មានពរហើយ! អស់អ្នកដែលលើកតម្កើងសិរីរុងរឿងរបស់ព្រះ
«ឱព្រះ[យេហូវ៉ា]អើយ! . . . គេនឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ហើយគេនឹងលើកដំកើងព្រះនាមទ្រង់»។—ទំនុកដំកើង ៨៦:៩
១. ហេតុអ្វីបានជាយើងអាចលើកតម្កើងសិរីរុងរឿងរបស់ព្រះយេហូវ៉ាល្អជាងការបង្កើតដែលគ្មានជីវិត?
គប្បីឲ្យអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបង្កើតសរសើរទ្រង់។ ការបង្កើតដែលគ្មានជីវិតរមែងលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ដោយមិនប្រើពាក្យសំដី រីឯមនុស្សវិញ យើងមានសមត្ថភាពវែកញែកក៏ចេះស្វែងយល់ ដឹងគុណ និងចេះថ្វាយបង្គំ។ ហេតុនេះ អ្នកតែងបទទំនុកដំកើងបានសរសេរមកកាន់យើងថា៖ «ផែនដីទាំងមូលអើយ! ចូរបន្លឺឡើងដោយអំណរថ្វាយព្រះចុះ! ចូរច្រៀងពីកិត្ដិយសនៃព្រះនាមទ្រង់ ឲ្យសេចក្ដីសរសើរទ្រង់បានរុងរឿងឡើង»។—ទំនុកដំកើង ៦៦:១, ២
២. តើអ្នកណាធ្វើតាមសេចក្ដីបង្គាប់ឲ្យលើកតម្កើងព្រះនាមរបស់ព្រះ? ហេតុអ្វី?
២ មនុស្សភាគច្រើនមិនព្រមទទួលស្គាល់ព្រះឬលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ឡើយ។ ក៏ប៉ុន្តែ នៅ២៣៥ប្រទេស ស្មរបន្ទាល់ព្រះយេហូវ៉ាជាង៦លាននាក់កំពុងតែបង្ហាញថា «អ្វីៗរបស់ទ្រង់[ឬ«លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ», ខ.ស.] ដែលរកមើលមិនឃើញ»នោះ ពួកគេអាចឃើញបានដោយមើលអ្វីដែលទ្រង់បានបង្កើត ហើយក៏បាន«ឮ»នូវបន្ទាល់ស្ងប់ស្ងាត់របស់ការបង្កើតដែលគ្មានជីវិតផងដែរ។ (រ៉ូម ១:២០; ទំនុកដំកើង ១៩:២, ៣) ដោយសារស្មរបន្ទាល់ព្រះយេហូវ៉ាសិក្សាព្រះគម្ពីរ នោះពួកគេក៏បានរៀនឲ្យស្គាល់ព្រះយេហូវ៉ានិងបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះទ្រង់។ ទំនុកដំកើង ៨៦:៩, ១០ បានទាយ៖ «ឱព្រះអម្ចាស់អើយ! អស់ទាំងសាសន៍ដែលទ្រង់បានបង្កើត គេនឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ហើយគេនឹងលើកដំកើងព្រះនាមទ្រង់ ដ្បិតទ្រង់ធំប្រសើរ ហើយក៏ធ្វើការយ៉ាងអស្ចារ្យ ទ្រង់ជាព្រះតែមួយអង្គឯង»។
៣. តើ‹មនុស្ស១ហ្វូងយ៉ាងធំបំរើទាំងយប់ទាំងថ្ងៃ›ក្នុងន័យអ្វី?
៣ ស្រដៀងគ្នាដែរ វិវរណៈ ៧:៩, ១៥ ប្រាប់អំពី«មនុស្ស១ហ្វូងយ៉ាងធំ»ដែលជាអ្នកថ្វាយបង្គំព្រះហើយ«បំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ»។ ព្រះមិនមែនទាមទារឲ្យអ្នកបំរើសរសើរទ្រង់ទាំងយប់ទាំងថ្ងៃមិនឈប់ឈរនោះទេ។ ប៉ុន្តែ ព្រះមានអ្នកថ្វាយបង្គំទ្រង់ទូទាំងផែនដី។ ដូច្នេះ បើយប់នៅប្រទេសខ្លះ គឺថ្ងៃវិញនៅប្រទេសផ្សេងទៀត ហើយនៅទីនោះអ្នកបំរើរបស់ព្រះកំពុងតែរវល់ធ្វើបន្ទាល់។ ហេតុនេះយើងអាចនិយាយថា មានអ្នកលើកតម្កើងសិរីរុងរឿងរបស់ព្រះយេហូវ៉ាទាំងយប់ទាំងថ្ងៃ។ បន្ដិចទៀត«ជីវិតទាំងឡាយដែលមានដង្ហើម»នឹងបន្លឺសម្លេងសរសើរព្រះយេហូវ៉ា។ (ទំនុកដំកើង ១៥០:៦) ប៉ុន្តែ ទំរាំដល់ថ្ងៃនោះមកដល់ តើយើងម្នាក់ៗអាចធ្វើអ្វីខ្លះដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះ? តើយើងប្រហែលជាជួបការលំបាកអ្វីខ្លះ? តើអ្នកដែលលើកតម្កើងសិរីរុងរឿងរបស់ព្រះនឹងទទួលពរអ្វីខ្លះ? ដើម្បីឆ្លើយសំនួរទាំងនេះ សូមយើងពិចារណាកំណត់ហេតុមួយក្នុងព្រះគម្ពីរស្តីអំពីកុលសម្ព័ន្ធកាឌ់នៃសាសន៍អ៊ីស្រាអែល។
ការលំបាកមួយនៅសម័យបុរាណ
៤. តើកុលសម្ព័ន្ធកាឌ់ប្រឈមមុខនឹងការពិបាកអ្វី?
