សៀវភៅសាំយូអែលទី២
១៩ មានគេទៅរាយការណ៍ប្រាប់យ៉ូអាប់ថា៖ «ស្ដេចកំពុងយំស្ដាយអាប់សាឡំ»។+ ២ ដូច្នេះ ជ័យជម្នះ*នៅថ្ងៃនោះបានប្រែទៅជាការកើតទុក្ខសម្រាប់បណ្ដាជនទាំងអស់វិញ ដោយសារពួកគេបានឮថាស្ដេចកំពុងសោកសង្រេងអំពីកូនប្រុសរបស់គាត់។ ៣ នៅថ្ងៃនោះ ពួកគេបានត្រឡប់មកក្រុងវិញដោយស្ងៀមស្ងាត់+ ហាក់ដូចជាទាហានដែលបានបាក់ទ័ពរត់ចេញពីសមរភូមិដោយក្ដីអាម៉ាស់។ ៤ ឯស្ដេចវិញ គាត់ខ្ទប់មុខ ហើយបន្តស្រែកយំយ៉ាងខ្លាំងថា៖ «ឱអាប់សាឡំកូនប្រុសពុកអើយ អាប់សាឡំកូនពុក កូនអើយកូន!»។+
៥ ក្រោយមក យ៉ូអាប់ចូលទៅជួបស្ដេចនៅឯវិមាន ហើយនិយាយថា៖ «ថ្ងៃនេះ អ្នកបម្រើទាំងអស់របស់លោកបានជួយសង្គ្រោះជីវិត*លោក ជីវិតកូនប្រុស+កូនស្រីលោក+ ជីវិតប្រពន្ធនិងប្រពន្ធបន្ទាប់ទាំងប៉ុន្មានរបស់លោក។+ ប៉ុន្តែ ពេលនេះលោកបែរជាធ្វើឲ្យពួកគេអាម៉ាស់មុខទៅវិញ។ ៦ លោកស្រឡាញ់អ្នកដែលស្អប់លោក ហើយលោកស្អប់អ្នកដែលស្រឡាញ់លោក ព្រោះថ្ងៃនេះលោកបានបង្ហាញឲ្យឃើញច្បាស់ថា ពួកមេទ័ពនិងពួកអ្នកបម្រើគ្មានតម្លៃសោះចំពោះលោក។ ខ្ញុំជឿថាបើថ្ងៃនេះអាប់សាឡំនៅរស់ តែពួកយើងស្លាប់វិញ នោះលោកនឹងមិនពិបាកចិត្តទេ។ ៧ ឥឡូវ សូមលោកក្រោកឡើងចេញទៅលើកទឹកចិត្តពួកអ្នកបម្រើរបស់លោក ព្រោះបើលោកមិនចេញទៅទេ ខ្ញុំសូមយកព្រះយេហូវ៉ាជាសាក្សីថា យប់នេះនឹងគ្មានសល់អ្នកណាម្នាក់នៅខាងលោកឡើយ។ នោះលោកនឹងរងការលំបាកខ្លាំងជាងការលំបាកទាំងអស់ដែលលោកធ្លាប់ជួបតាំងពីក្មេងរហូតមកដល់ឥឡូវ»។ ៨ ដូច្នេះ ស្ដេចក្រោកឡើងចេញទៅអង្គុយនៅទ្វារកំពែងក្រុង។ បណ្ដាជនទាំងអស់ទទួលដំណឹងថា៖ «ឥឡូវ ស្ដេចកំពុងអង្គុយនៅទ្វារកំពែងក្រុង»។ ពួកគេក៏នាំគ្នាមកជួបស្ដេច។
ចំណែកឯពួកអ៊ីស្រាអែលដែលគាំទ្រអាប់សាឡំ ពួកគេបានរត់ទៅផ្ទះរៀងៗខ្លួនវិញ។+ ៩ បណ្ដាជនពីកុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលជជែកតវ៉ាគ្នាថា៖ «ស្ដេចបានជួយសង្គ្រោះយើងពីពួកសត្រូវ+ ហើយក៏បានសង្គ្រោះយើងពីពួកភីលីស្ទីនដែរ។ ប៉ុន្តែ លោកបានរត់ចេញពីស្រុកដោយសារអាប់សាឡំ។+ ១០ ឯអាប់សាឡំដែលយើងបានតែងតាំងឲ្យគ្រប់គ្រងលើយើង+ គាត់បានស្លាប់ក្នុងសមរភូមិទៅហើយ។+ ដូច្នេះឥឡូវនេះ ហេតុអ្វីបានជាយើងមិនអើពើនាំស្ដេចមកវិញ?»។
