បណ្ដាស្ដេចទី១
១៤ គ្រានោះ អាប៊ីយ៉ាជាកូនប្រុសរបស់យេរ៉ូបោមបានធ្លាក់ខ្លួនឈឺ។ ២ ដូច្នេះ យេរ៉ូបោមបាននិយាយទៅកាន់ភរិយាគាត់ថា៖ «សូមក្លែងខ្លួនកុំឲ្យគេស្គាល់អ្នកថាជាភរិយាខ្ញុំ រួចធ្វើដំណើរទៅជួបអាហាយ៉ាជាអ្នកប្រកាសទំនាយ ដែលរស់នៅក្រុងស៊ីឡូរ។ គាត់នោះហើយជាអ្នកដែលបានប្រាប់ខ្ញុំថា ខ្ញុំនឹងក្លាយទៅជាស្ដេចលើបណ្ដាជនអ៊ីស្រាអែល។+ ៣ សូមយកនំប៉័ង១០ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយថូ ហើយទៅជួបគាត់។ គាត់នឹងប្រាប់អ្នកថាកូនយើងនឹងជាឬមិនជា»។
៤ រួចមក នាងក៏ធ្វើតាមបង្គាប់របស់យេរ៉ូបោមជាស្វាមី។ នាងក្រោកឡើងធ្វើដំណើរទៅក្រុងស៊ីឡូរ+ រួចក៏ទៅដល់ផ្ទះរបស់អាហាយ៉ា។ ចំណែកអាហាយ៉ា គាត់ចាស់ណាស់ហើយ ភ្នែកគាត់ងងឹតមើលមិនឃើញអ្វីទេ។
៥ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រាប់អាហាយ៉ាថា៖ «ប្រពន្ធរបស់យេរ៉ូបោមកំពុងធ្វើដំណើរមក ដើម្បីសួរអ្នកអំពីកូនរបស់នាងដែលកំពុងឈឺ។ ខ្ញុំនឹងប្រាប់អ្នកអំពីអ្វីដែលអ្នកត្រូវនិយាយទៅនាង។ នាងមកដោយក្លែងខ្លួនកុំឲ្យគេស្គាល់»។
៦ ពេលអាហាយ៉ាបានឮសូរសម្រឹបជើងនាងមកដល់មាត់ទ្វារ ភ្លាមនោះគាត់ក៏និយាយថា៖ «សូមចូលមកប្រពន្ធយេរ៉ូបោម។ ហេតុអ្វីបានជាអ្នកក្លែងខ្លួនដូច្នេះ? ព្រះបានបង្គាប់ខ្ញុំឲ្យប្រាប់ដំណឹងដ៏អាក្រក់មួយដល់អ្នក។ ៧ ចូរទៅប្រាប់យេរ៉ូបោមថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល មានប្រសាសន៍ថា៖ «ខ្ញុំបានជ្រើសរើសអ្នកពីចំណោមពួកបណ្ដាជន ឲ្យធ្វើជាអ្នកដឹកនាំលើជនជាតិអ៊ីស្រាអែលរាស្ត្ររបស់ខ្ញុំ។+ ៨ ខ្ញុំបានដកហូតរាជាណាចក្រពីពូជពង្សដាវីឌ ហើយប្រគល់ដល់អ្នកវិញ។+ ប៉ុន្តែ អ្នកមិនដូចដាវីឌអ្នកបម្រើខ្ញុំទេ ព្រោះគាត់តែងតែកាន់តាមបញ្ញត្តិរបស់ខ្ញុំ និងដើរតាមខ្ញុំយ៉ាងស្មោះអស់ពីចិត្ត។ គាត់តែងតែប្រព្រឹត្តអ្វីដែលខ្ញុំពេញចិត្តជានិច្ច។+ ៩ ឯអ្នកវិញ អ្នកបានប្រព្រឹត្តអាក្រក់លើសអ្នកមុនៗទៅទៀត។ អ្នកក៏បានធ្វើព្រះមួយទៀតសម្រាប់ខ្លួនអ្នក ថែមទាំងធ្វើរូបចម្លាក់លោហៈ ក្នុងបំណងធ្វើឲ្យខ្ញុំខឹង+ ហើយអ្នកបានបែរខ្នងដាក់ខ្ញុំទៀតផង។+ ១០ ហេតុនេះហើយបានជាខ្ញុំនឹងនាំសេចក្ដីវេទនាមកលើពូជពង្សរបស់យេរ៉ូបោម ហើយខ្ញុំនឹងបំផ្លាញកូនប្រុសៗទាំងអស់របស់យេរ៉ូបោម រួមទាំងអ្នកតូចទាបក្នុងស្រុកអ៊ីស្រាអែលផង។ បន្ថែមទៀត