សៀវភៅលូកា
៨ មិនយូរក្រោយពីនោះ លោកបានធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ពីភូមិមួយទៅភូមិមួយ ដើម្បីផ្សព្វផ្សាយនិងប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។+ ឯសាវ័កទាំង១២នាក់ ពួកគាត់ក៏ទៅជាមួយនឹងលោកដែរ។ ២ មានស្ត្រីខ្លះដែលលោកយេស៊ូបានធ្វើឲ្យជាពីជំងឺផ្សេងៗ និងរំដោះឲ្យរួចពីឥទ្ធិពលនៃពួកវិញ្ញាណអាក្រក់។ ក្នុងនោះមាន៖ ម៉ារៀដែលហៅថាម៉ាក់ដាឡេន ដែលលោកបានបណ្ដេញវិញ្ញាណកំណាច៧ចេញពីនាង ៣ និងយ៉ូហាណា+ជាប្រពន្ធរបស់ឃូសាដែលជាអ្នកមើលការខុសត្រូវក្នុងផ្ទះរបស់ហេរ៉ូឌ ថែមទាំងស៊ូសាណា និងស្ត្រីជាច្រើននាក់ទៀតដែលប្រើធនធានរបស់ខ្លួន ដើម្បីបម្រើលោកនិងពួកសាវ័ក។+
៤ ពេលមនុស្សមួយក្រុមយ៉ាងធំបានមូលគ្នាជាមួយនឹងពួកអ្នកដែលតាមលោកពីក្រុងមួយទៅក្រុងមួយ នោះលោកមានប្រសាសន៍ទៅកាន់ពួកគេដោយលើកឧទាហរណ៍ដូចតទៅ៖+ ៥ «មានមនុស្សម្នាក់ចេញទៅសាបព្រោះគ្រាប់ពូជ។ ពេលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះបានធ្លាក់តាមផ្លូវ ក៏ត្រូវគេដើរជាន់ ហើយមានសត្វស្លាបមកចឹកស៊ីអស់ទៅ។+ ៦ គ្រាប់ពូជខ្លះទៀតបានធ្លាក់លើផ្ទាំងថ្ម រួចក៏ចេញពន្លកភ្លាម តែបានក្រៀមស្វិតទៅព្រោះគ្មានសំណើម។+ ៧ ឯគ្រាប់ពូជខ្លះទៀតបានធ្លាក់លើដីដែលមានដើមបន្លា រួចដើមបន្លាក៏ដុះឡើងគ្របជិតគ្រាប់ពូជនោះ។+ ៨ គ្រាប់ពូជខ្លះបានធ្លាក់លើដីល្អ ក៏ដុះឡើង ហើយបង្កើតផល១ជា១០០»។+ ក្រោយពីលោកមានប្រសាសន៍អ្វីទាំងនេះចប់ លោកក៏បន្លឺសំឡេងថា៖ «អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ»។+
៩ ប៉ុន្តែ ពួកអ្នកកាន់តាមចាប់ផ្ដើមសួរលោកអំពីអត្ថន័យនៃឧទាហរណ៍នោះ។+ ១០ លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានត្រូវអនុញ្ញាតឲ្យយល់អាថ៌កំបាំងដ៏ពិសិដ្ឋអំពីរាជាណាចក្ររបស់ព្រះ។ ប៉ុន្តែ ខ្ញុំនិយាយដោយប្រើឧទាហរណ៍ទៅកាន់អ្នកឯទៀត+ ដើម្បីឲ្យអ្នកដែលមើល មិនអាចមើលឃើញ ហើយអ្នកដែលស្ដាប់ មិនអាចយល់អត្ថន័យ។+ ១១ ឧទាហរណ៍នេះមានអត្ថន័យដូចតទៅ៖ គ្រាប់ពូជគឺជាបណ្ដាំរបស់ព្រះ។+ ១២ ឯគ្រាប់ពូជដែលធ្លាក់តាមផ្លូវ គឺជាអ្នកដែលបានឮបណ្ដាំរបស់ព្រះ ហើយមេកំណាច*មកយកបណ្ដាំរបស់ព្រះចេញពីចិត្តពួកគេ ដើម្បីកុំឲ្យពួកគេជឿនិងទទួលសេចក្ដីសង្គ្រោះ។+ ១៣ រីឯគ្រាប់ពូជដែលធ្លាក់លើផ្ទាំងថ្ម គឺជាអ្នកដែលឮបណ្ដាំរបស់ព្រះ ហើយទទួលយកភ្លាមដោយអំណរ តែមិនចាក់ឫសទេ។ ពួកគេជឿអស់មួយរយៈ តែពេលដែលមានការល្បងល ពួកគេក៏បោះបង់ជំនឿចោល។+ ១៤ ចំណែកគ្រាប់ពូជដែលធ្លាក់លើដីដែលមានដើមបន្លា គឺជាអ្នកដែលបានឮបណ្ដាំរបស់ព្រះ តែពួកគេបណ្ដោយឲ្យកង្វល់កង្វាយ ទ្រព្យសម្បត្តិ+ និងការសប្បាយនៃជីវិត+ មកបំបែរអារម្មណ៍ពួកគេ ដែលហាក់ដូចជាពួកគេបានត្រូវគ្របបាំងជិត ហើយមិនបង្កើតផលពេញលក្ខណៈទេ។+ ១៥ ឯគ្រាប់ពូជដែលធ្លាក់លើដីល្អ គឺជាអ្នកដែលមានចិត្តល្អនិងស្មោះត្រង់។ ក្រោយពីឮបណ្ដាំរបស់ព្រះ ពួកគេបានរក្សាទុកក្នុងចិត្ត+ ហើយបង្កើតផលដោយស៊ូទ្រាំ។+
១៦ «គ្មានអ្នកណាអុជចង្កៀង រួចយកកញ្ឆេមកគ្រប ឬយកទៅដាក់ក្រោមគ្រែឡើយ តែគេដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូលមកអាចឃើញពន្លឺបាន។+ ១៧ ព្រោះអ្វីដែលបានត្រូវលាក់ នឹងត្រូវបើកបង្ហាញឲ្យឃើញ ហើយអ្វីដែលបានត្រូវបិទបាំងយ៉ាងជិតល្អ នឹងត្រូវបើកបង្ហាញឲ្យដឹងឮវិញ។ អ្វីទាំងនោះមិនអាចត្រូវបិទបាំងរហូតទេ។+ ១៨ ដូច្នេះ អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់ស្ដាប់ ព្រោះអ្នកណាដែលមាន នឹងទទួលថែមទៀត+ តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះគិតថាខ្លួនមាន ក៏នឹងត្រូវដកហូតដែរ»។+
១៩ ខណៈនោះ ម្ដាយនិងប្អូនប្រុសៗរបស់លោក+ចង់ចូលទៅឯលោក តែពួកគាត់ចូលមិនបានទេ ដោយសារមានមនុស្សច្រើនកកកុញ។+ ២០ ដូច្នេះ មានគេជម្រាបលោកថា៖ «ម្ដាយនិងប្អូនប្រុសៗរបស់លោកកំពុងឈរនៅខាងក្រៅ រង់ចាំជួបលោក»។ ២១ លោកក៏មានប្រសាសន៍ទៅក្រុមមនុស្សថា៖ «ម្ដាយនិងបងប្អូនរបស់ខ្ញុំ គឺជាអ្នកទាំងនេះដែលឮបណ្ដាំរបស់ព្រះ ហើយធ្វើតាម»។+
