សៀវភៅលូកា
២៣ ដូច្នេះ ពួកគេគ្រប់គ្នាបានក្រោកឡើង ហើយនាំលោកទៅឯពីឡាត។+ ២ រួចមក ពួកគេចាប់ផ្ដើមចោទប្រកាន់លោក+ថា៖ «យើងឃើញបុរសនេះកំពុងបំបះបំបោរជាតិយើង ក៏ហាមបណ្ដាជនមិនឲ្យបង់ពន្ធជូនសេសារ*+ ហើយនិយាយថាខ្លួនគាត់ជាគ្រិស្តដែលជាស្ដេច»។+ ៣ រួចពីឡាតសួរសំណួរលោកថា៖ «តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?»។ លោកតបឆ្លើយថា៖ «គឺអ្នកហើយដែលនិយាយ»។+ ៤ បន្ទាប់មក ពីឡាតនិយាយទៅពួកសង្ឃនាយកនិងបណ្ដាជនថា៖ «ខ្ញុំមិនឃើញថាបុរសនេះបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីឡើយ»។+ ៥ ក៏ប៉ុន្តែ ពួកគេទទូចថា៖ «បុរសនេះញុះញង់ដោយបង្រៀនបណ្ដាជនពេញតំបន់យូឌា ចាប់តាំងពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។ ៦ ឮដូច្នេះ ពីឡាតក៏សួរចង់ដឹងថាបុរសនោះជាអ្នកស្រុកកាលីឡេឬមិនមែន។ ៧ លុះដឹងច្បាស់ថាលោកមកពីតំបន់ដែលហេរ៉ូឌគ្រប់គ្រង+ គាត់ឲ្យគេបញ្ជូនលោកទៅហេរ៉ូឌវិញ។ នៅពេលនោះ ហេរ៉ូឌក៏នៅក្រុងយេរូសាឡិមដែរ។
៨ កាលដែលហេរ៉ូឌឃើញលោកយេស៊ូ គាត់ត្រេកអរជាខ្លាំង។ ព្រោះគាត់ចង់ឃើញលោកតាំងពីយូរហើយ ដោយសារបានឮគេតំណាលច្រើនអំពីលោក+ ក៏បានសង្ឃឹមថាលោកនឹងធ្វើសញ្ញាសម្គាល់មួយឲ្យគាត់ឃើញ។ ៩ ដូច្នេះ គាត់ចាប់ផ្ដើមសួរសំណួរលោកជាច្រើន តែលោកមិនតបឆ្លើយឡើយ។+ ១០ ក៏ប៉ុន្តែ ពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់បានក្រោកឈរម្ដងហើយម្ដងទៀត ដោយចោទប្រកាន់លោកយ៉ាងខ្លាំង។ ១១ បន្ទាប់មក ហេរ៉ូឌនិងពួកទាហានរបស់គាត់បានបង្អាប់បង្អោនលោក+ ហើយហេរ៉ូឌចំអកឲ្យលោក+ដោយយកសម្លៀកបំពាក់ពណ៌ឆើតមកបំពាក់ឲ្យ រួចបញ្ជូនលោកទៅពីឡាតវិញ។ ១២ នៅថ្ងៃនោះឯង ហេរ៉ូឌនិងពីឡាតបានទៅជាមិត្តភក្ដិនឹងគ្នា ព្រោះមុនថ្ងៃនោះពួកគេធ្លាប់ស្អប់គ្នា។
