បទទំនួញ
א [អាល់ឡេហ្វ]
៣ ខ្ញុំជាមនុស្សដែលបានឃើញទុក្ខវេទនាដោយសារតែដំបងនៃកំហឹងរបស់លោក។
២ លោកបានបណ្ដេញខ្ញុំចេញ ហើយធ្វើឲ្យខ្ញុំដើរក្នុងភាពងងឹតមិនមែនក្នុងពន្លឺទេ។+
៣ លោកប្រឆាំងខ្ញុំម្ដងហើយម្ដងទៀតពេញមួយថ្ងៃ។+
ב [បេត]
៤ លោកបានធ្វើឲ្យស្បែកនិងរូបកាយរបស់ខ្ញុំខ្សោយទៅៗ។
លោកបានបំបាក់ឆ្អឹងរបស់ខ្ញុំ។
៥ លោកបានធ្វើរបងព័ទ្ធជុំវិញខ្ញុំ។ លោកបានធ្វើឲ្យរុក្ខជាតិពុល+ដុះឡោមព័ទ្ធខ្ញុំហើយលោកបានឲ្យទុក្ខលំបាកហ៊ុមខ្ញុំជុំជិត។
៦ លោកបង្ខំខ្ញុំឲ្យអង្គុយក្នុងទីងងឹត ដូចជាមនុស្សដែលស្លាប់យូរមកហើយ។
ג [គីមេល]
៧ លោកធ្វើរបងព័ទ្ធជុំវិញខ្ញុំ ដើម្បីកុំឲ្យខ្ញុំអាចគេចខ្លួនបាន។
លោកបានយកខ្នោះស្ពាន់យ៉ាងធ្ងន់មកដាក់ខ្ញុំ។+
៨ ពេលខ្ញុំខំស្រែកអង្វរសុំលោកឲ្យជួយ លោកបដិសេធ*សេចក្ដីអធិដ្ឋានរបស់ខ្ញុំ។+
៩ លោកបានដាក់ថ្មធំៗរាំងផ្លូវខ្ញុំ។ លោកបានធ្វើឲ្យផ្លូវរបស់ខ្ញុំពិបាកដើរ។+
ד [ដាលេត]
១០ លោកពួនចាំប្រហារខ្ញុំដូចជាខ្លាឃ្មុំ និងដូចជាតោដែលកំពុងលបចាំសង្គ្រុបខ្ញុំ។+
១១ លោកបានបណ្ដេញខ្ញុំចេញពីផ្លូវ ហើយហែកខ្ញុំឲ្យខ្ទេចខ្ទី។*
លោកបានធ្វើឲ្យគេបោះបង់ខ្ញុំចោល។+
១២ លោកយឹតធ្នូ ហើយយកខ្ញុំទុកជាគោលដៅបាញ់សម្រាប់ព្រួញរបស់លោក។
ה [ហេ]
១៣ លោកបានយកព្រួញពីក្នុងបំពង់ មកបាញ់ទម្លុះតម្រងនោមរបស់ខ្ញុំ។
១៤ មនុស្សទាំងអស់សើចចំអកឲ្យខ្ញុំ ហើយពួកគេច្រៀងឡកឡឺយឲ្យខ្ញុំពេញមួយថ្ងៃ។
១៥ លោកបានចម្អែតខ្ញុំដោយអ្វីៗដែលជូរចត់ ហើយឲ្យខ្ញុំផឹកពីដើមឈើល្វីងរហូតដល់ឆ្អែត។+
ו [វ៉ោ]
១៦ លោកឲ្យខ្ញុំទំពាក្រួសរហូតដល់បាក់ធ្មេញ លោកធ្វើឲ្យខ្ញុំក្រាបចុះក្នុងផេះ។+
១៧ លោកដកយកសេចក្ដីសុខចេញពីខ្ញុំ។ ខ្ញុំបានភ្លេចអស់នូវអ្វីល្អៗ។
១៨ ដូច្នេះ ខ្ញុំនិយាយថា៖ «ភាពរុងរឿងរបស់ខ្ញុំបានវិនាសបាត់ទៅហើយសេចក្ដីសង្ឃឹមរបស់ខ្ញុំលើព្រះយេហូវ៉ាក៏រលាយទៅដែរ»។
ז [ហ្សាយីន]
១៩ សូមចាំថាខ្ញុំកំពុងរងទុក្ខវេទនានិងគ្មានផ្ទះសម្បែង+ ហើយត្រូវបរិភោគដើមល្វីងនិងរុក្ខជាតិពុល។+
