ដានីយ៉ែល
៩ ដារីយុសជាកូនអាហាស៊ូរុស ដែលត្រូវជាកូនចៅរបស់ពួកមេឌី គាត់បានទទួលការតែងតាំងឲ្យធ្វើជាស្ដេចលើរាជាណាចក្ររបស់ពួកខាល់ដេ។+ នៅឆ្នាំទី១ក្នុងរាជ្យដារីយុស+ ២ គឺនៅឆ្នាំដំបូងក្រោមការគ្រប់គ្រងរបស់គាត់ ខ្ញុំដានីយ៉ែលបានស្វែងយល់ក្នុងសៀវភៅពិសិដ្ឋផ្សេងៗនូវប្រសាសន៍របស់ព្រះយេហូវ៉ាតាមរយៈយេរេមាជាអ្នកប្រកាសទំនាយ ស្ដីអំពីចំនួនឆ្នាំដែលក្រុងយេរូសាឡិមត្រូវទុកចោល+ គឺអស់រយៈពេល៧០ឆ្នាំ។+ ៣ ដូច្នេះ ខ្ញុំបានបែរទៅរកព្រះយេហូវ៉ាជាព្រះពិត ហើយអធិដ្ឋានអង្វរសុំលោក ព្រមទាំងតមអាហារ+ ស្លៀកបាវ និងបាចផេះលើខ្លួន។ ៤ ខ្ញុំបានអធិដ្ឋានទៅព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ ហើយសារភាពថា៖
«ឱព្រះយេហូវ៉ាជាព្រះពិតអើយ! លោកជាព្រះដ៏ខ្ពង់ខ្ពស់និងគួរឲ្យកោតស្ងើច លោកតែងតែធ្វើតាមកិច្ចព្រមព្រៀងរបស់លោក ព្រមទាំងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+ចំពោះអស់អ្នកដែលស្រឡាញ់លោកនិងធ្វើតាមបញ្ញត្តិលោក។+ ៥ យើងបានធ្វើខុសឆ្គងនិងប្រព្រឹត្តអំពើរំលង ហើយបានបះបោរប្រឆាំងនឹងលោក+ ថែមទាំងប្រព្រឹត្តអំពើទុច្ចរិតទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានបំពានបញ្ញត្តិនិងក្រឹត្យក្រមរបស់លោកដែរ។ ៦ យើងថែមទាំងមិនបានស្ដាប់ពួកអ្នកប្រកាសទំនាយជាអ្នកបម្រើលោក+ កាលដែលពួកគេនិយាយតាងនាមលោក ទៅកាន់បណ្ដាស្ដេច ពួកអ្នកគ្រប់គ្រង បុព្វបុរសយើង និងបណ្ដាជនទាំងអស់ក្នុងស្រុក អំពីអ្វីដែលលោកចង់ឲ្យពួកគេធ្វើ។ ៧ ឱព្រះយេហូវ៉ាអើយ! មានតែលោកទេដែលសុចរិត។ ឯយើងខ្ញុំវិញ សព្វថ្ងៃនេះយើងទាំងអស់គ្នា ទាំងពួកបុរសយូដា ទាំងពួកអ្នកក្រុងយេរូសាឡិម ទាំងជនអ៊ីស្រាអែលទាំងអស់ដែលលោកបានបណ្ដេញឲ្យទៅរស់នៅស្រុកឆ្ងាយជិត រងការអាម៉ាស់ខ្លាំងណាស់ ដោយសារបានប្រព្រឹត្តមិនស្មោះត្រង់ចំពោះលោក។+
៨ «ឱព្រះយេហូវ៉ាអើយ! យើងទាំងអស់គ្នា រួមទាំងបណ្ដាស្ដេច ពួកអ្នកគ្រប់គ្រង និងបុព្វបុរសយើង ពិតជាអាម៉ាស់មុខខ្លាំងណាស់ ព្រោះយើងបានប្រព្រឹត្តខុសឆ្គងទាស់នឹងលោក។ ៩ ចំណែកលោកវិញ ឱព្រះយេហូវ៉ាជាព្រះរបស់យើងអើយ! លោកតែងមានសេចក្ដីមេត្តាករុណា និងអភ័យទោសឲ្យយើងជានិច្ច+ តែយើងបានបះបោរប្រឆាំងនឹងលោក+ ១០ ហើយមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាជាព្រះនៃយើង ដោយកាន់តាមច្បាប់ដែលលោកផ្ដល់ឲ្យតាមរយៈពួកអ្នកប្រកាសទំនាយជាអ្នកបម្រើរបស់លោកទេ។+ ១១ ជនជាតិអ៊ីស្រាអែលទាំងអស់បានបំពានច្បាប់របស់លោក ហើយមិនធ្វើតាមប្រសាសន៍របស់លោកឡើយ។ ហេតុនេះហើយបានជាព្រះពិតបណ្ដាលឲ្យយើងទទួលបណ្ដាសាពីការបំពានពាក្យសម្បថ ដែលបានត្រូវកត់ទុកក្នុងច្បាប់ម៉ូសេជាអ្នកបម្រើលោក។+ ព្រោះយើងបានប្រព្រឹត្តខុសឆ្គងទាស់នឹងលោកហើយ។ ១២ ម្ល៉ោះហើយ លោកបានធ្វើតាមប្រសាសន៍ដែលលោកបានព្រមានយើង+និងពួកអ្នកគ្រប់គ្រងយើងពិតមែន ដោយបណ្ដាលឲ្យយើងជួបប្រទះសេចក្ដីវេទនាជាខ្លាំង ហើយនៅក្រោមមេឃមិនដែលមានសេចក្ដីវេទនាណាដូចសេចក្ដីវេទនាដែលកើតឡើងដល់ក្រុងយេរូសាឡិមនោះទេ។+ ១៣ ដូច្នេះ ទុក្ខវេទនាទាំងអស់ដែលបានត្រូវកត់ទុកក្នុងច្បាប់ម៉ូសេ បានធ្លាក់មកលើយើងខ្ញុំពិតប្រាកដមែន។+ ទោះជាយ៉ាងនោះក៏ដោយ យើងខ្ញុំមិនបានអង្វរសុំសេចក្ដីមេត្តាករុណាពីព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដោយបែរចេញពីអំពើរំលង+ និងដោយបង្ហាញថាយើងខ្ញុំយល់សេចក្ដីពិត*របស់លោកទេ។
១៤ «ហេតុនេះ ព្រះយេហូវ៉ាតែងប្រុងប្រៀបជានិច្ច ហើយលោកធ្វើឲ្យសេចក្ដីវេទនាធ្លាក់មកលើយើងខ្ញុំ។ ព្រោះព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ លោកសុចរិតក្នុងគ្រប់ការទាំងអស់។ ទោះជាយ៉ាងនោះក៏ដោយ យើងខ្ញុំមិនបានធ្វើតាមប្រសាសន៍របស់លោកទេ។+
១៥ «ឱព្រះយេហូវ៉ាអើយ! លោកហើយជាអ្នកដែលបានសង្គ្រោះរាស្ត្រលោកចេញពីស្រុកអេហ្ស៊ីបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា+ ថែមទាំងធ្វើឲ្យនាមរបស់លោកល្បីរន្ទឺរហូតមកដល់សព្វថ្ងៃ។+ ឱព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំបានធ្វើខុស ហើយប្រព្រឹត្តអាក្រក់ណាស់។ ១៦ ឱព្រះយេហូវ៉ាអើយ! លោកតែងប្រព្រឹត្តដោយសុចរិតយុត្តិធម៌។+ ដូច្នេះ សូមលោកមេត្តាឈប់បញ្ចេញកំហឹងទៅលើក្រុងយេរូសាឡិមដែលជាភ្នំបរិសុទ្ធរបស់លោកទៅ។ ព្រោះក្រុងយេរូសាឡិមនិងរាស្ត្រលោករងការប្រមាថមើលងាយពីប្រជាជាតិដែលនៅជុំវិញ ដោយសារតែអំពើខុសឆ្គងរបស់យើងខ្ញុំនិងអំពើរំលងរបស់បុព្វបុរសយើងខ្ញុំ។+ ១៧ ឱព្រះយេហូវ៉ាអើយ! សូមលោកមេត្តាស្ដាប់សេចក្ដីអធិដ្ឋាននិងការអង្វរសុំរបស់ខ្ញុំជាអ្នកបម្រើលោកផង។ ឱព្រះនៃយើងអើយ! ដោយយល់ដល់នាមលោក សូមលោកបង្ហាញការពេញចិត្តទៅលើកន្លែងបរិសុទ្ធរបស់លោក+ដែលត្រូវគេបំផ្លាញនោះផង។+ ១៨ ឱព្រះនៃខ្ញុំអើយ! សូមលោកមេត្តាផ្ទៀងត្រចៀកស្ដាប់ខ្ញុំផង! សូមលោកមេត្តាមើលស្ថានភាពពិបាករបស់យើងខ្ញុំ ហើយសូមយកចិត្តទុកដាក់នឹងក្រុងបាក់បែកដែលតាងនាមលោកផង។ យើងខ្ញុំសូមអង្វរលោក មិនមែនដោយសារយើងខ្ញុំបានធ្វើអំពើសុចរិតទេ តែដោយសារសេចក្ដីមេត្តាករុណាដ៏ធំធេងរបស់លោក។+ ១៩ ឱព្រះយេហូវ៉ាអើយ! សូមលោកមេត្តាស្ដាប់ ហើយអភ័យទោសឲ្យយើងខ្ញុំផង។+ ឱព្រះយេហូវ៉ាអើយ! សូមលោកកុំព្រងើយកន្តើយឡើយ តែសូមចាត់វិធានការផង។ ឱព្រះយេហូវ៉ាជាព្រះនៃខ្ញុំអើយ! ដោយយល់ដល់នាមលោក និងក្រុងដែលតាងនាមលោក ព្រមទាំងយល់ដល់រាស្ត្រដែលជាតំណាងនាមលោក សូមលោកកុំបង្អែបង្អង់ឡើយ»។+