ខ្ញុំនឹងបោសសម្អាតពូជពង្សរបស់យេរ៉ូបោមឲ្យអស់+ ដូចជាបុគ្គលម្នាក់បោសអាចម៍សត្វចេញទាល់តែអស់រលីង! ១១ ក្នុងពូជពង្សរបស់យេរ៉ូបោម អ្នកណាដែលស្លាប់នៅក្នុងក្រុង ឆ្កែនឹងហែកស៊ី។ ឯអ្នកណាដែលស្លាប់នៅឯទីវាល សត្វហើរលើអាកាសនឹងចឹកស៊ី ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ហើយ»›។
១២ «ឥឡូវ ចូរអ្នកក្រោកឡើងត្រឡប់ទៅផ្ទះអ្នកវិញចុះ។ ពេលដែលអ្នកឈានជើងចូលក្នុងក្រុង កូននោះនឹងស្លាប់។ ១៣ បណ្ដាជនអ៊ីស្រាអែលទាំងអស់នឹងយំស្រណោះគាត់ រួចមកគេនឹងបញ្ចុះសពគាត់។ ក្នុងក្រុមគ្រួសារយេរ៉ូបោម មានតែគាត់ទេដែលនឹងត្រូវបញ្ចុះនៅក្នុងផ្នូរ ព្រោះមានតែគាត់ប៉ុណ្ណោះ ដែលព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលឃើញមានសេចក្ដីល្អខ្លះ។ ១៤ ព្រះយេហូវ៉ានឹងតាំងស្ដេចមួយឡើង ឲ្យគ្រប់គ្រងលើប្រជាជាតិអ៊ីស្រាអែល ហើយស្ដេចនោះនឹងបំផ្លាញពូជពង្សយេរ៉ូបោម+ឲ្យសាបសូន្យទៅពេលដែលថ្ងៃនោះមកដល់ ហើយសូម្បីតែឥឡូវនេះផង។ ១៥ ព្រះយេហូវ៉ានឹងវាយពួកអ៊ីស្រាអែលដូចជាវាយដើមត្រែងដែលយោលនៅលើទឹក ហើយលោកនឹងដករំលើងពួកអ៊ីស្រាអែលចេញពីទឹកដីដ៏ល្អនេះ ដែលលោកបានឲ្យដល់បុព្វបុរសរបស់ពួកគេ។+ លោកនឹងកម្ចាត់កម្ចាយពួកគេទៅខាងនាយទន្លេអឺប្រាត+ ព្រោះពួកគេបានធ្វើបង្គោលឈើពិសិដ្ឋ*+ ដែលបណ្ដាលឲ្យព្រះយេហូវ៉ាខឹងជាខ្លាំង។ ១៦ បន្ថែមទៅទៀត លោកនឹងបោះបង់ពួកអ៊ីស្រាអែលចោល ព្រោះតែអំពើខុសឆ្គងរបស់យេរ៉ូបោម ហើយការនោះបាននាំឲ្យបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គង»។+
១៧ លុះស្ដាប់រួច ភរិយារបស់យេរ៉ូបោមបានក្រោកឡើងចេញទៅ ហើយធ្វើដំណើរមកដល់ក្រុងធើសា។ កាលនាងបានឈានជើងចូលមាត់ទ្វារវិមាន កូននោះក៏ស្លាប់ទៅ។ ១៨ ដូច្នេះ គេបានបញ្ចុះសពកូននោះ ហើយបណ្ដាជនអ៊ីស្រាអែលទាំងអស់យំស្រណោះគាត់ ដូចព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈអាហាយ៉ាជាអ្នកប្រកាសទំនាយ។
១៩ ឯកិច្ចការទាំងប៉ុន្មានដែលយេរ៉ូបោមបានធ្វើ ដូចជាការធ្វើចម្បាំង+ និងការគ្រប់គ្រងរបស់គាត់ សុទ្ធតែបានកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចនៅស្រុកអ៊ីស្រាអែល។ ២០ យេរ៉ូបោមបានគ្រប់គ្រងអស់រយៈពេល២២ឆ្នាំ ក្រោយមកគេបានបញ្ចុះសពគាត់ជាមួយនឹងបុព្វបុរសរបស់គាត់+ ហើយណាដាបជាកូនបានគ្រប់គ្រងជាស្ដេចបន្ទាប់ពីគាត់។+
