រ៉ូម
៥ ដូច្នេះ ដោយសារឥឡូវនេះយើងបានត្រូវប្រកាសថាជាមនុស្សសុចរិតដោយសារជំនឿ ចូរយើងរក្សាខ្លួនជាអ្នកដែលមានសន្ដិភាពជាមួយនឹងព្រះ តាមរយៈលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង ២ ដែលតាមរយៈជំនឿលើលោក ផ្លូវបានត្រូវបើកឲ្យយើងទទួលគុណដ៏វិសេសលើសលប់ដែលយើងកំពុងទទួលឥឡូវនេះ។ ម្យ៉ាងទៀត ចូរយើងត្រេកអរ ដោយមានសេចក្ដីសង្ឃឹមទទួលសិរីរុងរឿងពីព្រះ។ ៣ មិនត្រឹមតែប៉ុណ្ណោះ ប៉ុន្តែកាលណាមានសេចក្ដីវេទនា ចូរត្រេកអរចុះ ដោយសារយើងដឹងថា សេចក្ដីវេទនានាំឲ្យចេះស៊ូទ្រាំ ៤ ឯការស៊ូទ្រាំនាំឲ្យទទួលការពេញចិត្តពីព្រះ រីឯការពេញចិត្តពីព្រះនាំឲ្យមានសេចក្ដីសង្ឃឹម ៥ ហើយសេចក្ដីសង្ឃឹមនោះមិននាំឲ្យខកចិត្តឡើយ ពីព្រោះសេចក្ដីស្រឡាញ់ពីព្រះបានត្រូវចាក់មកក្នុងចិត្តរបស់យើងតាមរយៈសកម្មពល* បរិសុទ្ធ ដែលលោកបានឲ្យយើង។
៦ ព្រោះកាលដែលយើងនៅខ្សោយនៅឡើយ គ្រិស្តបានស្លាប់នៅពេលកំណត់ ដើម្បីមនុស្សដែលមិនគោរពព្រះ។ ៧ ពីព្រោះកម្រមានអ្នកណាសុខចិត្តស្លាប់ដើម្បីមនុស្សសុចរិត តែដើម្បីមនុស្សល្អ ប្រហែលជាមានអ្នកដែលហ៊ានស្លាប់។ ៨ ប៉ុន្តែព្រះសម្ដែងឲ្យយើងឃើញសេចក្ដីស្រឡាញ់របស់លោក តាមរបៀបនេះ៖ គ្រិស្តស្លាប់ដើម្បីយើង កាលដែលយើងនៅជាអ្នកធ្វើខុសនៅឡើយ។ ៩ ដូច្នេះ យើងអាចកាន់តែប្រាកដក្នុងចិត្តថា យើងនឹងត្រូវសង្គ្រោះតាមរយៈលោក ឲ្យរួចពីសេចក្ដីក្រោធរបស់ព្រះ ដោយសារយើងបានត្រូវប្រកាសថាជាមនុស្សសុចរិតតាមរយៈឈាមរបស់លោក។ ១០ ព្រោះប្រសិនបើយើងបានត្រូវផ្សះផ្សាជាមួយនឹងព្រះ តាមរយៈសេចក្ដីស្លាប់នៃបុត្ររបស់លោក កាលដែលយើងនៅជាសត្រូវនៅឡើយ ឥឡូវនេះក្រោយពីយើងបានត្រូវផ្សះផ្សាហើយ យើងអាចកាន់តែប្រាកដក្នុងចិត្តថា យើងនឹងត្រូវសង្គ្រោះតាមរយៈជីវិតរបស់លោក។ ១១ មិនត្រឹមតែប៉ុណ្ណោះ យើងក៏កំពុងត្រេកអរចំពោះព្រះ តាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ដែលតាមរយៈលោក យើងបានត្រូវផ្សះផ្សាជាមួយនឹងព្រះ។
១២ ម្ល៉ោះហើយ ដូចភាពខុសឆ្គង* បានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស . . . ។ ១៣ ព្រោះមានការខុសឆ្គងក្នុងពិភពលោក រហូតដល់មានច្បាប់* ប៉ុន្តែការខុសឆ្គងមិនបានត្រូវយកមកគិតកាលដែលគ្មានច្បាប់ឡើយ។ ១៤ ទោះជាយ៉ាងនោះក៏ដោយ សេចក្ដីស្លាប់បានគ្រប់គ្រងជាស្តេច ចាប់តាំងពីអាដាមរហូតដល់ម៉ូសេ សូម្បីតែលើអ្នកដែលមិនបានធ្វើខុសដូចបទរំលងរបស់អាដាម ដែលជាអ្នកមានភាពស្រដៀងគ្នានឹងលោកដែលត្រូវមក។