២០ ក្នុងអំឡុងពេលខ្ញុំអធិដ្ឋានសារភាពកំហុសខ្លួននិងកំហុសរបស់អ៊ីស្រាអែលជាជនរួមជាតិខ្ញុំ ថែមទាំងអង្វរសុំសេចក្ដីមេត្តាពីព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ស្ដីអំពីភ្នំបរិសុទ្ធរបស់លោក+ ២១ គឺកាលដែលខ្ញុំកំពុងនិយាយទៅកាន់ព្រះនៅឡើយ ស្រាប់តែកាព្រីយ៉ែល+ដែលខ្ញុំបានឃើញក្នុងការបើកបង្ហាញ+ បានលេចមកជួបខ្ញុំនៅពេលល្ងាចជាវេលាដែលត្រូវជូនគ្រឿងបូជាជាអំណោយ។ ពេលនោះ ខ្ញុំអស់កម្លាំងជាខ្លាំង។ ២២ កាព្រីយ៉ែលក៏បកស្រាយឲ្យខ្ញុំយល់ ដោយនិយាយថា៖
«ឱដានីយ៉ែលអើយ! ខ្ញុំមកដើម្បីជួយស្រាយបំភ្លឺឲ្យអ្នកយល់ច្បាស់។ ២៣ ពេលអ្នកចាប់ផ្ដើមអង្វរសុំព្រះ ខ្ញុំបានទទួលដំណឹងមួយ រួចខ្ញុំក៏នាំដំណឹងនោះមកប្រាប់អ្នក ព្រោះអ្នកជាបុគ្គលដ៏មានតម្លៃខ្លាំងណាស់។*+ ឥឡូវសូមស្ដាប់ដំណឹងនោះ ហើយស្វែងយល់អត្ថន័យនៃការបើកបង្ហាញដែលអ្នកឃើញក្នុងគំនិត។
២៤ «មានរយៈពេល៧០អាទិត្យ*ដែលបានត្រូវកំណត់ទុកសម្រាប់ជនរួមជាតិអ្នកនិងក្រុងបរិសុទ្ធ+ ដើម្បីបំបាត់អំពើរំលង ជម្រះទោសកំហុស+ និងដកចេញភាពខុសឆ្គង+ ហើយនាំមកនូវសេចក្ដីសុចរិតជារៀងរហូត+ ថែមទាំងបិទត្រាទំនាយនិងការបើកបង្ហាញ+ ហើយចាក់ប្រេងតែងតាំងទីបរិសុទ្ធបំផុតផងដែរ។ ២៥ ដូច្នេះ អ្នកត្រូវដឹងថាចាប់តាំងពីពេលចេញបញ្ជាឲ្យសាងសង់ក្រុងយេរូសាឡិមឡើងវិញ+ រហូតដល់ពេលមេស្ស៊ី*+ជាអ្នកដឹកនាំលេចមក+ នឹងមានរយៈពេល៧អាទិត្យថែម៦២អាទិត្យ។+ ក្រុងនោះនឹងត្រូវសាងសង់ឡើងវិញ ទាំងមានទីធ្លាសាធារណៈនិងផ្លូវទឹកជុំវិញ។ ប៉ុន្តែ ការនោះនឹងកើតឡើងក្នុងគ្រាលំបាក។
២៦ «លុះក្រោយរយៈពេល៦២អាទិត្យនោះ មេស្ស៊ីនឹងត្រូវគេសម្លាប់+ គ្មានអ្វីនៅសល់សម្រាប់លោកឡើយ។+
«កងទ័ពដែលដឹកនាំដោយមេដឹកនាំម្នាក់ នឹងមកបំផ្លាញក្រុងនោះនិងកន្លែងបរិសុទ្ធ។+ ទីបញ្ចប់នោះនឹងមកដូចជាទឹកជំនន់។ រហូតដល់ទីបញ្ចប់នឹងមានសង្គ្រាមមិនចេះចប់។ ស្របទៅតាមការសម្រេចរបស់ព្រះ នឹងមានការបំផ្លិចបំផ្លាញ។+
២៧ «លោកនឹងទុកកិច្ចព្រមព្រៀងឲ្យនៅមានសុពលភាពអស់រយៈពេលមួយអាទិត្យ ដើម្បីជាប្រយោជន៍ដល់មនុស្សជាច្រើន។ នៅពាក់កណ្ដាលអាទិត្យនោះ លោកនឹងធ្វើឲ្យលែងមានការជូនគ្រឿងបូជាជាអំណោយនិងការជូនគ្រឿងបូជាផ្សេងៗទៀត។+
«បុគ្គលដែលនាំឲ្យមានការបំផ្លិចបំផ្លាញនឹងមកនៅលើស្លាបនៃអ្វីដែលគួរឲ្យស្អប់ខ្ពើម+ ហើយរហូតដល់ពេលមានការហិនវិនាស ការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនឹងកើតឡើងស្របតាមការសម្រេចរបស់ព្រះ»។