យេរេមា
៣២ នៅឆ្នាំទី១០នៃរាជ្យសេដេគាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទី១៨នៃរាជ្យនេប៊ូក្នេសា ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់យេរេមា។+ ២ នៅគ្រានោះ កងទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន កំពុងឡោមព័ទ្ធក្រុងយេរូសាឡិម ហើយយេរេមាជាអ្នកប្រកាសទំនាយត្រូវគេឃុំឃាំងនៅក្នុងទីធ្លាអ្នកយាម+ ក្នុងវិមានស្ដេចស្រុកយូដា។ ៣ ព្រោះសេដេគាជាស្ដេចស្រុកយូដាបានចាប់គាត់ឃុំ+ ដោយនិយាយថា៖ «ហេតុអ្វីក៏អ្នកប្រកាសទំនាយដូចនេះ? គឺថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ខ្ញុំនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃស្ដេចស្រុកបាប៊ីឡូន ហើយគាត់នឹងចាប់យកក្រុងនេះជាមិនខាន។+ ៤ ឯសេដេគាស្ដេចស្រុកយូដាវិញ គាត់នឹងគេចមិនរួចពីពួកខាល់ដេទេ ព្រោះគាត់នឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃស្ដេចស្រុកបាប៊ីឡូន ហើយគាត់នឹងឃើញស្ដេចនោះដោយផ្ទាល់ភ្នែក រួចនិយាយទល់មុខគ្នា»›។+ ៥ ព្រះយេហូវ៉ាប្រកាសថា៖ ‹ស្ដេចនោះនឹងចាប់សេដេគាយកទៅស្រុកបាប៊ីឡូន ហើយសេដេគានឹងនៅទីនោះរហូតដល់ខ្ញុំនឹកគិតដល់គាត់ម្ដងទៀត។ ទោះជាសេដេគាខំច្បាំងនឹងពួកខាល់ដេក៏ដោយ ក៏មិនអាចឈ្នះពួកគេបានដែរ›»។+
៦ យេរេមាបាននិយាយថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ ៧ ‹មើល! ហាណាមេលជាកូនរបស់សាលូមជាឪពុកមា*អ្នក គាត់នឹងមកជួបអ្នក ហើយប្រាប់អ្នកថា៖ «ចូរទិញដីស្រែរបស់ខ្ញុំដែលនៅក្រុងអាណាថោតទៅ+ ព្រោះអ្នកជាបុគ្គលទី១ដែលមានសិទ្ធិទិញដីនោះ»›»។+
៨ ហាណាមេលជាកូនឪពុកមាខ្ញុំក៏បានមកជួបខ្ញុំ ដូចប្រសាសន៍ព្រះយេហូវ៉ាមែន។ គាត់ចូលមកទីធ្លាអ្នកយាម ហើយប្រាប់ខ្ញុំថា៖ «ចូរទិញដីស្រែរបស់ខ្ញុំដែលនៅក្រុងអាណាថោតក្នុងទឹកដីបេនយ៉ាមីនទៅ ព្រោះអ្នកជាបុគ្គលទី១ដែលមានសិទ្ធិទិញដីនោះ។ ចូរទិញទុកសម្រាប់ខ្លួនចុះ»។ ពេលនោះ ខ្ញុំក៏យល់ឃើញថាព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំមែន។
៩ ដូច្នេះ ខ្ញុំក៏ទិញដីស្រែដែលនៅក្រុងអាណាថោតពីហាណាមេលជាកូនឪពុកមាខ្ញុំ។ ខ្ញុំថ្លឹងប្រាក់+ឲ្យគាត់ចំនួន៧ហ្សេគិល* និង១០កាក់ធ្វើពីប្រាក់។ ១០ បន្ទាប់មក ខ្ញុំបានធ្វើលិខិតមួយ+ ហើយបិទត្រា រួចហៅអ្នកខ្លះឲ្យធ្វើជាសាក្សី+ ហើយខ្ញុំក៏ថ្លឹងប្រាក់ប្រគល់ឲ្យគាត់។ ១១ រួចខ្ញុំយកលិខិតទិញដីដែលមានបិទត្រាស្របតាមច្បាប់មាត្រា និងលិខិតមួយទៀតដែលគ្មានបិទត្រា ១២ ប្រគល់ឲ្យដល់បារូក+ជាកូននេរា+ដែលជាកូនម៉ាសៀ នៅចំពោះមុខហាណាមេលជាកូនឪពុកមាខ្ញុំ និងចំពោះមុខសាក្សីដែលចុះហត្ថលេខាលើលិខិតទាំងនោះ ព្រមទាំងចំពោះមុខពួកយូដាទាំងអស់ដែលកំពុងអង្គុយនៅឯទីធ្លាអ្នកយាមផងដែរ។+
