ប្រវត្តិហេតុទី១
២៣ កាលដាវីឌមានវ័យជរាជិតដល់ពេលស្លាប់ គាត់បានតែងតាំងសាឡូម៉ូនកូនគាត់ ឲ្យឡើងធ្វើជាស្ដេចលើប្រជាជាតិអ៊ីស្រាអែល។+ ២ បន្ទាប់មក ដាវីឌបានកោះហៅពួកអភិបាលលើស្រុកអ៊ីស្រាអែល ពួកសង្ឃ+ និងពួកលេវី។+ ៣ ពេលនោះ គេបានរាប់ពួកលេវីដែលមានអាយុ៣០ឆ្នាំឡើងទៅ+ ឃើញមានចំនួន៣៨.០០០នាក់។ ៤ ពីចំណោមពួកគេ មាន២៤.០០០នាក់ធ្វើជាអ្នកមើលការខុសត្រូវលើកិច្ចការក្នុងវិហាររបស់ព្រះយេហូវ៉ា។ រីឯ៦.០០០នាក់ទៀត ពួកគេបម្រើជាមន្ត្រីនិងជាអ្នកសម្រេចក្ដី។+ ៥ ចំណែក៤.០០០នាក់ទៀត ពួកគេធ្វើជាអ្នកយាមទ្វារ+ ហើយ៤.០០០នាក់ទៀតច្រៀងសរសើរព្រះយេហូវ៉ា+ អមជាមួយនឹងបទភ្លេងពីឧបករណ៍ដែលដាវីឌបានធ្វើដើម្បីសរសើរព្រះ។
៦ បន្ទាប់មក ដាវីឌបានបែងចែកពួកលេវីជាក្រុមៗ+ ពីក្រុមគ្រួសារគើសុន ក្រុមគ្រួសារកូហាត និងក្រុមគ្រួសារមេរេរ៉ាយ។+ ៧ ពីចំណោមកូនចៅរបស់គើសុន មានឡាដាន់និងស៊ីមម៉ាយ។ ៨ កូនរបស់ឡាដាន់មានបីនាក់ គឺយេហែលជាប្រមុខ សេថាម និងយ៉ូអែល។+ ៩ កូនរបស់ស៊ីមម៉ាយ*មានបីនាក់ គឺសេឡូម៉ូត ហាសៀល និងហារ៉ាន។ ពួកគេទាំងអស់សុទ្ធតែជាប្រមុខគ្រួសាររបស់ឡាដាន់។ ១០ ឯកូនរបស់ស៊ីមម៉ាយ*មានបួននាក់ គឺយ៉ាហាត ស៊ីណា យេអឺស និងបេរៀ។ ១១ យ៉ាហាតគឺជាប្រមុខ ហើយអ្នកបន្ទាប់ពីគាត់គឺស៊ីសាស។ ដោយសារយេអឺសនិងបេរៀមិនមានកូនច្រើន ពួកគេបានត្រូវរាប់បញ្ចូលជាក្រុមគ្រួសារតែមួយ ហើយពួកគេមានភារកិច្ចតែមួយប៉ុណ្ណោះ។
១២ ចំណែកកូហាត គាត់មានកូនបួននាក់ គឺអាំរ៉ាម អ៊ីសហា+ ហេប្រុន និងអូសៀល។+ ១៣ កូនរបស់អាំរ៉ាម មានអេរ៉ុន+និងម៉ូសេ។+ ប៉ុន្តែ អេរ៉ុននិងកូនចៅរបស់គាត់បានត្រូវញែកជាបរិសុទ្ធ+សម្រាប់បម្រើព្រះនៅកន្លែងបរិសុទ្ធបំផុត និងដើម្បីជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា ព្រមទាំងជូនពរដល់បណ្ដាជនក្នុងនាមរបស់ព្រះជាដរាបតទៅ។+ ១៤ ចំណែកកូនចៅរបស់ម៉ូសេដែលជាតំណាងព្រះពិត ក៏បានត្រូវរាប់បញ្ចូលជាមួយនឹងពួកលេវីឯទៀតដែរ។ ១៥ កូនរបស់ម៉ូសេមាន គើសោម+និងអេលាស៊ើរ។+ ១៦ ពីចំណោមកូនចៅរបស់គើសោម មានសេប៊ូអែល+ជាប្រមុខ។ ១៧ អេលាស៊ើរមានកូនប្រុសតែមួយគត់ឈ្មោះរេហាបាយ៉ា។+ រេហាបាយ៉ាមានកូនជាច្រើន ហើយគាត់ជាប្រមុខ។ ១៨ ពីចំណោមកូនចៅរបស់អ៊ីសហា+ មានសេឡូមីត+ជាប្រមុខ។ ១៩ ឯកូនរបស់ហេប្រុនមានបួននាក់ ទី១យេរៀជាប្រមុខ ទី២អាម៉ារៀ ទី៣យ៉ាហេសែល ទី៤យេកាមៀម។+ ២០ កូនរបស់អូសៀល+ មានមីកាជាប្រមុខនិងអ៊ីសសៀជាអ្នកបន្ទាប់។