៤ មុនដែលសាសន៍អ៊ីស្រាអែលបានចូលទៅក្នុងស្រុកសន្យា កុលសម្ព័ន្ធកាឌ់សុំតាំងទីលំនៅនាស្រុកខាងកើតទន្លេយ័រដាន់ ដែលជាស្រុកល្អសំរាប់ឃ្វាលគោ។ (ជនគណនា ៣២:១-៥) បើរស់នៅស្រុកនោះ ត្រូវពុះពារនឹងការលំបាកធ្ងន់ធ្ងរមួយចំនួន។ កុលសម្ព័ន្ធទាំងប៉ុន្មានដែលបានតាំងទីលំនៅនាស្រុកខាងលិច នឹងបានជ្រលងទន្លេយ័រដាន់ជារនាំងការពារទប់ទល់ទាហានសត្រូវ។ (យ៉ូស្វេ ៣:១៣-១៧) ចំណែកឯស្រុកទាំងប៉ុន្មាននៅខាងកើតទន្លេយ័រដាន់នោះ លោកចុច អ័ដាម ស្មិត បានសរសេរថា៖ «[ស្រុកទាំងនោះ]ធំល្ហល្ហេវលាតសន្ធឹងពេញខ្ពង់រាបអារ៉ាប់ដោយសឹងតែគ្មានភ្នំឬជ្រលងអ្វីជារនាំងការពារទេ។ គ្រប់សម័យកាល ដោយព្រោះនៅកណ្ដាលវាលដូចនេះ ស្រុកទាំងនោះត្រូវអ្នកត្រាច់ចរដែលផ្លាស់លំនៅតាមរដូវមកទន្ទ្រានចូលរាល់ឆ្នាំដើម្បីឲ្យហ្វូងសត្វរបស់ពួកគេគោចរ»។—The Historical Geography of the Holy Land
៥. តើយ៉ាកុបបានលើកទឹកចិត្តកុលសម្ព័ន្ធកាឌ់ឲ្យធ្វើយ៉ាងណាពេលមានគេវាយលុកចូលស្រុកនោះ?
៥ នៅចំពោះមុខការគំរាមឥតឈប់ឈរនេះ តើកុលសម្ព័ន្ធកាឌ់នឹងធ្វើយ៉ាងណា? រាប់សតវត្សរ៍មុននោះ ពេលដែលយ៉ាកុបជាបុព្វបុរសជិតទទួលមរណភាពទៅ គាត់បានទាយថា៖ «ឯកាឌ់នឹងមាន១ហ្វូងមកប្រជ្រៀតលើវា តែវានឹងដេញប្រកិតតាមកែងគេវិញ»។ (លោកុប្បត្តិ ៤៩:១៩) ពេលអានដំបូង ពាក្យនេះប្រហែលជាស្ដាប់ទៅដូចជាគួរឲ្យអស់សង្ឃឹមណាស់។ ប៉ុន្តែតាមការពិត នេះគឺជាការបង្គាប់ឲ្យកុលសម្ព័ន្ធកាឌ់តបតវិញ។ យ៉ាកុបបានពង្រឹងទំនុកចិត្តរបស់កុលសម្ព័ន្ធកាឌ់ថា បើពួកគេតបតវិញ អ្នកលុកលុយនឹងដកថយទាំងគួរឲ្យអាម៉ាស់ខ្មាសដោយមានកុលសម្ព័ន្ធកាឌ់ដេញប្រកិតពីក្រោយ។
ការលំបាកដែលយើងជួបក្នុងការថ្វាយបង្គំសព្វថ្ងៃនេះ
៦, ៧. តើស្ថានភាពរបស់ជនគ្រីស្ទានសព្វថ្ងៃនេះគឺស្រដៀងនឹងកុលសម្ព័ន្ធកាឌ់យ៉ាងដូចម្ដេច?
