សៀវភៅលូកា
២២ ឥឡូវបុណ្យនំប៉័ងឥតដំបែដែលហៅថាបុណ្យរំលង+ គឺជិតដល់ហើយ។+ ២ ចំណែកពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់ ពួកគេកំពុងរិះរកវិធីល្អដើម្បីសម្លាប់លោក+ ព្រោះពួកគេខ្លាចបណ្ដាជន។+ ៣ បន្ទាប់មក សាថាន*បានចូលយូដាស ដែលហៅថាអ៊ីស្ការីយ៉ុត ជាសាវ័កម្នាក់ពីចំណោមសាវ័កទាំង១២នាក់។+ ៤ គាត់ក៏បានចេញទៅពិភាក្សាជាមួយនឹងពួកសង្ឃនាយកនិងពួកមេកងរក្សាវិហារ អំពីវិធីបញ្ជូន*លោកទៅឲ្យពួកគេ។+ ៥ ពួកគេសប្បាយចិត្តណាស់ ក៏ព្រមព្រៀងថាឲ្យប្រាក់ដល់គាត់។+ ៦ ដូច្នេះ គាត់ក៏យល់ព្រម ហើយចាប់ផ្ដើមរកឱកាសល្អដើម្បីបញ្ជូនលោកទៅឲ្យពួកគេ នៅពេលដែលគ្មានបណ្ដាជននៅជាមួយ។
៧ ថ្ងៃដំបូងនៃបុណ្យនំឥតដំបែក៏បានមកដល់ ជាថ្ងៃដែលគេបូជាសត្វសម្រាប់បុណ្យរំលង។+ ៨ ដូច្នេះ លោកយេស៊ូចាត់ពេត្រុសនិងយ៉ូហានឲ្យទៅ ដោយប្រាប់ថា៖ «ចូរទៅរៀបចំអាហារបុណ្យរំលងឲ្យយើងបរិភោគ»។+ ៩ ពួកគាត់សួរថា៖ «តើលោកចង់ឲ្យយើងរៀបចំនៅកន្លែងណា?»។ ១០ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «មើល! ពេលដែលអ្នកចូលក្នុងក្រុងនោះ បុរសម្នាក់ដែលកំពុងលីក្អមទឹកនឹងមកជួបអ្នក។ ចូរតាមគាត់ទៅក្នុងផ្ទះដែលគាត់ចូល។+ ១១ អ្នកត្រូវប្រាប់ម្ចាស់ផ្ទះថា៖ ‹លោកគ្រូសួរថា៖ «តើបន្ទប់ដែលទុកឲ្យខ្ញុំបរិភោគអាហារបុណ្យរំលងជាមួយនឹងអ្នកកាន់តាមខ្ញុំនៅឯណា?»›។ ១២ អ្នកនោះនឹងបង្ហាញបន្ទប់ធំមួយនៅជាន់លើ។ ក្នុងបន្ទប់នោះ គេបានដាក់ប្រដាប់ប្រដាសព្វគ្រប់រួចហើយ។ ចូររៀបចំសម្រាប់បុណ្យរំលងនៅទីនោះ»។ ១៣ ដូច្នេះ ពួកគាត់ក៏បានចេញទៅ ហើយឃើញថាអ្វីៗគឺដូចលោកបានមានប្រសាសន៍មែន។ រួចមក ពួកគាត់រៀបចំសម្រាប់បុណ្យរំលង។
១៤ លុះដល់ពេលហើយ លោកក៏អង្គុយនៅតុជាមួយនឹងពួកសាវ័ក។+ ១៥ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំចង់បរិភោគអាហារបុណ្យរំលងនេះជាមួយនឹងអ្នករាល់គ្នាខ្លាំងណាស់ មុននឹងខ្ញុំរងទុក្ខ។ ១៦ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគអាហារបុណ្យរំលងម្ដងទៀតឡើយ រហូតដល់ការនេះបានសម្រេចសព្វគ្រប់ក្នុងរាជាណាចក្ររបស់ព្រះ»។ ១៧ រួចលោកទទួលពែងមួយ ក៏អរគុណព្រះ ហើយមានប្រសាសន៍ថា៖ «ចូរយកពែងនេះ ហើយពិសាចុះ រួចហុចពីម្នាក់ទៅម្នាក់។ ១៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់រាជាណាចក្ររបស់ព្រះមកដល់»។
