សៀវភៅយ៉ូហាន
៩ កាលដែលលោកយេស៊ូកំពុងធ្វើដំណើរ នោះលោកឃើញបុរសម្នាក់ដែលងងឹតភ្នែកតាំងពីកំណើត។ ២ ពួកអ្នកកាន់តាមក៏សួរលោកថា៖ «រ៉ាប៊ី*+ តើបុរសនេះងងឹតភ្នែកពីកំណើត ដោយសារគាត់បានធ្វើខុស ឬក៏ដោយសារឪពុកម្ដាយរបស់គាត់បានធ្វើខុស?»។ ៣ លោកយេស៊ូឆ្លើយថា៖ «បុរសនេះមិនបានធ្វើខុសទេ ហើយឪពុកម្ដាយរបស់គាត់ក៏មិនបានធ្វើខុសដែរ ប៉ុន្តែគឺដើម្បីឲ្យមនុស្សអាចឃើញកិច្ចការដ៏អស្ចារ្យរបស់ព្រះ។+ ៤ យើងត្រូវធ្វើកិច្ចការរបស់លោកដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ+ ព្រោះយប់នឹងមកដល់ ហើយពេលនោះគ្មានអ្នកណាអាចធ្វើកិច្ចការនោះបានទេ។ ៥ ដរាបណាខ្ញុំនៅក្នុងពិភពលោក ខ្ញុំជាពន្លឺនៃពិភពលោក»។+ ៦ ក្រោយពីលោកមានប្រសាសន៍អ្វីៗទាំងនេះ លោកស្ដោះទឹកមាត់លើដី ហើយយកមកឈ្លីធ្វើជាភក់ រួចដាក់លើភ្នែករបស់បុរសនោះ+ ៧ ក៏មានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅលាងភ្នែកក្នុងអាងទឹកស៊ីឡូម» (ដែលមានន័យថា‹ចាត់ឲ្យទៅ›)។ រួចគាត់ក៏ទៅលាងភ្នែក ហើយត្រឡប់មកវិញទាំងអាចមើលឃើញបាន។+
៨ បន្ទាប់មក ពួកអ្នកជិតខាងនិងអស់អ្នកដែលធ្លាប់ឃើញគាត់អង្គុយសុំទាន ចាប់ផ្ដើមនិយាយថា៖ «នេះជាបុរសដែលធ្លាប់អង្គុយសុំទាន មែនទេ?»។ ៩ អ្នកខ្លះបាននិយាយថា៖ «គឺគាត់ហើយ»។ អ្នកខ្លះទៀតបាននិយាយថា៖ «មិនមែនគាត់ទេ តែបុរសនេះដូចគាត់»។ បុរសនោះបាននិយាយម្ដងហើយម្ដងទៀតថា៖ «ខ្ញុំនេះហើយជាអ្នកនោះ»។ ១០ ដូច្នេះ ពួកគេសួរគាត់ថា៖ «បើដូច្នេះ ហេតុអ្វីអ្នកអាចមើលឃើញ?»។ ១១ គាត់ឆ្លើយថា៖ «បុរសឈ្មោះយេស៊ូបានយកដីមកឈ្លីធ្វើជាភក់ រួចលាបភ្នែករបស់ខ្ញុំ ហើយប្រាប់ខ្ញុំថា៖ ‹ចូរទៅអាងទឹកស៊ីឡូម ហើយលាងភ្នែកចុះ›។+ ខ្ញុំក៏ទៅលាងភ្នែក រួចអាចមើលឃើញបាន»។ ១២ ឮដូច្នេះ ពួកគេនិយាយទៅគាត់ថា៖ «តើបុរសនោះនៅឯណា?»។ គាត់និយាយថា៖ «ខ្ញុំមិនដឹងទេ»។
១៣ ពួកគេក៏នាំបុរសដែលធ្លាប់ងងឹតភ្នែកនោះទៅឯពួកផារិស៊ី។ ១៤ ថ្ងៃដែលលោកយេស៊ូបានយកដីមកឈ្លី ហើយធ្វើឲ្យបុរសនោះមើលឃើញ+ គឺជាថ្ងៃឈប់សម្រាក។+ ១៥ ដូច្នេះ នៅពេលនោះពួកផារិស៊ីក៏សួរគាត់ដែរ អំពីមូលហេតុដែលគាត់អាចមើលឃើញ។ បុរសនោះប្រាប់ពួកគេថា៖ «គាត់យកដីភក់មកដាក់លើភ្នែករបស់ខ្ញុំ រួចខ្ញុំទៅលាងភ្នែក ហើយក៏មើលឃើញ»។ ១៦ រួចពួកផារិស៊ីខ្លះចាប់ផ្ដើមនិយាយថា៖ «បុរសនោះមិនមកពីព្រះទេ ពីព្រោះគាត់មិនបានកាន់ថ្ងៃឈប់សម្រាក»។+ អ្នកឯទៀតនិយាយថា៖ «តើមនុស្សម្នាក់ដែលជាអ្នកធ្វើអំពើខុសឆ្គង អាចធ្វើសញ្ញាសម្គាល់បែបនេះដូចម្ដេចបាន?»