៦ សព្វថ្ងៃនេះគ្រីស្ទានពិតក៏ដូចជាកុលសម្ព័ន្ធកាឌ់ដែរ ដ្បិតយើងហាក់ដូចជានៅកណ្ដាលវាល គ្មានអព្ភូតហេតុការពារពីការលំបាកឬពីការរែកពុននូវបន្ទុកក្នុងលោកីយ៍របស់សាតាំងនោះទេ។ (យ៉ូប ១:១០-១២) សំរាប់យើងជាច្រើននាក់ ការទៅសាលារៀន ការប្រកបមុខរបរចិញ្ចឹមជីវិត និងការអប់រំកូនក៏ជាបន្ទុកធ្ងន់ដែរ។ យើងក៏មានបញ្ហារបស់ខ្លួនទៀតផង។ បងប្អូនខ្លះត្រូវស៊ូទ្រាំនឹង«បន្លា១ចាត់មកក្នុងសាច់ឈាម»ដូចជាពិការភាពឬមានជំងឺធ្ងន់ធ្ងរណាមួយ។ (កូរិនថូសទី២ ១២:៧-១០) អ្នកឯទៀតប្រហែលជាគ្រាំគ្រាចិត្តពីព្រោះគិតថាខ្លួនគ្មានតម្លៃ។ «ថ្ងៃអាក្រក់»ឬពេលដែលចាស់ហើយនោះជាគ្រាដែលអាចធ្វើឲ្យបងប្អូនវ័យចាស់មិនអាចបំរើព្រះយេហូវ៉ាដោយមានកម្លាំងស្វាហាប់ដូចពីមុនទេ។—សាស្ដា ១២:១
៧ សាវ័កប៉ុលក៏រំឭកយើងថា៖ ‹យើងរាល់គ្នាតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានដ៏ខ្ពស់›ដែរ។ (អេភេសូរ ៦:១២) យើងតែងជួបប្រទះនឹង«វិញ្ញាណរបស់លោកីយ» ដែលជាចិត្តគំនិតចង់ប្រឆាំងព្រះ និងភាពខូចអាក្រក់ខាងសីលធម៌ដែលសាតាំងនិងពួកបិសាចរបស់វាញុះញង់ឲ្យមាននោះ។ (កូរិនថូសទី១ ២:១២; អេភេសូរ ២:២, ៣) យើងក៏ដូចលោកឡុតជាអ្នកកោតខ្លាចព្រះដែរ ដ្បិតយើងប្រហែលជាមានចិត្តព្រួយលំបាកដោយសារអំពើអសីលធម៌ដែលមនុស្សនៅជុំវិញយើងប្រព្រឹត្ត ឬរឿងអសីលធម៌ដែលពួកគេនិយាយ។ (ពេត្រុសទី២ ២:៧) បន្ថែមទៅទៀត សាតាំងក៏ពាធាយើងដោយផ្ទាល់ដែរ។ សាតាំងកំពុងតែច្បាំងនឹងសំណល់អ្នកចាក់ប្រេងតាំង «ដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ»។ (វិវរណៈ ១២:១៧) សាតាំងក៏ពាធា«ចៀមឯទៀត»របស់ព្រះយេស៊ូដែរ ដោយការដាក់បំរាមនិងការបៀតបៀន។—យ៉ូហាន ១០:១៦
តើគួរចុះញ៉មឬតបត?
៨. នៅពេលសាតាំងពាធាយើង តើយើងគួរធ្វើយ៉ាងណា? ហើយហេតុអ្វី?
៨ តើយើងគួរធ្វើយ៉ាងណាពេលសាតាំងពាធាយើង? យើងត្រូវតែមានភាពរឹងមាំខាងវិញ្ញាណនិងតបតសមស្របតាមការណែនាំរបស់ព្រះ ដូចកុលសម្ព័ន្ធកាឌ់ពីបុរាណ។ គួរឲ្យស្ដាយណាស់ បងប្អូនខ្លះបានចាប់ផ្ដើមចុះចាញ់នឹងការលំបាកក្នុងជីវិត ហើយលះចោលនូវភារកិច្ចខាងវិញ្ញាណ។ (ម៉ាថាយ ១៣:២០-២២) ស្មរបន្ទាល់ម្នាក់ប្រាប់អំពីមូលហេតុដែលមិនសូវមានបងប្អូនច្រើនមកប្រជុំនៅឯក្រុមជំនុំរបស់គាត់ថា៖ «បើនិយាយឲ្យចំ បងប្អូនរបស់យើងកំពុងតែអស់កម្លាំង។ ពួកគេទាំងអស់គ្នាតានតឹងចិត្ត»។ ពិតហើយថា មានអ្វីជាច្រើនដែលអាចជាហេតុធ្វើឲ្យមនុស្សអស់កម្លាំងមែន។ ដូច្នេះ អ្នកទាំងនោះបែរជាចាត់ទុកការបំរើព្រះជាបន្ទុកធ្ងន់មួយទៀតដែលខ្លួនត្រូវរែកពុន។ ប៉ុន្តែ តើទស្សនៈនេះត្រឹមត្រូវឬទេ?
៩. តើការយកនឹមរបស់ព្រះគ្រីស្ទនាំឲ្យឈប់សំរាកក្នុងន័យអ្វី?