២២ នៅថ្ងៃមួយ លោកនិងពួកអ្នកកាន់តាមបានចុះទូក រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាង»។ ដូច្នេះ ពួកគាត់ក៏បើកក្ដោងចេញទូកទៅ។+ ២៣ ប៉ុន្តែ កាលដែលកំពុងធ្វើដំណើរទៅ លោកបានសម្រាន្តលក់។ ពេលនោះ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ធ្វើឲ្យទឹកចូលជិតពេញទូក ហើយហៀបនឹងលិច។+ ២៤ ឃើញដូច្នេះ ពួកគាត់បានទៅដាស់លោក ដោយស្រដីថា៖ «លោកគ្រូ! លោកគ្រូ! យើងជិតវិនាសហើយ!»។ លោកក៏ក្រោកឡើងស្ដីបន្ទោសខ្យល់និងទឹករលកដែលកំពុងបោកបក់យ៉ាងខ្លាំង។ ភ្លាមនោះ ខ្យល់និងទឹករលកក៏ស្ងប់ទៅ ហើយមានសភាពស្ងប់ស្ងាត់ក្រៃលែង។+ ២៥ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «តើជំនឿរបស់អ្នកបាត់ទៅណាហើយ?»។ ប៉ុន្តែ ពួកគាត់ភ័យខ្លាចយ៉ាងខ្លាំងទាំងនឹកអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាថា៖ «តើលោកនេះពិតជាអ្នកណា? ព្រោះសូម្បីតែខ្យល់និងទឹក ក៏ស្ដាប់បង្គាប់លោកដែរ»។+
២៦ ក្រោយមក ពួកគាត់បានចតទូកនៅឆ្នេរក្នុងតំបន់កេរ៉ាសា+ដែលនៅទល់មុខស្រុកកាលីឡេ។ ២៧ ពេលដែលលោកឡើងលើគោក បុរសម្នាក់ពីក្រុងនោះបានឆ្ពោះទៅរកលោក។ បុរសនោះមានពួកវិញ្ញាណកំណាចចូល ហើយអស់មួយរយៈពេលយ៉ាងយូរ គាត់មិនស្លៀកពាក់អ្វីទេ ក៏មិនស្នាក់នៅផ្ទះដែរ តែគាត់ស្នាក់នៅតាមទីបញ្ចុះសពវិញ។+ ២៨ ពេលឃើញលោកយេស៊ូ បុរសនោះក៏ស្រែកឡើង ហើយក្រាបនៅមុខលោក ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «លោកយេស៊ូ បុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត! តើលោកមករំខានខ្ញុំធ្វើអ្វី? ខ្ញុំអង្វរលោក កុំធ្វើទារុណកម្មខ្ញុំ»+ ២៩ (ពីព្រោះលោកយេស៊ូបានបង្គាប់វិញ្ញាណអសោចឲ្យចេញពីបុរសនោះ។ វាបានចូលនិងធ្វើទុក្ខគាត់អស់ជាច្រើនលើកច្រើនសា។*+ គេធ្លាប់ដាក់ច្រវាក់ដាក់ខ្នោះគាត់ ហើយយាមល្បាតផង តែគាត់តែងតែផ្ដាច់ច្រវាក់និងបំបាក់ខ្នោះទាំងនោះ។ គាត់ថែមទាំងត្រូវពួកវិញ្ញាណកំណាចបណ្ដាលឲ្យទៅកន្លែងឆ្ងាយពីគេទៀតផង)។ ៣០ លោកយេស៊ូសួរបុរសនោះថា៖ «តើអ្នកឈ្មោះអ្វី?»