ផលប្រយោជន៍ពីការស្រឡាញ់បន្ទូលរបស់ព្រះ
«ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹងទំនុកបំរុងឯង . . . ក៏នឹងនាំឲ្យឯងបានកិត្ដិសព្ទ ដោយឯងឱបក្រសោបជាប់»។—សុភាសិត ៤:៦, ៨
១. តើការស្រឡាញ់ដ៏ពិតនឹងបន្ទូលរបស់ព្រះទាក់ទងអ្វីខ្លះ?
ការអានព្រះគម្ពីរគឺសំខាន់ចាំបាច់សំរាប់គ្រីស្ទានម្នាក់។ ក៏ប៉ុន្តែ គ្រាន់តែអានព្រះគម្ពីរតែប៉ុណ្ណោះ មិនសម្ដែងនូវសេចក្ដីស្រឡាញ់ចំពោះបន្ទូលរបស់ព្រះឡើយ។ ចុះយ៉ាងណាវិញ បើបុគ្គលណាម្នាក់អានព្រះគម្ពីរ ប៉ុន្តែរួចមក ប្រព្រឹត្តអ្វីដែលព្រះគម្ពីរផ្ដន្ទាទោសនោះ? យ៉ាងច្បាស់ណាស់ គាត់មិនស្រឡាញ់បន្ទូលរបស់ព្រះតាមរបៀបដែលអ្នកសរសេរបទទំនុកដំកើងទី១១៩ បានស្រឡាញ់ព្រះគម្ពីរនោះទេ។ ការស្រឡាញ់បន្ទូលរបស់ព្រះបាននាំឲ្យគាត់ រស់នៅស្របតាមសេចក្ដីតម្រូវរបស់ព្រះគម្ពីរ។—ទំនុកដំកើង ១១៩:៩៧, ១០១, ១០៥
២. តើប្រយោជន៍អ្វីដែលមានមកពីប្រាជ្ញា ដែលមានមូលដ្ឋានលើបន្ទូលរបស់ព្រះ?
២ ការរស់នៅឲ្យស្របតាមបន្ទូលរបស់ព្រះ តម្រូវឲ្យមានការសម្របសម្រួលជានិច្ច នូវគំនិតនិងការរស់នៅរបស់បុគ្គលម្នាក់។ ដំណើរបែបនេះសម្ដែងឲ្យឃើញនូវប្រាជ្ញាខាងព្រះ ដែលជាការអនុវត្តនូវចំណេះនិងការយល់ដឹងតាមរបៀបដ៏មានប្រយោជន៍ ជាអ្វីដែលបានទទួលពីការសិក្សាព្រះគម្ពីរ។ «ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹងទំនុកបំរុងឯង។ ចូរដំកើងប្រាជ្ញាឲ្យខ្ពស់ឡើង នោះនឹងឲ្យឯងខ្ពស់ឡើងដែរ ក៏នឹងនាំឲ្យឯងបានកិត្ដិសព្ទ ដោយឯងឱបក្រសោបជាប់ ប្រាជ្ញានឹងបំពាក់គ្រឿងដ៏វិសេសលើក្បាលឯង ហើយនឹងឲ្យឯងពាក់សិរីល្អទុកជាមកុដ»។ (សុភាសិត ៤:៦, ៨, ៩) នេះជាការលើកទឹកចិត្តដ៏ល្អមែន ដើម្បីបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះបន្ទូលរបស់ព្រះ ហើយឲ្យសេចក្ដីនោះណែនាំផ្លូវយើង! តើមានអ្នកណាដែលមិនចង់បាននូវការការពារ កិត្ដិសព្ទ ហើយបានសិរីរុងរឿងនោះ?
បានត្រូវការពារពីគ្រោះថ្នាក់ជាអចិន្ត្រៃយ៍
៣. ជាងមុនៗទៅទៀត ហេតុអ្វីក៏ពួកគ្រីស្ទានត្រូវការឲ្យមានការការពារ ហើយពីនរណាគេ?
៣ តើតាមវិធីណាដែលបុគ្គលម្នាក់បានត្រូវការពារដោយប្រាជ្ញា ដែលបានទទួលពីការសិក្សានិងការអនុវត្តន៍បន្ទូលរបស់ព្រះនោះ? របៀបមួយគឺថា បុគ្គលម្នាក់បានត្រូវការពារពីអារក្សសាតាំង។ ព្រះយេស៊ូបានបង្រៀនពួកអ្នកកាន់តាមទ្រង់ ឲ្យអធិស្ឋានសុំឲ្យរំដោះពីអាកំណាចគឺសាតាំង។ (ម៉ាថាយ ៦:១៣) សព្វថ្ងៃនេះ មានសេចក្ដីតម្រូវឲ្យរួមបញ្ចូលសេចក្ដីស្នើសុំនេះក្នុងសេចក្ដីអធិស្ឋានរបស់យើង គឺជាភាពបន្ទាន់ពិតមែន។ សាតាំងនិងពួកបិសាចរបស់វាបានត្រូវទម្លាក់ចេញពីស្ថានសួគ៌បន្ទាប់ពីឆ្នាំ១៩១៤ ហេតុដូច្នេះហើយសាតាំងមាន«សេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ (វិវរណៈ ១២:៩, ១០, ១២) នៅគ្រាកាន់តែកៀកហើយនេះ កំហឹងរបស់វាច្បាស់ជាក្ដៅក្រហាយខ្លាំងណាស់ កាលដែលវាតយុទ្ធដោយឥតជោគជ័យប្រឆាំងនឹងអស់អ្នកដែល«កាន់តាមបញ្ញត្តព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ»។—វិវរណៈ ១២:១៧
៤. តើតាមរបៀបណាដែលពួកគ្រីស្ទានបានត្រូវការពារពីការបង្ខិតបង្ខំ និងឧបាយកលរបស់សាតាំងនោះ?