៩ សូមពិចារណានូវអ្វីដែលព្រះយេស៊ូបានមានបន្ទូលទៅកាន់ហ្វូងមនុស្សនៅសម័យទ្រង់ ដែលនឿយកាយណាយចិត្តព្រោះត្រូវរែកពុនបន្ទុកធ្ងន់ឥតស្រាក។ ទ្រង់មានបន្ទូលថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»។ តើព្រះយេស៊ូចង់មានបន្ទូលថា យើងសំរាកដោយកាត់បន្ថយនូវកិច្ចបំរើថ្វាយព្រះឬ? អត់ទេ! ផ្ទុយទៅវិញ ព្រះយេស៊ូមានបន្ទូលថា៖ «ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ! ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង»។ ក្នុងភាសាដើមពាក្យនឹមសំដៅទៅប្រដាប់ធ្វើពីឈើឬដែកសំរាប់ដាក់សត្វពាហនៈឬដងរែកដែលមនុស្សប្រើសំរាប់រែករបស់ដែលធ្ងន់ៗ។ បើដូច្នេះ ហេតុអ្វីបានជាមនុស្សគួរយកនឹមមកពាក់ បើយើង«ផ្ទុកធ្ងន់»ហើយនោះ? យើងពិតជាផ្ទុកធ្ងន់មែន តែបន្ទូលព្រះយេស៊ូជាភាសាក្រិចក៏អាចបកប្រែថា៖ «ចូរពាក់នឹមជាមួយខ្ញុំចុះ!»។ សូមគិតទៅមើល! ព្រះយេស៊ូចង់ជួយយើងរែកពុនបន្ទុករបស់យើង! យើងមិនចាំបាច់ពឹងតែកម្លាំងរបស់ខ្លួនឯងឡើយ។—ម៉ាថាយ ៩:៣៦; ១១:២៨, ២៩; កូរិនថូសទី២ ៤:៧
១០. តើការខំលើកតម្កើងសិរីរុងរឿងរបស់ព្រះនាំឲ្យយើងទទួលលទ្ធផលយ៉ាងណា?
១០ នៅពេលយើងទទួលយកនឹមរបស់ព្រះយេស៊ូដោយទៅជាសិស្សរបស់ទ្រង់ នោះយើងកំពុងតែតបតនឹងសាតាំង។ យ៉ាកុប ៤:៧ សន្យាថា៖ «តស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ»។ នេះមិនមានន័យថាការតស៊ូនឹងអារក្សគឺស្រួលនោះទេ។ ការបំរើព្រះតម្រូវឲ្យខំប្រឹងខ្លាំងណាស់។ (លូកា ១៣:២៤) ប៉ុន្តែ ព្រះគម្ពីរសន្យានៅទំនុកដំកើង ១២៦:៥ ថា៖ «អស់អ្នកដែលសាបព្រោះ ដោយស្រក់ទឹកភ្នែក នោះនឹងបានច្រូតវិញ ដោយច្រៀងអរសប្បាយ»។ ពិតណាស់ ព្រះដែលយើងថ្វាយបង្គំ ទ្រង់មិនរមិលគុណទេ។ ទ្រង់«ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់» ហើយទ្រង់ប្រទានពរដល់អ្នកដែលលើកតម្កើងសិរីរុងរឿងរបស់ទ្រង់។—ហេព្រើរ ១១:៦
ការលើកតម្កើងព្រះដោយធ្វើជាអ្នកប្រកាសអំពីព្រះរាជាណាចក្ររបស់ទ្រង់
១១. តើកិច្ចផ្សព្វផ្សាយជួយការពារយើងពីការពាធារបស់សាតាំងយ៉ាងដូចម្ដេច?
១១ ព្រះយេស៊ូបានបង្គាប់ថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។ ការផ្សព្វផ្សាយជាវិធីចំបងដែលយើង«ថ្វាយពាក្យសរសើរ»ចំពោះព្រះ។ (ម៉ាថាយ ២៨:១៩; ហេព្រើរ ១៣:១៥) ការ«ពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្តទុកជាស្បែកជើង» ជាផ្នែកដ៏ចាំបាច់នៃ«គ្រប់គ្រឿងសឹក»ដែលយើងត្រូវការ ដើម្បីការពារខ្លួនពីការពាធារបស់សាតាំង។ (អេភេសូរ ៦:១១-១៥) ការសរសើរព្រះក្នុងកិច្ចផ្សព្វផ្សាយជាវិធីល្អប្រសើរដើម្បីពង្រឹងជំនឿរបស់យើង។ (កូរិនថូសទី២ ៤:១៣) នេះក៏ជួយយើងកុំឲ្យមានគំនិតទុទ្ទិដ្ឋិនិយមផងដែរ។ (ភីលីព ៤:៨) ការចូលរួមកិច្ចផ្សព្វផ្សាយផ្ដល់ឱកាសឲ្យយើងសំណេះសំណាលគ្នាទទួលការលើកទឹកចិត្តពីអ្នកថ្វាយបង្គំគ្នីគ្នា។
១២, ១៣. បើក្រុមគ្រួសារចូលរួមយ៉ាងទៀងទាត់ក្នុងកិច្ចផ្សព្វផ្សាយ តើអាចទទួលប្រយោជន៍អ្វី? សូមឲ្យឧទាហរណ៍។
