បណ្ដាស្ដេចទី២
១៨ នៅឆ្នាំទី៣ក្នុងរាជ្យហូស៊ា+ជាកូនអេឡាស្ដេចស្រុកអ៊ីស្រាអែល ហេសេគា+ជាកូនអេហាស+ បានគ្រងរាជ្យលើស្រុកយូដា។ ២ ពេលនោះ គាត់មានអាយុ២៥ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល២៩ឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះអាប៊ីយ៉ាជាកូនសាការី។+ ៣ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត+ ដូចដាវីឌជាបុព្វបុរសរបស់គាត់ដែរ។+ ៤ គាត់ជាអ្នកបំបាត់ចោលទីខ្ពស់ពិសិដ្ឋ+ ហើយកម្ទេចបង្គោលថ្ម និងកាប់បំបាក់បង្គោលឈើពិសិដ្ឋ។*+ មួយទៀត គាត់ក៏បំបាក់បំបែករូបពស់ស្ពាន់ដែលម៉ូសេបានធ្វើដែរ។+ រហូតមកដល់គ្រានោះ បណ្ដាជនអ៊ីស្រាអែលបានជូនគ្រឿងបូជាឲ្យផ្សែងហុយឡើងចំពោះរូបនោះ ហើយគេធ្លាប់ហៅរូបនោះថានេហ៊ូសេថាន់។ ៥ គាត់បានទុកចិត្តលើព្រះយេហូវ៉ា+ជាព្រះនៃជនជាតិអ៊ីស្រាអែល ហើយគ្មានស្ដេចយូដាណាដូចគាត់ឡើយ ទោះជាមុនឬក្រោយគាត់ក្ដី។ ៦ គាត់បានកាន់តាមព្រះយេហូវ៉ាជានិច្ច+ ឥតបែរចេញពីលោកឡើយ។ គាត់តែងតែកាន់តាមអស់ទាំងបញ្ញត្តិដែលព្រះយេហូវ៉ាបានឲ្យដល់ម៉ូសេ។ ៧ ដូច្នេះ ព្រះយេហូវ៉ាបាននៅជាមួយនឹងគាត់។ ឯការប្រព្រឹត្តទាំងអស់របស់គាត់សុទ្ធតែប្រកបដោយប្រាជ្ញា។ ម្យ៉ាងទៀត ហេសេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកអាស៊ីរី ហើយមិនព្រមបម្រើស្ដេចនោះទេ។+ ៨ គាត់ថែមទាំងបានវាយឈ្នះពួកភីលីស្ទីន+ រហូតដល់ក្រុងកាសានិងតំបន់ជុំវិញ គឺចាប់ពីប៉មចាំយាមរហូតដល់ក្រុងដែលមានកំពែងរឹងមាំ។*
៩ នៅឆ្នាំទី៤ក្នុងរាជ្យហេសេគា ត្រូវនឹងឆ្នាំទី៧នៃរាជ្យហូស៊ា+ជាកូនអេឡាស្ដេចស្រុកអ៊ីស្រាអែល សាលម៉ាននីសឺជាស្ដេចស្រុកអាស៊ីរីបានឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី។+ ១០ លុះបីឆ្នាំក្រោយមក គឺនៅឆ្នាំទី៦ក្នុងរាជ្យហេសេគា ដែលត្រូវនឹងឆ្នាំទី៩នៃរាជ្យហូស៊ាជាស្ដេចស្រុកអ៊ីស្រាអែល ពួកអាស៊ីរីដណ្ដើមយកបានក្រុងសាម៉ារី។+ ១១ រួចមក ស្ដេចស្រុកអាស៊ីរីបាននិរទេសជនជាតិអ៊ីស្រាអែល+ទៅស្រុកអាស៊ីរី