ច្បាប់លេវី
១៩ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលទាំងអស់ថា៖ ‹អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះខ្ញុំបរិសុទ្ធ។ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា›។+
៣ «‹អ្នករាល់គ្នាត្រូវគោរពឪពុកនិងម្ដាយរបស់ខ្លួន+ ហើយត្រូវកាន់តាមថ្ងៃឈប់សម្រាករបស់ខ្ញុំ។+ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។ ៤ អ្នករាល់គ្នាមិនត្រូវបែរទៅគោរពបូជាដល់ព្រះដែលឥតប្រយោជន៍+ឬធ្វើរូបព្រះពីលោហៈទុកសម្រាប់ខ្លួនឡើយ។+ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
៥ «‹បើអ្នករាល់គ្នាជូនគ្រឿងបូជានៃមេត្រីភាពដល់ព្រះយេហូវ៉ា+ អ្នករាល់គ្នាត្រូវជូនតាមរបៀបត្រឹមត្រូវដើម្បីទទួលការពេញចិត្តពីលោក។+ ៦ អ្នករាល់គ្នាត្រូវបរិភោគសាច់នៃគ្រឿងបូជានៅថ្ងៃដែលជូន និងនៅថ្ងៃបន្ទាប់។ ប៉ុន្តែ សាច់ដែលនៅសល់រហូតដល់ថ្ងៃទី៣ អ្នករាល់គ្នាមិនត្រូវបរិភោគឡើយ គឺត្រូវដុតចោលវិញ។+ ៧ បើអ្នកណាបរិភោគសាច់ពីគ្រឿងបូជានោះនៅថ្ងៃទី៣ ព្រះនឹងមិនពេញចិត្តគ្រឿងបូជាដែលគាត់បានជូនទេ ព្រោះការនោះគួរឲ្យស្អប់ខ្ពើមណាស់។ ៨ អ្នកដែលបរិភោគនោះនឹងទទួលទោស ព្រោះគាត់បានធ្វើឲ្យអ្វីដែលបរិសុទ្ធរបស់ព្រះយេហូវ៉ាទៅជាអាប់ឱន ហើយអ្នកនោះនឹងត្រូវកាត់ចេញពីចំណោមជនរួមជាតិរបស់គាត់។*
៩ «‹កាលណាអ្នករាល់គ្នាប្រមូលផលដំណាំពីស្រែចម្ការរបស់ខ្លួន នោះមិនត្រូវប្រមូលផលឲ្យអស់ពីជាយដីស្រែចម្ការឡើយ ហើយក្រោយពីប្រមូលផលដំណាំក៏មិនត្រូវរើសអ្វីដែលសល់ដែរ។+ ១០ អ្នករាល់គ្នាមិនត្រូវប្រមូលផលដែលនៅសល់ពីចម្ការទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះឡើយ តែត្រូវទុកឲ្យពួកអ្នកក្រីក្រ+និងជនបរទេសវិញ។ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
១១ «‹អ្នករាល់គ្នាមិនត្រូវលួច+ ឬបន្លំ+ ឬប្រព្រឹត្តមិនទៀងត្រង់នឹងអ្នកឯទៀតឡើយ។ ១២ អ្នករាល់គ្នាមិនត្រូវស្បថមិនពិតដោយនូវនាមរបស់ខ្ញុំឡើយ+ ព្រោះនោះនាំឲ្យនាមខ្ញុំអាប់ឱន។ ខ្ញុំគឺយេហូវ៉ា។ ១៣ អ្នករាល់គ្នាមិនត្រូវឆបោកអ្នកឯទៀត+ ហើយក៏មិនត្រូវប្លន់គេដែរ។+ អ្នករាល់គ្នាមិនត្រូវទុកប្រាក់ឈ្នួលកម្មកររហូតដល់ព្រឹកស្អែកឡើយ។+