១២ ការផ្សព្វផ្សាយក៏ជាកិច្ចការដែលក្រុមគ្រួសារទាំងមូលអាចចូលរួមធ្វើយ៉ាងសប្បាយជាមួយគ្នា។ ក្មេងៗត្រូវការការកំសាន្តពិតមែន ក៏ប៉ុន្តែ ពេលដែលក្រុមគ្រួសារចំណាយពេលក្នុងការផ្សព្វផ្សាយ នេះមិនចាំបាច់ជាកិច្ចការដែលគួរឲ្យធុញទ្រាន់នោះទេ។ មាតាបិតាអាចធ្វើឲ្យពេលនោះជាពេលសប្បាយជាងដោយបង្ហាត់បង្រៀនកូនឲ្យចេះផ្សព្វផ្សាយដោយមានប្រសិទ្ធភាព។ ក្មេងៗពិតជាចូលចិត្តធ្វើអ្វីដែលខ្លួនធ្វើបានល្អ មែនទេ? បើមាតាបិតាមានតុល្យភាពនិងមិនបង្ខំកូនៗឲ្យធ្វើអ្វីដែលហួសពីសមត្ថភាពនោះ ពួកគាត់អាចជួយឲ្យកូនមានអំណរពីកិច្ចផ្សព្វផ្សាយ។—លោកុប្បត្តិ ៣៣:១៣, ១៤
១៣ ម្យ៉ាងទៀត ក្រុមគ្រួសារដែលសរសើរព្រះជាមួយគ្នាមានភាពជិតស្និទ្ធជាង។ ដូចជាបងស្រីម្នាក់ដែលមានប្ដីមិនជឿ ត្រូវប្ដីបោះបង់ចោលបន្សល់ទុកតែកូនប្រាំនាក់។ ហេតុនេះ បងស្រីត្រូវប្រឈមមុខនឹងការពិបាកមួយ គឺគាត់ត្រូវខំរកការងារធ្វើដើម្បីចិញ្ចឹមកូន។ តើភារកិច្ចជាច្រើនរបស់បងស្រីធ្វើឲ្យគាត់ឈប់គិតពីសេចក្ដីត្រូវការខាងវិញ្ញាណរបស់កូនឬ? បងស្រីប្រាប់ថា៖ «ខ្ញុំបានសិក្សាព្រះគម្ពីរនិងសៀវភៅពន្យល់អំពីព្រះគម្ពីរយ៉ាងយកចិត្តទុកដាក់ និងខ្ញុំខំអនុវត្តនូវអ្វីដែលបានរៀន។ ខ្ញុំនាំកូនទៅកិច្ចប្រជុំនិងទៅផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយយ៉ាងទៀងទាត់។ តើការព្យាយាមរបស់ខ្ញុំបានលទ្ធផលយ៉ាងណា? កូនទាំងប្រាំរបស់ខ្ញុំបានទទួលបុណ្យជ្រមុជទឹក»។ ការចូលរួមយ៉ាងពេញលេញក្នុងកិច្ចផ្សព្វផ្សាយក៏អាចជួយអ្នកចិញ្ចឹមអប់រំកូនទៅតាម«ដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។—អេភេសូរ ៦:៤
១៤. (ក) តើយុវជនលើកតម្កើងសិរីរុងរឿងរបស់ព្រះនៅឯសាលារៀនយ៉ាងដូចម្ដេច? (ខ) តើអ្វីអាចជួយយុវជនកុំឲ្យមាន«សេចក្ដីខ្មាសចំពោះដំណឹងល្អ»?
១៤ ប្អូនៗយុវវ័យអើយ! បើការពិភាក្សាអំពីសាសនានៅឯសាលាគឺមិនខុសច្បាប់នៅប្រទេសប្អូន តើអ្នកអាចលើកតម្កើងសិរីរុងរឿងរបស់ព្រះដោយធ្វើបន្ទាល់នៅឯសាលាបានទេ? ឬក៏តើការភ័យខ្លាចបានរារាំងប្អូនវិញ? (សុភាសិត ២៩:២៥) ស្មរបន្ទាល់ម្នាក់អាយុ១៣ឆ្នាំនៅកោះព័រតូរីកូសរសេរថា៖ «ខ្ញុំមិនដែលខ្មាសផ្សព្វផ្សាយនៅសាលារៀនទេ ពីព្រោះខ្ញុំដឹងថានេះជាសេចក្ដីពិត។ នៅថ្នាក់រៀន ខ្ញុំតែងតែលើកដៃប្រាប់អ្វីដែលខ្ញុំរៀនពីព្រះគម្ពីរ។ បើមានពេលទំនេរ ខ្ញុំទៅបណ្ណាល័យនិងអានសៀវភៅសំនួរដែលយុវជនសួរ»។a តើព្រះយេហូវ៉ាប្រទានពរទៅលើការព្យាយាមរបស់នាងទេ? គាត់ប្រាប់ថា៖ «ជួនកាលមិត្តរួមថ្នាក់របស់ខ្ញុំសួរសំនួរ ហើយក៏សុំសៀវភៅមួយក្បាលទៀតផង»។ បើប្អូនស្ទាក់ស្ទើរមិនហ៊ានផ្សាយទេ ប្រហែលជាប្អូនត្រូវពិចារណាឲ្យស្គាល់ខ្លួនឯងនូវ«បំណងព្រះហឫទ័យនៃព្រះដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង» ដោយព្យាយាមសិក្សាផ្ទាល់ខ្លួន។ (រ៉ូម ១២:២) នៅពេលប្អូនជឿជាក់ថា អ្វីៗដែលអ្នកបានរៀនគឺជាសេចក្ដីពិតមែន នោះប្អូននឹងមិនដែលមាន«សេចក្ដីខ្មាស ចំពោះដំណឹងល្អ»ទេ។—រ៉ូម ១:១៦
‹ទ្វារបើកចំហ›ឲ្យធ្វើកិច្ចបំរើ
១៥, ១៦. តើគ្រីស្ទានខ្លះបានចូលតាម‹ទ្វារបើកចំហយ៉ាងធំ សំរាប់បំពេញកិច្ច›បំរើអ្វី? តើពួកគេបានទទួលពរអ្វីខ្លះ?