២០ លោកប្រាកដជានឹងចងចាំខ្ញុំ ហើយនឹងឱនមកឯខ្ញុំ។+
២១ ខ្ញុំនឹកឃើញរឿងនោះនៅក្នុងចិត្ត។ ហេតុនេះ ខ្ញុំនឹងអត់ធ្មត់រង់ចាំលោកតទៅទៀត។+
ח [ហេត]
២២ នេះដោយសារព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ទើបបានជាយើងមិនវិនាសសូន្យបាត់+
ហើយសេចក្ដីមេត្តាករុណារបស់លោកមិនដែលកន្លងផុតឡើយ។+
២៣ រៀងរាល់ព្រឹក សេចក្ដីមេត្តាករុណារបស់លោករមែងថ្មីជានិច្ច។+ សេចក្ដីស្មោះត្រង់របស់លោកមានជាបរិបូរ។+
២៤ ខ្ញុំបាននិយាយហើយថា៖ «ព្រះយេហូវ៉ាជាចំណែករបស់ខ្ញុំ។+ ហេតុនេះ ខ្ញុំនឹងអត់ធ្មត់រង់ចាំលោកតទៅទៀត»។+
ט [ថេត]
២៥ ព្រះយេហូវ៉ាប្រព្រឹត្តល្អចំពោះអ្នកដែលសង្ឃឹមលើលោក+និងចំពោះអ្នកដែលបន្តស្វែងរកលោក។+
២៦ ជាការល្អប្រសើរដែលអត់ធ្មត់*+រង់ចាំសេចក្ដីសង្គ្រោះពីព្រះយេហូវ៉ា។+
២៧ ជាការល្អប្រសើរដែលមនុស្សពាក់នឹមក្នុងកាលដែលនៅវ័យក្មេង។+
י [យ៉ូដ]
២៨ ចូរឲ្យគាត់អង្គុយតែម្នាក់ឯង ហើយនៅស្ងៀម ពេលលោកដាក់នឹមលើគាត់។+
២៩ ចូរឲ្យគាត់ក្រាបមុខដល់ដី។+ បើធ្វើដូច្នេះ គាត់ប្រហែលជានៅតែមានសេចក្ដីសង្ឃឹម។+
៣០ ចូរឲ្យគាត់ហុចថ្ពាល់ទៅឲ្យអ្នកដែលកំពុងវាយប្រហារគាត់។ ចូរឲ្យគាត់រងការជេរប្រមាថយ៉ាងខ្លាំង។
כ [កាប]
៣១ ព្រោះព្រះយេហូវ៉ានឹងមិនបោះបង់ចោលយើងរហូតទេ។+
៣២ ទោះជាលោកធ្វើឲ្យយើងរងទុក្ខលំបាកក៏ដោយ ក៏លោកនឹងបង្ហាញសេចក្ដីមេត្តាករុណាស្របតាមសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូររបស់លោកដែរ។+
៣៣ ពីព្រោះលោកមិនដែលសប្បាយចិត្តធ្វើឲ្យមនុស្សរងទុក្ខវេទនាឬរងទុក្ខលំបាកឡើយ។+
ל [ឡាមេត]
៣៤ ការធ្វើទុក្ខបៀតបៀនអ្នកដែលជាប់គុកទាំងអស់នៅផែនដី+
៣៥ ការមិនផ្ដល់យុត្តិធម៌ដល់មនុស្សនៅចំពោះមុខព្រះដ៏ខ្ពង់ខ្ពស់បំផុត+
៣៦ ការកាត់ក្ដីដោយអយុត្តិធម៌
ព្រះយេហូវ៉ាមិនត្រាប្រណីចំពោះការប្រព្រឹត្តបែបនោះឡើយ។
מ [មេម]
៣៧ ដូច្នេះ ប្រសិនបើព្រះយេហូវ៉ាមិនចេញបង្គាប់ឲ្យអ្វីមួយកើតឡើងទេ តើអ្នកណាអាចបង្គាប់ឲ្យកើតឡើងបាន?
