ច្បាប់លេវី
១៣ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនបន្តទៀតថា៖ ២ «បើអ្នកណាម្នាក់មានដុំពកនៅលើស្បែក ស្បែកឡើងក្រមរ ឬកើតភ្លឺ ដែលអាចទៅជាជំងឺឃ្លង់*+ នោះត្រូវនាំគាត់ទៅជួបអេរ៉ុនជាសង្ឃ ឬកូនប្រុសណាម្នាក់របស់គាត់ដែលជាសង្ឃ។+ ៣ រួចសង្ឃត្រូវពិនិត្យមើលរោគសើស្បែកនោះ។ បើនៅត្រង់កន្លែងនោះមានរោមពណ៌សនិងខូង នោះជាជំងឺឃ្លង់ហើយ។ សង្ឃត្រូវប្រកាសថាអ្នកនោះមិនស្អាតបរិសុទ្ធ។ ៤ ប៉ុន្តែ បើនៅត្រង់កន្លែងនោះមានពណ៌ស មិនខូង ហើយគ្មានរោមពណ៌សទេ នោះសង្ឃត្រូវទុកគាត់ឲ្យនៅដោយឡែកពីគេអស់រយៈពេល៧ថ្ងៃ។+ ៥ នៅថ្ងៃទី៧ សង្ឃត្រូវពិនិត្យមើលស្បែកគាត់ម្ដងទៀត។ បើរោគសញ្ញាលើនោះនៅដដែលមិនរាលដាល សង្ឃត្រូវទុកគាត់ឲ្យនៅដោយឡែកពីគេថែម៧ថ្ងៃទៀត។
៦ «បន្ទាប់ពីនោះ នៅថ្ងៃទី៧ សង្ឃត្រូវពិនិត្យមើលស្បែកគាត់ម្ដងទៀត។ បើស្បែកត្រង់កន្លែងនោះមានពណ៌ស្រអាប់ ហើយមិនរាលដាលទេ សង្ឃត្រូវប្រកាសថាអ្នកនោះស្អាតបរិសុទ្ធ+ ព្រោះនោះគ្រាន់តែជាក្រមរធម្មតាប៉ុណ្ណោះ។ អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយគាត់នឹងបានស្អាតបរិសុទ្ធ។ ៧ បើសង្ឃប្រកាសថាគាត់ស្អាតបរិសុទ្ធហើយ តែក្រោយមករោគនោះរាលដាលលើស្បែក នោះគាត់ត្រូវទៅជួបសង្ឃម្ដងទៀត។ ៨ បើសង្ឃពិនិត្យឃើញថារោគនោះរាលដាលនៅលើស្បែក សង្ឃត្រូវប្រកាសថាអ្នកនោះមិនស្អាតបរិសុទ្ធ ព្រោះគាត់កើតជំងឺឃ្លង់ហើយ។+
៩ «បើអ្នកណាម្នាក់កើតជំងឺឃ្លង់ ត្រូវនាំគាត់ទៅជួបសង្ឃដើម្បីឲ្យសង្ឃពិនិត្យមើល។ ១០ បើសង្ឃពិនិត្យឃើញ+ថាស្បែកគាត់ឡើងហើមពណ៌ស និងមានរោមសលើនោះ ហើយជាដំបៅធ្លាយមុខ+ ១១ នោះជាជំងឺឃ្លង់កម្រិតធ្ងន់ហើយ។ ដូច្នេះ សង្ឃត្រូវប្រកាសថាអ្នកនោះមិនស្អាតបរិសុទ្ធ ហើយសង្ឃមិនត្រូវបង្ខាំងគាត់ទុកទេ+ ព្រោះគាត់មិនស្អាតបរិសុទ្ធ។ ១២ បើសង្ឃឃើញថាអ្នកណាម្នាក់កើតជំងឺឃ្លង់ពេញខ្លួន