និយមន័យពាក្យក្នុងគម្ពីរ
ក ខ គ ច ឆ ជ ឈ ដ ឋ ឌ ណ ត ថ ទ ធ ន ប ផ ព ភ ម យ រ ល វ ស ហ ឡ អ
ក
កណ្ដូប
កន្លែងកាត់ក្ដី
ជាវេទិកាដែលនៅខាងក្រៅ មានជណ្ដើរឡើង ហើយមានពួកមន្ត្រីអង្គុយនៅទីនោះ។ ពួកគេនិយាយទៅកាន់បណ្ដាជននិងប្រកាសអំពីការសម្រេចក្ដីរបស់ពួកគេ។ ពាក្យ«កន្លែងកាត់ក្ដីរបស់ព្រះ»និង«កន្លែងកាត់ក្ដីរបស់គ្រិស្ត» ជាតំណាងការរៀបចំរបស់ព្រះយេហូវ៉ាដើម្បីវិនិច្ឆ័យមនុស្សជាតិ។—រ៉ូម ១៤:១០; ២កូ ៥:១០; យ៉ូន ១៩:១៣
កន្លែងជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា
ជាកន្លែងដែលមានរណ្ដៅពីរ ដែលបានត្រូវធ្វើពីថ្មកំបោរ។ រណ្ដៅមួយខ្ពស់ជាងរណ្ដៅមួយទៀត ហើយមានចង្អូរមួយភ្ជាប់រវាងរណ្ដៅពីរនោះ។ ពេលគេជាន់ផ្លែទំពាំងបាយជូរនៅរណ្ដៅដែលខ្ពស់ជាង នោះទឹកទំពាំងបាយជូរក៏ហូរទៅរណ្ដៅដែលទាបជាង។ ពាក្យនេះបានត្រូវប្រើក្នុងន័យធៀបសម្រាប់ការវិនិច្ឆ័យទោសពីព្រះ។—អេ ៥:២; បប ១៩:១៥
កន្លែងបរិសុទ្ធ
ជាកន្លែងទុកសម្រាប់គោរពប្រណិប័តន៍ ហើយច្រើនតែសំដៅលើត្រសាលឬវិហារនៅក្រុងយេរូសាឡិម។ ពាក្យនេះក៏បានត្រូវប្រើជាលំនៅរបស់ព្រះនៅស្ថានសួគ៌ដែរ។—ដច ២៥:៨, ៩; ២បស ១០:២៥; ១ប្រ ២៨:១០; បប ១១:១៩
កន្លែងបរិសុទ្ធបំផុត
ជាបន្ទប់ខាងក្នុងបំផុតនៃត្រសាលនិងវិហារ។ នោះជាបន្ទប់ដែលមានហឹបនៃកិច្ចព្រមព្រៀង។ យោងតាមច្បាប់ម៉ូសេ មានតែសម្ដេចសង្ឃប៉ុណ្ណោះដែលអាចចូលក្នុងទីបរិសុទ្ធបំផុតបាន ហើយគាត់ចូលមួយឆ្នាំម្ដងនៅថ្ងៃជម្រះភាពខុសឆ្គង។—ដច ២៦:៣៣; ចល ១៦:២, ១៧; ១បស ៦:១៦; ហេ ៩:៣
កាណាន
ជាកូនទី៤របស់ហាំ និងត្រូវជាចៅរបស់ណូអេ។ ក្រោយមកមាន១១កុលសម្ព័ន្ធ ដែលជាតំណកូនចៅរបស់កាណាន។ កុលសម្ព័ន្ធទាំងនោះតាំងលំនៅក្នុងតំបន់តាមបណ្ដោយសមុទ្រមេឌីទែរ៉ានេខាងកើត ដែលស្ថិតនៅរវាងស្រុកអេហ្ស៊ីបនិងស្រុកស៊ីរី។ តំបន់នោះហៅថា«ស្រុកកាណាន» (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៤)។—ចល ១៨:៣; ដក ៩:១៨; សកម្ម ១៣:១៩
កាប
ជារង្វាស់រង្វាល់វត្ថុស្ងួតដែលស្មើនឹង១,២២លីត្រ។ នេះជាការគណនាតាមបរិមាណរង្វាល់បាត (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—២បស ៦:២៥
ការកាត់ចុងស្បែក
ជាការកាត់ស្បែកត្រង់ចុងអវយវៈភេទរបស់បុរស។ នេះជាបង្គាប់ដែលអាប្រាហាំនិងកូនចៅរបស់គាត់ត្រូវធ្វើតាម។ ចំណែកពាក្យ«ការមិនកាត់ចុងស្បែក» ពេលខ្លះបានត្រូវប្រើជាពាក្យមើលងាយចំពោះមនុស្សដែលគោរពបូជាព្រះមិនពិត។ ប៉ុន្តែ ការកាត់ចុងស្បែកមិនមែនជាតម្រូវការសម្រាប់គ្រិស្តសាសនិកឡើយ។ នៅបរិបទខ្លះ ពាក្យនេះបានត្រូវប្រើក្នុងន័យធៀប។—ដក ១៧:១០; ១កូ ៧:១៩; ភី ៣:៣
ការក្បត់ជំនឿ
ពាក្យនេះជាភាសាក្រិចអាផូស្តាសៀ (a·po·sta·siʹa) មកពីកិរិយាសព្ទដែលមានន័យត្រង់ថា«ឈរឆ្ងាយពី»។ ពេលពាក្យនេះប្រើជានាម នោះមានន័យថា«ការបោះបង់» «រត់ចោល» ឬ«ការបះបោរ»។ ក្នុងបទគម្ពីរភាសាក្រិច ពាក្យ«ការក្បត់ជំនឿ» ជាចម្បងបានត្រូវប្រើសម្រាប់អ្នកដែលបោះបង់ការគោរពប្រណិប័តន៍ពិតដើម្បីយកការគោរពប្រណិប័តន៍ផ្សេង។—សុភ ១១:៩; សកម្ម ២១:២១; ២ថែ ២:៣
ការជម្រះភាពខុសឆ្គង
ក្នុងបទគម្ពីរភាសាហេប្រឺ ការជម្រះភាពខុសឆ្គងជាប់ទាក់ទងនឹងការជូនគ្រឿងបូជា ដើម្បីឲ្យបណ្ដាជនចូលទៅជិតព្រះនិងគោរពប្រណិប័តន៍លោក។ តាមច្បាប់ម៉ូសេ តម្រូវឲ្យមានការជូនគ្រឿងបូជា ជាពិសេសនៅថ្ងៃជម្រះភាពខុសឆ្គងប្រចាំឆ្នាំ ដើម្បីផ្សះផ្សាជាមួយនឹងព្រះ ទោះជាមនុស្សម្នាក់ៗឬប្រជាជាតិទាំងមូលប្រព្រឹត្តអំពើខុសឆ្គងក៏ដោយ។ គ្រឿងបូជាទាំងនេះបង្ហាញទុកជាមុនអំពីគ្រឿងបូជារបស់លោកយេស៊ូ ដែលបានជម្រះភាពខុសឆ្គងរបស់មនុស្សជាតិមួយដងជាការស្រេច។ នេះផ្ដល់ឱកាសឲ្យមនុស្សអាចផ្សះផ្សាឬមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។—ចល ៥:១០; ២៣:២៨; កូឡ ១:២០; ហេ ៩:១២
ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់
មកពីការជឿថាវិញ្ញាណរបស់មនុស្សស្លាប់បន្តរស់ ហើយជឿថាវិញ្ញាណទាំងនោះអាចប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សដែលនៅរស់ ជាពិសេសតាមរយៈគ្រូខាបដែលទទួលអំណាចពីពួកវិញ្ញាណ។ «ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់» ជាភាសាក្រិចផាម៉ាគីអា (phar·ma·kiʹa) ដែលមានន័យត្រង់ថា«ការប្រើថ្នាំ»។ ក្រោយមក ពាក្យនេះបានត្រូវផ្សារភ្ជាប់នឹងជំនឿលើពួកវិញ្ញាណអាក្រក់ ដោយសារនៅសម័យបុរាណ ពេលគេបួងសួងសុំអំណាចពីពួកវិញ្ញាណកំណាចដើម្បីធ្វើអំពើធ្មប់ គេតែងតែប្រើថ្នាំ។—កាឡ ៥:២០; បប ២១:៨
ការប្រោសឲ្យរស់ឡើងវិញ
ជាការរស់ពីស្លាប់។ ពាក្យភាសាក្រិចអេណាស្តាស៊ីស (a·naʹsta·sis) មានន័យត្រង់ថា«ការលើកឡើង» ឬ«ការក្រោកឈរ»។ ក្នុងគម្ពីរប្រាប់អំពីការប្រោសឲ្យរស់ឡើងវិញ៩ដង រួមទាំងពេលព្រះយេហូវ៉ាប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ។ ទោះជាការប្រោសឲ្យរស់ឡើងវិញផ្សេងទៀតធ្វើឡើងដោយអេលីយ៉ា អេលីសេ លោកយេស៊ូ ពេត្រុស និងប៉ូលក៏ដោយ តែអព្ភូតហេតុទាំងនោះកើតឡើងបានដោយសារឫទ្ធានុភាពរបស់ព្រះ។ ការប្រោស«មនុស្សសុចរិតនិងមនុស្សមិនសុចរិត»ឲ្យរស់ឡើងវិញនៅផែនដី ជាផ្នែកដ៏សំខាន់មួយនៃគោលបំណងរបស់ព្រះ។ (សកម្ម ២៤:១៥) គម្ពីរក៏បានលើកឡើងដែរអំពីការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ ដោយហៅនោះថាការប្រោសឲ្យរស់ឡើងវិញ«មុនគេ» ឬ«មុនដំបូង» នេះទាក់ទងនឹងបងប្អូនរបស់គ្រិស្តដែលបានត្រូវរើសតាំង។—ភី ៣:១១; បប ២០:៥, ៦; យ៉ូន ៥:២៨, ២៩; ១១:២៥
ការផ្សះផ្សា
មើលពាក្យ«ការជម្រះភាពខុសឆ្គង»។
កិច្ចព្រមព្រៀង
ជាកិច្ចសន្យាផ្លូវការរវាងព្រះនិងមនុស្ស ឬរវាងមនុស្សនិងមនុស្ស ដោយសន្យាថាធ្វើឬមិនធ្វើអ្វីមួយ។ ពេលខ្លះ នេះជាសេចក្ដីសន្យារបស់ភាគីតែម្ខាងប៉ុណ្ណោះថានឹងធ្វើតាមល័ក្ខខ័ណ្ឌផ្សេងៗ។ ប៉ុន្តែ ជួនកាលភាគីទាំងពីរត្រូវអនុវត្តតាមល័ក្ខខ័ណ្ឌដែលបានព្រមព្រៀងគ្នា។ ក្រៅពីកិច្ចព្រមព្រៀងដែលព្រះបានធ្វើជាមួយនឹងមនុស្ស គម្ពីរក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងរវាងមនុស្ស កុលសម្ព័ន្ធ ជនជាតិ ឬក្រុមមនុស្សផងដែរ។ កិច្ចព្រមព្រៀងដែលមានសុពលភាពយូរអង្វែង គឺកិច្ចព្រមព្រៀងដែលព្រះបានធ្វើជាមួយនឹងអាប្រាហាំ ជាមួយនឹងដាវីឌ ជាមួយនឹងប្រជាជាតិអ៊ីស្រាអែល (កិច្ចព្រមព្រៀងខាងច្បាប់) និងជាមួយនឹងអ៊ីស្រាអែលនៃព្រះ (កិច្ចព្រមព្រៀងថ្មី)។—ដក ៩:១១; ១៥:១៨; ២១:២៧; ដច ២៤:៧; ២ប្រ ២១:៧
កូនច្បង
ជាកូនប្រុសដំបូងរបស់ឪពុក (មិនមែនកូនប្រុសដំបូងរបស់ម្ដាយទេ)។ នៅសម័យគម្ពីរ កូនច្បងមានកិត្តិយសនិងតួនាទីស្នងវង្សត្រកូលក្រុមគ្រួសារ។ បន្ទាប់ពីឪពុកស្លាប់ កូនច្បងនឹងទៅជាប្រមុខក្រុមគ្រួសារ។ ពាក្យ«កូនដំបូង»បានត្រូវប្រើសម្រាប់កូនសត្វឈ្មោលដំបូង។—ដច ១១:៥; ១៣:១២; ដក ២៥:៣៣; កូឡ ១:១៥
កូនមនុស្ស
ពាក្យនេះមានប្រហែល៨០ដងក្នុងសៀវភៅដំណឹងល្អ។ នេះជាពាក្យសំដៅលើលោកយេស៊ូគ្រិស្ត ហើយបង្ហាញថាលោកបានកើតមកមានសាច់ឈាមជាមនុស្សពិតប្រាកដ មិនមែនជាទេវតាដែលកាឡាខ្លួនជាមនុស្សទេ។ ពាក្យនេះក៏បង្ហាញដែរថា លោកយេស៊ូនឹងសម្រេចទំនាយដែលបានកត់ទុកក្នុងសៀវភៅដានីយ៉ែល ៧:១៣, ១៤។ ក្នុងបទគម្ពីរភាសាហេប្រឺ ពាក្យនេះបានត្រូវប្រើចំពោះអេសេគាលនិងដានីយ៉ែល ដើម្បីបញ្ជាក់អំពីភាពខុសគ្នារវាងអ្នកនាំពាក្យទាំងពីរនាក់នេះដែលជាមនុស្ស និងព្រះដែលជាអ្នកប្រាប់ព័ត៌មានដល់ពួកគេ។—អេគ ៣:១៧; ដាន ៨:១៧; ម៉ាថ ១៩:២៨; ២០:២៨
កេម៉ូស
ព្រះដ៏ធំបំផុតរបស់ជនជាតិម៉ូអាប់។—១បស ១១:៣៣
កេរ៉ា
មានទម្ងន់ស្មើនឹង០,៥៧ក្រាម ហើយស្មើនឹង១ភាគ២០ហ្សេគិល (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—ចល ២៧:២៥
កេហេណា
ជាឈ្មោះភាសាក្រិចសម្រាប់ជ្រលងហ៊ីណំ ដែលស្ថិតនៅភាគខាងត្បូងឆៀងខាងលិចនៃក្រុងយេរូសាឡិមសម័យបុរាណ។ (យេ ៧:៣១) ទំនាយបញ្ជាក់ថានឹងមានសាកសពជាច្រើននៅទីនោះ។ (យេ ៧:៣២; ១៩:៦) គ្មានទីសំអាងដែលបង្ហាញថាគេបោះសត្វ ឬមនុស្សទៅក្នុងកេហេណាដើម្បីឲ្យភ្លើងឆេះទាំងរស់ឬឲ្យទទួលទារុណកម្មទេ។ ដូច្នេះ នោះមិនអាចជាតំណាងកន្លែងមួយដែលមនុស្សមើលមិនឃើញ និងជាកន្លែងដែលព្រលឹងមនុស្សត្រូវទទួលទារុណកម្មជារៀងរហូតក្នុងភ្លើងមែនទែនឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូនិងពួកអ្នកកាន់តាមលោកបានប្រើពាក្យកេហេណាជាតំណាងទោសដែលជា«សេចក្ដីស្លាប់ទី២» គឺការបំផ្លាញចោលដើម្បីកុំឲ្យមានជារៀងរហូត។—បប ២០:១៤; ម៉ាថ ៥:២២; ១០:២៨
ក្រិច
ជាភាសាដែលពលរដ្ឋក្រិចប្រើប្រាស់ ហើយក៏ជាពាក្យដែលគេហៅមនុស្សដែលកើតនៅប្រទេសក្រិច ឬមកពីក្រុមគ្រួសារដែលមានដើមកំណើតជាជនជាតិក្រិច។ ក្នុងបទគម្ពីរភាសាក្រិច ពាក្យនេះមានអត្ថន័យច្រើន ជួនកាលសំដៅលើអស់អ្នកដែលមិនមែនជាជនជាតិយូដា ឬពួកអ្នកដែលទទួលឥទ្ធិពលពីភាសានិងវប្បធម៌របស់ក្រិច។—យ៉ូល ៣:៦; យ៉ូន ១២:២០
ក្រុងដាវីឌ
ពីមុនជាឈ្មោះក្រុងយេប៊ូស តែក្រោយពីដាវីឌបានវាយឈ្នះ ហើយសង់វិមានរបស់គាត់នៅទីនោះ ក៏ដាក់ឈ្មោះថាក្រុងដាវីឌ។ ក្រុងនេះក៏ត្រូវហៅថាស៊ីយ៉ូនដែរ។ ក្រុងនេះស្ថិតនៅភាគខាងត្បូងឆៀងខាងកើតនៃក្រុងយេរូសាឡិម ដែលជាប៉ែកចាស់បំផុតនៃក្រុងនោះ។—២សាំ ៥:៧; ១ប្រ ១១:៤, ៥
ក្រុងពំនាក់
ជាក្រុងរបស់ពួកលេវី ជាកន្លែងសម្រាប់អ្នកដែលសម្លាប់មនុស្សដោយអចេតនា អាចរត់ភៀសខ្លួនទៅនៅទីនោះដើម្បីរួចផុតពីដៃរបស់អ្នកដែលមានសិទ្ធិសងសឹក។ នៅក្នុងទឹកដីដែលព្រះបានសន្យា មានក្រុងពំនាក់ចំនួន៦ ដែលបានត្រូវជ្រើសរើសដោយម៉ូសេ ហើយក្រោយមកដោយយ៉ូស្វេ តាមការណែនាំរបស់ព្រះយេហូវ៉ា។ ពេលទៅដល់ក្រុងពំនាក់ អ្នកដែលរត់ភៀសខ្លួនត្រូវប្រាប់រឿងរ៉ាវរបស់ខ្លួនដល់ពួកបុរសចាស់ទុំនៅមាត់ទ្វារក្រុង។ បន្ទាប់មក ពួកបុរសចាស់ទុំត្រូវទទួលគាត់ចូលក្នុងក្រុង។ រួចមក អ្នកដែលរត់ភៀសខ្លួនត្រូវទទួលការកាត់ក្ដីនៅក្នុងក្រុងដែលមានឃាតកម្មកើតឡើង ដើម្បីបង្ហាញថាគាត់គ្មានកំហុស។ នេះជៀសវាងកុំឲ្យអ្នកដែលសម្លាប់គេដោយចេតនាកេងយកប្រយោជន៍ពីការរៀបចំនេះ។ ប្រសិនបើគាត់គ្មានកំហុសមែន គាត់អាចត្រឡប់ទៅក្រុងពំនាក់វិញបាន ហើយគាត់ត្រូវស្នាក់នៅក្នុងក្រុងនោះអស់មួយជីវិត ឬរហូតដល់សម្ដេចសង្ឃស្លាប់។—ជប ៣៥:៦, ១១-១៥, ២២-២៩; យ៉ូស ២០:២-៨
ក្រុមជំនុំ
ជាក្រុមមនុស្សជួបជុំគ្នាដោយមានគោលបំណងឬសកម្មភាពតែមួយ។ ក្នុងបទគម្ពីរភាសាហេប្រឺ ធម្មតាសំដៅលើប្រជាជាតិអ៊ីស្រាអែល។ ពេលខ្លះ ក្នុងបទគម្ពីរភាសាក្រិច ពាក្យនេះសំដៅលើក្រុមជំនុំនានារបស់គ្រិស្តសាសនិក ប៉ុន្តែភាគច្រើនពាក្យនេះបានត្រូវប្រើសំដៅលើគ្រិស្តសាសនិកទាំងឡាយដែលនៅជាក្រុម។—១បស ៨:២២; សកម្ម ៩:៣១; រ៉ូម ១៦:៥
ក្រុមប្រឹក្សាជាន់ខ្ពស់
ជាតុលាការជាន់ខ្ពស់របស់ជនជាតិយូដាក្នុងក្រុងយេរូសាឡិម។ នៅសម័យលោកយេស៊ូ ក្រុមនេះមានសមាជិក៧១នាក់ រួមមានសម្ដេចសង្ឃនិងអ្នកផ្សេងទៀតដែលធ្លាប់មានតំណែងជាសម្ដេចសង្ឃ ព្រមទាំងសមាជិកគ្រួសាររបស់សម្ដេចសង្ឃ ពួកបុរសចាស់ទុំ មេកុលសម្ព័ន្ធនិងមេគ្រួសារ និងពួកអ្នកជំនាញខាងច្បាប់។—ម៉ាក ១៥:១; សកម្ម ៥:៣៤; ២៣:១, ៦
ខ
ខាល់ដេ ឬពួកខាល់ដេ
ពីមុនជាស្រុកនិងជាបណ្ដាជនដែលរស់នៅតំបន់ត្រីកោណនៃទន្លេទីគ្រីសនិងទន្លេអឺប្រាត។ ក្រោយមកពាក្យនេះសំដៅលើស្រុកបាប៊ីឡូននិងអ្នករស់នៅស្រុកនោះ។ «ពួកខាល់ដេ»ថែមទាំងសំដៅលើក្រុមមនុស្សដែលសិក្សាផ្នែកវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ ភាសា និងតារាសាស្ត្រ តែក៏ជាអ្នកដែលចេះវេទមន្តនិងហោរាសាស្ត្រដែរ។—អែស ៥:១២; ដាន ៤:៧; សកម្ម ៧:៤
ខេហ្សា
ខែថ្មី
ជាថ្ងៃទី១នៃខែនីមួយៗក្នុងប្រតិទិនរបស់ជនជាតិយូដា។ នោះជាថ្ងៃសម្រាប់ការជួបជុំគ្នា ការបរិភោគអាហារ និងការជូនគ្រឿងបូជាពិសេសៗ។ ជាយូរក្រោយមក ថ្ងៃនោះបានទៅជាថ្ងៃបុណ្យជាតិដ៏សំខាន់មួយ ហើយមនុស្សមិនធ្វើការនៅថ្ងៃនោះទេ។—ជប ១០:១០; ២ប្រ ៨:១៣; កូឡ ២:១៦
ខ្សែដង្ហក់
ជាខ្សែស្បែកឬខ្សែដែលត្បាញពីសរសៃរុក្ខជាតិ សរសៃសត្វ ឬសក់សត្វ។ នៅផ្នែកកណ្ដាលមានថ្នក់សម្រាប់ដាក់គ្រាប់ថ្មឬអ្វីផ្សេងទៀត ហើយនៅចុងម្ខាងនៃខ្សែដង្ហក់ គេចងនៅនឹងដៃឬកដៃ រីឯចុងម្ខាងទៀតគេកាន់នៅនឹងដៃ រួចមកគ្រវី ហើយគ្រវែងគ្រាប់ថ្មទៅ។ នៅសម័យបុរាណ ជនជាតិខ្លះមានកងទ័ពដែលចេះប្រើខ្សែដង្ហក់យ៉ាងស្ទាត់។—អសក ២០:១៦; ១សាំ ១៧:៥០
គ
គម្របសម្រាប់ផ្សះផ្សា
ជាគម្របហឹបនៃកិច្ចព្រមព្រៀង។ នៅថ្ងៃជម្រះភាពខុសឆ្គង សម្ដេចសង្ឃប្រោះឈាមនៃគ្រឿងបូជាសម្រាប់អំពើខុសឆ្គងនៅខាងមុខគម្របនោះ។ ពាក្យនេះជាភាសាហេប្រឺមកពីកិរិយាសព្ទ ដែលមានន័យថា«ដើម្បីគ្របបាំង (ភាពខុសឆ្គង)» ឬប្រហែលជា«ដើម្បីលុបចោល (ភាពខុសឆ្គង)»។ គម្របនេះធ្វើពីមាស ហើយមានចេរូប៊ីនពីរនៅចុងសងខាងគម្រប។ ជួនកាល ហៅខ្លីថា«គម្រប» (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៥)។—ដច ២៥:១៧-២២; ១ប្រ ២៨:១១; ហេ ៩:៥
គីធីត
ជាពាក្យភ្លេងដែលមានអត្ថន័យមិនច្បាស់លាស់ ទោះជាពាក្យនេះមើលទៅមកពាក្យភាសាហេប្រឺកាថក៏ដោយ។ អ្នកខ្លះជឿថាពាក្យនេះអាចជាបទភ្លេងអំពីការធ្វើស្រា ដោយសារពាក្យកាថសំដៅលើកន្លែងសម្រាប់ជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា។—ចសព ៨១:ពាក្យផ្ដើម
គីលាត
ជាតំបន់មានជីជាតិ ស្ថិតនៅខាងកើតទន្លេយ៉ូដាន់ លាតសន្ធឹងដល់ខាងជើងនិងខាងត្បូងនៃជ្រលងយ៉ាបុក។ ជួនកាល ពាក្យនេះបានត្រូវប្រើសម្រាប់ទឹកដីទាំងមូលរបស់ជនជាតិអ៊ីស្រាអែលដែលនៅខាងកើតទន្លេយ៉ូដាន់។ នេះជាទីលំនៅរបស់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៤)។—ជប ៣២:១; យ៉ូស ១២:២; ២បស ១០:៣៣
គីស្លេវ
ក្រោយពីជនជាតិយូដាចេញពីបាប៊ីឡូន គីស្លេវជាឈ្មោះខែទី៩នៃប្រតិទិនសាសនារបស់ជនជាតិយូដា និងជាខែទី៣នៃប្រតិទិនកសិកម្ម។ រាប់ចាប់ពីពាក់កណ្ដាលខែវិច្ឆិកាដល់ពាក់កណ្ដាលខែធ្នូ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។—នេហ ១:១; សាក ៧:១
គុណដ៏វិសេសលើសលប់
ជាពាក្យភាសាក្រិច បញ្ជាក់គំនិតអំពីអ្វីដែលធ្វើឲ្យពេញចិត្តនិងដែលទាក់ទាញចិត្ត។ ជារឿយៗ ពាក្យនេះប្រើសំដៅលើការឲ្យអំណោយដែលប្រកបដោយចិត្តសប្បុរស។ ពេលនិយាយអំពីគុណដ៏វិសេសលើសលប់របស់ព្រះ ពាក្យនេះគឺពណ៌នាអំពីអំណោយដែលព្រះផ្ដល់ឲ្យដោយចិត្តទូលាយនិងឥតគិតថ្លៃ ដោយមិនរំពឹងថានឹងបានអ្វីមកវិញទេ។ នេះបង្ហាញថាព្រះមានចិត្តទូលាយយ៉ាងខ្លាំង និងមានសេចក្ដីស្រឡាញ់ដ៏លើសលប់ចំពោះមនុស្ស។ ពាក្យនេះជាភាសាក្រិចក៏បានត្រូវបកប្រែដែរថា«សេចក្ដីមេត្តា» និង«អំណោយដ៏សប្បុរស»។ នេះក៏បង្ហាញអំពីការឲ្យដែលកើតចេញពីចិត្តសប្បុរស មិនមែនជាការឲ្យដោយសារអ្នកទទួលសមនឹងទទួល ឬជាតម្លៃតបស្នងឡើយ។—២កូ ៦:១; អេភ ១:៧