១៤ «‹អ្នករាល់គ្នាមិនត្រូវជេរប្រមាថមនុស្សថ្លង់ ឬដាក់អ្វីមួយឃាំងផ្លូវមនុស្សងងឹតភ្នែកឡើយ។+ អ្នករាល់គ្នាត្រូវកោតខ្លាចព្រះរបស់ខ្លួន។+ ខ្ញុំគឺយេហូវ៉ា។
១៥ «‹អ្នករាល់គ្នាមិនត្រូវកាត់ក្ដីដោយអយុត្តិធម៌ ដោយបង្ហាញសេចក្ដីលម្អៀងទៅលើអ្នកក្រីក្រ ឬបង្ហាញការយោគយល់ទៅលើពួកអ្នកមាននោះទេ។+ អ្នករាល់គ្នាត្រូវកាត់ក្ដីឲ្យអ្នកឯទៀតដោយយុត្តិធម៌វិញ។
១៦ «‹អ្នករាល់គ្នាមិនត្រូវដើរនិយាយបង្កាច់បង្ខូចអ្នកណាទេ។+ អ្នករាល់គ្នាមិនត្រូវរកវិធីសម្លាប់អ្នកឯទៀតឡើយ។*+ ខ្ញុំគឺយេហូវ៉ា។
១៧ «‹អ្នករាល់គ្នាមិនត្រូវស្អប់បងប្អូនខ្លួននៅក្នុងចិត្តឡើយ+ តែត្រូវប្រដៅតម្រង់គាត់វិញ+ ដើម្បីកុំឲ្យអ្នករាល់គ្នាមានទោសជាមួយនឹងគាត់ដែរ។
១៨ «‹អ្នករាល់គ្នាមិនត្រូវសងសឹក+ឬចងគំនុំនឹងអ្នកឯទៀតឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវស្រឡាញ់អ្នកឯទៀតដូចខ្លួនឯងដែរ។+ ខ្ញុំគឺយេហូវ៉ា។
១៩ «‹អ្នករាល់គ្នាត្រូវកាន់តាមបញ្ញត្តិរបស់ខ្ញុំ គឺអ្នករាល់គ្នាមិនត្រូវយកសត្វស្រុកពីរប្រភេទមកបង្កាត់គ្នាឡើយ ហើយក៏មិនត្រូវសាបព្រោះពូជពីរប្រភេទក្នុងស្រែតែមួយដែរ។+ អ្នករាល់គ្នាមិនត្រូវស្លៀកសម្លៀកបំពាក់ដែលត្បាញពីអំបោះពីរយ៉ាងទេ។+
២០ «‹បើបុរសណារួមដំណេកជាមួយនឹងស្រីជាអ្នកបម្រើដែលបានត្រូវសន្យាលើកឲ្យបុរសម្នាក់ទៀត តែនាងមិនទាន់មានគេលោះឬទទួលសេរីភាពទេ បុរសនិងស្រីជាអ្នកបម្រើនោះត្រូវទទួលទោសតែមិនដល់ស្លាប់ទេ ព្រោះនាងនៅជាអ្នកបម្រើនៅឡើយ។ ២១ បុរសនោះត្រូវយកចៀមឈ្មោលទៅជូនព្រះយេហូវ៉ាជាគ្រឿងបូជាសម្រាប់អំពើរំលងរបស់គាត់ នៅច្រកចូលត្រសាលជំនុំ។+ ២២ តាមរយៈចៀមឈ្មោលជាគ្រឿងបូជានោះ សង្ឃនឹងជម្រះភាពខុសឆ្គងឲ្យបុរសនោះ នៅចំពោះព្រះយេហូវ៉ា។ យ៉ាងនេះ គាត់នឹងទទួលការអភ័យទោសចំពោះអំពើខុសឆ្គងរបស់គាត់។
២៣ «‹កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលខ្ញុំសន្យា ហើយអ្នករាល់គ្នាដាំដំណាំហូបផ្លែប្រភេទណាមួយ អ្នកត្រូវចាត់ទុកផ្លែនៃដើមនោះថាមិនស្អាតបរិសុទ្ធ និងជារបស់ហាមឃាត់។ ក្នុងរយៈពេលបីឆ្នាំ អ្នករាល់គ្នាត្រូវចាត់ទុកផលផ្លែទាំងនេះថាមិនស្អាតបរិសុទ្ធ។ អ្នកមិនត្រូវបរិភោគឡើយ។ ២៤ ប៉ុន្តែ នៅឆ្នាំទី៤ ផលផ្លែទាំងអស់នឹងបានស្អាតបរិសុទ្ធ សម្រាប់ជូនព្រះយេហូវ៉ាដោយអំណរ។+ ២៥ លុះដល់ឆ្នាំទី៥ អ្នករាល់គ្នាអាចបរិភោគផលផ្លែទាំងនោះបាន ហើយប្រមូលផលដូចផលដំណាំឯទៀតរបស់អ្នករាល់គ្នា។ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