១៩ លោកក៏យកនំប៉័ងមួយដុំ+ អរគុណព្រះ រួចកាច់ ហើយឲ្យពួកគាត់ ដោយពោលថា៖ «នេះជាតំណាងរូបកាយរបស់ខ្ញុំ+ ដែលនឹងត្រូវប្រគល់ឲ្យ សម្រាប់អ្នករាល់គ្នា។+ ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។+ ២០ លុះពិសាអាហារល្ងាចហើយ លោកយកពែងនោះធ្វើបែបដូច្នោះដែរ ដោយមានប្រសាសន៍ថា៖ «ពែងនេះជាតំណាងកិច្ចព្រមព្រៀងថ្មី+ ដែលមានមូលដ្ឋានលើឈាមរបស់ខ្ញុំ+ ដែលនឹងត្រូវបង្ហូរចេញដើម្បីអ្នករាល់គ្នា។+
២១ «ប៉ុន្តែ មើល! អ្នកដែលក្បត់ខ្ញុំនៅតុជាមួយនឹងខ្ញុំ។+ ២២ ពីព្រោះអ្វីទាំងអស់ដែលបានកត់ទុកអំពីកូនមនុស្ស នឹងកើតឡើងពិតមែន។+ ទោះជាយ៉ាងនោះក៏ដោយ បុរសដែលក្បត់លោក* ត្រូវវេទនាណាស់!»។+ ២៣ ម្ល៉ោះហើយ ពួកគាត់ចាប់ផ្ដើមសួរគ្នាដើម្បីដឹងថាអ្នកណាក្នុងចំណោមពួកគាត់មានបំណងធ្វើដូច្នេះ។+
២៤ ប៉ុន្តែ ពួកគាត់ក៏តាំងប្រកែកគ្នាយ៉ាងខ្លាំងអំពីរឿងថាអ្នកណាធំជាងគេក្នុងចំណោមពួកគាត់។+ ២៥ ឮដូច្នេះ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «បណ្ដាស្ដេចនៃប្រជាជាតិនានាត្រួតត្រាលើបណ្ដាជន ហើយបណ្ដាជនហៅពួកអ្នកដែលគ្រប់គ្រងលើពួកគេថាជាអ្នកមានគុណ។*+ ២៦ ចំណែកអ្នករាល់គ្នាវិញ អ្នកមិនត្រូវធ្វើដូច្នេះឡើយ+ តែអ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកក្មេងជាងគេ+ ហើយអ្នកដែលកំពុងនាំមុខគេ ត្រូវធ្វើជាអ្នកបម្រើគេវិញ។ ២៧ ព្រោះតើអ្នកណាធំជាងគេ អ្នកដែលកំពុងអង្គុយនៅតុ ឬអ្នកដែលកំពុងបម្រើ? គឺអ្នកដែលកំពុងអង្គុយនៅតុ មែនទេ? ប៉ុន្តែ ខ្ញុំជាអ្នកបម្រើក្នុងចំណោមអ្នករាល់គ្នា។+
២៨ «ក៏ប៉ុន្តែ អ្នករាល់គ្នាបាននៅជាប់ជាមួយនឹងខ្ញុំ+ ពេលដែលខ្ញុំមានទុក្ខលំបាក+ ២៩ ហើយខ្ញុំធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នករាល់គ្នាថានឹងឲ្យអ្នករាល់គ្នាគ្រប់គ្រងក្នុងរាជាណាចក្រ ដូចបិតារបស់ខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្ញុំ+ ៣០ ដើម្បីឲ្យអ្នករាល់គ្នាពិសាអាហារពិសាស្រានៅតុរបស់ខ្ញុំក្នុងរាជាណាចក្ររបស់ខ្ញុំ+ ហើយអង្គុយលើបល្ល័ង្ក+ដើម្បីវិនិច្ឆ័យកុលសម្ព័ន្ធទាំង១២នៃអ៊ីស្រាអែល។+
