សាការី
១៣ «នៅថ្ងៃនោះ អណ្ដូងមួយនឹងត្រូវបើកសម្រាប់ពូជពង្សដាវីឌនិងមនុស្សដែលអាស្រ័យនៅក្នុងយេរូសាឡិម ដើម្បីជម្រះអំពើខុសឆ្គងនិងភាពមិនស្អាតស្អំ។+
២ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «នៅថ្ងៃនោះ ខ្ញុំនឹងលុបបំបាត់ឈ្មោះរបស់រូបព្រះឲ្យអស់ពីទឹកដីនេះ+ ហើយឈ្មោះព្រះទាំងនោះនឹងគ្មានអ្នកណានឹកចាំទៀត។ ខ្ញុំនឹងកម្ចាត់ពួកអ្នកប្រកាសទំនាយ+និងអំណាចរបស់ពួកវិញ្ញាណកំណាចចេញពីទឹកដីនេះ។ ៣ ក៏ប៉ុន្តែ បើមានអ្នកណាម្នាក់ប្រកាសទំនាយម្ដងទៀត នោះឪពុកម្ដាយបង្កើតរបស់អ្នកនោះនឹងនិយាយទៅកាន់គាត់ថា៖ ‹កូននឹងមិនរស់ទេ ព្រោះកូនបាននិយាយភូតកុហកដោយនូវនាមព្រះយេហូវ៉ា›។ រួចឪពុកម្ដាយបង្កើតរបស់គាត់នឹងយកដាវចាក់ទម្លុះគាត់ ដោយសារគាត់ប្រកាសទំនាយ។+
៤ «នៅថ្ងៃនោះ អ្នកប្រកាសទំនាយម្នាក់ៗនឹងអាម៉ាស់មុខ ពេលគាត់ប្រកាសអ្វីដែលគាត់បានឃើញក្នុងគំនិត។ ពួកគេនឹងមិនពាក់អាវរោមសត្វ*+ ដើម្បីបោកបញ្ឆោតមនុស្សទៀតទេ។ ៥ ពួកគេម្នាក់ៗនឹងពោលថា៖ ‹ខ្ញុំមិនមែនជាអ្នកប្រកាសទំនាយទេ តែខ្ញុំជាអ្នកភ្ជួររាស់ដី ដោយសារបុរសម្នាក់បានទិញខ្ញុំមកតាំងពីខ្ញុំនៅក្មេង›។ ៦ បើមានមនុស្សសួរពួកគេណាម្នាក់ថា៖ ‹ហេតុអ្វីលើខ្លួនរបស់អ្នកមានរបួស?›។ គាត់នឹងឆ្លើយថា៖ ‹ខ្ញុំត្រូវរបួសនៅផ្ទះរបស់មិត្តភក្ដិខ្ញុំ›»។*
៧ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «ឱដាវអើយ ចូរភ្ញាក់ឡើង ហើយប្រហារគង្វាលរបស់ខ្ញុំទៅ+
គឺប្រហារបុរសដែលជាមិត្តសម្លាញ់របស់ខ្ញុំ។
ចូរប្រហារគង្វាលនោះចុះ+ ហើយធ្វើឲ្យហ្វូងចៀមខ្ចាត់ខ្ចាយទៅ+
នោះខ្ញុំនឹងលើកដៃប្រឆាំងនឹងអស់អ្នកដែលមិនសំខាន់»។
៨ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «នៅគ្រប់ទឹកដី
បណ្ដាជន២ភាគ៣នឹងត្រូវសម្លាប់ចោល
តែ១ភាគ៣ដែលនៅសល់នឹងទុកឲ្យនៅរស់វិញ។
៩ រួចខ្ញុំនឹងនាំបណ្ដាជន១ភាគ៣ឆ្លងកាត់ភ្លើង
ហើយខ្ញុំនឹងសម្រិតសម្រាំងពួកគេ ដូចគេបន្សុទ្ធប្រាក់
ខ្ញុំនឹងពិនិត្យមើលពួកគេ ដូចគេពិនិត្យមើលមាស។+
ពួកគេនឹងហៅរកនាមរបស់ខ្ញុំ
ហើយខ្ញុំនឹងឆ្លើយតបទៅពួកគេ។
ខ្ញុំនឹងនិយាយថា៖ ‹ពួកគេជារាស្ត្ររបស់ខ្ញុំ›+
ហើយពួកគេនឹងពោលថា៖ ‹ព្រះយេហូវ៉ាជាព្រះរបស់យើង›»។