សៀវភៅយ៉ូហាន
១២ ដូច្នេះ ៦ថ្ងៃមុនបុណ្យរំលង លោកយេស៊ូបានមកដល់ភូមិបេថានី ជាកន្លែងដែលឡាសា+នៅ។ គាត់ជាអ្នកដែលលោកយេស៊ូបានប្រោសឲ្យរស់ឡើងវិញ។ ២ ដូច្នេះ គេបានរៀបចំភោជនាហារជូនលោក ហើយម៉ាថាកំពុងបម្រើពួកគេ។+ ប៉ុន្តែ ឡាសានៅក្នុងចំណោមពួកអ្នកដែលអង្គុយរួមតុជាមួយនឹងលោក។ ៣ រួចមក ម៉ារៀបានយកប្រេងក្រអូបប្រហែលកន្លះលីត្រ*មក ជាប្រេងណាត*សុទ្ធ ដែលមានតម្លៃថ្លៃណាស់ ហើយនាងបានចាក់លាបជើងរបស់លោកយេស៊ូ រួចនាងក៏យកសក់មកជូតជើងរបស់លោកឲ្យស្ងួត។ ក្លិនប្រេងក្រអូបនោះបានសាយភាយពេញផ្ទះ។+ ៤ ប៉ុន្តែ យូដាសអ៊ីស្ការីយ៉ុត+ដែលជាអ្នកកាន់តាមម្នាក់របស់លោក និងជាអ្នកដែលបម្រុងនឹងក្បត់លោក បាននិយាយថា៖ ៥ «ហេតុអ្វីមិនយកប្រេងក្រអូបនេះទៅលក់បានប្រាក់៣០០ឌីណារី* រួចចែកឲ្យអ្នកក្រ?»។ ៦ ក៏ប៉ុន្តែ គាត់និយាយដូច្នេះមិនមែនដោយសារគាត់យកចិត្តទុកដាក់នឹងជនក្រីក្រទេ តែដោយសារគាត់ជាចោរ និងជាអ្នកកាន់ប្រអប់ទុកប្រាក់ ក៏ធ្លាប់លួចប្រាក់ដែលគេដាក់ក្នុងប្រអប់នោះដែរ។ ៧ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «កុំរំខាននាង នាងធ្វើដូច្នេះដើម្បីត្រៀមសម្រាប់ថ្ងៃបញ្ចុះសពរបស់ខ្ញុំ។+ ៨ ព្រោះអ្នករាល់គ្នាតែងតែមានអ្នកក្រនៅជាមួយ+ តែអ្នករាល់គ្នានឹងមិនមានខ្ញុំនៅជាមួយរហូតទេ»។+
៩ ពេលជនជាតិយូដាមួយក្រុមធំបានឮថាលោកនៅទីនោះ ពួកគេក៏បានមក មិនមែនដោយសារតែលោកយេស៊ូប៉ុណ្ណោះទេ ប៉ុន្តែដោយសារពួកគេចង់ឃើញឡាសា ដែលលោកបានប្រោសឲ្យរស់ឡើងវិញ។+ ១០ នៅពេលនោះ ពួកសង្ឃនាយកក៏ប្រឹក្សាគ្នារកវិធីសម្លាប់ឡាសាដែរ ១១ ព្រោះគាត់ជាហេតុដែលនាំឲ្យជនជាតិយូដាជាច្រើននាក់ទៅទីនោះ ហើយពួកគេក៏មានជំនឿលើលោកយេស៊ូ។+
១២ លុះស្អែកឡើង មនុស្សមួយក្រុមធំដែលមកបុណ្យនោះ បានឮថាលោកយេស៊ូកំពុងធ្វើដំណើរមកក្រុងយេរូសាឡិម។ ១៣ ដូច្នេះ ពួកគេក៏យកធាងលម៉ើ រួចបានចេញទៅជួបលោក ហើយចាប់ផ្ដើមស្រែកឡើងថា៖ «សូមលោកមេត្តាសង្គ្រោះ! អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា* មានពរហើយ!