១៣ ម្ល៉ោះហើយ ពីឡាតហៅពួកសង្ឃនាយក ពួកអ្នកគ្រប់គ្រង និងបណ្ដាជន មកជួបជុំគ្នា ១៤ ហើយប្រាប់ពួកគេថា៖ «អ្នករាល់គ្នាបាននាំបុរសនេះមកខ្ញុំ ដោយថាគាត់បំបះបំបោរបណ្ដាជន។ ប៉ុន្តែមើល! ខ្ញុំបានសួរចម្លើយគាត់នៅមុខអ្នករាល់គ្នា តែមិនបានឃើញថាបុរសនេះមានទោសដូចដែលអ្នករាល់គ្នាចោទប្រកាន់ទេ។+ ១៥ សូម្បីតែហេរ៉ូឌក៏មិនបានឃើញថាគាត់មានទោសអ្វីដែរ ព្រោះហេរ៉ូឌបានបញ្ជូនគាត់មកយើងវិញ ហើយមើល! គាត់មិនបានធ្វើអ្វីដែលគួរនឹងប្រហារជីវិតឡើយ។ ១៦ ហេតុនេះ ខ្ញុំគ្រាន់តែដាក់ទណ្ឌកម្មគាត់+ រួចដោះលែងគាត់»។ ១៧ *—— ១៨ ប៉ុន្តែ ពួកគេទាំងអស់គ្នាបានស្រែកឡើងថា៖ «សម្លាប់អ្នកនោះចោលទៅ! ហើយដោះលែងបារ៉ាបាសឲ្យយើងវិញ!»+ ១៩ (បុរសនោះបានត្រូវបោះចូលគុកពីបទបំបះបំបោរមួយក្នុងក្រុងនោះ និងពីបទឃាតកម្មដែរ)។ ២០ ពីឡាតនិយាយទៅកាន់ពួកគេម្ដងទៀត ពីព្រោះគាត់ចង់ដោះលែងលោកយេស៊ូ។+ ២១ រួចមក ពួកគេចាប់ផ្ដើមស្រែកឡើងថា៖ «ព្យួរអ្នកនោះទៅ! ព្យួរអ្នកនោះទៅ!»។*+ ២២ គាត់និយាយជាលើកទី៣ទៅពួកគេថា៖ «ហេតុអ្វី? តើបុរសនេះបានធ្វើអំពើអាក្រក់អ្វីទៅ? ខ្ញុំមិនឃើញថាគាត់បានធ្វើអ្វីដែលគួរនឹងប្រហារជីវិតឡើយ។ ដូច្នេះ ខ្ញុំគ្រាន់តែដាក់ទណ្ឌកម្មគាត់ រួចដោះលែងគាត់»។ ២៣ ឮដូច្នេះ ពួកគេបន្លឺសំឡេងយ៉ាងខ្លាំងដោយទទូចទាមទារឲ្យសម្លាប់លោក* ហើយសម្រែករបស់ពួកគេបានឈ្នះ។+ ២៤ ហេតុនេះ ពីឡាតបានកាត់ក្ដីតាមអ្វីដែលពួកគេទាមទារ។ ២៥ គាត់បានដោះលែងបុរសដែលបណ្ដាជនកំពុងទាមទារ គឺអ្នកដែលបានត្រូវបោះចូលគុកពីបទបំបះបំបោរនិងឃាតកម្ម។ ចំណែកលោកយេស៊ូវិញ ពីឡាតបានប្រគល់លោកទៅឲ្យគេប្រហារជីវិត តាមការទាមទាររបស់បណ្ដាជន។
២៦ កាលដែលពួកគេកំពុងនាំលោកទៅ នោះពួកគេបានចាប់អ្នកក្រុងគីរេនម្នាក់ឈ្មោះស៊ីម៉ូន ដែលកំពុងធ្វើដំណើរមកពីជនបទ រួចពួកគេដាក់បង្គោលទារុណកម្ម*ឲ្យគាត់លី ដើរតាមក្រោយលោកយេស៊ូ។+ ២៧ មានមនុស្សសន្ធឹកណាស់កំពុងដើរតាមលោក រួមមានស្ត្រីជាច្រើនកំពុងគក់ទ្រូងដោយក្ដីទុក្ខព្រួយ ហើយយំសោកអំពីលោក។ ២៨ លោកយេស៊ូងាកទៅរកស្ត្រីទាំងនោះ ហើយមានប្រសាសន៍ថា៖ «កូនស្រីនៃក្រុងយេរូសាឡិមអើយ ឈប់យំសោកអំពីខ្ញុំទៅ។ ផ្ទុយទៅវិញ ចូរយំសោកអំពីដំណើររបស់អ្នករាល់គ្នា និងកូនរបស់អ្នករាល់គ្នាវិញ+ ២៩ ពីព្រោះមើល! នឹងមានគ្រាមកដល់ ពេលនោះមនុស្សនឹងនិយាយថា៖ ‹ស្ត្រីណាដែលអារ ស្ត្រីណាដែលមិនបានបង្កើតកូន និងស្ត្រីណាដែលមិនបានបំបៅកូន គឺស្ត្រីទាំងនោះហើយដែលមានសុភមង្គល!