១៣ ខ្ញុំបានបង្គាប់បារូកនៅមុខពួកគេថា៖ ១៤ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានប្រសាសន៍ថា៖ ‹ចូរយកលិខិតទាំងនេះ គឺទាំងលិខិតដែលមានបិទត្រានិងលិខិតដែលគ្មានត្រា ទៅដាក់ក្នុងភាជនៈដីដើម្បីរក្សាទុកឲ្យបានយូរអង្វែង›។ ១៥ ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹នៅក្នុងស្រុកនេះនឹងមានការទិញដូរដីស្រែ ចម្ការទំពាំងបាយជូរ និងផ្ទះសម្បែងឡើងវិញ›»។+
១៦ ក្រោយពីខ្ញុំប្រគល់លិខិតទិញដីដល់បារូកជាកូននេរា ខ្ញុំក៏អធិដ្ឋានទៅព្រះយេហូវ៉ាថា៖ ១៧ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! លោកហើយដែលបានបង្កើតមេឃនិងផែនដី ដោយថាមពលនិងឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុត+ ហើយគ្មានអ្វីណាអស្ចារ្យដែលលោកធ្វើមិនបានឡើយ។ ១៨ លោកជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះដ៏ពិត ក៏ឧត្តុង្គឧត្ដម ហើយខ្លាំងក្លាក្រៃលែង។ នាមលោកគឺយេហូវ៉ា លោកតែងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់មនុស្សទាំងពាន់ៗ តែលោកក៏សងអំពើរំលងរបស់ឪពុកទៅកូនចៅជំនាន់ក្រោយៗដែរ។+ ១៩ គោលបំណងរបស់លោកគឺប្រពៃ ហើយការដែលលោកធ្វើគឺប្រកបដោយឫទ្ធានុភាព។+ លោកមើលឃើញការប្រព្រឹត្តទាំងអស់របស់មនុស្ស+ ហើយលោកសងដល់ពួកគេម្នាក់ៗតាមការប្រព្រឹត្តរបស់ខ្លួន។+ ២០ លោកបានធ្វើការអស្ចារ្យនិងអព្ភូតហេតុផ្សេងៗនៅស្រុកអេហ្ស៊ីប ដែលមនុស្សឮសុសសាយរហូតមកដល់សព្វថ្ងៃ។ យ៉ាងនោះ នាមលោកល្បីរន្ទឺនៅក្នុងស្រុកអ៊ីស្រាអែល និងក្នុងចំណោមមនុស្សជាតិ+ ដូចសព្វថ្ងៃនេះ។ ២១ លោកបាននាំជនជាតិអ៊ីស្រាអែលជារាស្ត្រលោកចេញពីស្រុកអេហ្ស៊ីប ដោយសញ្ញាសម្គាល់ និងអព្ភូតហេតុ ដោយថាមពលនិងឫទ្ធានុភាពដ៏ខ្លាំងក្លា និងការអស្ចារ្យដ៏គួរឲ្យស្ញែងខ្លាច។+
២២ «ក្រោយមក លោកបានឲ្យស្រុកនេះដល់ពួកគេ ជាស្រុកដែលសម្បូរទឹកដោះនិងទឹកឃ្មុំ។+ ស្រុកនេះហើយដែលលោកបានសន្យាឲ្យដល់បុព្វបុរសរបស់ពួកគេ។+ ២៣ ពួកគេបានចូលមករស់នៅលើទឹកដីនេះ តែពួកគេមិនបានស្ដាប់លោក ឬកាន់តាមច្បាប់របស់លោកទេ។ ពួកគេមិនធ្វើតាមអ្វីដែលលោកបង្គាប់ពួកគេឡើយ។ ហេតុនេះហើយបានជាលោកបណ្ដាលឲ្យពួកគេរងទុក្ខវេទនាជាច្រើន។+ ២៤ មើល! ពួកសត្រូវបានមកលើកដីឡើងកំពែងដើម្បីចូលវាយដណ្ដើមយកក្រុង។+ បណ្ដាជននឹងត្រូវស្លាប់ដោយដាវ+ ការអត់ឃ្លាន និងរោគរាតត្បាត។+ ក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃពួកខាល់ដេដែលមកវាយប្រហារពួកគេ។ ដូច្នេះ អ្វីដែលលោកមានប្រសាសន៍បានកើតឡើងពិតមែន ដូចលោកឃើញស្រាប់ហើយ។ ២៥ ប៉ុន្តែ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! ទោះជាក្រុងនេះនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកខាល់ដេក៏ដោយ លោកបានបង្គាប់ខ្ញុំថា៖ ‹ចូរទិញដីស្រែសម្រាប់ខ្លួន ហើយហៅអ្នកខ្លះឲ្យធ្វើជាសាក្សីផង›»។
២៦ ក្រោយយេរេមាអធិដ្ឋានរួច ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់គាត់ថា៖ ២៧ «មើល! ខ្ញុំគឺយេហូវ៉ាជាព្រះនៃមនុស្សជាតិ។ តើមានអ្វីណាអស្ចារ្យដែលខ្ញុំធ្វើមិនបានឬ? ២៨ ម្ល៉ោះហើយ ខ្ញុំយេហូវ៉ាមានប្រសាសន៍ដូចតទៅ៖ ‹មើល! ខ្ញុំនឹងប្រគល់ក្រុងនេះឲ្យដល់ពួកខាល់ដេ និងទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន។ គាត់នឹងចាប់យកក្រុងនេះបានជាមិនខាន។+ ២៩ រួចពួកខាល់ដេដែលមកវាយប្រហារ នឹងចូលមកដុតបំផ្លាញក្រុងនេះ+ រួមទាំងផ្ទះទាំងប៉ុន្មាន ដែលបណ្ដាជនបានជូនគ្រឿងបូជានៅលើដំបូលដល់ព្រះបាល និងច្រួចស្រាជាគ្រឿងបូជាដល់ព្រះឯទៀតដើម្បីបញ្ឈឺចិត្តខ្ញុំ›។+
៣០ «‹ព្រោះបណ្ដាជនអ៊ីស្រាអែលនិងបណ្ដាជនយូដា បានប្រព្រឹត្តអ្វីដែលខ្ញុំមិនពេញចិត្តតាំងពីពួកគេនៅក្មេងមកម្ល៉េះ។+ បណ្ដាជនអ៊ីស្រាអែលចេះតែធ្វើឲ្យខ្ញុំខឹង ដោយស្នាដៃរបស់ពួកគេ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ៣១ ‹តាំងពីថ្ងៃដែលពួកគេបានសង់ក្រុងនេះ រហូតមកដល់សព្វថ្ងៃ ពួកគេចេះតែធ្វើឲ្យខ្ញុំខឹងជានិច្ច។+ ហេតុនេះ ខ្ញុំត្រូវបំផ្លាញក្រុងនេះឲ្យបាត់ពីមុខខ្ញុំ+ ៣២ ព្រោះតែអំពើអាក្រក់គ្រប់យ៉ាងដែលពួកអ៊ីស្រាអែលនិងពួកយូដាបានធ្វើ ដែលនាំឲ្យខ្ញុំខឹងនឹងពួកគេជាខ្លាំង គឺទាំងបណ្ដាស្ដេច+ ពួកអ្នកគ្រប់គ្រង+ ពួកសង្ឃ ពួកអ្នកប្រកាសទំនាយ+ បណ្ដាជនយូដា និងអ្នកក្រុងយេរូសាឡិម។ ៣៣ ពួកគេចេះតែបែរខ្នងដាក់ខ្ញុំ ហើយមិនបែរមុខមករកខ្ញុំទេ+ ទោះជាខ្ញុំព្យាយាមបង្រៀនពួកគេម្ដងហើយម្ដងទៀតក៏ដោយ ក៏ពួកគេមិនព្រមស្ដាប់ ឬទទួលការទូន្មានពីខ្ញុំដែរ។+ ៣៤ ពួកគេបានយករូបព្រះផ្សេងៗដែលគួរឲ្យស្អប់ខ្ពើម មកដាក់ក្នុងវិហារដែលជាតំណាងនាមខ្ញុំ ដើម្បីធ្វើឲ្យទីនោះទៅជាស្មោកគ្រោក។+ ៣៥ បន្ថែមទៅទៀត ពួកគេបានសង់ទីខ្ពស់ៗជូនដល់ព្រះបាល នៅជ្រលងហ៊ីណំ*+ ដើម្បីបូជាកូនប្រុសកូនស្រីរបស់ពួកគេដល់ព្រះម៉ូឡេក។+ ខ្ញុំមិនបានបង្គាប់ពួកគេឲ្យធ្វើអំពើដ៏គួរឲ្យស្អប់ខ្ពើមបែបនេះទេ+ ហើយក៏មិនដែលមាននៅក្នុងគំនិតខ្ញុំសោះឡើយ។ ពួកយូដាប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរណាស់›។