គោព្រៃ
ជាសត្វគោមួយប្រភេទនៅសម័យបុរាណ។ ដោយសារវាឆាប់ខឹង ដូច្នេះគេមិនចិញ្ចឹមវានៅក្នុងស្រុកទេ។ គោព្រៃអាចមានកម្ពស់ដល់ពីរម៉ែត្រ ហើយមានប្រវែងជិតបីម៉ែត្រ និងមានទម្ងន់ប្រហែល៩០០គីឡូក្រាម។
គ្រាចុងក្រោយបង្អស់
ពាក្យនេះស្រដៀងនឹងពាក្យ«ផ្នែកចុងក្រោយ»ដែលបានត្រូវប្រើក្នុងទំនាយនៃគម្ពីរ សំដៅលើគ្រាដែលកើតមានព្រឹត្តិការណ៍សំខាន់ៗ រហូតនាំទៅដល់ទីបញ្ចប់។ (អេគ ៣៨:១៦; ដាន ១០:១៤; សកម្ម ២:១៧) នេះអាចមានរយៈពេលតែពីរបីឆ្នាំឬយូរឆ្នាំ អាស្រ័យលើទំនាយ។ ភាគច្រើន គម្ពីរប្រើពាក្យនេះសំដៅលើ«គ្រាចុងក្រោយបង្អស់»នៃរបៀបរបបពិភពលោក ក្នុងអំឡុងវត្តមានរបស់លោកយេស៊ូដែលមនុស្សមើលមិនឃើញ។—២ធី ៣:១; យ៉ា ៥:៣; ២ពេ ៣:៣
គ្រិស្ត
ជាឋានន្តររបស់លោកយេស៊ូ។ ពាក្យនេះមកពីភាសាក្រិចគ្រិស្តុស ដែលមានន័យដូចគ្នានឹងពាក្យភាសាហេប្រឺ«មេស្ស៊ី» ឬ«អ្នកដែលព្រះបានរើសតាំង»។—ម៉ាថ ១:១៦; យ៉ូន ១:៤១
គ្រិស្តសាសនិក
ជាឈ្មោះដែលព្រះបានឲ្យដល់ពួកអ្នកកាន់តាមលោកយេស៊ូគ្រិស្ត។—សកម្ម ១១:២៦; ២៦:២៨
គ្រូខាប
ជាអ្នកដែលអះអាងថាខ្លួនអាចអន្ទងវិញ្ញាណមនុស្សស្លាប់ ឬអាចនិយាយជាមួយនឹងមនុស្សស្លាប់បាន។—ចល ២០:២៧; បច ១៨:១០-១២; ២បស ២១:៦
គ្រឿងក្រអូប
ជាសារធាតុដែលមានលាយជ័រ ប្រេង និងឈើក្រអូប ហើយគ្រឿងនោះឆេះយឺតៗជួយបញ្ចេញនូវក្លិនក្រអូបឈ្ងុយឈ្ងប់។ មានគ្រឿងក្រអូបពិសេសមួយដែលមានលាយធាតុផ្សំបួនយ៉ាង ហើយបានត្រូវប្រើនៅឯត្រសាលនិងវិហារ។ គេដុតគ្រឿងក្រអូបពិសេសនោះនៅពេលព្រឹកនិងនៅពេលយប់លើទីបូជានៃគ្រឿងក្រអូបក្នុងបន្ទប់បរិសុទ្ធ តែនៅថ្ងៃជម្រះភាពខុសឆ្គង គេដុតគ្រឿងនោះនៅខាងក្នុងទីបរិសុទ្ធបំផុត។ នេះជាតំណាងសេចក្ដីអធិដ្ឋានរបស់អ្នកបម្រើស្មោះត្រង់របស់ព្រះ ជាសេចក្ដីអធិដ្ឋានដែលលោកពេញចិត្តស្ដាប់។ ការប្រើគ្រឿងក្រអូបមិនមែនជាតម្រូវការសម្រាប់គ្រិស្តសាសនិកទេ។—ដច ៣០:៣៤, ៣៥; ចល ១៦:១៣; បប ៥:៨
គ្រឿងចម្បាំង
ជាគ្រឿងការពារខ្លួនរបស់ទាហានមានដូចជា មួកការពារក្បាល អាវការពារដើមទ្រូង ខ្សែក្រវាត់ចង្កេះ ប្រដាប់ការពារស្មងជើង និងខែល។—១សាំ ៣១:៩; អេភ ៦:១៣-១៧
គ្រឿងបូជា
ជាការជូនដល់ព្រះដើម្បីបង្ហាញអំណរគុណ ទទួលស្គាល់កំហុស និងដើម្បីមានចំណងមិត្តភាពល្អជាមួយនឹងលោកឡើងវិញ។ អេបិលជាមនុស្សដំបូងដែលបានជូនគ្រឿងបូជាស្ម័គ្រចិត្តដល់ព្រះ ដូចជាការជូនសត្វជាដើម។ ក្រោយមកការជូនគ្រឿងបូជា បានទៅជាតម្រូវការមួយដែលមានចែងក្នុងច្បាប់ម៉ូសេ។ បន្ទាប់ពីលោកយេស៊ូបានលះបង់ជីវិតជាគ្រឿងបូជាល្អឥតខ្ចោះ ការជូនសត្វជាគ្រឿងបូជាលែងជាតម្រូវការទៀត។ ប៉ុន្តែ គ្រិស្តសាសនិកនៅតែបន្តជូនគ្រឿងបូជាដល់ព្រះក្នុងន័យធៀប។—ដក ៤:៤; ហេ ១៣:១៥, ១៦; ១យ៉ូន ៤:១០
គ្រឿងបូជាជាស្រា
គ្រឿងបូជាដុត
គ្រឿងបូជានៃមេត្រីភាព
ជាគ្រឿងបូជាដែលបានជូនដល់ព្រះយេហូវ៉ាដើម្បីសុំមានទំនាក់ទំនងល្អជាមួយនឹងលោក។ អ្នកគោរពប្រណិប័តន៍ព្រះនិងអ្នកផ្ទះរបស់គាត់ និងសង្ឃដែលកំពុងជូនគ្រឿងបូជា ព្រមទាំងសង្ឃផ្សេងទៀតដែលមានភារកិច្ច នឹងបរិភោគផ្នែកខ្លះនៃគ្រឿងបូជានោះ។ ពេលសង្ឃដុតខ្លាញ់ឲ្យផ្សែងហុយឡើង នោះធ្វើព្រះយេហូវ៉ាពេញចិត្ត ហាក់ដូចជាលោកទទួលយកគ្រឿងបូជានោះ។ ចំណែកឈាមតំណាងជីវិត ក៏ត្រូវជូនដល់លោកដែរ។ នេះហាក់ដូចជាពួកសង្ឃនិងអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា អង្គុយបរិភោគជាមួយនឹងលោក ដែលជាការបង្ហាញនូវចំណងមិត្តភាពល្អ។—ចល ៧:២៩, ៣២; បច ២៧:៧
គ្រឿងបូជាសម្រាប់ការខុសឆ្គង
គ្រឿងបូជាសម្រាប់លើកចុះឡើង
ជាគ្រឿងបូជាមួយប្រភេទដែលសង្ឃទំនងជាលើកដៃរបស់អ្នកគោរពប្រណិប័តន៍ដែលកាន់គ្រឿងបូជានោះចុះឡើង ឬបង្វិលដៃអ្នកនោះទៅមក ឬសង្ឃផ្ទាល់ជាអ្នកលើកគ្រឿងបូជានោះចុះឡើង។ ការធ្វើដូច្នេះបង្ហាញថា គ្រឿងបូជាកំពុងត្រូវផ្ដល់ជូនចំពោះព្រះយេហូវ៉ា។—ចល ៧:៣០
គ្រឿងបូជាសម្រាប់អរគុណ
ជាគ្រឿងបូជានៃមេត្រីភាពដើម្បីសរសើរព្រះ ដោយសារលោកផ្ដល់ការផ្គត់ផ្គង់និងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។ ក្រោយពីគេបានជូនគ្រឿងបូជាសាច់សត្វ នំប៉័ងនិងនំប៉័ងឥតដំបែរួចហើយ គេបរិភោគគ្រឿងបូជាទាំងនេះនៅថ្ងៃនោះឯង។—២ប្រ ២៩:៣១
គ្រឿងបូជាសម្រាប់អំពើរំលង
ជាគ្រឿងបូជាលោះការខុសឆ្គងរបស់មនុស្សម្នាក់។ នេះខុសគ្នាបន្តិចពីគ្រឿងបូជាឯទៀតសម្រាប់អំពើខុសឆ្គង ពីព្រោះដោយជូនគ្រឿងបូជានេះ អ្នកដែលធ្វើខុសបានបង្ហាញថាគាត់ប្រែចិត្ត ហើយទទួលស្គាល់ថាគាត់បានបំពានសិទ្ធិអ្នកឯទៀតដែលរៀបរាប់នៅក្នុងកិច្ចព្រមព្រៀង ឬគាត់ចង់ទទួលបានសិទ្ធិដែលគាត់បាត់បង់ត្រឡប់មកវិញ និងដើម្បីគាត់រួចផុតពីការដាក់ទោស។ គាត់បាត់បង់សិទ្ធិនេះ ដោយសារគាត់បានប្រព្រឹត្តអំពើខុសឆ្គង។—ចល ៧:៣៧; ១៩:២២; អេ ៥៣:១០
គ័រ
ជារង្វាស់រង្វាល់វត្ថុស្ងួតនិងវត្ថុរាវ។ មួយគ័រស្មើនឹង២២០លីត្រ។ នេះជាការគណនាតាមបរិមាណរង្វាល់បាត (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—១បស ៥:១១
ច
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង
ជាពាក្យផ្ដើមក្នុងសៀវភៅចម្រៀងសរសើរព្រះ បទទី១២០ដល់១៣៤។ ទោះជាមានគំនិតផ្សេងៗអំពីអត្ថន័យនៃពាក្យនេះក៏ដោយ តែមនុស្សជាច្រើនជឿថាបទទាំង១៥ក្នុងចម្រៀងនេះបានត្រូវច្រៀងយ៉ាងសប្បាយរីករាយដោយជនជាតិអ៊ីស្រាអែល កាលដែល«ធ្វើដំណើរឡើង»ទៅក្រុងយេរូសាឡិម ដែលនៅលើភ្នំនៃយូដា ដើម្បីចូលរួមបុណ្យធំទាំងបីប្រចាំឆ្នាំ។
ចិញ្ចៀនត្រា
ចេរូប៊ីន
ចំអាម
ជារង្វាស់ប្រវែង តាមការប៉ាន់ស្មានមួយចំអាមមានប្រវែងពីចុងម្រាមមេដៃដល់ចុងម្រាមកូនដៃ ពេលត្រដាងបាតដៃ។ បើគណនាតាមរង្វាស់ហត្ថដែលមានប្រវែង៤៤,៥សង់ទីម៉ែត្រ នោះមួយចំអាមស្មើនឹង២២,២សង់ទីម៉ែត្រ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—ដច ២៨:១៦; ១សាំ ១៧:៤
ច្បាប់ម៉ូសេ ឬច្បាប់
នេះសំដៅលើច្បាប់ដែលព្រះយេហូវ៉ាបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ នៅតំបន់ស្ងាត់ជ្រងំស៊ីណាយក្នុងឆ្នាំ១៥១៣ មុនគ.ស.។ សៀវភៅប្រាំក្បាលដំបូងក្នុងគម្ពីរច្រើនតែត្រូវហៅថា«ច្បាប់»។ (យ៉ូស ២៣:៦; លូក ២៤:៤៤; ម៉ាថ ៧:១២; កាឡ ៣:២៤) ម្យ៉ាងទៀត នេះអាចសំដៅលើច្បាប់នីមួយៗក្នុងច្បាប់ម៉ូសេ ឬគោលការណ៍ច្បាប់ទូទៅ។—ជប ១៥:១៦; បច ៤:៨
ឆ
ឆ្នោត
អាចជាក្រួស ដុំឈើតូចៗ ឬគ្រាប់ថ្មតូចៗ ដែលគេប្រើដើម្បីធ្វើការសម្រេចចិត្ត។ គេដាក់ឆ្នោតទាំងនេះនៅក្នុងថ្នក់អាវឬផើង រួចក្រឡុក។ ឆ្នោតដែលគេចាប់យក ឬដែលធ្លាក់ចេញមក ចាត់ទុកជាឆ្នោតដែលគេជ្រើសរើស។ ជារឿយៗ គេអធិដ្ឋានមុននឹងធ្វើដូច្នេះ។ ពាក្យភាសាដើម«ឆ្នោត»ប្រើក្នុងន័យត្រង់និងន័យធៀប ដែលមានន័យថា«ចែក» ឬ«ចំណែក»។—យ៉ូស ១៤:២; ចសព ១៦:៥; សុភ ១៦:៣៣; ម៉ាថ ២៧:៣៥
ឆ្នាំសោមនស្ស
ធ្វើឡើងរាល់៥០ឆ្នាំម្ដង រាប់ចាប់ពីអ៊ីស្រាអែលចូលក្នុងទឹកដីដែលព្រះបានសន្យា។ នៅក្នុងឆ្នាំសោមនស្ស ដីត្រូវទុកចោលឲ្យនៅទំនេរ ហើយខ្ញុំបម្រើជាជនជាតិហេប្រឺនឹងត្រូវដោះលែងឲ្យមានសេរីភាព។ ដីជាមត៌កដែលបានលក់ នឹងត្រូវប្រគល់មកម្ចាស់ដើមវិញ។ ក្នុងន័យមួយ ឆ្នាំសោមនស្សជាពិធីបុណ្យពេញមួយឆ្នាំ ហើយជាឆ្នាំមានសេរីភាពដែលនាំឲ្យប្រជាជាតិទាំងមូលត្រឡប់ទៅសភាពដូចពីមុនវិញ គឺពេលដែលព្រះបានរៀបចំឲ្យមានឆ្នាំនោះជាលើកដំបូង។—ចល ២៥:១០
ជ
ជនគម្រៀវ
ន័យត្រង់បុរសដែលត្រូវគេគ្រៀវ។ បុរសបែបនោះច្រើនតែបានត្រូវចាត់ឲ្យទៅបម្រើក្នុងវាំង ឬថែរក្សាមហាក្សត្រីនិងភរិយាបន្ទាប់របស់ស្ដេច។ ពាក្យនេះក៏បានត្រូវប្រើចំពោះបុរសដែលមិនមែនគម្រៀវមែនទែនដែរ តែបានត្រូវតែងតាំងឲ្យធ្វើជាមន្ត្រីក្នុងដំណាក់របស់ស្ដេច។—អេធ ២:១៥; សកម្ម ៨:២៧
ជនជាតិសាម៉ារី
ពាក្យនេះដំបូងសំដៅលើរាជាណាចក្រអ៊ីស្រាអែលខាងជើងដែលមានកុលសម្ព័ន្ធ១០ តែក្រោយពីពួកអាស៊ីរីបានដណ្ដើមយកស្រុកសាម៉ារីនៅឆ្នាំ៧៤០ មុនគ.ស. ពួកអាស៊ីរីក៏បាននាំជនបរទេសឯទៀតឲ្យមករស់នៅក្នុងស្រុកនោះដែរ។ នៅសម័យលោកយេស៊ូ ឈ្មោះសាម៉ារីមិនទាក់ទងនឹងពូជសាសន៍ឬនយោបាយឡើយ តែទាក់ទងនឹងពួកអ្នកដែលជាសមាជិកនៃនិកាយសាសនា ដែលរស់នៅជិតខាងតំបន់ស៊ីគឹមនិងសាម៉ារីនៅសម័យបុរាណ។ មនុស្សដែលកាន់តាមនិកាយនេះ មានជំនឿខុសគ្នាឆ្ងាយពីមនុស្សដែលកាន់សាសនាយូដា។—យ៉ូន ៨:៤៨
ជន្លួញ
ជាដំបងវែងមានចុងស្រួចស្រោបលោហៈ ដែលកសិករប្រើដើម្បីចាក់សត្វឲ្យទៅមុខ។ ជន្លួញគឺប្រៀបដូចជាពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាដែលជំរុញចិត្តអ្នកស្ដាប់ឲ្យធ្វើតាមឱវាទ។ ពាក្យ«ធាក់ជន្លួញ»គឺឃើញរូបភាពអំពីគោក្បាលរឹងដែលមិនព្រមទៅមុខ ហើយចេះតែធាក់ជន្លួញឥតឈប់ ជាលទ្ធផលនាំទុក្ខដល់ខ្លួន។—សកម្ម ២៦:១៤; អសក ៣:៣១; អទ ១២:១១
ជាងស្មូន
ជាអ្នកធ្វើរបស់ផ្សេងៗពីដីឥដ្ឋដូចជា ក្អម ផើង ចាន និងភាជនៈផ្សេងទៀត។ ពាក្យនេះជាភាសាហេប្រឺ មានន័យត្រង់ថា«អ្នកសូន»។ ជាងស្មូនមានសិទ្ធិលើដីឥដ្ឋ ហើយពាក្យនេះច្រើនតែប្រើដើម្បីបញ្ជាក់ថាព្រះយេហូវ៉ាមានសិទ្ធិអំណាចលើមនុស្សម្នាក់ៗ និងលើជនជាតិផ្សេងៗ។—អេ ៦៤:៨; រ៉ូម ៩:២១
ជីវិត
មានពាក្យមួយចំនួនក្នុងភាសាដើម បានត្រូវបកប្រែថា«ជីវិត»។ នេះរួមបញ្ចូលពាក្យភាសាហេប្រឺនីហ្វែស (ne’phesh) និងភាសាក្រិចផ្ស៊ីគី (psy·khe’) ដែលភាគច្រើនបានបកប្រែថា«ជីវិត»ក្នុងសេចក្ដីបកប្រែនេះ។ ពេលពិចារណាមូលហេតុដែលគម្ពីរប្រើពាក្យទាំងនេះ យើងយល់ច្បាស់ថាពាក្យទាំងនេះមានអត្ថន័យជាមូលដ្ឋានសំដៅលើ (១) មនុស្ស (២) សត្វ ឬ(៣) ជីវិតមនុស្សឬសត្វ។ (ដក ១:២០; ២:៧; ១ពេ ៣:២០) ក្នុងសេចក្ដីបកប្រែនេះ ពាក្យភាសាដើមទាំងនេះច្រើនតែបកប្រែតាមបរិបទនីមួយៗ ដោយប្រើពាក្យដូចជា«ជីវិត» «សត្វ» «ចិត្ត» ឬប្រើជាសព្វនាម (ជាឧទាហរណ៍ «ខ្ញុំ»)។ គម្ពីរខ្លះជាភាសាខ្មែរបានបកប្រែពាក្យនីហ្វែស និងផ្ស៊ីគី ថា«ព្រលឹង» មានន័យថាមានអ្វីមួយដែលបន្តរស់ក្រោយស្លាប់ ប៉ុន្តែបទគម្ពីរជាច្រើនផ្ដល់ភ័ស្តុតាងថានីហ្វែស និងផ្ស៊ីគី អាចស្លាប់។ (អេគ ១៨:៤, ២០; ម៉ាថ ១០:២៨) គម្ពីរបង្ហាញយ៉ាងច្បាស់ថា ពេលមនុស្សស្លាប់ គ្មានការគិតគូរ មិនដឹងអ្វីទាល់តែសោះ ឬគ្មានសកម្មភាព។ ដូច្នេះ ការបកប្រែថា«ព្រលឹង»គឺមិនត្រឹមត្រូវទេ។ (ចសព ១៤៦:៤; អទ ៩:៥, ១០) ក្នុងបទគម្ពីរខ្លះនីហ្វែស និងផ្ស៊ីគី បានត្រូវបកប្រែថា«អស់ពីកម្លាំងកាយ» ឬ«អស់ពីដួងចិត្ត»។ (បច ៦:៥; ម៉ាថ ២២:៣៧) ក្នុងបរិបទខ្លះ ពាក្យភាសាដើមទាំងនេះអាចប្រើសំដៅលើបំណងឬចំណង់នៃជីវិតទាំងឡាយ។ ពាក្យទាំងនេះក៏អាចសំដៅលើមនុស្សស្លាប់ឬសាកសពដែរ។—ជប ៦:៦; សុភ ២៣:២; អេ ៥៦:១១; ហាក ២:១៣
ជំនួយការខាងកិច្ចបម្រើ
ពាក្យនេះជាភាសាក្រិចឌីអាកូណូស (di·aʹko·nos) ជារឿយៗបានត្រូវបកប្រែថា«អ្នកបម្រើ»។ «ជំនួយការខាងកិច្ចបម្រើ»សំដៅលើអ្នកដែលជួយក្រុមអ្នកចាស់ទុំក្នុងក្រុមជំនុំ។ ដើម្បីមានឯកសិទ្ធនេះ គាត់ត្រូវមានគុណសម្បត្តិគ្រប់គ្រាន់ស្របតាមខ្នាតតម្រាក្នុងគម្ពីរ។—១ធី ៣:៨-១០, ១២
ជ័រល្វីងទេស
ជាជ័រក្រអូបម្យ៉ាងដែលបានមកពីគុម្ពបន្លា ឬដើមឈើតូចៗដែលជាប្រភេទដើមខមមីភូរ៉ា (Commiphora)។ ជ័រល្វីងទេសជាល្បាយមួយដាក់ក្នុងប្រេងសម្រាប់រើសតាំង។ គេប្រើជ័រល្វីងទេសដើម្បីធ្វើឲ្យសម្លៀកបំពាក់ឬគ្រែមានក្លិនក្រអូប ហើយគេដាក់នៅក្នុងប្រេងសម្រាប់ធ្វើសរសៃនិងដាក់នៅក្នុងឡេសម្រាប់លាបខ្លួន ហើយក៏ប្រើសម្រាប់អប់សពមុននឹងបញ្ចុះដែរ។—ដច ៣០:២៣; សុភ ៧:១៧; យ៉ូន ១៩:៣៩
ជ្រមុជទឹក
ជាកិរិយាសព្ទមានន័យថា«ពន្លិចទៅក្នុងទឹក»។ លោកយេស៊ូតម្រូវថាអ្នកណាដែលចង់ធ្វើជាអ្នកកាន់តាមលោក អ្នកនោះត្រូវទទួលការជ្រមុជទឹក។ បទគម្ពីរក៏ចែងដែរអំពីយ៉ូហានដែលជាអ្នកជ្រមុជទឹកឲ្យគេ ការជ្រមុជទឹកក្នុងឫទ្ធានុភាពបរិសុទ្ធ ការជ្រមុជទឹកក្នុងភ្លើង និងការជ្រមុជទឹកផ្សេងទៀត។—ម៉ាថ ៣:១១, ១៦; ២៨:១៩; យ៉ូន ៣:២៣; ១ពេ ៣:២១
ឈ
ឈ្នួត
ជាក្រណាត់រុំក្បាល និងជាគ្រឿងលម្អក្បាល។ សម្ដេចសង្ឃពាក់ឈ្នួតធ្វើពីក្រណាត់សាច់ល្អ ហើយនៅខាងមុខឈ្នួតមានស្លាកមាសចងភ្ជាប់ជាមួយនឹងខ្សែពណ៌ខៀវ។ ចំណែកឯស្ដេចវិញ គាត់ពាក់ឈ្នួតនៅក្រោមមកុដ។ យ៉ូបធ្លាប់ប្រើពាក្យនេះ ពេលគាត់ប្រៀបធៀបយុត្តិធម៌របស់គាត់ទៅនឹងឈ្នួតក្បាល។—ដច ២៨:៣៦, ៣៧; យ៉ូប ២៩:១៤; អេគ ២១:២៦
ដ
ដបថ្មកែវ
ជាដបប្រេងក្រអូបតូចដែលធ្វើពីថ្ម ហើយគេរកឃើញនៅជិតអាឡាបាស្រូនក្នុងប្រទេសអេហ្ស៊ីប។ ជាទូទៅ ដបថ្មកែវទាំងនោះមានកតូចដែលងាយស្រួលបិទកុំឲ្យហៀរប្រេងក្រអូបចេញ។ ដបថ្មកែវប្រភេទនោះមានឈ្មោះថាអាឡាបាស្ទឺ។—ម៉ាក ១៤:៣
ដាកុន
ជាព្រះមួយរបស់ជនជាតិភីលីស្ទីន។ ដើមកំណើតនៃពាក្យនេះមិនច្បាស់លាស់ តែបណ្ឌិតខ្លះនិយាយថាពាក្យនេះមកពីភាសាហេប្រឺដាក (ត្រី)។—អសក ១៦:២៣; ១សាំ ៥:៤
ដាក់ដៃលើ
ជាការដាក់ដៃលើអ្នកណាម្នាក់ ដើម្បីតែងតាំងគាត់ឲ្យធ្វើកិច្ចការពិសេស ឬផ្ដល់ពរដល់គាត់ ឬធ្វើឲ្យគាត់ជាសះស្បើយ ឬជាការផ្ដល់ឫទ្ធានុភាពបរិសុទ្ធដល់គាត់។ ជួនកាល មានការដាក់ដៃលើសត្វ មុននឹងយកវាទៅធ្វើជាគ្រឿងបូជា។—ដច ២៩:១៥; ជប ២៧:១៨; សកម្ម ១៩:៦; ១ធី ៥:២២
ដារីក
ជាកាក់មាសរបស់ជនជាតិពើស៊ី មានទម្ងន់៨,៤ក្រាម (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—១ប្រ ២៩:៧
ដើមកក់
ស្រដៀងដើមត្រែងដែលដុះនៅក្នុងទឹក។ គេប្រើសម្រាប់ធ្វើកញ្ជើ កញ្ឆេ ប្រអប់ និងទូក។ គេក៏ប្រើធ្វើជាក្រដាសសម្រាប់សរសេរ និងធ្វើជារមូរដែរ។—ដច ២:៣
ដើមឈើដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់
ដើមឈើដែលផ្ដល់ជីវិត
ដើមត្រែងសម្រាប់វាស់
ជារង្វាស់ដែលមានប្រវែង៦ហត្ថវែង។ បើជាហត្ថធម្មតា មានប្រវែង២,៦៧ម៉ែត្រ តែបើជាហត្ថវែង មានប្រវែង៣,១១ម៉ែត្រ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—អេគ ៤០:៣, ៥; បប ១១:១
ដើមល្វីង
ដេកាប៉ូល
ជាឈ្មោះនៃក្រុងរបស់ក្រិចដែលបង្កើតឡើងជាក្រុម។ ដំបូងមានក្រុង១០ (មកពីពាក្យក្រិចដេកា មានន័យថា«១០» ហើយប៉ូលិស មានន័យថា«ក្រុង»)។ នោះក៏ជាឈ្មោះរបស់តំបន់ខាងកើតនៃសមុទ្រកាលីឡេ និងទន្លេយ៉ូដាន់ ដែលភាគច្រើនជាទីតាំងនៃក្រុងទាំងនោះ។ ក្រុងទាំងនោះជាមជ្ឈមណ្ឌលវប្បធម៌និងពាណិជ្ជកម្មរបស់ក្រិច។ លោកយេស៊ូធ្លាប់ធ្វើដំណើរឆ្លងកាត់តំបន់នោះ តែមិនមានកំណត់ហេតុថាលោកបានទៅក្រុងណាមួយនៃតំបន់នោះទេ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៧និងខ១០)។—ម៉ាថ ៤:២៥; ម៉ាក ៥:២០
ដំណឹងល្អ
ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច មានដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ និងអំពីសេចក្ដីសង្គ្រោះដោយមានជំនឿលើលោកយេស៊ូគ្រិស្ត។—លូក ៤:១៨, ៤៣; សកម្ម ៥:៤២; បប ១៤:៦
ដំបងរាជ្យ