៤ ដោយមានកំហឹងខ្លាំងនោះ សាតាំងបន្តនាំឲ្យមានបញ្ហាដល់ពួកអ្នកបំរើជាគ្រីស្ទានទាំងនេះ ហើយបង្កឲ្យមានការបៀតបៀនយ៉ាងឃោរឃៅ ឬបង្កឲ្យមានឧបស័គ្គឯទៀតដល់សកម្មភាពរបស់គេ។ វាក៏ចង់ល្បួងពួកអ្នកប្រកាសសារព្រះរាជាណាចក្រឲ្យយកចិត្តទុកដាក់យ៉ាងខ្លាំងលើរឿងដូចជា ភាពធំដុំខាងលោកីយ៍ សេចក្ដីស្រឡាញ់តែការលំហែកាយ ការប្រមូលវត្ថុទ្រព្យ និងការស្វះស្វែងរកសេចក្ដីកំសាន្ត ជាជាងយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការផ្សព្វផ្សាយសារព្រះរាជាណាចក្រ។ តើអ្វីដែលការពារពួកអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះ ពីការចុះចាញ់នឹងការបង្ខិតបង្ខំរបស់សាតាំង ឬក៏ពីការជាប់អន្ទាក់ដោយឧបាយកលរបស់វានោះ? ប្រាកដហើយ សេចក្ដីអធិស្ឋាន ទំនាក់ទំនងផ្ទាល់ខ្លួនដ៏ជិតស្និទ្ធជាមួយព្រះយេហូវ៉ា និងជំនឿលើភាពដ៏ពិតនៃសេចក្ដីសន្យាទាំងឡាយរបស់ទ្រង់ គឺសំខាន់ណាស់។ ក៏ប៉ុន្តែរបស់ទាំងនេះគឺទាក់ទងនឹងចំណេះ និងការតាំងចិត្តធ្វើតាមសេចក្ដីរំឭកទាំងប៉ុន្មានពីបន្ទូលរបស់ព្រះ។ សេចក្ដីរំឭកទាំងនេះមានមកតាមរយៈការអានព្រះគម្ពីរ និងឧបករណ៍ផ្សេងទៀតដែលមានមូលដ្ឋានពីព្រះគម្ពីរ ការទៅកិច្ចប្រជុំគ្រីស្ទាន ការធ្វើតាមឱវាទពីអ្នកជឿគ្នីគ្នា ជាឱវាទដែលមានមូលដ្ឋានក្នុងបទគម្ពីរ ឬក៏គ្រាន់តែរំពឹងគិតតាមរយៈសេចក្ដីអធិស្ឋានលើគោលការណ៍ព្រះគម្ពីរ ដែលវិញ្ញាណរបស់ព្រះធ្វើឲ្យយើងនឹកដល់នោះ។—អេសាយ ៣០:២១; យ៉ូហាន ១៤:២៦; យ៉ូហានទី១ ២:១៥-១៧
៥. តើតាមវិធីណាដែលប្រាជ្ញាដែលមានមូលដ្ឋានលើបន្ទូលរបស់ព្រះ ការពារយើងនោះ?
៥ អស់អ្នកដែលស្រឡាញ់បន្ទូលរបស់ព្រះ គឺបានការពារតាមរបៀបផ្សេងៗទៀត។ ជាឧទាហរណ៍ ពួកគេជៀសវាងនូវទុក្ខព្រួយខាងចិត្ត និងរោគដែលមានមកពីរបស់ដូចជា ការប្រើគ្រឿងញៀន ការប្រើថ្នាំជក់ និងអំពើឥតសីលធម៌ខាងកាម។ (កូរិនថូសទី១ ៥:១១; កូរិនថូសទី២ ៧:១) ពួកគេនឹងមិននាំមកនូវទំនាក់ទំនងដែលតានតឹងដោយពាក្យរសឹបរសៀវ ឬដោយពាក្យសំដីមិនល្អនោះឡើយ។ (អេភេសូរ ៤:៣១) ហើយពួកគេក៏មិនទៅជារងគ្រោះនូវការសង្ស័យ ដោយខំជីករកទស្សនវិជ្ជាដ៏ឆបោករបស់ប្រាជ្ញាខាងលោកីយ៍។ (កូរិនថូសទី១ ៣:១៩) ដោយស្រឡាញ់បន្ទូលរបស់ព្រះ ពួកគេបានត្រូវការពារពីរបស់ដែលអាចធ្វើឲ្យគេលែងមានទំនាក់ទំនងជាមួយព្រះ និងសេចក្ដីសង្ឃឹមខាងជីវិតអស់កល្បជានិច្ច។ ពួកគេនៅរវល់ជួយពួកអ្នកជិតខាងរបស់គេ ឲ្យមានជំនឿលើសេចក្ដីសន្យាដ៏អស្ចារ្យទាំងប៉ុន្មាន ដែលមានក្នុងព្រះគម្ពីរ ដោយដឹងថាធ្វើអ៊ីចឹង នោះគេនឹង‹សង្គ្រោះខ្លួនគេនិងអស់អ្នកដែលស្ដាប់តាមពួកគេដែរ›។—ធីម៉ូថេទី១ ៤:១៦
៦. តើប្រាជ្ញាដែលមានមូលដ្ឋានលើបន្ទូលរបស់ព្រះអាចការពារយើងយ៉ាងដូចម្ដេចបាន សូម្បីតែពេលមានកាលៈទេសៈដ៏ពិបាកក៏ដោយ?