ហើយបានឲ្យពួកគេរស់នៅក្នុងតំបន់ហាឡា និងតំបន់ហាបោជិតទន្លេកូសាន រួមទាំងក្នុងបណ្ដាក្រុងរបស់ពួកមេឌី។+ ១២ នេះគឺដោយសារពួកគេមិនបានស្ដាប់ព្រះយេហូវ៉ាជាព្រះរបស់ពួកគេ។ ពួកគេតែងតែបំពានកិច្ចព្រមព្រៀងរបស់លោក ដោយមិនធ្វើតាមបង្គាប់របស់ម៉ូសេ ដែលជាអ្នកបម្រើរបស់ព្រះយេហូវ៉ា។+ ពួកគេមិនបានស្ដាប់ឬធ្វើតាមឡើយ។
១៣ នៅឆ្នាំទី១៤នៃរាជ្យហេសេគា សានហេរីបស្ដេចស្រុកអាស៊ីរី+ឡើងទៅច្បាំងដណ្ដើមយកបានក្រុងទាំងអស់ដែលមានកំពែងរឹងមាំ ក្នុងស្រុកយូដា។+ ១៤ ដូច្នេះ ហេសេគាជាស្ដេចស្រុកយូដាបានផ្ញើសារទៅស្ដេចស្រុកអាស៊ីរីនៅក្រុងឡាគីសថា៖ «ខ្ញុំធ្វើខុសហើយ។ សូមដកថយចេញពីខ្ញុំទៅ។ អ្វីដែលលោកចង់បាន ខ្ញុំព្រមឲ្យ»។ ស្ដេចស្រុកអាស៊ីរីក៏បង្គាប់ស្ដេចហេសេគា ឲ្យបង់ប្រាក់៣០០ថាលិន* និងមាស៣០ថាលិន។ ១៥ ហេតុនេះ ហេសេគាក៏ប្រមូលប្រាក់ទាំងអស់ពីក្នុងវិហារព្រះយេហូវ៉ា និងពីក្នុងឃ្លាំងវិមានស្ដេច។+ ១៦ ហេសេគាក៏បានដកយក*ទ្វារនិងបង្គោលទ្វារពីវិហារ+ព្រះយេហូវ៉ា ដែលគាត់បានស្រោបដោយមាស+ យកទៅប្រគល់ឲ្យស្ដេចស្រុកអាស៊ីរី។
១៧ បន្ទាប់មក ស្ដេចស្រុកអាស៊ីរីក៏បានចាត់ថើថាន* រ៉ាបសារី* និងរ៉ាបសាកេ* ឲ្យនាំទ័ពយ៉ាងច្រើនពីក្រុងឡាគីស+ ទៅជួបស្ដេចហេសេគានៅក្រុងយេរូសាឡិម។+ ពេលទៅដល់ ពួកគេឈរនៅក្បែរប្រឡាយចេញពីអាងទឹកខាងលើ ដែលនៅតាមផ្លូវទៅវាលអ្នកបោកគក់។+ ១៨ រួចមក ពួកគេបានស្រែកហៅឲ្យស្ដេចចេញមក។ ខណៈនោះ មន្ត្រីបីនាក់បានចេញមកជួបពួកគេ គឺអេលាគីម+ជាកូនហ៊ីលគីយ៉ាដែលមើលការខុសត្រូវក្នុងវិមានស្ដេច សេបណា+ជាលេខាធិការ និងយ៉ូអាជាកូនអេសាភជាអ្នកកត់ត្រា។
១៩ ដូច្នេះ រ៉ាបសាកេក៏និយាយទៅកាន់ពួកគេថា៖ «ចូរទៅប្រាប់ហេសេគាថា៖ ‹ស្ដេចស្រុកអាស៊ីរីជាស្ដេចដ៏ខ្លាំងក្លាបានមានប្រសាសន៍ដូច្នេះថា៖ «តើអ្នកឯងអាងលើអ្វី?+ ២០ អ្នកឯងនិយាយថា៖ ‹ខ្ញុំមានយុទ្ធសាស្ត្រនិងកម្លាំងទ័ពគ្រប់គ្រាន់ ដើម្បីធ្វើចម្បាំង›។ ប៉ុន្តែ ពាក្យទាំងនេះសុទ្ធតែឥតបានការទេ។ តើអ្នកឯងទុកចិត្តលើអ្នកណា បានជាហ៊ានបះបោរប្រឆាំងដូច្នេះ?