សៀវភៅម៉ាកុស
៣ ម្ដងទៀត លោកបានចូលទៅក្នុងសាលាប្រជុំមួយ ហើយនៅទីនោះមានបុរសម្នាក់ដែលស្វិតដៃម្ខាង។+ ២ ដូច្នេះ ពួកផារិស៊ីចាំសង្កេតមើលថាតើលោកនឹងធ្វើឲ្យបុរសនោះជាសះស្បើយនៅថ្ងៃឈប់សម្រាកឬទេ ដើម្បីឲ្យពួកគេមានហេតុចោទប្រកាន់លោក។ ៣ លោកមានប្រសាសន៍ទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយមកឈរនៅចំកណ្ដាល»។ ៤ បន្ទាប់មក លោកសួរពួកគេថា៖ «នៅថ្ងៃឈប់សម្រាក តើមានច្បាប់ធ្វើអំពើល្អឬអំពើអាក្រក់? តើមានច្បាប់សង្គ្រោះឬសម្លាប់ជីវិត?»។*+ តែពួកគេនៅស្ងៀម។ ៥ បន្ទាប់ពីបានមើលមុខពួកគេទាំងទាស់ចិត្ត ថែមទាំងខកចិត្តយ៉ាងខ្លាំងដោយសារចិត្តពួកគេស្ពឹក+ នោះលោកក៏ប្រាប់បុរសស្វិតដៃថា៖ «ចូរលាដៃរបស់អ្នក»។ គាត់បានលាដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។ ៦ ឃើញដូច្នេះ ពួកផារិស៊ីចេញទៅភ្លាមៗ ហើយចាប់ផ្ដើមប្រឹក្សាជាមួយនឹងពួកអ្នកគាំទ្រហេរ៉ូឌ+ ដើម្បីរកវិធីសម្លាប់លោក។
៧ ប៉ុន្តែ លោកយេស៊ូនិងពួកអ្នកកាន់តាមលោកបានចេញពីទីនោះទៅឆ្នេរសមុទ្រវិញ ហើយមនុស្សមួយក្រុមយ៉ាងធំដែលមកពីស្រុកកាលីឡេនិងតំបន់យូឌា បានទៅតាមលោក។+ ៨ ក្រោយពីបានឮអំពីការអស្ចារ្យទាំងប៉ុន្មានដែលលោកកំពុងធ្វើ សូម្បីតែមនុស្សមួយក្រុមយ៉ាងធំ ដែលមកពីក្រុងយេរូសាឡិម ពីស្រុកអ៊ីឌុំមេ ពីខាងនាយទន្លេយ៉ូដាន់ ព្រមទាំងពីតំបន់ទីរ៉ុសនិងស៊ីដូន ក៏បានមករកលោកដែរ។ ៩ លោកបានប្រាប់អ្នកកាន់តាមឲ្យត្រៀមទូកមួយទុកសម្រាប់លោក ដើម្បីកុំឲ្យបណ្ដាជនចោមរោមលោក ១០ ពីព្រោះលោកបានធ្វើឲ្យមនុស្សជាច្រើនជាសះស្បើយ។ ហេតុនេះ អស់អ្នកដែលកំពុងមានជំងឺធ្ងន់បានប្រជ្រៀតគ្នាដើម្បីពាល់លោក។+ ១១ សូម្បីតែពួកវិញ្ញាណអសោច+ ពេលឃើញលោក ក៏ក្រាបពីមុខលោក ហើយស្រែកថា៖ «លោកជាបុត្ររបស់ព្រះ»។+ ១២ ប៉ុន្តែ លោកបង្គាប់ពួកវាយ៉ាងម៉ឺងម៉ាត់ជាច្រើនដង មិនឲ្យប្រាប់គេថាលោកជាអ្នកណាឡើយ។+
១៣ លោកបានឡើងលើភ្នំមួយ រួចហៅអ្នកកាន់តាមខ្លះឲ្យមកឯលោក+ ហើយពួកគាត់បានទៅជួបលោក។+ ១៤ រួចមក លោកបានជ្រើសរើស*បុរស១២នាក់ ដែលលោកហៅថាសាវ័ក* ដើម្បីឲ្យពួកគាត់នៅជាប់ជាមួយនឹងលោក ហើយលោកនឹងចាត់ពួកគាត់ឲ្យទៅផ្សព្វផ្សាយ ១៥ ថែមទាំងឲ្យពួកគាត់មានអំណាចបណ្ដេញពួកវិញ្ញាណកំណាចទៀតផង។+
១៦ ចំណែកបុរស១២នាក់+ដែលលោកបានជ្រើសរើស* រួមមាន៖ ស៊ីម៉ូន ដែលលោកបានដាក់ឈ្មោះមួយទៀតថាពេត្រុស+ ១៧ យ៉ាកុបជាកូនរបស់សេបេដេ និងយ៉ូហានជាប្អូនរបស់យ៉ាកុប (លោកក៏បានដាក់ឈ្មោះឲ្យពីរនាក់នោះថាបោណាគើស ដែលមានន័យថា«កូនផ្គរលាន់»)+ ១៨ អនទ្រេ ភីលីព បាថូឡូម៉េ ម៉ាថាយ ថូម៉ាស់ យ៉ាកុបជាកូនអាល់ផៀស ថាដេ និងស៊ីម៉ូនកាណានៀន* ១៩ ព្រមទាំងយូដាសអ៊ីស្ការីយ៉ុត ដែលក្រោយមកបានក្បត់លោក។
