ប្រវត្តិហេតុទី១
៥ រូបេន+ជាកូនច្បងរបស់អ៊ីស្រាអែល។ ប៉ុន្តែ ដោយសារគាត់បានរួមដំណេកជាមួយនឹងប្រពន្ធបន្ទាប់របស់ឪពុកគាត់+ សិទ្ធិជាកូនច្បងបានត្រូវប្រគល់ឲ្យដល់កូនរបស់យ៉ូសែបវិញ។+ ដូច្នេះ រូបេនមិនបានត្រូវរាប់ក្នុងបញ្ជីជាកូនច្បងទេ។ កូនចៅរបស់គាត់បានត្រូវរាយនាមនៅខាងក្រោម។ ២ ឯយូដា+វិញ ទោះជាគាត់ប្រសើរជាងបងប្អូនរបស់គាត់ ហើយមានអ្នកដឹកនាំម្នាក់+នឹងកើតចេញពីគាត់ក្ដី ក៏សិទ្ធិជាកូនច្បងនៅតែជារបស់យ៉ូសែប។ ៣ កូនរបស់រូបេនដែលជាកូនច្បងរបស់អ៊ីស្រាអែលមាន ហាណុក ផាលូ ហេស្រុន និងកាម៉ាយ។+ ៤ រីឯកូនរបស់យ៉ូអែលគឺសិមម៉ាយ៉ា។ កូនរបស់សិមម៉ាយ៉ាគឺកូក។ កូនរបស់កូកគឺស៊ីមម៉ាយ។ ៥ កូនរបស់ស៊ីមម៉ាយគឺមីកា។ កូនរបស់មីកាគឺរ៉េអាយ៉ា។ កូនរបស់រ៉េអាយ៉ាគឺបាល។ ៦ កូនរបស់បាលគឺបេអារ៉ា គាត់ជាមេដឹកនាំម្នាក់ក្នុងកុលសម្ព័ន្ធរូបេន។ ក្រោយមក ធីលកាតភីនីសឺ+ជាស្ដេចស្រុកអាស៊ីរី បានចាប់គាត់យកទៅធ្វើជាឈ្លើយ។ ៧ ឯបញ្ជីឈ្មោះក្រុមគ្រួសាររបស់បងប្អូនបេអារ៉ាវិញ មានដូចតទៅ៖ យេអែលជាប្រមុខ បន្ទាប់មកសាការី ៨ និងបេឡា។ បេឡាជាកូនអេសាស ត្រូវជាចៅសិមម៉ា ហើយត្រូវជាចៅទួតយ៉ូអែល។ ពួកកូនចៅបេឡារស់នៅក្រុងអារ៉ូអ៊ើរ+ រហូតដល់ក្រុងនេបូរនិងបាលមេអន។+ ៩ ពួកគេមានហ្វូងសត្វយ៉ាងច្រើនសន្ធឹកនៅស្រុកគីលាត។+ ហេតុនេះ ពួកគេក៏ពង្រីកទឹកដីទៅទិសខាងកើតរហូតដល់តំបន់ស្ងាត់ជ្រងំក្បែរទន្លេអឺប្រាត។+ ១០ នៅគ្រាសុលគ្រប់គ្រង ពួកគេបានវាយឈ្នះពួកហាការេន ហើយតាំងទីលំនៅពេញពាសលើទឹកដីដែលនៅតំបន់ខាងកើតស្រុកគីលាត។
១១ ឯកូនចៅកាដ ពួកគេរស់នៅក្បែរកូនចៅរូបេន នៅតំបន់បាសានរហូតដល់ក្រុងសាលកា។+ ១២ នៅតំបន់បាសាន មានយ៉ូអែលជាប្រមុខ បន្ទាប់ពីគាត់គឺសាផាម ហើយក៏មានយ៉ាណាយ និងសាផាតដែរ។ ១៣ បងប្អូនរបស់ពួកគេមាន៧នាក់ទៀតគឺ មីកែល មេស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន សៀយ៉ា និងហេបឺរ។ ១៤ ពួកគេទាំងនេះជាកូនរបស់អាបឺហេល។ អាបឺហេលជាកូនហ៊ូរី។ ហ៊ូរីជាកូនយ៉ារូអា។ យ៉ារូអាជាកូនគីលាត។ គីលាតជាកូនមីកែល។ មីកែលជាកូនយេស៊ីសាយ។ យេស៊ីសាយជាកូនយ៉ាដូ។ យ៉ាដូជាកូនប៊ូស។ ១៥ ចំណែកអេហាយជាកូនអាបឌាល ត្រូវជាចៅគូណាយ គាត់ជាប្រមុខលើវង្សត្រកូលគាត់។ ១៦ ពួកគេរស់នៅក្នុងតំបន់គីលាត+ តំបន់បាសាន+ និងក្រុងតូចៗដែលនៅជុំវិញ ព្រមទាំងនៅតំបន់វាលស្មៅសារ៉ុនទាំងមូល។ ១៧ ឈ្មោះអ្នកទាំងនេះបានត្រូវកត់ទុកក្នុងបញ្ជីគ្រួសារ ក្នុងរាជ្យយ៉ូថាម+ជាស្ដេចស្រុកយូដា និងក្នុងរាជ្យយេរ៉ូបោម*+ជាស្ដេចស្រុកអ៊ីស្រាអែល។