ដំបែ
ជាមេដែលគេដាក់នៅក្នុងម្សៅឬទឹកដើម្បីឲ្យដោរឡើង។ ជាពិសេស មេនោះបានមកពីដុំម្សៅដែលគេបានរក្សាទុក ក្រោយពីបានដោរហើយ។ ជាញឹកញយក្នុងគម្ពីរ ដំបែតំណាងភាពខុសឆ្គងនិងសេចក្ដីពុករលួយ ហើយក៏សំដៅលើការរីកចម្រើនដែលគ្មានអ្នកណាដឹងដែរ។—ដច ១២:២០; ម៉ាថ ១៣:៣៣; កាឡ ៥:៩
ដ្រាកម៉ា
ក្នុងបទគម្ពីរភាសាក្រិច ពាក្យនេះសំដៅលើកាក់ធ្វើពីប្រាក់របស់ក្រិច។ នៅពេលនោះវាមានទម្ងន់៣,៤ក្រាម។ ក្នុងបទគម្ពីរភាសាហេប្រឺ មានការលើកឡើងអំពីកាក់មាសមួយដ្រាកម៉ានៅសម័យពើស៊ី ដែលស្មើនឹងមួយដារីក (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—នេហ ៧:៧០; ម៉ាថ ១៧:២៤
ឋ
ឋាឋារ៉ុស
ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ឋាឋារ៉ុសសំដៅលើស្ថានភាពដូចជាគុក។ ពួកទេវតាដែលមិនស្ដាប់បង្គាប់ព្រះនៅសម័យណូអេ បានត្រូវបោះទៅក្នុងស្ថានភាពនោះ។ នៅពេត្រុសទី២ ២:៤ ការប្រើកិរិយាសព្ទឋាឋារ៉ូ (tar·ta·roʹo) មានន័យថា«បោះទៅក្នុងឋាឋារ៉ុស» តែមិនមានន័យថា«ពួកទេវតាដែលបានធ្វើអំពើខុសឆ្គង»បានត្រូវបោះទៅក្នុងឋាឋារ៉ុស (ជាគុកក្រោមដីនិងជាកន្លែងងងឹតសម្រាប់ព្រះឋានៈទាប) ដែលជារឿងព្រេងរបស់សាសនាមិនពិតទេ។ ផ្ទុយទៅវិញ ពាក្យនេះមានន័យថាព្រះបានទម្លាក់ពួកទេវតាទាំងនោះ ហើយដាក់ពួកគេនៅក្នុងស្ថានភាពដ៏ថោកទាប ដែលមិនមានឋានៈឬឯកសិទ្ធិដូចពីមុនឡើយ។ ការស្ថិតក្នុងស្ថានភាពបែបនេះធ្វើឲ្យពួកគេលែងយល់អំពីអ្វីៗដែលទាក់ទងនឹងគោលបំណងដ៏ត្រចះត្រចង់របស់ព្រះ។ ពួកគេមានអនាគតងងឹតសូន្យសុង ពីព្រោះគម្ពីរប្រាប់ថាពួកគេនឹងត្រូវបំផ្លាញឲ្យសាបសូន្យជាមួយនឹងមេកំណាចសាថានដែលជាអ្នកគ្រប់គ្រងរបស់ពួកគេ។ ដូច្នេះ ឋាឋារ៉ុសផ្ដោតទៅលើស្ថានភាពទាបបំផុតរបស់ពួកទេវតាដែលបះបោរប្រឆាំងព្រះ។ នេះខុសគ្នាពី«ទីជ្រៅបំផុត»ដែលមានចែងនៅក្នុងសៀវភៅការបើកបង្ហាញ ២០:១-៣។
ឌ
ឌីណារី
ជាកាក់ធ្វើពីប្រាក់ដែលជារបស់រ៉ូម មានទម្ងន់ប្រហែល៣,៨៥ក្រាម ហើយមានរូបសេសារនៅម្ខាង។ ឌីណារីជាប្រាក់ឈ្នួលសម្រាប់ធ្វើការមួយថ្ងៃ និងជាកាក់ដែលជនជាតិរ៉ូមតម្រូវឲ្យជនជាតិយូដាប្រើដើម្បីបង់«ពន្ធ» (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—ម៉ាថ ២២:១៧; លូក ២០:២៤
ណ
ណាត
ជាប្រេងក្រអូបមានតម្លៃថ្លៃ ហើយមានពណ៌ក្រហមស្រាល មកពីដើមស្ពេកណាត (Nardostachys jatamansi)។ ដោយសារប្រេងណាតមានតម្លៃថ្លៃ នោះជាញឹកញយ គេលាយជាមួយនឹងប្រេងថោកៗ ហើយពេលខ្លះក៏មានប្រេងក្លែងក្លាយដែរ។ ប៉ុន្តែ គួរឲ្យកត់សម្គាល់ ទាំងម៉ាកុសទាំងយ៉ូហានបានប្រាប់ថា«ប្រេងណាតសុទ្ធ»បានត្រូវចាក់លើលោកយេស៊ូ។—ម៉ាក ១៤:៣; យ៉ូន ១២:៣
ណាសារីត
ជាពាក្យមកពីភាសាហេប្រឺ មានន័យថា«អ្នកដែលបានត្រូវជ្រើសរើស» «អ្នកដែលបានត្រូវញែកចេញ» ឬ«អ្នកដែលបានប្រគល់ខ្លួន»។ ណាសារីតមានពីរប្រភេទគឺ អ្នកដែលស្ម័គ្រចិត្តធ្វើជាណាសារីត និងអ្នកដែលព្រះបានតែងតាំងឲ្យធ្វើជាណាសារីត។ បុរសឬស្ត្រីអាចធ្វើសម្បថពិសេសទៅព្រះយេហូវ៉ា ដើម្បីរស់ជាណាសារីតអស់មួយរយៈពេល។ អស់អ្នកដែលស្បថដោយស្ម័គ្រចិត្ត ត្រូវធ្វើតាមចំណុចបីយ៉ាងគឺ មិនត្រូវផឹកស្រាឬបរិភោគអ្វីដែលមកពីផ្លែទំពាំងបាយជូរ មិនត្រូវកាត់សក់ និងមិនត្រូវប៉ះសាកសពឡើយ។ ប៉ុន្តែ អ្នកណាដែលព្រះបានតែងតាំងឲ្យធ្វើជាណាសារីត អ្នកនោះត្រូវធ្វើជាណាសារីតអស់មួយជីវិត ហើយព្រះយេហូវ៉ាមានបង្គាប់ជាក់លាក់សម្រាប់ពួកគេ។—ជប ៦:២-៧; អសក ១៣:៥
ណាសារ៉ែត
ជាឈ្មោះមួយដែលគេហៅលោកយេស៊ូ ព្រោះលោកមកពីក្រុងណាសារ៉ែត។ ពាក្យនេះប្រហែលជាទាក់ទងនឹងពាក្យភាសាហេប្រឺ ដែលមានន័យថា«ពន្លក»នៅអេសាយ ១១:១។ ក្រោយមក គេក៏ប្រើពាក្យនេះសំដៅលើពួកអ្នកកាន់តាមលោកយេស៊ូដែរ។—ម៉ាថ ២:២៣; សកម្ម ២៤:៥
ណែសាន
ក្រោយពីជនជាតិយូដាលែងជាប់ជាឈ្លើយនៅបាប៊ីឡូន ណែសានជាឈ្មោះថ្មីរបស់អាប៊ីប ដែលជាខែទី១ក្នុងប្រតិទិនសាសនារបស់ជនជាតិយូដា និងជាខែទី៧ក្នុងប្រតិទិនកសិកម្ម រាប់ចាប់ពីពាក់កណ្ដាលខែមីនាដល់ពាក់កណ្ដាលខែមេសា (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។—នេហ ២:១
ត
តមអាហារ
ជនជាតិអ៊ីស្រាអែលមានទម្លាប់តមអាហារនៅថ្ងៃជម្រះភាពខុសឆ្គង នៅពេលមានទុក្ខលំបាក និងនៅពេលត្រូវការការណែនាំពីព្រះ។ ជនជាតិយូដាមានទំនៀមទម្លាប់តមអាហារបួនដងក្នុងមួយឆ្នាំ ដើម្បីជាការនឹកចាំព្រឹត្តិការណ៍អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ការតមអាហារមិនមែនជាតម្រូវការសម្រាប់គ្រិស្តសាសនិកទេ។—អែស ៨:២១; អេ ៥៨:៦; លូក ១៨:១២
តេបេថ
ក្រោយពីជនជាតិយូដាលែងជាប់ជាឈ្លើយនៅបាប៊ីឡូន តេបេថជាឈ្មោះខែទី១០ក្នុងប្រតិទិនសាសនារបស់ជនជាតិយូដា និងជាខែទី៤ក្នុងប្រតិទិនកសិកម្ម រាប់ចាប់ពីពាក់កណ្ដាលខែធ្នូដល់ពាក់កណ្ដាលខែមករា (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។—អេធ ២:១៦
តំបន់ភ្នំលីបង់
ជាជួរភ្នំមួយក្នុងចំណោមជួរភ្នំពីរក្នុងទឹកដីលីបង់។ តំបន់ភ្នំលីបង់ស្ថិតនៅទិសខាងលិច ហើយអាន់ទីលីបង់ស្ថិតនៅទិសខាងកើត។ មានជ្រលងវែងមួយសម្បូរជីជាតិនៅកណ្ដាលរវាងជួរភ្នំទាំងពីរនោះ។ តំបន់ភ្នំលីបង់ស្ថិតនៅក្បែរឆ្នេរសមុទ្រមេឌីទែរ៉ានេ ភ្នំនោះជាមធ្យមមានកម្ពស់១.៨០០ម៉ែត្រដល់២.១០០ម៉ែត្រ។ នៅសម័យបុរាណ ភ្នំលីបង់គ្រប់ដណ្ដប់ដោយដើមស៊ីដារធំខ្ពស់ ដែលប្រជាជាតិនៅជុំវិញឲ្យតម្លៃយ៉ាងខ្លាំង (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៧)។—បច ១:៧; ចសព ២៩:៦; ៩២:១២
ត្រសាល
ជាត្រសាលចល័តដែលជនជាតិអ៊ីស្រាអែលប្រើសម្រាប់គោរពប្រណិប័តន៍ព្រះ ក្រោយពីពួកគេចាកចេញពីស្រុកអេហ្ស៊ីប ក៏ជាត្រសាលសម្រាប់ហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា ដែលតំណាងវត្តមានរបស់លោក ហើយជាកន្លែងជូនគ្រឿងបូជានិងគោរពប្រណិប័តន៍លោក។ ពេលខ្លះ គេហៅថា«ត្រសាលជំនុំ»។ គ្រោងត្រសាលនេះ ធ្វើពីឈើក្ដារស៊ុម ហើយបិទបាំងដោយក្រណាត់អំបោះល្អដែលវេញចូលគ្នា និងមានប៉ាក់រូបចេរូប៊ីនពីលើ។ ក្នុងត្រសាលនេះមានបន្ទប់ពីរ ទី១ហៅថាបន្ទប់បរិសុទ្ធ ទី២ហៅថាបន្ទប់បរិសុទ្ធបំផុត (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៥)។—យ៉ូស ១៨:១; ដច ២៥:៩
ត្រសាលជំនុំ
ត្រា
ជាប្រដាប់មានស្នាមឆ្លាក់ គេប្រើដើម្បីបោះ (លើដីឥដ្ឋឬក្រមួន) ដែលជាការបញ្ជាក់នូវកម្មសិទ្ធិ ឬរបស់ពិត ឬកិច្ចសន្យា។ ត្រានៅសម័យបុរាណជាវត្ថុរឹងមួយ (ធ្វើពីថ្ម ភ្លុក ឬឈើ) ដែលមានចម្លាក់ជាអក្សរឬជារូបអ្វីមួយ។ ត្រាបានត្រូវប្រើក្នុងន័យធៀបសម្រាប់អ្វីមួយដែលបានត្រូវបោះត្រាថាជារបស់ពិត ឬជាកម្មសិទ្ធិ ឬជាអ្វីមួយដែលអាថ៌កំបាំង។—ដច ២៨:១១; នេហ ៩:៣៨; បប ៥:១; ៩:៤
ត្រែ
ជាឧបករណ៍ភ្លេងធ្វើពីលោហៈ ប្រើសម្រាប់ផ្លុំជាសញ្ញានិងសម្រាប់តន្ត្រី។ យោងតាមសៀវភៅជំរឿនបណ្ដាជន ១០:២ ព្រះយេហូវ៉ាបានផ្ដល់ការណែនាំឲ្យយកប្រាក់មកធ្វើជាត្រែពីរ ដើម្បីផ្លុំហៅបណ្ដាជនឲ្យមកជួបជុំគ្នា ដើម្បីផ្លុំជាសញ្ញារើជំរំ ឬដើម្បីប្រកាសសង្គ្រាមជាដើម។ ត្រែបែបនេះទំនងជាមានរាងត្រង់ មិនកោងដូចត្រែដែលមកពី«ស្នែង»សត្វទេ។ ត្រែគឺជាឧបករណ៍តន្ត្រីមួយសម្រាប់ប្រើក្នុងវិហារ តែគម្ពីរមិនបានបញ្ជាក់ច្បាស់លាស់អំពីលក្ខណៈរបស់ត្រែទេ។ ជាញឹកញយ ពេលបញ្ជាក់ជាន័យធៀបអំពីការប្រកាសសេចក្ដីវិនិច្ឆ័យរបស់ព្រះយេហូវ៉ា ឬមានព្រឹត្តិការណ៍សំខាន់ៗដែលមកពីលោក នោះមានសំឡេងត្រែអមជាមួយ។—២ប្រ ២៩:២៦; អែស ៣:១០; ១កូ ១៥:៥២; បប ៨:៧–១១:១៥
ថ
ថង់ស្បែក
ជាថង់ដែលធ្វើពីស្បែកពពែឬស្បែកចៀម ហើយបានត្រូវប្រើសម្រាប់ដាក់ស្រា។ ធម្មតាគេដាក់ស្រានៅក្នុងថង់ស្បែកថ្មី ដោយសារស្រានឹងដុះមេ ហើយបង្កើតជាឧស្ម័នកាបូនឌីអុកស៊ីតដែលបណ្ដាលឲ្យថង់ស្បែកប៉ោងឡើងៗ។ ថង់ស្បែកថ្មីតែងតែរីក ប៉ុន្តែថង់ស្បែកចាស់មិនអាចរីកបត់បែនបានទេ ហើយវានឹងផ្ទុះនៅពេលរងសម្ពាធ។—យ៉ូស ៩:៤; ម៉ាថ ៩:១៧
ថាមូស
(១) ជាឈ្មោះរបស់ព្រះមួយ។ នៅក្រុងយេរូសាឡិម ស្ត្រីជនជាតិហេប្រឺដែលក្បត់ជំនឿបានយំនៅមុខព្រះនោះ។ ដំបូងគេជឿថា ថាមូសជាស្ដេចមួយដែលបានត្រូវលើកឡើងជាព្រះ ក្រោយពីគាត់ស្លាប់។ នៅក្នុងសេចក្ដីបកប្រែរបស់ជនជាតិសាមឺ ថាមូសបានត្រូវគេហៅថាឌូមូហ្ស៊ី និងជាគូស្នេហ៍របស់ព្រះនាងអ៊ីណានណា ដែលគេជឿថាជួយឲ្យមានកូន (អ៊ីស្តារបស់ពួកបាប៊ីឡូន)។ (អេគ ៨:១៤) (២) ក្រោយពីជនជាតិយូដាលែងជាប់ជាឈ្លើយនៅបាប៊ីឡូន ថាមូសជាខែទី៤ក្នុងប្រតិទិនចន្ទគតិរបស់ជនជាតិយូដា និងជាខែទី១០ក្នុងប្រតិទិនកសិកម្ម រាប់ចាប់ពីពាក់កណ្ដាលខែមិថុនាដល់ពាក់កណ្ដាលខែកក្កដា (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។
ថាលិន
ជាឯកតាទម្ងន់និងជារូបិយវត្ថុធំបំផុតរបស់ជនជាតិហេប្រឺ។ មួយថាលិនមានទម្ងន់៣៤,២គីឡូក្រាម។ ប៉ុន្តែ ថាលិនក្រិចគឺតូចជាង ហើយមួយថាលិនមានទម្ងន់ប្រហែល២០,៤គីឡូក្រាម (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—១ប្រ ២២:១៤; ម៉ាថ ១៨:២៤
ថ្ងៃជម្រះភាពខុសឆ្គង
ជាថ្ងៃសំខាន់បំផុតរបស់ជនជាតិអ៊ីស្រាអែល ហើយក៏បានត្រូវហៅថាយ៉ុមគីបពួ (មកពីពាក្យហេប្រឺយ៉ុមហាកគីបពួរីម «ថ្ងៃនៃការគ្របបាំង») ធ្វើឡើងនៅថ្ងៃទី១០ ខែអេថានីម។ រាល់ឆ្នាំ នេះជាថ្ងៃតែមួយគត់ដែលសម្ដេចសង្ឃចូលទៅក្នុងទីបរិសុទ្ធបំផុតនៃត្រសាល ដើម្បីជូនឈាមជាគ្រឿងបូជាជម្រះការខុសឆ្គងរបស់គាត់ ពួកលេវី និងបណ្ដាជន។ ថ្ងៃនោះជាថ្ងៃតមអាហារនិងជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ ហើយក៏ជាថ្ងៃឈប់សម្រាកដែលបណ្ដាជនមិនធ្វើការដែរ។—ចល ២៣:២៧, ២៨
ថ្ងៃឈប់សម្រាក
មកពីពាក្យភាសាហេប្រឺ មានន័យថា«សម្រាក» ឬ«ផ្អាក»។ នេះជាថ្ងៃទី៧នៃសប្ដាហ៍របស់ជនជាតិយូដា (ចាប់ពីថ្ងៃលិចថ្ងៃសុក្រ ដល់ថ្ងៃលិចថ្ងៃសៅរ៍)។ បុណ្យខ្លះទៀតដូចជា ឆ្នាំទី៧ និងឆ្នាំទី៥០ ក៏បានត្រូវហៅថាឆ្នាំឈប់សម្រាកដែរ។ នៅថ្ងៃឈប់សម្រាក គ្មានមនុស្សណាម្នាក់ធ្វើការទេ លើកលែងតែសង្ឃដែលបំពេញកិច្ចបម្រើនៅវិហារ។ នៅឆ្នាំឈប់សម្រាក ដីត្រូវទុកនៅទំនេរដោយមិនសាបព្រោះឬភ្ជួររាស់ឡើយ ហើយជនជាតិហេប្រឺដូចគ្នាមិនអាចទារបំណុលពីកូនបំណុលបានទេ។ ច្បាប់ម៉ូសេបានដាក់កំហិតសមហេតុសមផលសម្រាប់ថ្ងៃឈប់សម្រាក។ ប៉ុន្តែ បន្តិចម្ដងៗអ្នកដឹកនាំសាសនាបានបន្ថែមច្បាប់លើថ្ងៃឈប់សម្រាក បានជាមកដល់សម័យលោកយេស៊ូ បណ្ដាជនកាន់តែពិបាកធ្វើតាមច្បាប់ទាំងនោះ។—ដច ២០:៨; ចល ២៥:៤; លូក ១៣:១៤-១៦; កូឡ ២:១៦
ថ្ងៃរៀបចំ
ជាឈ្មោះសម្រាប់ថ្ងៃ ដែលជាថ្ងៃមុនថ្ងៃឈប់សម្រាក។ នៅថ្ងៃនោះជនជាតិយូដារៀបចំអ្វីៗដែលចាំបាច់សម្រាប់ថ្ងៃឈប់សម្រាក។ ថ្ងៃរៀបចំគឺបញ្ចប់នៅពេលដួងអាទិត្យលិច ដែលសព្វថ្ងៃនេះហៅថាថ្ងៃសុក្រ រួចថ្ងៃឈប់សម្រាកចាប់ផ្ដើម។ ថ្ងៃរបស់ជនជាតិយូដា រាប់ចាប់ពីល្ងាចដល់ល្ងាច។—ម៉ាក ១៥:៤២; លូក ២៣:៥៤
ថ្ងៃវិនិច្ឆ័យក្ដី
ជាថ្ងៃឬជាពេលវេលាជាក់លាក់ ដែលព្រះវិនិច្ឆ័យក្រុមមនុស្ស ជនជាតិ ឬមនុស្សទាំងអស់។ នោះអាចជាពេលដែលប្រហារជីវិតបុគ្គលដែលលោកវិនិច្ឆ័យថានឹងស្លាប់ ឬជាពេលដែលលោកវិនិច្ឆ័យឲ្យអ្នកខ្លះទទួលសេចក្ដីសង្គ្រោះ និងជីវិតដែលគ្មានទីបញ្ចប់។ លោកយេស៊ូគ្រិស្តនិងពួកសាវ័ករបស់លោកបានប្រាប់ទុកជាមុនថា«ថ្ងៃវិនិច្ឆ័យក្ដី»នៅអនាគត មិនគ្រាន់តែទាក់ទងនឹងអ្នកដែលនៅរស់ប៉ុណ្ណោះទេ តែក៏ទាក់ទងនឹងអ្នកដែលបានស្លាប់ដែរ។—ម៉ាថ ១២:៣៦
ថ្មដ៏សំខាន់បំផុត
ជាថ្មនៅកាច់ជ្រុងអាគារត្រង់ចំណុចជញ្ជាំងពីរជួបគ្នា។ នោះជាថ្មដ៏សំខាន់ដែលភ្ជាប់រវាងជញ្ជាំងពីរ និងជាថ្មគ្រឹះដ៏សំខាន់បំផុត។ ជាពិសេស គេជ្រើសរើសថ្មតាន់មាំ ពេលសង់កំពែងក្រុងឬអាគារសាធារណៈ។ ពាក្យនេះបានត្រូវប្រើក្នុងន័យធៀប សម្រាប់សំដៅលើការបង្កើតផែនដី ហើយលោកយេស៊ូក៏បានត្រូវពណ៌នាថាជា«ថ្មគ្រឹះដ៏សំខាន់បំផុត»នៃក្រុមជំនុំគ្រិស្តសាសនិក ដែលប្រៀបដូចជាវិហាររបស់ព្រះ។—អេភ ២:២០; យ៉ូប ៣៨:៦
ថ្មត្បាល់កិន
ជាថ្មរាងមូលពីរត្រួតគ្នា ប្រើសម្រាប់កិនស្រូវធ្វើម្សៅ។ នៅត្រង់កណ្ដាលថ្មខាងក្រោមមានស្នូលដើម្បីបង្វិលតួថ្មខាងលើ។ នៅសម័យគម្ពីរ ផ្ទះភាគច្រើន ស្ត្រីប្រើថ្មត្បាល់កិនបង្វិលដោយដៃ។ ច្បាប់ម៉ូសេហាមជនជាតិអ៊ីស្រាអែលយកថ្មត្បាល់កិនទៅបញ្ចាំ ពីព្រោះក្រុមគ្រួសារនីមួយៗតែងតែប្រើថ្មត្បាល់កិនដើម្បីធ្វើអាហារបរិភោគប្រចាំថ្ងៃ។ រីឯថ្មត្បាល់កិនយ៉ាងធំវិញ ត្រូវបង្វិលដោយសត្វ។—បច ២៤:៦; ម៉ាក ៩:៤២
ថ្លៃលោះ
ជាថ្លៃដែលបង់ដើម្បីដោះលែងពីការឃុំខ្លួន ពីការដាក់ទោស ពីទុក្ខវេទនា ពីភាពខុសឆ្គង ឬពីកាតព្វកិច្ចណាមួយ។ តម្លៃលោះមិនតែងតែជាប្រាក់ទេ។ (អេ ៤៣:៣) មានស្ថានភាពផ្សេងៗ ដែលតម្រូវឲ្យបង់ថ្លៃលោះ។ ជាឧទាហរណ៍ កូនប្រុសច្បងឬកូនសត្វឈ្មោលដំបូងទាំងអស់ក្នុងស្រុកអ៊ីស្រាអែលជារបស់ព្រះយេហូវ៉ា។ ដូច្នេះ បើអ្នកណាចង់លោះកូនប្រុសច្បង អ្នកនោះត្រូវបង់ថ្លៃលោះតាមការកំណត់ ហើយពួកគេក៏អាចបង់ថ្លៃលោះសម្រាប់កូនសត្វឈ្មោលដំបូងដែរ។ បើមិនដូច្នេះទេ កូនឬសត្វនោះនឹងប្រើសម្រាប់តែកិច្ចបម្រើព្រះយេហូវ៉ាប៉ុណ្ណោះ។ (ជប ៣:៤៥, ៤៦; ១៨:១៥, ១៦) បើអ្នកណាម្នាក់ដឹងថាគោរបស់ខ្លួនកាច តែមិនបង្ខាំងវាទេ ហើយវាដើរទៅជល់គេបណ្ដាលឲ្យស្លាប់ ម្ចាស់គោត្រូវបង់ប្រាក់ដើម្បីលោះជីវិតខ្លួនតាមតម្លៃដែលគេតម្រូវឲ្យបង់។ (ដច ២១:២៩, ៣០) ប៉ុន្តែ អ្នកដែលសម្លាប់គេដោយចេតនា នោះមិនអាចយកអ្វីមកលោះជីវិតគាត់បានឡើយ។ (ជប ៣៥:៣១) សំខាន់បំផុត គម្ពីរលើកបញ្ជាក់អំពីថ្លៃលោះដែលគ្រិស្តបានបង់ដោយលះបង់ជីវិត ដើម្បីរំដោះមនុស្សជាតិដែលស្ដាប់បង្គាប់ ឲ្យរួចផុតពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។—ចសព ៤៩:៧, ៨; ម៉ាថ ២០:២៨; អេភ ១:៧
ទ
ទីខ្ពស់
ទីជ្រៅបំផុត
នេះជាពាក្យភាសាក្រិចអាប៊ីសូស ដែលមានន័យថា«ជ្រៅណាស់ឬជ្រៅក្រៃលែង» ឬ«មិនអាចស្ទង់បានឬកំណត់មិនបាន» និង«ទីទទេគ្មានដែនកំណត់»។ ពាក្យនេះបានត្រូវប្រើក្នុងបទគម្ពីរភាសាក្រិច សំដៅលើកន្លែងឃុំឃាំង ឬស្ថានភាពដែលគ្មានសកម្មភាពអ្វីទាំងអស់។ នេះរួមបញ្ចូលផ្នូរ និងអ្វីផ្សេងទៀត។—លូក ៨:៣១; រ៉ូម ១០:៧; បប ២០:៣
ទីធ្លា
ជាបរិវេណត្រសាលដែលព័ទ្ធដោយរបង ហើយក្រោយមកជាទីលានផ្សេងៗនៃសំណង់សំខាន់របស់វិហារដែលមានកំពែងព័ទ្ធជុំវិញ។ ទីបូជាសម្រាប់ដុតគ្រឿងបូជាស្ថិតនៅក្នុងទីធ្លានៃត្រសាល ហើយក្រោយមកស្ថិតនៅទីលានខាងក្នុងនៃវិហារ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៥ ខ៨ និងខ១១)។ គម្ពីរក៏បានរៀបរាប់អំពីទីធ្លាផ្ទះនិងទីធ្លាវិមានដែរ។—ដច ៨:១៣; ២៧:៩; ១បស ៧:១២; អេធ ៤:១១; ម៉ាថ ២៦:៣
ទីបញ្ចប់នៃរបៀបរបបពិភពលោក