។ គាត់ឆ្លើយថា៖ «កងពល» ពីព្រោះមានវិញ្ញាណកំណាចជាច្រើនបានចូលគាត់។ ៣១ ពួកវាបានអង្វរលោកម្ដងហើយម្ដងទៀត កុំឲ្យលោកបង្គាប់ពួកវាឲ្យទៅក្នុងទីជ្រៅបំផុតឡើយ។+ ៣២ នៅពេលនោះ មានសត្វជ្រូកមួយហ្វូងធំ+កំពុងរកចំណីស៊ីនៅលើភ្នំ។ ដូច្នេះ ពួកវិញ្ញាណកំណាចទាំងនោះបានអង្វរលោក សុំឲ្យពួកវាចូលក្នុងជ្រូកទាំងនោះ ហើយលោកក៏អនុញ្ញាត។+ ៣៣ រួចមក ពួកវិញ្ញាណកំណាចបានចេញពីបុរសនោះ ទៅចូលក្នុងហ្វូងជ្រូក។ រួចហ្វូងជ្រូកនោះក៏បោលពីច្រាំងចោតធ្លាក់ចូលក្នុងបឹង ហើយលង់ទឹកងាប់អស់ទៅ។ ៣៤ ប៉ុន្តែ ពេលដែលពួកអ្នកឃ្វាលសត្វទាំងនោះឃើញអ្វីដែលបានកើតឡើង ពួកគេបានរត់ទៅប្រាប់មនុស្សនៅក្នុងក្រុងនិងនៅជនបទ។
៣៥ បន្ទាប់ពីនោះ មនុស្សម្នាមកមើលអ្វីដែលបានកើតឡើង។ ពួកគេមកឯលោកយេស៊ូ ហើយឃើញថាបុរសដែលធ្លាប់មានពួកវិញ្ញាណកំណាចចូល កំពុងអង្គុយជិតជើងលោកយេស៊ូដោយមានសម្លៀកបំពាក់ ព្រមទាំងលែងវង្វេងស្មារតីទៀត។ ឃើញដូច្នេះ ពួកគេក៏ភ័យខ្លាច។ ៣៦ អស់អ្នកដែលបានឃើញលោកយេស៊ូធ្វើឲ្យបុរសដែលមានវិញ្ញាណកំណាចចូលជាសះស្បើយ បានរៀបរាប់រឿងនោះប្រាប់មនុស្សទាំងនោះ។ ៣៧ ដូច្នេះ បណ្ដាជនពីតំបន់ជុំវិញក្រុងកេរ៉ាសាបានសុំលោកយេស៊ូឲ្យចាកចេញពីពួកគេ ពីព្រោះពួកគេភ័យខ្លាចជាខ្លាំង។ ម្ល៉ោះហើយ លោកក៏ចុះទូកដើម្បីចេញពីទីនោះ។ ៣៨ ប៉ុន្តែ បុរសដែលធ្លាប់មានពួកវិញ្ញាណកំណាចចូល បានទទូចអង្វរសុំទៅតាមលោក តែលោកបានឲ្យបុរសនោះត្រឡប់ទៅវិញ ដោយមានប្រសាសន៍ថា៖+ ៣៩ «ចូរត្រឡប់ទៅផ្ទះវិញចុះ ហើយបន្តប្រាប់មនុស្សអំពីអ្វីៗដែលព្រះបានធ្វើដើម្បីអ្នក»។ ដូច្នេះ គាត់បានចេញទៅ ហើយប្រកាសប្រាប់ពេញក្រុងអំពីអ្វីដែលលោកយេស៊ូបានធ្វើដើម្បីគាត់។
៤០ ពេលលោកយេស៊ូត្រឡប់មកស្រុកកាលីឡេវិញ បណ្ដាជនបានទទួលលោកយ៉ាងរាក់ទាក់ ព្រោះពួកគេគ្រប់គ្នាកំពុងទន្ទឹងរង់ចាំលោក។+ ៤១ ប៉ុន្តែពេលនោះ មានបុរសម្នាក់ឈ្មោះយ៉ែរ៉ូសជាអ្នកទទួលខុសត្រូវសាលាប្រជុំ គាត់បានមកក្រាបនៅមុខលោកយេស៊ូ ហើយក៏អង្វរសុំឲ្យលោកទៅផ្ទះរបស់គាត់+ ៤២ ពីព្រោះកូនស្រីតែមួយគត់របស់គាត់ដែលមានអាយុប្រហែល១២ឆ្នាំ កំពុងឈឺជិតស្លាប់។