២១ នៅគ្រានោះដែរ រេហូបោមជាកូនសាឡូម៉ូនបានគ្រប់គ្រងជាស្ដេចនៅស្រុកយូដា។ រេហូបោមបានក្លាយទៅជាស្ដេចពេលដែលគាត់មានអាយុ៤១ឆ្នាំ ហើយគាត់បានគ្រប់គ្រងអស់រយៈពេល១៧ឆ្នាំនៅក្រុងយេរូសាឡិម ជាក្រុងដែលព្រះយេហូវ៉ាបានជ្រើសរើស+ពីកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាកន្លែងសម្រាប់តាងនាមលោក។+ ម្ដាយរបស់រេហូបោមឈ្មោះណាអាម៉ា ជាជនជាតិអាំម៉ូន។+ ២២ ពួកយូដាក៏បានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។+ ពួកគេបានប្រព្រឹត្តអំពើខុសឆ្គងជាច្រើន ហើយនោះបានបណ្ដាលឲ្យព្រះខឹងនឹងពួកគេខ្លាំងជាង ខឹងនឹងបុព្វបុរសរបស់ពួកគេទៅទៀត។+ ២៣ ពួកគេបានបន្តសង់ទីខ្ពស់ពិសិដ្ឋសម្រាប់ខ្លួនគេ រួមទាំងធ្វើបង្គោលថ្មនិងបង្គោលឈើ*+នៅលើទួលខ្ពស់ទាំងប៉ុន្មាន+ និងនៅក្រោមដើមឈើខៀវខ្ចីទាំងអស់ដើម្បីគោរពបូជា។+ ២៤ នៅក្នុងស្រុកនោះ ក៏មានពួកបុរសដែលបម្រើបុរសឯទៀតខាងផ្លូវភេទក្នុងវិហារដែរ។+ បណ្ដាជនបានធ្វើតាមអស់ទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើមដែលជនជាតិផ្សេងៗប្រព្រឹត្ត ជាជនជាតិដែលព្រះយេហូវ៉ាបានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល។
២៥ ក្នុងឆ្នាំទី៥នៃរាជ្យរេហូបោម ស៊ីសាក់+ជាស្ដេចស្រុកអេហ្ស៊ីប បានឡើងមកច្បាំងនឹងក្រុងយេរូសាឡិម។+ ២៦ ស៊ីសាក់បានយករបស់មានតម្លៃពីវិហាររបស់ព្រះយេហូវ៉ា ហើយក៏បានយកទ្រព្យសម្បត្តិពីវិមានរបស់ស្ដេចដែរ។+ ស៊ីសាក់បានយកអ្វីៗទាំងអស់ រួមទាំងខែលមាសទាំងប៉ុន្មានដែលសាឡូម៉ូនបានធ្វើ។+ ២៧ ដូច្នេះ ស្ដេចរេហូបោមបានធ្វើខែលស្ពាន់ជំនួសវិញ ហើយគាត់បានទុកឲ្យពួកមេលើអ្នកយាមខ្លោងទ្វារវិមានរបស់ស្ដេច មើលថែរក្សា។ ២៨ កាលណាស្ដេចចូលទៅក្នុងវិហាររបស់ព្រះយេហូវ៉ា អ្នកយាមនឹងកាន់ខែលទាំងនោះ រួចពួកគេយកទៅទុកក្នុងបន្ទប់អ្នកយាមវិញ។
២៩ ឯកិច្ចការទាំងប៉ុន្មានដែលរេហូបោមបានធ្វើ សុទ្ធតែបានកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចនៅស្រុកយូដា។+ ៣០ រេហូបោមនិងយេរ៉ូបោមតែងតែច្បាំងគ្នាជានិច្ច។+ ៣១ ក្រោយមក រេហូបោមបានស្លាប់ ហើយគេបញ្ចុះសពគាត់ក្នុងទីបញ្ចុះសពជាមួយនឹងបុព្វបុរសរបស់គាត់ នៅក្រុងដាវីឌ។+ ម្ដាយរបស់គាត់ឈ្មោះណាអាម៉ា ជាជនជាតិអាំម៉ូន។+ បន្ទាប់មក អាប៊ីយ៉ាម*+ជាកូនបានគ្រប់គ្រងជាស្ដេចបន្ទាប់ពីគាត់។