សៀវភៅលូកា
១៨ បន្ទាប់មក លោកលើកឧទាហរណ៍មួយដើម្បីឲ្យពួកគាត់ដឹងថា ពួកគាត់ត្រូវអធិដ្ឋានជានិច្ច ហើយមិនត្រូវឈប់ឡើយ។+ ២ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «នៅក្រុងមួយមានចៅក្រមម្នាក់ដែលមិនកោតខ្លាចព្រះ ហើយមិនគោរពមនុស្សណាម្នាក់សោះ។ ៣ នៅក្រុងនោះក៏មានស្ត្រីមេម៉ាយម្នាក់ដែរ នាងទៅរកចៅក្រមនោះម្ដងហើយម្ដងទៀត ដោយពោលថា៖ ‹សូមជួយវិនិច្ឆ័យរឿងក្ដីរបស់ខ្ញុំជាមួយនឹងគូវិវាទ ដើម្បីរកយុត្តិធម៌ឲ្យខ្ញុំផង›។ ៤ អស់មួយរយៈពេល ចៅក្រមនោះមិនព្រមជួយទេ តែក្រោយមកគាត់និយាយប្រាប់ខ្លួនគាត់ថា៖ ‹ទោះជាខ្ញុំមិនកោតខ្លាចព្រះឬគោរពមនុស្សណាម្នាក់ក៏ដោយ ៥ ប៉ុន្តែដោយសារស្ត្រីមេម៉ាយនេះចេះតែរំអុកខ្ញុំ ខ្ញុំនឹងរកយុត្តិធម៌ឲ្យនាង ដើម្បីឲ្យនាងឈប់មករំខានខ្ញុំទៀត›»។+ ៦ រួចលោកម្ចាស់មានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាបានកត់សម្គាល់អ្វីដែលចៅក្រមមិនសុចរិតនោះនិយាយទេ? ៧ បើដូច្នេះ ព្រះប្រាកដជានឹងរកយុត្តិធម៌ឲ្យអ្នកដែលលោកបានជ្រើសរើស ដែលស្រែករកលោកទាំងយប់ទាំងថ្ងៃ មែនទេ?+ លោកក៏នឹងមានចិត្តអត់ធ្មត់ចំពោះពួកគេដែរ។+ ៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះនឹងរកយុត្តិធម៌ឲ្យពួកគេយ៉ាងឆាប់។ ទោះជាយ៉ាងនោះក៏ដោយ ពេលដែលកូនមនុស្សមកដល់ តើលោកពិតជានឹងឃើញមនុស្សដែលមានជំនឿដូចនេះនៅផែនដីឬទេ?»។
៩ លោកលើកឧទាហរណ៍មួយទៀតប្រាប់អ្នកខ្លះដែលជឿជាក់ថាខ្លួនសុចរិត ហើយចាត់ទុកអ្នកដទៃថាគ្មានតម្លៃសោះ ដោយមានប្រសាសន៍ថា៖ ១០ «មានបុរសពីរនាក់ឡើងទៅវិហារដើម្បីអធិដ្ឋាន។ ម្នាក់ជាផារិស៊ី ហើយម្នាក់ទៀតជាអ្នកយកពន្ធ។ ១១ បុរសផារិស៊ីនោះបានឈរអធិដ្ឋានក្នុងចិត្តថា៖ ‹ឱព្រះអើយ ខ្ញុំអរគុណលោកដែលខ្ញុំមិនដូចមនុស្សឯទៀត ដែលជាអ្នកគំរាមយកប្រាក់ ជាអ្នកមិនសុចរិត ឬជាអ្នកផិតក្បត់។ ខ្ញុំក៏អរគុណលោកដែលខ្ញុំមិនដូចអ្នកយកពន្ធម្នាក់នោះដែរ។ ១២ ខ្ញុំតមអាហារពីរដងរាល់សប្ដាហ៍ ទាំងជូន១ភាគ១០នៃរបស់ទាំងអស់ដែលខ្ញុំរកបាន›។+ ១៣ ប៉ុន្តែ អ្នកយកពន្ធដែលកំពុងឈរពីចម្ងាយ មិនទាំងហ៊ានងើបមុខមើលទៅលើមេឃផង ក៏ចេះតែគក់ទ្រូងថា៖ ‹ឱព្រះអើយ សូមមេត្តាដល់ខ្ញុំជាអ្នកប្រព្រឹត្តអំពើខុសឆ្គងផង›។+ ១៤ ខ្ញុំប្រាប់អ្នករាល់គ្នាថា ពេលបុរសនេះត្រឡប់ទៅផ្ទះវិញ ព្រះបានចាត់ទុកគាត់ថាសុចរិតជាងបុរសផារិស៊ីនោះ+ ពីព្រោះអ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង»។+
