សៀវភៅយ៉ូហាន
២១ បន្ទាប់មក លោកយេស៊ូបង្ហាញខ្លួនឲ្យពួកអ្នកកាន់តាមឃើញម្ដងទៀតនៅសមុទ្រទិបេរៀស។ លោកបានបង្ហាញខ្លួនដូចតទៅនេះ៖ ២ ស៊ីម៉ូនពេត្រុស ថូម៉ាស់ (ដែលគេហៅថាកូនភ្លោះ)+ ណាថាណែល+ពីក្រុងកាណានៅស្រុកកាលីឡេ កូនប្រុសៗសេបេដេ+ និងអ្នកកាន់តាមពីរនាក់ទៀតរបស់លោក បាននៅជាមួយគ្នា។ ៣ ស៊ីម៉ូនពេត្រុសនិយាយទៅកាន់ពួកគាត់ថា៖ «ខ្ញុំនឹងទៅនេសាទត្រី»។ ពួកគាត់និយាយទៅកាន់គាត់ថា៖ «យើងក៏ទៅជាមួយនឹងអ្នកដែរ»។ ដូច្នេះ ពួកគាត់ក៏ចេញទៅ ហើយចុះទូក តែយប់នោះពួកគាត់នេសាទមិនបានត្រីសោះ។+
៤ ក៏ប៉ុន្តែ ពេលព្រឹកឡើង លោកយេស៊ូឈរនៅឯឆ្នេរ តែពួកអ្នកកាន់តាមមិនបានដឹងថាជាលោកយេស៊ូទេ។+ ៥ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «កូនៗអើយ! អ្នករាល់គ្នាគ្មានអ្វី*បរិភោគទេ មែនទេ?»។ ពួកគាត់តបទៅលោកថា៖ «បាទ!»។ ៦ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរទម្លាក់អួននៅខាងស្ដាំទូក ហើយអ្នកនឹងរកបាន»។ ពួកគាត់ក៏ទម្លាក់អួនទៅ តែមិនអាចទាញឡើងវិញបានឡើយ ដោយសារជាប់បានត្រីច្រើនសន្ធឹកណាស់។+ ៧ ដូច្នេះ អ្នកកាន់តាមដែលលោកយេស៊ូស្រឡាញ់+ បាននិយាយទៅកាន់ពេត្រុសថា៖ «គឺជាលោកម្ចាស់!»។ កាលដែលស៊ីម៉ូនពេត្រុសឮថាជាលោកម្ចាស់ គាត់ក៏ពាក់អាវក្រៅ ព្រោះគាត់នៅខ្លួនទទេ* រួចលោតចុះក្នុងទឹកសមុទ្រ។ ៨ ប៉ុន្តែ ពួកអ្នកកាន់តាមឯទៀតបានជិះទូកតូចនោះមក ទាំងទាញអួនពេញទៅដោយត្រីមកជាមួយផង ព្រោះពួកគាត់នៅមិនឆ្ងាយពីគោកទេ ប្រហែលតិចជាង១០០ម៉ែត្រ។*
៩ ពេលដែលពួកគាត់ឡើងមកលើគោកវិញ ពួកគាត់ឃើញមានរងើកធ្យូងនិងមានត្រីនៅលើរងើកនោះ ក៏ឃើញមាននំប៉័ងដែរ។ ១០ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរយកត្រីខ្លះដែលអ្នករាល់គ្នាទើបតែចាប់បានមក»។ ១១ ដូច្នេះ ស៊ីម៉ូនពេត្រុសបានចុះក្នុងទូក ហើយទាញអួនពេញទៅដោយត្រីធំៗចំនួន១៥៣ក្បាល អូសមកលើគោក។ ទោះជាមានត្រីច្រើនយ៉ាងនេះក៏ដោយ អួនមិនបានធ្លាយទេ។ ១២ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «អញ្ជើញមកបរិភោគ»។ គ្មានអ្នកកាន់តាមណាម្នាក់ហ៊ានសួរលោកថា៖ «តើអ្នកជាអ្នកណា?»ទេ ពីព្រោះពួកគាត់ដឹងថាជាលោកម្ចាស់។ ១៣ លោកយេស៊ូមកយកនំប៉័ងនោះចែកឲ្យពួកគាត់ ហើយក៏យកត្រីចែកឲ្យពួកគាត់ដែរ។ ១៤ នេះជាលើកទី៣+ដែលលោកយេស៊ូលេចមកជួបពួកអ្នកកាន់តាមលោក បន្ទាប់ពីលោកបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។
