ជំពូកទី៧០
លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកពីកំណើតមើលឃើញ
បុរសសុំទានម្នាក់ដែលងងឹតភ្នែកពីកំណើតបានត្រូវធ្វើឲ្យមើលឃើញ
នៅថ្ងៃឈប់សម្រាក លោកយេស៊ូនៅក្រុងយេរូសាឡិមនៅឡើយ។ កាលដែលលោកនិងអ្នកកាន់តាមកំពុងធ្វើដំណើរក្នុងក្រុង ពួកគាត់បានជួបបុរសសុំទានម្នាក់ដែលងងឹតភ្នែកពីកំណើត។ ឃើញដូច្នេះ ពួកអ្នកកាន់តាមសួរលោកយេស៊ូថា៖ «រ៉ាប៊ី តើបុរសនេះងងឹតភ្នែកពីកំណើតដោយសារគាត់បានធ្វើខុស ឬក៏ដោយសារឪពុកម្ដាយរបស់គាត់បានធ្វើខុស?»។—យ៉ូហាន ៩:២
ពួកអ្នកកាន់តាមប្រហែលជាឆ្ងល់ថា តើមនុស្សម្នាក់អាចធ្វើអំពើខុសឆ្គងតាំងពីក្នុងផ្ទៃម្ដាយមកឬយ៉ាងណា? លោកយេស៊ូឆ្លើយថា៖ «បុរសនេះមិនបានធ្វើខុស ហើយឪពុកម្ដាយរបស់គាត់ក៏មិនបានធ្វើខុសដែរ ប៉ុន្តែគឺដើម្បីឲ្យកិច្ចការរបស់ព្រះបានសឲ្យឃើញក្នុងករណីរបស់គាត់»។ (យ៉ូហាន ៩:៣) ដូច្នេះ ការដែលបុរសនេះងងឹតភ្នែក មិនមែនដោយសារគាត់ ឬឪពុកម្ដាយគាត់មានទោសណាមួយ ឬធ្វើអំពើខុសឆ្គងណាមួយឡើយ។ ផ្ទុយទៅវិញ ដោយសារភាពខុសឆ្គងរបស់អាដាម នោះមនុស្សទាំងអស់កើតមកមានភាពមិនល្អឥតខ្ចោះដែលនាំឲ្យមានជំងឺឬពិការភាពផ្សេងៗ ដូចជាងងឹតភ្នែកជាដើម។ ប៉ុន្តែ ការងងឹតភ្នែករបស់បុរសនេះផ្ដល់ឱកាសឲ្យលោកយេស៊ូធ្វើកិច្ចការរបស់ព្រះ ដូចដែលលោកធ្លាប់ធ្វើនៅពេលមុនៗដែរ ដោយធ្វើឲ្យមនុស្សឈឺជាសះស្បើយ។
លោកយេស៊ូបានបញ្ជាក់ថាកិច្ចការរបស់ព្រះជាកិច្ចការដែលលោកត្រូវធ្វើជាបន្ទាន់ ដោយមានប្រសាសន៍ថា៖ «យើងត្រូវធ្វើកិច្ចការរបស់លោកដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ព្រោះយប់នឹងមកដល់ ហើយពេលនោះគ្មានអ្នកណាអាចធ្វើបានទេ។ ដរាបណាខ្ញុំនៅក្នុងពិភពលោក ខ្ញុំជាពន្លឺនៃពិភពលោក»។ (យ៉ូហាន ៩:៤, ៥) ពិតមែន មិនយូរទៀតលោកយេស៊ូនឹងត្រូវស្លាប់។ នៅពេលនោះ គេនឹងដាក់លោកក្នុងទីបញ្ចុះសពដែលប្រៀបដូចជាទីងងឹត និងជាកន្លែងដែលលោកមិនអាចធ្វើអ្វីបានឡើយ។ ទម្រាំដល់ពេលនោះ លោកមានឱកាសជួយបំភ្លឺមនុស្សក្នុងពិភពលោក។
ប៉ុន្តែ តើលោកយេស៊ូនឹងធ្វើឲ្យបុរសនោះជាសះស្បើយឬទេ? លោកបានធ្វើមែន។ តើតាមរបៀបណា? លោកបានស្ដោះទឹកមាត់លើដី ហើយយកមកឈ្លីធ្វើជាភក់ រួចដាក់លើភ្នែករបស់បុរសនោះ ហើយលោកក៏មានប្រសាសន៍ថា៖ «ចូរទៅលាងភ្នែកក្នុងអាងទឹកស៊ីឡូម»។ (យ៉ូហាន ៩:៧) បុរសនោះបានធ្វើតាមបង្គាប់របស់លោក។ រួចមក គាត់អាចមើលឃើញបាន! បុរសនោះពិតជាត្រេកអរក្រៃលែង ដោយសារគាត់អាចមើលឃើញជាលើកដំបូងក្នុងជីវិតរបស់គាត់!