ពីក្បាលដល់បាតជើង ១៣ ហើយសង្ឃពិនិត្យមើលឃើញថាជំងឺឃ្លង់នោះមានពណ៌ស នោះគាត់ត្រូវប្រកាសថាអ្នកនោះស្អាតបរិសុទ្ធ រោគឃ្លង់របស់គាត់មិនឆ្លងដល់អ្នកឯទៀតទេ។ ១៤ ប៉ុន្តែ បើគាត់មានដំបៅធ្លាយមុខ នោះគាត់នឹងទៅជាមិនស្អាតបរិសុទ្ធ។ ១៥ ក្រោយពីសង្ឃពិនិត្យមើលដំបៅនោះ គាត់ត្រូវប្រកាសថាអ្នកនោះមិនស្អាតបរិសុទ្ធ។+ ដំបៅធ្លាយនោះមិនស្អាតបរិសុទ្ធ ព្រោះនោះជាជំងឺឃ្លង់ហើយ។+ ១៦ ប៉ុន្តែ បើមុខដំបៅដែលធ្លាយនោះប្រែទៅជាពណ៌សវិញ គាត់ត្រូវទៅជួបសង្ឃ។ ១៧ បើសង្ឃពិនិត្យមើលមុខដំបៅនោះ+ឃើញថាជាពណ៌ស នោះសង្ឃត្រូវប្រកាសថាអ្នកនោះស្អាតបរិសុទ្ធ។
១៨ «បើអ្នកណាម្នាក់កើតបូសនៅលើស្បែក រួចបានជាសះស្បើយ ១៩ តែក្រោយមកកន្លែងនោះឡើងហើមស ឬមានស្នាមក្រហមប្រឿងៗ អ្នកនោះត្រូវទៅជួបសង្ឃ។ ២០ បើសង្ឃពិនិត្យមើល+ឃើញថាត្រង់កន្លែងនោះមានរោមសហើយខូង នោះជាជំងឺឃ្លង់ហើយ។ សង្ឃត្រូវប្រកាសថាអ្នកនោះមិនស្អាតបរិសុទ្ធ។ ២១ ប៉ុន្តែ បើសង្ឃពិនិត្យឃើញថាត្រង់កន្លែងនោះមានពណ៌ស្រអាប់ ហើយគ្មានឃើញរោមសនិងខូងនៅត្រង់កន្លែងនោះទេ នោះសង្ឃត្រូវទុកគាត់ឲ្យនៅដោយឡែកពីគេអស់រយៈពេល៧ថ្ងៃ។+ ២២ បើរោគនោះរាលដាលលើស្បែក សង្ឃត្រូវប្រកាសថាអ្នកនោះមិនស្អាតបរិសុទ្ធ ព្រោះគាត់កើតជំងឺឃ្លង់ហើយ។ ២៣ ប៉ុន្តែ បើរោគសញ្ញានោះនៅដដែល ហើយមិនរាលដាល នោះគ្រាន់តែជាស្នាមក្រហមពីបូសប៉ុណ្ណោះ។ ដូច្នេះ សង្ឃត្រូវប្រកាសថាអ្នកនោះស្អាតបរិសុទ្ធ។+
២៤ «បើអ្នកណាម្នាក់រលាកភ្លើង ហើយស្នាមរលាកនោះទៅជាពណ៌ស ឬក្រហមប្រឿងៗ ២៥ នោះត្រូវឲ្យសង្ឃពិនិត្យស្នាមរលាកនោះ។ បើសង្ឃឃើញថាស្នាមនោះខូងនិងមានរោមស នោះជាជំងឺឃ្លង់ហើយ។ សង្ឃត្រូវប្រកាសថាអ្នកនោះមិនស្អាតបរិសុទ្ធ។ ២៦ ប៉ុន្តែ បើសង្ឃពិនិត្យឃើញថាស្នាមនោះជាសះ ហើយគ្មានឃើញរោមសនិងខូងទេ នោះសង្ឃត្រូវទុកគាត់ឲ្យនៅដោយឡែកពីគេអស់រយៈពេល៧ថ្ងៃ។+ ២៧ នៅថ្ងៃទី៧ សង្ឃត្រូវពិនិត្យមើលម្ដងទៀត។ បើឃើញថាស្នាមនោះរាលដាល សង្ឃត្រូវប្រកាសថាអ្នកនោះមិនស្អាតបរិសុទ្ធ ព្រោះគាត់កើតជំងឺឃ្លង់ហើយ។ ២៨ ប៉ុន្តែ បើស្នាមនោះមិនរាលដាល ហើយជាឡើងវិញ នោះគ្រាន់តែជាការហើមស្នាមរលាកប៉ុណ្ណោះ។ ដូច្នេះ សង្ឃត្រូវប្រកាសថាអ្នកនោះស្អាតបរិសុទ្ធ។
២៩ «បើបុរសឬស្ត្រីណាមានរោគសើស្បែកនៅលើក្បាលឬចង្កា ៣០ ត្រូវឲ្យគាត់ទៅជួបសង្ឃ។ បើសង្ឃពិនិត្យមើល+ឃើញថាស្បែកនោះខូង ហើយមានសរសៃសក់ឆ្មារៗដុះរង្វើលពណ៌លឿងប្រឿងៗនៅលើក្បាល ឬមានពុកចង្កាឆ្មារៗដុះរង្វើលពណ៌លឿងប្រឿងៗ សង្ឃត្រូវប្រកាសថាអ្នកនោះមិនស្អាតបរិសុទ្ធ ព្រោះគាត់កើតជំងឺឃ្លង់នៅលើក្បាលឬចង្កាហើយ។ ៣១ ប៉ុន្តែ បើសង្ឃឃើញថារោគស្បែកនោះមិនខូង និងគ្មានរោមពណ៌ខ្មៅទេ នោះសង្ឃត្រូវទុកគាត់ឲ្យនៅដោយឡែកពីគេអស់រយៈពេល៧ថ្ងៃ។+ ៣២ នៅថ្ងៃទី៧ សង្ឃត្រូវពិនិត្យមើលម្ដងទៀត។ បើឃើញថារោគសើស្បែកនោះមិនខូង មិនរាលដាល ហើយគ្មានរោមពណ៌លឿងប្រឿងៗទេ ៣៣ នោះត្រូវកោរសក់ឬពុកចង្កាឲ្យគាត់ តែមិនត្រូវកោរត្រង់កន្លែងដែលមានរោគនោះទេ។ រួចសង្ឃត្រូវទុកគាត់ឲ្យនៅដោយឡែកពីគេ ថែម៧ថ្ងៃទៀត។
៣៤ «នៅថ្ងៃទី៧ សង្ឃត្រូវពិនិត្យមើលម្ដងទៀត។ បើសង្ឃឃើញថារោគសើស្បែកនៅលើក្បាលឬចង្កានោះមិនខូងនិងមិនរាលដាលទេ នោះសង្ឃត្រូវប្រកាសថាអ្នកនោះស្អាតបរិសុទ្ធ។ អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយគាត់នឹងបានស្អាតបរិសុទ្ធ។ ៣៥ បើសង្ឃប្រកាសថាគាត់ស្អាតបរិសុទ្ធហើយ តែក្រោយមករោគនោះរាលដាលលើស្បែក ៣៦ នោះសង្ឃត្រូវពិនិត្យមើលគាត់ម្ដងទៀត។ បើសង្ឃឃើញថារោគបានរាលដាលលើស្បែកមែន នោះគាត់មិនចាំបាច់រករោមពណ៌លឿងប្រឿងៗទេ ព្រោះបុគ្គលនោះមិនស្អាតបរិសុទ្ធហើយ។ ៣៧ ប៉ុន្តែ បើសង្ឃឃើញថារោគមិនបានរាលដាលទេ ហើយឃើញមានរោមខ្មៅដុះនៅលើនោះ បានសេចក្ដីថារោគសើស្បែកនោះជាសះស្បើយហើយ។ ដូច្នេះ បុគ្គលនោះជាស្អាតវិញ ហើយសង្ឃត្រូវប្រកាសថាគាត់ស្អាតបរិសុទ្ធ។+