២១ កូនរបស់មេរេរ៉ាយមាន ម៉ាឡាយនិងមូសាយ។+ កូនរបស់ម៉ាឡាយមានអេលាសារនិងគីស។ ២២ អេលាសារបានស្លាប់ តែគាត់គ្មានកូនប្រុសទេ មានតែកូនស្រីប៉ុណ្ណោះ។ កូនស្រីទាំងនោះបានរៀបការជាមួយនឹងកូនប្រុសៗរបស់គីស ដែលត្រូវជាបងប្អូនជីដូនមួយ។ ២៣ កូនរបស់មូសាយមានបីនាក់ គឺម៉ាឡាយ អ៊ីឌើរ និងយេរេម៉ូត។
២៤ ពួកគេទាំងអស់សុទ្ធតែជាកូនចៅលេវី ដែលរាប់តាមបញ្ជីវង្សត្រកូល ហើយពួកគេជាប្រមុខគ្រួសារ។ ពួកលេវីដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ បានត្រូវចុះឈ្មោះក្នុងបញ្ជីសម្រាប់ធ្វើកិច្ចការក្នុងវិហាររបស់ព្រះយេហូវ៉ា។ ២៥ ដាវីឌបាននិយាយថា៖ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានឲ្យរាស្ត្ររបស់លោកមានសេចក្ដីសុខសាន្តត្រាណ+ ហើយលោកនឹងស្ថិតនៅក្នុងក្រុងយេរូសាឡិមជាដរាបតទៅ។+ ២៦ ពួកលេវីនឹងមិនចាំបាច់សែងត្រសាល ឬឧបករណ៍ដែលប្រើសម្រាប់ការគោរពប្រណិប័តន៍ទៀតឡើយ»។+ ២៧ គេបានរាប់ចំនួនពួកលេវីដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ស្របតាមបណ្ដាំចុងក្រោយរបស់ដាវីឌ។ ២៨ ពួកគេមានភារកិច្ចជួយកូនចៅអេរ៉ុន+ធ្វើកិច្ចការក្នុងវិហាររបស់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត ពួកគេមើលការខុសត្រូវនៅទីធ្លា+និងបន្ទប់បរិភោគអាហារ ព្រមទាំងសម្អាតរបស់របរបរិសុទ្ធទាំងអស់។ ពួកគេក៏ទទួលបន្ទុកលើកិច្ចការផ្សេងៗទៀតក្នុងវិហាររបស់ព្រះពិតដែរ។ ២៩ ពួកគេជួយរៀបចំនំប៉័ងតាំងទុក+ ម្សៅលាយ+ និងម្សៅម៉ដ្ឋសម្រាប់គ្រឿងបូជាជាម្សៅ នំស្រួយឥតដំបែ+ និងនំដែលចម្អិនដោយប្រើពុម្ព។ ពួកគេក៏មើលខុសត្រូវលើការវាស់វាល់ទាំងអស់ដែរ។ ៣០ ពួកគេត្រូវឈរអរគុណព្រះយេហូវ៉ា និងសរសើរតម្កើងលោករៀងរាល់ព្រឹក+រៀងរាល់ល្ងាច។+ ៣១ នៅបុណ្យថ្ងៃឈប់សម្រាក+ បុណ្យចូលខែថ្មី+ និងបុណ្យផ្សេងៗទៀត+ ពួកគេជួយពួកសង្ឃពេលជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា ស្របតាមច្បាប់។ ពួកគេមានភារកិច្ចធ្វើដូច្នេះជាទៀងទាត់នៅចំពោះព្រះយេហូវ៉ា។ ៣២ បន្ថែមទៅទៀត ពួកគេបំពេញភារកិច្ចនៅត្រសាលជំនុំ និងកន្លែងបរិសុទ្ធ ហើយបានជួយបងប្អូនរបស់ពួកគេជាកូនចៅអេរ៉ុនដែលបំពេញកិច្ចបម្រើក្នុងវិហាររបស់ព្រះយេហូវ៉ា។