+ លោកជាស្ដេចនៃជនជាតិអ៊ីស្រាអែល!»។+ ១៤ ពេលដែលលោកយេស៊ូបានឃើញសត្វលាស្ទាវមួយ លោកក៏ជិះលើវា+ ដូចបទគម្ពីរបានចែងថា៖ ១៥ «កុំខ្លាចឡើយ កូនស្រីនៃស៊ីយ៉ូន*អើយ! មើល! ស្ដេចរបស់នាងកំពុងមក ដោយជិះលើលាស្ទាវ»។+ ១៦ នៅដើមដំបូង ពួកអ្នកកាន់តាមលោកមិនបានយល់ការទាំងនេះឡើយ។ ប៉ុន្តែ ក្រោយពីលោកយេស៊ូបានទទួលសិរីរុងរឿង+ នោះពួកគាត់បាននឹកឃើញថាការទាំងនេះដែលបានកើតឡើងដល់លោក គឺដូចអ្វីដែលបានត្រូវសរសេរអំពីលោក។+
១៧ ឯបណ្ដាជនដែលបានឃើញលោកយេស៊ូពេលដែលលោកហៅឡាសាឲ្យចេញពីទីបញ្ចុះសព+ ដោយប្រោសគាត់ឲ្យរស់ឡើងវិញ ពួកគេនាំគ្នាបញ្ជាក់អំពីលោកឥតឈប់។+ ១៨ ហេតុនេះ មនុស្សជាច្រើនក៏បានមកជួបលោកដែរ ដោយសារពួកគេបានឮថាលោកបានធ្វើសញ្ញាសម្គាល់នេះ។ ១៩ ដូច្នេះ ពួកផារិស៊ីនិយាយគ្នាថា៖ «ឃើញទេ? គម្រោងរបស់យើងមិនបានជោគជ័យសោះ។ មើល! ពិភពលោកទាំងមូលបានចេញទៅតាមអ្នកនោះហើយ»។+
២០ ក្នុងពិធីបុណ្យនោះ ក៏មានជនជាតិក្រិចមួយចំនួនបានមកគោរពបូជាដែរ។ ២១ ដូច្នេះ ពួកគេបានទៅជួបភីលីព+ដែលមកពីក្រុងបេតសេដានៅស្រុកកាលីឡេ ហើយពួកគេក៏សុំថា៖ «លោក យើងចង់ជួបលោកយេស៊ូ»។ ២២ ភីលីពបានមកប្រាប់អនទ្រេ រួចអនទ្រេនិងភីលីពបានមកជម្រាបលោកយេស៊ូ។
២៣ ប៉ុន្តែ លោកយេស៊ូបានតបទៅពួកគាត់ថា៖ «គឺដល់ពេលឲ្យកូនមនុស្សទទួលសិរីរុងរឿងហើយ។+ ២៤ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើគ្រាប់ស្រូវសាលីមួយមិនធ្លាក់ដល់ដី ហើយងាប់ទេ នោះវានៅតែជាគ្រាប់មួយប៉ុណ្ណោះ។ ប៉ុន្តែ បើគ្រាប់នោះងាប់វិញ+ វាបង្កើតផលជាច្រើន។ ២៥ អ្នកណាដែលស្រឡាញ់ជីវិត*ខ្លួន អ្នកនោះបំផ្លាញជីវិតខ្លួនវិញ។ ប៉ុន្តែ អ្នកណាដែលស្អប់ជីវិត+ខ្លួនក្នុងពិភពលោកនេះ អ្នកនោះនឹងរក្សាជីវិតខ្លួនដើម្បីបានជីវិតដែលគ្មានទីបញ្ចប់។+ ២៦ ប្រសិនបើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ហើយកន្លែងណាដែលខ្ញុំនៅ អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។+ ប្រសិនបើអ្នកណាចង់បម្រើខ្ញុំ នោះបិតាដែលស្ថិតនៅស្ថានសួគ៌នឹងលើកកិត្តិយសអ្នកនោះ។ ២៧ ឥឡូវនេះ ខ្ញុំពិបាកចិត្តណាស់។+ តើខ្ញុំគួរនិយាយយ៉ាងណា? បិតាអើយ សូមសង្គ្រោះខ្ញុំឲ្យរួចពីគ្រានេះ។+ ប៉ុន្តែ នេះជាមូលហេតុដែលខ្ញុំមក គឺដើម្បីឆ្លងកាត់គ្រានេះ។ ២៨ បិតាអើយ សូមលើកតម្កើងនាមរបស់លោក»។ រួចក៏មានសំឡេងមួយ+មកពីលើមេឃ*ថា៖ «ខ្ញុំបានលើកតម្កើងនាមរបស់ខ្ញុំ ហើយខ្ញុំនឹងលើកតម្កើងម្ដងទៀត»។+
២៩ បណ្ដាជនដែលកំពុងឈរនៅទីនោះ បានឮសំឡេងនោះ រួចតាំងនិយាយថា នោះជាសូរផ្គរលាន់។ អ្នកឯទៀតនិយាយថា៖ «ទេវតាមួយបាននិយាយទៅកាន់គាត់»។ ៣០ លោកយេស៊ូតបថា៖ «សំឡេងនេះបានបន្លឺឡើងសម្រាប់អ្នករាល់គ្នា មិនមែនសម្រាប់ខ្ញុំទេ។ ៣១ ឥឡូវពិភពលោកនេះកំពុងទទួលការវិនិច្ឆ័យ ហើយអ្នកគ្រប់គ្រងពិភពលោកនេះ+នឹងត្រូវបណ្ដេញចោល។+ ៣២ ក៏ប៉ុន្តែ ពេលដែលខ្ញុំត្រូវលើកឡើងពីដី*+ ខ្ញុំនឹងទាញនាំមនុស្សគ្រប់ប្រភេទមកឯខ្ញុំ»។ ៣៣ តាមពិត លោកមានប្រសាសន៍ដូច្នេះ ដើម្បីបញ្ជាក់អំពីរបៀបដែលលោកនឹងទទួលមរណភាព។+ ៣៤ ម្ល៉ោះហើយ បណ្ដាជនតបទៅលោកថា៖ «យើងបានឮអ្វីដែលចែងក្នុងច្បាប់*ថា គ្រិស្តនឹងស្ថិតនៅជារៀងរហូត។+ ដូច្នេះ ហេតុអ្វីបានជាអ្នកនិយាយថាកូនមនុស្សនឹងត្រូវគេលើកឡើង?+ តើកូនមនុស្សនេះជាអ្នកណា?»។ ៣៥ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ពន្លឺនឹងនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ។ ចូរអ្នករាល់គ្នាដើរកាលដែលនៅមានពន្លឺ ដើម្បីកុំឲ្យភាពងងឹតឈ្នះអ្នករាល់គ្នាឡើយ។ អ្នកណាដែលដើរក្នុងភាពងងឹត អ្នកនោះមិនដឹងថាខ្លួនកំពុងទៅឯណាទេ។+ ៣៦ កាលដែលអ្នករាល់គ្នានៅមានពន្លឺ ចូរបង្ហាញជំនឿលើពន្លឺ ដើម្បីអាចទៅជាកូននៃពន្លឺ»។+
លុះមានប្រសាសន៍អ្វីៗទាំងនេះចប់ លោកយេស៊ូក៏ចេញទៅ ហើយលាក់ខ្លួនពីពួកគេ។ ៣៧ ទោះជាលោកបានធ្វើសញ្ញាសម្គាល់ជាច្រើននៅមុខពួកគេក៏ដោយ ពួកគេមិនជឿលោកទេ។ ៣៨ យ៉ាងនេះ ពាក្យរបស់អេសាយដែលជាអ្នកប្រកាសទំនាយបានត្រូវសម្រេច។ ពាក្យនោះថា៖ «ព្រះយេហូវ៉ា* តើអ្នកណាបានជឿអ្វីដែលយើងបានប្រាប់?+ ហើយតើព្រះយេហូវ៉ា*បានបើកបង្ហាញឫទ្ធានុភាព*របស់លោកដល់អ្នកណា?»