បន្ទាប់មក លោកចូលក្នុងផ្ទះមួយ។ ២០ រួចមក មានមនុស្សជាច្រើនមូលគ្នាមករកលោកម្ដងទៀត រហូតដល់លោកនិងពួកអ្នកកាន់តាមមិនទាំងមានពេលបរិភោគផង។ ២១ ប៉ុន្តែ ពេលដែលញាតិសន្ដានរបស់លោកឮអំពីរឿងនោះ ពួកគេនាំគ្នាចេញទៅដើម្បីចាប់លោក ពីព្រោះពួកគេបាននិយាយថា៖ «គាត់វង្វេងស្មារតីហើយ»។+ ២២ ម្យ៉ាងទៀត ពួកអ្នកជំនាញខាងច្បាប់ដែលមកពីក្រុងយេរូសាឡិមបាននិយាយថា៖ «អ្នកនេះមានបេលសេប៊ូល*ចូល ហើយគាត់បណ្ដេញវិញ្ញាណកំណាចបាន ដោយសារតែទទួលអំណាចពីអ្នកគ្រប់គ្រងពួកវិញ្ញាណកំណាច»។+ ២៣ ម្ល៉ោះហើយ ក្រោយពីលោកបានហៅពួកគេមក លោកមានប្រសាសន៍ទៅពួកគេដោយប្រើឧទាហរណ៍ថា៖ «តើសាថាន*អាចបណ្ដេញសាថានដូចម្ដេចបាន? ២៤ ប្រសិនបើរាជាណាចក្រណាប្រឆាំងគ្នាឯង រាជាណាចក្រនោះមិនអាចនៅស្ថិតស្ថេរបានទេ+ ២៥ ហើយបើក្រុមគ្រួសារណាប្រឆាំងគ្នា ក្រុមគ្រួសារនោះនឹងបែកបាក់ទៅ។ ២៦ ដូចគ្នាដែរ បើសាថានកំពុងប្រឆាំងខ្លួនឯង ហើយបែកបាក់គ្នា នោះសាថានមិនអាចនៅស្ថិតស្ថេរបានទេ តែកំពុងហៀបនឹងវិនាសវិញ។ ២៧ តាមពិត គ្មានអ្នកណាអាចចូលផ្ទះរបស់បុរសខ្លាំងពូកែម្នាក់ ហើយប្លន់ទ្រព្យសម្បត្តិរបស់គាត់បានទេ លុះត្រាតែចងបុរសខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់ផ្ទះគាត់បាន។ ២៨ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ទោះជាមនុស្សធ្វើខុសអ្វី ឬពោលពាក្យប្រមាថអ្វីក៏ដោយ នោះនឹងត្រូវអភ័យទោសឲ្យ។ ២៩ ក៏ប៉ុន្តែ អ្នកណាដែលពោលពាក្យប្រមាថឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ព្រះនឹងមិនអភ័យទោសឲ្យអ្នកនោះឡើយ+ តែការខុសឆ្គងនោះនឹងនៅជាប់ជារៀងរហូត»។+ ៣០ លោកយេស៊ូមានប្រសាសន៍ដូច្នេះ ពីព្រោះពួកគេបាននិយាយថា៖ «អ្នកនេះមានវិញ្ញាណអសោចចូល»។+
៣១ រួចម្ដាយនិងប្អូនៗរបស់លោក+បានមកដល់ ហើយឈរចាំនៅខាងក្រៅ។ ពួកគាត់បានចាត់គេឲ្យចូលទៅហៅលោក។+ ៣២ ពេលនោះ មានមនុស្សមួយក្រុមកំពុងអង្គុយនៅជុំវិញលោក ហើយមានគេជម្រាបលោកថា៖ «មើល! ម្ដាយនិងប្អូនប្រុសៗរបស់លោកនៅខាងក្រៅ កំពុងចាំជួបលោក»។+ ៣៣ ប៉ុន្តែ លោកឆ្លើយទៅពួកគេថា៖ «តើអ្នកណាជាម្ដាយនិងជាប្អូនប្រុសៗរបស់ខ្ញុំ?»។ ៣៤ រួចលោកមើលទៅអស់អ្នកដែលកំពុងអង្គុយជុំវិញលោក ហើយលោកពោលថា៖ «នុ៎ះន៏! ម្ដាយរបស់ខ្ញុំ និងប្អូនប្រុសៗរបស់ខ្ញុំ។+ ៣៥ អ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះហើយជាប្អូនប្រុស ប្អូនស្រី និងម្ដាយរបស់ខ្ញុំ»។+