សៀវភៅលូកា
២ នៅគ្រានោះ សេសារ*អូគូសបានចេញច្បាប់ឲ្យមនុស្សទាំងអស់*ទៅចុះបញ្ជី ២ (នេះជាការចុះឈ្មោះក្នុងបញ្ជីជាលើកដំបូង ដែលបានត្រូវធ្វើឡើងនៅពេលអភិបាលគីរេនាសគ្រប់គ្រងស្រុកស៊ីរី)។ ៣ នៅពេលនោះ មនុស្សទាំងអស់បានធ្វើដំណើរទៅចុះឈ្មោះក្នុងបញ្ជីនៅក្រុងរបស់ពួកគេរៀងៗខ្លួន។ ៤ ឯយ៉ូសែប+ គាត់បានចេញពីក្រុងណាសារ៉ែតក្នុងស្រុកកាលីឡេ ឡើងទៅតំបន់យូឌា ឆ្ពោះទៅស្រុកកំណើតរបស់ដាវីឌដែលហៅថាក្រុងបេថ្លេហិម+ ព្រោះយ៉ូសែបមកពីពូជពង្សដាវីឌ។ ៥ គាត់បានទៅទីនោះ ដើម្បីចុះបញ្ជីជាមួយនឹងម៉ារៀដែលជាប្រពន្ធរបស់គាត់។*+ ពេលនោះ នាងមានផ្ទៃពោះជិតគ្រប់ខែហើយ។+ ៦ អំឡុងពេលដែលពួកគាត់នៅទីនោះ ក៏ដល់ពេលដែលនាងត្រូវកើតកូន។ ៧ នាងបង្កើតបានកូនប្រុសមួយ ជាកូនច្បង+ ហើយនាងរុំកូននោះនឹងចម្រៀកក្រណាត់ រួចដាក់ផ្ដេកក្នុងស្នូក+ ពីព្រោះផ្ទះសម្នាក់អស់បន្ទប់សម្រាប់ស្នាក់នៅហើយ។
៨ នៅតំបន់នោះដែរ មានពួកគង្វាលនៅឯវាល កំពុងចាំយាមហ្វូងសត្វនៅពេលយប់។ ៩ រំពេចនោះ ទេវតាមួយរូបរបស់ព្រះយេហូវ៉ា*បានឈរនៅមុខពួកគេ ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ា*ភ្លឺចិញ្ចាចនៅជុំវិញពួកគេ។ ឃើញដូច្នោះ ពួកគេភ័យខ្លាចជាខ្លាំង។ ១០ ប៉ុន្តែ ទេវតានោះនិយាយទៅកាន់ពួកគេថា៖ «កុំខ្លាចឡើយ ព្រោះមើល! ខ្ញុំមកប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ជាដំណឹងដែលនឹងនាំឲ្យមនុស្សទាំងអស់មានអំណរខ្លាំងក្រៃលែង។ ១១ ពីព្រោះថ្ងៃនេះ អ្នកដែលនឹងសង្គ្រោះអ្នករាល់គ្នា+ គឺគ្រិស្ត*ជាម្ចាស់+ បានកើតមកក្នុងស្រុកកំណើតរបស់ដាវីឌ។+ ១២ នេះជាសញ្ញាសម្គាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នានឹងឃើញទារកមួយ រុំដោយចម្រៀកក្រណាត់ ហើយកំពុងដេកនៅក្នុងស្នូក»។ ១៣ រំពេចនោះ មានទេវតាមួយកងទ័ពយ៉ាងធំពីស្ថានសួគ៌+បានលេចមកដែរ ហើយរួមគ្នាសរសើរព្រះថា៖ ១៤ «យើងសូមសរសើរតម្កើងព្រះដែលស្ថិតនៅស្ថានសួគ៌ ហើយសូមឲ្យមនុស្សដែលជាទីគាប់ចិត្តលោក ប្រកបដោយសេចក្ដីសុខសាន្តនៅផែនដី»។
