បណ្ដាស្ដេចទី២
១ ក្រោយពីអាហាប់បានស្លាប់ ជនជាតិម៉ូអាប់+បានបះបោរប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។
២ នៅគ្រានោះ មានថ្ងៃមួយអាហាស៊ីយ៉ានៅបន្ទប់លើដំបូលវិមាននាក្រុងសាម៉ារី។ លើដំបូលនោះមានប្រហោងដែលមានចម្រឹងឈើគ្របលើសម្រាប់ឲ្យខ្យល់ចេញចូល។ គាប់ជួនគាត់ជាន់ចម្រឹងនោះ ហើយធ្លាក់ទៅក្រោម បណ្ដាលឲ្យរងរបួសធ្ងន់។ ដូច្នេះ គាត់បានចាត់ពួកអ្នកនាំសារដោយប្រាប់ពួកគេថា៖ «ចូរទៅសួរព្រះបាលសេប៊ូលជាព្រះនៃក្រុងអេក្រុន+ ដើម្បីឲ្យដឹងថារបួសខ្ញុំនឹងជាឬក៏មិនជា»។+ ៣ នៅពេលនោះ ទេវតារបស់ព្រះយេហូវ៉ាបាននិយាយទៅកាន់អេលីយ៉ា*+ជាអ្នកភូមិធេសប៊ីថា៖ «ចូរក្រោកឡើងទៅជួបពួកអ្នកនាំសាររបស់ស្ដេចក្រុងសាម៉ារី ហើយនិយាយទៅកាន់ពួកគេថា៖ ‹តើក្នុងស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកទៅសួរព្រះបាលសេប៊ូលជាព្រះនៃក្រុងអេក្រុនដូច្នេះ?+ ៤ ហេតុនេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អ្នកនឹងក្រោកពីគ្រែមិនរួចទេ ព្រោះអ្នកនឹងស្លាប់ជាមិនខាន»›»។ ក្រោយប្រាប់រួច អេលីយ៉ាក៏ចាកចេញទៅ។
៥ ពួកអ្នកនាំសារក៏ធ្វើដំណើរត្រឡប់ទៅឯអាហាស៊ីយ៉ាវិញ ពេលនោះគាត់ក៏បានសួរពួកគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាត្រឡប់មកវិញដូច្នេះ?»។ ៦ ពួកគេបានឆ្លើយតបទៅគាត់ថា៖ «មានបុរសម្នាក់មកជួបពួកខ្ញុំ ហើយគាត់បានប្រាប់ថា៖ ‹ចូរត្រឡប់ទៅឯស្ដេច ហើយប្រាប់លោកវិញថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ ‹តើក្នុងស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកទៅសួរព្រះបាលសេប៊ូលជាព្រះនៃក្រុងអេក្រុនដូច្នេះ? ហេតុនេះ អ្នកនឹងក្រោកពីគ្រែមិនរួចទេ ព្រោះអ្នកនឹងស្លាប់ជាមិនខាន›»›»។+ ៧ ឮដូច្នេះ គាត់សួរពួកគេថា៖ «តើបុរសដែលបានមកជួបអ្នក ហើយប្រាប់ពាក្យទាំងនេះមានរូបរាងបែបណា?»។ ៨ ពួកគេក៏ប្រាប់គាត់ថា៖ «បុរសនោះពាក់អាវធ្វើពីរោមសត្វ+ ហើយចងខ្សែក្រវាត់ស្បែកនៅចង្កេះ»។+ អាហាស៊ីយ៉ាក៏និយាយភ្លាមថា៖ «នោះគឺជាអេលីយ៉ាជាអ្នកភូមិធេសប៊ី»។