១៥ លុះបានបរិភោគហើយ លោកយេស៊ូមានប្រសាសន៍ទៅស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូន កូនយ៉ូហាន តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្វីៗទាំងនេះទេ?»។ គាត់ឆ្លើយថា៖ «បាទ លោកម្ចាស់ លោកជ្រាបហើយថាខ្ញុំស្រឡាញ់លោក»។ លោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរឲ្យចំណីដល់កូនចៀមរបស់ខ្ញុំ»។+ ១៦ លោកមានប្រសាសន៍ទៅគាត់ម្ដងទៀតជាលើកទី២ថា៖ «ស៊ីម៉ូន កូនយ៉ូហាន តើអ្នកស្រឡាញ់ខ្ញុំទេ?»។ គាត់ឆ្លើយថា៖ «បាទ លោកម្ចាស់ លោកជ្រាបហើយថាខ្ញុំស្រឡាញ់លោក»។ លោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរឃ្វាលចៀមតូចៗរបស់ខ្ញុំ»។+ ១៧ លោកមានប្រសាសន៍ទៅគាត់ជាលើកទី៣ថា៖ «ស៊ីម៉ូន កូនយ៉ូហាន តើអ្នកស្រឡាញ់ខ្ញុំទេ?»។ ពេត្រុសតាំងកើតទុក្ខក្នុងចិត្ត ដោយសារលោកសួរគាត់ជាលើកទី៣ថា៖ «តើអ្នកស្រឡាញ់ខ្ញុំទេ?»។ ដូច្នេះ គាត់និយាយទៅកាន់លោកថា៖ «លោកម្ចាស់ លោកជ្រាបអ្វីៗទាំងអស់ លោកជ្រាបហើយថាខ្ញុំស្រឡាញ់លោក»។ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរឲ្យចំណីដល់ចៀមតូចៗរបស់ខ្ញុំ។+ ១៨ ខ្ញុំប្រាប់អ្នកការពិតថា កាលដែលអ្នកនៅក្មេង អ្នកធ្លាប់ស្លៀកពាក់ខ្លួនឯង ហើយដើរទៅកន្លែងណាដែលអ្នកចង់ទៅ។ ប៉ុន្តែ ពេលដែលអ្នកចាស់ទៅ អ្នកនឹងលាដៃ ហើយមានម្នាក់ទៀតនឹងស្លៀកពាក់ឲ្យអ្នក រួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅទេ»។ ១៩ លោកមានប្រសាសន៍ដូច្នេះដើម្បីបញ្ជាក់ថា គាត់នឹងលើកតម្កើងព្រះដោយស្លាប់តាមរបៀបណា។ បន្ទាប់ពីលោកបានប្រសាសន៍អ្វីៗទាំងនេះហើយ លោកក៏ប្រាប់គាត់ថា៖ «ចូរបន្តកាន់តាមខ្ញុំ»។+
២០ កាលដែលពេត្រុសបែរទៅ គាត់ឃើញអ្នកកាន់តាមដែលលោកយេស៊ូស្រឡាញ់+កំពុងដើរតាម គឺអ្នកដែលបានផ្អែកខ្លួនលើទ្រូងលោកពេលបរិភោគអាហារល្ងាច ហើយបានសួរថា៖ «លោកម្ចាស់ តើអ្នកណានឹងក្បត់លោក?»។ ២១ ដូច្នេះ ពេលក្រឡេកទៅឃើញគាត់ ពេត្រុសសួរលោកយេស៊ូថា៖ «លោកម្ចាស់ ចុះបុរសនេះវិញ?»។ ២២ លោកយេស៊ូមានប្រសាសន៍ទៅពេត្រុសថា៖ «ប្រសិនបើខ្ញុំមានបំណងប្រាថ្នាឲ្យគាត់នៅរហូតដល់ខ្ញុំមក តើនោះទាក់ទងអ្វីនឹងអ្នក? ប៉ុន្តែ ចូរអ្នកបន្តកាន់តាមខ្ញុំ»។ ២៣ ម្ល៉ោះហើយ ពាក្យនេះបានលេចឮក្នុងចំណោមបងប្អូនថា អ្នកកាន់តាមនោះនឹងមិនស្លាប់ឡើយ។ ក៏ប៉ុន្តែ នោះមិនមែនជាអ្វីដែលលោកយេស៊ូចង់មានប្រសាសន៍ទៅគាត់ទេ តែលោកបានមានប្រសាសន៍ថា៖ «ប្រសិនបើខ្ញុំមានបំណងប្រាថ្នាឲ្យគាត់នៅរហូតដល់ខ្ញុំមក តើនោះទាក់ទងអ្វីនឹងអ្នក?»។
២៤ គឺអ្នកកាន់តាមនោះហើយ+ដែលធ្វើជាសាក្សីបញ្ជាក់អំពីការទាំងនេះ ក៏ជាអ្នកដែលបានសរសេរអ្វីៗទាំងនេះ ហើយយើងដឹងថាការបញ្ជាក់របស់គាត់គឺជាការពិត។
២៥ តាមការពិត មានការជាច្រើនទៀតដែលលោកយេស៊ូបានធ្វើ ហើយប្រសិនបើសរសេរអំពីការទាំងនោះឲ្យបានល្អិតល្អន់ ខ្ញុំគិតថាពិភពលោកទាំងមូលមិនល្មមទុករមូរទាំងអស់នោះឡើយ។+