សាការី
១៤ «មើល! ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់ជាមិនខាន។ នៅថ្ងៃនោះសត្រូវនឹងចាប់យកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា* ហើយចែកនៅចំពោះមុខអ្នករាល់គ្នា។ ២ ខ្ញុំនឹងប្រមូលប្រជាជាតិទាំងអស់មកប្រយុទ្ធនឹងក្រុងយេរូសាឡិម។ ពួកគេនឹងចាប់យកក្រុងនោះ ហើយប្លន់យកទ្រព្យក្នុងផ្ទះ ថែមទាំងរំលោភស្រីៗទៀតផង។ បណ្ដាជនក្នុងក្រុងចំនួនពាក់កណ្ដាលនឹងត្រូវនិរទេសចេញ តែបណ្ដាជនដែលនៅសល់នឹងរស់នៅក្នុងក្រុងតទៅទៀត។
៣ «ព្រះយេហូវ៉ានឹងចេញទៅច្បាំងនឹងប្រជាជាតិទាំងនោះ+ ដូចពេលដែលលោកធ្លាប់ធ្វើចម្បាំងនៅអតីតកាលដែរ។+ ៤ នៅថ្ងៃនោះ ជើងរបស់លោកនឹងឈរនៅលើភ្នំដើមអូលីវ+ ដែលនៅខាងកើតទល់មុខក្រុងយេរូសាឡិម ហើយភ្នំដើមអូលីវនឹងត្រូវបែកជាពីរ គឺចាប់ពីទិសខាងកើតដល់ខាងលិច បណ្ដាលឲ្យមានជ្រលងមួយយ៉ាងធំ។ ភ្នំមួយចំហៀងនឹងរើទៅទិសខាងជើង ហើយភ្នំមួយចំហៀងទៀតនឹងរើទៅទិសខាងត្បូង។ ៥ អ្នករាល់គ្នានឹងរត់គេចទៅជ្រលងភ្នំរបស់ខ្ញុំ ព្រោះជ្រលងភ្នំរបស់ខ្ញុំនឹងលាតសន្ធឹងរហូតដល់អេសូល។ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ដូចដែលអ្នករាល់គ្នាធ្លាប់រត់គេចពីការរញ្ជួយដីនៅសម័យរបស់អូសៀសជាស្ដេចស្រុកយូដា។+ រួចព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំនឹងមក ហើយពួកអ្នកបរិសុទ្ធទាំងអស់ក៏នឹងមកជាមួយនឹងលោកដែរ។+
៦ «នៅថ្ងៃនោះនឹងគ្មានពន្លឺភ្លឺចិញ្ចាចទេ។+ អ្វីៗនឹងទៅជាកក។* ៧ ថ្ងៃនោះនឹងទៅជាថ្ងៃមួយដែលគេស្គាល់ថាជាថ្ងៃរបស់ព្រះយេហូវ៉ា។+ នៅថ្ងៃនោះ គ្មានថ្ងៃគ្មានយប់ទេ។ ប៉ុន្តែ នៅពេលល្ងាចនឹងមានពន្លឺវិញ។ ៨ នៅថ្ងៃនោះ ទឹកដែលផ្ដល់ជីវិត+នឹងហូរចេញពីក្រុងយេរូសាឡិម+ គឺពាក់កណ្ដាលហូរទៅខាងកើតសមុទ្រ*+ ហើយពាក់កណ្ដាលទៀតហូរទៅខាងលិចសមុទ្រ។*+ ទឹកនោះនឹងហូរនៅរដូវក្ដៅនិងរដូវត្រជាក់។ ៩ ព្រះយេហូវ៉ានឹងទៅជាស្ដេចគ្រប់គ្រងលើផែនដីទាំងមូល។+ នៅថ្ងៃនោះនឹងមានតែព្រះយេហូវ៉ាមួយប៉ុណ្ណោះ+ ហើយនឹងមានតែនាមរបស់លោកមួយប៉ុណ្ណោះ។+
១០ «ស្រុកទាំងមូលនឹងបានដូចតំបន់អារ៉ាបា+ គឺចាប់ពីក្រុងកេបា+ដល់ក្រុងរីម៉ូន+ដែលនៅខាងត្បូងក្រុងយេរូសាឡិម។ ក្រុងយេរូសាឡិមនឹងត្រូវលើកតម្កើងឡើង ហើយមនុស្សនឹងអាស្រ័យនៅកន្លែងនាង+ គឺចាប់ពីទ្វារបេនយ៉ាមីន+រហូតដល់ទ្វារដំបូង និងរហូតដល់ជ្រុងទ្វារ ហើយចាប់ពីប៉មហាណានៀល+រហូតដល់កន្លែងត្រងស្រា*របស់ស្ដេច។ ១១ ក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅ ហើយនាងនឹងមិនត្រូវបណ្ដាសានៃសេចក្ដីហិនវិនាសទៀតទេ។+ មនុស្សនឹងអាស្រ័យនៅក្នុងក្រុងយេរូសាឡិមដោយសុវត្ថិភាព។+
