អែសរ៉ា
៨ ក្នុងរាជ្យស្ដេចអើថាស៊ើកសេស ខ្ញុំបានចាកចេញពីស្រុកបាប៊ីឡូនជាមួយនឹងពួកប្រមុខគ្រួសារនិងបណ្ដាជនមួយចំនួន។ នេះជាបញ្ជីរាយនាមតាមវង្សត្រកូលរបស់ពួកគេ៖+ ២ ពីកូនចៅភីនេហាស+ មានគើសោម។ ពីកូនចៅអ៊ីតតាម៉ា+ មានដានីយ៉ែល។ ពីកូនចៅដាវីឌ មានហាធូស។ ៣ ពីកូនចៅសេកានៀ និងពីកូនចៅផារូស មានសាការីនិងពួកបុរស១៥០នាក់មកជាមួយគាត់។ ៤ ពីកូនចៅផាហាតម៉ូអាប់+ មានអេឡាយហូអ៊ីណាយជាកូនសេរ៉ាហ៊ានិងពួកបុរស២០០នាក់មកជាមួយគាត់។ ៥ ពីកូនចៅសាធូ+ មានសេកានៀជាកូនយ៉ាហេសែលនិងពួកបុរស៣០០នាក់មកជាមួយគាត់។ ៦ ពីកូនចៅអេដិន+ មានអ៊ីបេតជាកូន*យ៉ូណាថាននិងពួកបុរស៥០នាក់មកជាមួយគាត់។ ៧ ពីកូនចៅអេឡាំ+ មានយេសេយ៉ាជាកូនអាថាលៀនិងពួកបុរស៧០នាក់មកជាមួយគាត់។ ៨ ពីកូនចៅសេផាធា+ មានសេបបាឌាជាកូនមីកែលនិងពួកបុរស៨០នាក់មកជាមួយគាត់។ ៩ ពីកូនចៅយ៉ូអាប់ មានអូបាឌាជាកូនយេហែលនិងពួកបុរស២១៨នាក់មកជាមួយគាត់។ ១០ ពីកូនចៅបាណាយ មានសេឡូមីតជាកូនយ៉ូសិភានិងពួកបុរស១៦០នាក់មកជាមួយគាត់។ ១១ ពីកូនចៅបេបាយ+ មានសាការីជាកូនបេបាយនិងពួកបុរស២៨នាក់មកជាមួយគាត់។ ១២ ពីកូនចៅអាសកាត+ មានយ៉ូហាណានជាកូនហាក់កាថាន និងពួកបុរស១១០នាក់មកជាមួយគាត់។ ១៣ ពីកូនចៅអាដូណាយខាម+ ដែលជាអ្នកក្រោយគេ មានអេលីផាលេត យេអែល និងសិមម៉ាយ៉ា ព្រមទាំងពួកបុរស៦០នាក់មកជាមួយពួកគេ។ ១៤ ពីកូនចៅប៊ីកវ៉ាយ+ មានយូថាយនិងសាបាត់ ព្រមទាំងពួកបុរស៧០នាក់មកជាមួយពួកគេ។
១៥ ខ្ញុំបានឲ្យពួកគេមកជួបជុំគ្នានៅក្បែរទន្លេដែលហូរទៅអាហាវ៉ា+ ហើយបានបោះជំរំនៅទីនោះអស់បីថ្ងៃ។ ប៉ុន្តែ ពេលខ្ញុំពិនិត្យមើលបណ្ដាជននិងពួកសង្ឃ ខ្ញុំមិនឃើញមានពួកលេវីមកជាមួយទេ។ ១៦ ដូច្នេះ ខ្ញុំបានចាត់គេឲ្យទៅហៅពួកអ្នកដឹកនាំឲ្យមកជួប គឺអេលាស៊ើរ អេរៀល សិមម៉ាយ៉ា អេលណាថាន យ៉ារីប អេលណាថាន ណាថាន់ សាការី និងមេស៊ូឡាម។ ខ្ញុំក៏ឲ្យគេហៅពួកអ្នកបង្ហាត់បង្រៀនឲ្យមកជួបដែរ គឺយ៉ូយ៉ារីបនិងអេលណាថាន។ ១៧ បន្ទាប់មក ខ្ញុំបានចាត់ពួកគេឲ្យទៅជួបអ៊ីតដូ ដែលជាអ្នកដឹកនាំនៅកន្លែងមួយហៅថាកាសិភា។ ខ្ញុំបានបង្គាប់ពួកគេឲ្យប្រាប់អ៊ីតដូនិងបងប្អូនគាត់ ដែលមកពីកូនចៅពួកអ្នកបម្រើក្នុងវិហារ* ឲ្យបញ្ជូនពួកអ្នកបម្រើខ្លះឲ្យមកធ្វើការនៅវិហាររបស់ព្រះនៃយើង។ ១៨ ដោយសារព្រះបានជួយយើង ពួកបុរសទាំងនោះបាននាំសេរេបៀ+ជាអ្នកដែលចេះពិចារណាមកជាមួយ ព្រមទាំងកូនចៅនិងបងប្អូនគាត់ សរុបទៅ១៨នាក់។ សេរេបៀជាកូនចៅម៉ាឡាយ។+ ម៉ាឡាយជាចៅលេវី។ លេវីជាកូនរបស់អ៊ីស្រាអែល។ ១៩ ពួកបុរសទាំងនោះក៏បាននាំហាសាបៀ និងយេសេយ៉ាជាកូនចៅមេរេរ៉ាយ+មកជាមួយដែរ ព្រមទាំងបងប្អូនរបស់គាត់និងកូនចៅពួកគេ សរុបទៅ២០នាក់។ ២០ ដូច្នេះ ពួកអ្នកបម្រើនៅវិហារដែលមានឈ្មោះក្នុងបញ្ជីមានចំនួន២២០នាក់។ ពេលមុន ស្ដេចដាវីឌនិងពួកអភិបាលបានរៀបចំឲ្យមានពួកអ្នកបម្រើដើម្បីជួយកិច្ចការពួកលេវី។
២១ ពេលនៅក្បែរទន្លេអាហាវ៉ា ខ្ញុំបានប្រកាសឲ្យបណ្ដាជនតមអាហារ ដើម្បីបន្ទាបខ្លួននៅចំពោះព្រះនៃយើង ហើយដើម្បីសុំការណែនាំក្នុងការធ្វើដំណើរ ព្រមទាំងសុំលោកឲ្យការពារយើងនិងកូនចៅ រួមទាំងទ្រព្យសម្បត្តិនិងរបស់របរទាំងអស់ដែលយើងយកទៅជាមួយ។ ២២ ខ្ញុំខ្មាសមិនហ៊ានសុំពលទាហាននិងទាហានសេះពីស្ដេច ឲ្យមកការពារយើងតាមផ្លូវទេ ព្រោះយើងធ្លាប់និយាយទៅកាន់ស្ដេចថា៖ «ព្រះរបស់យើងនឹងជួយមើលការពារអស់អ្នកដែលស្វែងរកលោក+ តែលោកមានសេចក្ដីក្រោធ ហើយប្រើកម្លាំងខ្លាំងក្លាទាស់នឹងអស់អ្នកដែលលះចោលលោកវិញ»។+ ២៣ ហេតុនេះ យើងបានតមអាហារ និងអង្វរសុំជំនួយពីព្រះ ហើយលោកក៏ស្ដាប់ពាក្យអង្វរសុំរបស់យើង។+
២៤ ខ្ញុំបានជ្រើសរើសសង្ឃនាយក១២នាក់ គឺសេរេបៀ និងហាសាបៀ+ រួមទាំងបងប្អូនរបស់ពួកគេ១០នាក់ទៀត។ ២៥ រួចមក ខ្ញុំបានថ្លឹងមាសប្រាក់និងប្រដាប់ប្រដាផ្សេងៗ ហើយប្រគល់ឲ្យដល់ពួកគេ។ របស់ទាំងនោះគឺជាអំណោយពីស្ដេច ពីពួកទីប្រឹក្សា ពីពួកអភិបាល និងពីបណ្ដាជនអ៊ីស្រាអែលទាំងអស់ ដែលពួកគេបានប្រគល់ជូនសម្រាប់វិហាររបស់ព្រះនៃយើង។+ ២៦ របស់របរទាំងនោះមានប្រាក់ទម្ងន់៦៥០ថាលិន* មាសទម្ងន់១០០ថាលិន ប្រដាប់ប្រដាធ្វើពីប្រាក់ចំនួន១០០ដែលមានតម្លៃស្មើនឹង២ថាលិន ២៧ ចានគោមតូចធ្វើពីមាសចំនួន២០ដែលមានតម្លៃស្មើនឹង១.០០០ដារីក* និងប្រដាប់ប្រដា២ធ្វើពីស្ពាន់សុទ្ធដែលខាត់យ៉ាងភ្លឺមានតម្លៃដូចមាស។