១៥ ក្រោយមក មនុស្សម្នាក៏បានយកកូនតូចរបស់ពួកគេមកឲ្យលោកពាល់។ ពេលឃើញដូច្នេះ ពួកអ្នកកាន់តាមចាប់ផ្ដើមស្ដីបន្ទោសមនុស្សទាំងនោះ។+ ១៦ ក៏ប៉ុន្តែ លោកយេស៊ូសុំគេឲ្យយកកូនក្មេងទាំងនោះមកឯលោក ដោយមានប្រសាសន៍ថា៖ «ចូរឲ្យកូនក្មេងទាំងនោះមកឯខ្ញុំចុះ កុំឃាត់ពួកគេឡើយ ពីព្រោះរាជាណាចក្ររបស់ព្រះជារបស់អ្នកដែលមានលក្ខណៈដូចកូនក្មេងទាំងនោះ។+ ១៧ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលមិនព្រមទទួលរាជាណាចក្ររបស់ព្រះ ដូចក្មេងតូចម្នាក់ទេ អ្នកនោះនឹងមិនបានចូលក្នុងរាជាណាចក្រឡើយ»។+
១៨ មានអ្នកគ្រប់គ្រងម្នាក់មកសួរលោកថា៖ «លោកគ្រូល្អ តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។+ ១៩ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ហេតុអ្វីអ្នកថាខ្ញុំល្អដូច្នេះ? ក្រៅពីព្រះ គ្មានអ្នកណាល្អឡើយ។+ ២០ អ្នកស្គាល់បញ្ញត្ដិហើយដែលថា៖ ‹កុំផិតក្បត់+ កុំធ្វើឃាតកម្ម+ កុំលួច+ កុំធ្វើជាសាក្សីក្លែងក្លាយ+ ហើយចូរគោរពឪពុកនិងម្ដាយរបស់អ្នក›»។+ ២១ រួចគាត់ជម្រាបថា៖ «ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងអស់នេះតាំងពីនៅក្មេងម្ល៉េះ»។ ២២ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «នៅមានអ្វីមួយទៀតដែលអ្នកត្រូវធ្វើ។ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយចែកដល់អ្នកក្រ នោះអ្នកនឹងមានទ្រព្យវិសេសនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំ»។+ ២៣ ពេលឮដូច្នេះ បុរសនោះបែរជាកើតទុក្ខយ៉ាងខ្លាំង ព្រោះគាត់ជាអ្នកមានស្ដុកស្ដម្ភ។+
២៤ លោកយេស៊ូមើលគាត់ ហើយមានប្រសាសន៍ថា៖ «អ្នកដែលមានប្រាក់ច្រើននឹងពិបាកចូលក្នុងរាជាណាចក្ររបស់ព្រះណាស់!+ ២៥ តាមការពិត សត្វអូដ្ឋអាចចូលតាមរន្ធម្ជុលដេរ ងាយជាងអ្នកមានចូលក្នុងរាជាណាចក្ររបស់ព្រះទៅទៀត»។+ ២៦ ពួកអ្នកដែលឮប្រសាសន៍នេះសួរថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលសេចក្ដីសង្គ្រោះបាន?»