៩ បន្ទាប់មក ស្ដេចបានចាត់មេកងលើពួកបុរស៥០នាក់ឲ្យនាំកូនចៅគាត់ ទៅជួបអេលីយ៉ា។ ពេលទៅដល់ គាត់ឃើញអេលីយ៉ាកំពុងអង្គុយនៅលើកំពូលភ្នំ។ មេកងនោះបាននិយាយទៅកាន់អេលីយ៉ាថា៖ «តំណាងព្រះពិតអើយ!+ ស្ដេចបានបង្គាប់ថា៖ ‹ចូរចុះមក›»។ ១០ ប៉ុន្តែ អេលីយ៉ាបានឆ្លើយតបទៅមេកងនោះថា៖ «បើខ្ញុំជាតំណាងព្រះមែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃ+មកឆាបឆេះអ្នកនិងពួកបុរស៥០នាក់នេះទៅ»។ ភ្លាមនោះ ភ្លើងក៏បានធ្លាក់ពីលើមេឃមកឆាបឆេះមេកងនិងពួកបុរស៥០នាក់នោះមែន។
១១ ដូច្នេះ ស្ដេចក៏ចាត់មេកងម្នាក់ទៀតឲ្យនាំពួកបុរស៥០នាក់ដែលនៅក្រោមបង្គាប់គាត់ ទៅជួបអេលីយ៉ា។ ពេលទៅដល់ មេកងនោះបាននិយាយទៅកាន់អេលីយ៉ាថា៖ «តំណាងព្រះពិតអើយ ស្ដេចបានបង្គាប់ថា៖ ‹ចូរចុះមកជាប្រញាប់›»។ ១២ ប៉ុន្តែ អេលីយ៉ាបានតបថា៖ «បើខ្ញុំជាតំណាងព្រះពិតមែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃមកឆាបឆេះអ្នកនិងពួកបុរស៥០នាក់នេះទៅ»។ រំពេចនោះ ភ្លើងពីព្រះក៏បានធ្លាក់ពីលើមេឃមកឆាបឆេះមេកងនិងពួកបុរស៥០នាក់នោះមែន។
១៣ ក្រោយមក ស្ដេចក៏ចាត់មេកងម្នាក់ទៀតឲ្យនាំពួកបុរស៥០នាក់ដែលនៅក្រោមបង្គាប់គាត់ ទៅជួបអេលីយ៉ា។ ប៉ុន្តែ ពេលមេកងនោះទៅដល់ គាត់បានលុតជង្គង់ក្រាបគោរពនៅមុខអេលីយ៉ា ហើយអង្វរសុំក្ដីមេត្តាថា៖ «ឱតំណាងព្រះពិតអើយ សូមប្រណីជីវិតខ្ញុំនិងជីវិតបុរស៥០នាក់នេះដែលជាអ្នកបម្រើលោកផង។ ១៤ ភ្លើងបានធ្លាក់ពីលើមេឃមកឆាបឆេះមេកងមុនៗនិងពួកបុរស៥០នាក់របស់ពួកគាត់អស់ហើយ។ ប៉ុន្តែ លើកនេះសូមប្រណីជីវិតខ្ញុំផង»។
១៥ ពេលនោះ ទេវតារបស់ព្រះយេហូវ៉ាបានប្រាប់អេលីយ៉ាថា៖ «ចូរចុះទៅតាមគាត់ចុះ កុំខ្លាចគាត់ឡើយ»។ ដូច្នេះ អេលីយ៉ាបានក្រោកឡើង ហើយចុះទៅជួបស្ដេចជាមួយនឹងគាត់។ ១៦ ពេលទៅដល់ អេលីយ៉ាបាននិយាយទៅកាន់ស្ដេចថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ ‹អ្នកបានចាត់ពួកអ្នកនាំសារឲ្យទៅសួរព្រះបាលសេប៊ូលជាព្រះនៃក្រុងអេក្រុន។+ តើដោយសារតែគ្មានព្រះក្នុងស្រុកអ៊ីស្រាអែលឬ?+ ហេតុអ្វីក៏អ្នកមិនសួររកប្រសាសន៍របស់លោកវិញ? ហេតុនេះ អ្នកនឹងក្រោកពីគ្រែមិនរួចទេ ព្រោះអ្នកនឹងស្លាប់ជាមិនខាន›»។ ១៧ ដូច្នេះ អាហាស៊ីយ៉ាបានស្លាប់ ដូចព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈអេលីយ៉ា។ អាហាស៊ីយ៉ាគ្មានកូនប្រុសទេ ហេតុនេះយេហូរ៉ាម+ជាប្អូនប្រុសគាត់បានក្លាយជាស្ដេចបន្ទាប់ពីគាត់ គឺនៅក្នុងឆ្នាំទី២នៃរាជ្យយេហូរ៉ាម+កូនយេហូសាផាត ជាស្ដេចស្រុកយូដា។
១៨ ឯកិច្ចការទាំងប៉ុន្មានដែលអាហាស៊ីយ៉ា+បានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។