១៥ ដូច្នេះ ក្រោយពីទេវតាទាំងនោះចាកចេញពីពួកគង្វាល ហើយទៅស្ថានសួគ៌វិញ នោះពួកគង្វាលក៏និយាយគ្នាថា៖ «ចូរយើងប្រញាប់ទៅក្រុងបេថ្លេហិម ដើម្បីមើលអ្វីដែលបានកើតឡើងនៅទីនោះ តាមអ្វីដែលព្រះយេហូវ៉ា*បានបើកបង្ហាញឲ្យយើងដឹង»។ ១៦ រួចពួកគេក៏រូតរះចេញទៅទីនោះ។ ពួកគេបានរកឃើញម៉ារៀនិងយ៉ូសែប ព្រមទាំងទារកដែលកំពុងដេកនៅក្នុងស្នូក។ ១៧ ពេលឃើញហើយ ពួកគង្វាលក៏រៀបរាប់អំពីអ្វីដែលទេវតាបានប្រាប់ពួកគេអំពីកូនតូចនោះ។ ១៨ អស់អ្នកដែលបានឮអ្វីដែលពួកគង្វាលរៀបរាប់ បាននឹកអស្ចារ្យជាខ្លាំង។ ១៩ ប៉ុន្តែ ម៉ារៀបានរក្សាពាក្យទាំងនេះទុកក្នុងចិត្ត ក៏រំពឹងគិតអំពីអត្ថន័យផងដែរ។+ ២០ រួចមក ពួកគង្វាលបានត្រឡប់ទៅវិញ ហើយសរសើរតម្កើងព្រះ ព្រោះពួកគេបានឮនិងបានឃើញអ្វីទាំងអស់ ដូចដែលបានត្រូវប្រាប់ដល់ពួកគេ។
២១ លុះដល់ថ្ងៃទី៨ ជាពេលដែលត្រូវកាត់ចុងស្បែក*កូននោះ+ យ៉ូសែបបានដាក់ឈ្មោះឲ្យកូននោះថាយេស៊ូ ជាឈ្មោះដែលទេវតាបានប្រាប់ម៉ារៀ មុនពេលដែលនាងមានផ្ទៃពោះ។+
២២ លុះដល់វេលាកំណត់ដែលត្រូវជម្រះខ្លួនឲ្យស្អាតបរិសុទ្ធស្របតាមច្បាប់ម៉ូសេ+ យ៉ូសែបនិងម៉ារៀក៏នាំកូនតូចទៅឯក្រុងយេរូសាឡិម* ដើម្បីបង្ហាញព្រះយេហូវ៉ា* ២៣ ដូចបានចែងក្នុងច្បាប់របស់ព្រះយេហូវ៉ា* ដែលថា៖ «កូនប្រុសច្បងទាំងអស់ត្រូវញែកទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា»។*+ ២៤ ពួកគេបានជូនគ្រឿងបូជាស្របតាមអ្វីដែលចែងក្នុងច្បាប់របស់ព្រះយេហូវ៉ា* ដែលថា៖ «សត្វលលកមួយគូ ឬសត្វព្រាបជំទើរពីរក្បាល»។+
២៥ មើល! នៅក្រុងយេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន គាត់ជាមនុស្សសុចរិត និងជាអ្នកកោតខ្លាចព្រះ។ គាត់កំពុងរង់ចាំគ្រាដែលបណ្ដាជនអ៊ីស្រាអែលទទួលបានការសម្រាលទុក្ខ+ ហើយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះបានសណ្ឋិតលើគាត់។ ២៦ ម្យ៉ាងទៀត ព្រះបានបើកបង្ហាញតាមរយៈឫទ្ធានុភាពបរិសុទ្ធរបស់លោក ឲ្យស៊ីម្មានដឹងថាគាត់នឹងមិនស្លាប់ឡើយ ទាល់តែគាត់បានឃើញគ្រិស្តជាអ្នកដែលព្រះយេហូវ៉ា*បានជ្រើសរើស។ ២៧ ស៊ីម្មានបានចូលទៅក្នុងវិហារ ដោយសារឫទ្ធានុភាពរបស់ព្រះបានជំរុញចិត្តគាត់។ នៅពេលនោះ យ៉ូសែបនិងម៉ារៀបាននាំកូនតូចយេស៊ូចូលទៅក្នុងវិហារ ដើម្បីធ្វើតាមទំនៀមទម្លាប់ដែលចែងទុកក្នុងច្បាប់។*+ ២៨ ស៊ីម្មានក៏យកកូនតូចនោះមកបី ហើយសរសើរព្រះថា៖ ២៩ «ម្ចាស់ដ៏ឧត្ដមបំផុតអើយ ឥឡូវខ្ញុំបានឃើញកូនតូចនេះដូចដែលលោកបានមានប្រសាសន៍។ ដូច្នេះ ខ្ញុំអាចស្លាប់ដោយសុខសាន្តហើយ។+ ៣០ ពីព្រោះខ្ញុំបានឃើញដោយផ្ទាល់ភ្នែកនូវរបៀបដែលលោកនឹងផ្ដល់សេចក្ដីសង្គ្រោះ+ ៣១ តាមរយៈបុគ្គលដែលលោកបានចាត់ឲ្យមក ដើម្បីឲ្យប្រជាជាតិទាំងអស់បានឃើញ។+ ៣២ អ្នកនោះគឺជាពន្លឺ+ដែលនឹងយកស្បៃងងឹតចេញពីប្រជាជាតិទាំងឡាយ+ ក៏ជាសិរីរុងរឿងរបស់អ៊ីស្រាអែលជារាស្ដ្ររបស់លោកដែរ»។ ៣៣ ឪពុកម្ដាយរបស់កូនតូចនោះ ចេះតែឆ្ងល់អំពីអ្វីដែលស៊ីម្មានកំពុងនិយាយអំពីកូននោះ។ ៣៤ រួចស៊ីម្មានក៏ជូនពរពួកគាត់ទាំងពីរ តែប្រាប់ម៉ារៀជាម្ដាយកូននោះថា៖ «មើល! កូននេះនឹងទៅជាហេតុឲ្យមនុស្សជាច្រើននៅអ៊ីស្រាអែលដួល+ ក៏នឹងទៅជាហេតុឲ្យមនុស្សជាច្រើនក្រោកឡើងវិញ+ ថែមទាំងនឹងទៅជាសញ្ញាសម្គាល់មួយដែលគេនឹងនិយាយប្រឆាំង+ ៣៥ ដើម្បីលាតត្រដាងអ្វីដែលមនុស្សជាច្រើនកំពុងវែកញែកក្នុងចិត្ត។ ចំណែកនាងវិញ ដាវវែងមួយនឹងចាក់ទម្លុះចិត្តរបស់នាង»។+
៣៦ នៅគ្រានោះដែរ មានស្ត្រីម្នាក់ឈ្មោះអាណា ជាអ្នកប្រកាសទំនាយ។ គាត់ជាកូនផាញូអែលមកពីកុលសម្ព័ន្ធអេស៊ើរ គាត់ធ្លាប់រៀបការពេលនៅក្រមុំ ហើយរួមរស់ជាមួយនឹងប្ដីបានតែ៧ឆ្នាំប៉ុណ្ណោះ។ ពេលនេះ គាត់ចាស់ណាស់ហើយ។ ៣៧ អាណាជាស្ត្រីមេម៉ាយ គាត់មានអាយុ៨៤ឆ្នាំ។ គាត់មិនដែលខានទៅវិហារឡើយ គាត់បំពេញកិច្ចបម្រើពិសិដ្ឋទាំងយប់ទាំងថ្ងៃ ព្រមទាំងអធិដ្ឋានអង្វរសុំនិងតមអាហារ។ ៣៨ នៅពេលនោះ គាត់បានចូលមកជិតពួកគេ ហើយចាប់ផ្ដើមអរគុណព្រះ ក៏បាននិយាយអំពីកូនតូចនោះប្រាប់អស់អ្នកដែលកំពុងរង់ចាំព្រះមកសង្គ្រោះក្រុងយេរូសាឡិម។+