›។+ ៣០ រួចមនុស្សនឹងចាប់ផ្ដើមនិយាយទៅភ្នំទាំងឡាយថា៖ ‹ចូររលំមកលើយើងមក!› ក៏នឹងនិយាយទៅទួលនានាថា៖ ‹ចូរបាក់ធ្លាក់មកលើយើងមក!›។+ ៣១ ប្រសិនបើពួកគេធ្វើការទាំងនេះពេលដែលដើមឈើនៅស្រស់ តើអ្វីនឹងកើតឡើងកាលដែលដើមឈើនោះក្រៀមស្វិតទៅ?»។
៣២ នៅពេលនោះ មានបុរសពីរនាក់ទៀតដែលជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋ កំពុងត្រូវគេនាំទៅប្រហារជីវិតជាមួយនឹងលោកដែរ។+ ៣៣ លុះទៅដល់កន្លែងហៅថាលលាដ៍ក្បាល+ គេក៏ព្យួរលោកលើបង្គោល* ព្រមទាំងព្យួរពួកអ្នកប្រព្រឹត្តបទឧក្រិដ្ឋដែរ ដោយព្យួរម្នាក់នៅខាងស្ដាំនិងម្នាក់នៅខាងឆ្វេងលោក។+ ៣៤ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថា៖ «បិតាអើយ សូមអភ័យទោសឲ្យពួកគេ ព្រោះពួកគេមិនដឹងថាខ្លួនកំពុងធ្វើអ្វីឡើយ»។ បន្ថែមទៅទៀត ពួកគេបានចាប់ឆ្នោតយកសម្លៀកបំពាក់របស់លោក។+ ៣៥ រីឯបណ្ដាជនកំពុងឈរមើល តែពួកអ្នកគ្រប់គ្រងបានពេបជ្រាយ ដោយនិយាយថា៖ «អ្នកនេះបានសង្គ្រោះអ្នកឯទៀត ដូច្នេះ បើគាត់ជាគ្រិស្តដែលព្រះបានជ្រើសរើសមែន ទុកឲ្យគាត់សង្គ្រោះខ្លួនឯងចុះ»។+ ៣៦ សូម្បីតែពួកទាហានក៏បានចំអកឲ្យលោកដែរ ដោយចូលមកជិតលោក ហើយជូនស្រាជូរដល់លោក+ ៣៧ ទាំងនិយាយថា៖ «បើឯងជាស្ដេចនៃជនជាតិយូដា ចូរសង្គ្រោះខ្លួនឯងចុះ»។ ៣៨ ម្យ៉ាងទៀត មានអក្សរចារឹកនៅខាងលើលោកថា៖ «នេះជាស្ដេចនៃជនជាតិយូដា»។+
៣៩ រួចមក អ្នកប្រព្រឹត្តបទឧក្រិដ្ឋម្នាក់ដែលបានត្រូវព្យួរ ចាប់ផ្ដើមនិយាយប្រមាថលោក+ថា៖ «ឯងជាគ្រិស្តមែនទេ? ចូរសង្គ្រោះខ្លួនឯងនិងយើងផង!»។ ៤០ អ្នកប្រព្រឹត្តបទឧក្រិដ្ឋម្នាក់ទៀតបានស្ដីបន្ទោសអ្នកនោះថា៖ «អ្នកក៏បានទទួលទោសដូចគ្នាដែរ។ ប៉ុន្តែ តើអ្នកនៅតែមិនកោតខ្លាចព្រះទៀតឬ? ៤១ ពួកយើងបានទទួលទោសនេះ គឺសមតាមការប្រព្រឹត្តរបស់ពួកយើងហើយ។ ប៉ុន្តែ បុរសនេះគ្មានកំហុសអ្វីឡើយ»។ ៤២ រួចគាត់និយាយថា៖ «លោកយេស៊ូ សូមនឹកឃើញខ្ញុំ ពេលដែលលោកទៅជាស្ដេច»។*+ ៤៣ លោកមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកការពិតនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»។+
