុំ និងយល់ដល់ក្រុងយេរូសាឡិមជាក្រុងដែលខ្ញុំបានជ្រើសរើស»។+
១៤ រួចមក ព្រះយេហូវ៉ាបានបណ្ដាលឲ្យមានអ្នកប្រឆាំងនឹងសាឡូម៉ូន+ គឺហាដាតជាជនជាតិអេដំ ដែលមកពីវង្សត្រកូលស្ដេចនៅស្រុកអេដំ។+ ១៥ កាលដែលដាវីឌបានវាយឈ្នះស្រុកអេដំ+ យ៉ូអាប់ដែលជាមេទ័ពបានឡើងទៅបញ្ចុះសពពលទ័ព ហើយគាត់បានព្យាយាមសម្លាប់បុរសទាំងអស់នៅស្រុកអេដំ។ ១៦ (យ៉ូអាប់និងទ័ពអ៊ីស្រាអែលទាំងអស់បានស្នាក់នៅស្រុកអេដំអស់រយៈពេល៦ខែ រហូតដល់គាត់បានសម្លាប់បុរសទាំងអស់នៅទីនោះ) ១៧ ប៉ុន្តែ ហាដាតនិងអ្នកបម្រើខ្លះរបស់ឪពុកគាត់ដែលជាជនជាតិអេដំបានរត់រួចទៅស្រុកអេហ្ស៊ីប។ គ្រានោះ ហាដាតនៅជាកុមារនៅឡើយ។ ១៨ ពួកគេបានចាកចេញពីស្រុកម៉ាឌាន ទៅដល់ស្រុកប៉ារ៉ាន។ ពួកគេបាននាំអ្នកស្រុកប៉ារ៉ាន+ខ្លះទៅជាមួយ ហើយឆ្ពោះទៅស្រុកអេហ្ស៊ីប ទៅឯផារ៉ូជាស្ដេចស្រុកនោះ។ ផារ៉ូក៏បានឲ្យទីលំនៅ ស្បៀងអាហារ និងដីធ្លីដល់ហាដាត។ ១៩ ផារ៉ូស្រឡាញ់ពេញចិត្តហាដាតខ្លាំងដល់ម្ល៉េះបានជាគាត់ឲ្យប្អូនថ្លៃរបស់គាត់ ធ្វើជាប្រពន្ធរបស់ហាដាតទៅ។ នាងជាប្អូនរបស់ថាភេនីសភរិយារបស់ផារ៉ូ។ ២០ ក្រោយមក ប្អូនរបស់ថាភេនីសបានបង្កើតកូនប្រុសមួយឲ្យហាដាត កូននោះឈ្មោះកេនូបាត។ ថាភេនីសបានចិញ្ចឹមអប់រំកូននោះនៅក្នុងវិមានរបស់ផារ៉ូ ហើយកេនូបាតបានរស់នៅក្នុងវិមានរបស់ផារ៉ូជាមួយនឹងកូនៗរបស់ផារ៉ូ។
២១ នៅស្រុកអេហ្ស៊ីប ហាដាតបានឮដំណឹងថាដាវីឌបានស្លាប់ ហើយបានត្រូវបញ្ចុះជាមួយនឹងបុព្វបុរសរបស់គាត់។+ គាត់ក៏បានឮថាយ៉ូអាប់ជាមេទ័ពបានស្លាប់ដែរ។+ ដូច្នេះ ហាដាតបាននិយាយទៅកាន់ផារ៉ូថា៖ «សូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅស្រុកកំណើតខ្ញុំវិញផង»។ ២២ ប៉ុន្តែ ផារ៉ូបានសួរគាត់ថា៖ «កាលដែលអ្នកនៅជាមួយនឹងខ្ញុំ តើមានខ្វះអ្វីខ្លះបានជាអ្នកចង់ទៅស្រុករបស់អ្នកវិញដូច្នេះ?»។ ហាដាតបានតបថា៖ «ពុំមានខ្វះអ្វីទេ តែសូមមេត្តាឲ្យខ្ញុំត្រឡប់ទៅវិញផង»។
២៣ គ្រានោះ ព្រះបានបណ្ដាលឲ្យមានបុគ្គលម្នាក់ទៀតប្រឆាំងនឹងសាឡូម៉ូន។+ បុគ្គលនោះឈ្មោះរេសោនជាកូនប្រុសរបស់អេលាដា។ រេសោនបានរត់ចោលម្ចាស់របស់គាត់ ឈ្មោះហាដាឌីសឺ+ជាស្ដេចស្រុកសូបា។ ២៤ ពេលដាវីឌវាយឈ្នះទ័ពនៅស្រុកសូបា រេសោនបានប្រមូលបុរសខ្លះឲ្យទៅតាមគាត់ ហើយគាត់ក៏បានក្លាយទៅជាមេក្រុមចោរប្លន់។+ ដូច្នេះ ពួកគេបានរត់ទៅរស់នៅក្រុងដាម៉ាស់+ ហើយចាប់ផ្ដើមគ្រប់គ្រងលើក្រុងនោះ។ ២៥ គាត់បានប្រឆាំងនឹងជនជាតិអ៊ីស្រាអែលនៅគ្រាដែលសាឡូម៉ូនគ្រប់គ្រង ហើយក៏បានបង្កឲ្យមានបញ្ហា ដូចហាដាតបានធ្វើដែរ។ រេសោនស្អប់ជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ក្នុងអំឡុងពេលដែលគាត់គ្រប់គ្រងលើស្រុកស៊ីរី។
២៦ នៅគ្រានោះ មានបុរសម្នាក់ឈ្មោះយេរ៉ូបោម+ គាត់ជាកូនរបស់ណេបាតជាពួកអេប្រាអ៊ីមដែលមកពីក្រុងសេរេដា។ គាត់ជាអ្នកបម្រើរបស់សាឡូម៉ូន+ ហើយមានម្ដាយជាស្ត្រីមេម៉ាយឈ្មោះសេរូអា។ យេរ៉ូបោមក៏តាំងបះបោរប្រឆាំងនឹងសាឡូម៉ូនដែរ។+ ២៧ មូលហេតុដែលយេរ៉ូបោមបះបោរប្រឆាំងសាឡូម៉ូន គឺដោយសារសាឡូម៉ូនបានសង់មិឡូ*+ ហើយបានពង្រឹងកំពែងក្រុងដាវីឌជាក្រុងរបស់ឪពុកគាត់។+ ២៨ យេរ៉ូបោមជាយុវជនម្នាក់ដែលមានសមត្ថភាពក្នុងការងារ។ ពេលសាឡូម៉ូនឃើញថាគាត់ឧស្សាហ៍ធ្វើការ សាឡូម៉ូនក៏បានតែងតាំងគាត់ឲ្យធ្វើជាអ្នកត្រួតពិនិត្យ+លើកម្មករកំណែនដែលមកពីពូជពង្សរបស់យ៉ូសែប។ ២៩ ថ្ងៃមួយ យេរ៉ូបោមបានចេញពីក្រុងយេរូសាឡិម។ ឯអាហាយ៉ាជាអ្នកប្រកាសទំនាយ+ដែលមកពីស៊ីឡូរ គាត់បានជួបយេរ៉ូបោមនៅតាមផ្លូវ ហើយពួកគាត់ទាំងពីរនាក់នៅឯវាលដាច់ដោយឡែកពីគេ។ ពេលនោះ អាហាយ៉ាពាក់សម្លៀកបំពាក់ថ្មី ៣០ រួចគាត់ក៏បានហែកអាវថ្មីនោះ ជា១២ចំណែក ៣១ ហើយនិយាយទៅកាន់យេរ៉ូបោមថា៖
«សូមយក១០ចំណែកទុកសម្រាប់ខ្លួនអ្នកចុះ ព្រោះព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល បានមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងដកហូតរាជាណាចក្រនេះចេញពីដៃរបស់សាឡូម៉ូន ហើយខ្ញុំនឹងឲ្យកុលសម្ព័ន្ធ១០ដល់អ្នក។+ ៣២ ប៉ុន្តែ ខ្ញុំទុកកុលសម្ព័ន្ធមួយឲ្យគាត់+ ព្រោះខ្ញុំយល់ដល់ដាវីឌជាអ្នកបម្រើរបស់ខ្ញុំ+ និងយល់ដល់ក្រុងយេរូសាឡិមជាក្រុងដែលខ្ញុំបានជ្រើសរើសចេញពីកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល។+ ៣៣ ខ្ញុំនឹងធ្វើដូច្នេះ ដោយសាររាស្ត្ររបស់ខ្ញុំបានបែរចេញពីខ្ញុំ+ ហើយទៅក្រាបគោរពដល់ព្រះនាងអាសថារ៉ូត ជាព្រះរបស់ជនជាតិស៊ីដូន។ ពួកគេក៏គោរពបូជាដល់ព្រះកេម៉ូសជាព្រះរបស់ជនជាតិម៉ូអាប់ និងដល់ព្រះមីលខមជាព្រះរបស់ជនជាតិអាំម៉ូនដែរ។ ពួកគេមិនបានដើរតាមផ្លូវរបស់ខ្ញុំដោយធ្វើអ្វីដែលខ្ញុំពេញចិត្ត ហើយមិនបានកាន់តាមបញ្ញត្តិ និងគោរពតាមការវិនិច្ឆ័យរបស់ខ្ញុំ ដូចដាវីឌជាឪពុករបស់សាឡូម៉ូនទេ។ ៣៤ ប៉ុន្តែ ខ្ញុំនឹងមិនដកហូតរាជាណាចក្រទាំងមូលពីដៃរបស់សាឡូម៉ូនទេ។ ខ្ញុំនឹងទុកឲ្យគាត់គ្រប់គ្រងរហូតដល់ស្លាប់ ដោយសារខ្ញុំយល់ដល់ដាវីឌជាអ្នកដែលខ្ញុំបានជ្រើសរើស+ ព្រោះគាត់បានធ្វើតាមច្បាប់និងបញ្ញត្តិរបស់ខ្ញុំ។ ៣៥ ប៉ុន្តែ ខ្ញុំនឹងដកហូតការគ្រប់គ្រងនោះពីដៃរបស់កូនគាត់ ហើយប្រគល់ឲ្យអ្នកវិញ គឺខ្ញុំនឹងឲ្យអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធ១០។+ ៣៦ ចំណែកឯកូនរបស់គាត់វិញ ខ្ញុំនឹងទុកកុលសម្ព័ន្ធមួយ ដើម្បីឲ្យកូនចៅរបស់ដាវីឌជាអ្នកបម្រើខ្ញុំ គ្រប់គ្រងបន្តនៅចំពោះមុខខ្ញុំនៅក្រុងយេរូសាឡិម+ ជាក្រុងដែលខ្ញុំបានជ្រើសរើសសម្រាប់ខ្ញុំ និងជាកន្លែងដែលតាងនាមខ្ញុំ។ ៣៧ ឯអ្នកជាបុគ្គលដែលខ្ញុំនឹងជ្រើសរើសឲ្យធ្វើជាស្ដេចលើប្រជាជាតិអ៊ីស្រាអែល ហើយអ្នកនឹងគ្រប់គ្រងលើទឹកដីនេះតាមបំណងប្រាថ្នារបស់អ្នក។ ៣៨ បើអ្នកធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ខ្ញុំ ហើយដើរតាមផ្លូវរបស់ខ្ញុំ ព្រមទាំងធ្វើអ្វីដែលខ្ញុំពេញចិត្ត ដោយកាន់តាមច្បាប់និងបញ្ញត្តិរបស់ខ្ញុំ ដូចដាវីឌជាអ្នកបម្រើខ្ញុំ+ នោះខ្ញុំនឹងនៅជាមួយអ្នក។ ខ្ញុំនឹងតាំងតំណវង្សរបស់អ្នកឲ្យនៅគង់វង្ស ដូចដែលខ្ញុំបានតាំងតំណវង្សរបស់ដាវីឌដែរ+ ហើយខ្ញុំនឹងប្រគល់ប្រជាជាតិអ៊ីស្រាអែលឲ្យអ្នក។ ៣៩ ខ្ញុំនឹងធ្វើឲ្យកូនចៅរបស់ដាវីឌរងការអាម៉ាស់ ដោយសារការទាំងនេះ+ តែមិនមែនរហូតទេ›»។+
៤០ ហេតុនេះហើយបានជាសាឡូម៉ូនរកសម្លាប់យេរ៉ូបោម។ ប៉ុន្តែ យេរ៉ូបោមបានរត់ទៅសុំជ្រកកោនជាមួយនឹងស៊ីសាក់+ជាស្ដេចស្រុកអេហ្ស៊ីប+ ហើយគាត់បាននៅទីនោះរហូតដល់សាឡូម៉ូនស្លាប់។
៤១ រីឯប្រាជ្ញារបស់សាឡូម៉ូននិងកិច្ចការទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្រស្ដេចសាឡូម៉ូន។+ ៤២ សាឡូម៉ូនបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែលនៅក្រុងយេរូសាឡិមអស់រយៈពេល៤០ឆ្នាំ។ ៤៣ ក្រោយមក គាត់បានស្លាប់ ហើយគេបានបញ្ចុះសពគាត់នៅក្រុងរបស់ដាវីឌជាឪពុក ហើយរេហូបោម+ជាកូនរបស់គាត់បានក្លាយទៅជាស្ដេចបន្ទាប់ពីគាត់។