១២ «ព្រះយេហូវ៉ានឹងដាក់ទោសជនជាតិទាំងអស់ដែលច្បាំងនឹងក្រុងយេរូសាឡិម+ គឺធ្វើឲ្យសាច់របស់ពួកគេរលួយខណៈពេលដែលពួកគេកំពុងឈរ។ គ្រាប់ភ្នែករបស់ពួកគេនឹងរលួយនៅក្នុងភ្នែក ហើយអណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។
១៣ «នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងធ្វើឲ្យមានភាពចលាចលក្នុងចំណោមពួកគេ។ ពួកគេនឹងវាយគ្នា ហើយប្រហារគ្នាទៅវិញទៅមក។+ ១៤ ចំណែកឯយូដាក៏នឹងចូលរួមក្នុងសង្គ្រាមនៅឯក្រុងយេរូសាឡិមដែរ។ ពួកគេនឹងប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងអស់ដែលនៅជុំវិញ គឺប្រមូលយកទាំងមាសទាំងប្រាក់និងសម្លៀកបំពាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់។+
១៥ «រីឯការដាក់ទោសនោះ ក៏នឹងកើតឡើងដល់សត្វសេះ លាកាត់ សត្វអូដ្ឋ សត្វលា និងហ្វូងសត្វទាំងអស់ដែលនៅក្នុងជំរំទាំងនោះដែរ។
១៦ «ចំណែកមនុស្សទាំងអស់ដែលនៅសល់ពីប្រជាជាតិនានាដែលច្បាំងនឹងក្រុងយេរូសាឡិម ពួកគេនឹងឡើងមកក្រុងយេរូសាឡិមរាល់ឆ្នាំ+ ដើម្បីក្រាបគោរព*ព្រះយេហូវ៉ាជាស្ដេចនៃបណ្ដាកងទ័ពស្ថានសួគ៌+ និងដើម្បីធ្វើបុណ្យខ្ទម។*+ ១៧ ប៉ុន្តែ ក្នុងចំណោមវង្សត្រកូលនានានៅផែនដី បើមានអ្នកណាម្នាក់មិនឡើងមកក្រុងយេរូសាឡិមដើម្បីក្រាបគោរពព្រះយេហូវ៉ាជាស្ដេចនៃបណ្ដាកងទ័ពស្ថានសួគ៌ទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើអ្នកនោះឡើយ។+ ១៨ ប្រសិនបើបណ្ដាជនស្រុកអេហ្ស៊ីបមិនឡើងមកចូលក្រុងនេះទេ នោះនឹងគ្មានភ្លៀងធ្លាក់លើពួកគេឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះយេហូវ៉ានឹងដាក់ទោសពួកគេ ដូចលោកដាក់ទោសប្រជាជាតិនានាដែលមិនព្រមឡើងមកធ្វើបុណ្យខ្ទមដែរ។ ១៩ ការដាក់ទោសនោះនឹងកើតឡើងដល់ស្រុកអេហ្ស៊ីប និងប្រជាជាតិទាំងឡាយដែលមិនព្រមឡើងមកធ្វើបុណ្យខ្ទម។
២០ «នៅថ្ងៃនោះ ពាក្យដែលថា‹ភាពបរិសុទ្ធជារបស់ព្រះយេហូវ៉ា!›+ នឹងត្រូវចារឹកលើកណ្ដឹងសេះ។ ឯឆ្នាំងធំ+ក្នុងវិហាររបស់ព្រះយេហូវ៉ា នឹងប្រៀបដូចជាចានគោម+នៅមុខទីបូជា។ ២១ ម្យ៉ាងទៀត អស់ទាំងឆ្នាំងធំក្នុងក្រុងយេរូសាឡិមនិងក្នុងយូដា នឹងទៅជារបស់បរិសុទ្ធ ហើយក៏នឹងទៅជារបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ដែរ។ ចំណែកមនុស្សគ្រប់រូបដែលជូនគ្រឿងបូជា ពួកគេនឹងចូលមក ហើយយកឆ្នាំងខ្លះទៅប្រើ។ នៅថ្ងៃនោះនឹងគ្មានជនជាតិកាណាន*នៅក្នុងវិហាររបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ទៀតទេ»។+