៣៩ លុះយ៉ូសែបនិងម៉ារៀបានធ្វើតាមអ្វីៗដែលចែងក្នុងច្បាប់ព្រះយេហូវ៉ា*រួចរាល់ហើយ+ ពួកគាត់ក៏ត្រឡប់ទៅក្រុងណាសារ៉ែត ជាក្រុងរបស់ពួកគាត់នៅស្រុកកាលីឡេវិញ។+ ៤០ កូនតូចនោះកាន់តែធំ កាន់តែរឹងមាំ និងមានប្រាជ្ញាកាន់តែច្រើនឡើង ហើយព្រះស្រឡាញ់ពេញចិត្តកូននោះខ្លាំងណាស់។+
៤១ ជារៀងរាល់ឆ្នាំ ឪពុកម្ដាយកុមារនោះមានទម្លាប់ទៅក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលង។+ ៤២ ពេលកុមារមានអាយុ១២ឆ្នាំ ពួកគាត់នាំគ្នាឡើងទៅក្រុងយេរូសាឡិម ធ្វើបុណ្យនោះតាមទម្លាប់។+ ៤៣ លុះបុណ្យនោះចប់ហើយ ឪពុកម្ដាយធ្វើដំណើរត្រឡប់មកវិញ តែពួកគាត់មិនបានដឹងទេថា កុមារយេស៊ូនៅក្រុងយេរូសាឡិមនៅឡើយ។ ៤៤ ពួកគាត់គិតស្មានថាកូនកំពុងរួមដំណើរជាមួយដែរ តែក្រោយពីធ្វើដំណើរអស់មួយថ្ងៃ ទើបដឹងថាបាត់កូន។ ដូច្នេះ ពួកគាត់ក៏ចាប់ផ្ដើមស្វែងរកកូនក្នុងចំណោមញាតិសន្ដាន និងពួកអ្នកដែលពួកគាត់ស្គាល់។ ៤៥ ប៉ុន្តែ ពេលរកកូនមិនឃើញ ពួកគាត់ក៏ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយខំស្វែងរកកូនគ្រប់ច្រកល្ហក។ ៤៦ លុះបីថ្ងៃក្រោយមក ពួកគាត់រកឃើញកូននៅក្នុងវិហារ កំពុងអង្គុយស្ដាប់ក្នុងចំណោមពួកគ្រូ ថែមទាំងសួរពួកគ្រូនូវសំណួរផ្សេងៗទៀតផង។ ៤៧ ចំណែកអស់អ្នកដែលកំពុងស្ដាប់ ពួកគេចេះតែនឹកអស្ចារ្យក្នុងចិត្ត ដោយសារការយល់ដឹងនិងចម្លើយរបស់កុមារនោះ។+ ៤៨ ពេលឪពុកម្ដាយឃើញកូន ពួកគាត់ក៏ភ្ញាក់ផ្អើល ហើយម្ដាយរបស់កុមារបាននិយាយថា៖ «ហេតុអ្វីបានជាកូនធ្វើឲ្យយើងបារម្ភដូច្នេះ? ពុកនិងម៉ែខំរកកូនទាំងពិបាកចិត្តខ្លាំងណាស់»។ ៤៩ ប៉ុន្តែ កុមារសួរថា៖ «ហេតុអ្វីបានជាដើររកកូន? តើមិនបាននឹកឃើញថាកូននៅក្នុងវិហាររបស់បិតាកូនទេឬ?»។+ ៥០ ទោះជាឮដូច្នោះក៏ដោយ ពួកគាត់មិនបានយល់អត្ថន័យនៃពាក្យរបស់កូនឡើយ។
៥១ រួចមក កុមារយេស៊ូបានចុះទៅក្រុងណាសារ៉ែតជាមួយនឹងពួកគាត់វិញ ហើយបន្តស្ដាប់បង្គាប់*ពួកគាត់។+ ម្ដាយរបស់កុមារបានចងចាំពាក្យទាំងនេះទុកក្នុងចិត្តជានិច្ច។+ ៥២ កុមារយេស៊ូកាន់តែធំឡើង ហើយមានប្រាជ្ញាកាន់តែច្រើន ថែមទាំងទទួលការពេញចិត្តពីព្រះនិងមនុស្សទៀតផង។