២៦ «‹អ្នករាល់គ្នាមិនត្រូវបរិភោគអ្វីដែលមានឈាមឲ្យសោះ។+
«‹អ្នករាល់គ្នាមិនត្រូវរកមើលប្រផ្នូលឬធ្វើវេទមន្តឡើយ។+
២៧ «‹អ្នករាល់គ្នាមិនត្រូវកោរជើងសក់ ឬកាត់តម្រឹមពុកចង្កាខ្លួនឡើយ។+
២៨ «‹អ្នករាល់គ្នាមិនត្រូវឆូតសាច់ខ្លួនដើម្បីកាន់ទុក្ខមនុស្សស្លាប់+ ហើយក៏មិនត្រូវសាក់លើខ្លួនដែរ។ ខ្ញុំគឺយេហូវ៉ា។
២៩ «‹កុំបង្ខូចកិត្តិយសកូនស្រីខ្លួនដោយឲ្យនាងធ្វើជាស្រីពេស្យាឡើយ+ ដើម្បីកុំឲ្យស្រុកនោះពេញទៅដោយអំពើប្រាសចាកសីលធម៌និងមានសីលធម៌ធូររលុង។+
៣០ «‹អ្នករាល់គ្នាត្រូវកាន់ថ្ងៃឈប់សម្រាករបស់ខ្ញុំ+ ហើយត្រូវគោរពកន្លែងបរិសុទ្ធរបស់ខ្ញុំ។ ខ្ញុំគឺយេហូវ៉ា។
៣១ «‹កុំទៅរកគ្រូខាប+ឬគ្រូទាយ+ឲ្យសោះ ដើម្បីកុំឲ្យអ្នករាល់គ្នាទៅជាមិនស្អាតបរិសុទ្ធដោយសារពួកគេ។ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
៣២ «‹អ្នករាល់គ្នាត្រូវក្រោកឡើងគោរពមនុស្សចាស់សក់ស្កូវ+ ហើយត្រូវផ្ដល់កិត្តិយសដល់មនុស្សមានវ័យចម្រើន។+ អ្នករាល់គ្នាត្រូវគោរពកោតខ្លាចព្រះរបស់ខ្លួន។+ ខ្ញុំគឺយេហូវ៉ា។
៣៣ «‹អ្នករាល់គ្នាមិនត្រូវធ្វើបាបជនបរទេសដែលរស់នៅក្នុងស្រុកជាមួយនឹងអ្នករាល់គ្នាឡើយ។+ ៣៤ អ្នករាល់គ្នាត្រូវប្រព្រឹត្តចំពោះពួកគេដូចជាជនរួមជាតិរបស់ខ្លួន+ ហើយត្រូវស្រឡាញ់ពួកគេដូចស្រឡាញ់ខ្លួនអ្នក ព្រោះអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅក្នុងស្រុកអេហ្ស៊ីបដែរ។+ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
៣៥ «‹អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តមិនទៀងត្រង់ ពេលដែលវាស់ វាល់ ឬថ្លឹងអ្វីឡើយ។+ ៣៦ អ្នករាល់គ្នាត្រូវប្រើជញ្ជីងត្រឹមត្រូវ និងកូនជញ្ជីងគ្រប់ទម្ងន់ ព្រមទាំងប្រើរង្វាល់វត្ថុរាវនិងរង្វាល់វត្ថុស្ងួត*ត្រឹមត្រូវដែរ។+ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ជាអ្នកដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបមក។ ៣៧ ដូច្នេះ អ្នករាល់គ្នាត្រូវកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមទាំងប៉ុន្មានរបស់ខ្ញុំ។+ ខ្ញុំគឺយេហូវ៉ា›»។