សៀវភៅយ៉ូហាន
៥ បន្ទាប់ពីការទាំងនេះ មានបុណ្យមួយ+របស់ជនជាតិយូដា ហើយលោកយេស៊ូបានឡើងទៅក្រុងយេរូសាឡិម។ ២ នៅក្រុងយេរូសាឡិម ជិតខ្លោងទ្វារមួយឈ្មោះថាខ្លោងទ្វារចៀម+ មានអាងទឹកមួយដែលភាសាហេប្រឺហៅថាបេតសាថា ហើយអាងនោះព័ទ្ធដោយល្វែងប្រាំ។ ៣ ក្នុងល្វែងទាំងនេះ មានមនុស្សជាច្រើននាក់ដែលឈឺ ងងឹតភ្នែក ខ្វិន ស្វិតដៃ ឬស្វិតជើង*កំពុងដេកនៅទីនោះ។ ៤ *—— ៥ ប៉ុន្តែនៅទីនោះ មានបុរសម្នាក់ដែលបានឈឺអស់៣៨ឆ្នាំ។ ៦ ពេលដែលលោកយេស៊ូឃើញបុរសនេះកំពុងដេកនៅទីនោះ និងដោយដឹងថាគាត់ឈឺយូរហើយ នោះលោកមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកចង់ជាឡើងវិញទេ?»។+ ៧ បុរសដែលឈឺនោះបានឆ្លើយថា៖ «លោក គ្មានអ្នកណាជួយដាក់ខ្ញុំក្នុងអាងពេលដែលទឹកកំពុងកម្រើកទេ តែពេលខ្ញុំកំពុងចុះទៅ ក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ»។ ៨ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរងើបឡើង! យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។+ ៩ រំពេចនោះ បុរសនោះបានជាឡើងវិញ ក៏យកគ្រែស្នែងរបស់គាត់ ហើយចាប់ផ្ដើមដើរទៅ។
ថ្ងៃនោះជាថ្ងៃឈប់សម្រាក។* ១០ ដូច្នេះ ជនជាតិយូដាចាប់ផ្ដើមប្រាប់បុរសដែលបានជាឡើងវិញនោះថា៖ «នេះជាថ្ងៃឈប់សម្រាក អ្នកគ្មានច្បាប់យួរគ្រែស្នែងទេ»។+ ១១ ប៉ុន្តែ គាត់ឆ្លើយទៅពួកគេថា៖ «លោកដែលបានធ្វើឲ្យខ្ញុំជាឡើងវិញ បានមានប្រសាសន៍មកខ្ញុំថា៖ ‹យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ›»។ ១២ ពួកគេសួរគាត់ថា៖ «តើអ្នកណាបានប្រាប់អ្នកថា៖ ‹យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ›?»។ ១៣ ប៉ុន្តែ បុរសដែលបានជាឡើងវិញមិនបានដឹងថាលោកជាអ្នកណាឡើយ ព្រោះលោកយេស៊ូបានចូលទៅក្នុងចំណោមមនុស្សមួយក្រុមធំនៅទីនោះ។
១៤ បន្ទាប់ពីការទាំងនេះ លោកយេស៊ូបានប្រទះឃើញគាត់ក្នុងវិហារ ក៏មានប្រសាសន៍ទៅគាត់ថា៖ «មើល! អ្នកជាឡើងវិញហើយ។ កុំធ្វើខុសទៀតឡើយ ដើម្បីកុំឲ្យអ្វីអាក្រក់ជាងនេះកើតឡើងដល់អ្នក»។ ១៥ បុរសនោះចេញទៅប្រាប់ជនជាតិយូដាថា គឺលោកយេស៊ូដែលបានធ្វើឲ្យគាត់ជាឡើងវិញ។ ១៦ ម្ល៉ោះហើយ ជនជាតិយូដាចាប់ផ្ដើមបៀតបៀនលោកយេស៊ូ ពីព្រោះលោកធ្វើការទាំងនេះនៅថ្ងៃឈប់សម្រាក។ ១៧ ប៉ុន្តែ លោកតបទៅពួកគេថា៖ «បិតារបស់ខ្ញុំនៅតែធ្វើការរហូតដល់ឥឡូវនេះ ហើយខ្ញុំក៏នៅតែធ្វើការដែរ»។+ ១៨ ហេតុនេះហើយបានជាជនជាតិយូដាខំប្រឹងខ្លាំងជាងមុនដើម្បីរកវិធីសម្លាប់លោក ពីព្រោះពួកគេគិតថាលោកមិនត្រឹមតែឥតគោរពថ្ងៃឈប់សម្រាកប៉ុណ្ណោះទេ តែក៏ហៅព្រះថាជាបិតារបស់លោក+ ថែមទាំងតាំងខ្លួនស្មើនឹងព្រះទៀតផង។+
