សៀវភៅលូកា
៤ រួចមក លោកយេស៊ូបានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។ លោកបានចាកចេញពីទន្លេយ៉ូដាន់ ហើយឫទ្ធានុភាពរបស់ព្រះបាននាំលោកពីកន្លែងមួយទៅកន្លែងមួយក្នុងតំបន់ស្ងាត់ជ្រងំ+ ២ អស់៤០ថ្ងៃ។ នៅទីនោះ មេកំណាច*បានល្បួងលោក។+ ក្នុងអំឡុងពេលនោះ លោកមិនបានពិសាអ្វីសោះ។ លុះផុតពេលនោះទៅ លោកក៏ឃ្លាន។ ៣ ភ្លាមនោះ មេកំណាចនិយាយទៅកាន់លោកថា៖ «ប្រសិនបើអ្នកជាកូនរបស់ព្រះមែន ចូរបង្គាប់ដុំថ្មនេះឲ្យក្លាយជានំប៉័ង*ទៅ»។ ៤ ប៉ុន្តែ លោកយេស៊ូតបឆ្លើយថា៖ «បទគម្ពីរចែងថា៖ ‹មនុស្សមិនត្រូវរស់ដោយសារតែនំប៉័ង*ប៉ុណ្ណោះទេ›»។+
៥ ដូច្នេះ មេកំណាចក៏នាំលោកទៅកន្លែងដ៏ខ្ពស់មួយ រួចបង្ហាញរាជាណាចក្រទាំងឡាយនៅផែនដី ឲ្យលោកឃើញក្នុងមួយរំពេច។+ ៦ បន្ទាប់មក មេកំណាចនិយាយទៅលោកថា៖ «ខ្ញុំនឹងឲ្យអំណាចនៃរាជាណាចក្រទាំងអស់នេះ និងភាពរុងរឿងនៃរាជាណាចក្រទាំងអស់នេះដល់អ្នក ពីព្រោះអ្វីៗទាំងនេះបានត្រូវប្រគល់មកឲ្យខ្ញុំ+ ហើយខ្ញុំចង់ឲ្យអ្នកណាក៏បានស្រេចតែចិត្តខ្ញុំ។ ៧ ដូច្នេះ ប្រសិនបើអ្នកក្រាបប្រណិប័តន៍ខ្ញុំតែមួយដង អ្វីទាំងអស់នេះនឹងទៅជារបស់អ្នក»។ ៨ លោកយេស៊ូបានតបឆ្លើយថា៖ «បទគម្ពីរចែងថា៖ ‹គឺព្រះយេហូវ៉ា*ជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ›»។+
៩ បន្ទាប់មក មេកំណាចនាំលោកចូលទៅក្នុងក្រុងយេរូសាឡិម ហើយដាក់លោកនៅលើទីខ្ពស់បំផុត*នៃកំពែងវិហារ រួចប្រាប់ថា៖ «ប្រសិនបើអ្នកជាកូនរបស់ព្រះមែន ចូរលោតចុះពីកំពែងនេះទៅ+ ១០ ពីព្រោះបទគម្ពីរចែងថា៖ ‹លោកនឹងឲ្យការណែនាំស្ដីអំពីអ្នក ដល់បណ្ដាទេវតារបស់លោក ដើម្បីថែរក្សាអ្នក› ១១ ហើយ‹ពួកគេនឹងទ្រអ្នកលើដៃរបស់ពួកគេ មិនឲ្យជើងរបស់អ្នកទង្គិចនឹងថ្មឡើយ›»។+ ១២ លោកយេស៊ូតបឆ្លើយថា៖ «បទគម្ពីរចែងថា៖ ‹អ្នកមិនត្រូវល្បងលព្រះយេហូវ៉ា*ជាព្រះរបស់អ្នកឡើយ›»។+ ១៣ ដូច្នេះ ក្រោយពីបានល្បួងលោកចប់ហើយ មេកំណាចក៏ចេញពីលោកទៅ រហូតដល់មានឱកាសល្អមួយទៀត។+
១៤ បន្ទាប់មក លោកយេស៊ូបានពេញទៅដោយឫទ្ធានុភាពរបស់ព្រះ។ រួចលោកក៏ត្រឡប់ទៅស្រុកកាលីឡេវិញ+ ហើយពាក្យសរសើរអំពីលោកបានឮសុសសាយទូទាំងតំបន់នៅជុំវិញនោះ។ ១៥ ម្យ៉ាងទៀត លោកចាប់ផ្ដើមបង្រៀនក្នុងសាលាប្រជុំ*នៅទីនោះ ហើយបណ្ដាជនទាំងអស់បានសរសើរតម្កើងលោក។