១៥ សាវ័កប៉ុលបានសរសេរថា មាន‹ទ្វារបើកចំហយ៉ាងធំ សំរាប់អោយគាត់បំពេញកិច្ច›បំរើ។ (កូរិនថូសទី១ ១៦:៩, ខ.ស.) តើកាលៈទេសៈអនុញ្ញាតឲ្យអ្នកចូលតាមទ្វារដែលបើកចំហដើម្បីបង្កើនកិច្ចបំរើថែមទៀតឬទេ? ជាឧទាហរណ៍ ការចូលរួមកិច្ចបំរើត្រួសត្រាយពេញពេលឬជំនួយ ជាការចំណាយ៧០ឬ៥០ម៉ោងក្នុងមួយខែសំរាប់កិច្ចផ្សព្វផ្សាយ។ គ្រីស្ទានគ្នីគ្នាពិតជាមានកតញ្ញូធម៌ចំពោះកិច្ចបំរើស្មោះភក្ដីរបស់អ្នកត្រួសត្រាយ។ ប៉ុន្តែ ការចំណាយពេលច្រើនជាងក្នុងកិច្ចផ្សព្វផ្សាយមិនធ្វើឲ្យអ្នកត្រួសត្រាយមានមោទនភាពហួសហេតុពេករាប់ខ្លួនល្អជាងបងប្អូនឯទៀតនោះទេ។ ផ្ទុយទៅវិញ ពួកគេមានចិត្តគំនិតដែលព្រះយេស៊ូលើកទឹកចិត្តឲ្យមាននោះគឺ៖ «យើងជាបាវបំរើឥតកំរៃដល់ម្ចាស់ទេ ដ្បិតយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះ»។—លូកា ១៧:១០
១៦ ការបំពេញមុខនាទីជាអ្នកត្រួសត្រាយតម្រូវឲ្យចេះលត់ដំខ្លួន មានរបៀបរៀបរយល្អ និងសុខចិត្តធ្វើការលះបង់។ ក៏ប៉ុន្តែ ពរដែលយើងអាចទទួលគឺសមនឹងការព្យាយាមនោះ។ យុវនារីម្នាក់ឈ្មោះតាមីកាដែលជាអ្នកត្រួសត្រាយប្រាប់ថា៖ «ពរមួយគឺយើងរៀនឲ្យចេះកាត់ស្រាយព្រះបន្ទូលរបស់ព្រះយ៉ាងត្រឹមត្រូវ។ ពេលដែលយើងធ្វើជាអ្នកត្រួសត្រាយ យើងប្រើព្រះគម្ពីរច្រើន។ ឥឡូវ ពេលដែលខ្ញុំផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ខ្ញុំចេះគិតអំពីបទគម្ពីរដែលសមស្របនឹងកាលៈទេសៈរបស់ម្ចាស់ផ្ទះម្នាក់ៗ»។ (ធីម៉ូថេទី២ ២:១៥) អ្នកត្រួសត្រាយម្នាក់ឈ្មោះមីកាប្រាប់ថា៖ «ពរវិសេសមួយទៀតគឺខ្ញុំអាចមើលឃើញឥទ្ធិពលនៃសេចក្ដីពិតដែលមានទៅលើជីវិតរបស់មនុស្សឯទៀត»។ យុវជនម្នាក់ឈ្មោះម៉ាថាយនិយាយអំពីអំណរដែលមកពីការ«មើលឃើញអ្នកដទៃចូលមកក្នុងសេចក្ដីពិត។ គ្មានអំណរណាផ្សេងទៀតខ្លាំងជាងនេះទេ»។
១៧. តើគ្រីស្ទានម្នាក់បានយកឈ្នះគំនិតមិនល្អអំពីការត្រួសត្រាយពេញពេលយ៉ាងដូចម្ដេច?
១៧ តើអ្នកអាចគិតពីលទ្ធភាពចូលតាមទ្វារធំនោះ ដោយចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយឬទេ? អ្នកប្រហែលជាចង់ចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយ តែគិតថាខ្លួនខ្វះសមត្ថភាព។ ប្អូនស្រីម្នាក់ឈ្មោះកេនយ៉ាតេសារភាពថា៖ «ខ្ញុំធ្លាប់មានគំនិតអគតិចំពោះការត្រួសត្រាយ។ ខ្ញុំគិតថាខ្ញុំគ្មានសមត្ថភាព។ ខ្ញុំមិនចេះផ្ដើមពាក្យនិយាយជាមួយម្ចាស់ផ្ទះឬប្រើបទគម្ពីរវែកញែកជាមួយម្ចាស់ផ្ទះទេ»។ ក៏ប៉ុន្តែ អ្នកចាស់ទុំបានសុំបងស្រីម្នាក់ដែលមានភាពចាស់ទុំនិងជាអ្នកត្រួសត្រាយឲ្យផ្សព្វផ្សាយជាមួយនឹងកេនយ៉ាតេ។ កេនយ៉ាតេនឹកចាំថា៖ «ការផ្សព្វផ្សាយជាមួយនឹងគាត់សប្បាយណាស់។ នោះធ្វើឲ្យខ្ញុំចង់ធ្វើជាអ្នកត្រួសត្រាយដែរ»។ បើទទួលការលើកទឹកចិត្តនិងការបង្ហាត់បង្រៀនខ្លះៗ អ្នកក៏ប្រហែលជាចង់ធ្វើជាអ្នកត្រួសត្រាយដែរ។
១៨. តើអ្នកដែលទៅជាសាសនទូតអាចទទួលពរអ្វីខ្លះ?