។+ ២៧ លោកមានប្រសាសន៍ថា៖ «អ្វីដែលមនុស្សមិនអាចធ្វើបាន ព្រះអាចធ្វើបាន»។+ ២៨ ប៉ុន្តែ ពេត្រុសជម្រាបថា៖ «មើល! យើងបានចាកចេញពីអ្វីៗដែលជារបស់យើង ហើយបានតាមលោក»។+ ២៩ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អស់អ្នកណាដែលបានចាកចេញពីផ្ទះ ឬប្រពន្ធ ឬកូន ឬបងប្អូនប្រុស ឬឪពុកម្ដាយ ដើម្បីរាជាណាចក្ររបស់ព្រះ+ ៣០ អ្នកទាំងនោះប្រាកដជានឹងទទួលអ្វីៗទាំងនោះច្រើនដងលើសមុនទៅទៀតក្នុងគ្រាឥឡូវនេះ ហើយនឹងទទួលជីវិតដែលគ្មានទីបញ្ចប់ក្នុងរបៀបរបបពិភពលោក*ដែលនឹងមកដល់»។+
៣១ ក្រោយមក លោកហៅសាវ័កទាំង១២នាក់មកដោយឡែកពីគេ រួចមានប្រសាសន៍ថា៖ «មើល! យើងកំពុងធ្វើដំណើរឡើងទៅក្រុងយេរូសាឡិម ហើយអ្វីៗទាំងអស់ដែលពួកអ្នកប្រកាសទំនាយបានសរសេរអំពីកូនមនុស្សនឹងក្លាយជាការពិត។+ ៣២ ជាឧទាហរណ៍ លោកនឹងត្រូវគេប្រគល់ឲ្យជនជាតិដទៃ+ ក៏នឹងត្រូវគេចំអកឲ្យ+ ហើយប្រព្រឹត្តដោយព្រហើនទៅលើលោក ថែមទាំងស្ដោះទឹកមាត់ដាក់លោកផង។+ ៣៣ ពួកគេនឹងវាយលោកដោយរំពាត់ខ្សែតី រួចសម្លាប់លោក+ ប៉ុន្តែនៅថ្ងៃទី៣លោកនឹងរស់ឡើងវិញ»។+ ៣៤ ក៏ប៉ុន្តែ ពួកគាត់មិនយល់អត្ថន័យនៃអ្វីៗទាំងនេះសោះ ព្រោះប្រសាសន៍នេះបានត្រូវលាក់បាំងពីពួកគាត់ ហើយពួកគាត់មិនយល់អ្វីដែលលោកមានប្រសាសន៍នោះឡើយ។
៣៥ លុះលោកមកជិតដល់ក្រុងយេរីខូ មានបុរសងងឹតភ្នែកម្នាក់កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។+ ៣៦ ពេលដែលគាត់ឮសូរបណ្ដាជនដើរកាត់ នោះគាត់ក៏សួរពួកគេអំពីអ្វីដែលកំពុងកើតឡើង។ ៣៧ ពួកគេប្រាប់គាត់ថា៖ «លោកយេស៊ូពីក្រុងណាសារ៉ែតកំពុងដើរកាត់!»។ ៣៨ ឮដូច្នេះ គាត់ស្រែកឡើងថា៖ «លោកយេស៊ូ បុត្រដាវីឌ! សូមមេត្តាជួយខ្ញុំផង!»។ ៣៩ ពួកអ្នកដែលកំពុងដើរខាងមុខគេចាប់ផ្ដើមស្ដីបន្ទោសបុរសនោះឲ្យនៅស្ងៀម តែគាត់ស្រែកកាន់តែខ្លាំងថា៖ «បុត្រដាវីឌ! សូមមេត្តាជួយខ្ញុំផង!»។ ៤០ រួចលោកយេស៊ូក៏ឈប់ ហើយបង្គាប់គេឲ្យនាំបុរសនោះមកឯលោក។ ពេលដែលបុរសនោះមកជិតលោកយេស៊ូ លោកក៏សួរគាត់ថា៖ ៤១ «តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?»។ គាត់ជម្រាបថា៖ «លោកម្ចាស់ សូមធ្វើឲ្យខ្ញុំមើលឃើញឡើងវិញ»។ ៤២ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរមើលឃើញឡើងវិញ។ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាហើយ»។+ ៤៣ រំពេចនោះ គាត់ក៏មើលឃើញឡើងវិញ ហើយចាប់ផ្ដើមដើរតាមលោក+ ព្រមទាំងសរសើរតម្កើងព្រះផង។ ពេលដែលមនុស្សទាំងឡាយឃើញអ្វីដែលបានកើតឡើង ពួកគេក៏បានសរសើរព្រះដែរ។+