។+ ម្ល៉ោះហើយ ពួកគេបានបែកបាក់គ្នា។+ ១៧ ដូច្នេះ ពួកគេសួរបុរសដែលធ្លាប់ងងឹតភ្នែកនោះម្ដងទៀតថា៖ «តើអ្នកគិតយ៉ាងណាអំពីបុរសនោះ ដោយសារគាត់បានធ្វើឲ្យអ្នកមើលឃើញ?»។ បុរសនោះឆ្លើយថា៖ «គាត់ជាអ្នកប្រកាសទំនាយ»។
១៨ ក៏ប៉ុន្តែ ជនជាតិយូដាមិនជឿថាពីមុនបុរសនោះងងឹតភ្នែក ហើយឥឡូវមើលឃើញបានទេ ទាល់តែពួកគេហៅឪពុកម្ដាយរបស់គាត់មក។ ១៩ រួចពួកគេសួរឪពុកម្ដាយរបស់បុរសនោះថា៖ «តើនេះជាកូនប្រុសរបស់អ្នក ដែលអ្នកនិយាយថាបានងងឹតភ្នែកពីកំណើតឬ? បើដូច្នេះ ហេតុអ្វីឥឡូវនេះគាត់អាចមើលឃើញបាន?»។ ២០ ឪពុកម្ដាយរបស់បុរសនោះឆ្លើយថា៖ «យើងដឹងថានេះជាកូនប្រុសរបស់យើង ហើយដឹងថាគាត់ងងឹតភ្នែកពីកំណើត។ ២១ ប៉ុន្តែ យើងមិនដឹងមូលហេតុដែលគាត់អាចមើលឃើញឥឡូវនេះទេ ហើយក៏មិនដឹងថាអ្នកណាបានធ្វើឲ្យភ្នែកគាត់ភ្លឺដែរ។ សូមសួរគាត់។ គាត់មានអាយុពេញវ័យតាមច្បាប់ហើយ។ គាត់ត្រូវនិយាយដោយខ្លួនគាត់»។ ២២ ឪពុកម្ដាយរបស់គាត់បាននិយាយដូច្នេះ ដោយសារពួកគាត់ខ្លាចជនជាតិយូដា+ ពីព្រោះជនជាតិយូដាបានសន្មតគ្នាថា បើមានអ្នកណាទទួលស្គាល់លោកជាគ្រិស្ត អ្នកនោះនឹងត្រូវបណ្ដេញចោលពីសាលាប្រជុំ។+ ២៣ ហេតុនេះហើយបានជាឪពុកម្ដាយរបស់គាត់និយាយថា៖ «គាត់មានអាយុពេញវ័យតាមច្បាប់ហើយ។ សូមសួរគាត់»។
២៤ ដូច្នេះ ពួកគេក៏ហៅបុរសដែលធ្លាប់ងងឹតភ្នែកនោះមកជាលើកទី២ រួចនិយាយទៅគាត់ថា៖ «ចូរលើកតម្កើងព្រះ។ យើងដឹងថាបុរសនោះជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង»។ ២៥ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងថាបុរសនោះជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឬក៏មិនមែនទេ។ ប៉ុន្តែអ្វីដែលខ្ញុំដឹង គឺពីមុនខ្ញុំងងឹតភ្នែក តែឥឡូវខ្ញុំអាចមើលឃើញ»។ ២៦ ដូច្នេះ ពួកគេសួរគាត់ថា៖ «តើបុរសនោះបានធ្វើអ្វីដល់អ្នក? តើបុរសនោះបានធ្វើឲ្យភ្នែករបស់អ្នកភ្លឺយ៉ាងដូចម្ដេច?»