៣៨ អ្វីអាក្រក់និងអ្វីល្អមិនចេញមកជាមួយគ្នាពីមាត់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតទេ។
៣៩ មនុស្សដែលមានជីវិតមិនគួរត្អូញត្អែរអំពីផលវិបាកដែលមកពីការប្រព្រឹត្តខុសឆ្គងរបស់ខ្លួនឡើយ។+
נ [នុន]
៤០ ចូរយើងត្រិះរិះពិចារណាយ៉ាងដិតដល់អំពីការប្រព្រឹត្តរបស់យើង+ហើយត្រឡប់មកឯព្រះយេហូវ៉ាវិញ។+
៤១ ចូរយើងអង្វរព្រះនៅស្ថានសួគ៌ដោយស្មោះអស់ពីចិត្តទាំងលើកដៃទៅលោកដោយពោលថា៖+
៤២ «យើងបានធ្វើខុស ហើយបានបះបោរប្រឆាំងលោក។+ លោកមិនអភ័យទោសឲ្យយើងទេ។+
ס [សាមេក]
៤៣ លោកមិនស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងទេ ដោយសារលោកខឹងយើង។+
លោកបានដេញតាមហើយសម្លាប់យើងដោយគ្មានមេត្តា។+
៤៤ លោកដាក់ពពកឃាំងដើម្បីកុំឲ្យសេចក្ដីអធិដ្ឋានរបស់យើងបានទៅដល់លោក។+
៤៥ លោកបានធ្វើឲ្យប្រជាជាតិនានាចាត់ទុកយើងដូចជាសំរាមនិងជាអ្វីដ៏គួរឲ្យខ្ពើមរអើម»។
פ [ភេ]
៤៦ សត្រូវទាំងអស់របស់យើងបាននិយាយមើលងាយយើង។+
៤៧ យើងជួបតែការភ័យខ្លាចនិងអន្ទាក់+ ហើយជួបតែអន្តរាយនិងត្រូវគេបោះបង់ចោល។+
៤៨ ទឹកភ្នែកខ្ញុំហូររហាមដូចទឹកហូរ ព្រោះតែអន្តរាយរបស់កូនស្រីនៃរាស្ត្រខ្ញុំ។+
ע [អាយីន]
៤៩ ខ្ញុំយំឥតល្ហែ ទឹកភ្នែកខ្ញុំហូរឥតឈប់។+
៥០ ខ្ញុំយំរហូតដល់ព្រះយេហូវ៉ាឱនមើលពីស្ថានសួគ៌មក។+
៥១ ខ្ញុំវេទនាចិត្តខ្លាំងណាស់ ពេលឃើញអ្វីដែលបានកើតឡើងចំពោះកូនស្រីនៃក្រុងរបស់ខ្ញុំ។+
צ [សាដេ]
៥២ ពួកសត្រូវដេញតាមប្រមាញ់ខ្ញុំដោយគ្មានមូលហេតុ ដូចគេប្រមាញ់សត្វស្លាប។
៥៣ ពួកគេព្យាយាមបញ្ចប់ជីវិតខ្ញុំក្នុងរណ្ដៅ។ ពួកគេយកថ្មគប់ខ្ញុំឥតឈប់ឈរ។
៥៤ ទឹកហូរលិចក្បាលខ្ញុំ ហើយខ្ញុំពោលថា៖ «ខ្ញុំមុខជាស្លាប់មិនខាន!»។
ק [ឃូហ្វ]
៥៥ ឱព្រះយេហូវ៉ាអើយ ខ្ញុំបានស្រែករកនាមរបស់លោកពីរណ្ដៅដ៏ជ្រៅ។+
៥៦ សូមលោកមេត្តាស្ដាប់សំឡេងខ្ញុំ ហើយសូមកុំបិទត្រចៀកឡើយពេលខ្ញុំស្រែកសុំលោកឲ្យជួយ។
៥៧ នៅថ្ងៃដែលខ្ញុំហៅរកលោក លោកបានចូលមកជិតខ្ញុំ ហើយមានប្រសាសន៍ថា៖ «កុំភ័យខ្លាចឡើយ»។
ר [រ៉េស]
៥៨ ឱព្រះយេហូវ៉ា លោកបានការពារក្ដីឲ្យខ្ញុំ ហើយលោកបានលោះជីវិតខ្ញុំ។+
៥៩ ឱព្រះយេហូវ៉ាអើយ លោកបានឃើញហើយថា គេបានធ្វើខុសចំពោះខ្ញុំសូមលោកផ្ដល់យុត្តិធម៌ឲ្យខ្ញុំផង។+
៦០ លោកបានឃើញការសងសឹកនិងគម្រោងទាំងអស់ដែលពួកគេបានរៀបចំប្រឆាំងនឹងខ្ញុំ។
ש [ស៊ីន] ឬ [ហ្ស៊ីន]
៦១ ឱព្រះយេហូវ៉ា លោកបានឮការប្រមាថមើលងាយរបស់ពួកគេនិងគម្រោងទាំងអស់ដែលពួកគេបានរៀបចំប្រឆាំងនឹងខ្ញុំ។+
៦២ លោកបានឮពួកអ្នកដែលប្រឆាំងពេបជ្រាយឲ្យខ្ញុំ ហើយឮពួកគេខ្សឹបខ្សៀវគ្នាទាស់នឹងខ្ញុំពេញមួយថ្ងៃ។
៦៣ សូមមើលពួកគេចុះ។ ទោះជាពួកគេអង្គុយឬឈរក៏ដោយ ពួកគេច្រៀងឡកឡឺយឲ្យខ្ញុំ!
ת [ថាវ]
៦៤ ឱព្រះយេហូវ៉ា លោកនឹងសងពួកគេស្របតាមការប្រព្រឹត្តរបស់ពួកគេ។
៦៥ លោកនឹងដាក់បណ្ដាសាឲ្យពួកគេមានចិត្តរឹងចចេស។
៦៦ ដោយសារកំហឹង ព្រះយេហូវ៉ានឹងដេញតាមពួកគេ ហើយបំផ្លាញពួកគេឲ្យវិនាសអស់ពីផែនដី។