៣៨ «បើបុរសឬស្ត្រីណាមានរោគសើស្បែក ហើយត្រង់កន្លែងស្បែកនោះមានពណ៌ស ៣៩ នោះត្រូវឲ្យសង្ឃពិនិត្យមើល។+ បើសង្ឃឃើញថាត្រង់កន្លែងស្បែកនោះពណ៌ស្រអាប់ នោះគ្រាន់តែជាជំងឺសើស្បែកធម្មតាប៉ុណ្ណោះ។ ដូច្នេះ បុគ្គលនោះស្អាតបរិសុទ្ធ។
៤០ «បើបុរសណាម្នាក់ជ្រុះសក់ ហើយទៅជាទំពែក នោះគាត់ស្អាតបរិសុទ្ធទេ។ ៤១ បើគាត់ជ្រុះសក់នៅខាងមុខ ហើយទៅជាឆក នោះគាត់ក៏ស្អាតបរិសុទ្ធដែរ។ ៤២ ប៉ុន្តែ បើមានដំបៅពណ៌ក្រហមប្រឿងៗនៅត្រង់កន្លែងទំពែកឬឆក នោះជាជំងឺឃ្លង់ហើយ។ ៤៣ ពេលសង្ឃពិនិត្យមើលឃើញមានដុំពកពណ៌ក្រហមប្រឿងៗនៅលើក្បាលឬថ្ងាស និងមើលទៅដូចជារោគឃ្លង់លើស្បែក ៤៤ នោះបានសេចក្ដីថាអ្នកនោះកើតជំងឺឃ្លង់ហើយ។ អ្នកនោះមិនស្អាតបរិសុទ្ធទេ ហើយសង្ឃត្រូវប្រកាសថាអ្នកនោះមិនស្អាតបរិសុទ្ធ ព្រោះមានរោគឃ្លង់នៅលើក្បាល។ ៤៥ អ្នកដែលកើតជំងឺឃ្លង់ត្រូវស្លៀកសម្លៀកបំពាក់រហែក ទុកក្បាលឲ្យនៅទទេ ហើយបាំងមាត់* ព្រមទាំងស្រែកថា៖ ‹ខ្ញុំមិនស្អាតបរិសុទ្ធ! ខ្ញុំមិនស្អាតបរិសុទ្ធ!›។ ៤៦ ដរាបណាគាត់នៅមានជំងឺនោះ ដរាបនោះគាត់នៅមិនស្អាតបរិសុទ្ធ ហើយគាត់ត្រូវរស់នៅដាច់ដោយឡែកពីគេនៅខាងក្រៅជំរំ។+
៤៧ «បើឃ្លង់រាលដាលលើសម្លៀកបំពាក់ដែលធ្វើពីរោមចៀម ឬពីក្រណាត់សាច់ល្អ ៤៨ ឬរាលដាលលើសរសៃអំបោះក្នុងក្រណាត់ត្បាញនោះ លើផ្ទាំងស្បែក ឬលើរបស់ដែលធ្វើពីស្បែកសត្វ ៤៩ ព្រមទាំងមានស្នាមពណ៌ត្រួយចេកឬពណ៌ក្រហមលើសម្លៀកបំពាក់ លើសរសៃអំបោះក្នុងក្រណាត់ត្បាញ លើផ្ទាំងស្បែក ឬលើរបស់ដែលធ្វើពីស្បែកសត្វ នោះជារោគឃ្លង់ហើយ។ ដូច្នេះ ត្រូវយករបស់ទាំងនោះទៅឲ្យសង្ឃពិនិត្យមើល។ ៥០ បើសង្ឃឃើញស្នាមទាំងនោះមែន នោះគាត់ត្រូវយករបស់ទាំងនោះទៅទុកដោយឡែកអស់រយៈពេល៧ថ្ងៃ។+ ៥១ នៅថ្ងៃទី៧ បើសង្ឃឃើញថាឃ្លង់រាលដាលលើសម្លៀកបំពាក់ លើសរសៃអំបោះក្នុងក្រណាត់ត្បាញ លើផ្ទាំងស្បែក(ទោះជាប្រើផ្ទាំងស្បែកនោះក្នុងគោលបំណងអ្វីក៏ដោយ) នោះជារោគឃ្លង់ដែលឆ្លងរាលដាលហើយ។ របស់ទាំងនោះគឺមិនស្អាតបរិសុទ្ធទេ។+ ៥២ ដូច្នេះ គាត់ត្រូវដុតចោលសម្លៀកបំពាក់ដែលធ្វើពីរោមចៀម និងពីក្រណាត់សាច់ល្អ ស្បែកសត្វឬដុតសរសៃអំបោះក្រណាត់ត្បាញដែលមានជាប់រោគនោះ។ ព្រោះនោះជារោគឃ្លង់ដែលឆ្លងរាលដាលហើយ។ ហេតុនេះ ត្រូវដុតចោលទាំងអស់។
៥៣ «ប៉ុន្តែ បើសង្ឃឃើញថារោគឃ្លង់មិនបានរាលដាលលើសម្លៀកបំពាក់ លើសរសៃអំបោះក្នុងក្រណាត់ត្បាញ ឬលើរបស់ដែលធ្វើពីស្បែកសត្វទេ ៥៤ នោះសង្ឃត្រូវបង្គាប់គេឲ្យលាងសម្អាតរបស់ទាំងនោះ ហើយយកទៅទុកអស់រយៈពេល៧ថ្ងៃទៀត។ ៥៥ ក្រោយពីនោះ សង្ឃនឹងពិនិត្យមើលម្ដងទៀត។ បើគាត់ឃើញថាឃ្លង់មិនបានរាលដាល តែស្នាមលើនោះមិនបានជ្រះស្អាតទេ នោះមានន័យថារបស់ទាំងនោះគឺមិនស្អាតបរិសុទ្ធ។ អ្នករាល់គ្នាត្រូវដុតរបស់ទាំងនោះចោល ព្រោះឃ្លង់នោះបានស៊ីពីខាងក្នុងឬពីខាងក្រៅហើយ។
៥៦ «ប៉ុន្តែ បើសង្ឃឃើញថាស្នាមលើនោះ បានរលាបចេញពីសម្លៀកបំពាក់ ផ្ទាំងស្បែក ឬពីសរសៃអំបោះក្នុងក្រណាត់ត្បាញ នោះត្រូវហែកកន្លែងស្នាមនោះចេញ។ ៥៧ ប៉ុន្តែ បើឃើញស្នាមលេចឡើងនៅកន្លែងផ្សេងទៀតលើរបស់ទាំងនោះ ហើយចាប់ផ្ដើមរាលដាល នោះត្រូវដុតរបស់ទាំងនោះចោលតែម្ដង។+ ៥៨ ប៉ុន្តែ បើស្នាមនោះរលុបបាត់ពីសម្លៀកបំពាក់ ពីសរសៃអំបោះក្នុងក្រណាត់ត្បាញ ឬពីរបស់ដែលធ្វើពីស្បែកសត្វ នោះត្រូវលាងសម្អាតម្ដងទៀត ទើបអាចចាត់ទុករបស់ទាំងនោះថាស្អាតបរិសុទ្ធ។
៥៩ «នេះជាច្បាប់អំពីរោគឃ្លង់នៅលើសម្លៀកបំពាក់ដែលធ្វើពីរោមចៀម ពីក្រណាត់សាច់ល្អ ឬនៅលើសរសៃអំបោះក្នុងក្រណាត់ត្បាញ ឬនៅលើរបស់ដែលធ្វើពីស្បែកសត្វ។ ច្បាប់នេះជួយឲ្យសន្មតថា អ្វីទាំងនោះស្អាតបរិសុទ្ធឬមិនស្អាតបរិសុទ្ធ»។