ដើមកំណើត
៤៩ យ៉ាកុបបានហៅកូនប្រុសៗទាំងអស់មក ហើយនិយាយថា៖ «ចូរពួកកូនមកជិតពុកមក ដើម្បីពុកអាចប្រាប់កូនអំពីអ្វីដែលនឹងកើតឡើងចំពោះពួកកូន នៅគ្រាអនាគត។* ២ ឱកូនរបស់យ៉ាកុបអើយ! ចូរមូលមកស្ដាប់ពុកចុះ។ ឱកូនរបស់អ៊ីស្រាអែលអើយ! ចូរផ្ទៀងត្រចៀកស្ដាប់ពុកចុះ។
៣ «រូបេន+កូនច្បងរបស់ពុក+ កូនជាផលដំបូងនៃកម្លាំងពុក។ ពុកបានបង្កើតកូនមកក្នុងកាលដែលពុកនៅពេញកម្លាំង។ កូនមានកិត្តិយសនិងអំណាចខ្ពង់ខ្ពស់។ ៤ ប៉ុន្តែ កូននឹងមិនប្រសើរជាងប្អូនៗរបស់កូនទេ ព្រោះដូចទឹកដែលកញ្ជ្រោលបក់បោក កូនមិនបានទប់អារម្មណ៍ ហើយបានទៅរួមដំណេកជាមួយនឹងប្រពន្ធរបស់ពុក។*+ ពេលនោះ កូនបានធ្វើឲ្យពុកនិងប្រពន្ធពុកអាប់ឱនកិត្តិយស។ នេះហើយជាអ្វីដែលកូនបានប្រព្រឹត្ត!
៥ «ស៊ីម្មាននិងលេវី+ជាបងប្អូននឹងគ្នា ពួកគេប្រើអាវុធប្រហារអ្នកឯទៀតយ៉ាងសាហាវឃោរឃៅ។+ ៦ ឱខ្លួនខ្ញុំអើយ! សូមកុំឲ្យខ្ញុំរាប់រកពួកគេឡើយ។ ឱចិត្ត*ខ្ញុំអើយ! សូមកុំចង់ចូលក្រុមរបស់ពួកគេឲ្យសោះ។ ព្រោះពេលពួកគេខឹង ពួកគេបានសម្លាប់មនុស្សដោយគ្មានត្រាប្រណី+ ហើយបានកាត់សរសៃជើងគោជាការកម្សាន្ត។ ៧ កំហឹងនិងចិត្តក្ដៅក្រហាយរបស់ពួកគេត្រូវបណ្ដាសាហើយ ព្រោះនោះសាហាវឃោរឃៅណាស់។+ ពុកនឹងបំបែកពួកគេក្នុងពូជពង្សយ៉ាកុប ហើយកំចាត់កំចាយពួកគេនៅពេញទាំងស្រុកអ៊ីស្រាអែល។+
៨ «រីឯយូដាវិញ+ បងប្អូនរបស់កូននឹងសរសើរតម្កើងកូន+ ហើយពួកគេនឹងមកក្រាបគោរពចំពោះកូន។+ កូននឹងវាយបង្ក្រាបពួកខ្មាំងសត្រូវរបស់កូន។+ ៩ យូដាប្រៀបដូចជាកូនតោ+ ដែលចាប់ចំណីស៊ី ហើយក៏ក្រោកទៅ។ ពេលគាត់ដេកឬសម្រាក គាត់ប្រៀបដូចជាសត្វតោ តើមានអ្នកណាហ៊ានដាស់គាត់ទៅ? ១០ ដំបងរាជ្យនឹងមិនឃ្លាតពីយូដាឡើយ។+ ឯដំបងនៃអ្នកគ្រប់គ្រងក៏នឹងមិនឃ្លាតឆ្ងាយពីជើងគាត់ដែរ រហូតដល់ស៊ីឡូរ*មក។+ ពេលនោះ បណ្ដាជនទាំងឡាយនឹងស្ដាប់បង្គាប់ស៊ីឡូរ។+ ១១ គាត់ចងមេលានិងកូនលានៅជាប់នឹងដើមទំពាំងបាយជូរល្អ។ គាត់នឹងបោកសម្លៀកបំពាក់របស់គាត់នៅក្នុងស្រាទំពាំងបាយជូរនិងទឹកទំពាំងបាយជូរ។ ១២ ភ្នែកគាត់ក្រហមដោយសារស្រាទំពាំងបាយជូរ ហើយធ្មេញគាត់សដោយសារទឹកដោះ។
១៣ «សេប៊ូឡូន+នឹងរស់នៅតាមតំបន់ឆ្នេរសមុទ្រ ជាកន្លែងដែលគេទម្លាក់យុថ្កាចតសំពៅ។+ ព្រំប្រទល់ទឹកដីគាត់លាតសន្ធឹងរហូតដល់ក្រុងស៊ីដូន។+
១៤ «អ៊ីសាខារ+ប្រៀបដូចជាសត្វលាដ៏មាំ ដែលដេកទាំងមានបន្ទុកធ្ងន់នៅសងខាង។ ១៥ អ៊ីសាខារនឹងឃើញថាកន្លែងរស់នៅរបស់គាត់ជាកន្លែងល្អ ហើយជាទឹកដីដែលស្រួលរស់នៅ។ គាត់នឹងឱនខ្លួនរែកពុនបន្ទុក ហើយសុខចិត្តចុះចូលធ្វើជាមនុស្សកំណែន។
