សកម្មភាពរបស់ពួកសាវ័ក
១៦ ដូច្នេះ ប៉ូលបានទៅដល់ក្រុងឌើបេនិងក្រុងលីស្ត្រា។+ នៅទីនោះ មានអ្នកកាន់តាមម្នាក់ឈ្មោះធីម៉ូថេ+ ជាកូនរបស់ស្ត្រីជនជាតិយូដាម្នាក់ដែលជាអ្នកជឿ តែឪពុកគាត់ជាជនជាតិក្រិច។ ២ បងប្អូននៅក្រុងលីស្ត្រានិងក្រុងអ៊ីកូនាមតែងតែនិយាយល្អអំពីធីម៉ូថេ។ ៣ ប៉ូលមានបំណងឲ្យធីម៉ូថេរួមដំណើរជាមួយនឹងគាត់។ ដូច្នេះ ប៉ូលបានយកធីម៉ូថេទៅកាត់ចុងស្បែក ដោយសារមានជនជាតិយូដានៅកន្លែងនោះ+ ហើយពួកគេដឹងគ្រប់គ្នាថា ឪពុករបស់ធីម៉ូថេជាជនជាតិក្រិច។ ៤ កាលដែលធ្វើដំណើរកាត់ក្រុងនានា ពួកគាត់តែងប្រាប់ពួកអ្នកដែលនៅក្រុងទាំងនោះអំពីបង្គាប់ដែលពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេច ដើម្បីឲ្យពួកគេធ្វើតាម។+ ៥ ម្ល៉ោះហើយ ជំនឿរបស់ក្រុមជំនុំនានាកាន់តែរឹងមាំ ហើយក្រុមជំនុំទាំងនោះក៏ចម្រើនឡើងជារៀងរាល់ថ្ងៃ។
៦ ម្យ៉ាងទៀត ពួកគាត់បានធ្វើដំណើរកាត់ស្រុកព្រីគា និងស្រុកកាឡាទី+ ពីព្រោះឫទ្ធានុភាពបរិសុទ្ធបានហាមពួកគាត់មិនឲ្យប្រាប់បណ្ដាំរបស់ព្រះនៅខេត្តអាស៊ី។* ៧ លុះទៅដល់តំបន់មិសៀ ពួកគាត់ខំព្យាយាមទៅស្រុកប៊ីធូនា+ តែឫទ្ធានុភាពរបស់លោកយេស៊ូមិនបានអនុញ្ញាតឲ្យទៅទេ។ ៨ ដូច្នេះ ពួកគាត់បន្តធ្វើដំណើរហួសតំបន់មិសៀ រួចក៏ចុះទៅក្រុងត្រូអាស។ ៩ នៅពេលយប់ ប៉ូលឃើញអ្វីមួយក្នុងគំនិត គឺបុរសជនជាតិម៉ាសេដូនម្នាក់កំពុងឈរអង្វរគាត់ថា៖ «សូមឆ្លងមកតំបន់ម៉ាសេដូន ហើយជួយយើងផង»។ ១០ ក្រោយពីគាត់ឃើញការនោះក្នុងគំនិតហើយភ្លាម នោះយើងបានរកឱកាសចេញដំណើរទៅតំបន់ម៉ាសេដូន ដោយសន្និដ្ឋានថា ព្រះបានហៅយើងឲ្យទៅប្រកាសដំណឹងល្អដល់ពួកគេ។
១១ ដូច្នេះ នៅត្រូអាស យើងបានចុះទូកចេញដំណើរតម្រង់ទៅកោះសាម៉ូត្រេស ហើយនៅថ្ងៃបន្ទាប់ទៅដល់ក្រុងណេអាពើលិស ១២ រួចពីក្រុងនោះ យើងបានទៅក្រុងភីលីព+ ដែលជាអាណានិគមរបស់រ៉ូម និងជាក្រុងសំខាន់បំផុតនៃតំបន់ម៉ាសេដូន។ យើងបាននៅក្រុងនេះអស់ជាច្រើនថ្ងៃ។ ១៣ នៅថ្ងៃឈប់សម្រាក យើងបានចេញក្រៅទ្វារកំពែងក្រុង ហើយទៅមាត់ទន្លេ ដែលយើងគិតថាមានកន្លែងអធិដ្ឋាន ហើយយើងក៏អង្គុយ រួចចាប់ផ្ដើមនិយាយជាមួយនឹងពួកស្ត្រីដែលបានជួបជុំគ្នានៅទីនោះ។ ១៤ មានស្ត្រីអ្នកក្រុងធាទេរ៉ា+ម្នាក់ឈ្មោះលីឌា ជាអ្នកលក់ក្រណាត់និងសម្លៀកបំពាក់ពណ៌ស្វាយ ហើយនាងជាអ្នកគោរពប្រណិប័តន៍ព្រះ។ ពេលនោះនាងកំពុងស្ដាប់ ហើយព្រះយេហូវ៉ា*បានបើកចិត្តនាងទាំងស្រុងឲ្យទទួលយកអ្វីដែលប៉ូលកំពុងនិយាយ។ ១៥ ក្រោយពីនាងនិងពួកអ្នកផ្ទះនាងបានទទួលការជ្រមុជទឹក*រួច+ នាងទទូចថា៖ «ប្រសិនបើអ្នករាល់គ្នាចាត់ទុកថាខ្ញុំស្មោះត្រង់ចំពោះព្រះយេហូវ៉ា* សូមស្នាក់នៅផ្ទះខ្ញុំ»។ នាងបានបង្ខំយើងឲ្យទៅជាមួយនឹងនាង។