ជាគ្រាដែលនាំទៅដល់ទីបញ្ចប់នៃពិភពលោកដែលគ្រប់គ្រងដោយសាថាន។ នេះក៏ជាគ្រានៃវត្តមានរបស់លោកយេស៊ូដែរ។ ក្រោមការណែនាំរបស់លោកយេស៊ូ បណ្ដាទេវតានឹង«ញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត» ហើយបំផ្លាញមនុស្សទុច្ចរិតចោល។ (ម៉ាថ ១៣:៤០-៤២, ៤៩) ពួកអ្នកកាន់តាមលោកយេស៊ូចាប់អារម្មណ៍ចង់ដឹងអំពីពេលនៃ«គ្រាចុងបញ្ចប់»។ (ម៉ាថ ២៤:៣) មុនលោកត្រឡប់ទៅស្ថានសួគ៌វិញ លោកបានសន្យានឹងពួកអ្នកកាន់តាមថា លោកនឹងនៅជាមួយពួកគេរហូតដល់គ្រានោះ។—ម៉ាថ ២៨:២០
ទីបូជា
ជាស្តូបមួយធ្វើពីដី ឬដុំថ្ម ឬថ្មធំទាំងមូលមួយ ឬធ្វើពីឈើស្រោបដោយលោហៈធាតុ។ គេប្រើសម្រាប់គ្រឿងបូជាផ្សេងៗឬដុតគ្រឿងក្រអូបដើម្បីគោរពប្រណិប័តន៍ព្រះ។ ក្នុងបន្ទប់ទី១នៃត្រសាលនិងវិហារ មាន‹ទីបូជាមាស›តូចមួយ សម្រាប់ដុតគ្រឿងក្រអូប។ ទីបូជានេះធ្វើពីឈើស្រោបមាស។ រីឯទីបូជាធំជាង គឺ«ទីបូជាធ្វើពីស្ពាន់» ទុកសម្រាប់ដុតគ្រឿងបូជា ដែលស្ថិតនៅទីធ្លាខាងក្រៅត្រសាល (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៥និងខ៨)។—ដច ២៧:១; ៣៩:៣៨, ៣៩; ដក ៨:២០; ១បស ៦:២០; ២ប្រ ៤:១; លូក ១:១១
ទុក្ខវេទនាជាខ្លាំង
ពាក្យភាសាក្រិច«ទុក្ខវេទនា»បញ្ជាក់អត្ថន័យអំពីទុក្ខលំបាក ឬការឈឺចាប់ដែលមកពីការរងសម្ពាធក្នុងស្ថានភាពផ្សេងៗ។ លោកយេស៊ូបានមានប្រសាសន៍អំពី«ទុក្ខវេទនាជាខ្លាំង»ដែលមិនធ្លាប់មានពីមុន ដែលនឹងកើតឡើងលើក្រុងយេរូសាឡិម ហើយជាពិសេសនឹងកើតឡើងម្ដងទៀតមកលើមនុស្សជាតិ នៅពេលដែលលោក‹មកដោយមានសិរីរុងរឿង›នៅថ្ងៃខាងមុខ។ (ម៉ាថ ២៤:២១, ២៩-៣១) ប៉ូលបានប្រាប់អំពីទុក្ខវេទនានេះថាជាការប្រព្រឹត្តដ៏សុចរិតរបស់ព្រះប្រឆាំង«ពួកអ្នកដែលមិនស្គាល់ព្រះ និងពួកអ្នកដែលមិនស្ដាប់ដំណឹងល្អ»អំពីលោកយេស៊ូគ្រិស្ត។ ក្នុងសៀវភៅការបើកបង្ហាញ ជំពូកទី១៩បង្ហាញថា លោកយេស៊ូជាអ្នកដែលនាំមុខបណ្ដាកងទ័ពស្ថានសួគ៌ច្បាំងនឹង«សត្វសាហាវនិងស្ដេចទាំងឡាយនៅផែនដី ព្រមទាំងកងទ័ពរបស់ពួកគេ»។ (២ថែ ១:៦-៨; បប ១៩:១១-២១) ប៉ុន្តែ «មនុស្សមួយក្រុមធំ»នឹងឆ្លងផុតគ្រាទុក្ខវេទនានោះ (មើលពាក្យ«អាម៉ាគេដូន»)។—បប ៧:៩, ១៤
ទួល
ទេវតា
មកពីភាសាហេប្រឺម៉ាល់អាក និងភាសាក្រិចអាគីឡុស។ ពាក្យទាំងពីរនេះមានន័យត្រង់ថា«អ្នកនាំសារ»។ ក្នុងគម្ពីរពាក្យ«ទេវតា»សំដៅលើអ្នកនាំសារជាបុគ្គលវិញ្ញាណ។ (ដក ១៦:៧; ៣២:៣; យ៉ា ២:២៥; បប ២២:៨) ទេវតាជាបុគ្គលដែលមានឫទ្ធានុភាពខ្លាំងក្លា ហើយព្រះបានបង្កើតពួកគេមក យូរមុនដែលលោកបានបង្កើតមនុស្សជាតិ។ ក្នុងគម្ពីរ ពួកគេក៏បានត្រូវហៅដែរថា«ទេវតាបរិសុទ្ធច្រើនអនេក» «កូនៗរបស់ព្រះ» និង«ផ្កាយព្រឹក»។ (បច ៣៣:២; យ៉ូប ១:៦; ៣៨:៧) ពួកគេមិនបានត្រូវបង្កើតមកឲ្យមានសមត្ថភាពមានកូនទេ។ ព្រះបានបង្កើតទេវតានីមួយៗ។ មានទេវតាជាងមួយរយលាននាក់។ (ដាន ៧:១០) គម្ពីរប្រាប់ឲ្យដឹងថាទេវតានីមួយៗមានឈ្មោះនិងបុគ្គលិកលក្ខណៈពិសេសរៀងៗខ្លួន។ ទោះជាយ៉ាងនោះក៏ដោយ ពួកទេវតាមានចិត្តរាបទាបមិនព្រមទទួលការគោរពប្រណិប័តន៍ពីអ្នកណាឡើយ ហើយទេវតាភាគច្រើនមិនប្រាប់ឈ្មោះរបស់ខ្លួនទេ។ (ដក ៣២:២៩; លូក ១:២៦; បប ២២:៨, ៩) ទេវតាមានឋានៈនិងតួនាទីផ្សេងៗដូចជា បម្រើនៅមុខបល្ល័ង្កព្រះយេហូវ៉ា ជាអ្នកនាំសាររបស់ព្រះ ជាអ្នកជួយអ្នកបម្រើរបស់ព្រះយេហូវ៉ានៅផែនដី ជាអ្នកដាក់ទោសតាមការវិនិច្ឆ័យរបស់ព្រះ និងជាអ្នកគាំទ្រការផ្សព្វផ្សាយដំណឹងល្អ។ (២បស ១៩:៣៥; ចសព ៣៤:៧; លូក ១:៣០, ៣១; បប ៥:១១; ១៤:៦) នៅអនាគត ពួកទេវតានឹងជួយលោកយេស៊ូក្នុងសង្គ្រាមអាម៉ាគេដូន។—បប ១៩:១៤, ១៥
ទំនាយ
ជាសារឬជាព័ត៌មានដែលមកពីព្រះ អាចជាការបើកបង្ហាញឬការប្រកាសពីព្រះ។ ទំនាយអាចជាសេចក្ដីបង្រៀនខាងសីលធម៌ ជាបង្គាប់ ជាការវិនិច្ឆ័យ ឬជាការប្រកាសអំពីអ្វីដែលនឹងកើតឡើងនៅពេលអនាគត។—អេគ ៣៧:៩, ១០; ដាន ៩:២៤; ម៉ាថ ១៣:១៤; ២ពេ ១:២០, ២១
ធ
ធិសស៊្រី
មើលពាក្យ«អេថានីម»។
ធេរ៉ាភីម
ជារូបសំណាកឬជារូបព្រះប្រចាំគ្រួសារ ជួនកាលគេប្រើដើម្បីសុំការណែនាំ។ (អេគ ២១:២១) ពេលខ្លះ រូបសំណាកធេរ៉ាភីមមានទំហំនិងរូបរាងដូចមនុស្ស ឯរូបខ្លះទៀតមានទំហំតូចៗ។ (ដក ៣១:៣៤; ១សាំ ១៩:១៣, ១៦) ការរកឃើញរបស់បុរាណវត្ថុវិទូនៅមេសូប៉ូតាមា បានបញ្ជាក់ថាអ្នកដែលមានរូបធេរ៉ាភីម ជាអ្នកដែលទទួលមត៌ករបស់ក្រុមគ្រួសារ (នេះជាមូលហេតុដែលរ៉ាជែលបានយកធេរ៉ាភីមរបស់ឪពុកនាង)។ តាមមើលទៅ ជនជាតិអ៊ីស្រាអែលមិនធ្លាប់ប្រើរូបធេរ៉ាភីមក្នុងបំណងដូចនេះទេ។ ទោះជាយ៉ាងនោះក៏ដោយ ពួកគេខ្លះធ្លាប់គោរពបូជាព្រះមិនពិតជារូបធេរ៉ាភីមនៅសម័យអ្នកសម្រេចក្ដីនិងសម័យមានស្ដេច ហើយរូបធេរ៉ាភីមក៏នៅក្នុងចំណោមរូបព្រះឯទៀត ដែលស្ដេចយ៉ូសៀសដ៏ស្មោះត្រង់បានបំផ្លាញចោលដែរ។—អសក ១៧:៥; ២បស ២៣:២៤; ហូ ៣:៤
ន
នាលឡូត
ជាពាក្យមានអត្ថន័យមិនច្បាស់លាស់ មាននៅក្នុងពាក្យផ្ដើមនៃចម្រៀងសរសើរព្រះ បទទី៥។ អ្នកខ្លះគិតថាពាក្យនេះសំដៅលើឧបករណ៍ផ្លុំ ដែលមានឫសគល់មកពីពាក្យភាសាហេប្រឺឆាលីល (cha·lilʹ) មានន័យថាខ្លុយ។ ប៉ុន្តែ ក៏អាចសំដៅលើបទភ្លេងដែរ។
និកាយ
ជាក្រុមមនុស្សដែលធ្វើតាមទ្រឹស្ដីណាមួយ ឬធ្វើតាមអ្នកដឹកនាំណាម្នាក់ ថែមទាំងកាន់តាមជំនឿរបស់ក្រុមខ្លួនទៀតផង។ សាសនាយូដាមាននិកាយធំពីរគឺ និកាយផារិស៊ី និងនិកាយសាឌូស៊ី។ អ្នកដែលមិនមែនជាគ្រិស្តសាសនិក ក៏បានហៅគ្រិស្តសាសនិកថា«និកាយ»មួយដែរ ឬហៅថា«និកាយណាសារ៉ែត» ដោយសារពួកគេប្រហែលជាគិតថាសាសនាគ្រិស្តផ្ដាច់ចេញពីសាសនាយូដា។ ក្រោយមក និកាយផ្សេងៗបានលេចមកក្នុងក្រុមជំនុំគ្រិស្តសាសនិក។ ក្នុងសៀវភៅការបើកបង្ហាញបានលើកឡើងអំពី«និកាយនីកុឡាស»។—សកម្ម ៥:១៧; ១៥:៥; ២៤:៥; ២៨:២២; បប ២:៦; ២ពេ ២:១
និរទេស
គឺជាការបង្ខំឲ្យចាកចេញពីស្រុកកំណើត។ ភាគច្រើនពួកគេបានត្រូវនិរទេសចេញតាមបញ្ជារបស់អ្នកដែលឈ្នះសង្គ្រាម។ ពាក្យ«និរទេស»ជាភាសាហេប្រឺមានន័យថា«ការចាកចេញ»។ ជនជាតិអ៊ីស្រាអែលបានត្រូវនិរទេសចំនួនពីរដង។ រាជាណាចក្រខាងជើងដែលមានកុលសម្ព័ន្ធ១០បានត្រូវពួកអាស៊ីរីនិរទេស ហើយក្រោយមករាជាណាចក្រខាងត្បូងដែលមានកុលសម្ព័ន្ធ២បានត្រូវពួកបាប៊ីឡូននិរទេស។ ពួកអ្នកដែលនៅរស់ក្រោយពីការនិរទេស បានត្រឡប់ទៅទឹកដីរបស់ពួកគេវិញតាមបញ្ជារបស់ស៊ីរូសជាស្ដេចស្រុកពើស៊ី។—២បស ១៧:៦; ២៥:១១
នីហ្វីលីម
ជាមនុស្សមាឌធំសម្បើម ហើយឃោរឃៅ។ ពួកគេជាកូនមនុស្សកាត់ទេវតា មុនពេលមានទឹកជំនន់។—ដក ៦:៤
នឹម
ជាដងរែកដាក់លើស្មារបស់មនុស្សម្នាក់ឲ្យគាត់រែក ដោយមានរបស់របរព្យួរនៅចុងសងខាងដងរែកនោះ ឬជាឈើដែលដាក់លើកញ្ចឹងកសត្វពីរក្បាល (ធម្មតាសត្វគោ) ដើម្បីទឹមពួកវាឲ្យអូសនង្គ័ល ឬអូសរទេះជាដើម។ ដោយសារខ្ញុំបម្រើច្រើនតែប្រើនឹមដើម្បីរែកអីវ៉ាន់ធ្ងន់ៗ ដូច្នេះនឹមបានត្រូវប្រើក្នុងន័យធៀបតំណាងភាពជាខ្ញុំបម្រើ ឬតំណាងការចុះចូលក្រោមអំណាចរបស់អ្នកណាម្នាក់ រួមទាំងតំណាងការរងទុក្ខវេទនានិងការសង្កត់សង្កិន។ ការដកឬបំបាក់នឹម បញ្ជាក់អំពីការមានសេរីភាពពីការជាប់ចំណង ការសង្កត់សង្កិន និងការកេងប្រវ័ញ្ច។—ចល ២៦:១៣; ម៉ាថ ១១:២៩,៣០
នំប៉័ងតាំងទុក
ជានំប៉័ង១២ដុំ ដែលបានត្រូវរៀបជាពីរគំនរ មួយគំនរមាន៦ដុំ។ គេដាក់នំប៉័ងទាំងនោះនៅលើតុក្នុងបន្ទប់បរិសុទ្ធនៃត្រសាលនិងវិហារ។ គេក៏ហៅដែរថា«នំប៉័ងតាំងទុកជាគ្រឿងបូជា»។ នំប៉័ងនេះជាគ្រឿងបូជាជូនព្រះ ហើយគេត្រូវដាក់នំប៉័ងថ្មីរៀងរាល់ថ្ងៃឈប់សម្រាក។ ធម្មតា នំប៉័ងដែលដកចេញ មានតែពួកសង្ឃប៉ុណ្ណោះអាចបរិភោគបាន (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៥)។—២ប្រ ២:៤; ម៉ាថ ១២:៤; ដច ២៥:៣០; ចល ២៤:៥-៩; ហេ ៩:២
ប
បងប្អូនថ្លៃ
បង្គោល
ជាបង្គោលត្រង់ទៅលើ សម្រាប់ព្យួរឧក្រិដ្ឋជន។ ជនជាតិខ្លះប្រើបង្គោលបែបនេះដើម្បីប្រហារជីវិត ឬព្យួរសាកសពទុកជាការព្រមានដល់មនុស្សឯទៀត ឬទុកជាសេចក្ដីអាម៉ាស់របស់សព។ ស្ដីអំពីការធ្វើសង្គ្រាម ជនជាតិអាស៊ីរីបានត្រូវគេកត់សម្គាល់ថា ជាពួកមនុស្សដែលធ្វើសង្គ្រាមសាហាវឃោរឃៅ ព្រោះពេលចាប់បានឈ្លើយសឹក ពួកគេតែងព្យួរឈ្លើយសឹកនៅលើបង្គោលឈើចុងស្រួច ដោយយកបង្គោលឈើស្រួចនោះចាក់ដោតពីពោះរហូតដល់ដើមទ្រូង។ រីឯច្បាប់របស់ជនជាតិយូដាវិញ អ្នកដែលប្រព្រឹត្តល្មើសធ្ងន់ធ្ងរដូចជា ប្រមាថព្រះ ឬគោរពបូជារូបព្រះ នឹងត្រូវគេចោលថ្មសម្លាប់ ឬសម្លាប់តាមវិធីផ្សេងទៀត។ បន្ទាប់មក គេយកសាកសពទៅព្យួរនឹងបង្គោល ឬដើមឈើ ទុកជាការព្រមានដល់អ្នកឯទៀត។ (បច ២១:២២, ២៣; ២សាំ ២១:៦, ៩) ជួនកាល ជនជាតិរ៉ូមចងឧក្រិដ្ឋជនលើបង្គោលឈើ ក្នុងករណីនេះគាត់អាចរស់បានច្រើនថ្ងៃមុននឹងស្លាប់ ដោយសារការឈឺចាប់ ការស្រេកឃ្លាន និងការហាលថ្ងៃហាលខ្យល់។ ក្នុងករណីផ្សេងទៀត ដូចជាការប្រហារជីវិតលោកយេស៊ូ ពួកគេដំដែកគោលលើដៃនិងជើងភ្ជាប់នឹងបង្គោលឈើ (មើលពាក្យ«បង្គោលទារុណកម្ម»)។—លូក ២៤:២០; យ៉ូន ១៩:១៤-១៦; ២០:២៥; សកម្ម ២:២៣, ៣៦
បង្គោលឈើពិសិដ្ឋ
ពាក្យភាសាហេប្រឺអាសឺរ៉ា (ʼashe·rahʹ) សំដៅលើ(១) បង្គោលឈើពិសិដ្ឋដែលតំណាងព្រះនាងអាសឺរ៉ា ជាព្រះមួយរបស់ជនជាតិកាណានដែលគេជឿថាធ្វើឲ្យមានកូន ឬ(២) ជារូបសំណាកព្រះអាសឺរ៉ា។ នេះទំនងជាបង្គោលត្រង់ធ្វើពីឈើ ឬយ៉ាងហោចណាស់ក៏មានលាយឈើមួយផ្នែកដែរ ហើយអាចជាបង្គោលដែលគ្មានក្បាច់រចនា ឬជាដើមឈើតែម្ដង។—បច ១៦:២១; អសក ៦:២៦; ១បស ១៥:១៣
បង្គោលថ្មពិសិដ្ឋ
ជាសសរថ្មត្រង់ ហើយទំនងជានិមិត្តរូបនៃអវយវៈភេទរបស់ព្រះបាល ឬព្រះមិនពិតឯទៀត។—ដច ២៣:២៤
បង្គោលទារុណកម្ម
ពាក្យភាសាក្រិចស្តាវរ៉ុស (stau·rosʹ) មានន័យថាបង្គោលឈើត្រង់ទៅលើ ដូចជាបង្គោលដែលគេបានប្រហារជីវិតលោកយេស៊ូ។ គ្មានភ័ស្តុតាងដែលបង្ហាញថា ពាក្យភាសាក្រិចនេះមានន័យថាឈើពីរខ្វែងគ្នា ដូចដែលសាសនាមិនពិតបានប្រើជានិមិត្តរូបអស់ច្រើនសតវត្សរ៍មុនគ្រិស្តសករាជនោះទេ។ ពាក្យ«បង្គោលទារុណកម្ម»បញ្ជាក់អត្ថន័យពេញលេញតាមភាសាដើម ដោយសារពាក្យស្តាវរ៉ុសក៏បានត្រូវប្រើដែរដើម្បីបញ្ជាក់អំពីទារុណកម្ម ទុក្ខវេទនា និងសេចក្ដីអាម៉ាស់ ដែលពួកអ្នកកាន់តាមលោកយេស៊ូត្រូវប្រឈមមុខ (មើលពាក្យ«បង្គោល»)។—ម៉ាថ ១៦:២៤; ហេ ១២:២
បញ្ចាំ
បញ្ជាន់ ឬលានបញ្ជាន់
ជាកន្លែងសម្រាប់បុកឬកិនស្រូវឲ្យចេញគ្រាប់និងអង្កាម។ នៅសម័យបុរាណ បើស្រូវតិច គេប្រើដំបង តែបើស្រូវច្រើន គេប្រើឧបករណ៍ពិសេសដូចជា ក្ដារ ឬប្រដាប់កិនដែលអូសទាញដោយសត្វ។ ឧបករណ៍នេះកិនលើស្រូវដែលគេពង្រាយលើលានបញ្ជាន់ ហើយលាននោះជាទីធ្លារាបស្មើជារង្វង់ ដែលធម្មតាស្ថិតនៅកន្លែងខ្ពស់ដែលមានខ្យល់។—ចល ២៦:៥; អេ ៤១:១៥; ម៉ាថ ៣:១២
បណ្ដាសា
ជាពាក្យគំរាម ឬពាក្យផ្ដន្ទាអ្នកណាម្នាក់ឬអ្វីមួយ។ បណ្ដាសាមិនមែនជាពាក្យជេរប្រមាថ ឬជាកំហឹងទេ។ ជាញឹកញយ ការដាក់បណ្ដាសាជាការប្រកាសឬទាយប្រាប់អំពីសេចក្ដីអាក្រក់ ហើយពេលដែលព្រះឬបុគ្គលដែលបានទទួលអំណាចពីព្រះដាក់បណ្ដាសា ការដាក់បណ្ដាសានោះនឹងក្លាយជាការពិត ឬជាទំនាយដែលនឹងកើតឡើង។—ដក ១២:៣; ជប ២២:១២; កាឡ ៣:១០
បទទំនួញ
ជាចម្រៀងឬជាបទភ្លេងដែលបង្ហាញអំពីអារម្មណ៍សោកសៅខ្លាំងដូចជា ពេលមិត្តភក្តិឬមនុស្សជាទីស្រឡាញ់ស្លាប់។—២សាំ ១:១៧; ចសព ៧:ពាក្យផ្ដើម
បន្ទប់បរិសុទ្ធ ឬទីបរិសុទ្ធ
ជាបន្ទប់ទី១ក្នុងត្រសាលឬវិហារ និងជាបន្ទប់ធំជាងបន្ទប់បរិសុទ្ធបំផុត។ នៅសម័យមានត្រសាល បន្ទប់បរិសុទ្ធមានជើងចង្កៀងមាស មានទីបូជាមាសសម្រាប់ដុតគ្រឿងក្រអូប មានតុសម្រាប់ដាក់នំប៉័ង និងមានប្រដាប់ប្រដាធ្វើពីមាស។ នៅសម័យមានវិហារ បន្ទប់បរិសុទ្ធមានទីបូជាធ្វើពីមាស មានជើងចង្កៀង១០ធ្វើពីមាស និងមានតុ១០សម្រាប់ដាក់នំប៉័ង (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៥និងខ៨)។—ដក ២៦:៣៣; ហេ ៩:២
បរិសុទ្ធ ឬភាពបរិសុទ្ធ
ជាគុណសម្បត្តិមួយរបស់ព្រះយេហូវ៉ា។ នោះជាភាពស្អាតស្អំបំផុតខាងសីលធម៌និងអ្វីៗដែលពិសិដ្ឋ។ (ដច ២៨:៣៦; ១សាំ ២:២; សុភ ៩:១០; អេ ៦:៣) ពេលប្រើចំពោះមនុស្ស (ដច ១៩:៦; ២បស ៤:៩) សត្វ (ជប ១៨:១៧) វត្ថុឬរបស់ (ដច ២៨:៣៨; ៣០:២៥; ចល ២៧:១៤) កន្លែង (ដច ៣:៥; អេ ២៧:១៣) ថ្ងៃ (ដច ១៦:២៣; ចល ២៥:១២) និងកិច្ចការផ្សេងៗ (ដច ៣៦:៤) ពាក្យនេះជាភាសាដើមហេប្រឺបញ្ជាក់គំនិតអំពីការញែកចេញ ការបំបែកចេញពីគ្នា ការញែកទុកសម្រាប់ព្រះដ៏បរិសុទ្ធ ឬទុកដោយឡែកសម្រាប់កិច្ចបម្រើព្រះយេហូវ៉ា។ ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ពាក្យ«បរិសុទ្ធ»និង«ភាពបរិសុទ្ធ»មានន័យដូចគ្នាថា ញែកចេញទុកសម្រាប់ព្រះ។ ពាក្យទាំងនេះក៏សំដៅលើការប្រព្រឹត្តបរិសុទ្ធដែរ។—ម៉ាក ៦:២០; ២កូ ៧:១; ១ពេ ១:១៥, ១៦
បាត
ជារង្វាស់រង្វាល់វត្ថុរាវដែលមានចំណុះប្រហែល២២លីត្រ យោងតាមបុរាណវត្ថុវិទូដែលបានរកឃើញបំណែកដបដែលមានជាប់ឈ្មោះបាត។ ភាគច្រើនរង្វាល់វត្ថុស្ងួតនិងវត្ថុរាវក្នុងគម្ពីរបានត្រូវគណនាដោយបាត ដើម្បីដឹងចំនួនឬបរិមាណអ្វីមួយ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—១បស ៧:៣៨; អេគ ៤៥:១៤
បាល
ជាព្រះមួយរបស់ជនជាតិកាណាន ដែលពួកគេចាត់ទុកថាជាម្ចាស់មេឃនិងជាព្រះផ្ដល់ទឹកភ្លៀង ហើយជាព្រះជួយឲ្យមានកូន។ ម្យ៉ាងទៀត ពាក្យ«បាល»ក៏បានត្រូវប្រើសម្រាប់ព្រះនៃតំបន់ផ្សេងៗក្នុងស្រុកកាណានដែរ។ ពាក្យនេះក្នុងភាសាហេប្រឺមានន័យថា«ម្ចាស់» ឬ«មេ»។—១បស ១៨:២១; រ៉ូម ១១:៤
បឹងដែលឆេះដោយភ្លើង
ឬបឹងដែល«ឆេះដោយភ្លើងនិងស្ពាន់ធ័រ» បានត្រូវហៅថា«សេចក្ដីស្លាប់ទី២»។ មេកំណាច អ្នកប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្ត ហើយសូម្បីតែសេចក្ដីស្លាប់និងផ្នូរ (ឬហាដេស) នឹងត្រូវបោះទៅក្នុងបឹងនោះ។ បឹងដែលឆេះដោយភ្លើងគ្រាន់តែជាតំណាងការបំផ្លាញចោលជារៀងរហូត មិនមែនជាកន្លែងធ្វើទារុណកម្មជារៀងរហូតទេ ពីព្រោះទាំងបុគ្គលវិញ្ញាណ ទាំងសេចក្ដីស្លាប់ ទាំងហាដេស មិនអាចត្រូវឆេះដោយភ្លើងឡើយ។—បប ១៩:២០; ២០:១៤, ១៥; ២១:៨
បុណ្យខ្ទម
ក៏បានត្រូវហៅថាបុណ្យរោង ឬបុណ្យប្រមូលផលដែរ។ ជនជាតិអ៊ីស្រាអែលធ្វើបុណ្យនេះនៅថ្ងៃទី១៥ដល់២១ ខែអេថានីម ដើម្បីអបអរការប្រមូលផលនៅចុងឆ្នាំកសិកម្ម នេះជាពេលដ៏សប្បាយរីករាយនិងជាពេលថ្លែងអំណរគុណ ដោយសារព្រះយេហូវ៉ាផ្ដល់ពរដល់ផលដំណាំរបស់ពួកគេ។ ក្នុងអំឡុងបុណ្យនេះ បណ្ដាជនស្ថិតនៅក្នុងខ្ទមឬក្នុងរោងដើម្បីរំលឹកពួកគេអំពីដំណើរចាកចេញពីស្រុកអេហ្ស៊ីប។ នេះជាបុណ្យមួយក្នុងចំណោមបុណ្យទាំងបីដែលតម្រូវឲ្យបុរសធ្វើដំណើរទៅធ្វើបុណ្យនេះនៅក្រុងយេរូសាឡិម។—ចល ២៣:៣៤; អែស ៣:៤
បុណ្យថ្ងៃទី៥០
ជាបុណ្យធំទី២ក្នុងចំណោមបុណ្យធំទាំងបី ដែលតម្រូវឲ្យបុរសជនជាតិយូដាទាំងអស់ទៅចូលរួមនៅក្រុងយេរូសាឡិម។ ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចហៅថាបុណ្យថ្ងៃទី៥០ តែក្នុងបទគម្ពីរភាសាហេប្រឺហៅថាបុណ្យអាទិត្យទី៧។ បុណ្យនេះធ្វើឡើងនៅថ្ងៃទី៥០ រាប់ចាប់ពីថ្ងៃទី១៦ ខែណែសាន។—ដច ២៣:១៦; ៣៤:២២; សកម្ម ២:១