១៥ ប៉ុន្តែអំណោយនោះ និងកំហុសនោះ មានលទ្ធផលខុសគ្នា។ ព្រោះប្រសិនបើកំហុសរបស់បុរសម្នាក់បាននាំឲ្យមនុស្សជាច្រើនស្លាប់ នោះគុណដ៏វិសេសលើសលប់របស់ព្រះនិងអំណោយទានរបស់លោកបាននាំឲ្យមនុស្សជាច្រើនទទួលប្រយោជន៍ដែលរកអ្វីប្រៀបផ្ទឹមពុំបាន។ អំណោយទាននេះបានត្រូវផ្ដល់ឲ្យព្រមគ្នានឹងគុណដ៏វិសេសលើសលប់ ដែលមកតាមរយៈបុរសតែម្នាក់ គឺគ្រិស្តយេស៊ូ។ ១៦ ម្យ៉ាងទៀត លទ្ធផលដែលមកពីអំណោយទាននោះ និងលទ្ធផលដែលកើតមានឡើងដោយសារបុរសម្នាក់នោះបានធ្វើខុស គឺមិនដូចគ្នាទេ។ ព្រោះបទរំលងតែមួយបាននាំឲ្យមនុស្សទាំងអស់បានត្រូវប្រកាសថាជាអ្នកមានទោស ប៉ុន្តែអំណោយដែលមកដោយសារបទរំលងជាច្រើន នាំឲ្យមនុស្សជាច្រើនបានត្រូវប្រកាសថាជាមនុស្សសុចរិត។ ១៧ ព្រោះប្រសិនបើសេចក្ដីស្លាប់បានគ្រប់គ្រងជាស្តេចដោយសារបទរំលងរបស់មនុស្សម្នាក់នោះ យើងអាចកាន់តែប្រាកដក្នុងចិត្តថាពួកអ្នកដែលទទួលគុណដ៏វិសេសលើសលប់និងភាពសុចរិតជាអំណោយទានដ៏បរិបូរ នឹងរស់ហើយគ្រប់គ្រងជាស្តេចដោយសារមនុស្សម្នាក់នេះ គឺលោកយេស៊ូគ្រិស្ត។
១៨ ដូច្នេះ ដូចបទរំលងតែមួយបាននាំឲ្យមនុស្សគ្រប់ប្រភេទទទួលការផ្ដន្ទាទោស នោះការតែមួយដ៏សុចរិតបាននាំឲ្យមនុស្សគ្រប់ប្រភេទត្រូវប្រកាសថាជាមនុស្សសុចរិតឲ្យបានជីវិត។ ១៩ ព្រោះដូចមនុស្សជាច្រើនបានទៅជាមនុស្សមានភាពខុសឆ្គង ដោយសារបុរសម្នាក់នោះមិនបានស្ដាប់បង្គាប់ មនុស្សជាច្រើននឹងទៅជាមនុស្សសុចរិត ដោយសារមនុស្សម្នាក់នេះបានស្ដាប់បង្គាប់។ ២០ ឯច្បាប់បានកើតមានក្រោយមក ដើម្បីឲ្យបទរំលងមានកាន់តែច្រើនឡើង។ ប៉ុន្តែនៅកន្លែងណាដែលភាពខុសឆ្គងមានកាន់តែច្រើន នៅកន្លែងនោះគុណដ៏វិសេសលើសលប់មានច្រើនជាងនោះទៅទៀត។ ២១ ដើម្បីអ្វី? ដើម្បីឲ្យគុណដ៏វិសេសលើសលប់គ្រប់គ្រងជាស្តេចតាមរយៈសេចក្ដីសុចរិត ដើម្បីឲ្យមានជីវិតដែលគ្មានទីបញ្ចប់ តាមរយៈលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង ដូចភាពខុសឆ្គងបានគ្រប់គ្រងជាស្តេចជាមួយនឹងសេចក្ដីស្លាប់ដែរ។