១៦ ចៃដន្យ កាលដែលយើងកំពុងទៅកន្លែងអធិដ្ឋាន យើងបានប្រទះឃើញស្រីបម្រើម្នាក់ដែលមានវិញ្ញាណកំណាច*ចូល វានាំឲ្យនាងចេះទាយ។+ នាងធ្លាប់ធ្វើឲ្យពួកម្ចាស់របស់នាងទទួលកម្រៃយ៉ាងច្រើន ដោយការទាយរបស់នាង។ ១៧ ស្រីបម្រើម្នាក់នេះចេះតែដើរតាមប៉ូលនិងពួកយើង ដោយស្រែកឡើងថា៖ «បុរសទាំងនេះជាខ្ញុំបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត+ ហើយពួកគេកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នាអំពីផ្លូវដែលនាំទៅឯសេចក្ដីសង្គ្រោះ»។ ១៨ នាងធ្វើដូច្នេះជាច្រើនថ្ងៃរហូតដល់ប៉ូលធុញទ្រាន់ រួចគាត់បានបែរទៅបញ្ជាវិញ្ញាណនោះថា៖ «ដោយនាមរបស់លោកយេស៊ូគ្រិស្ត ខ្ញុំបង្គាប់អ្នកឲ្យចេញពីនាងទៅ»។ រំពេចនោះ វាក៏ចេញទៅ។+
១៩ លុះពួកម្ចាស់របស់នាងឃើញថា លែងមានសង្ឃឹមនឹងបានកម្រៃទៀត+ ពួកគេចាប់ប៉ូលនិងស៊ីឡាស ហើយអូសយកទៅឯពួកអ្នកគ្រប់គ្រងនៅផ្សារ។*+ ២០ រួចនាំពួកគាត់ទៅដាក់នៅខាងមុខពួកអាជ្ញាធរស៊ីវិល ដោយនិយាយថា៖ «បុរសទាំងនេះកំពុងរំខានក្រុងយើងខ្លាំងណាស់។+ ពួកគេជាជនជាតិយូដា ២១ ហើយពួកគេកំពុងផ្សព្វផ្សាយអំពីទំនៀមទម្លាប់ដែលយើងគ្មានច្បាប់ទទួលឬកាន់តាមទេ ព្រោះយើងជាពលរដ្ឋរ៉ូម»។ ២២ បន្ទាប់មក បណ្ដាជនបានក្រោកឡើងជាមួយគ្នាប្រឆាំងពួកគាត់។ រួចមក ពួកអាជ្ញាធរស៊ីវិលបានហែកសម្លៀកបំពាក់របស់ពួកគាត់ចេញ ហើយបង្គាប់ឲ្យវាយពួកគាត់នឹងដំបង។+ ២៣ ក្រោយពីបានវាយពួកគាត់ច្រើនដំបងហើយ នោះក៏បោះពួកគាត់ចូលក្នុងគុក ទាំងបង្គាប់ឆ្មាំគុកឲ្យយាមពួកគាត់កុំឲ្យរត់រួច។+ ២៤ ដោយសារទទួលបង្គាប់ដូច្នេះ នោះឆ្មាំគុកក៏បោះពួកគាត់ចូលក្នុងគុកងងឹត ហើយដាក់ខ្នោះជើងពួកគាត់។