៣១ «ស៊ីម៉ូន ស៊ីម៉ូន មើល! សាថានបានទាមទាររែងអ្នករាល់គ្នាដូចរែងអង្ករ។+ ៣២ ប៉ុន្តែ ខ្ញុំបានអធិដ្ឋានអង្វរ ដើម្បីកុំឲ្យជំនឿរបស់អ្នកចុះខ្សោយ+ ហើយពេលដែលអ្នកបានប្រែចិត្ត ចូរពង្រឹងជំនឿរបស់បងប្អូនអ្នក»។+ ៣៣ រួចពេត្រុសជម្រាបលោកថា៖ «លោកម្ចាស់ ខ្ញុំបានត្រៀមខ្លួនចូលគុកជាមួយនឹងលោក ហើយស្លាប់ជាមួយនឹងលោកដែរ»។+ ៣៤ ប៉ុន្តែ លោកមានប្រសាសន៍ថា៖ «ពេត្រុស ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះមាន់នឹងមិនរងាវទេ រហូតដល់អ្នកបានបដិសេធ មិនទទួលស្គាល់ខ្ញុំបីដង»។+
៣៥ លោកក៏មានប្រសាសន៍ទៅពួកគាត់ថា៖ «ពេលដែលខ្ញុំចាត់អ្នករាល់គ្នាទៅដោយមិនឲ្យយកថង់ប្រាក់ ថង់យាមសម្រាប់ដាក់អាហារ ឬស្បែកជើង+ ពេលនោះអ្នករាល់គ្នាមិនបានខ្វះខាតអ្វីទេ មែនទេ?»។ ពួកគាត់ឆ្លើយថា៖ «មែន!»។ ៣៦ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ប៉ុន្តែឥឡូវ អ្នកណាដែលមានថង់ប្រាក់ ចូរយកទៅជាមួយ ហើយចូរយកថង់យាមសម្រាប់ដាក់អាហារទៅដែរ ឯអ្នកណាដែលគ្មានដាវ អ្នកនោះត្រូវលក់សម្លៀកបំពាក់ក្រៅរបស់ខ្លួន រួចទិញដាវមួយវិញ។ ៣៧ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីដែលបានត្រូវសរសេរអំពីខ្ញុំ ត្រូវតែកើតឡើងចំពោះខ្ញុំ ពោលគឺ៖ ‹គាត់បានត្រូវរាប់ក្នុងចំណោមមនុស្សប្រឆាំងច្បាប់›។+ ពីព្រោះនេះបានត្រូវសរសេរអំពីខ្ញុំ ហើយនឹងកើតឡើងជាមិនខាន»។+ ៣៨ រួចពួកគាត់ជម្រាបថា៖ «លោកម្ចាស់ មើល! យើងមានដាវពីរហើយ»។ លោកមានប្រសាសន៍ថា៖ «នោះល្មមហើយ»។
៣៩ ពេលដែលចេញទៅ លោកទៅភ្នំដើមអូលីវដូចសព្វដង ហើយពួកអ្នកកាន់តាមក៏ទៅជាមួយនឹងលោកដែរ។+ ៤០ លុះទៅដល់ហើយ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរអធិដ្ឋានជានិច្ច ដើម្បីកុំឲ្យចាញ់សេចក្ដីល្បួងឡើយ»។+ ៤១ រួចលោកចេញពីពួកគាត់ទៅប្រហែលចម្ងាយដែលគេចោលដុំថ្មមួយទំហឹង ក៏លុតជង្គង់ចាប់ផ្ដើមអធិដ្ឋានថា៖ ៤២ «បិតាអើយ! បើលោកចង់ សូមដកពែង*នេះចេញពីខ្ញុំ។ ប៉ុន្តែ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច មិនមែនបំណងប្រាថ្នារបស់ខ្ញុំទេ»។+ ៤៣ រួចទេវតាមួយរូបពីស្ថានសួគ៌បានលេចមកពង្រឹងកម្លាំងចិត្តរបស់លោក។+ ៤៤ ប៉ុន្តែ លោកកើតទុក្ខក្រៃលែង បានជាលោកបន្តអធិដ្ឋានអស់ពីចិត្តកាន់តែខ្លាំងជាងមុនទៅទៀត+ ហើយញើសរបស់លោកបានប្រែដូចជាតំណក់ឈាមស្រក់ដល់ដី។ ៤៥ លុះអធិដ្ឋានហើយ លោកក៏ក្រោកឡើងទៅឯពួកអ្នកកាន់តាម ហើយឃើញថាពួកគាត់កំពុងងោកងុយ ព្រោះអស់កម្លាំងដោយសារក្ដីទុក្ខព្រួយ។+ ៤៦ លោកក៏មានប្រសាសន៍ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងដេកដូច្នេះ? ចូរក្រោកឡើង ហើយបន្តអធិដ្ឋាន ដើម្បីកុំឲ្យចាញ់សេចក្ដីល្បួង»។+
៤៧ កាលដែលលោកយេស៊ូកំពុងមានប្រសាសន៍នៅឡើយ មើល! មានមនុស្សមួយក្រុមធំមក ហើយយូដាសពីចំណោមសាវ័កទាំង១២នាក់ កំពុងដើរនៅមុខពួកគេ។ គាត់ក៏ដើរចូលទៅថើបលោកយេស៊ូ។+ ៤៨ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «យូដាស តើអ្នកក្បត់កូនមនុស្សដោយការថើបឬ?»។ ៤៩ លុះឃើញអ្វីដែលហៀបនឹងកើតឡើង ពួកអ្នកដែលនៅជុំវិញលោកក៏សួរថា៖ «លោកម្ចាស់ តើយើងគួរកាប់ពួកគេនឹងដាវទេ?»។ ៥០ ពួកគាត់ម្នាក់ក៏បានកាប់ដាច់ស្លឹកត្រចៀកស្ដាំរបស់ខ្ញុំបម្រើរបស់សម្ដេចសង្ឃ។+ ៥១ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថា៖ «ប៉ុណ្ណឹងបានហើយ»។ រួចលោកពាល់ត្រចៀករបស់អ្នកនោះ ហើយធ្វើឲ្យគាត់ជាឡើងវិញ។ ៥២ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ទៅពួកសង្ឃនាយក ពួកមេកងរក្សាវិហារ និងពួកបុរសចាស់ទុំដែលបានមកទីនោះដើម្បីចាប់លោកថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ដោយកាន់ដាវកាន់ដំបង ដូចមកចាប់ចោរប្លន់ដូច្នេះ?+ ៥៣ កាលដែលខ្ញុំធ្លាប់នៅជាមួយនឹងអ្នករាល់គ្នារៀងរាល់ថ្ងៃក្នុងវិហារ+ អ្នកមិនបានលូកដៃចាប់ខ្ញុំទេ។+ ប៉ុន្តែ នេះជាវេលារបស់អ្នករាល់គ្នា និងជាវេលារបស់អំណាចនៃសេចក្ដីងងឹត»។+