៦ ពិតមែន មនុស្សគ្រប់គ្នា សូម្បីតែអស់អ្នកដែលស្រឡាញ់បន្ទូលរបស់ព្រះ គឺនៅក្រោម‹ពេលវេលានិងព្រឹត្ដិការណ៍ដ៏មើលមិនឃើញជាមុន›។ (សាស្ដា ៩:១១) គឺជៀសមិនរួចទេ ដែលអ្នកខ្លះក្នុងចំណោមយើងនឹងពិសោធនូវមហន្តរាយធម្មជាតិ ជម្ងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ ឬសេចក្ដីស្លាប់មុនអាយុទៀតផង។ ក៏ប៉ុន្តែ យើងបានត្រូវការពារ។ គ្មានវិបត្ដិភ័យណា ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាអចិន្ត្រៃយ៍ ដល់បុគ្គលដែលពិតជាស្រឡាញ់បន្ទូលរបស់ព្រះបានឡើយ។ ដូច្នេះហើយ យើងមិនគួរខ្វល់ខ្វាយហួសហេតុ អំពីអ្វីដែលអាចកើតឡើងនៅអនាគតនោះ។ ក្រោយពីយើងបានធ្វើយ៉ាងសមហេតុសមផលនូវការប្រយ័ត្នប្រយែងជាមុន នោះគឺជាប្រសើរជាង ដោយទុករឿងនេះក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា ហើយកុំអនុញ្ញាតឲ្យអស្ថេរភាពក្នុងជីវិតសព្វថ្ងៃនេះ មកធ្វើឲ្យយើងលែងមានសន្ដិភាពនោះឡើយ។ (ម៉ាថាយ ៦:៣៣, ៣៤; ភីលីព ៤:៦, ៧) ចូរគួរចងចាំនូវភាពប្រាកដប្រជានៃសេចក្ដីសង្ឃឹមខាងដំណើររស់ឡើងវិញ និងអំពីជីវិតដ៏ប្រសើរជាងពេលដែលព្រះ«ធ្វើទាំងអស់ឡើងជាថ្មី»។—វិវរណៈ ២១:៥; យ៉ូហាន ១១:២៥
សឲ្យឃើញថាខ្លួនអ្នកជា«ដីល្អ»
៧. តើរឿងប្រៀបប្រដូចអ្វី ដែលព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកហ្វូងមនុស្ស ដែលបានមកស្ដាប់ទ្រង់នោះ?
៧ សារៈសំខាន់នៃការមានទស្សនៈដ៏ត្រឹមត្រូវអំពីបន្ទូលរបស់ព្រះ បានត្រូវដៅបញ្ជាក់នៅក្នុងរឿងប្រៀបប្រដូចមួយរបស់ព្រះយេស៊ូ។ កាលដែលព្រះយេស៊ូបានប្រកាសអំពីដំណឹងល្អទូទាំងស្រុកប៉ាឡេស្ទីន នោះហ្វូងមនុស្សបានមកផ្ដុំគ្នាដើម្បីស្ដាប់ទ្រង់។ (លូកា ៨:១, ៤) ក៏ប៉ុន្តែ មិនមែនមនុស្សទាំងអស់ដែលពិតជាបានស្រឡាញ់បន្ទូលរបស់ព្រះនោះទេ។ ច្បាស់ហើយ មនុស្សជាច្រើនបានមកស្ដាប់ទ្រង់ ពីព្រោះពួកគេចង់ឃើញនូវអព្ភូតហេតុ ឬក៏ពីព្រោះពួកគេពេញចិត្តនឹងរបៀបបង្រៀនដ៏អស្ចារ្យរបស់ទ្រង់។ ដូច្នេះហើយ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកហ្វូងមនុស្សនូវរឿងប្រៀបប្រដូចមួយ ដែលថា៖ «មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី ខ្លះទៀតធ្លាក់ទៅលើថ្ម កាលពន្លកឡើង នោះក៏ក្រៀមស្វិតទៅ ពីព្រោះគ្មានធាតុសើមសោះ មានខ្លះទៀតធ្លាក់ទៅកណ្ដាលបន្លា បន្លាក៏ដុះឡើងជាមួយ ហើយរួបខ្ទប់វា មានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏ពន្លកដុះឡើង បង្កើតផលផ្លែបាន១ជា១រយភាគ»។—លូកា ៨:៥-៨
៨. នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ តើពូជជាអ្វី?