៤៤ នៅពេលនោះ ប្រហែលជាម៉ោងទី៦។* ទោះជាយ៉ាងនោះក៏ដោយ ទឹកដីទាំងមូលបានក្លាយជាងងឹតរហូតដល់ម៉ោងទី៩*+ ៤៥ ពីព្រោះពន្លឺថ្ងៃបានបាត់សូន្យ។ រួចវាំងននក្នុងវិហារ*+បានរហែកចំកណ្ដាលពីលើចុះក្រោម។+ ៤៦ បន្ទាប់មក លោកយេស៊ូបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បិតា! ខ្ញុំសូមប្រគល់ជីវិត*ខ្ញុំជូនលោក!»។+ ពេលមានប្រសាសន៍ហើយ លោកក៏ផុតដង្ហើមទៅ។+ ៤៧ ពេលដែលនាយទាហានឃើញអ្វីដែលបានកើតឡើង គាត់ក៏តាំងសរសើរតម្កើងព្រះថា៖ «បុរសនេះពិតជាសុចរិតមែន»។+ ៤៨ រីឯបណ្ដាជនដែលបានមូលគ្នានៅទីនោះដើម្បីមើលហេតុការណ៍ ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញទាំងគក់ទ្រូង ពេលឃើញអ្វីដែលបានកើតឡើង។ ៤៩ ម្យ៉ាងទៀត អស់អ្នកដែលស្គាល់លោកបានឈរពីចម្ងាយ ហើយពួកស្ត្រីដែលបានធ្វើដំណើរជាមួយនឹងលោកពីស្រុកកាលីឡេ ក៏ឈរពីចម្ងាយមើលការទាំងនេះដែរ។+
៥០ មើល! បុរសម្នាក់ឈ្មោះយ៉ូសែប ដែលជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ គាត់ជាមនុស្សល្អនិងសុចរិត+ ៥១ (បុរសនេះមិនបានបោះឆ្នោតគាំទ្រគម្រោងការអាក្រក់ ឬសកម្មភាពរបស់ពួកគេទេ) គាត់ជាអ្នកក្រុងអារីម៉ាថេ ដែលជាក្រុងមួយនៅតំបន់យូឌា ហើយគាត់កំពុងរង់ចាំរាជាណាចក្ររបស់ព្រះ។ ៥២ បុរសនេះបានទៅជួបពីឡាត ហើយសុំយកសពរបស់លោកយេស៊ូ។ ៥៣ បន្ទាប់មក គាត់យកសពរបស់លោកចុះ+ ហើយរុំនឹងក្រណាត់សាច់ល្អ រួចដាក់ក្នុងទីបញ្ចុះសពដែលគេបានដាប់នៅក្នុងថ្ម។+ ទីបញ្ចុះសពនោះមិនទាន់មានគេដាក់សពណាមួយនៅឡើយទេ។ ៥៤ ថ្ងៃនោះជាថ្ងៃរៀបចំ*+ និងជិតចូលថ្ងៃឈប់សម្រាកហើយ។+ ៥៥ ប៉ុន្តែ ពួកស្ត្រីទាំងនោះដែលបានមកពីស្រុកកាលីឡេជាមួយនឹងលោក ក៏បានទៅតាមដែរ។ ពួកនាងបានមើលទីបញ្ចុះសពនោះ និងមើលរបៀបដែលគេបានដាក់សពរបស់លោក។+ ៥៦ រួចពួកនាងបានត្រឡប់ទៅវិញ ដើម្បីរៀបចំគ្រឿងក្រអូបនិងប្រេងក្រអូប។ ប៉ុន្តែ ពួកនាងបានសម្រាកនៅថ្ងៃឈប់សម្រាក+តាមបញ្ញត្ដិដែលបានចែងទុក។