១៨ កិច្ចការផ្សព្វផ្សាយជាអ្នកត្រួសត្រាយហាក់ដូចជាបើកទ្វារឲ្យទទួលឯកសិទ្ធិថែមទៀត។ ជាឧទាហរណ៍ គូស្វាមីភរិយាខ្លះប្រហែលជាមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការបង្ហាត់ជាសាសនទូត ហើយត្រូវចាត់ទៅផ្សព្វផ្សាយនៅប្រទេសក្រៅ។ សាសនទូតត្រូវតែរៀនសម្របខ្លួនទៅតាមប្រទេសថ្មី ព្រមទាំងភាសា វប្បធម៌ និងម្ហូបអាហារថ្មីក៏មិនដឹង។ ក៏ប៉ុន្តែ ពរដែលពួកគាត់ទទួលគឺច្រើនជាងការពិបាកឆ្ងាយណាស់។ បងស្រីមីលដ្រិតដែលជាសាសនទូតនៅប្រទេសម៉ិកស៊ិកជាយូរមកហើយប្រាប់ថា៖ «ខ្ញុំមិនធ្លាប់ស្ដាយដែលខ្ញុំសម្រេចចិត្តធ្វើជាសាសនទូតទេ។ នេះជាគោលដៅរបស់ខ្ញុំតាំងពីខ្ញុំនៅតូច»។ តើគាត់បានទទួលពរអ្វីខ្លះ? «នៅប្រទេសកំណើតរបស់ខ្ញុំ ពិបាករកការសិក្សាណាស់។ តែនៅទីនេះ ជួនកាលខ្ញុំមានសិស្សបួននាក់ចាប់ផ្ដើមផ្សព្វផ្សាយនៅថ្ងៃតែមួយ!»។
១៩, ២០. តើបងប្អូនជាច្រើនដែលបំរើនៅបេតអែល ចូលរួមកិច្ចបំរើអន្តរជាតិ ឬចូលរួមសាលាបង្ហាត់ខាងកិច្ចបំរើបានទទួលពរយ៉ាងដូចម្ដេចខ្លះ?
១៩ ពរសន្ធឹកសន្ធាប់បែបនេះក៏មានចំពោះអ្នកដែលបំរើនៅការិយាល័យសាខាបេតអែលរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាដែរ។ ប្អូនប្រុសឈ្មោះស្វិនដែលបំរើនៅបេតអែលនាប្រទេសអាឡឺម៉ង់ និយាយអំពីការងាររបស់គាត់ថា៖ «ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងតែធ្វើអ្វីដែលមានប្រយោជន៍ជារៀងរហូត។ ខ្ញុំអាចប្រើជំនាញរបស់ខ្ញុំធ្វើការក្នុងលោកីយ៍នេះបាន។ ប៉ុន្តែ នេះមិនខុសពីការដាក់លុយក្នុងធនាគារដែលជិតរលំផ្ងារនោះទេ»។ ពិតណាស់ថា ការបំរើស្ម័គ្រចិត្តដោយគ្មានប្រាក់ខែតម្រូវឲ្យធ្វើពលិកម្មមែន ប៉ុន្តែ ប្អូនប្រុសស្វិនប្រាប់ថា៖ «នៅពេលខ្ញុំទៅផ្ទះវិញ ខ្ញុំដឹងថាអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើនៅថ្ងៃនោះគឺសំរាប់ព្រះយេហូវ៉ា ហើយនោះធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយរកពណ៌នាពុំបាន»។
២០ បងប្អូនខ្លះធ្លាប់ចូលរួមកិច្ចបំរើអន្តរជាតិ ដោយជួយកសាងការិយាល័យសាខានៅប្រទេសផ្សេង។ ស្វាមីភរិយាមួយគូដែលធ្លាប់បំរើនៅ៨ប្រទេសសរសេរថា៖ «បងប្អូននៅទីនេះរាក់ទាក់ រួសរាយណាស់។ ខ្ញុំនឹងពិបាកចិត្តណាស់ពេលយើងត្រូវចេញ។ នេះជាលើកទី៨ដែលខ្ញុំត្រូវពិបាកចិត្តដូច្នេះ។ យើងមានបទពិសោធន៍ល្អជាច្រើនណាស់!»។ មានសាលាបង្ហាត់ខាងកិច្ចបំរើដែរ។ សាលានេះបង្ហាត់បង្រៀនពីអ្វីៗខាងវិញ្ញាណសំរាប់បងប្អូនប្រុសៗដែលនៅលីវនិងមានលក្ខណៈគ្រប់គ្រាន់។ បងប្រុសម្នាក់ដែលរៀនចប់នៅសាលានោះប្រាប់ថា៖ «ខ្ញុំពិបាករកពាក្យដើម្បីអរគុណអ្នករាល់គ្នាសំរាប់សាលាដ៏ល្អនេះ។ គ្មានអង្គការណាទៀតដែលព្យាយាមបង្ហាត់បង្រៀនដូច្នេះទេ»។
២១. ក្នុងកិច្ចបំរើថ្វាយព្រះ តើគ្រីស្ទានគ្រប់រូបត្រូវព្យាយាមធ្វើអ្វី?
