បណ្ដាស្ដេចទី១
៦ សាឡូម៉ូនបានចាប់ផ្ដើមសង់វិហាររបស់ព្រះយេហូវ៉ា*+ នៅឆ្នាំទី៤៨០ ក្រោយពីជនជាតិអ៊ីស្រាលអែលចេញពីស្រុកអេហ្ស៊ីប+ គឺនៅខែស៊ីវ*+ (ជាខែទី២) ក្នុងឆ្នាំទី៤នៃការគ្រប់គ្រងរបស់គាត់។ ២ វិហារដែលស្ដេចសាឡូម៉ូនបានសង់ជូនព្រះយេហូវ៉ា មានបណ្ដោយ៦០ហត្ថ* ទទឹង២០ហត្ថ និងកំពស់៣០ហត្ថ។+ ៣ វិហារនោះមានសាលមួយ+នៅខាងមុខ។ សាលនោះបានត្រូវសង់ភ្ជាប់នឹងវិហារ ហើយមានប្រវែង២០ហត្ថ ស្មើនឹងទទឹងវិហារ។ សាលនោះមានទទឹង១០ហត្ថ បើគិតចាប់ពីខាងមុខវិហារ។
៤ គាត់បានសង់បង្អួច*+វិហារ ៥ ហើយសង់អគារមួយជាប់នឹងជញ្ជាំងវិហារ។ អគារនោះបានត្រូវសង់ព័ទ្ធជុំវិញជញ្ជាំងកន្លែងបរិសុទ្ធ*និងកន្លែងបរិសុទ្ធបំផុត។*+ ក្នុងអគារនោះ គាត់បានសង់បន្ទប់ផ្សេងៗ។+ ៦ បន្ទប់ដែលនៅជាន់ក្រោម មានទទឹង៥ហត្ថ។ បន្ទប់ដែលនៅជាន់កណ្ដាល មានទទឹង៦ហត្ថ ហើយបន្ទប់ដែលនៅជាន់លើបង្អស់ មានទទឹង៧ហត្ថ។ គាត់បានធ្វើគន្លាក់ជញ្ជាំងសម្រាប់ទ្រធ្នឹមជុំវិញវិហារ ដូច្នេះគេមិនចាំបាច់ចោះជញ្ជាំងវិហារទេ។+
៧ វិហាររបស់ព្រះបានត្រូវសាងសង់ដោយប្រើថ្មដែលគេដាប់និងកាត់ជាស្រេច+ ដើម្បីកុំឲ្យមានឮសំឡេងញញួរ ពូថៅ ឬឧបករណ៍ដែកណាពេលកំពុងសាងសង់។ ៨ នៅចំហៀងខាងស្ដាំ*វិហារ មានទ្វារមួយចូលទៅបន្ទប់ជាន់ក្រោមនៃអគារ+ ហើយមានជណ្ដើរវង់ឡើងទៅជាន់កណ្ដាល និងពីជាន់កណ្ដាលទៅជាន់លើបង្អស់។ ៩ គាត់បានដំឡើងធ្នឹមដំបូលពីឈើស៊ីដារ*និងដាក់បន្ទះឈើស៊ីដារជាពិតាន+ ហើយគាត់បន្តសង់វិហាររហូតដល់បានរួចរាល់។+ ១០ បន្ទប់នានាដែលគាត់បានសង់ជុំវិញវិហារ+ មានកម្ពស់ប្រាំហត្ថ ហើយបន្ទប់ទាំងនោះបានត្រូវភ្ជាប់នឹងវិហារដោយបន្ទះក្ដារស៊ីដារ។
១១ គ្រានោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់សាឡូម៉ូនថា៖ ១២ «បើអ្នកធ្វើតាមច្បាប់និងបញ្ញត្តិ ព្រមទាំងគោរពតាមការវិនិច្ឆ័យរបស់ខ្ញុំ+ នោះខ្ញុំនឹងធ្វើតាមពាក្យដែលខ្ញុំបានសន្យានឹងដាវីឌឪពុកអ្នក+ ស្ដីអំពីវិហារដែលអ្នកកំពុងសាងសង់នេះ។ ១៣ ខ្ញុំនឹងនៅជាមួយបណ្ដាជនអ៊ីស្រាអែល+ ហើយមិនបោះបង់ចោលប្រជាជាតិអ៊ីស្រាអែលជារាស្ត្រខ្ញុំឡើយ»។+