+ ២១ តើអ្នកឯងទុកចិត្តលើស្រុកអេហ្ស៊ីបដែលប្រៀបដូចជាដើមត្រែងដែលបាក់ឬ?+ អស់អ្នកដែលទុកចិត្តលើផារ៉ូស្ដេចស្រុកអេហ្ស៊ីប គឺដូចជាច្រត់ដៃលើដើមត្រែងបាក់ ដែលនាំឲ្យធ្លុះដៃប៉ុណ្ណោះ។ ផារ៉ូស្ដេចស្រុកអេហ្ស៊ីបគឺដូចនេះឯងដល់អស់អ្នកដែលទុកចិត្តលើគាត់។ ២២ បើអ្នករាល់គ្នានិយាយមកកាន់ខ្ញុំថា៖ ‹យើងទុកចិត្តទៅលើព្រះយេហូវ៉ាជាព្រះរបស់យើង›+ តើឲ្យទុកចិត្តម្ដេចបាន? ព្រោះហេសេគាបានបំផ្លាញទីបូជានិងទីខ្ពស់ពិសិដ្ឋរបស់ព្រះ+ រួចនិយាយទៅកាន់បណ្ដាជនយូដានិងអ្នកក្រុងយេរូសាឡិមថា៖ ‹ចូរអ្នករាល់គ្នាមកក្រាបគោរពនៅចំពោះទីបូជានេះ នៅក្រុងយេរូសាឡិមវិញ›»›។+ ២៣ ឥឡូវសាកល្បងភ្នាល់នឹងស្ដេចស្រុកអាស៊ីរីជាម្ចាស់របស់ខ្ញុំមើល ខ្ញុំនឹងឲ្យសេះ២.០០០ក្បាលដល់អ្នកឯង ចាំមើលថាអ្នកឯងអាចរកអ្នកជិះបានឬយ៉ាងណា។+ ២៤ ទោះជាអ្នកឯងពឹងទ័ពសេះនិងទ័ពរទេះចម្បាំងរបស់ពួកអេហ្ស៊ីបក្ដី តើអ្នកឯងអាចច្បាំងឈ្នះអភិបាលតូចតាចបំផុតរបស់ម្ចាស់ខ្ញុំបានទេ? ២៥ គឺព្រះយេហូវ៉ាទេតើ ដែលបានបង្គាប់ខ្ញុំឲ្យមកច្បាំងបំផ្លាញក្រុងនេះ។ ព្រះយេហូវ៉ាផ្ទាល់បាននិយាយមកកាន់ខ្ញុំថា៖ ‹ចូរឡើងទៅច្បាំងហើយបំផ្លាញក្រុងនោះចោលទៅ›»។
២៦ ខណៈនោះ អេលាគីមជាកូនហ៊ីលគីយ៉ា សេបណា+ និងយ៉ូអា ក៏និយាយទៅកាន់រ៉ាបសាកេ+ថា៖ «សូមលោកនិយាយមកកាន់យើងខ្ញុំជាភាសាអេរ៉ាម*ចុះ+ ព្រោះយើងខ្ញុំអាចយល់បាន។ សូមកុំនិយាយជាភាសារបស់ពួកយើង*អី ក្រែងបណ្ដាជននៅលើកំពែងក្រុងស្ដាប់បាន»។+ ២៧ ប៉ុន្តែ រ៉ាបសាកេតបទៅវិញថា៖ «តើម្ចាស់ខ្ញុំបានចាត់ខ្ញុំឲ្យមកនិយាយតែជាមួយនឹងម្ចាស់ឯងនិងពួកឯងប៉ុណ្ណោះឬ? គឺឲ្យពួកអ្នកនៅលើកំពែងក្រុងស្ដាប់ឮដែរទេតើ។ ពួកគេក៏នឹងស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួនជាមួយនឹងពួកឯងដែរ»។