បុណ្យនំប៉័ងឥតដំបែ
បុណ្យប្រគល់ជូន
ជាបុណ្យប្រចាំឆ្នាំដែលរំលឹកអំពីការសម្អាតវិហារ ក្រោយពីអាន់ទីយ៉ូកឹសអេភីផានបានធ្វើឲ្យវិហារស្មោកគ្រោក។ បុណ្យនេះចាប់ផ្ដើមនៅថ្ងៃទី២៥ ខែគីស្លេវ ហើយមានរយៈពេល៨ថ្ងៃ។—យ៉ូន ១០:២២
បុណ្យប្រមូលផល ឬបុណ្យអាទិត្យទី៧
មើលពាក្យ«បុណ្យថ្ងៃទី៥០»។
បុណ្យរំលង
ជាបុណ្យប្រចាំឆ្នាំដែលជនជាតិអ៊ីស្រាអែលធ្វើឡើងនៅថ្ងៃទី១៤ ខែអាប៊ីប (ក្រោយមកហៅថាខែណែសាន) ដើម្បីរំលឹកអំពីពេលដែលព្រះបានរំដោះពួកគេចេញពីស្រុកអេហ្ស៊ីប។ នៅក្នុងបុណ្យនេះ ពួកគេសម្លាប់ចៀមឬពពែ ហើយដុត រួចពួកគេបរិភោគជាមួយនឹងបន្លែល្វីង និងនំប៉័ងឥតដំបែ។—ដច ១២:២៧; យ៉ូន ៦:៤; ១កូ ៥:៧
បុត្រដាវីឌ
ច្រើនតែប្រើសំដៅលើលោកយេស៊ូ បញ្ជាក់ថាលោកជាអ្នកទទួលមត៌កតាមកិច្ចព្រមព្រៀងស្ដីអំពីរាជាណាចក្រ ព្រោះបុគ្គលនោះត្រូវមកពីពូជពង្សដាវីឌ។—ម៉ាថ ១២:២៣; ២១:៩
ប៊ូល
ជាឈ្មោះខែទី៨នៃប្រតិទិនសាសនារបស់ជនជាតិយូដា និងជាខែទី២នៃប្រតិទិនកសិកម្ម។ ពាក្យ«ប៊ូល»មកពីពាក្យដើមដែលមានន័យថា«បង្កើតផល» ឬ«ចេញផល»។ ខែនេះរាប់ចាប់ពីពាក់កណ្ដាលខែតុលាដល់ពាក់កណ្ដាលខែវិច្ឆិកា (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។—១បស ៦:៣៨
បេលសេប៊ូល
ជាឈ្មោះមួយសំដៅលើសាថាន ដែលជាអ្នកដឹកនាំ ឬជាអ្នកគ្រប់គ្រងពួកវិញ្ញាណកំណាច។ ពាក្យនេះប្រហែលជាមកពីឈ្មោះបាលសេប៊ូល ដែលជាព្រះបាលរបស់ពួកភីលីស្ទីន ដែលពួកគេគោរពបូជានៅក្រុងអេក្រុន។—២បស ១:៣; ម៉ាថ ១២:២៤
ប្រដាប់បាំងទ្រូង
ជាបណ្ដុំត្បូងដែលសម្ដេចសង្ឃអ៊ីស្រាអែលពាក់នៅលើទ្រូង រាល់ពេលដែលគាត់ចូលទៅក្នុងទីបរិសុទ្ធ។ ពាក្យនេះក៏បានត្រូវហៅថា«ប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ»ដែរ ដោយសារនៅក្នុងប្រដាប់នោះមានយូរីមនិងធូមីម ដែលគេប្រើដើម្បីដឹងអំពីការវិនិច្ឆ័យរបស់ព្រះយេហូវ៉ា (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៥)។—ដច ២៨:១៥-៣០
ប្រពន្ធបន្ទាប់
ជាប្រពន្ធទី២ ដែលច្រើនតែជាស្រីបម្រើ។—ដច ២១:៨; ២សាំ ៥:១៣; ១បស ១១:៣
ប្រព្រឹត្តដោយឥតកោតក្រែង
ប្រែចិត្ត
ក្នុងគម្ពីរ សំដៅលើការកែប្រែគំនិត ទាំងមានអារម្មណ៍សោកស្ដាយចំពោះរបៀបរស់នៅពីមុន ឬសោកស្ដាយកំហុស ឬសោកស្ដាយមិនបានធ្វើអ្វីមួយដែលខ្លួនគួរធ្វើ។ ការប្រែចិត្តពិតប្រាកដត្រូវបង្ហាញតាមរយៈការប្រព្រឹត្តថាខ្លួនពិតជាបានឈប់ធ្វើអំពើនោះទៀត។—ម៉ាថ ៣:៨; សកម្ម ៣:១៩; ២ពេ ៣:៩
ផ
ផលដំបូង
ជាផលផ្លែដែលបានមុនគេក្នុងរដូវប្រមូលផល ឬផលដំបូងបង្អស់ពីអ្វីគ្រប់យ៉ាង។ ព្រះយេហូវ៉ាតម្រូវឲ្យប្រជាជាតិអ៊ីស្រាអែលជូនផលដំបូងដល់លោក ទោះជាផលមកពីសត្វ ដំណាំ ឬមនុស្សក្ដី។ ប្រជាជាតិអ៊ីស្រាអែលទាំងមូលបានជូនផលដំបូងដល់ព្រះនៅបុណ្យនំប៉័ងឥតដំបែនិងបុណ្យថ្ងៃទី៥០។ ពាក្យ«ផលដំបូង»ក៏បានត្រូវប្រើក្នុងន័យធៀបដែរ ស្ដីអំពីគ្រិស្តនិងអ្នកកាន់តាមលោកដែលបានត្រូវរើសតាំង។—១កូ ១៥:២៣; ជប ១៥:២១; សុភ ៣:៩; បប ១៤:៤
ផារិស៊ី
ជានិកាយសាសនាដ៏ធំមួយរបស់ជនជាតិយូដា នៅសតវត្សរ៍ទី១ គ.ស.។ ពួកគេមិនមែនមកពីវង្សត្រកូលពួកសង្ឃទេ តែពួកគេបានធ្វើតាមច្បាប់ម៉ូសេយ៉ាងតឹងរ៉ឹង សូម្បីតែក្នុងរឿងតូចតាច។ ពួកគេបានចាត់ទុកអ្វីដែលខ្លួនបង្រៀនស្មើនឹងច្បាប់ម៉ូសេ។ (ម៉ាថ ២៣:២៣) ពួកគេប្រឆាំងនឹងឥទ្ធិពលនៃវប្បធម៌របស់ក្រិច។ ដោយសារពួកគេជាបណ្ឌិតខាងច្បាប់និងខាងទំនៀមទម្លាប់ ពួកគេមានអំណាចខ្លាំងលើបណ្ដាជន។ (ម៉ាថ ២៣:២-៦) ផារិស៊ីខ្លះជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់។ ជារឿយៗ ពួកគេចូលចិត្តចាប់កំហុសលោកយេស៊ូអំពីច្បាប់ថ្ងៃឈប់សម្រាក អំពីទំនៀមទម្លាប់ និងអំពីការសេពគប់មនុស្សប្រព្រឹត្តអំពើខុសឆ្គងនិងពួកអ្នកយកពន្ធ។ ផារិស៊ីខ្លះបានទៅជាអ្នកកាន់តាមគ្រិស្ត រួមទាំងសុលពីក្រុងតើសុស។—ម៉ាថ ៩:១១; ១២:១៤; ម៉ាក ៧:៥; លូក ៦:២; សកម្ម ២៦:៥
ផារ៉ូ
ផិតក្បត់
ជាការរួមដំណេកដោយចេតនាជាមួយនឹងអ្នកដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន។—ដច ២០:១៤; ម៉ាថ ៥:២៧; ១៩:៩
ផូនៀ
មើលពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។
ផ្កាថ្ម
ជាថ្មរឹងដែលមកពីគ្រោងឆ្អឹងនៃសត្វសមុទ្រតូចៗ។ ផ្កាថ្មមាននៅក្នុងមហាសមុទ្រ វាមានពណ៌ចម្រុះដូចជា ពណ៌ក្រហម ស និងខ្មៅ។ ជាពិសេស គេរកឃើញផ្កាថ្មជាច្រើនដុះនៅក្នុងសមុទ្រក្រហម។ នៅសម័យគម្ពីរ ផ្កាថ្មពណ៌ក្រហមមានតម្លៃខ្លាំងណាស់។ ជាទូទៅ គេយកវាមកធ្វើអង្កាំនិងគ្រឿងលម្អផ្សេងៗទៀត។—សុភ ៨:១១
ផ្កាយព្រឹក
ជាផ្កាយរះចុងក្រោយនៅជើងមេឃទិសខាងកើត។ ផ្កាយនោះរះឡើងមុនដួងអាទិត្យលេចមក ហើយបានត្រូវចាត់ទុកថាជាសញ្ញានៃថ្ងៃថ្មី។—បប ២២:១៦; ២ពេ ១:១៩
ផ្នូរ
ពាក្យនេះសំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ ដែលមានអត្ថន័យដូចគ្នានឹងភាសាហេប្រឺ«ហ្ស៊ីអូល» និងភាសាក្រិច«ហាដេស»។ ក្នុងគម្ពីរ ពាក្យនេះជាតំណាងកន្លែងមួយ ឬស្ថានភាពមនុស្សស្លាប់ដែលគ្មានសកម្មភាពនិងគ្មានការគិតគូរ។—ដក ៤៧:៣០; អទ ៩:១០; សកម្ម ២:៣១
ផ្នូរសម្រាប់ជាទីរំលឹក
ជាកន្លែងបញ្ចុះមនុស្សស្លាប់។ ពាក្យនេះមកពីភាសាក្រិចម៉នីមីអ៊ន (mne·meiʹon) ដែលមកពីកិរិយាសព្ទ«ដើម្បីរំលឹក» សំដៅលើការនឹកចាំមនុស្សដែលបានស្លាប់។—យ៉ូន ៥:២៨, ២៩
ផ្លូវ
ក្នុងគម្ពីរ ពាក្យនេះប្រើក្នុងន័យធៀបដើម្បីសំដៅលើការប្រព្រឹត្ត ឬសកម្មភាពដែលព្រះយេហូវ៉ាពេញចិត្តឬមិនពេញចិត្ត។ គេហៅអស់អ្នកដែលកាន់តាមលោកយេស៊ូគ្រិស្តថាជាអ្នកដែលនៅក្នុង«ផ្លូវ» ក្នុងន័យថាពួកគេមានរបៀបរស់នៅស្របតាមជំនឿលើលោកយេស៊ូនិងធ្វើតាមគំរូរបស់លោក។—សកម្ម ១៩:៩
ព
ពាក្យផ្ដើម
ពួកទស្សនវិទូស្តូអ៊ីក
ជាទស្សនវិទូក្រិចមួយក្រុម ដែលជឿថាសុភមង្គលកើតមកពីការរស់នៅស្របតាមហេតុផលនិងធម្មជាតិ។ ពួកគេមានទស្សនៈថាមនុស្សដែលមានប្រាជ្ញាពិតប្រាកដ ទុកការឈឺចាប់និងភាពសប្បាយរីករាយមួយឡែក។—សកម្ម ១៧:១៨
ពួកទស្សនវិទូអេពីគួ
ជាពួកអ្នកកាន់តាមទស្សនវិទូជនជាតិក្រិចឈ្មោះអេពីគួ (ឆ្នាំ៣៤១ដល់ឆ្នាំ២៧០ មុនគ.ស.)។ ទស្សនៈសំខាន់របស់ពួកគេគឺថាមនុស្សម្នាក់ៗគួរតែរកការសប្បាយច្រើនបំផុតក្នុងជីវិត។—សកម្ម ១៧:១៨
ពួកវិញ្ញាណកំណាច
ជាបុគ្គលវិញ្ញាណអាក្រក់ដែលមនុស្សមើលមិនឃើញ ហើយមានឫទ្ធានុភាពខ្លាំងជាងមនុស្ស។ នៅសៀវភៅដើមកំណើត ៦:២ ហៅពួកគេថា«កូនប្រុសៗរបស់ព្រះពិត» ហើយនៅយូដាស ខ៦ ហៅពួកគេថា«បណ្ដាទេវតា» នេះបង្ហាញថាពួកគេមិនបានត្រូវបង្កើតមកជាបុគ្គលអាក្រក់ទេ។ ប៉ុន្តែ ពួកទេវតាទាំងនោះបានតាំងខ្លួនជាសត្រូវនឹងព្រះយេហូវ៉ា ដោយសារពួកគេមិនស្ដាប់បង្គាប់លោកនៅសម័យណូអេ ហើយពួកគេបានរួមដៃជាមួយនឹងសាថានក្នុងការបះបោរប្រឆាំងលោក។—បច ៣២:១៧; លូក ៨:៣០; សកម្ម ១៦:១៦; យ៉ា ២:១៩
ពួកអ្នកបម្រើនៅវិហារ
មិនមែនជាជនជាតិអ៊ីស្រាអែលទេ។ ពាក្យភាសាហេប្រឺនេធីនិម (nethi·nimʹ) មានន័យត្រង់ថា«ពួកអ្នកដែលគេឲ្យ» សំដៅលើពួកអ្នកដែលបានត្រូវចាត់ឲ្យទៅបម្រើនៅវិហារ។ នេធីនិមភាគច្រើនទំនងជាកូនចៅពួកគីបៀន។ យ៉ូស្វេបានបង្គាប់ឲ្យពួកគីបៀន«កាប់ប្រមូលអុស និងដងទឹកសម្រាប់បណ្ដាជនអ៊ីស្រាអែល និងសម្រាប់ប្រើនៅទីបូជារបស់ព្រះយេហូវ៉ា»។—យ៉ូស ៩:២៣, ២៧; ១ប្រ ៩:២; អែស ៨:១៧
ពើស៊ី
ជាស្រុកឬជាបណ្ដាជន ហើយជាទូទៅជាប់ទាក់ទងនឹងពួកមេឌី។ កាលពីដើមដំបូង ពួកពើស៊ីកាន់កាប់ទឹកដីមួយផ្នែកនៅទិសខាងត្បូងឆៀងខាងលិច ស្ថិតនៅខ្ពង់រាបនៅប្រទេសអ៊ីរ៉ង់។ ប៉ុន្តែ នៅក្រោមការគ្រប់គ្រងរបស់ស៊ីរូសដ៏ធំ (ប្រវត្តិវិទូខ្លះនិយាយថា ស៊ីរូសមានឪពុកជាជនជាតិពើស៊ី ហើយម្ដាយជាជនជាតិមេឌី) ពួកពើស៊ីមានអំណាចលើពួកមេឌី។ ទោះជាយ៉ាងនោះក្ដី ពួកពើស៊ីនិងពួកមេឌីនៅតែជាចក្រភពតែមួយ។ ស៊ីរូសបានច្បាំងឈ្នះចក្រភពបាប៊ីឡូននៅឆ្នាំ៥៣៩ មុនគ.ស. ហើយបានអនុញ្ញាតឲ្យជនជាតិយូដាដែលជាឈ្លើយសឹក ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ ចក្រភពពើស៊ីបានពង្រីកទឹកដីពីទិសខាងកើតទន្លេអ៊ីនដិស រហូតដល់ខាងលិចសមុទ្រអេជាន។ ជនជាតិយូដាបាននៅក្រោមអំណាចរបស់ពួកពើស៊ី រហូតដល់ពេលអាឡិចសង់ដ៏ធំបានច្បាំងឈ្នះពួកពើស៊ីនៅឆ្នាំ៣៣១ មុនគ.ស.។ ដានីយ៉ែលបានឃើញទុកជាមុនក្នុងគំនិតអំពីចក្រភពពើស៊ី ហើយចក្រភពពើស៊ីបានត្រូវរៀបរាប់ក្នុងសៀវភៅអែសរ៉ា សៀវភៅនេហេមា និងសៀវភៅអេសធើរ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៩)។—អែស ១:១; ដាន ៥:២៨; ៨:២០
ព្រះនាងនៃមេឃា
ជាឋានៈរបស់ព្រះមួយរូប។ នៅសម័យយេរេមា ជនជាតិអ៊ីស្រាអែលដែលក្បត់ជំនឿបានគោរពបូជាព្រះនាង។ អ្នកខ្លះប្រាប់ថាព្រះនេះសំដៅលើព្រះអ៊ីស្តា (ឬអេស្តាត) របស់បាប៊ីឡូន។ ពីដើមនាងជាព្រះអ៊ីណានណារបស់ពួកសាមឺ ឈ្មោះនេះមានន័យថា«ព្រះនាងនៃមេឃា» ហើយគេជឿថាព្រះនេះក៏អាចជួយឲ្យមានកូនដែរ។ ក្នុងសិលាចារឹករបស់ជនជាតិអេហ្ស៊ីប ព្រះអេស្តាតបានត្រូវហៅថា«នារីនៃមេឃា»។—យេ ៤៤:១៩
ព្រះពិត
ជារបៀបបកប្រែពាក្យភាសាហេប្រឺពីរយ៉ាងគឺHa-Elohim និងHa-El។ ក្នុងករណីជាច្រើន ពាក្យភាសាហេប្រឺទាំងនេះគឺប្រើសម្រាប់តែព្រះយេហូវ៉ាប៉ុណ្ណោះ ដែលជាព្រះពិត ដើម្បីឲ្យយល់ថាលោកខុសគ្នាពីបណ្ដាព្រះមិនពិត។ ពាក្យ«ព្រះពិត» ជួយរក្សាអត្ថន័យពេញលេញនៃពាក្យភាសាហេប្រឺ។—ដក ៥:២២, ២៤; ៤៦:៣; បច ៤:៣៩
ភ
ភក្ដីភាពចំពោះព្រះ
ភាសាអេរ៉ាម
ជាភាសាដែលស្ថិតនៅក្នុងក្រុមតែមួយជាមួយនឹងភាសាហេប្រឺ ហើយប្រើតួអក្សរដូចគ្នានឹងភាសាហេប្រឺ។ ដំបូងមានតែជនជាតិអេរ៉ាមដែលនិយាយភាសានេះ តែក្រោយមកភាសានេះបានក្លាយជាភាសាសកល ដែលគេប្រើក្នុងការទិញលក់និងការទាក់ទងគ្នានៅពេញចក្រភពអាសស៊ើរនិងចក្រភពបាប៊ីឡូន។ ភាសានេះក៏បានក្លាយជាភាសាផ្លូវការរបស់ចក្រភពពើស៊ីដែរ។ (អែស ៤:៧) ផ្នែកខ្លះនៃសៀវភៅអែសរ៉ា យេរេមា និងដានីយ៉ែល បានត្រូវសរសេរជាភាសាអេរ៉ាម។—អែស ៤:៨–៦:១៨; ៧:១២-២៦; យេ ១០:១១; ដាន ២:៤ខ–៧:២៨
ភីម
ជាទម្ងន់និងជាតម្លៃ ដែលពួកភីលីស្ទីនទារសម្រាប់ថ្លៃសំលៀងឧបករណ៍ធ្វើពីលោហៈ។ បុរាណវត្ថុវិទូបានរកឃើញដុំថ្មកូនជញ្ជីងជាច្រើននៅស្រុកអ៊ីស្រាអែល ដែលមានឆ្លាក់អក្សរបុរាណជាភាសាហេប្រឺថា«ភីម»។ កូនជញ្ជីងទាំងនោះជាមធ្យមមានទម្ងន់៧,៨ក្រាម ឬប្រហែលជា២ភាគ៣នៃមួយហ្សេគិល។—១សាំ ១៣:២០, ២១
ភីលីស្ទីន
មានទឹកដីស្ថិតនៅខាងត្បូងឆ្នេរសមុទ្រនៃស្រុកអ៊ីស្រាអែល ក្រោយមកហៅថាស្រុកភីលីស្ទីន។ ពួកចំណាកស្រុកពីកោះក្រេត ដែលមករស់នៅទីនោះ បានត្រូវហៅថាពួកភីលីស្ទីន។ ដាវីឌបានវាយឈ្នះពួកគេ តែពួកគេនៅតែមានឯករាជ្យ ហើយបន្តធ្វើជាសត្រូវនឹងជនជាតិអ៊ីស្រាអែល (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៤)។—ដច ១៣:១៧; ១សាំ ១៧:៤; អេម ៩:៧
ភូរឹម
ជាបុណ្យប្រចាំឆ្នាំ ដែលធ្វើឡើងនៅថ្ងៃទី១៤និង១៥ ខែអេដា ដើម្បីរំលឹកអំពីការរំដោះជនជាតិយូដាពីការបំផ្លាញក្នុងសម័យអគ្គមហេសីអេសធើរ។ ពាក្យភូរឹម (pu·rimʹ) មិនមែនជាពាក្យភាសាហេប្រឺទេ តែពាក្យនេះមានន័យថា«ឆ្នោត»។ បុណ្យភូរឹមបានត្រូវហៅថាបុណ្យចាប់ឆ្នោត ដោយសារហាម៉ានចាប់ភូ (ឬចាប់ឆ្នោត) ដើម្បីកំណត់ថ្ងៃសម្លាប់ជនជាតិយូដាផ្ដាច់ពូជ។—អេធ ៣:៧; ៩:២៦
ម
១ភាគ១០
ឬ១០ភាគរយ ជាចំនួនជំនូនឬតម្លៃពន្ធ ជាពិសេសក្នុងគោលបំណងសាសនា។ (ម៉ាឡ ៣:១០; បច ២៦:១២; ម៉ាថ ២៣:២៣) ក្រោមច្បាប់ម៉ូសេ ជនជាតិអ៊ីស្រាអែលត្រូវឲ្យ១ភាគ១០នៃផលពីដី និងពីហ្វូងសត្វដែលកើនឡើង ដល់ពួកលេវីរាល់ឆ្នាំដើម្បីទំនុកបម្រុងពួកគេ។ រីឯពួកលេវី ពួកគេឲ្យ១ភាគ១០ពីអ្វីដែលពួកគេបានទទួលពីបណ្ដាជន ដល់ពួកសង្ឃក្នុងក្រុមគ្រួសារអេរ៉ុនដើម្បីគាំទ្រពួកគេ។ បន្ថែមទៅទៀត ក៏មានការជូន១ភាគ១០ផ្សេងទៀតដែរ។ ប៉ុន្តែ ការជូន១ភាគ១០មិនមែនជាតម្រូវការសម្រាប់គ្រិស្តសាសនិកទេ។
មហាទេវតា
ម៉ាណា
ជាអាហារចម្បងរបស់ជនជាតិអ៊ីស្រាអែលក្នុងអំឡុង៤០ឆ្នាំនៅតំបន់ស្ងាត់ជ្រងំ។ នេះជាអាហារដែលព្រះយេហូវ៉ាធ្វើអព្ភូតហេតុផ្ដល់ឲ្យពួកគេ។ រៀងរាល់ព្រឹក បន្ទាប់ពីទឹកសន្សើមស្ងួតទៅ នោះឃើញមានម៉ាណានៅលើដី លើកលែងតែថ្ងៃឈប់សម្រាក។ ពេលជនជាតិអ៊ីស្រាអែលឃើញម៉ាណាជាលើកដំបូង ពួកគេសួរគ្នាថា៖ «តើនេះជាអ្វី?» ឬជាភាសាហេប្រឺថា៖ «ម៉ានហ៊ូ?»។ (ដច ១៦:១៣-១៥, ៣៥) ក្នុងបទគម្ពីរផ្សេងទៀត នោះបានត្រូវហៅថា«អាហារពីលើមេឃ» (ចសព ៧៨:២៤) «អាហារពីស្ថានសួគ៌» (ចសព ១០៥:៤០) «អាហាររបស់ពួកអ្នកខ្លាំងពូកែ»។ (ចសព ៧៨:២៥) លោកយេស៊ូក៏មានប្រសាសន៍អំពីម៉ាណាក្នុងន័យធៀបដែរ។—យ៉ូន ៦:៤៩, ៥០
ម៉ាលខាម
ម៉ាស់គាល
ជាពាក្យភាសាហេប្រឺ មានន័យមិនច្បាស់លាស់ក្នុងពាក្យផ្ដើមនៃសៀវភៅចម្រៀងសរសើរព្រះ១៣បទ។ នេះប្រហែលជាមានន័យថា«កំណាព្យរំពឹងគិត»។ អ្នកខ្លះគិតថានេះអាចស្រដៀងនឹងពាក្យមួយទៀត ដែលមានអត្ថន័យថា‹បម្រើដោយប្រាជ្ញា›។—២ប្រ ៣០:២២; ចសព ៣២:ពាក្យផ្ដើម
ម៉ាសេដូន
ជាតំបន់ភាគខាងជើងនៃប្រទេសក្រិច និងជាតំបន់ដែលមានភាពល្បីល្បាញក្រោមការគ្រប់គ្រងរបស់អាឡិចសង់ដ៏ធំ។ ម៉ាសេដូនបន្តមានឯករាជ្យរហូតដល់រ៉ូមវាយដណ្ដើមយក។ ពេលសាវ័កប៉ូលទៅទស្សនៈកិច្ចនៅទ្វីបអឺរ៉ុបជាលើកដំបូង ម៉ាសេដូនជាខេត្តមួយរបស់រ៉ូម។ ប៉ូលបានទៅទីនោះបីដង (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៣)។—សកម្ម ១៦:៩
ម៉ូតឡាបិន
ជាពាក្យមួយក្នុងពាក្យផ្ដើមនៃចម្រៀងសរសើរព្រះ បទទី៩។ តាមទំនៀមទម្លាប់ ពាក្យនេះមានន័យថា«ស្ដីអំពីកូនប្រុសស្លាប់»។ មនុស្សមួយចំនួនគិតថា នេះអាចជាឈ្មោះឬពាក្យផ្ដើមនៃបទភ្លេងដែលគេប្រើក្នុងចម្រៀងសរសើរព្រះ។
ម៉ូឡុក
មើលពាក្យ«ម៉ូឡេក»។
ម៉ូឡេក
ជាព្រះមួយរបស់ជនជាតិអាំម៉ូន។ ប្រហែលជាដូចគ្នានឹងម៉ាលខាម មីលខម និងម៉ូឡុក។ ម៉ូឡេកប្រហែលជាងារមួយ មិនមែនជាឈ្មោះជាក់លាក់ទេ។ ច្បាប់ម៉ូសេបង្គាប់ឲ្យសម្លាប់អ្នកណាដែលបានយកកូនរបស់ខ្លួនទៅធ្វើជាគ្រឿងបូជាដល់ព្រះម៉ូឡេក។—ចល ២០:២; យេ ៣២:៣៥; សកម្ម ៧:៤៣
ម៉េហាឡាត
ជាពាក្យភ្លេង មាននៅក្នុងពាក្យផ្ដើមនៃសៀវភៅចម្រៀងសរសើរព្រះ បទទី៥៣និង៨៨។ ពាក្យនេះប្រហែលទាក់ទងនឹងកិរិយាសព្ទភាសាហេប្រឺ ដែលមានន័យថា«ខ្សោយទៅ» ឬ«ធ្លាក់ខ្លួនឈឺ»។ ដូច្នេះ ពាក្យនេះបង្ហាញអំពីការសោកសៅនិងទុក្ខព្រួយ ហើយនេះត្រូវនឹងខ្លឹមសារនៃការសោយសោកក្នុងទំនុកទាំងពីរនោះ។
មិណា
ក៏ហៅថាម៉េណាដែរក្នុងសៀវភៅអេសេគាល។ មិណាជាឯកតាទម្ងន់និងជារូបិយវត្ថុ។ យោងតាមបុរាណវត្ថុវិទ្យា មួយមិណាស្មើនឹង៥០ហ្សេគិល ហើយមួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មិណាក្នុងបទគម្ពីរភាសាហេប្រឺ មានទម្ងន់៥៧០ក្រាម។ មានទាំងមិណាធម្មតានិងមិណាប្រើក្នុងវាំង ដូចក្នុងករណីរង្វាស់ហត្ថដែរ។ ក្នុងបទគម្ពីរភាសាក្រិច មួយមិណាស្មើនឹង១០០ដ្រាកម៉ា ហើយមានទម្ងន់៣៤០ក្រាម។ ៦០មិណាស្មើនឹងមួយថាលិន (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—អែស ២:៦៩; លូក ១៩:១៣