១៩ ដូច្នេះ លោកយេស៊ូតបទៅពួកគេតទៅទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា បុត្រព្រះមិនអាចធ្វើអ្វីដោយគំនិតរបស់លោកផ្ទាល់បានឡើយ សូម្បីតែអ្វីមួយ។ ប៉ុន្តែ លោកធ្វើតែអ្វីដែលលោកឃើញបិតារបស់លោកធ្វើប៉ុណ្ណោះ+ ព្រោះអ្វីក៏ដោយដែលបិតាធ្វើ នោះបុត្ររបស់លោកក៏ធ្វើដូច្នោះដែរ។ ២០ បិតាដែលនៅស្ថានសួគ៌ស្រឡាញ់បុត្ររបស់លោក+ ក៏បង្ហាញបុត្ររបស់លោកនូវអ្វីៗទាំងអស់ដែលលោកធ្វើ ថែមទាំងនឹងបង្ហាញបុត្រលោកនូវការអស្ចារ្យច្រើនជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នានឹកអស្ចារ្យក្នុងចិត្ត។+ ២១ ព្រោះដូចបិតាដែលនៅស្ថានសួគ៌ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ+ នោះបុត្ររបស់លោកក៏ប្រោសអ្នកណាដែលលោក*ចង់ឲ្យរស់ឡើងវិញដែរ។+ ២២ ព្រោះបិតាដែលនៅស្ថានសួគ៌មិនវិនិច្ឆ័យអ្នកណាឡើយ តែលោកបានប្រគល់ការវិនិច្ឆ័យទាំងអស់ឲ្យបុត្ររបស់លោក+ ២៣ ដើម្បីឲ្យមនុស្សទាំងអស់ផ្ដល់កិត្តិយសជូនបុត្ររបស់លោក ដូចពួកគេផ្ដល់កិត្តិយសជូនបិតាដែលនៅស្ថានសួគ៌ដែរ។ អ្នកណាដែលមិនផ្ដល់កិត្តិយសជូនបុត្ររបស់លោក អ្នកនោះក៏មិនផ្ដល់កិត្តិយសជូនបិតាដែលនៅស្ថានសួគ៌ដែរ។+ ២៤ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលឮពាក្យរបស់ខ្ញុំ ហើយជឿលោកដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់+ ហើយមិនទទួលការវិនិច្ឆ័យឡើយ តែអ្នកនោះបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិតរួចហើយ។+
២៥ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា នឹងមានវេលាមកដល់ ក៏នៅឥឡូវនេះហើយ ពេលដែលមនុស្សស្លាប់នឹងឮសំឡេងបុត្ររបស់ព្រះ ហើយអស់អ្នកដែលបានស្ដាប់តាមនឹងមានជីវិត។ ២៦ ព្រោះដូចបិតាដែលនៅស្ថានសួគ៌មានអំណាចផ្ដល់ជីវិត+ នោះលោកក៏ឲ្យបុត្ររបស់លោកមានអំណាចផ្ដល់ជីវិតដែរ។+ ២៧ លោកបានប្រគល់សិទ្ធិអំណាចឲ្យបុត្ររបស់លោកធ្វើការវិនិច្ឆ័យ+ ព្រោះបុត្ររបស់លោកជាកូនមនុស្ស។+ ២៨ កុំឲ្យពាក្យទាំងនេះធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលឡើយ ព្រោះនឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរសម្រាប់ជាទីរំលឹក នឹងឮសំឡេងបុត្ររបស់លោក+ ២៩ ហើយចេញមក គឺអស់អ្នកណាដែលបានប្រព្រឹត្តការល្អ អ្នកទាំងនោះនឹងរស់ឡើងវិញ ហើយបានជីវិត ឯអស់អ្នកណាដែលបានប្រព្រឹត្តការអាក្រក់ជាទម្លាប់ អ្នកទាំងនោះនឹងរស់ឡើងវិញ ហើយទទួលការវិនិច្ឆ័យ។+ ៣០ ខ្ញុំមិនអាចធ្វើអ្វីដោយគំនិតរបស់ខ្ញុំផ្ទាល់បានឡើយ សូម្បីតែអ្វីមួយ។ ខ្ញុំវិនិច្ឆ័យតាមអ្វីដែលខ្ញុំឮ ហើយការវិនិច្ឆ័យរបស់ខ្ញុំគឺសុចរិត+ ពីព្រោះខ្ញុំមិនរកបំពេញតាមបំណងប្រាថ្នារបស់ខ្ញុំទេ តែខ្ញុំរកបំពេញតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក។+