១៤ សាឡូម៉ូនបានបន្តសាងសង់វិហាររបស់ព្រះរហូតដល់ចប់សព្វគ្រប់។ ១៥ គាត់សាងសង់ជញ្ជាំងខាងក្នុងវិហារដោយឈើស៊ីដារ។ គាត់ស្រោបជញ្ជាំងខាងក្នុងដោយបន្ទះឈើស៊ីដារ ចាប់ពីក្រោមទៅដល់ពិតាន ហើយគាត់យកបន្ទះក្ដារយូនីពើ*មកក្រាលជាកម្រាលវិហារ។+ ១៦ គាត់ក៏រៀបចំផ្នែកខាងក្រោយវិហារ ដែលមានទំហំ២០ហត្ថ ទុកធ្វើជាបន្ទប់ខាងក្នុងបំផុត។+ គាត់ស្រោបបន្ទះក្ដារស៊ីដារជុំវិញក្នុងបន្ទប់នោះ ចាប់ពីក្រោមទៅដល់ពិតាន។ បន្ទប់នោះជាកន្លែងបរិសុទ្ធបំផុត។+ ១៧ ចំណែកឯកន្លែងបរិសុទ្ធ+ដែលនៅខាងមុខកន្លែងបរិសុទ្ធបំផុត មានបណ្ដោយ៤០ហត្ថ។ ១៨ នៅលើជញ្ជាំងឈើស៊ីដារក្នុងវិហារគេឆ្លាក់ជាក្បាច់ផ្លែឃ្លោក+ និងផ្ការីក។+ គ្រប់ទាំងអស់សុទ្ធតែជាឈើស៊ីដារ ឥតឃើញថ្មឡើយ។
១៩ គាត់ក៏បានរៀបចំបន្ទប់ខាងក្នុងបំផុត+ក្នុងវិហារដើម្បីដាក់ហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា។+ ២០ បន្ទប់ខាងក្នុងបំផុតមានបណ្ដោយ២០ហត្ថ ទទឹង២០ហត្ថ និងកម្ពស់២០ហត្ថ+ ហើយស្រោបដោយមាសសុទ្ធ។ គាត់ក៏ស្រោបទីបូជា+ដោយឈើស៊ីដារ។ ២១ សាឡូម៉ូនស្រោបផ្នែកខាងក្នុងវិហារដោយមាសសុទ្ធ+ ហើយគាត់សន្ធឹងខ្សែច្រវាក់មាសនៅមុខបន្ទប់ខាងក្នុងបំផុត។+ ២២ គាត់បានស្រោបខាងក្នុងវិហារទាំងមូលដោយមាស។ គាត់ក៏ស្រោបទីបូជាដែលនៅជិតបន្ទប់ខាងក្នុងបំផុត ដោយមាសដែរ។+
២៣ ឯបន្ទប់ខាងក្នុងបំផុត គាត់បានធ្វើចេរូប៊ីនពីរ+ដោយឈើស្រល់ ចេរូប៊ីននីមួយៗមានកម្ពស់១០ហត្ថ។+ ២៤ ស្លាបម្ខាងរបស់ចេរូប៊ីនមានប្រវែង៥ហត្ថ ហើយស្លាបម្ខាងទៀតមានប្រវែង៥ហត្ថ ពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតមានប្រវែង១០ហត្ថ។ ២៥ ចេរូប៊ីនទី២ក៏មានស្លាបប្រវែង១០ហត្ថដែរ។ ចេរូប៊ីនទាំងពីរមានទំហំនិងរូបរាងដូចគ្នា។ ២៦ ចេរូប៊ីនមួយមានកម្ពស់១០ហត្ថ ឯចេរូប៊ីនមួយទៀតក៏មានកម្ពស់ដូចគ្នាដែរ។ ២៧ រួចគាត់ដាក់ចេរូប៊ីនទាំងពីរ+ក្នុងកន្លែងបរិសុទ្ធបំផុត។ ចេរូប៊ីនទាំងពីរត្រដាងស្លាប ចុងស្លាបចេរូប៊ីនមួយទល់នឹងជញ្ជាំងម្ខាង ហើយចុងស្លាបចេរូប៊ីនមួយទៀតទល់នឹងជញ្ជាំងម្ខាងទៀត។ ចុងស្លាបម្ខាងទៀតរបស់ចេរូប៊ីនទាំងពីរទល់គ្នា នៅចំកណ្ដាលបន្ទប់នោះ។ ២៨ គាត់បានស្រោបចេរូប៊ីនទាំងពីរដោយមាស។
២៩ គាត់បានឆ្លាក់រូបចេរូប៊ីន+ ដើមលម៉ើ+ និងផ្ការីក+ លើជញ្ជាំងទាំងអស់ក្នុងវិហារ គឺជុំវិញបន្ទប់ខាងមុខនិងបន្ទប់ខាងក្រោយ។ ៣០ គាត់ស្រោបកម្រាលឈើក្នុងវិហារដោយមាស គឺក្នុងបន្ទប់ខាងមុខនិងបន្ទប់ខាងក្រោយ។ ៣១ ចំណែកឯទ្វារចូលបន្ទប់ខាងក្នុងបំផុត គាត់បានធ្វើទ្វារពីឈើស្រល់ អមសងខាងដោយសសរ និងបង្គោលទ្វារ គឺផ្នែក*ទី៥។* ៣២ ទ្វារពីឈើស្រល់នោះមានពីរសន្លឹក។ លើសន្លឹកទ្វារ គាត់បានឆ្លាក់រូបចេរូប៊ីន ដើមលម៉ើ និងផ្ការីក ហើយគាត់បានស្រោបទ្វារទាំងនោះដោយមាស។ គាត់ក៏ស្រោបរូបចេរូប៊ីននិងដើមលម៉ើដោយមាសដែរ។ ៣៣ ឯទ្វារចូលកន្លែងបរិសុទ្ធវិញ គាត់ធ្វើបង្គោលទ្វារពីឈើស្រល់ដែលមានទម្រង់ដូចគ្នាដែរ គឺផ្នែក*ទី៤។* ៣៤ គាត់បានធ្វើទ្វារពីរផ្ទាំង ពីឈើយូនីពើ។ ទ្វារមួយផ្ទាំងមានពីរសន្លឹកដែលអាចបត់ចូលគ្នាបាន ហើយទ្វារមួយផ្ទាំងទៀតក៏មានពីរសន្លឹកដែលអាចបត់ចូលគ្នាបានដែរ។+ ៣៥ គាត់ឆ្លាក់រូបចេរូប៊ីន ដើមលម៉ើ និងផ្ការីក ហើយស្រោបចម្លាក់ទាំងនោះដោយមាស។
៣៦ គាត់បានសង់របងជុំវិញទីធ្លាខាងក្នុង+ ដោយប្រើថ្មដាប់បីជួរ ហើយក៏ដាក់ក្ដារស៊ីដារមួយជួរផងដែរ។+
៣៧ នៅខែស៊ីវ* ក្នុងឆ្នាំទី៤ វិហាររបស់ព្រះយេហូវ៉ាបានត្រូវដាក់គ្រឹះ។+ ៣៨ នៅខែប៊ូល*(ជាខែទី៨) ក្នុងឆ្នាំទី១១ វិហាររបស់ព្រះបានត្រូវសាងសង់ចប់សព្វគ្រប់ ស្របទៅតាមប្លង់វិហារ។+ ដូច្នេះ គាត់បានចំណាយពេលសាងសង់វិហារអស់រយៈពេល៧ឆ្នាំ។