មិនស្អាតបរិសុទ្ធ
អាចសំដៅលើភាពកខ្វក់ខាងរូបកាយ ឬការបំពានលើច្បាប់សីលធម៌។ ប៉ុន្តែ ក្នុងគម្ពីរ ពាក្យនេះច្រើនតែសំដៅលើអ្វីដែលមិនអាចទទួលយកបាន ឬអ្វីដែលមិនស្អាតបរិសុទ្ធតាមច្បាប់ម៉ូសេ (មើលពាក្យ«ស្អាតបរិសុទ្ធ»)។—ចល ៥:២; ១៣:៤៥; ម៉ាថ ១០:១; សកម្ម ១០:១៤; អេភ ៥:៥
មីកថេម
មីលខម
មេកំណាច
ជាងារមួយសម្រាប់សាថាន ដែលជាអ្នកប្រឆាំងព្រះនិងខ្នាតតម្រាសុចរិតរបស់លោក។—ម៉ាថ ៦:១៣; ១យ៉ូន ៥:១៩
មេកំណាច
ជាងាររបស់សាថានក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ដែលមានន័យថា«អ្នកបង្កាច់បង្ខូច»។ សាថានបានត្រូវហៅថាមេកំណាច ដោយសារសាថានជាមេនិងបុគ្គលដំបូងបំផុតដែលបង្កាច់បង្ខូចនិងចោទប្រកាន់មិនពិតអំពីព្រះយេហូវ៉ា និងអំពីនាមបរិសុទ្ធរបស់លោក។—ម៉ាថ ៤:១; យ៉ូន ៨:៤៤; បប ១២:៩
មេឌី
ជាបណ្ដាជនមកពីកូនចៅម៉ាដាយ ដែលជាកូនប្រុសរបស់យ៉ាផេត។ ពួកគេរស់នៅតាមតំបន់ភ្នំនៃខ្ពង់រាបនៅប្រទេសអ៊ីរ៉ង់ ដែលក្រោយមកទៅជាស្រុកមេឌី។ ពួកមេឌីរួមដៃជាមួយនឹងពួកបាប៊ីឡូនដើម្បីច្បាំងនឹងពួកអាស៊ីរី។ នៅពេលនោះ ស្រុកពើស៊ីជាខេត្តមួយក្រោមចំណុះស្រុកមេឌី។ ប៉ុន្តែ ដោយសារស្ដេចស៊ីរូសបះបោរប្រឆាំង នោះពួកមេឌីបានចូលគ្នាជាមួយនឹងពួកពើស៊ី ក៏ក្លាយជាចក្រភពមេឌីពើស៊ី។ ចក្រភពមេឌីពើស៊ីបានវាយឈ្នះចក្រភពបាប៊ីឡូនថ្មី ក្នុងឆ្នាំ៥៣៩ មុនគ.ស.។ មានជនជាតិមេឌីខ្លះនៅក្រុងយេរូសាឡិមក្នុងបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៩)។—ដាន ៥:២៨, ៣១; សកម្ម ២:៩
មេភ្លេង
តាមមើលទៅក្នុងចម្រៀងសរសើរព្រះ ពាក្យភាសាហេប្រឺនេះ សំដៅលើអ្នករៀបចំចម្រៀងនិងដឹកនាំការច្រៀង ការហាត់សម និងបង្ហាត់បង្រៀនពួកអ្នកចម្រៀងលេវី ព្រមទាំងនាំមុខការសម្ដែងក្នុងពិធីផ្សេងៗ។ ក្នុងសេចក្ដីបកប្រែឯទៀត ពាក្យនេះបានត្រូវបកប្រែថា«មេក្រុមភ្លេង» ឬ«អ្នកដឹកនាំក្រុមតន្ត្រី»។—ចសព ៤:ពាក្យផ្ដើម; ៥:ពាក្យផ្ដើម
មេរ៉ូដាក
ជាព្រះធំបំផុតរបស់ក្រុងបាប៊ីឡូន។ ក្រោយពីហាំមូរ៉ាប៊ីជាស្ដេចបាប៊ីឡូននិងជាអ្នកបង្កើតច្បាប់របស់បាប៊ីឡូន បានតាំងរាជធានីនៅបាប៊ីឡូន នោះមេរ៉ូដាក (ឬម៉ាដុក) បានទៅជាព្រះដ៏សំខាន់ រហូតដល់ជំនួសព្រះមុនៗមួយចំនួន ហើយក្លាយជាព្រះធំបំផុតដែលពួកបាប៊ីឡូនគោរពបូជា។ នៅសម័យក្រោយមក ឈ្មោះមេរ៉ូដាក (ឬម៉ាដុក) បានត្រូវហៅថា«បេលលូ» («ម្ចាស់») ហើយបណ្ដាជនទូទៅហៅមេរ៉ូដាកថា បេល។—យេ ៥០:២
មេស្ស៊ី
ម្សៅក្រអូប
ជាជ័រស្ងួតដែលមកពីដើមឈើ ឬគុម្ពរុក្ខជាតិដែលជាពពួកបុស្វេលា (Boswellia)។ នៅពេលដុតនឹងមានចេញក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយជាល្បាយនៃគ្រឿងក្រអូបដែលគេប្រើនៅក្នុងត្រសាលនិងវិហារ។ ម្សៅក្រអូបក៏បានត្រូវប្រើអមជាមួយនឹងគ្រឿងបូជាពីស្រូវ ហើយបានត្រូវដាក់នៅលើនំប៉័ងតាំងទុកនីមួយៗក្នុងបន្ទប់បរិសុទ្ធ។—ដច ៣០:៣៤-៣៦; ចល ២:១; ២៤:៧; ម៉ាថ ២:១១
យ
យ៉ាកុប
ជាកូនប្រុសរបស់អ៊ីសាកនិងរេបិកា។ ក្រោយមកព្រះដាក់ឈ្មោះគាត់ថាអ៊ីស្រាអែល ហើយគាត់បានទៅជាបុព្វបុរសរបស់បណ្ដាជនអ៊ីស្រាអែល (ក៏ហៅថាជនជាតិអ៊ីស្រាអែលដែរ ហើយក្រោយមកហៅថាជនជាតិយូដា)។ យ៉ាកុបមានកូនប្រុស១២នាក់ ក្រោយមកកូនចៅរបស់ពួកគេបានទៅជាកុលសម្ព័ន្ធទាំង១២នៃប្រជាជាតិអ៊ីស្រាអែល។ ឈ្មោះយ៉ាកុបក៏នៅតែប្រើសំដៅលើជនជាតិឬបណ្ដាជនអ៊ីស្រាអែលដែរ។—ដក ៣២:២៨; ម៉ាថ ២២:៣២
យូដា
ជាកូនប្រុសទី៤របស់យ៉ាកុបនិងលេអា។ ពេលយ៉ាកុបជិតស្លាប់ គាត់បានប្រាប់ទុកជាមុនថាអ្នកគ្រប់គ្រងដ៏អស្ចារ្យម្នាក់ដែលគ្រងរាជ្យជារៀងរហូតនឹងមកពីពូជពង្សយូដា។ នៅពេលលោកយេស៊ូកើតមកជាមនុស្ស លោកជាកូនចៅរបស់យូដា។ ម្យ៉ាងទៀត ពាក្យយូដាជាឈ្មោះរបស់កុលសម្ព័ន្ធ ហើយក្រោយមកក៏ជាឈ្មោះរបស់រាជាណាចក្រដែរ។ យូដាជារាជាណាចក្រខាងត្បូងនៃអ៊ីស្រាអែល ដែលមានកុលសម្ព័ន្ធយូដានិងកុលសម្ព័ន្ធបេនយ៉ាមីន ហើយក៏មានពួកសង្ឃនិងពួកលេវីដែរ។ រាជាណាចក្រយូដាកាន់កាប់ទឹកដីផ្នែកខាងត្បូងនៃប្រទេស ដែលរួមបញ្ចូលក្រុងយេរូសាឡិមនិងវិហារ។ (ដក ២៩:៣៥; ៤៩:១០; ១បស ៤:២០; ហេ ៧:១៤) យូដាក៏ជាពាក្យសម្រាប់ហៅអ្នកណាម្នាក់ក្នុងកុលសម្ព័ន្ធយូដា ក្រោយពីកុលសម្ព័ន្ធ១០នៃរាជាណាចក្រអ៊ីស្រាអែលដួលរលំ។ (២បស ១៦:៦) បន្ទាប់ពីលែងជាប់ជាឈ្លើយនៅបាប៊ីឡូន ពាក្យនេះសំដៅលើជនជាតិអ៊ីស្រាអែលដែលមកពីកុលសម្ព័ន្ធផ្សេងៗ ដែលបានត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ។ (អែស ៤:១២) ក្រោយមក ពាក្យនេះបានត្រូវប្រើពាសពេញពិភពលោកដើម្បីសម្គាល់ថាជនជាតិអ៊ីស្រាអែលខុសគ្នាពីជនជាតិដទៃ។ (អេធ ៣:៦) សាវ័កប៉ូលក៏បានប្រើពាក្យនេះក្នុងន័យធៀបដែរ ពេលគាត់ពន្យល់ថាសញ្ជាតិមិនសំខាន់ទេក្នុងក្រុមជំនុំគ្រិស្តសាសនិក។—រ៉ូម ២:២៨, ២៩; កាឡ ៣:២៨
យូរីមនិងធូមីម
ជាអ្វីដែលសម្ដេចសង្ឃប្រើ ពេលគាត់មានសំណួរសំខាន់ៗទាក់ទងនឹងប្រជាជាតិទាំងមូល។ គាត់ប្រើយូរីមនិងធូមីមដើម្បីដឹងចម្លើយពីព្រះយេហូវ៉ា។ នេះស្រដៀងនឹងការប្រើឆ្នោតដើម្បីដឹងអំពីបំណងប្រាថ្នារបស់ព្រះ។ យូរីមនិងធូមីមបានត្រូវដាក់នៅក្នុងប្រដាប់បាំងទ្រូងរបស់សម្ដេចសង្ឃ ពេលគាត់ចូលទៅក្នុងត្រសាល។ តាមមើលទៅ ទម្លាប់ប្រើវិធីនេះបានបាត់បង់ ក្រោយពីបាប៊ីឡូនបានបំផ្លាញក្រុងយេរូសាឡិម។—ដច ២៨:៣០; នេហ ៧:៦៥
យេឌូថិន
ជាពាក្យដែលមានអត្ថន័យមិនច្បាស់លាស់ ពាក្យនេះមាននៅក្នុងពាក្យផ្ដើមនៃសៀវភៅចម្រៀងសរសើរព្រះ បទទី៣៩ ៦២ និង៧៧។ ពាក្យផ្ដើមទាំងនេះមើលទៅជាពាក្យណែនាំសម្រាប់ពេលច្រៀងសរសើរព្រះ ហើយប្រហែលប្រាប់អំពីទំនុក ឬប្រភេទនៃឧបករណ៍ភ្លេងដែលត្រូវប្រើ។ ដោយហេតុថាមានអ្នកលេងភ្លេងលេវីម្នាក់ឈ្មោះយេឌូថិន ដូច្នេះការសម្ដែងឬការប្រើឧបករណ៍ភ្លេងអាចជាប់ទាក់ទងនឹងគាត់ឬកូនប្រុសរបស់គាត់។
យេហូវ៉ា
យំសោក
ជាការបង្ហាញអំពីទុក្ខសោកដោយសារមនុស្សជាទីស្រឡាញ់ស្លាប់ ឬដោយសារទុក្ខវេទនាផ្សេងទៀត។ នៅសម័យគម្ពីរ ការយំសោកអស់មួយរយៈពេល គឺជាទំនៀមទម្លាប់មួយ។ ក្រៅពីការស្រែកយំខ្លាំងៗ អ្នកដែលយំសោកក៏ស្លៀកសម្លៀកបំពាក់ពិសេស ដាក់ផេះលើក្បាល ហែកអាវ និងគក់ទ្រូងទៀតផង។ ជួនកាល ក៏មានការអញ្ជើញពួកអាជីពឲ្យមកសម្ដែងការយំសោកក្នុងបុណ្យសពដែរ។—ដក ២៣:២; អេធ ៤:៣; បប ២១:៤
រ
រទេះចម្បាំង
របៀបរបបពិភពលោក
ក្នុងបទគម្ពីរជាភាសាក្រិច ពាក្យនេះមកពីពាក្យអៃអន (ai·onʹ) ដែលសំដៅលើស្ថានភាពឬលក្ខណៈរបស់ពិភពលោកក្នុងគ្រាមួយ ឬជំនាន់មួយ។ គម្ពីរលើកឡើងអំពី«របៀបរបបពិភពលោកនាបច្ចុប្បន្ន» ដែលសំដៅលើស្ថានភាពទូទៅនិងរបៀបរស់នៅរបស់មនុស្សក្នុងពិភពលោក។ (២ធី ៤:១០) ពេលព្រះបានធ្វើកិច្ចព្រមព្រៀងខាងច្បាប់ ពេលនោះលោកបានចាប់ផ្ដើមរបៀបរបបមួយ ដែលអ្នកខ្លះហៅថាសម័យជនជាតិអ៊ីស្រាអែលឬជនជាតិយូដា។ តាមរយៈគ្រឿងបូជាលោះរបស់លោកយេស៊ូគ្រិស្ត ព្រះបានប្រើលោកយេស៊ូដើម្បីចាប់ផ្ដើមរបៀបរបបថ្មី ដែលផ្ដោតសំខាន់លើក្រុមជំនុំគ្រិស្តសាសនិកដែលព្រះបានរើសតាំង។ នោះជាទីចាប់ផ្ដើមនៃយុគសម័យថ្មីមួយ។ នៅពេលនោះអ្វីដែលកិច្ចព្រមព្រៀងខាងច្បាប់បង្ហាញឲ្យឃើញទុកជាមុនបានក្លាយជាការពិត។—ម៉ាថ ២៤:៣; ម៉ាក ៤:១៩; រ៉ូម ១២:២; ១កូ ១០:១១
រមូរ
ជាក្រដាសវែងដែលធ្វើពីស្បែកឬដើមកក់ មានសំណេរនៅម្ខាង ហើយមូរជាប់នឹងឈើមួយ។ បទគម្ពីរបានត្រូវសរសេរឬចម្លងទុកក្នុងរមូរប្រភេទនេះ ដែលបានត្រូវប្រើជាទូទៅនៅសម័យដែលគេសរសេរគម្ពីរ។—យេ ៣៦:៤, ១៨, ២៣; លូក ៤:១៧-២០; ២ធី ៤:១៣
រមូរស្បែក
ធ្វើពីស្បែកចៀម ពពែ ឬគោ។ គេប្រើធ្វើជាក្រដាសសម្រាប់សរសេរ។ នេះធន់ជាងដើមកក់ ហើយបានត្រូវប្រើជារមូរគម្ពីរ។ ប៉ូលបានសុំធីម៉ូថេយករមូរស្បែកឲ្យគាត់ រមូរនោះប្រហែលជាផ្នែកមួយនៃបទគម្ពីរភាសាហេប្រឺ។ រមូរខ្លះនៅសមុទ្រស្លាប់ ជារមូរស្បែក។—២ធី ៤:១៣
រ៉ាហាប
ជាពាក្យតំណាងក្នុងសៀវភៅយ៉ូប សៀវភៅចម្រៀងសរសើរព្រះ និងសៀវភៅអេសាយ (មិនមែនជាស្ត្រីម្នាក់ដែលឈ្មោះរ៉ាហាបក្នុងសៀវភៅយ៉ូស្វេទេ)។ ក្នុងសៀវភៅយ៉ូប បរិបទនោះជួយបញ្ជាក់ថារ៉ាហាបជាសត្វសមុទ្រធំសម្បើម ហើយក្នុងបរិបទផ្សេងទៀតប្រាប់ថាសត្វសមុទ្រធំសម្បើម តំណាងឲ្យអេហ្ស៊ីប។—យ៉ូប ៩:១៣; ចសព ៨៧:៤; អេ ៣០:៧; ៥១:៩, ១០
រាជាណាចក្ររបស់ព្រះ
ជាពាក្យដែលបានត្រូវប្រើជាពិសេសសម្រាប់អំណាចខ្ពស់បំផុតរបស់ព្រះ ដែលតំណាងដោយរដ្ឋាភិបាលរបស់គ្រិស្តយេស៊ូជាបុត្ររបស់លោក។—ម៉ាថ ១២:២៨; លូក ៤:៤៣; ១កូ ១៥:៥០
រូបព្រះ ឬការគោរពបូជារូបព្រះ
រូបព្រះជារូបសំណាកឬរូបភាព ដែលតំណាងអ្វីមួយដែលមានពិត ឬតាមការស្រមៃដែលមនុស្សយកមកប្រើក្នុងការគោរពបូជា។ ការគោរពបូជារូបព្រះជាការគោរពស្រឡាញ់ ឬផ្ដល់កិត្តិយសដល់រូបសំណាកនោះ។—ចសព ១១៥:៤; សកម្ម ១៧:១៦; ១កូ ១០:១៤
រូអាក ភ្នូម៉ា
ពាក្យភាសាហេប្រឺរូអាក (ruʹach) និងពាក្យភាសាក្រិចភ្នូម៉ា (pneuʹma) មានអត្ថន័យច្រើន។ អត្ថន័យទាំងនោះសំដៅលើអ្វីដែលមនុស្សមើលមិនឃើញ ហើយមានលក្ខណៈជាថាមពលដែលកំពុងមានចលនា។ អត្ថន័យជាមូលដ្ឋាននៃពាក្យរូអាកនិងភ្នូម៉ាគឺ«ដង្ហើម»។ ពាក្យទាំងនោះក៏អាចមានន័យថា (១) ខ្យល់ (២) កម្លាំងជីវិតរបស់មនុស្សនិងសត្វ (៣) កម្លាំងជំរុញចិត្តអ្នកណាម្នាក់ឲ្យនិយាយឬធ្វើអ្វីមួយ (៤) ពាក្យឬសម្ដីមកពីប្រភពដែលមើលមិនឃើញ (៥) បុគ្គលវិញ្ញាណ និង(៦) កម្លាំងឬឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។ (ដច ៣៥:២១; ចសព ១០៤:២៩; ម៉ាថ ១២:៤៣; លូក ១១:១៣) ដូច្នេះ ក្នុងសេចក្ដីបកប្រែនេះ ពាក្យរូអាកនិងភ្នូម៉ាបានត្រូវបកប្រែតាមបរិបទ។
រើសតាំង
ជាបឋម ពាក្យហេប្រឺមានន័យថា«លាប»។ នេះជាការលាបឬចាក់ប្រេងលើមនុស្សឬវត្ថុ តំណាងការញែកទុកឬប្រគល់ឲ្យបំពេញកិច្ចបម្រើពិសេសណាមួយ។ ក្នុងបទគម្ពីរភាសាក្រិច ពាក្យនេះបានត្រូវប្រើសំដៅលើការចាក់ឫទ្ធានុភាពបរិសុទ្ធលើពួកអ្នកដែលបានត្រូវរើសតាំងឲ្យមានសេចក្ដីសង្ឃឹមទៅស្ថានសួគ៌។—ដច ២៨:៤១; ១សាំ ១៦:១៣; ២កូ ១:២១
ឫទ្ធានុភាពបរិសុទ្ធ
ល
លេវ៉ាយអាថាន
តាមមើលទៅជាសត្វមួយប្រភេទដែលធម្មតារស់នៅក្នុងទឹក។ នៅយ៉ូប ៣:៨ និង៤១:១ ទំនងជាសត្វក្រពើ ឬជាសត្វផ្សេងទៀតដែលមានមាឌធំសម្បើមរស់នៅក្នុងទឹក។ នៅចម្រៀងសរសើរព្រះ ១០៤:២៦ អាចសំដៅលើប្រភេទត្រីបាឡែន។ នៅបទគម្ពីរផ្សេងទៀត ពាក្យនេះបានត្រូវប្រើជាន័យធៀប ហើយមិនបានត្រូវបញ្ជាក់ច្បាស់លាស់ថាជាសត្វបែបណាឡើយ។—ចសព ៧៤:១៤; អេ ២៧:១
លេវី
ជាកូនប្រុសទី៣របស់យ៉ាកុបនិងលេអា ហើយក៏ជាឈ្មោះកុលសម្ព័ន្ធដែរ។ ក្រុមលេវីទាំងបីចេញមកពីកូនប្រុសបីនាក់របស់លេវី។ ពេលខ្លះ ពាក្យ«ពួកលេវី»សំដៅលើកុលសម្ព័ន្ធទាំងមូល តែជាទូទៅមិនរួមបញ្ចូលក្រុមគ្រួសារអេរ៉ុនដែលជាសង្ឃទេ។ កុលសម្ព័ន្ធលេវីមិនបានទទួលទឹកដីក្នុងស្រុកដែលព្រះបានសន្យាឡើយ តែបានទទួល៤៨ក្រុងក្នុងទឹកដីផ្សេងៗរបស់កុលសម្ព័ន្ធឯទៀត។—បច ១០:៨; ១ប្រ ៦:១; ហេ ៧:១១
ល្វែងសាឡូម៉ូន
ក្នុងវិហារនៅសម័យលោកយេស៊ូ នេះជាផ្លូវមានដំបូលស្ថិតនៅខាងកើតទីធ្លាខាងក្រៅ។ មនុស្សជាច្រើនជឿថាល្វែងនេះនៅសល់ពីវិហារសាឡូម៉ូន។ លោកយេស៊ូដើរតាមល្វែងនេះនៅ«រដូវត្រជាក់» ហើយក៏ជាកន្លែងដែលគ្រិស្តសាសនិកសម័យដើម តែងជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះដែរ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១១)។—យ៉ូន ១០:២២, ២៣; សកម្ម ៥:១២
វ
វត្តមាន
ក្នុងបទគម្ពីរខ្លះជាភាសាក្រិច ពាក្យនេះរៀបរាប់អំពីវត្តមានរបស់លោកយេស៊ូជាមេស្ស៊ី ចាប់ពីពេលគ្រិស្តក្លាយជាស្ដេចនៅស្ថានសួគ៌នៅគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ វត្តមានរបស់គ្រិស្ត មិនមែនជាការមកដល់ ហើយត្រឡប់ទៅវិញភ្លាមៗទេ។ ផ្ទុយទៅវិញ វត្តមានរបស់លោកសំដៅលើមួយរយៈពេល។—ម៉ាថ ២៤:៣
វិហារ
ជាអាគារអចិន្ត្រៃយ៍ក្នុងក្រុងយេរូសាឡិម។ វិហារជំនួសត្រសាលចល័តដែលជាកន្លែងជនជាតិអ៊ីស្រាអែលគោរពប្រណិប័តន៍ព្រះ។ វិហារទី១បានសង់ដោយសាឡូម៉ូន តែបានបំផ្លាញដោយពួកបាប៊ីឡូន។ វិហារទី២បានសង់ដោយសេរ៉ូបាបិល បន្ទាប់ពីជនជាតិយូដាលែងជាប់ជាឈ្លើយនៅបាប៊ីឡូន ហើយក្រោយមកបានសង់ឡើងវិញដោយហេរ៉ូឌដ៏ធំ។ ក្នុងគម្ពីរច្រើនតែហៅថា«វិហាររបស់ព្រះយេហូវ៉ា» (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៨និងខ១១)។—អែស ១:៣; ៦:១៤, ១៥; ១ប្រ ២៩:១; ២ប្រ ២:៤; ម៉ាថ ២៤:១
វាំងនន
ជាក្រណាត់ត្បាញដ៏ស្អាត ប៉ាក់រូបចេរូប៊ីននៅពីលើ។ វាំងនននេះបានត្រូវប្រើដើម្បីខណ្ឌរវាងទីបរិសុទ្ធនិងទីបរិសុទ្ធបំផុតទាំងក្នុងត្រសាលនិងក្នុងវិហារ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៥)។—ដច ២៦:៣១; ២ប្រ ៣:១៤; ម៉ាថ ២៧:៥១; ហេ ៩:៣
ស
សង្ឃ
ជាបុរសដែលបានត្រូវតែងតាំងឲ្យធ្វើជាតំណាងព្រះ ដើម្បីបម្រើបណ្ដាជន ហើយបង្រៀនពួកគេអំពីព្រះនិងច្បាប់របស់លោក។ សង្ឃក៏តំណាងបណ្ដាជននៅចំពោះមុខព្រះដែរ គាត់ជូនគ្រឿងបូជា ហើយអធិដ្ឋានអង្វរព្រះជំនួសពួកគេ។ មុនពេលមានច្បាប់ម៉ូសេ មេគ្រួសារបម្រើជាសង្ឃសម្រាប់ក្រុមគ្រួសាររបស់គាត់។ ពេលមានច្បាប់ម៉ូសេ បុរសក្នុងក្រុមគ្រួសារអេរ៉ុន ដែលនៅក្នុងកុលសម្ព័ន្ធលេវីបានក្លាយជាសង្ឃ។ ចំណែកពួកលេវីឯទៀត ធ្វើជាជំនួយការរបស់ពួកសង្ឃ។ នៅពេលមានកិច្ចព្រមព្រៀងថ្មី អ៊ីស្រាអែលនៃព្រះបានទៅជាប្រជាជាតិមួយដែលសុទ្ធតែជាសង្ឃ និងមានលោកយេស៊ូគ្រិស្តជាសម្ដេចសង្ឃ។—ដច ២៨:៤១; ហេ ៩:២៤; បប ៥:១០
សង្ឃនាយក
នៅក្នុងបទគម្ពីរភាសាហេប្រឺ ពាក្យនេះក៏អាចហៅថា«សម្ដេចសង្ឃ»ដែរ។ ក្នុងបទគម្ពីរភាសាក្រិច ពាក្យ«សង្ឃនាយក»ទំនងជាសំដៅលើបុរសសំខាន់ក្នុងពួកសង្ឃ ប្រហែលជារួមបញ្ចូលសម្ដេចសង្ឃដែលចេញពីតំណែង និងពួកប្រធានសង្ឃទាំង២៤ក្រុម។—២ប្រ ២៦:២០; អែស ៧:៥; ម៉ាថ ២:៤; ម៉ាក. ៨:៣១
សញ្ញាសម្គាល់
ជាវត្ថុ ជាសកម្មភាព ជាស្ថានភាព ឬជាព្រឹត្តិការណ៍ដែលបង្ហាញប្រាប់ឲ្យដឹងអំពីអ្វីមួយនៅបច្ចុប្បន្ន ឬនៅអនាគត។—ដក ៩:១២, ១៣; ២បស ២០:៩; ម៉ាថ ២៤:៣; បប ១:១
សត្រូវរបស់គ្រិស្ត
ពាក្យភាសាក្រិចមានអត្ថន័យពីរយ៉ាង។ មួយសំដៅលើសត្រូវ ឬអ្នកដែលប្រឆាំងគ្រិស្ត។ មួយទៀតអាចសំដៅលើគ្រិស្តក្លែងក្លាយ ឬអ្នកណាម្នាក់ដែលអះអាងថាជាគ្រិស្ត។ ពាក្យសត្រូវរបស់គ្រិស្ត អាចត្រូវប្រើសម្រាប់មនុស្សដែលអះអាងថាខ្លួនជាមេស្ស៊ី ឬសម្រាប់ក្រុមណាឬអង្គការណាដែលអះអាងថាជាតំណាងគ្រិស្ត ហើយក៏អាចប្រើសម្រាប់អ្នកដែលប្រឆាំងគ្រិស្ត ព្រមទាំងប្រឆាំងពួកអ្នកកាន់តាមលោកដែរ។—១យ៉ូន ២:២២
សម្ដេចសង្ឃ