៥៤ រួចមក ពួកគេបានចាប់ខ្លួនលោក ក៏នាំទៅ+ផ្ទះរបស់សម្ដេចសង្ឃ តែពេត្រុសបានដើរតាមពីចម្ងាយ។+ ៥៥ ពេលដែលគេបង្កាត់ភ្លើងនៅកណ្ដាលទីធ្លា ហើយនាំគ្នាអង្គុយចុះ នោះពេត្រុសក៏ចូលមកអង្គុយក្នុងចំណោមពួកគេដែរ។+ ៥៦ ប៉ុន្តែ ស្ត្រីបម្រើម្នាក់បានឃើញគាត់អង្គុយនៅក្បែរភ្លើង ក៏ខំមើលគាត់ រួចនិយាយថា៖ «បុរសនេះធ្លាប់នៅជាមួយនឹងអ្នកនោះដែរ»។ ៥៧ ប៉ុន្តែ គាត់បដិសេធថា៖ «ទេនាង! ខ្ញុំមិនស្គាល់អ្នកនោះទេ»។ ៥៨ មិនយូរក្រោយនោះ មនុស្សម្នាក់ទៀតឃើញគាត់ ហើយនិយាយថា៖ «អ្នកក៏ជាពួកនោះដែរ»។ ប៉ុន្តែ ពេត្រុសនិយាយថា៖ «ខ្ញុំមិនមែនជាពួកនោះទេ»។+ ៥៩ ប្រហែលជាមួយម៉ោងក្រោយមក បុរសម្នាក់ទៀតចាប់ផ្ដើមអះអាងយ៉ាងម៉ឺងម៉ាត់ថា៖ «បុរសនេះប្រាកដជាធ្លាប់នៅជាមួយនឹងអ្នកនោះដែរ ព្រោះគាត់ជាអ្នកស្រុកកាលីឡេ!»។ ៦០ ប៉ុន្តែ ពេត្រុសនិយាយថា៖ «ខ្ញុំមិនដឹងថាអ្នកកំពុងនិយាយអ្វីទេ»។ រំពេចនោះ កាលដែលគាត់នៅនិយាយនៅឡើយ មាន់ក៏រងាវឡើង។ ៦១ រួចលោកម្ចាស់បែរទៅមើលពេត្រុស នោះពេត្រុសក៏នឹកឃើញអ្វីដែលលោកម្ចាស់បានមានប្រសាសន៍ទៅគាត់ថា៖ «ថ្ងៃនេះមុននឹងមាន់រងាវ អ្នកនឹងមិនទទួលស្គាល់ខ្ញុំបីដង»។+ ៦២ រួចគាត់ចេញទៅក្រៅ ហើយយំដោយនឹកស្ដាយជាខ្លាំង។
៦៣ ឯបុរសទាំងប៉ុន្មានដែលកំពុងយាមលោកយេស៊ូ ពួកគេចាប់ផ្ដើមចំអកឲ្យលោក+ ហើយវាយលោក។+ ៦៤ ក្រោយពីបានគ្របមុខលោក ពួកគេក៏សួរថា៖ «ចូរប្រកាសទំនាយមក! តើអ្នកណាបានវាយឯង?»។ ៦៥ រួចពួកគេបានប្រមាថ*លោកដោយពាក្យផ្សេងៗជាច្រើនទៀត។
៦៦ លុះភ្លឺឡើង ក្រុមបុរសចាស់ទុំដែលរួមមានពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់ បានមកជួបជុំគ្នា+ ហើយពួកគេបាននាំយកលោកទៅឯសាលក្រុមប្រឹក្សាជាន់ខ្ពស់* រួចសួរលោកថា៖ ៦៧ «បើអ្នកជាគ្រិស្ត ចូរប្រាប់យើងមក»។+ ប៉ុន្តែ លោកមានប្រសាសន៍ទៅពួកគេថា៖ «ទោះជាខ្ញុំប្រាប់អ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាមិនជឿខ្ញុំដែរ។ ៦៨ ម្យ៉ាងទៀត បើខ្ញុំសួរអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងមិនឆ្លើយទេ។ ៦៩ ក៏ប៉ុន្តែ ចាប់តាំងពីពេលនេះទៅ កូនមនុស្ស+នឹងអង្គុយនៅខាងស្ដាំនៃព្រះដែលមានឫទ្ធានុភាពខ្លាំងក្លា»។+ ៧០ ឮដូច្នេះ ពួកគេទាំងអស់គ្នាសួរថា៖ «បើដូច្នេះ តើអ្នកជាបុត្រព្រះឬ?»។ លោកមានប្រសាសន៍ទៅពួកគេថា៖ «គឺអ្នករាល់គ្នាហើយដែលនិយាយថាខ្ញុំជាបុត្រព្រះ»។ ៧១ ពួកគេនិយាយថា៖ «តើយើងត្រូវការសាក្សីថែមទៀតធ្វើអ្វី? ព្រោះយើងបានឮចេញពីមាត់អ្នកនេះផ្ទាល់ហើយ»។+