៣៦ «ម្ល៉ោះហើយ ស្ដីអំពីក្រុងនេះដែលអ្នកនិយាយថានឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃស្ដេចស្រុកបាប៊ីឡូន និងស្ដីអំពីបណ្ដាជនដែលត្រូវស្លាប់ដោយដាវ ការអត់ឃ្លាន និងរោគរាតត្បាត ព្រះយេហូវ៉ាដែលជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍ថា៖ ៣៧ ‹មើល! ខ្ញុំនឹងប្រមូលពួកគេពីស្រុកទាំងប៉ុន្មានដែលខ្ញុំបានបណ្ដេញពួកគេទៅរស់នៅ កាលដែលខ្ញុំបានក្រេវក្រោធ ហើយខឹងពួកគេជាខ្លាំង។+ រួចខ្ញុំនឹងនាំពួកគេត្រឡប់មកទឹកដីនេះវិញ ព្រមទាំងឲ្យពួកគេរស់នៅដោយសុខសាន្ត។+ ៣៨ ពួកគេនឹងទៅជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំនឹងទៅជាព្រះរបស់ពួកគេ។+ ៣៩ ខ្ញុំនឹងឲ្យពួកគេមានចិត្តតែមួយ+ និងការប្រព្រឹត្តតែមួយ ដើម្បីឲ្យពួកគេគោរពកោតខ្លាចខ្ញុំជានិច្ច។ យ៉ាងនេះ ពួកគេនិងកូនចៅជំនាន់ក្រោយៗនឹងមានភាពចម្រុងចម្រើន។+ ៤០ ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងដ៏ស្ថិតស្ថេរជាមួយនឹងពួកគេ+ ហើយខ្ញុំនឹងប្រព្រឹត្តល្អចំពោះពួកគេជារៀងរហូត។+ ខ្ញុំនឹងបណ្ដាលឲ្យចិត្តពួកគេ ចេះគោរពកោតខ្លាចដល់ខ្ញុំ ដើម្បីកុំឲ្យពួកគេបែរចេញពីខ្ញុំឡើយ។+ ៤១ ខ្ញុំនឹងរីករាយធ្វើល្អចំពោះពួកគេ+ ហើយតាំងពួកគេឲ្យរឹងមាំនៅក្នុងស្រុកនេះ+ ដោយអស់ពីកម្លាំងកាយចិត្តខ្ញុំ›»។
៤២ «ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ ‹ខ្ញុំបាននាំឲ្យមានសេចក្ដីវេទនាធំៗមកលើរាស្ត្រនេះយ៉ាងណា នោះខ្ញុំនឹងនាំឲ្យមានអ្វីល្អៗមកលើពួកគេដូចខ្ញុំសន្យាយ៉ាងនោះដែរ។+ ៤៣ អ្នករាល់គ្នានិយាយថា៖ «ទឹកដីនេះបានត្រូវប្រគល់ដល់ពួកខាល់ដេហើយ ថែមទាំងក្លាយទៅជាតំបន់ស្ងាត់ជ្រងំ គ្មានមនុស្សរស់នៅទេ ហើយក៏គ្មានសត្វព្រៃដែរ» ទោះជាយ៉ាងនោះក្ដី ក្នុងស្រុកនេះនឹងមានការទិញដូរដីស្រែឡើងវិញ›។+
៤៤ «ព្រះយេហូវ៉ាប្រកាសថា៖ ‹នៅពេលនោះ គេនឹងទិញដីស្រែ ហើយធ្វើលិខិតទិញដី ទាំងមានបិទត្រា និងមានសាក្សីផងដែរ។ នេះនឹងកើតឡើងនៅក្នុងទឹកដីបេនយ៉ាមីន+ តំបន់ជុំវិញក្រុងយេរូសាឡិម បណ្ដាក្រុងនៅស្រុកយូដា+ បណ្ដាក្រុងនៅតំបន់ភ្នំ បណ្ដាក្រុងនៅវាលទំនាប+ និងបណ្ដាក្រុងនៅភាគខាងត្បូង ព្រោះខ្ញុំនឹងនាំពួកអ្នកដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ›»។+