២៨ បន្ទាប់មក ខ្ញុំបាននិយាយទៅកាន់ពួកសង្ឃនាយកទាំងនោះថា៖ «អ្នករាល់គ្នាជាអ្នកបរិសុទ្ធនៅចំពោះព្រះយេហូវ៉ា+ និងប្រដាប់ប្រដាទាំងនេះក៏បរិសុទ្ធដែរ។ ឯមាសប្រាក់វិញ គឺជាគ្រឿងបូជាស្ម័គ្រពីចិត្តជូនដល់ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា។ ២៩ ដូច្នេះ ចូរយកចិត្តទុកដាក់ការពាររបស់របរទាំងនេះ រហូតដល់ក្រុងយេរូសាឡិម។ នៅទីនោះ អ្នកត្រូវថ្លឹងរបស់របរទាំងនេះនៅចំពោះមុខពួកសង្ឃនាយក ពួកលេវី និងពួកមេដឹកនាំនៃក្រុមគ្រួសារជនជាតិអ៊ីស្រាអែល+ នៅក្នុងបន្ទប់នៃវិហារព្រះយេហូវ៉ា»។ ៣០ លុះស្ដាប់រួច ពួកសង្ឃនិងពួកលេវីបានទទួលយកមាសប្រាក់និងប្រដាប់ប្រដាទាំងនោះ រួចដឹកជញ្ជូនទៅវិហាររបស់ព្រះនៅក្រុងយេរូសាឡិម។
៣១ នៅថ្ងៃទី១២ ខែទី១+ យើងបានចាកចេញពីតំបន់ទន្លេអាហាវ៉ា+ ធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡិម ដោយមានព្រះនៅជាមួយនឹងយើង។ នៅតាមផ្លូវ ព្រះបានជួយសង្គ្រោះយើងពីខ្មាំងសត្រូវនិងពីក្រុមចោរប្លន់។ ៣២ ទីបំផុត យើងបានមកដល់ក្រុងយេរូសាឡិម+ ហើយសម្រាកនៅទីនោះអស់បីថ្ងៃ។ ៣៣ នៅថ្ងៃទី៤ យើងបានថ្លឹងមាសប្រាក់និងប្រដាប់ប្រដាទាំងអស់ក្នុងវិហារព្រះ+ ហើយប្រគល់ឲ្យមេរេម៉ត+ជាកូនយូរ៉ាយ៉ាជាសង្ឃ។ នៅជាមួយមេរេម៉ត មានអេលាសារជាកូនភីនេហាស និងពួកលេវីពីរនាក់ គឺយ៉ូសាបាត+ជាកូនយេសួ និងណូអាឌាជាកូនប៊ីននូអាយ។+ ៣៤ របស់របរទាំងអស់នោះបានត្រូវរាប់និងថ្លឹង ហើយទម្ងន់នៃរបស់របរទាំងនោះបានត្រូវកត់ទុកក្នុងបញ្ជី។ ៣៥ បន្ទាប់មក បណ្ដាជនដែលធ្លាប់ជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន បានជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល គឺគោឈ្មោលចំនួន១២ក្បាល+សម្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ ថែមទាំងចៀមឈ្មោលចំនួន៩៦ក្បាល+ កូនចៀមឈ្មោលចំនួន៧៧ក្បាល និងពពែឈ្មោលចំនួន១២ក្បាល+ ជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង ទាំងអស់នោះជាគ្រឿងបូជាដុត។+
៣៦ ក្រោយមក យើងបានប្រគល់សេចក្ដីបង្គាប់របស់ស្ដេច+ដល់ពួកអភិបាលខេត្ត និងពួកអភិបាលនៅតំបន់ខាងនាយទន្លេអឺប្រាត។+ ម្ល៉ោះហើយ ពួកគេបានជួយគាំទ្របណ្ដាជននិងវិហាររបស់ព្រះដ៏ពិត។+