ក្រោមច្បាប់ម៉ូសេ នេះជាតំណែងធំបំផុតក្នុងចំណោមពួកសង្ឃ។ គាត់ជាតំណាងបណ្ដាជននៅចំពោះមុខព្រះ និងមើលការខុសត្រូវលើសង្ឃឯទៀត។ សម្ដេចសង្ឃក៏បានត្រូវហៅថា«សង្ឃនាយក»ដែរ។ (២ប្រ ២៦:២០; អែស ៧:៥) មានតែសម្ដេចសង្ឃប៉ុណ្ណោះដែលមានសិទ្ធិចូលក្នុងទីបរិសុទ្ធបំផុត ដែលជាបន្ទប់ខាងក្នុងបំផុតនៃត្រសាលនិងនៃវិហារ។ គាត់ចូលក្នុងបន្ទប់នោះនៅថ្ងៃជម្រះភាពខុសឆ្គងប្រចាំឆ្នាំតែប៉ុណ្ណោះ។ ពាក្យ«សម្ដេចសង្ឃ»ក៏បានត្រូវប្រើចំពោះលោកយេស៊ូគ្រិស្តដែរ។—ចល ១៦:២, ១៧; ២១:១០; ម៉ាថ ២៦:៣; ហេ ៤:១៤
សម្បថ
ជាពាក្យស្បថដើម្បីបញ្ជាក់ថាអ្វីមួយគឺពិត ឬជាសេចក្ដីសន្យាសំខាន់មួយដែលបុគ្គលម្នាក់ប្រាប់ថានឹងធ្វើឬមិនធ្វើអ្វីមួយ។ នេះច្រើនតែជាពាក្យស្បថចំពោះអ្នកដែលមានអំណាចខ្ពស់ ជាពិសេសចំពោះព្រះ។ ពេលព្រះយេហូវ៉ាធ្វើកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំ លោកបានស្បថដើម្បីជាការធានាថែមទៀតលើកិច្ចព្រមព្រៀងនោះ។—ដក ១៤:២២; ហេ ៦:១៦, ១៧
សសរ
ជាបង្គោលបញ្ឈរត្រង់ ឬបញ្ឈរជាជួរ។ សសរខ្លះបានត្រូវដាំដើម្បីរំលឹកអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ។ សសរខ្លះទៀតបានត្រូវសង់ដើម្បីទ្រវិហារនិងវិមានដែលសាឡូម៉ូនបានសង់។ មនុស្សក្នុងសាសនាមិនពិតបានដាំបង្គោលផ្សេងៗ ដើម្បីគោរពបូជា។ ជួនកាល ពួកអ៊ីស្រាអែលក៏ធ្វើតាមពួកគេដែរ។—អសក ១៦:២៩; ១បស ៧:២១; ១៤:២៣
សាឌូស៊ី
ជានិកាយសាសនាដ៏ធំមួយរបស់ជនជាតិយូដា។ ពួកសាឌូស៊ីសុទ្ធតែជាពួកអភិជននិងពួកសង្ឃដែលមានអំណាចខ្លាំងលើសកម្មភាពផ្សេងៗក្នុងវិហារ។ ពួកគេទាត់ចោលទំនៀមទម្លាប់និងជំនឿជាច្រើនរបស់ពួកផារិស៊ី។ ពួកគេមិនជឿការប្រោសឲ្យរស់ឡើងវិញ ឬជឿថាមានទេវតាទេ។ ពួកគេប្រឆាំងលោកយេស៊ូ។—ម៉ាថ ១៦:១; សកម្ម ២៣:៨
សាថាន
ជាភាសាហេប្រឺមានន័យថា«អ្នកប្រឆាំង»។ ពេលប្រើក្នុងន័យជាក់លាក់ជាភាសាដើម ពាក្យនេះសំដៅលើមេកំណាចសាថាន ដែលជាមេសត្រូវរបស់ព្រះ។—យ៉ូប ១:៦; ម៉ាថ ៤:១០; បប ១២:៩
សាម៉ារី
ជាក្រុងសំខាន់នៃរាជាណាចក្រអ៊ីស្រាអែលខាងជើងដែលមានកុលសម្ព័ន្ធ១០ ហើយពួកគេមានក្រុងនោះអស់រយៈពេលប្រហែល២០០ឆ្នាំ។ ក្រុងនោះក៏ជាឈ្មោះនៃទឹកដីទាំងអស់របស់កុលសម្ព័ន្ធទាំង១០ដែរ។ ក្រុងនោះបានត្រូវសង់នៅលើភ្នំឈ្មោះសាម៉ារីដូចគ្នា។ នៅសម័យលោកយេស៊ូ សាម៉ារីជាឈ្មោះតំបន់មួយរបស់រ៉ូម ដែលមានព្រំប្រទល់ខាងជើងជាប់ស្រុកកាលីឡេ ហើយខាងត្បូងជាប់ស្រុកយូឌា។ ជាធម្មតា លោកយេស៊ូមិនផ្សព្វផ្សាយពេលលោកធ្វើដំណើរក្នុងតំបន់នោះទេ តែជួនកាលពេលលោកឆ្លងកាត់ លោកក៏និយាយជាមួយនឹងអ្នកស្រុកសាម៉ារីដែរ។ ពេត្រុសបានប្រើកូនសោទី២នៃរាជាណាចក្រ ពេលជនជាតិសាម៉ារីបានទទួលឫទ្ធានុភាពបរិសុទ្ធ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១០)។—១បស ១៦:២៤; យ៉ូន ៤:៧; សកម្ម ៨:១៤
សាលាប្រជុំ
មកពីពាក្យដែលមានន័យថា«ការប្រមូលផ្ដុំ» ឬ«ការប្រជុំគ្នា» តែក្នុងបទគម្ពីរភាគច្រើន ពាក្យនេះសំដៅលើអាគារ ឬកន្លែងដែលជនជាតិយូដាជួបជុំគ្នាដើម្បីអានបទគម្ពីរ បង្រៀន ផ្សព្វផ្សាយ និងអធិដ្ឋាន។ នៅសម័យលោកយេស៊ូ ក្រុងនីមួយៗដែលធំល្មមក្នុងស្រុកអ៊ីស្រាអែលតែងមានសាលាប្រជុំ ហើយក្រុងដែលធំជាង អាចមានសាលាប្រជុំលើសពីមួយ។—លូក ៤:១៦; សកម្ម ១៣:១៤, ១៥
សាវ័ក
ពាក្យនេះមានន័យថា«អ្នកដែលបានត្រូវចាត់ឲ្យទៅ» ហើយពាក្យនេះបានត្រូវប្រើសម្រាប់លោកយេស៊ូ និងមនុស្សមួយចំនួនដែលបានត្រូវចាត់ឲ្យទៅបម្រើអ្នកឯទៀត។ ជាញឹកញយបំផុត ពាក្យនេះបានត្រូវប្រើសម្រាប់ពួកអ្នកកាន់តាម១២នាក់ដែលលោកយេស៊ូបានជ្រើសរើសដោយផ្ទាល់ ដើម្បីធ្វើជាតំណាងលោក។—ម៉ាក ៣:១៤; សកម្ម ១៤:១៤
ស៊ីយ៉ូន ឬភ្នំស៊ីយ៉ូន
ជាឈ្មោះក្រុងដែលមានបន្ទាយរឹងមាំរបស់ពួកយេប៊ូស ស្ថិតនៅលើទួលមួយនៅខាងត្បូងឆៀងខាងកើតក្រុងយេរូសាឡិម។ ក្រោយពីដាវីឌបានកាន់កាប់ក្រុងនោះ គាត់បានសង់វិមានផ្ទាល់ខ្លួននៅទីនោះ រួចមកក្រុងនោះបានត្រូវហៅថា«ក្រុងដាវីឌ»។ (២សាំ ៥:៧, ៩) ស៊ីយ៉ូនក៏ជាឈ្មោះភ្នំមួយដែរ និងជាភ្នំដ៏បរិសុទ្ធចំពោះព្រះយេហូវ៉ា ពេលដាវីឌបានបង្គាប់គេឲ្យយកហឹបមកដាក់នៅទីនោះ។ ក្រោយមក ឈ្មោះស៊ីយ៉ូនក៏រួមបញ្ចូលវិហារនៅលើភ្នំម៉ូរីយ៉ាដែរ ហើយជួនកាលរួមបញ្ចូលក្រុងយេរូសាឡិមទាំងមូល។ ជារឿយៗក្នុងបទគម្ពីរជាភាសាក្រិច ពាក្យនេះប្រើជាតំណាងអ្វីមួយ។—ចសព ២:៦; ១ពេ ២:៦; បប ១៤:១
ស៊ីរី ឬជនជាតិស៊ីរី
មើលពាក្យ«អេរ៉ាម ឬជនជាតិអេរ៉ាម»។
ស៊ីវ
ជាឈ្មោះដើមនៃខែទី២ក្នុងប្រតិទិនសាសនារបស់ជនជាតិយូដា និងជាខែទី៨ក្នុងប្រតិទិនកសិកម្ម រាប់ចាប់ពីពាក់កណ្ដាលខែមេសាដល់ពាក់កណ្ដាលខែឧសភា។ ឈ្មោះស៊ីវក៏មានឈ្មោះថាអ៊ីយ៉ាដែរក្នុងសៀវភៅជ្វីសតាល់ម៉ូដ (Jewish Talmud) និងក្នុងសំណេរឯទៀត ដែលបានត្រូវសរសេរក្រោយពីជនជាតិយូដាលែងជាប់ជាឈ្លើយនៅបាប៊ីឡូន (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។—១បស ៦:៣៧
ស៊ីវ៉ាន
ក្រោយពីជនជាតិយូដាលែងជាប់ជាឈ្លើយនៅបាប៊ីឡូន ស៊ីវ៉ានជាឈ្មោះខែទី៣នៃប្រតិទិនសាសនារបស់ជនជាតិយូដា និងជាខែទី៩នៃប្រតិទិនកសិកម្ម រាប់ចាប់ពីពាក់កណ្ដាលខែឧសភាដល់ពាក់កណ្ដាលខែមិថុនា (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។—អេធ ៨:៩
ស៊ីឡា
ជាពាក្យដែលប្រើសម្រាប់បទភ្លេង ឬកំណាព្យក្នុងសៀវភៅចម្រៀងសរសើរព្រះ និងសៀវភៅហាបាគុក។ ពាក្យនេះអាចមានន័យថាជាការផ្អាកច្រៀងឬផ្អាកភ្លេង ឬផ្អាកទាំងពីរ ដើម្បីទុកពេលឲ្យរំពឹងគិត ឬដើម្បីធ្វើឲ្យពាក្យដែលទើបច្រៀងនោះលេខធ្លោជាង។ សេចក្ដីបកប្រែសេបធួជីនជាភាសាក្រិច បានបកប្រែពាក្យនោះថាឌីយ៉ាសាល់ម៉ា (di·aʹpsal·ma) មានន័យថា«ភ្លេងឆ្លងវគ្គ»។—ចសព ៣:៤; ហាប ៣:៣
សឺស
ជាព្រះធំបំផុតនៃព្រះជាច្រើនដែលពួកក្រិចកាន់តាម។ ពួកអ្នកក្រុងលីស្ដ្រាបានយល់ច្រឡំថាបាណាបាស ជាព្រះសឺស។ សិលាចារឹកនៅសម័យបុរាណដែលគេរកឃើញនៅជិតក្រុងលីស្ត្រា បានចារពាក្យថា«ពួកសង្ឃរបស់ព្រះសឺស» និង«ព្រះសឺសនៃដួងអាទិត្យ»។ សំពៅដែលប៉ូលបានធ្វើដំណើរពីកោះម៉ល់តា មានឈ្មោះនៅក្បាលសំពៅថា«កូនរបស់ព្រះសឺស» ដែលជាកូនប្រុសភ្លោះរបស់ព្រះសឺសមានឈ្មោះថា ខាសស្ទ័រនិងផូលុច។—សកម្ម ១៤:១២; ២៨:១១
សុចរិត
សួនឧទ្យាន
ជាសួនដ៏សែនស្អាត។ សួនមុនគេបង្អស់គឺសួនអេដែន ដែលព្រះយេហូវ៉ាបានបង្កើតសម្រាប់គូប្ដីប្រពន្ធដំបូង។ ពេលលោកយេស៊ូមានប្រសាសន៍ទៅឧក្រិដ្ឋជនម្នាក់ដែលបានត្រូវព្យួរក្បែរលោក លោកបានប្រាប់ថាផែនដីនឹងក្លាយជាសួនឧទ្យាន។ នៅកូរិនថូសទី២ ១២:៤ ពាក្យនេះច្បាស់ជាសំដៅលើសួនឧទ្យាននៅផែនដីនាពេលអនាគត ហើយនៅការបើកបង្ហាញ ២:៧ ពាក្យនេះសំដៅលើសួនឧទ្យាននៅស្ថានសួគ៌។—សាឡូ ៤:១៣; លូក ២៣:៤៣
សៀ
ជារង្វាស់រង្វាល់ស្ងួត។ បើគណនាតាមរង្វាស់រង្វាល់បាត មួយសៀស្មើនឹង៧,៣៣លីត្រ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—២បស ៧:១
សៀទីស
ជាឈូងសមុទ្រធំពីរដែលមានជម្រៅរាក់ៗ ស្ថិតនៅឆ្នេរសមុទ្រលីប៊ី ភាគខាងជើងទ្វីបអាហ្វ្រិក។ នាវិកនៅសម័យបុរាណមានការភ័យខ្លាចខ្លាំង ព្រោះឈូងសមុទ្រទាំងនេះពោរពេញទៅដោយកូនកោះខ្សាច់ក្រោមទឹកដែលនាំឲ្យជាប់កឿងមានគ្រោះថ្នាក់ និងដែលផ្លាស់ប្ដូរទីតាំងរហូតតាមជំនោរសមុទ្រ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៣)។—សកម្ម ២៧:១៧
សេចក្ដីរំលឹក
ជាទូទៅ«សេចក្ដីរំលឹក»ច្រើនតែសំដៅលើបញ្ញត្ដិ១០ប្រការ ដែលបានត្រូវចារនៅលើបន្ទះថ្មពីរ ដែលបានប្រគល់ឲ្យម៉ូសេ។—ដច ៣១:១៨
សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់
ជាញឹកញយ ពាក្យនេះមកពីភាសាហេប្រឺឈីសសេត (cheʹsedh) សំដៅលើសេចក្ដីស្រឡាញ់ដែលកើតចេញពីការតាំងចិត្តធ្វើតាមសន្យា ចិត្តស្មោះឥតងាករេ ភក្ដីភាព និងចំណងមិត្តភាពដ៏ជ្រាលជ្រៅ។ នេះច្រើនតែសំដៅលើសេចក្ដីស្រឡាញ់ដែលព្រះមានចំពោះមនុស្ស តែក៏ជាសេចក្ដីស្រឡាញ់ដែលមនុស្សបង្ហាញចំពោះគ្នាដែរ។—ដច ៣៤:៦; រូថ ៣:១០
សេបាត
ក្រោយពីជនជាតិយូដាលែងជាប់ជាឈ្លើយនៅបាប៊ីឡូន សេបាតជាឈ្មោះខែទី១១នៃប្រតិទិនសាសនារបស់ជនជាតិយូដា និងជាខែទី៥នៃប្រតិទិនកសិកម្ម រាប់ចាប់ពីពាក់កណ្ដាលខែមករាដល់ពាក់កណ្ដាលខែកុម្ភៈ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។—សាក ១:៧
សេរភីម
សេសារ
ជានាមត្រកូលមួយរបស់ជនជាតិរ៉ូម ដែលក្រោយមកក្លាយជាឋានន្តរមួយរបស់អធិរាជរ៉ូម។ គម្ពីរបានរៀបរាប់អំពីឈ្មោះសេសារខ្លះដូចជា អូគូស ទីប៊ែរ និងក្លូឌាស។ ទោះជាគម្ពីរមិនបានប្រាប់អំពីឈ្មោះនីរ៉ូក៏ដោយ តែឈ្មោះនេះក៏សំដៅលើសេសារដែរ។ ម្យ៉ាងទៀត ឈ្មោះ«សេសារ»បានត្រូវប្រើក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ដើម្បីតំណាងឲ្យអាជ្ញាធរស៊ីវិល ឬអំណាចរបស់រដ្ឋ។—ម៉ាក ១២:១៧; សកម្ម ២៥:១២
សែមីនិត
ជាពាក្យភ្លេង ដែលមានន័យត្រង់ថា«ទី៨» អាចសំដៅលើខ្ទង់សំឡេងទាប។ សម្រាប់ឧបករណ៍ភ្លេង ពាក្យនេះប្រហែលជាសំដៅលើឧបករណ៍ដែលមានសំឡេងទាប។ សម្រាប់ចម្រៀង ពាក្យនេះទំនងជាសំដៅលើការប្រគំឧបករណ៍ភ្លេងសំឡេងទាប ហើយច្រៀងតាមសំឡេងទាបនោះ។—១ប្រ ១៥:២១; ចសព ៦:ពាក្យផ្ដើម; ១២:ពាក្យផ្ដើម
សំពៅតើស៊ីស
ដំបូងជាពាក្យសម្រាប់សំពៅដែលធ្វើដំណើរទៅស្រុកតើស៊ីសនៅសម័យបុរាណ (សព្វថ្ងៃជាប្រទេសអេស្ប៉ាញ)។ ក្រោយមក តាមមើលទៅពាក្យនេះសំដៅលើសំពៅធំៗដែលអាចធ្វើដំណើរឆ្ងាយៗ។ សាឡូម៉ូននិងយេហូសាផាត ធ្លាប់ប្រើសំពៅបែបនេះដើម្បីធ្វើជំនួញ។—១បស ៩:២៦; ១០:២២; ២២:៤៨
ស្នែង
សំដៅលើស្នែងរបស់សត្វដែលគេប្រើសម្រាប់ផឹកទឹក សម្រាប់ដាក់ប្រេង សម្រាប់ដាក់ទឹកថ្នាំ សម្រាប់ដាក់គ្រឿងសម្អាង សម្រាប់ផ្លុំផ្ដល់សញ្ញា ហើយក៏ប្រើជាឧបករណ៍ភ្លេងដែរ។ (១សាំ ១៦:១, ១៣; ១បស ១:៣៩; អេគ ៩:២) ជារឿយៗ ពាក្យ«ស្នែង»បានត្រូវប្រើក្នុងន័យធៀបតំណាងកម្លាំង ការដណ្ដើមយកបាន ឬជ័យជម្នះ។—បច ៣៣:១៧; មីកា ៤:១៣; សាក ១:១៩
ស្នែងទីបូជា
ស្បថ
ស្រីពេស្យា
ជាអ្នករកស៊ីខាងផ្លូវភេទដើម្បីបានប្រាក់ (ពាក្យនេះជាភាសាក្រិចផូនេ (porʹne) ដែលមានឫសគល់មកពីពាក្យ«លក់»)។ ជាទូទៅ ពាក្យនេះសំដៅលើមនុស្សស្រី តែគម្ពីរក៏និយាយអំពីបុរសពេស្យាដែរ។ ការធ្វើជាស្រីពេស្យាគឺខុសច្បាប់ម៉ូសេ ហើយប្រាក់ដែលបានមកពីការធ្វើពេស្យាចារ មិនអាចយកទៅធ្វើវិភាគទាននៅឯវិហាររបស់ព្រះយេហូវ៉ាបានទេ។ ផ្ទុយទៅវិញ សាសនាមិនពិតប្រើវិហារជាមធ្យោបាយរកស៊ីខាងផ្លូវភេទដើម្បីបានប្រាក់។ (បច ២៣:១៧, ១៨; ១បស ១៤:២៤) គម្ពីរក៏ប្រើពាក្យនេះក្នុងន័យធៀបដែរ ដើម្បីសំដៅលើមនុស្ស ជនជាតិ ឬអង្គការដែលចូលរួមគោរពបូជារូបព្រះតាមបែបផ្សេងៗ ដំណាលគ្នានោះពួកគេអះអាងថាខ្លួនជាអ្នកគោរពប្រណិប័តន៍ព្រះពិត។ ជាឧទាហរណ៍ ក្នុងសៀវភៅការបើកបង្ហាញ ហៅ«បាប៊ីឡូនដ៏ខ្លាំងក្លា»ដែលជាអង្គការសាសនាមិនពិតថាជាស្រីពេស្យា ពីព្រោះនាងមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងពួកអ្នកគ្រប់គ្រងពិភពលោកនេះ ដោយសង្ឃឹមថាបានទទួលអំណាចនិងទ្រព្យសម្បត្តិ។—បប ១៧:១-៥; ១៨:៣; ១ប្រ ៥:២៥
ស្លាកសញ្ញាបរិសុទ្ធនៃការប្រគល់ខ្លួនជូនព្រះ
ស្អាតបរិសុទ្ធ
ក្នុងគម្ពីរ ពាក្យនេះមិនគ្រាន់តែសំដៅលើភាពស្អាតស្អំខាងរូបកាយប៉ុណ្ណោះទេ តែក៏សំដៅលើការថែរក្សា ឬការស្ដារឡើងវិញនូវសភាពមួយដែលគ្មានស្នាមប្រឡាក់ គ្មានមន្ទិល និងរួចផុតពីអ្វីក៏ដោយដែលនាំឲ្យសៅហ្មងខាងសីលធម៌ឬការគោរពប្រណិប័តន៍ព្រះ។ ក្នុងច្បាប់ម៉ូសេ ពាក្យនេះសំដៅលើការសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធតាមច្បាប់។—ចល ១០:១០; ចសព ៥១:៧; ម៉ាថ ៨:២; ១កូ ៦:១១
ហ
ហត្ថ
ជារង្វាស់ដែលមានប្រវែងពីកែងដៃដល់ចុងម្រាមដៃកណ្ដាល។ ជាទូទៅ ជនជាតិអ៊ីស្រាអែលប្រើហត្ថដែលមានប្រវែងប្រហែល៤៤,៥សង់ទីម៉ែត្រ តែពួកគេក៏ប្រើហត្ថវែងជាហត្ថដែលវែងជាងហត្ថនោះមួយទះដែរ។ ហត្ថវែងមានប្រវែងប្រហែល៥១,៨សង់ទីម៉ែត្រ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—ដក ៦:១៥; លូក ១២:២៥
ហ៊ីកាយ៉ូន
ជាពាក្យសម្រាប់អ្នកដឹកនាំតន្ត្រី។ ពាក្យនេះបានត្រូវប្រើនៅក្នុងសៀវភៅចម្រៀងសរសើរព្រះ ៩:១៦ ប្រហែលជាសំដៅលើបទភ្លេងលេងដោយប្រើពិណដែលមានសំឡេងធ្ងន់ ឬសំដៅលើការផ្អាកលេងមួយភ្លែត ដែលជួយដល់ការរំពឹងគិត។
ហ៊ីន
ជារង្វាស់រង្វាល់វត្ថុរាវ ក៏ជាឈ្មោះប្រដាប់សម្រាប់វាល់ដែរ។ មួយហ៊ីនស្មើនឹង៣,៦៧លីត្រ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—ដច ២៩:៤០
ហ៊ីសុប
ជារុក្ខជាតិដែលមានមែកនិងស្លឹកស្អាត។ គេប្រើដើម្បីប្រោះឈាម ឬប្រោះទឹកក្នុងពិធីលាងសម្អាត។ ហ៊ីសុបអាចជារុក្ខជាតិម៉ាជោរ៉ាម (Origanum maru; Origanum syriacum)។ ដូចមានចែងក្នុងយ៉ូហាន ១៩:២៩ ហ៊ីសុបអាចជារុក្ខជាតិម៉ាជោរ៉ាមភ្ជាប់នឹងមែកឬធាងរុក្ខជាតិស័រកាម (Sorghum vulgare) ដោយសាររុក្ខជាតិនេះមានដើមវែងល្មមអាចដាក់ប្រដាប់ជក់ស្រាជូរ រួចហុចទៅដល់មាត់លោកយេស៊ូ។—ដច ១២:២២; ចសព ៥១:៧
ហឹបនៃកិច្ចព្រមព្រៀង
ជាហឹបមួយធ្វើពីឈើអាកាស្យា ដែលស្រោបមាស ហើយហឹបនោះបានត្រូវទុកនៅក្នុងទីបរិសុទ្ធបំផុតនៃត្រសាល តែក្រោយមកដាក់នៅក្នុងទីបរិសុទ្ធបំផុតនៃវិហារដែលសាឡូម៉ូនបានសង់។ គម្របហឹបនោះធ្វើពីមាស ហើយមានចេរូប៊ីនពីរប្រទល់មុខគ្នា។ នៅក្នុងហឹបនោះ អ្វីសំខាន់បំផុតគឺបន្ទះថ្មពីរដែលមានចារបញ្ញត្តិទាំង១០ប្រការ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ៥និងខ៨)។—បច ៣១:២៦; ១បស ៦:១៩; ហេ ៩:៤
ហូម៉ើរ
ជារង្វាស់រង្វាល់វត្ថុស្ងួត ដែលស្មើនឹងគ័រ។ បើគណនាតាមបរិមាណរង្វាល់បាត មួយហូម៉ើរស្មើនឹង២២០លីត្រ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—ចល ២៧:១៦
ហូរែប ឬភ្នំហូរែប
ហ៊ើមេស
ជាព្រះមួយរបស់ជនជាតិក្រិច និងជាកូនប្រុសរបស់ព្រះសឺស។ បណ្ដាជនក្រុងលីស្ត្រាបានយល់ច្រឡំដោយហៅប៉ូលថាព្រះហ៊ើមេស ពីព្រោះព្រះនោះពូកែវោហារ ហើយមានតួនាទីជាអ្នកនាំពាក្យរបស់បណ្ដាព្រះ។—សកម្ម ១៤:១២
ហេប្រឺ
ពាក្យនេះប្រើជាលើកដំបូងសម្រាប់អាប្រាហាំ (អាប់រ៉ាម) ដើម្បីសម្គាល់ថាគាត់ខុសគ្នាពីជនជាតិអាម៉ូរីដែលជាអ្នកជិតខាង។ បន្ទាប់មក ពាក្យនេះប្រើសំដៅលើកូនចៅរបស់អាប្រាហាំ ដែលមកពីយ៉ាកុបដែលជាចៅរបស់គាត់។ ពាក្យនេះក៏សំដៅលើភាសារបស់ពួកគេដែរ។ នៅសម័យលោកយេស៊ូ ភាសាហេប្រឺបានលាយឡំជាមួយនឹងភាសាអេរ៉ាម ក៏ជាភាសាដែលគ្រិស្តនិងអ្នកកាន់តាមលោកនិយាយដែរ។—ដក ១៤:១៣; ដច ៥:៣; សកម្ម ២៦:១៤
ហេរ៉ូឌ