។+ ៣៩ ម្យ៉ាងទៀត អេសាយបានបញ្ជាក់មូលហេតុដែលពួកគេមិនអាចជឿបាន ដោយនិយាយថា៖ ៤០ «លោកបានធ្វើឲ្យភ្នែករបស់ពួកគេងងឹត ហើយបានធ្វើឲ្យចិត្តរបស់ពួកគេរឹង ដើម្បីកុំឲ្យភ្នែករបស់ពួកគេមើលឃើញ ហើយយល់អត្ថន័យនិងមានឥទ្ធិពលលើចិត្តរបស់ពួកគេ រួចវិលមកវិញ ហើយខ្ញុំធ្វើឲ្យពួកគេជាសះស្បើយ»។+ ៤១ អេសាយបានពោលអ្វីៗទាំងនេះ ពីព្រោះគាត់បានឃើញសិរីរុងរឿងរបស់លោក ហើយបាននិយាយអំពីលោក។+ ៤២ ទោះជាយ៉ាងនោះក៏ដោយ ពួកអ្នកគ្រប់គ្រងជាច្រើននាក់ចាប់ផ្ដើមមានជំនឿលើលោក។+ ប៉ុន្តែ ដោយសារពួកផារិស៊ី អ្នកគ្រប់គ្រងទាំងនោះមិនហ៊ានទទួលស្គាល់លោកទេ ដើម្បីកុំឲ្យគេបណ្ដេញចោលពីសាលាប្រជុំ+ ៤៣ ព្រោះពួកគេស្រឡាញ់ការសរសើរពីមនុស្ស ជាងទទួលការពេញចិត្ត*ពីព្រះ។+
៤៤ ក៏ប៉ុន្តែ លោកយេស៊ូបានបន្លឺសំឡេងថា៖ «អ្នកណាដែលជឿខ្ញុំ អ្នកនោះមិនគ្រាន់តែជឿខ្ញុំប៉ុណ្ណោះទេ តែក៏ជឿលោកដែលបានចាត់ខ្ញុំឲ្យមកដែរ+ ៤៥ ហើយអ្នកណាដែលឃើញខ្ញុំ អ្នកនោះក៏ឃើញលោកដែលចាត់ខ្ញុំឲ្យមកដែរ។+ ៤៦ ខ្ញុំបានមកធ្វើជាពន្លឺក្នុងពិភពលោកនេះ+ ដើម្បីកុំឲ្យអ្នកណាដែលជឿខ្ញុំស្ថិតក្នុងភាពងងឹតតទៅទៀត។+ ៤៧ ប៉ុន្តែ ប្រសិនបើអ្នកណាឮពាក្យរបស់ខ្ញុំ តែមិនធ្វើតាម ខ្ញុំមិនវិនិច្ឆ័យអ្នកនោះទេ ព្រោះខ្ញុំមិនបានមកដើម្បីវិនិច្ឆ័យពិភពលោកឡើយ តែដើម្បីសង្គ្រោះពិភពលោកវិញ។+ ៤៨ អ្នកណាដែលមិនអើពើចំពោះខ្ញុំ ហើយមិនទទួលពាក្យរបស់ខ្ញុំ នឹងមានអ្នកដែលវិនិច្ឆ័យអ្នកនោះ។ ពាក្យដែលខ្ញុំបាននិយាយ ជាអ្វីដែលនឹងវិនិច្ឆ័យអ្នកនោះនៅថ្ងៃចុងក្រោយបង្អស់។ ៤៩ ពីព្រោះអ្វីដែលខ្ញុំនិយាយ មិនមែនមកពីខ្ញុំទេ តែមកពីបិតានៅស្ថានសួគ៌ដែលបានចាត់ខ្ញុំឲ្យមក គឺលោកផ្ទាល់បានឲ្យបញ្ញត្ដិមួយមកខ្ញុំ ស្ដីអំពីអ្វីដែលខ្ញុំត្រូវបង្រៀន និងអ្វីដែលខ្ញុំត្រូវនិយាយ។+ ៥០ ខ្ញុំដឹងថាបញ្ញត្ដិរបស់លោកនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់។+ ដូច្នេះ អ្វីៗដែលខ្ញុំនិយាយ នោះខ្ញុំនិយាយដូចបិតានៅស្ថានសួគ៌បានមានប្រសាសន៍មកខ្ញុំ»។+