២៥ ប៉ុន្តែ ប្រហែលពាក់កណ្ដាលអធ្រាត្រ ប៉ូលនិងស៊ីឡាសនាំគ្នាអធិដ្ឋាននិងច្រៀងសរសើរព្រះ+ ហើយពួកអ្នកទោសក៏បានឮដែរ។ ២៦ ភ្លាមនោះ ដីរញ្ជួយយ៉ាងខ្លាំងធ្វើឲ្យគ្រឹះគុករង្គោះរង្គើ ឯទ្វារទាំងអស់បានរបើកឡើងក្នុងមួយរំពេច ហើយចំណងរបស់ពួកគាត់ទាំងអស់គ្នាបានរបូតចេញ។+ ២៧ ពេលឆ្មាំគុកភ្ញាក់ឡើង ហើយឃើញថាទ្វារគុកនៅចំហ គាត់ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ដោយគិតស្មានថាពួកអ្នកទោសបានរត់បាត់អស់ហើយ។+ ២៨ ប៉ុន្តែ ប៉ូលបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «កុំធ្វើបាបខ្លួនឡើយ! ព្រោះយើងទាំងអស់គ្នានៅឯនេះទេ!»។ ២៩ ដូច្នេះ ឆ្មាំគុកបានសុំគេឲ្យយកភ្លើងមកបំភ្លឺ រួចគាត់រត់ចូលទាំងញាប់ញ័រ ហើយក្រាបនៅមុខប៉ូលនិងស៊ីឡាស។ ៣០ ឆ្មាំគុកនោះនាំពួកគាត់ចេញមកក្រៅ ហើយនិយាយថា៖ «លោក តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលសេចក្ដីសង្គ្រោះ?»។ ៣១ ពួកគាត់និយាយថា៖ «ចូរមានជំនឿលើលោកម្ចាស់យេស៊ូ ហើយអ្នកនិងពួកអ្នកផ្ទះរបស់អ្នកនឹងទទួលសេចក្ដីសង្គ្រោះ»។+ ៣២ បន្ទាប់មក ពួកគាត់ប្រាប់បណ្ដាំរបស់ព្រះយេហូវ៉ា*ដល់ឆ្មាំគុក និងពួកអ្នកផ្ទះទាំងអស់របស់គាត់។ ៣៣ នៅវេលាយប់នោះឯង ឆ្មាំគុកនោះនាំពួកគាត់ទៅជាមួយ ហើយបានលាងរបួសឲ្យ។ រួចគាត់និងពួកអ្នកផ្ទះទាំងអស់របស់គាត់បានទទួលការជ្រមុជទឹកដោយមិនបង្អែបង្អង់។+ ៣៤ ឆ្មាំគុកនោះបាននាំពួកគាត់មកផ្ទះរបស់គាត់ ហើយរៀបចំតុដាក់អាហារសម្រាប់ពួកគាត់ រួចគាត់ត្រេកអរជាខ្លាំងជាមួយនឹងពួកអ្នកផ្ទះទាំងអស់របស់គាត់ ដោយសារបានជឿព្រះ។
៣៥ លុះភ្លឺឡើង អាជ្ញាធរស៊ីវិលបានចាត់ពួកតម្រួតឲ្យទៅប្រាប់ថា៖ «ចូរដោះលែងបុរសទាំងនោះ»។ ៣៦ ម្ល៉ោះហើយ ឆ្មាំគុកប្រាប់ប៉ូលអំពីសម្ដីរបស់ពួកគេថា៖ «ពួកអាជ្ញាធរស៊ីវិលបានចាត់បុរសខ្លះឲ្យមកដោះលែងអ្នកទាំងពីរ។ ដូច្នេះ ឥឡូវនេះ សូមចេញទៅដោយសេចក្ដីសុខចុះ»។ ៣៧ ប៉ុន្តែ ប៉ូលប្រាប់ពួកគេថា៖ «យើងជាពលរដ្ឋរ៉ូម តែពួកគេបានវាយយើងនឹងរំពាត់ជាសាធារណៈ ដោយមិនទាន់ទាំងវិនិច្ឆ័យទោស+ រួចបោះយើងទៅក្នុងគុក។ ឥឡូវនេះ តើពួកគេចង់បណ្ដេញយើងចេញដោយសម្ងាត់ឬ? ទេ! ចូរឲ្យពួកគេមកនាំយើងចេញដោយខ្លួនឯង»។ ៣៨ ដូច្នេះ ពួកតម្រួតបានរាយការណ៍ប្រាប់ពាក្យទាំងនេះដល់ពួកអាជ្ញាធរស៊ីវិល។ ពេលដែលឮថាបុរសទាំងនោះជាពលរដ្ឋរ៉ូម ពួកគេក៏ភ័យខ្លាច។+ ៣៩ ម្ល៉ោះហើយ ពួកគេបានមកអង្វរពួកគាត់ រួចបន្ទាប់ពីបាននាំពួកគាត់ចេញមក ពួកគេក៏សុំពួកគាត់ឲ្យចេញពីក្រុងទៅ។ ៤០ ប៉ុន្តែ ក្រោយពីពួកគាត់បានចេញពីគុក ពួកគាត់ទៅផ្ទះលីឌា។ ពេលពួកគាត់ឃើញបងប្អូន ពួកគាត់លើកទឹកចិត្តបងប្អូនទាំងនោះ+ រួចចាកចេញទៅ។