១៦ ក្រោយមក លោកបានទៅដល់ក្រុងណាសារ៉ែត+ ជាក្រុងដែលលោកបានធំឡើង។ រួចលោកចូលទៅក្នុងសាលាប្រជុំនៅថ្ងៃឈប់សម្រាក*តាមទម្លាប់របស់លោក+ ហើយក្រោកឈរឡើងដើម្បីអានបទគម្ពីរ។ ១៧ ដូច្នេះ គេបានហុចរមូរ*របស់អេសាយដែលជាអ្នកប្រកាសទំនាយឲ្យទៅលោក រួចលោកបើករមូរនោះ ហើយរកកន្លែងដែលចែងថា៖ ១៨ «ឫទ្ធានុភាពរបស់ព្រះយេហូវ៉ា*សណ្ឋិតលើខ្ញុំ ពីព្រោះលោកបានរើសតាំងខ្ញុំឲ្យប្រកាសដំណឹងល្អដល់អ្នកក្រីក្រ។ លោកបានចាត់ខ្ញុំឲ្យផ្សព្វផ្សាយប្រាប់អ្នកដែលជាប់ជាឈ្លើយអំពីការដោះលែង និងប្រាប់អ្នកដែលងងឹតភ្នែកអំពីការមើលឃើញឡើងវិញ ហើយរំដោះអស់អ្នកដែលត្រូវគេជិះជាន់+ ១៩ ថែមទាំងផ្សព្វផ្សាយអំពីឆ្នាំដែលព្រះយេហូវ៉ា*ពេញចិត្ត»។+ ២០ លុះអានចប់ហើយ លោកមូររមូរនោះ រួចហុចឲ្យអ្នកបម្រើការសាលាប្រជុំវិញ។ បន្ទាប់មក លោកក៏អង្គុយចុះ។ ពេលនោះ មនុស្សទាំងអស់ក្នុងសាលាប្រជុំកំពុងសម្លឹងមើលលោក។ ២១ រួចលោកមានប្រសាសន៍ទៅពួកគេថា៖ «បទគម្ពីរដែលអ្នកទើបតែស្ដាប់ បានក្លាយជាការពិតនៅថ្ងៃនេះ»។+
២២ ពួកគេទាំងអស់គ្នាចាប់ផ្ដើមសរសើរលោក ហើយនឹកអស្ចារ្យក្នុងចិត្តដោយសារសម្ដីដ៏ពីរោះដែលចេញពីមាត់លោក។+ រួចពួកគេនិយាយគ្នាថា៖ «អ្នកនេះជាកូនរបស់យ៉ូសែប មែនទេ?»។+ ២៣ ឮដូច្នេះ លោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាច្បាស់ជានឹងនិយាយពាក្យនេះដាក់ខ្ញុំថា៖ ‹គ្រូពេទ្យអើយ ចូរធ្វើឲ្យខ្លួនអ្នកជាសះស្បើយសិនទៅ។ យើងបានឮថាអ្នកបានធ្វើអ្វីៗជាច្រើននៅក្រុងកាពើណិម ចូរធ្វើដូច្នេះនៅទីនេះក្នុងស្រុកកំណើតរបស់អ្នកដែរ›»។+ ២៤ ដូច្នេះ លោកមានប្រសាសន៍ទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា មិនដែលមានអ្នកប្រកាសទំនាយណាដែលគេទទួលស្គាល់នៅក្នុងស្រុកកំណើតរបស់គាត់ទេ។+ ២៥ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា នៅសម័យអេលីយ៉ា មានស្ត្រីមេម៉ាយជាច្រើននៅក្នុងស្រុកអ៊ីស្រាអែល ពេលនោះមានគ្រោះរាំងស្ងួតអស់បីឆ្នាំកន្លះដែលនាំឲ្យមានការអត់ឃ្លានជាខ្លាំងនៅក្នុងស្រុកទាំងមូល។+ ២៦ ប៉ុន្តែ អេលីយ៉ាមិនបានត្រូវចាត់ឲ្យទៅឯស្ត្រីទាំងនោះឡើយ តែបានត្រូវចាត់ឲ្យទៅឯស្ត្រីមេម៉ាយម្នាក់នៅភូមិសេរ៉ាផាតក្នុងស្រុកស៊ីដូនតែប៉ុណ្ណោះ។+ ២៧ ចំណែកនៅសម័យអេលីសេដែលជាអ្នកប្រកាសទំនាយវិញ មានអ្នកកើតឃ្លង់ជាច្រើននាក់នៅស្រុកអ៊ីស្រាអែល តែគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេបានត្រូវធ្វើឲ្យជាស្អាតទេ មានតែណាម៉ានដែលជាជនជាតិស៊ីរីប៉ុណ្ណោះ»។+ ២៨ ពេលមនុស្សក្នុងសាលាប្រជុំឮពាក្យទាំងនេះ ពួកគេខឹងយ៉ាងខ្លាំង។+ ២៩ ភ្លាមនោះ ពួកគេក៏ក្រោកឡើងយកលោកចេញទៅក្រៅក្រុង រួចនាំទៅឯចំណោតភ្នំដែលជាទីតាំងក្រុងរបស់ពួកគេ ដើម្បីបោះទម្លាក់លោកទៅក្រោម។ ៣០ ប៉ុន្តែ លោកបានដើរចេញពីកណ្ដាលពួកគេទៅ។+