១៨ រីឯកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ ពួកគេមានទាហានដ៏អង់អាចចំនួន៤៤.៧៦០នាក់ ដែលពូកែខាងប្រើខែល ដាវ និងពូកែបាញ់ធ្នូ ហើយពួកគេជាអ្នកថ្នឹកចម្បាំង។ ១៩ ពួកគេធ្វើចម្បាំងនឹងពួកហាការេន+ ពួកយេថឺ ពួកណាភីស+ និងពួកណូដាប់។ ២០ នៅពេលច្បាំង ពួកគេបានអធិដ្ឋានសុំជំនួយពីព្រះឲ្យពួកគេច្បាំងឈ្នះពួកហាការេន និងអស់អ្នកដែលចូលដៃជាមួយនឹងអ្នកទាំងនោះ។ ព្រះក៏ធ្វើតាមការអធិដ្ឋានរបស់ពួកគេ ដោយឲ្យពួកគេវាយឈ្នះ ព្រោះពួកគេបានទុកចិត្តលើលោក។+ ២១ ពួកគេចាប់បណ្ដាជន១០០.០០០នាក់យកទៅធ្វើជាឈ្លើយ។ ពួកគេក៏រឹបអូសបានហ្វូងសត្វជាច្រើន ដូចជាអូដ្ឋ៥០.០០០ក្បាល ចៀម២៥០.០០០ក្បាល និងលា២.០០០ក្បាល។ ២២ ពួកហាការេននិងបក្សពួករបស់ពួកគេជាច្រើននាក់បានស្លាប់ក្នុងចម្បាំង ដោយសារព្រះពិតបានជួយក្នុងចម្បាំងនោះ។+ បន្ទាប់មក កុលសម្ព័ន្ធទាំងនោះបានរស់នៅលើទឹកដីរបស់ពួកគេ រហូតដល់គ្រាដែលត្រូវនិរទេស។+
២៣ កូនចៅនៃពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ+ បានរស់នៅលើទឹកដីនោះ ចាប់ពីតំបន់បាសានដល់បាលហឺម៉ូន និងសេនៀ និងភ្នំហឺម៉ូន។+ ពួកគេមានចំនួនច្រើនឡើងៗ។ ២៤ ពួកអ្នកដែលជាប្រមុខនៃក្រុមគ្រួសារមានឈ្មោះដូចតទៅ៖ អេផឺ អ៊ីសអាយ អេលៀល អាសរាល យេរេមា ហូដាវា និងយ៉ាឌាល។ ពួកគេជាបុរសខ្លាំងពូកែនិងល្បីឈ្មោះ។ ២៥ ប៉ុន្តែ ពួកគេបានប្រព្រឹត្តមិនស្មោះត្រង់ចំពោះព្រះនៃបុព្វបុរសរបស់ពួកគេ ហើយបានបែរទៅគោរពបម្រើព្រះនានារបស់អ្នកស្រុកនោះ+ គឺជាបណ្ដាជនដែលព្រះបានបំផ្លាញចេញពីពួកគេ។ ២៦ ដូច្នេះ ព្រះនៃជនជាតិអ៊ីស្រាអែល បានជំរុញចិត្តស្ដេចផូលជាស្ដេចស្រុកអាស៊ីរី+(នេះសំដៅលើស្ដេចធីលកាតភីនីសឺ)+ ឲ្យចាប់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ យកទៅធ្វើជាឈ្លើយ។ រួចនាំពួកគេទៅតំបន់ហាឡា តំបន់ហារ៉ា តំបន់ហាបោ និងទន្លេកូសាន។+ ពួកគេក៏រស់នៅទីនោះរហូតដល់សព្វថ្ងៃ។