។ ២៧ គាត់ឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ តែអ្នកមិនបានស្ដាប់ខ្ញុំទេ។ ហេតុអ្វីអ្នកចង់ឮរឿងនោះម្ដងទៀត? តើអ្នករាល់គ្នាចង់ទៅជាអ្នកកាន់តាមរបស់គាត់ដែរឬ?»។ ២៨ ឮដូច្នេះ ពួកគេក៏ប្រមាថគាត់ ហើយនិយាយថា៖ «អ្នកឯងជាអ្នកកាន់តាមបុរសនោះ តែយើងជាអ្នកកាន់តាមម៉ូសេ។ ២៩ យើងដឹងថាព្រះបានមានប្រសាសន៍ទៅម៉ូសេ តែយើងមិនដឹងថាបុរសនោះមកពីណាទេ»។ ៣០ បុរសនោះឆ្លើយថា៖ «គួរឲ្យអស្ចារ្យណាស់! ដែលអ្នករាល់គ្នាមិនដឹងថាគាត់មកពីណា តែគាត់បានធ្វើឲ្យខ្ញុំមើលឃើញ។ ៣១ យើងដឹងថាព្រះមិនស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងទេ។+ ប៉ុន្តែ បើអ្នកណាកោតខ្លាចព្រះ ហើយធ្វើតាមបំណងប្រាថ្នារបស់ព្រះ នោះលោកស្ដាប់អ្នកនោះ។+ ៣២ តាំងពីបុរាណកាលមក យើងមិនដែលឮថាមានអ្នកណាធ្វើឲ្យមនុស្សងងឹតភ្នែកពីកំណើត អាចមើលឃើញឡើយ។ ៣៣ ប្រសិនបើបុរសនោះមិនមកពីព្រះទេ គាត់មិនអាចធ្វើអ្វីបានទាល់តែសោះ»។+ ៣៤ ពួកគេបានតបទៅគាត់ថា៖ «អ្នកឯងបានកើតមកក្នុងភាពខុសឆ្គងសុទ្ធសាធ តើអ្នកឯងហ៊ានបង្រៀនយើងផងឬ?»។ រួចពួកគេក៏បណ្ដេញគាត់ចេញ!+
៣៥ លោកយេស៊ូឮថាពួកគេបានបណ្ដេញបុរសនោះចេញ ហើយពេលដែលលោករកឃើញគាត់ លោកមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកមានជំនឿលើកូនមនុស្សទេ?»។ ៣៦ បុរសនោះឆ្លើយថា៖ «តើលោកនោះជាអ្នកណា? សូមប្រាប់ខ្ញុំ ដើម្បីខ្ញុំអាចមានជំនឿលើលោក»។ ៣៧ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «អ្នកធ្លាប់ជួបលោកហើយ តាមពិតលោកនោះកំពុងនិយាយជាមួយនឹងអ្នក»។ ៣៨ គាត់ក៏និយាយថា៖ «លោកម្ចាស់ ខ្ញុំជឿលោកហើយ»។ រួចគាត់លំឱនកាយគោរពលោក។ ៣៩ លោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំបានចូលមកក្នុងពិភពលោកដើម្បីផ្ដល់មូលដ្ឋានសម្រាប់ការវិនិច្ឆ័យនេះ ពោលគឺដើម្បីឲ្យអស់អ្នកដែលមើលមិនឃើញ អាចមើលឃើញបាន+ ហើយឲ្យអស់អ្នកដែលមើលឃើញ ទៅជាងងឹតភ្នែកវិញ»។+ ៤០ ពួកផារិស៊ីដែលនៅជាមួយនឹងលោកឮពាក្យទាំងនេះ ក៏សួរលោកថា៖ «តើអ្នកគិតថាយើងងងឹតភ្នែកដែរឬ?»។ ៤១ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើអ្នករាល់គ្នាងងឹតភ្នែក អ្នករាល់គ្នានឹងគ្មានភាពខុសឆ្គងឡើយ។ ប៉ុន្តែ ដោយសារអ្នករាល់គ្នានិយាយថា៖ ‹យើងមើលឃើញ› នោះអ្នករាល់គ្នានៅមានភាពខុសឆ្គងនៅឡើយ»។+