៣១ ក្រោយនោះ លោកចុះទៅក្រុងកាពើណិមនៅស្រុកកាលីឡេ ហើយបានបង្រៀនបណ្ដាជននៅថ្ងៃឈប់សម្រាក។+ ៣២ ពួកគេបាននឹកអស្ចារ្យក្នុងចិត្តដោយសារសេចក្ដីបង្រៀនរបស់លោក+ ពីព្រោះលោកមានប្រសាសន៍ដូចជាអ្នកដែលមានអំណាចពីព្រះ។ ៣៣ ដំណាលគ្នានោះ ក្នុងសាលាប្រជុំមានបុរសម្នាក់ដែលមានវិញ្ញាណអសោច*ចូល ហើយគាត់ស្រែកយ៉ាងខ្លាំងថា៖+ ៣៤ «នែ! យេស៊ូពីក្រុងណាសារ៉ែត!+ តើអ្នកមករំខានពួកយើងធ្វើអ្វី? តើអ្នកមកបំផ្លាញយើងឬ? ខ្ញុំដឹងច្បាស់ថាអ្នកជាអ្នកណា។ អ្នកជាអ្នកបរិសុទ្ធរបស់ព្រះ»។+ ៣៥ លោកយេស៊ូក៏ស្ដីបន្ទោសវាថា៖ «ចូរស្ងៀមទៅ! ហើយចេញពីគាត់ភ្លាម»។ ដូច្នេះ វិញ្ញាណកំណាចនោះបានផ្ដួលបុរសនោះនៅមុខបណ្ដាជន រួចចេញពីគាត់ទៅដោយមិនធ្វើទុក្ខគាត់ឡើយ។ ៣៦ ឃើញដូច្នេះ ពួកគេទាំងអស់គ្នានឹកស្ងើចក្នុងចិត្ត ហើយចាប់ផ្ដើមនិយាយគ្នាថា៖ «សម្ដីអ្វីក៏ពូកែម្ល៉េះ! ព្រោះលោកបង្គាប់វិញ្ញាណអសោចដោយអំណាចនិងឫទ្ធានុភាព ហើយពួកវាក៏ចេញទៅ!»។ ៣៧ ដូច្នេះ ដំណឹងអំពីលោកបានឮសុសសាយពេញតំបន់នៅជុំវិញនោះ។
៣៨ បន្ទាប់មក លោកបានចាកចេញពីសាលាប្រជុំ។ ក្រោយនោះ លោកក៏ចូលទៅក្នុងផ្ទះស៊ីម៉ូន។ ម្ដាយក្មេករបស់ស៊ីម៉ូនកំពុងគ្រុនក្ដៅខ្លាំង ហើយពួកគេបានសុំលោកឲ្យជួយគាត់។+ ៣៩ ដូច្នេះ លោកបានចូលទៅឈរជិតគាត់ ហើយធ្វើឲ្យគ្រុនក្ដៅចេញពីគាត់។ នោះគាត់ក៏បាត់គ្រុនភ្លាម រួចគាត់ក្រោកឡើងចាប់ផ្ដើមធ្វើអាហារជូនលោកនិងពួកគាត់ពិសា។
៤០ លុះដល់ថ្ងៃលិច មនុស្សបាននាំអស់អ្នកដែលមានជំងឺផ្សេងៗទៅឯលោក។ លោកបានដាក់ដៃលើពួកគេម្នាក់ៗ ធ្វើឲ្យពួកគេជាសះស្បើយ។+ ៤១ ពួកវិញ្ញាណកំណាចក៏បានចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងថា៖ «អ្នកជាបុត្ររបស់ព្រះ»។+ ប៉ុន្តែ លោកបានស្ដីបន្ទោសពួកវា ហើយមិនឲ្យពួកវានិយាយទេ+ ពីព្រោះពួកវាដឹងថាលោកគឺជាគ្រិស្ត។+
៤២ លុះព្រលឹមឡើង លោកចេញទៅកន្លែងមួយដាច់ឆ្ងាយពីគេ។+ ឯបណ្ដាជនវិញ ពួកគេចាប់ផ្ដើមដើររកលោក រហូតដល់កន្លែងដែលលោកនៅ ហើយព្យាយាមឃាត់លោកមិនឲ្យចេញពីពួកគេទេ។ ៤៣ ប៉ុន្តែ លោកមានប្រសាសន៍ថា៖ «ខ្ញុំក៏ត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅក្រុងផ្សេងទៀតដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។+ ៤៤ ដូច្នេះ លោកបន្តផ្សព្វផ្សាយនៅក្នុងសាលាប្រជុំផ្សេងៗនៅតំបន់យូឌា។