៨ រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូបានបង្ហាញថា នឹងមានការតបផ្សេងៗគ្នាដល់ការផ្សព្វផ្សាយដំណឹងល្អ ដោយពឹងពាក់លើស្ថានភាពចិត្តរបស់អ្នកស្ដាប់។ ពូជដែលបានត្រូវដាំគឺជា«ព្រះបន្ទូល»។ (លូកា ៨:១១) ឬក៏ដូចជាដំណើររឿងមួយទៀតនៃរឿងប្រៀបប្រដូចនេះចែងមក ពូជនេះគឺ«ព្រះបន្ទូលពីនគរ»។ (ម៉ាថាយ ១៣:១៩) ព្រះយេស៊ូអាចប្រើឃ្លាទាំងពីរនេះ ពីព្រោះផ្ទៃរឿងនៃបន្ទូលរបស់ព្រះ គឺជាព្រះរាជាណាចក្រនៅស្ថានសួគ៌ ដែលព្រះយេស៊ូគ្រីស្ទនឹងគ្រប់គ្រងជាស្តេច ដែលតាមរយៈនេះ នោះព្រះយេហូវ៉ានឹងធ្វើយុត្ដិកម្មដល់អធិបតេយ្យរបស់ទ្រង់ និងធ្វើឲ្យព្រះនាមរបស់ទ្រង់បានបរិសុទ្ធ។ (ម៉ាថាយ ៦:៩, ១០) អ៊ីចឹងហើយ តាមមើលទៅ ពូជគឺជាសារដំណឹងល្អក្នុងបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ។ ស្មរបន្ទាល់ព្រះយេហូវ៉ាដៅបញ្ជាក់នូវសារព្រះរាជាណាចក្រនេះ កាលដែលព្រោះពូជដោយធ្វើតម្រាប់តាមអ្នកព្រោះពូជដំបូង គឺព្រះយេស៊ូគ្រីស្ទ។ តើពួកគេរកឃើញនូវការតបឆ្លើយយ៉ាងណាដែរ?
៩. តើអ្វីដែលបានត្រូវតំណាងដោយពូជដែលធ្លាក់ (ក) តាមផ្លូវ? (ខ) ទៅលើថ្ម? (គ) ទៅកណ្ដាលបន្លា?
៩ ព្រះយេស៊ូបានមានបន្ទូលថា ពូជខ្លះនឹងធ្លាក់តាមផ្លូវ ហើយបានត្រូវគេដើរជាន់។ នេះគឺសំដៅទៅមនុស្សដែលមានចិត្តអំពល់ហួសហេតុ ដើម្បីឲ្យពូជព្រះរាជាណាចក្រចាក់ឫសក្នុងចិត្តរបស់គេនោះ។ មុននឹងគេអាចបណ្ដុះនូវសេចក្ដីស្រឡាញ់ចំពោះបន្ទូលរបស់ព្រះ នោះ«អារក្សមកឆក់យកព្រះបន្ទូលពីចិត្តគេចេញទៅ ក្រែងគេជឿ ហើយបានសង្គ្រោះ»។ (លូកា ៨:១២) ខ្លះទៀតធ្លាក់ទៅលើថ្ម។ នេះសំដៅទៅមនុស្សដែលបានចាប់អារម្មណ៍នឹងដំណឹងក្នុងព្រះគម្ពីរ ក៏ប៉ុន្តែមិនបានអនុញ្ញាតដំណឹងនេះមានអានុភាពលើចិត្តរបស់គេឡើយ។ ពេលមានការប្រឆាំង ឬក៏ពេលគេមានការពិបាកនឹងអនុវត្តតាមឱវាទព្រះគម្ពីរ នោះ«គេរសាយចិត្តទៅ» ពីព្រោះពួកគេឥតមានឫស។ (លូកា ៨:១៣) រួចមក គឺមានអស់អ្នកដែលឮព្រះបន្ទូល ក៏ប៉ុន្តែបានត្រូវខ្ទប់ជាប់ដោយ«សេចក្ដីខ្វល់ខ្វាយ នឹងទ្រព្យសម្បត្ដិ ហើយនឹងសេចក្ដីស្រើបស្រាលនៅជីវិតនេះ»។ ជាយថាហេតុ ដូចជារុក្ខជាតិដែលបានត្រូវព័ទ្ធជិតដោយបន្លា នោះ«ក៏ចូលមកខ្ទប់ជិត»។—លូកា ៨:១៤
១០, ១១. (ក) តើអ្នកណាដែលបានត្រូវតំណាងដោយដីល្អ? (ខ) តើយើងត្រូវតែធ្វើអ្វី ដើម្បីឲ្យ‹រក្សាទុក›បន្ទូលរបស់ព្រះក្នុងចិត្តយើងនោះ?