២១ ពិតណាស់ មានទ្វារជាច្រើនដែលបើកចំហឲ្យបង្កើនកិច្ចបំរើថែមទៀត។ ពិតមែនដែលថា យើងភាគច្រើនមិនអាចបំរើនៅបេតអែលឬនៅប្រទេសក្រៅទេ។ សូម្បីតែព្រះយេស៊ូក៏បានទទួលស្គាល់ថាជនគ្រីស្ទាននឹងបង្កើត«ផលផ្លែ»ខុសៗគ្នាទៅតាមកាលៈទេសៈរបស់ខ្លួន។ (ម៉ាថាយ ១៣:២៣) ដូច្នេះ ក្នុងនាមជាសិស្សព្រះយេស៊ូ យើងត្រូវព្យាយាមចូលរួមក្នុងកិច្ចបំរើព្រះយេហូវ៉ាឲ្យបានច្រើនបំផុតតាមកាលៈទេសៈរបស់យើង។ នៅពេលយើងធ្វើដូច្នេះ យើងកំពុងតែលើកតម្កើងសិរីរុងរឿងរបស់ព្រះយេហូវ៉ា ហើយយើងដឹងជាក់ថាទ្រង់ពិតជាសព្វព្រះហឫទ័យ។ សូមគិតអំពីឧទាហរណ៍របស់បងស្រីម្នាក់ឈ្មោះអេតេលដែលមានវ័យចាស់រស់នៅកន្លែងថែទាំសុខភាព។ បងស្រីអេតេលផ្សព្វផ្សាយជាទៀងទាត់ដល់អ្នកឯទៀតដែលរស់នៅកន្លែងនោះ ហើយផ្សព្វផ្សាយតាមទូរស័ព្ទទៀតផង។ សូម្បីតែសមត្ថភាពរបស់គាត់មានកំរិតក៏ពិតមែន តែគាត់កំពុងតែបំរើអស់ពីចិត្ត។—ម៉ាថាយ ២២:៣៧
២២. (ក) តើយើងអាចលើកតម្កើងសិរីរុងរឿងរបស់ព្រះយ៉ាងដូចម្ដេចទៀត? (ខ) តើពេលណាដ៏អស្ចារ្យដែលយើងកំពុងតែរង់ចាំ?
២២ ប៉ុន្តែ សូមចាំថា មិនមានតែការផ្សព្វផ្សាយប៉ុណ្ណោះទេដែលអាចលើកតម្កើងសិរីរុងរឿងរបស់ព្រះយេហូវ៉ានោះ។ បើការប្រព្រឹត្តនិងអាការក្រៅរបស់យើងនៅកន្លែងធ្វើការ នៅសាលារៀន និងនៅឯផ្ទះជាគំរូល្អ នោះយើងធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយ។ (សុភាសិត ២៧:១១) សុភាសិត ២៨:២០ សន្យាថា៖ «មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ»។ ហេតុនេះ យើងគួរ‹ព្រោះដោយសុទ្ធា›ក្នុងកិច្ចបំរើព្រះ ដោយដឹងថាយើងនឹងទទួលពរជាបរិបូរ។ (កូរិនថូសទី២ ៩:៦) បើធ្វើដូច្នេះ យើងនឹងមានឯកសិទ្ធិរស់នៅពេលអស្ចារ្យមួយ គឺពេលដែល«ជីវិតទាំងឡាយដែលមានដង្ហើម»នឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះយេហូវ៉ា ជាការលើកតម្កើងដែលទ្រង់សមនឹងទទួលមែន!—ទំនុកដំកើង ១៥០:៦
[កំណត់សម្គាល់]
a សៀវភៅសំនួរទាំងឡាយដែលយុវជនសួរ—ចម្លើយដែលមានប្រសិទ្ធភាព គឺបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកចាំទេ?
• តើរាស្ត្ររបស់ព្រះយេហូវ៉ាបំរើទ្រង់«ទាំងយប់ទាំងថ្ងៃ»ក្នុងន័យអ្វី?
• តើកុលសម្ព័ន្ធកាឌ់បានប្រឈមមុខនឹងការពិបាកអ្វី? តើនេះជាមេរៀនសំរាប់ជនគ្រីស្ទានសព្វថ្ងៃនេះ យ៉ាងដូចម្ដេច?
• តើកិច្ចផ្សព្វផ្សាយការពារយើងពីការវាយលុក របស់សាតាំងយ៉ាងដូចម្ដេច?
• តើបងប្អូនខ្លះបានចូលតាម‹ទ្វារបើកចំហ›អ្វី? តើពួកគេបានទទួលពរអ្វី?
[រូបភាពនៅទំព័រ១៥]
យើងមានឱកាសសំណេះសំណាល លើកទឹកចិត្តគ្នាពេលដែលផ្សព្វផ្សាយ
[រូបភាពនៅទំព័រ១៦]
ការត្រួសត្រាយអាចបើកទ្វារសំរាប់ឯកសិទ្ធិឯទៀត ក្នុងកិច្ចបំរើ ដូចជា: ១. កិច្ចបំរើអន្តរជាតិ ២. ការបំរើនៅបេតអែល ៣. កិច្ចបំរើជាសាសនទូត