ពួកអ្នកជិតខាងនិងអស់អ្នកដែលដឹងថាគាត់ធ្លាប់ងងឹតភ្នែក ពិតជារំភើបចិត្តខ្លាំងណាស់ដែលគាត់អាចមើលឃើញបាន។ ពួកគេតាំងនិយាយថា៖ «នេះជាបុរសដែលធ្លាប់អង្គុយសុំទាន មែនទេ?»។ អ្នកខ្លះបាននិយាយថា៖ «គឺគាត់ហើយ»។ ប៉ុន្តែ អ្នកខ្លះទៀតមិនជឿទេ ហើយនិយាយថា៖ «មិនមែនគាត់ទេ ប៉ុន្តែអ្នកនេះគឺដូចគាត់»។ បុរសនោះបាននិយាយថា៖ «ខ្ញុំនេះហើយជាអ្នកនោះ»។—យ៉ូហាន ៩:៨, ៩
ដូច្នេះ ពួកគេសួរគាត់ថា៖ «បើដូច្នេះ ហេតុអ្វីបានជាអ្នកអាចមើលឃើញបាន?»។ គាត់ឆ្លើយថា៖ «បុរសឈ្មោះយេស៊ូបានយកដីឥដ្ឋមកឈ្លី រួចលាបភ្នែករបស់ខ្ញុំ ក៏ប្រាប់ខ្ញុំថា៖ ‹ចូរទៅអាងទឹកស៊ីឡូមហើយលាងភ្នែកចុះ›។ ដូច្នេះ ខ្ញុំបានទៅលាងភ្នែក រួចក៏អាចមើលឃើញ»។ ឮដូច្នេះ ពួកគេសួរគាត់ថា៖ «តើបុរសនោះនៅឯណា?»។ បុរសសុំទានឆ្លើយថា៖ «ខ្ញុំមិនដឹងទេ»។—យ៉ូហាន ៩:១០-១២
ក្រុមមនុស្សក៏នាំបុរសនោះទៅជួបពួកផារិស៊ី។ ពួកគេក៏ចង់ដឹងអំពីមូលហេតុដែលគាត់អាចមើលឃើញដែរ។ បុរសនោះប្រាប់ពួកគេថា៖ «គាត់ដាក់ដីឥដ្ឋលើភ្នែករបស់ខ្ញុំ រួចខ្ញុំបានលាងភ្នែក ហើយអាចមើលឃើញ»។ ជាជាងត្រេកអរជាមួយនឹងបុរសនោះដែលអាចមើលឃើញបាន ពួកផារិស៊ីខ្លះបែរជាផ្ដន្ទាទោសលោកយេស៊ូថា៖ «បុរសនោះមិនមកពីព្រះទេ ពីព្រោះគាត់មិនកាន់ថ្ងៃឈប់សម្រាកឡើយ»។ ប៉ុន្តែ ពួកផារិស៊ីឯទៀតតាំងនិយាយថា៖ «តើមនុស្សម្នាក់ដែលជាអ្នកធ្វើអំពើខុសឆ្គងអាចធ្វើសញ្ញាសម្គាល់បែបនេះដូចម្ដេចបាន?»។ (យ៉ូហាន ៩:១៥, ១៦) ម្ល៉ោះហើយ ពួកគេបានបែកបាក់គ្នា។
ដោយសារមានការខ្វែងគំនិតគ្នាដូច្នេះ ពួកផារិស៊ីក៏បែរទៅបុរសដែលធ្លាប់ងងឹតភ្នែក ហើយសួរថា៖ «តើអ្នកគិតយ៉ាងដូចម្ដេចអំពីបុរសនោះ ដោយសារគាត់បានធ្វើឲ្យអ្នកអាចមើលឃើញ?»។ បុរសដែលធ្លាប់ងងឹតភ្នែកនោះគ្មានការសង្ស័យអំពីលោកយេស៊ូទេ ដូច្នេះគាត់ឆ្លើយថា៖ «គាត់ជាអ្នកប្រកាសទំនាយ»។—យ៉ូហាន ៩:១៧
ពួកផារិស៊ីមិនព្រមជឿរឿងនេះទេ។ ពួកគេប្រហែលជាគិតថាលោកយេស៊ូនិងបុរសនោះបានឃុបឃិតគ្នាដើម្បីបោកបញ្ឆោតបណ្ដាជន។ ដូច្នេះ ពួកគេគិតថាវិធីមួយដើម្បីដោះស្រាយបញ្ហានេះ គឺសួរឪពុកម្ដាយរបស់បុរសសុំទាននោះដើម្បីដឹងថាគាត់ពិតជាងងឹតភ្នែកមែនឬយ៉ាងណា។