កាលដែលលោកយេស៊ូកំពុងធ្វើដំណើរទៅ នោះបណ្ដាជនបានប្រជ្រៀតគ្នានៅជុំវិញលោក។ ៤៣ ខណៈនោះ មានស្ត្រីម្នាក់មានជំងឺធ្លាក់ឈាម+អស់១២ឆ្នាំ ហើយគ្មានអ្នកណាអាចព្យាបាលជំងឺរបស់នាងឲ្យជាបានឡើយ។+ ៤៤ នាងបានដើរពីក្រោយបណ្ដាជន រួចចូលទៅពាល់ជាយសម្លៀកបំពាក់ក្រៅរបស់លោក។+ រំពេចនោះ ឈាមក៏ឈប់ធ្លាក់។ ៤៥ ដូច្នេះ លោកយេស៊ូសួរថា៖ «តើអ្នកណាបានពាល់ខ្ញុំ?»។ បណ្ដាជនទាំងអស់ក៏បដិសេធគ្រប់គ្នា។ ពេលនោះ ពេត្រុសនិយាយថា៖ «លោកគ្រូ លោកឃើញហើយថាបណ្ដាជនកំពុងប្រជ្រៀតគ្នានៅជុំវិញលោក»។+ ៤៦ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថា៖ «ពិតជាមានអ្នកណាម្នាក់ពាល់ខ្ញុំមែន ព្រោះខ្ញុំដឹងថាមានឫទ្ធានុភាព+ចេញពីខ្លួនខ្ញុំ»។ ៤៧ កាលស្ត្រីនោះឃើញថា លោកបានដឹងអ្វីដែលនាងបានធ្វើ នោះនាងបានចូលមកទាំងភ័យញ័រ ហើយក្រាបនៅមុខលោក។ នាងក៏រៀបរាប់ប្រាប់នៅមុខមនុស្សទាំងអស់អំពីមូលហេតុដែលនាងបានពាល់លោក និងរបៀបដែលនាងបានជាសះស្បើយក្នុងមួយរំពេច។ ៤៨ ដូច្នេះ លោកមានប្រសាសន៍ទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ សូមនាងទៅឲ្យបានសេចក្ដីសុខចុះ»។+
៤៩ កាលដែលលោកកំពុងមានប្រសាសន៍នៅឡើយ បុរសម្នាក់ពីផ្ទះរបស់យ៉ែរ៉ូស បានមកប្រាប់គាត់ថា៖ «កូនស្រីរបស់អ្នកស្លាប់ហើយ មិនចាំបាច់រំខានលោកគ្រូទៀតទេ»។+ ៥០ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅយ៉ែរ៉ូសថា៖ «កុំខ្លាចឡើយ គ្រាន់តែមានជំនឿប៉ុណ្ណោះ នោះនាងនឹងត្រូវសង្គ្រោះ»។+ ៥១ លុះទៅដល់ផ្ទះរបស់គាត់ លោកមិនឲ្យអ្នកណាចូលទៅក្នុងជាមួយនឹងលោកឡើយ ក្រៅពីពេត្រុស យ៉ូហាន យ៉ាកុប និងឪពុកម្ដាយរបស់ក្មេងស្រីនោះ។ ៥២ ឯមនុស្សទាំងអស់កំពុងយំគក់ទ្រូងសោកស្ដាយនាង។ ដូច្នេះ លោកមានប្រសាសន៍ថា៖ «ឈប់យំទៅ+ ព្រោះនាងមិនបានស្លាប់ទេ តែនាងកំពុងដេកលក់»។+ ៥៣ ឮដូច្នេះ ពួកគេចាប់ផ្ដើមសើចចំអកឲ្យលោក ពីព្រោះពួកគេដឹងថានាងបានស្លាប់មែន។ ៥៤ ប៉ុន្តែ លោកចាប់ដៃរបស់នាង រួចបន្លឺសំឡេងថា៖ «នាងតូចអើយ! ចូរក្រោកឡើង!»។+ ៥៥ រំពេចនោះ នាងក៏មានជីវិត*វិញ+ ហើយក្រោកឡើងភ្លាម+ រួចលោកបង្គាប់ឲ្យគេយកអាហារមកឲ្យនាងបរិភោគ។ ៥៦ ឪពុកម្ដាយរបស់នាងត្រេកអរពន់ពេក តែលោកបង្គាប់ពួកគាត់កុំឲ្យប្រាប់អ្នកណាឲ្យសោះអំពីអ្វីដែលបានកើតឡើង។+