៣១ «ប្រសិនបើខ្ញុំធ្វើជាសាក្សីអំពីខ្លួនខ្ញុំតែម្នាក់ឯង នោះការបញ្ជាក់របស់ខ្ញុំគឺមិនពិតឡើយ។+ ៣២ ប៉ុន្តែ មានម្នាក់ទៀតដែលធ្វើជាសាក្សីអំពីខ្ញុំ ហើយខ្ញុំដឹងថាអ្វីដែលលោកបញ្ជាក់អំពីខ្ញុំគឺជាការពិត។+ ៣៣ អ្នករាល់គ្នាបានចាត់មនុស្សឲ្យទៅជួបយ៉ូហាន ហើយគាត់បានបញ្ជាក់អំពីសេចក្ដីពិត។+ ៣៤ ក៏ប៉ុន្តែ ខ្ញុំមិនពឹងផ្អែកលើការបញ្ជាក់របស់មនុស្សទេ តែខ្ញុំនិយាយអ្វីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាអាចទទួលសេចក្ដីសង្គ្រោះ។ ៣៥ បុរសនោះធ្លាប់ជាចង្កៀងមួយដែលឆេះ ហើយភ្លឺត្រចះ។ អស់មួយរយៈពេលខ្លី អ្នករាល់គ្នាព្រមត្រេកអរយ៉ាងខ្លាំងនឹងពន្លឺរបស់គាត់។+ ៣៦ ប៉ុន្តែ ខ្ញុំមានការបញ្ជាក់ដែលប្រសើរជាងការបញ្ជាក់របស់យ៉ូហាន ព្រោះកិច្ចការដែលបិតារបស់ខ្ញុំបានចាត់ខ្ញុំឲ្យសម្រេច ពោលគឺកិច្ចការដែលខ្ញុំកំពុងតែធ្វើ គឺកិច្ចការនោះឯងដែលបញ្ជាក់ថា បិតានៅស្ថានសួគ៌បានចាត់ខ្ញុំឲ្យមក។+ ៣៧ ម្យ៉ាងទៀត បិតានៅស្ថានសួគ៌ដែលបានចាត់ខ្ញុំឲ្យមក ក៏បានធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំដែរ។+ អ្នករាល់គ្នាមិនធ្លាប់ឮសំឡេងរបស់លោក ឬឃើញរូបលោកម្ដងណាឡើយ+ ៣៨ ហើយបណ្ដាំរបស់លោកមិននៅជាប់ក្នុងចិត្តអ្នករាល់គ្នាឡើយ ពីព្រោះអ្នករាល់គ្នាមិនជឿអ្នកដែលបិតានៅស្ថានសួគ៌បានចាត់ឲ្យមកនោះទេ។
៣៩ «អ្នករាល់គ្នាពិនិត្យមើលបទគម្ពីរ+ ពីព្រោះអ្នករាល់គ្នាគិតថានឹងទទួលជីវិតដែលគ្មានទីបញ្ចប់តាមរយៈបទគម្ពីរ ហើយគឺបទគម្ពីរនោះឯងដែលបញ្ជាក់អំពីខ្ញុំ។+ ៤០ ទោះជាយ៉ាងនោះក៏ដោយ អ្នករាល់គ្នាមិនចង់មកឯខ្ញុំ+ដើម្បីអាចទទួលជីវិតទេ។ ៤១ ខ្ញុំមិនព្រមទទួលការលើកតម្កើងពីមនុស្សទេ។ ៤២ ប៉ុន្តែ ខ្ញុំដឹងច្បាស់ថា អ្នករាល់គ្នាគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះឡើយ។ ៤៣ ខ្ញុំបានមកក្នុងនាមបិតារបស់ខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ។ ប្រសិនបើអ្នកផ្សេងទៀតមកក្នុងនាមផ្ទាល់ខ្លួន អ្នករាល់គ្នានឹងទទួលអ្នកនោះ។ ៤៤ អ្នករាល់គ្នាកំពុងទទួលការលើកតម្កើងពីគ្នាទៅវិញទៅមក មិនមែនស្វែងរកការលើកតម្កើងដែលមកពីព្រះតែមួយទេ ដូច្នេះតើអ្នករាល់គ្នាអាចជឿខ្ញុំដូចម្ដេចបាន?+ ៤៥ កុំគិតថាខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នានៅមុខបិតាដែលនៅស្ថានសួគ៌ឡើយ។ មានតែម្នាក់ដែលចោទប្រកាន់អ្នករាល់គ្នា គឺម៉ូសេ+ដែលជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ ៤៦ តាមពិត បើអ្នករាល់គ្នាជឿម៉ូសេ នោះអ្នករាល់គ្នាក៏នឹងជឿខ្ញុំដែរ ព្រោះគាត់បានសរសេរអំពីខ្ញុំ។+ ៤៧ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿអ្វីដែលគាត់បានសរសេរទេ តើអ្នករាល់គ្នានឹងជឿពាក្យរបស់ខ្ញុំដូចម្ដេចបាន?»។