ជានាមត្រកូលនៃគ្រួសាររាជវង្ស ដែលរ៉ូមបានតែងតាំងឲ្យគ្រប់គ្រងលើជនជាតិយូដា។ ហេរ៉ូឌដ៏ធំមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារគាត់បានសង់វិហារក្នុងក្រុងយេរូសាឡិមឡើងវិញ ហើយបានបញ្ជាឲ្យសម្លាប់កូនក្មេងក្នុងបំណងផ្ដាច់ជីវិតលោកយេស៊ូ។ (ម៉ាថ ២:១៦; លូក ១:៥) ហេរ៉ូឌអាខេឡាស និងហេរ៉ូឌអាន់ទីប៉ាស ជាកូនប្រុសរបស់ហេរ៉ូឌដ៏ធំ បានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើតំបន់ផ្សេងៗដែលឪពុករបស់ពួកគេគ្រប់គ្រង។ (ម៉ាថ ២:២២) ហេរ៉ូឌអាន់ទីប៉ាសជាអភិបាលម្នាក់ ហើយមនុស្សទូទៅហៅគាត់ថា«ស្ដេច»។ គាត់គ្រប់គ្រងក្នុងអំឡុងពេលបីឆ្នាំកន្លះដែលលោកយេស៊ូបំពេញកិច្ចបម្រើផ្សាយ ហើយបន្តគ្រប់គ្រងរហូតដល់ព្រឹត្តិការណ៍នៅក្នុងសៀវភៅសកម្មភាព ជំពូកទី១២។ (ម៉ាក ៦:១៤-១៧; លូក ៣:១, ១៩, ២០; ១៣:៣១, ៣២; ២៣:៦-១៥; សកម្ម ៤:២៧; ១៣:១) បន្ទាប់ពីនោះមក ហេរ៉ូឌអាគ្រីប៉ាទី១ ជាចៅប្រុសរបស់ហេរ៉ូឌដ៏ធំ បានត្រូវទេវតារបស់ព្រះសម្លាប់ក្រោយពីគាត់បានគ្រប់គ្រងអស់មួយរយៈពេលខ្លី។ (សកម្ម ១២:១-៦, ១៨-២៣) កូនប្រុសរបស់គាត់ គឺហេរ៉ូឌអាគ្រីប៉ាទី២បានស្នងតំណែង ហើយគ្រប់គ្រងរហូតដល់ជនជាតិយូដាធ្វើបដិវត្តប្រឆាំងនឹងអំណាចរ៉ូម។—សកម្ម ២៣:៣៥; ២៥:១៣, ២២-២៧; ២៦:១, ២, ១៩-៣២
ហ្សេគិល
ជាឯកតាទម្ងន់និងជារូបិយវត្ថុរបស់ជនជាតិហេប្រឺ។ មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ ពាក្យ«ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ»អាចជាពាក្យដែលប្រើដើម្បីបញ្ជាក់ទម្ងន់ត្រឹមត្រូវ ឬស្របតាមខ្នាតទម្ងន់នៅក្នុងត្រសាល។ ហ្សេគិលដែលមនុស្សទូទៅប្រើអាចខុសគ្នាពីហ្សេគិលក្នុងវាំង។ ក្នុងវាំងក៏ប្រហែលជាមានហ្សេគិលដែលជាខ្នាតទម្ងន់គំរូដែលគេទុកដែរ។—ដច ៣០:១៣
ឡ
ឡ
ឡិបតា
ក្នុងសម័យបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច នេះជាកាក់ស្ពាន់ឬកាក់លង្ហិនតូចបំផុតរបស់ជនជាតិយូដា (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—ម៉ាក ១២:៤២; លូក ២១:២
ឡូក
ជារង្វាស់រង្វាល់វត្ថុរាវតូចបំផុតក្នុងគម្ពីរ។ ក្នុងសៀវភៅជ្វីសតាល់ម៉ូដ (Jewish Talmud) ប្រាប់ថាមួយឡូកស្មើនឹង១ភាគ១២ហ៊ីន។ ដូច្នេះ បើគណនាតាមសៀវភៅនោះ មួយឡូកស្មើនឹង០,៣១លីត្រ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—ចល ១៤:១០
អ
អង្កាម
អង្គរក្សរបស់អធិរាជ
ជាក្រុមកងទ័ពរ៉ូម ដែលបានបង្កើតឡើងដើម្បីការពារអធិរាជរ៉ូម។ ពួកអង្គរក្សមានឥទ្ធិពលខ្លាំងខាងនយោបាយ អាចគាំទ្រឬក៏ផ្ដួលរំលំអធិរាជ។—ភី ១:១៣
អប
ក្រោយពីជនជាតិយូដាចេញពីបាប៊ីឡូន អបជាឈ្មោះខែទី៥នៃប្រតិទិនសាសនារបស់ជនជាតិយូដា និងជាខែទី១១នៃប្រតិទិនកសិកម្ម។ រាប់ចាប់ពីពាក់កណ្ដាលខែកក្កដាដល់ពាក់កណ្ដាលខែសីហា។ ឈ្មោះអបមិនមានក្នុងបទគម្ពីរទេ តែបានត្រូវជំនួសដោយ«ខែទី៥» (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។—ជប ៣៣:៣៨; អែស ៧:៩
អព្ភូតហេតុ ឬការអស្ចារ្យ
ជាសកម្មភាពឬជាការដែលហួសពីច្បាប់ធម្មជាតិដែលមនុស្សស្គាល់ ហើយគេជឿថាមកពីអំណាចដែលខ្លាំងជាងអំណាចរបស់មនុស្ស។ ពេលខ្លះគម្ពីរប្រើពាក្យដូចជា«សញ្ញាសម្គាល់» ឬ«ហេតុការណ៍អស្ចារ្យ»។—ហេ ២:៤; បច ១៣:១, ២
អាខេយ៉ា
ក្នុងបទគម្ពីរភាសាក្រិច នេះជាខេត្តមួយរបស់រ៉ូម ស្ថិតនៅភាគខាងត្បូងក្រិច ដែលមានរដ្ឋធានីនៅក្រុងកូរិនថូស។ អាខេយ៉ារួមបញ្ចូលទឹកដីទាំងអស់នៃភីឡុបផូននី និងផ្នែកខ្លះនៃឧបទ្វីបក្រិច (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៣)។—សកម្ម ១៨:១២
អាថ៌កំបាំងដ៏ពិសិដ្ឋ
ជាផ្នែកមួយនៃគោលបំណងរបស់ព្រះ ដែលលោកមិនទាន់បើកបង្ហាញ រហូតដល់ពេលកំណត់របស់លោក។ លោកពេញចិត្តបើកបង្ហាញដល់អស់អ្នកដែលលោកចង់ឲ្យដឹងតែប៉ុណ្ណោះ។—ម៉ាក ៤:១១; កូឡ ១:២៦
អាប៊ីប
ជាឈ្មោះដើមខែដំបូងនៃប្រតិទិនសាសនារបស់ជនជាតិយូដា និងជាខែទី៧នៃប្រតិទិនកសិកម្ម។ អាប៊ីបមានន័យថា«កួរស្រូវខ្ចី»។ ខែនេះរាប់ចាប់ពីពាក់កណ្ដាលខែមីនាដល់ពាក់កណ្ដាលខែមេសា។ ក្រោយពីជនជាតិយូដាចេញពីបាប៊ីឡូន គេហៅអាប៊ីបថាខែណែសាន (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។—បច ១៦:១
អាម៉ាគេដូន
ពាក្យនេះមកពីភាសាហេប្រឺហាមេគីដោន មានន័យថា«ភ្នំមេគីដោ»។ ពាក្យនេះទាក់ទងនឹង«សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត» នៅពេលដែល«ស្ដេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី»ប្រមូលគ្នា ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងព្រះយេហូវ៉ា (មើលពាក្យ«ទុក្ខវេទនាជាខ្លាំង»)។—បប ១៦:១៤, ១៦; ១៩:១១-២១
អាមេន
«សូមឲ្យកើតឡើង» ឬ«ពិតប្រាកដ»។ ពាក្យនេះមកពីពាក្យហេប្រឺអាម៉ាន ដែលមានន័យថា«ស្មោះត្រង់ ឬគួរឲ្យទុកចិត្ត»។ ការនិយាយពាក្យ«អាមេន» បញ្ជាក់អំពីការយល់ព្រម ពេលធ្វើសម្បថ ពេលអធិដ្ឋានចប់ ពេលបញ្ចប់ឃ្លា ឬពេលបញ្ចប់សម្ដីរបស់អ្នកណាម្នាក់។ ក្នុងសៀវភៅការបើកបង្ហាញ ពាក្យនេះបានត្រូវប្រើជាឋានន្តរសម្រាប់លោកយេស៊ូ។—បច ២៧:២៦; ១ប្រ ១៦:៣៦; បប ៣:១៤
អារីយ៉ូស
ជាទួលមួយនៅក្រុងអាថែន ស្ថិតនៅទិសខាងជើងឆៀងខាងលិចនៃអាក្រូប៉ូលិស។ ក៏ជាឈ្មោះតុលាការកំពូលដែលគេប្រជុំគ្នានៅទីនោះដែរ។ ទស្សនវិទូស្តូអ៊ីកនិងអេពីគួបាននាំប៉ូលមកអារីយ៉ូស ដើម្បីឲ្យគាត់ពន្យល់អំពីជំនឿរបស់គាត់។—សកម្ម ១៧:១៩
អាលផានិងអូមេហ្គា
ជាតួអក្សរទី១និងតួអក្សរចុងក្រោយគេបង្អស់ក្នុងភាសាក្រិច។ អាលផានិងអូមេហ្គាមានបីដងក្នុងសៀវភៅការបើកបង្ហាញ ដើម្បីសំដៅលើព្រះ។ នៅក្នុងបរិបទទាំងនេះ ពាក្យនេះមានន័យដូចគ្នានឹងពាក្យ«ជាដើមនិងជាចុង» ឬ«ជាអ្នកដំបូងបង្អស់និងជាអ្នកក្រោយបង្អស់»។—បប ១:៨; ២១:៦; ២២:១៣
អាសថារ៉ូត
ជាព្រះមួយរបស់ជនជាតិកាណាន និងជាព្រះនៃការធ្វើសង្គ្រាម ថែមទាំងជាព្រះដែលគេជឿថាអាចជួយឲ្យមានកូន។ អាសថារ៉ូតជាប្រពន្ធរបស់ព្រះបាល។—១សាំ ៧:៣
អាស៊ី
ជាឈ្មោះរបស់ខេត្តរ៉ូមនៅក្នុងបទគម្ពីរភាសាក្រិច ដែលសព្វថ្ងៃនេះស្ថិតនៅភាគខាងលិចនៃប្រទេសតួកគី ក៏រួមមានកោះមួយចំនួននៅតាមបណ្ដោយឆ្នេរសមុទ្រដូចជាសាម៉ូស និងប៉ាត់ម៉ុស។ រដ្ឋធានីរបស់ខេត្តនោះគឺអេភេសូរ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៣)។—សកម្ម ២០:១៦; បប ១:៤
អាសិលគា
មើលពាក្យ«ប្រព្រឹត្តដោយឥតកោតក្រែង»។
អាសេសែល
អាហារល្ងាចរបស់លោកម្ចាស់
ជាអាហារមែនទែន មាននំប៉័ងឥតដំបែនិងស្រា ដែលតំណាងរូបកាយនិងឈាមរបស់គ្រិស្ត។ នេះជាពិធីរំលឹកមរណភាពរបស់លោកយេស៊ូ។ គម្ពីរប្រាប់គ្រិស្តសាសនិកឲ្យបន្តធ្វើពិធីនេះ។ ដូច្នេះ ជាការសមត្រឹមត្រូវដែលយើងប្រើពាក្យ«ពិធីរំលឹក»។—១កូ ១១:២០, ២៣-២៦
អាឡាម៉ូត
ជាពាក្យតន្ត្រី ដែលមានន័យថា«ស្រីក្រមុំឬស្ត្រីវ័យក្មេង» ប្រហែលជាសំដៅលើសំឡេងខ្ពស់របស់ពួកស្ត្រីវ័យក្មេង។ ពាក្យនេះទំនងជាប្រើដើម្បីបញ្ជាក់អំពីភ្លេងដែលត្រូវលេងដោយប្រើណោតខ្ពស់។—១ប្រ ១៥:២០; ចសព ៤៦:ពាក្យផ្ដើម
អ៊ីលីរីកុម
ជាខេត្តមួយរបស់រ៉ូម ស្ថិតនៅភាគខាងជើងឆៀងខាងលិចនៃប្រទេសក្រិច។ ពេលប៉ូលបំពេញកិច្ចបម្រើផ្សាយ គាត់ធ្លាប់ធ្វើដំណើរឆ្ងាយដល់ទីនោះ តែគម្ពីរមិនបានប្រាប់ថាគាត់បានចូលទៅផ្សព្វផ្សាយក្នុងអ៊ីលីរីកុមនោះទេ ឬគាត់គ្រាន់តែទៅដល់ព្រំប្រទល់ខេត្តនោះប៉ុណ្ណោះ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៣)។—រ៉ូម ១៥:១៩
អ៊ីស្រាអែល
ជាឈ្មោះដែលព្រះដាក់ឲ្យយ៉ាកុប។ ក្រោយមក ឈ្មោះនេះសំដៅលើកូនចៅទាំងអស់របស់គាត់ ដែលរស់នៅសម័យជាមួយគ្នា។ កូនចៅដែលកើតពីកូនប្រុសទាំង១២នាក់របស់យ៉ាកុប គេច្រើនតែហៅថាកូនអ៊ីស្រាអែល ឬពួកអ្នកផ្ទះអ៊ីស្រាអែល ឬបណ្ដាជនអ៊ីស្រាអែល ឬប្រជាជាតិអ៊ីស្រាអែល ឬជនជាតិអ៊ីស្រាអែល។ ពាក្យអ៊ីស្រាអែលក៏ជាឈ្មោះសម្រាប់រាជាណាចក្រខាងជើងដែលមានកុលសម្ព័ន្ធ១០ ដែលបានផ្ដាច់ចេញពីរាជាណាចក្រខាងត្បូង ហើយក្រោយមកពាក្យនេះបានត្រូវប្រើសំដៅលើគ្រិស្តសាសនិកដែលព្រះបានរើសតាំង គឺ«អ៊ីស្រាអែលនៃព្រះ»។—កាឡ ៦:១៦; ដក ៣២:២៨; ២សាំ ៧:២៣; រ៉ូម ៩:៦
អឺប្រាត
ជាទន្លេដែលមានបណ្ដោយវែងជាងគេនិងសំខាន់បំផុតនៅទិសខាងត្បូងឆៀងខាងលិចអាស៊ី ក៏ជាទន្លេធំមួយក្នុងចំណោមទន្លេធំពីរនៅតំបន់មេសូប៉ូតាមា។ ពាក្យអឺប្រាតមានជាលើកដំបូងក្នុងសៀវភៅដើមកំណើត ២:១៤ ជាទន្លេមួយក្នុងចំណោមទន្លេទាំងបួននៅអេដែន។ ទន្លេអឺប្រាតគឺជាព្រំប្រទល់ខាងជើងនៃទឹកដីអ៊ីស្រាអែល (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ២)។—ដក ១៥:១៨; បប ១៦:១២
អូនីក្ស
ជាត្បូងមានតម្លៃល្មម និងជាប្រភេទថ្មកែវរឹងចម្រុះពណ៌ ឬមានស្រទាប់ខណ្ឌថ្លាៗ។ អូនីក្សមានពណ៌សឆ្លាស់ខ្មៅ ត្នោត ក្រហម ប្រផេះ ឬបៃតង។ ត្បូងនេះមាននៅលើសម្លៀកបំពាក់ពិសេសរបស់សម្ដេចសង្ឃ។—ដច ២៨:៩, ១២; ១ប្រ ២៩:២; យ៉ូប ២៨:១៦
អូម៉ើរ
ជារង្វាស់រង្វាល់វត្ថុស្ងួត។ មួយអូម៉ើរស្មើនឹង២,២លីត្រ ឬស្មើនឹង១ភាគ១០អេហ្វា (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—ដច ១៦:១៦, ១៨
អេដា
ក្រោយពីជនជាតិយូដាចេញពីបាប៊ីឡូន អេដាជាឈ្មោះខែទី១២នៃប្រតិទិនសាសនារបស់ជនជាតិយូដា និងជាខែទី៦នៃប្រតិទិនកសិកម្ម។ រាប់ចាប់ពីពាក់កណ្ដាលខែកុម្ភៈដល់ពាក់កណ្ដាលខែមីនា (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។—អេធ ៣:៧
អេដំ
អេត្យូពី
ជាប្រទេសបុរាណដែលធ្លាប់ស្ថិតនៅទឹកដីដែលជាផ្នែកខាងត្បូងបំផុតនៃស្រុកអេហ្ស៊ីបនៅសព្វថ្ងៃនេះ និងទឹកដីភាគខាងជើងប្រទេសស៊ូដង់។ ពេលខ្លះ ពាក្យនេះបានត្រូវប្រើជាភាសាហេប្រឺថា«គូស»។—អេធ ១:១
អេថានីម
ជាឈ្មោះខែទី៧នៃប្រតិទិនសាសនារបស់ជនជាតិយូដា និងជាខែទី១នៃប្រតិទិនកសិកម្ម។ រាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាដល់ពាក់កណ្ដាលខែតុលា។ ក្រោយពីជនជាតិយូដាចេញពីបាប៊ីឡូន ពួកគេបានហៅឈ្មោះខែនោះថាធិសស៊្រី (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។—១បស ៨:២
អេប្រាអ៊ីម
អេផូឌ
អេរ៉ាម ឬជនជាតិអេរ៉ាម
អេរ៉ាមជាកូនរបស់សិម។ ភាគច្រើន កូនចៅរបស់អេរ៉ាមរស់នៅតំបន់ភ្នំ ចាប់ពីភ្នំលីបង់រហូតដល់មេសូប៉ូតាមា និងចាប់ពីជួរភ្នំតារូសនៅភាគខាងជើងចុះទៅដាម៉ាស់ ហើយហួសទៅភាគខាងត្បូង។ ទឹកដីនេះបានត្រូវហៅថាអេរ៉ាមជាភាសាហេប្រឺ តែក្រោយមកហៅថាស្រុកស៊ីរី ហើយអស់អ្នកដែលរស់នៅក្នុងស្រុកនោះ ហៅថាជនជាតិស៊ីរី។—ដក ២៥:២០; បច ២៦:៥; ហូ ១២:១២
អេលូល
ក្រោយពីជនជាតិយូដាចេញពីបាប៊ីឡូន អេលូលជាឈ្មោះខែទី៦នៃប្រតិទិនសាសនារបស់ជនជាតិយូដា និងជាខែទី១២នៃប្រតិទិនកសិកម្ម។ រាប់ចាប់ពីពាក់កណ្ដាលខែសីហាដល់ពាក់កណ្ដាលខែកញ្ញា (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥)។—នេហ ៦:១៥
អេហ្វា
ជារង្វាស់រង្វាល់វត្ថុស្ងួតនិងជាប្រអប់ឬកញ្ឆេដែលប្រើសម្រាប់វាល់ស្រូវ មួយអេហ្វាស្មើនឹងមួយរង្វាស់រង្វាល់វត្ថុរាវបាត មានចំណុះ២២លីត្រ (មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤)។—ដច ១៦:៣៦; អេគ ៤៥:១០
អំពើធ្មប់
ជាការប្រើអំណាចដែលមកពីពួកវិញ្ញាណអាក្រក់។—២បស ៩:២២; អេ ៤៧:៩, ១២; ណា ៣:៤
អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ
មកពីពាក្យភាសាក្រិចផូនៀ (por·neiʹa) ហើយក្នុងគម្ពីរពាក្យនេះសំដៅលើការរួមដំណេកដែលខុសច្បាប់ព្រះ រួមបញ្ចូលការផិតក្បត់ ពេស្យាចារ និងការរួមដំណេករវាងមនុស្សដែលនៅលីវ រវាងមនុស្សដែលមានភេទដូចគ្នា ព្រមទាំងការរួមភេទជាមួយនឹងសត្វ។ ក្នុងសៀវភៅការបើកបង្ហាញ ពាក្យនេះបានត្រូវប្រើក្នុងន័យធៀបសំដៅលើសាសនាដែលប្រព្រឹត្តដូចស្រីពេស្យា ហៅថា«បាប៊ីឡូនដ៏ខ្លាំងក្លា» ពីព្រោះនាងមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងពួកអ្នកគ្រប់គ្រងពិភពលោកនេះ ដោយសង្ឃឹមថាបានទទួលអំណាចនិងទ្រព្យសម្បត្តិ (មើលពាក្យ«ស្រីពេស្យា»)។—បប ១៤:៨; ១៧:២; ១៨:៣; ម៉ាថ ៥:៣២; សកម្ម ១៥:២៩; កាឡ ៥:១៩
អ្នកកាន់តាមហេរ៉ូឌ
ជាក្រុមជាតិនិយមដែលគាំទ្រគោលបំណងនយោបាយរបស់ហេរ៉ូឌក្រោមការគ្រប់គ្រងរបស់រ៉ូម។ ពួកសាឌូស៊ីខ្លះប្រហែលជានៅក្នុងក្រុមនេះ។ ពួកហេរ៉ូឌនិងពួកផារិស៊ីរួមដៃគ្នាប្រឆាំងលោកយេស៊ូ។—ម៉ាក ៣:៦
អ្នកកើតឃ្លង់ ឬជំងឺឃ្លង់
ជាជំងឺស្បែកធ្ងន់ធ្ងរ។ ក្នុងគម្ពីរ ពាក្យថាជំងឺឃ្លង់មានន័យទូលំទូលាយជាងសព្វថ្ងៃនេះ ព្រោះជំងឺនេះអាចឆ្លងមកពីមនុស្ស សម្លៀកបំពាក់ ឬផ្ទះសម្បែងជាដើម។—ចល ១៤:៥៤, ៥៥; លូក ៥:១២
អ្នកចាស់ទុំ ឬបុរសចាស់ទុំ
ជាបុរសដែលមានអាយុច្រើនបន្តិច។ ក្នុងបទគម្ពីរ ជាបុរសដែលមានអំណាចនិងមានតួនាទីក្នុងសហគមន៍ឬក្នុងប្រទេស។ ពាក្យនេះក៏បានត្រូវប្រើសម្រាប់បុគ្គលវិញ្ញាណនៅស្ថានសួគ៌ក្នុងសៀវភៅការបើកបង្ហាញដែរ។ ពាក្យភាសាក្រិចប្រេសប៊ូតតេរ៉ូស បកប្រែថា«អ្នកចាស់ទុំ»ពេលសំដៅលើអស់អ្នកដែលមានភារកិច្ចនាំមុខក្នុងក្រុមជំនុំ។—ដច ៤:២៩; សុភ ៣១:២៣; ១ធី ៥:១៧; បប ៤:៤
អ្នកចេះហោរាសាស្ត្រ
អ្នកដូរសាសនា
ជាអ្នកចូលសាសនាផ្សេង។ ក្នុងគម្ពីរ ពាក្យនេះសំដៅលើអ្នកដែលស្រឡាញ់ ហើយកាន់ខ្ជាប់សាសនាយូដា។ បុរសដែលចូលសាសនាយូដា ត្រូវកាត់ចុងស្បែក។—ម៉ាថ ២៣:១៥; សកម្ម ១៣:៤៣
អ្នកត្រួតពិនិត្យ
ជាបុរសដែលមានភារកិច្ចចម្បងដើម្បីថែរក្សាក្រុមជំនុំ។ ពាក្យនេះមកពីពាក្យភាសាក្រិចអិភីស្កូផូស (e·piʹsko·pos) ដែលមានន័យជាមូលដ្ឋានថាការពារនិងមើលថែ។ ពាក្យភាសាក្រិចមួយទៀតប៊្រេសប៊ីធឺរ៉ុស (pre·sbyʹte·ros) មានន័យថា«អ្នកចាស់ទុំ» ហើយពាក្យនេះដូចគ្នានឹងពាក្យ«អ្នកត្រួតពិនិត្យ»។ ពាក្យទាំងពីរនេះសំដៅលើតួនាទីដូចគ្នាក្នុងក្រុមជំនុំគ្រិស្តសាសនិក។ ពាក្យ«អ្នកចាស់ទុំ»បញ្ជាក់អំពីគុណសម្បត្តិផ្សេងៗដែលគាត់មាន ជាមូលហេតុដែលគាត់បានត្រូវតែងតាំង។ ចំណែកពាក្យ«អ្នកត្រួតពិនិត្យ»បញ្ជាក់អំពីតួនាទីដែលគាត់មើលការខុសត្រូវ។—សកម្ម ២០:២៨; ១ធី ៣:២-៧; ១ពេ ៥:២
អ្នកប្រកាសទំនាយ
អ្នកមើលធ្លុះ
ជាមនុស្សដែលព្រះបានផ្ដល់សមត្ថភាពឲ្យយល់អំពីបំណងប្រាថ្នារបស់លោក និងជាអ្នកដែលព្រះបានបើកបង្ហាញឲ្យយល់នូវអ្វីដែលមនុស្សទូទៅមិនអាចយល់។ ពាក្យភាសាហេប្រឺនេះមកពីឫសគល់ពាក្យដែលជាន័យត្រង់និងន័យធៀបថា«មើល»។ អ្នកដែលត្រូវការយោបល់ឬអ្នកដែលមានបញ្ហា តែងទៅជួបអ្នកមើលធ្លុះ។—១សាំ ៩:៩
អ្នកយាម
ជាអ្នកដែលការពារមនុស្សនិងទ្រព្យសម្បត្តិ។ ជាញឹកញយ យាមនៅពេលយប់ ហើយក៏ជាអ្នកដែលបន្លឺសំឡេងពេលជិតមានគ្រោះថ្នាក់ដែរ។ ជារឿយៗ អ្នកយាមតែងឃ្លាំមើលពីលើប៉មនិងកំពែងក្រុង ដើម្បីសង្កេតមើលអស់អ្នកដែលមកជិតដល់ក្រុង។ នៅក្នុងជួរកងទ័ព គេហៅថាឆ្មាំ។ ក្នុងន័យធៀប អ្នកប្រកាសទំនាយបម្រើជាអ្នកយាមឲ្យជនជាតិអ៊ីស្រាអែល ដើម្បីព្រមានពួកគេអំពីសេចក្ដីហិនវិនាសដែលហៀបនឹងមកដល់។—២បស ៩:២០; អេគ ៣:១៧
អ្នកសម្រុះសម្រួល
អ្នកសម្រេចក្ដី
ជាអ្នកដែលព្រះបានតែងតាំងឲ្យជួយសង្គ្រោះរាស្ត្ររបស់លោក មុនសម័យដែលជនជាតិអ៊ីស្រាអែលមានស្ដេចជាមនុស្ស។—អសក ២:១៦