២៨ បន្ទាប់មក រ៉ាបសាកេក៏ឈរបន្លឺសំឡេងខ្លាំងៗជាភាសារបស់ជនជាតិយូដាថា៖ «ចូរស្ដាប់ប្រសាសន៍របស់ស្ដេចស្រុកអាស៊ីរីជាស្ដេចដ៏ខ្លាំងក្លា។+ ២៩ លោកមានប្រសាសន៍ដូច្នេះថា៖ ‹កុំចាញ់បញ្ឆោតរបស់ហេសេគាឲ្យសោះ ព្រោះគាត់មិនអាចសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃខ្ញុំបានឡើយ។+ ៣០ កុំជឿតាមហេសេគា ទៅទុកចិត្តព្រះយេហូវ៉ា ដោយសារតែគាត់និយាយថា៖ «ព្រះយេហូវ៉ាច្បាស់ជាសង្គ្រោះយើងមិនខាន ហើយក្រុងនេះនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស៊ីរីនោះទេ»។+ ៣១ កុំស្ដាប់ហេសេគាឲ្យសោះ ព្រោះស្ដេចស្រុកអាស៊ីរីបានមានប្រសាសន៍ដូច្នេះថា៖ «ចូរព្រមចុះចូលនឹងខ្ញុំទៅ អ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរនិងផ្លែល្វាពីចម្ការរបស់ខ្លួន ហើយគ្រប់គ្នានឹងផឹកទឹកពីអណ្ដូងរបស់ខ្លួន ៣២ រហូតដល់ខ្ញុំនាំអ្នករាល់គ្នាទៅនៅស្រុកមួយដូចស្រុកអ្នករាល់គ្នាដែរ+ គឺស្រុកដែលពោរពេញទៅដោយស្រូវ ស្រាថ្មី* នំប៉័ង និងចម្ការទំពាំងបាយជូរ ផ្លែអូលីវ និងទឹកឃ្មុំ។ អ្នករាល់គ្នាអាចរស់រាន ឥតស្លាប់ឡើយ។ កុំស្ដាប់ហេសេគាឲ្យសោះ ព្រោះគាត់បញ្ឆោតអ្នករាល់គ្នាទេ ដោយនិយាយថា៖ ‹ព្រះយេហូវ៉ានឹងសង្គ្រោះយើងរាល់គ្នា›។ ៣៣ ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចសង្គ្រោះពួកគេពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស៊ីរីបានទេ។ ៣៤ សូម្បីតែព្រះនៃក្រុងហាម៉ាត+និងក្រុងអើផាត ព្រះនៃក្រុងសេផាវែម+ ក្រុងហេណានិងក្រុងអ៊ីវ៉ា ក៏មិនអាចសង្គ្រោះស្រុកសាម៉ារីពីកណ្ដាប់ដៃរបស់ខ្ញុំបានដែរ។+ ៣៥ បើបណ្ដាព្រះទាំងនោះមិនអាចសង្គ្រោះទឹកដីរបស់ពួកគេពីកណ្ដាប់ខ្ញុំបានទៅហើយ ចុះទម្រាំព្រះយេហូវ៉ា តើនឹងអាចសង្គ្រោះក្រុងយេរូសាឡិមពីកណ្ដាប់ដៃខ្ញុំម្ដេចបាន?»›»។+
៣៦ ប៉ុន្តែ បណ្ដាជនបាននៅស្ងៀម មិននិយាយអ្វីសោះ ព្រោះស្ដេចបានបង្គាប់ថា៖ «អ្នករាល់គ្នាមិនត្រូវតបឆ្លើយឡើយ»។+ ៣៧ ឯអេលាគីមជាកូនហ៊ីលគីយ៉ាដែលមើលការខុសត្រូវក្នុងវិមានស្ដេច សេបណាជាលេខាធិការ និងយ៉ូអាជាកូនអេសាភជាអ្នកកត់ត្រា បានចូលទៅជួបហេសេគា ទាំងអាវរហែក ហើយជម្រាបគាត់តាមពាក្យសម្ដីទាំងអស់របស់រ៉ាបសាកេ។