១៦ «ដាន់+ជាកុលសម្ព័ន្ធមួយនៃអ៊ីស្រាអែល ហើយគាត់នឹងវិនិច្ឆ័យបណ្ដាជនទាំងឡាយ។+ ១៧ ដាន់នឹងប្រៀបដូចជាពស់មានពិស ដែលលូនវារលើផ្លូវ ហើយចឹកកែងជើងសេះបណ្ដាលឲ្យអ្នកជិះធ្លាក់ផ្ងារក្រោយ។+ ១៨ ឱព្រះយេហូវ៉ាអើយ! ខ្ញុំនឹងរង់ចាំសេចក្ដីសង្គ្រោះពីលោក។
១៩ «ឯកាដវិញ+ គាត់នឹងត្រូវក្រុមចោរវាយប្រហារគាត់ តែគាត់នឹងដេញតាមវាយប្រហារពួកគេយ៉ាងប្រកិត។+
២០ «អេស៊ើរ+នឹងមានអាហារ*ជាបរិបូរ ហើយគាត់នឹងផ្គត់ផ្គង់អាហារ ដូចអាហារដែលស្ដេចពិសា។+
២១ «ណែបថាលី+ប្រៀបដូចជាក្ដាន់ញីរវៀសរវៃ។ សម្ដីគាត់ពីរោះគួរឲ្យចង់ស្ដាប់។+
២២ «យ៉ូសែប+ប្រៀបដូចជាមែកនៃដើមដែលសម្បូរផ្លែ ជាដើមដែលដុះក្បែរប្រភពទឹក បែកមែកសាខាខ្ពស់ជាងកំពែង។ ២៣ ប៉ុន្តែ ពលធ្នូចេះតែរករឿងគាត់ ហើយបាញ់គាត់ដោយសេចក្ដីគុំកួន។+ ២៤ ទោះជាយ៉ាងនោះក៏ដោយ ធ្នូគាត់នៅក្នុងដៃគាត់ជានិច្ច+ ហើយដៃគាត់ខ្លាំងនិងរហ័ស+ នេះគឺដោយសារមានបុគ្គលដ៏ខ្លាំងក្លានៃយ៉ាកុប ព្រមទាំងគង្វាលនិងថ្មដានៃអ៊ីស្រាអែលគាំទ្រគាត់។ ២៥ គាត់*មកពីព្រះនៃឪពុកគាត់ លោកនឹងជួយគាត់។ ព្រះដ៏មានឫទ្ធានុភាពដ៏ខ្លាំងក្លានឹងនៅជាមួយគាត់ លោកនឹងឲ្យពរគាត់ គឺពរពីស្ថានសួគ៌ និងពរពីទីជម្រៅ+ ហើយលោកនឹងផ្ដល់ពរឲ្យគាត់មានកូនចៅច្រើននិងហ្វូងសត្វសន្ធឹកសន្ធាប់។ ២៦ ពរនៃឪពុកគាត់នឹងប្រសើរជាងភាពស្រស់បំព្រងនៃភ្នំដែលស្ថិតស្ថេរជារៀងរហូត និងទួលដែលគង់វង្សជាដរាប។+ យ៉ូសែបជាអ្នកដែលបានត្រូវជ្រើសរើសពីចំណោមបងប្អូនរបស់គាត់ គាត់នឹងទទួលពរទាំងនោះជាដរាប។+
២៧ «បេនយ៉ាមីន+ប្រៀបដូចជាចចកហែកស៊ីចំណី។+ នៅពេលព្រឹក គាត់នឹងស៊ីចំណី ហើយនៅពេលល្ងាចគាត់នឹងចែកចំណី»។*+
២៨ នេះជាអ្វីដែលយ៉ាកុបបាននិយាយទៅកាន់ពួកគេ ពេលដែលគាត់ឲ្យពរពួកគេម្នាក់ៗ។ ពួកគេសុទ្ធតែជាមេលើកុលសម្ព័ន្ធទាំង១២នៃអ៊ីស្រាអែល ហើយឪពុកបានឲ្យពរតាមដែលពួកគេសមនឹងទទួល។+
២៩ ក្រោយនោះ គាត់បានបង្គាប់ពួកគេថា៖ «ពេលពុកស្លាប់+ សូមបញ្ចុះសពរបស់ពុកជាមួយនឹងបុព្វបុរសពុក នៅរអាងភ្នំក្នុងដីចម្ការរបស់អេប្រុនជាជនជាតិហេត+ ៣០ គឺជារអាងភ្នំដែលនៅចម្ការម៉ាក់ពេឡាខាងមុខម៉ាមរេក្នុងស្រុកកាណាន ជាដីដែលអាប្រាហាំបានទិញពីអេប្រុនជាជនជាតិហេត ទុកជាទីបញ្ចុះសពរហូតតទៅ។ ៣១ នៅទីនោះគេបានបញ្ចុះសពអាប្រាហាំនិងសារ៉ាប្រពន្ធគាត់។+ ឯសពអ៊ីសាកនិងរេបិកាជាប្រពន្ធ ក៏ត្រូវបញ្ចុះនៅទីនោះដែរ។+ ក្រោយមក ពុកបានបញ្ចុះសពលេអានៅក្នុងរអាងភ្នំនោះ។ ៣២ ដីចម្ការនិងរអាងភ្នំនោះ បានត្រូវទិញពីកូនចៅហេត»។+
៣៣ យ៉ាងនោះ យ៉ាកុបបានផ្ដាំផ្ញើកូនៗរបស់គាត់។ រួចមក គាត់បានដាក់ជើងលើគ្រែ ហើយក៏ផុតដង្ហើមស្លាប់ទៅ។+