ការបើកបង្ហាញចំពោះយ៉ូហាន
១ ការបើកបង្ហាញដោយលោកយេស៊ូគ្រិស្ត ជាអ្វីដែលព្រះបានផ្ដល់ឲ្យលោក+ ដើម្បីបង្ហាញពួកខ្ញុំបម្រើរបស់លោក+ឲ្យឃើញអ្វីដែលត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ លោកយេស៊ូបានចាត់ទេវតារបស់លោក ហើយតាមរយៈទេវតានោះ លោកប្រើនិមិត្តរូបដើម្បីបើកបង្ហាញការទាំងនោះដល់យ៉ូហានជាខ្ញុំបម្រើរបស់លោក+ ២ ដែលបានធ្វើជាសាក្សីបញ្ជាក់អំពីបណ្ដាំរបស់ព្រះ និងអំពីសក្ខីភាពរបស់លោកយេស៊ូគ្រិស្ត គឺគាត់បានបញ្ជាក់អំពីអ្វីៗទាំងអស់ដែលគាត់ឃើញ។ ៣ អ្នកណាដែលអានទំនាយនេះឲ្យអ្នកឯទៀតស្ដាប់ និងអ្នកណាដែលឮ រួចប្រព្រឹត្តតាមអ្វីដែលបានត្រូវសរសេរក្នុងទំនាយនេះ អ្នកទាំងនោះមានសុភមង្គលហើយ+ ពីព្រោះពេលកំណត់គឺជិតដល់ហើយ។
៤ ពីខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំង៧+នៅខេត្តអាស៊ី៖*
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់ និងសេចក្ដីសុខសាន្តពី«លោកដែលមានជីវិតរស់នៅកាលពីមុន ដែលមានជីវិតរស់នៅឥឡូវនេះ ហើយដែលនឹងមកដល់»+ ព្រមទាំងពីឫទ្ធានុភាពទាំង៧+ដែលនៅមុខបល្ល័ង្ករបស់លោក ៥ ហើយពីលោកយេស៊ូគ្រិស្ត ដែលជា«សាក្សីដ៏ស្មោះត្រង់»+ ជា«បុត្រច្បងនិងជាអ្នកដែលបានរស់ពីស្លាប់ឡើងវិញមុនគេ»+ និងជា«អ្នកគ្រប់គ្រងលើស្ដេចទាំងឡាយនៅផែនដី»។+
លោកស្រឡាញ់យើង+ ហើយបានរំដោះយើងពីភាពខុសឆ្គង*របស់យើងតាមរយៈឈាមរបស់លោកផ្ទាល់។+ ៦ រួចលោកធ្វើឲ្យយើងទៅជាស្ដេច*+និងជាសង្ឃ+របស់ព្រះដែលជាបិតារបស់លោក។ សូមឲ្យលោកបានប្រកបដោយសិរីរុងរឿង និងកម្លាំងខ្លាំងក្លាជារៀងរហូត។ អាមេន។
៧ មើល! លោកនឹងមកជាមួយនឹងពពក+ ហើយភ្នែកមនុស្សទាំងអស់នឹងឃើញលោក រួមទាំងពួកអ្នកដែលបានចាក់លោក។ កុលសម្ព័ន្ធទាំងអស់នៅផែនដីនឹងគក់ទ្រូងដោយក្ដីទុក្ខព្រួយ ព្រោះតែលោក។+ មែនហើយ អាមេន។
៨ ព្រះយេហូវ៉ា*ដែលជាព្រះ មានប្រសាសន៍ថា៖ «ខ្ញុំជាអាលផានិងអូមេហ្គា*+ ជាអ្នកដែលមានជីវិតរស់នៅកាលពីមុន ដែលមានជីវិតរស់នៅឥឡូវនេះ ហើយដែលនឹងមកដល់ និងជាអ្នកដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។+
៩ ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នានិងជាអ្នករួមចំណែកជាមួយនឹងអ្នករាល់គ្នាក្នុងសេចក្ដីវេទនា+ ក្នុងរាជាណាចក្រ+ និងក្នុងការស៊ូទ្រាំ+ ព្រោះយើងជាអ្នកកាន់តាមលោកយេស៊ូ។+ ខ្ញុំបាននៅកោះហៅថាប៉ាត់ម៉ុស ដោយសារខ្ញុំនិយាយអំពីព្រះនិងធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ។ ១០ ដោយឥទ្ធិពលនៃឫទ្ធានុភាពរបស់ព្រះ ខ្ញុំបាននៅក្នុងថ្ងៃរបស់លោកម្ចាស់ ហើយនៅខាងក្រោយខ្ញុំ ខ្ញុំឮសំឡេងមួយលាន់ឮយ៉ាងខ្លាំង ដូចសំឡេងត្រែ។ ១១ សំឡេងនោះបន្លឺឡើងថា៖ «អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងរមូរមួយ ហើយផ្ញើទៅក្រុមជំនុំទាំង៧គឺ ក្រុមជំនុំនៅក្រុងអេភេសូរ+ ក្រុងស្មៀរណា+ ក្រុងពើកាម៉ុម+ ក្រុងធាទេរ៉ា+ ក្រុងសាដេស+ ក្រុងភីឡាដិលភា+ និងក្រុងឡៅឌីសេ»។+
១២ ខ្ញុំក៏បែរទៅរកសំឡេងដែលកំពុងបន្លឺមកកាន់ខ្ញុំ ហើយខ្ញុំឃើញជើងចង្កៀងមាស៧។+ ១៣ នៅកណ្ដាលជើងចង្កៀងទាំងនោះ ខ្ញុំឃើញមនុស្សម្នាក់ដូចកូនមនុស្ស+ ដែលមានសម្លៀកបំពាក់វែងដល់ជើង ហើយមានខ្សែក្រវាត់មាសក្រវាត់នៅដើមទ្រូង។ ១៤ ម្យ៉ាងទៀត សក់ក្បាលរបស់លោកសស្គុសដូចរោមចៀម ឯភ្នែករបស់លោកដូចអណ្ដាតភ្លើង+ ១៥ ជើងរបស់លោកដូចស្ពាន់សុទ្ធ+ដែលកំពុងភ្លឺក្នុងឡ ហើយសំឡេងលោកដូចសន្ធឹកទឹកហូរ។ ១៦ លោកមានផ្កាយ៧នៅក្នុងដៃស្ដាំរបស់លោក+ ហើយមានដាវវែងមួយយ៉ាងមុតដែលមានមុខពីរ+ចេញពីមាត់របស់លោក ឯមុខរបស់លោកភ្លឺដូចថ្ងៃពេលដែលកំពុងពេញកម្ដៅ។+ ១៧ ពេលដែលខ្ញុំឃើញលោក ខ្ញុំដួលនៅក្បែរជើងរបស់លោក ដូចមនុស្សស្លាប់។
រួចលោកដាក់ដៃស្ដាំលើខ្ញុំ ហើយមានប្រសាសន៍ថា«កុំខ្លាចឡើយ។ ខ្ញុំជាអ្នកមុនបង្អស់+ និងជាអ្នកក្រោយបង្អស់+ ១៨ ហើយជាអ្នកដែលមានជីវិតរស់នៅ។+ ខ្ញុំបានស្លាប់+ តែមើល! ខ្ញុំរស់ជារៀងរហូត+ ហើយខ្ញុំមានកូនសោនៃសេចក្ដីស្លាប់និងកូនសោនៃផ្នូរ។*+ ១៩ ដូច្នេះ ចូរសរសេរអ្វីៗដែលអ្នកបានឃើញ អ្វីៗដែលកំពុងកើតឡើង និងអ្វីៗដែលនឹងកើតឡើងបន្ទាប់ពីនេះ។ ២០ ចំណែកអាថ៌កំបាំងដ៏ពិសិដ្ឋអំពីផ្កាយ៧ដែលអ្នកបានឃើញនៅក្នុងដៃស្ដាំរបស់ខ្ញុំ និងអំពីជើងចង្កៀងមាស៧នោះគឺ ផ្កាយទាំង៧តំណាងពួកទេវតានៃក្រុមជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧តំណាងក្រុមជំនុំទាំង៧។+