១០ នៅចុងបំផុត គឺមានពូជដែលធ្លាក់លើដីល្អ។ នេះសំដៅទៅមនុស្សដែលទទួលដំណឹងដោយមាន«ចិត្តទៀងត្រង់ល្អ»។ ជាធម្មតា យើងម្នាក់ៗចង់ជឿថា ខ្លួននៅក្នុងផ្នែកនេះ។ ក៏ប៉ុន្តែ នៅទីបំផុត អ្វីដែលសំខាន់នោះគឺជាទស្សនៈរបស់ព្រះវិញ។ (សុភាសិត ១៧:៣; កូរិនថូសទី១ ៤:៤, ៥) បន្ទូលរបស់ព្រះចែងថា ដោយយើងមាន«ចិត្តទៀងត្រង់ល្អ» គឺជាអ្វីដែលយើងសឲ្យឃើញដោយសកម្មភាពរបស់យើងពីឥឡូវរហូតដល់ស្លាប់ ឬក៏រហូតដល់ព្រះនាំមកដល់នូវទីបញ្ចប់នៃរបបលោកីយ៍នេះ។ ប្រសិនបើការតបជាដំបូងរបស់យើងទៅនឹងដំណឹងព្រះរាជាណាចក្រគឺយ៉ាងវិជ្ជមាន នោះគឺល្អហើយ។ ក៏ប៉ុន្តែ អស់អ្នកដែលមានចិត្តទៀងត្រង់ល្អ នោះទទួលយកបន្ទូលរបស់ព្រះ និង«យកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្ដីអត់ធន់វិញ»។—លូកា ៨:១៥
១១ ផ្លូវតែមួយ ដើម្បីអាចប្រាកដជាយកចិត្តទុកដាក់នឹងបន្ទូលរបស់ព្រះក្នុងចិត្តយើង គឺដោយអាននិងសិក្សាព្រះគម្ពីរពេលនៅដាច់ពីគេ ព្រមទាំងពេលចូលរួមជាមួយពួកអ្នកជឿគ្នីគ្នាផង។ នេះរួមបញ្ចូលការឆ្លៀតយកប្រយោជន៍ពីអាហារខាងវិញ្ញាណដែលបានផ្ដល់មកតាមរយៈអ្នក ដែលបានរើសតាំងឲ្យមើលថែរក្សា នូវប្រយោជន៍ខាងវិញ្ញាណរបស់ពួកអ្នកកាន់តាមដ៏ពិតរបស់ព្រះយេស៊ូ។ (ម៉ាថាយ ២៤:៤៥-៤៧) តាមរយៈនោះ អស់អ្នកដែលទុកបន្ទូលរបស់ព្រះក្នុងចិត្តរបស់គេ បានត្រូវជំរុញទឹកចិត្តដោយសេចក្ដីស្រឡាញ់ ឲ្យ«បង្កើតផលដោយសេចក្ដីអត់ធន់»។
១២. តើអ្វីជាផលដែលយើងត្រូវតែមានដោយការស៊ូទ្រាំនោះ?
១២ តើផលអ្វីដែលបានត្រូវបង្កើតមកដោយដីល្អនោះ? បើគិតពីរុក្ខជាតិ នោះពូជក៏ដុះឡើងទៅជារុក្ខជាតិដែលមានផ្លែ មានគ្រាប់ពូជដដែលនោះ រួចមកអាចព្រោះនៅកន្លែងផ្សេងៗឲ្យមានផ្លែថែមទៀត។ ស្រដៀងគ្នាដែរ ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់ល្អ នោះពូជនៃបន្ទូលរបស់ព្រះលូតលាស់ក្នុងចិត្តគេ ដែលបណ្ដាលឲ្យគេរីកចំរើនខាងវិញ្ញាណ រហូតដល់ពួកគេ ដែលជាវេនគាត់ អាចដាំពូជនេះក្នុងចិត្តរបស់អ្នកដទៃដែរ។ (ម៉ាថាយ ២៨:១៩, ២០) ហើយកិច្ចការព្រោះពូជរបស់គេ គឺសម្គាល់ដោយការស៊ូទ្រាំ។ ព្រះយេស៊ូបានបង្ហាញនូវសារៈសំខាន់នៃការស៊ូទ្រាំព្រោះពូជ ពេលដែលទ្រង់បានមានបន្ទូលថា៖ «តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។—ម៉ាថាយ ២៤:១៣, ១៤
«បង្កើតផលក្នុងគ្រប់ទាំងការល្អ»
១៣. តើប៉ុលបានអធិស្ឋានយ៉ាងណា ដែលបានភ្ជាប់ផលជាមួយនឹងចំណេះអំពីបន្ទូលរបស់ព្រះ?
១៣ សាវ័កប៉ុលក៏បាននិយាយដែរ អំពីតម្រូវការឲ្យបង្កើតផល ហើយគាត់បានភ្ជាប់ការបង្កើតផលជាមួយនឹងបន្ទូលរបស់ព្រះ។ គាត់បានអធិស្ឋានឲ្យពួកអ្នកជឿគ្នីគ្នារបស់គាត់ «បានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ»។—កូល៉ុស ១:៩, ១០; ភីលីព ១:៩-១១
១៤-១៦. ស្របតាមសេចក្ដីអធិស្ឋានរបស់ប៉ុល តើផលអ្វីដែលបានបង្កើតដោយអស់អ្នកដែលស្រឡាញ់បន្ទូលរបស់ព្រះ?
