ជូនចំពោះទីតុស
១ ពីខ្ញុំ ប៉ូល ជាខ្ញុំបម្រើរបស់ព្រះនិងជាសាវ័ក*របស់លោកយេស៊ូគ្រិស្ត* ស្របតាមជំនឿរបស់ពួកអ្នកដែលព្រះបានជ្រើសរើស និងស្របតាមចំណេះត្រឹមត្រូវអំពីសេចក្ដីពិតដែលសមស្របនឹងភក្ដីភាពចំពោះព្រះ ២ ហើយអ្វីទាំងអស់នេះមានមូលដ្ឋានលើសេចក្ដីសង្ឃឹមឲ្យបានជីវិតគ្មានទីបញ្ចប់+ ដែលព្រះបានសន្យាតាំងពីយូរយារមកហើយ លោកមិនអាចកុហកឡើយ។+ ៣ ប៉ុន្តែ នៅពេលកំណត់របស់លោក លោកបានបើកបង្ហាញបណ្ដាំរបស់លោកតាមរយៈកិច្ចផ្សព្វផ្សាយដែលបានត្រូវផ្ញើទុកនឹងខ្ញុំ+ ស្របតាមបង្គាប់របស់ព្រះដែលជាអ្នកសង្គ្រោះយើង។ ៤ ជូនចំពោះទីតុស ជាកូនពិតប្រាកដដែលរួមជំនឿជាមួយនឹងខ្ញុំ៖
សូមឲ្យអ្នកបានប្រកបដោយគុណដ៏វិសេសលើសលប់ និងសេចក្ដីសុខសាន្តពីព្រះដែលជាបិតា ព្រមទាំងពីគ្រិស្តយេស៊ូដែលជាអ្នកសង្គ្រោះយើង។
៥ ខ្ញុំបានទុកអ្នកនៅកោះក្រេត ដើម្បីឲ្យអ្នកកែតម្រូវអ្វីដែលខុស* ហើយតែងតាំងអ្នកចាស់ទុំនៅក្រុងនីមួយៗ ដូចខ្ញុំបានបង្គាប់អ្នកដូចតទៅ៖ ៦ បុរសដែលអាចធ្វើជាអ្នកចាស់ទុំ ត្រូវជាអ្នកដែលគ្មានកន្លែងចាប់កំហុស មានប្រពន្ធតែមួយ មានកូនដែលមិនបះបោរប្រឆាំង និងជាអ្នកជឿដែលគ្មានអ្នកណាចោទប្រកាន់ថាជាអ្នកប្រព្រឹត្តអំពើអបាយមុខ។+ ៧ ព្រោះក្នុងនាមជាអ្នកចាត់ចែង*របស់ព្រះ អ្នកចាស់ទុំ*ត្រូវគ្មានកន្លែងចាប់កំហុស មិនប្រកាន់គំនិតខ្លួន+ មិនឆាប់ខឹង+ មិនមែនជាអ្នកប្រមឹកស្រា មិនមែនជាមនុស្សឃោរឃៅ* មិនលោភលន់ដោយរកតែប្រយោជន៍ផ្ទាល់ខ្លួន ៨ តែចេះទទួលអ្នកឯទៀតដោយរាក់ទាក់+ ស្រឡាញ់គុណធម៌ ដឹងខុសត្រូវ*+ ជាមនុស្សសុចរិត មានភក្ដីភាព+ ចេះទប់ចិត្ត+ ៩ និងកាន់ខ្ជាប់តាមបណ្ដាំដ៏គួរឲ្យទុកចិត្តក្នុងរបៀបដែលគាត់បង្រៀន+ ដើម្បីគាត់អាចលើកទឹកចិត្ត*អ្នកឯទៀតតាមរយៈសេចក្ដីបង្រៀនដែលមានប្រយោជន៍+ ព្រមទាំងកែតម្រង់+អស់អ្នកដែលនិយាយប្រឆាំងសេចក្ដីបង្រៀនទាំងនោះ។
១០ ព្រោះមានបុរសជាច្រើនជាអ្នកបះបោរប្រឆាំង ជាអ្នកនិយាយឥតប្រយោជន៍ និងជាអ្នកបោកបញ្ឆោត ជាពិសេសគឺអស់អ្នកដែលកាន់ខ្ជាប់ការកាត់ចុងស្បែក។*+ ១១ គឺចាំបាច់ត្រូវបិទមាត់បុរសទាំងនោះ ព្រោះពួកគេចេះតែបំផ្លាញជំនឿបងប្អូនទាំងគ្រួសារៗ ដោយបង្រៀនសេចក្ដីដែលមិនគួរបង្រៀន ដើម្បីទទួលប្រយោជន៍ផ្ទាល់ខ្លួនតាមរបៀបមិនទៀងត្រង់។ ១២ អ្នកប្រកាសទំនាយម្នាក់ដែលជាជនរួមជាតិរបស់ពួកគេ បាននិយាយថា៖ «អ្នកកោះក្រេតសុទ្ធតែជាអ្នកភូតភរ ជាសត្វព្រៃដ៏សាហាវ និងជាអ្នកល្មោភស៊ីដែលមិនធ្វើការអ្វីសោះ»។
១៣ នេះជាការបញ្ជាក់ដ៏ពិតត្រង់។ ហេតុនេះ ចូរបន្តប្រដៅតម្រង់ពួកគេយ៉ាងម៉ឺងម៉ាត់ ដើម្បីពួកគេអាចមានជំនឿមាំមួន ១៤ ដោយមិនស្ដាប់រឿងព្រេងរបស់ជនជាតិយូដា និងមិនស្ដាប់បញ្ញត្ដិរបស់មនុស្សដែលបែរចេញពីសេចក្ដីពិតឡើយ។ ១៥ អ្វីៗទាំងអស់គឺស្អាតបរិសុទ្ធចំពោះមនុស្សដែលស្អាតបរិសុទ្ធ។+ ក៏ប៉ុន្តែ ចំពោះមនុស្សដែលមិនស្អាតបរិសុទ្ធ*និងគ្មានជំនឿ អ្វីៗទាំងអស់គឺមិនស្អាតបរិសុទ្ធទេ ព្រោះទាំងគំនិតទាំងសមត្ថភាពវិនិច្ឆ័យរបស់ពួកគេ សុទ្ធតែស្មោកគ្រោក។+ ១៦ ពួកគេប្រកាសជាសាធារណៈថាពួកគេស្គាល់ព្រះ តែការប្រព្រឹត្តរបស់ពួកគេបង្ហាញថាពួកគេមិនទទួលស្គាល់ព្រះទេ+ ពីព្រោះពួកគេជាមនុស្សគួរឲ្យស្អប់ខ្ពើម មិនស្ដាប់បង្គាប់ ហើយមិនសមនឹងការល្អណាមួយសោះឡើយ។