១៤ ដូច្នេះប៉ុលបង្ហាញថា ការទទួលបានចំណេះពីព្រះគម្ពីរមិនមែនជាគោលដៅផ្ដាច់ព្រាត់នោះទេ។ ផ្ទុយទៅវិញ ការស្រឡាញ់បន្ទូលរបស់ព្រះជំរុញយើងឲ្យ«ដើរបែបគួរនឹងព្រះអម្ចាស់» ដោយបន្ត«បង្កើតផលក្នុងគ្រប់ទាំងការល្អ»។ តើការដ៏ល្អជាអ្វីទៅ? ការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រ ជាកិច្ចការដ៏អស្ចារ្យសំរាប់ពួកគ្រីស្ទាននៅថ្ងៃជាន់ក្រោយបង្អស់។ (ម៉ាកុស ១៣:១០) លើសពីនោះទៅទៀត អស់អ្នកដែលស្រឡាញ់បន្ទូលរបស់ព្រះ ខំប្រឹងអស់ពីសមត្ថភាព ដើម្បីគាំទ្រកិច្ចការនេះយ៉ាងទៀងទាត់ខាងប្រាក់កាស។ ពួកគេពេញចិត្តនឹងឯកសិទ្ធិនេះ ដោយដឹងថា«ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ»។ (កូរិនថូសទី២ ៩:៧) វិភាគទានរបស់គេគឺសំរាប់បង់ថ្លៃនូវដំណើរការនៃគេហដ្ឋានបេតអែលដ៏មានចំនួនជាងមួយរយ ដែលជាកន្លែងដឹកនាំសកម្មភាពផ្សព្វផ្សាយព្រះរាជាណាចក្រ ហើយនៅកន្លែងខ្លះ ព្រះគម្ពីរនិងប្រកាសនវត្ថុព្រះគម្ពីរក៏បានត្រូវផលិតមកដែរ។ វិភាគទានរបស់គេក៏ជួយបង់ថ្លៃមហាសន្និបាតដ៏ធំរបស់ពួកគ្រីស្ទាន និងការបញ្ជូនពួកអ្នកធ្វើដំណើរត្រួតពិនិត្យ ពួកសាសនទូត និងពួកអ្នកផ្សព្វផ្សាយពេញពេលឯទៀត។
១៥ កិច្ចការល្អឯទៀត រួមបញ្ចូលការសាងសង់និងមើលថែរក្សានូវមណ្ឌលនានាសំរាប់ការថ្វាយបង្គំពិត។ ការស្រឡាញ់បន្ទូលរបស់ព្រះ ជំរុញចិត្តរបស់អ្នកថ្វាយបង្គំទ្រង់ក្នុងការធ្វើឲ្យប្រាកដថាសាលសន្និបាត និងសាលព្រះរាជាណាចក្រឯទៀត នោះមិនបានបោះបង់ចោលទេ។ (ប្រៀបមើល នេហេមា ១០:៣៩) ដោយព្រោះព្រះនាមរបស់ព្រះមានសរសេរនៅខាងមុខអាគារបែបនេះ នោះជាការសំខាន់ដែលខាងក្នុងនិងខាងក្រៅ គឺត្រូវទុកឲ្យស្អាតបាតនិងឲ្យទាក់ចិត្ត ហើយចរិយារបស់អ្នកដែលថ្វាយបង្គំនៅខាងក្នុងសាលបែបនេះ គួររកកន្លែងបន្ទោសមិនបាន។ (កូរិនថូសទី២ ៦:៣) ពួកគ្រីស្ទានខ្លះអាចធ្វើបានច្រើនជាង។ សេចក្ដីស្រឡាញ់ព្រះជំរុញទឹកចិត្តគេឲ្យធ្វើដំណើរទៅកន្លែងឆ្ងាយៗ ដើម្បីចូលរួមសាងសង់អាគារថ្មីៗសំរាប់ការថ្វាយបង្គំ នៅកន្លែងផ្សេងៗក្នុងពិភពលោកដែលត្រូវការ ដោយព្រោះភាពក្រីក្រ ឬការខ្វះជំនាញនោះ។—កូរិនថូសទី២ ៨:១៤
១៦ ការ«បង្កើតផលក្នុងគ្រប់ទាំងការល្អ» ក៏រួមបញ្ចូលការបំពេញនូវកាតព្វកិច្ចក្នុងក្រុមគ្រួសារ ហើយការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះពួកគ្រីស្ទានឯទៀតដែរ។ ការស្រឡាញ់បន្ទូលរបស់ព្រះ ជំរុញទឹកចិត្តយើងឲ្យឆាប់យល់ដឹងនូវសេចក្ដីត្រូវការរបស់អស់អ្នក ដែលជា«បងប្អូនរួមជំនឿ» និង«ឲ្យចេះគោរពប្រតិបត្ដិ ដល់ពួកផ្ទះខ្លួនជាដើម»។ (កាឡាទី ៦:១០, ព្រះគម្ពីរភាសាខ្មែរសម្រាយ; ធីម៉ូថេទី១ ៥:៤, ៨) ស្តីអំពីរឿងនេះ គឺជាកិច្ចការល្អក្នុងការទៅលេងអ្នកឈឺ និងសម្រាលទុក្ខពួកអ្នកដែលកាន់ទុក្ខ។ ហើយគឺជាកិច្ចការដ៏ល្អមែន ដែលបានសម្រេចដោយពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ និងដោយគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ ក្នុងការជួយបុគ្គលដែលប្រឈមមុខនឹងស្ថានការណ៍ដ៏ពិបាកខាងវិធីព្យាបាលនោះ! (កិច្ចការ ១៥:២៩) មហន្តរាយក៏មានកាន់តែច្រើនឡើង មហន្តរាយខ្លះគឺមានដោយធម្មជាតិ ខ្លះទៀតបានបង្កើតដោយកំហុសមនុស្ស។ ដោយមានជំនួយពីវិញ្ញាណរបស់ព្រះ នោះស្មរបន្ទាល់ព្រះយេហូវ៉ាបានស្ថាបនានូវប្រវត្ដិរូបយ៉ាងល្អ នៅកន្លែងផ្សេងៗលើផែនដីនេះ ខាងការផ្ដល់នូវជំនួយយ៉ាងលឿនដល់ពួកអ្នករួមជំនឿ និងពួកអ្នកឯទៀតដែលរងគ្រោះនូវមហន្តរាយ និងគ្រោះថ្នាក់នោះ។ របស់ទាំងនេះគឺជាផលល្អដែលបានបញ្ចេញឲ្យឃើញដោយអស់អ្នកដែលស្រឡាញ់បន្ទូលរបស់ព្រះ។
ផលប្រយោជន៍ដ៏រុងរឿងនៅពេលអនាគត
១៧, ១៨. (ក) តើអ្វីដែលកំពុងតែបានសម្រេច ដោយការព្រោះពូជព្រះរាជាណាចក្រ? (ខ) តើព្រឹត្ដិការណ៍ដ៏សំខាន់អ្វី ដែលពួកអ្នកស្រឡាញ់បន្ទូលរបស់ព្រះនឹងឃើញនៅឆាប់ៗនេះ?
១៧ ការព្រោះពូជព្រះរាជាណាចក្របន្តនាំឲ្យមានផលប្រយោជន៍ជាច្រើនដល់មនុស្សលោក។ នៅឆ្នាំថ្មីៗនេះ រៀងរាល់ឆ្នាំមានមនុស្សជាង៣០០.០០០នាក់ បានអនុញ្ញាតឲ្យសារព្រះគម្ពីរចាក់ឫសក្នុងចិត្តរបស់គេដល់ម្ល៉េះបានជាគេបានថ្វាយជីវិតរបស់គេជូនព្រះយេហូវ៉ា ហើយបានសឲ្យឃើញសេចក្ដីនេះ តាមរយៈពិធីបុណ្យជ្រមុជទឹក។ ពិតជាមានអនាគតដ៏រុងរឿងយ៉ាងណាទៅហ្ន៎នៅមុខគេនោះ!
១៨ ពួកអ្នកស្រឡាញ់បន្ទូលរបស់ព្រះដឹងថា មិនយូរប៉ុន្មានទៀតទេ ព្រះយេហូវ៉ានឹងចាត់វិធានការដើម្បីតម្កើងព្រះនាមរបស់ទ្រង់។ «បាប៊ីឡូនដ៏ជាធំ» ដែលជាចក្រភពទូទៅនៃសាសនាមិនពិតនឹងត្រូវបានកំទេចចោល។ (វិវរណៈ ១៨:២, ៨) រួចមក អស់អ្នកដែលបដិសេធមិនព្រមរស់នៅឲ្យស្របតាមបន្ទូលរបស់ព្រះ នឹងត្រូវបំផ្លាញចោលដោយស្តេច ព្រះយេស៊ូគ្រីស្ទ។ (ទំនុកដំកើង ២:៩-១១; ដានីយ៉ែល ២:៤៤) នៅក្រោយមក ព្រះរាជាណាចក្រនៃព្រះនឹងនាំឲ្យមានការធូរស្រាលជាអចិន្ត្រៃយ៍ ពីបទឧក្រិដ្ឋ សង្គ្រាម និងមហន្តរាយឯទៀត។ គឺនឹងលែងត្រូវសម្រាលទុក្ខមនុស្ស ដោយព្រោះមានការឈឺចាប់ ជម្ងឺ និងសេចក្ដីស្លាប់នោះឡើយ។—វិវរណៈ ២១:៣, ៤
១៩, ២០. តើអនាគតដ៏រុងរឿងអ្វីដែលនឹងមានសំរាប់ពួកអ្នកដែលពិតជាស្រឡាញ់បន្ទូលរបស់ព្រះ?
១៩ ពេលនោះកិច្ចការដ៏ល្អរុងរឿងនឹងបានសម្រេចយ៉ាងណាទៅហ្ន៎ ដោយអស់អ្នកដែលស្រឡាញ់បន្ទូលរបស់ព្រះ! ពួកអ្នករួចរស់ជីវិតពីអើម៉ាគេដូននឹងចាប់ផ្ដើមធ្វើកិច្ចការដ៏សប្បាយ ជាការផ្លាស់ប្រែផែនដីនេះឲ្យក្លាយទៅជាសួនមនោរម្យ។ ពួកគេនឹងមានឯកសិទ្ធិដ៏រំភើប ជាការរៀបចំនូវសេចក្ដីត្រូវការរបស់ពួកមនុស្សស្លាប់ ដែលកំពុងតែសំរាកក្នុងផ្នូរ ហើយបានរក្សាទុកក្នុងសេចក្ដីនឹកចាំរបស់ព្រះ ដោយមានសេចក្ដីសង្ឃឹមចូលរួមក្នុងការប្រោសឲ្យរស់ឡើងវិញនៃមនុស្សស្លាប់។ (យ៉ូហាន ៥:២៨, ២៩) ក្នុងកំឡុងពេលនោះ សេចក្ដីណែនាំដ៏គ្រប់ល័ក្ខណ៍សំរាប់មនុស្សរស់នៅលើផែនដី នឹងមានចេញពីព្រះអម្ចាស់មហាក្សត្រ ព្រះយេហូវ៉ា តាមរយៈបុត្រាដែលបានតម្កើងឡើងរបស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទ។ ‹បញ្ជីក៏នឹងបើកឡើង› ដែលលាតត្រដាងនូវសេចក្ដីបង្គាប់របស់ព្រះយេហូវ៉ា សំរាប់ការរស់នៅក្នុងពិភពលោកថ្មី។—វិវរណៈ ២០:១២
២០ ដល់គ្រាកំណត់របស់ព្រះយេហូវ៉ា នោះក្រុមទាំងមូលនៃពួកគ្រីស្ទានចាក់ប្រេងតាំង នឹងត្រូវបានប្រោសឲ្យទទួលនូវរង្វាន់របស់គេខាងស្ថានសួគ៌ ជា‹អ្នកគ្រងមរតកជាមួយនឹងព្រះគ្រីស្ទ›។ (រ៉ូម ៨:១៧) ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ មនុស្សទាំងអស់នៅលើផែនដីដែលស្រឡាញ់បន្ទូលរបស់ព្រះ នឹងបានលើកតម្កើងឲ្យបានគ្រប់ល័ក្ខណ៍ទាំងគំនិតនិងរូបកាយ។ ក្រោយពីសឲ្យឃើញថានៅស្មោះត្រង់ក្រោមការសាកល្បងចុងក្រោយ នោះពួកគេនឹងបានរង្វាន់នូវជីវិតអស់កល្បជានិច្ច ហើយនិងទទួល«សេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ»។ (រ៉ូម ៨:២១; វិវរណៈ ២០:១-៣, ៧-១០) គ្រានោះនឹងជាពេលវេលាដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎! ពិតមែន មិនថាព្រះយេហូវ៉ាបានប្រទានឲ្យយើងនូវសេចក្ដីសង្ឃឹមខាងស្ថានសួគ៌ឬក៏ខាងផែនដី នោះការមានសេចក្ដីស្រឡាញ់ដ៏ឋិតថេរចំពោះបន្ទូលរបស់ទ្រង់ និងការតាំងចិត្តរស់នៅតាមប្រាជ្ញារបស់ព្រះ នឹងការពារយើង។ ហើយនៅពេលអនាគត នេះ‹នឹងលើកតម្កើងយើងពីព្រោះយើងឱបក្រសោបបន្ទូលរបស់ព្រះ›។—សុភាសិត ៤:៦, ៨
តើអ្នកអាចពន្យល់បានឬទេ?
◻ តើការស្រឡាញ់បន្ទូលរបស់ព្រះ នឹងការពារយើងយ៉ាងដូចម្ដេច?
◻ តើអ្វីជាពូជក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ហើយតើបានត្រូវសាបព្រោះយ៉ាងដូចម្ដេច?
◻ តើតាមរបៀបណាដែលយើងអាចសឲ្យឃើញថាជា«ដីល្អ»?
◻ តើផលប្រយោជន៍អ្វីដែលពួកអ្នកស្រឡាញ់បន្ទូលរបស់ព្រះទន្ទឹងចាំនោះ?
[រូបភាពនៅទំព័រ១៦]
ពូជនៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូតំណាងសារដំណឹងល្អ ដែលមានក្នុងបន្ទូលរបស់ព្រះ
[អ្នកផ្ដល់សិទ្ធិ]
Garo Nalbandian
[រូបភាពនៅទំព័រ១៧]
ស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើតម្រាប់តាមអ្នកសាបព្រោះដ៏ឧត្តម
[រូបភាពនៅទំព័រ១៨]
ពួកអ្នករួចរស់ពីអើម៉ាគេដូននឹងគាប់ចិត្តនឹងផលនៅផែនដីនេះ