១១ ស្ដេចដាវីឌផ្ញើសារទៅសង្ឃសេដុក+និងសង្ឃអាប៊ីយ៉ាថា+ ដោយប្រាប់ថា៖ «ចូរទៅនិយាយប្រាប់បុរសចាស់ទុំនៃកុលសម្ព័ន្ធយូដា+ថា៖ ‹ហេតុអ្វីបានជាអ្នករាល់គ្នាមិនប្រញាប់មកនាំស្ដេចទៅវិមានវិញឲ្យបានមុនគេ? ព្រោះស្ដេចបានទទួលដំណឹងថាជនជាតិអ៊ីស្រាអែលទាំងអស់ចង់នាំស្ដេចត្រឡប់ទៅវិញ។ ១២ អ្នករាល់គ្នាជាបងប្អូន និងជាសាច់ញាតិរបស់ខ្ញុំ។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនប្រញាប់នាំខ្ញុំទៅឲ្យបានមុនគេ?›។ ១៣ ម្យ៉ាងទៀត អ្នកត្រូវនិយាយប្រាប់អាម៉េសាថា៖+ ‹តើអ្នកមិនមែនជាសាច់ញាតិខ្ញុំទេឬ? ខ្ញុំនឹងឲ្យអ្នកធ្វើជាមេទ័ពរបស់ខ្ញុំជំនួសយ៉ូអាប់ចាប់ពីពេលនេះតទៅ។ បើខ្ញុំមិនធ្វើដូច្នេះទេ នោះសូមព្រះដាក់ទោសខ្ញុំឲ្យធ្ងន់ចុះ›»។+
១៤ ដោយពាក្យទាំងនោះ ដាវីឌបានធ្វើឲ្យកុលសម្ព័ន្ធយូដាទាំងមូលព្រមព្រៀងចិត្តគ្នា រួចពួកគេចាត់អ្នកនាំដំណឹងឲ្យមកជម្រាបស្ដេចថា៖ «សូមលោកនិងអ្នកបម្រើទាំងអស់របស់លោកត្រឡប់មកវិញ»។
១៥ ស្ដេចចេញដំណើរត្រឡប់ទៅវិញ។ ពេលស្ដេចទៅដល់ទន្លេយ៉ូដាន់ បណ្ដាជននៃកុលសម្ព័ន្ធយូដាបានមកក្រុងគីលកាល+ ដើម្បីចាំទទួលនិងចម្លងស្ដេចឆ្លងទន្លេយ៉ូដាន់។ ១៦ រួចមក ស៊ីមម៉ាយ+ជាកូនប្រុសកេរ៉ាពីកុលសម្ព័ន្ធបេនយ៉ាមីន និងជាអ្នកភូមិបាហ៊ូរីម បានរូតរះចុះទៅទទួលស្ដេចដាវីឌជាមួយនឹងបណ្ដាជននៃកុលសម្ព័ន្ធយូដា ១៧ ព្រមទាំងមានបុរសចំនួន១.០០០នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនទៅជាមួយផងដែរ។ បន្ថែមទៀត សៀបា+ដែលជាអ្នកបម្រើរបស់ក្រុមគ្រួសារសុល កូនប្រុស១៥នាក់របស់សៀបា និងអ្នកបម្រើ២០នាក់បានធ្វើដំណើរយ៉ាងប្រញាប់ដើម្បីទៅដល់ទន្លេយ៉ូដាន់ឲ្យបានមុនស្ដេច។ ១៨ គាត់*ឆ្លងទន្លេដើម្បីចម្លងក្រុមគ្រួសារស្ដេច និងដើម្បីធ្វើអ្វីក៏ដោយដែលស្ដេចបញ្ជា។ ប៉ុន្តែ ពេលស្ដេចហៀបនឹងឆ្លងទន្លេយ៉ូដាន់ ស៊ីមម៉ាយកូនប្រុសកេរ៉ាក៏ក្រាបគោរពនៅចំពោះមុខស្ដេច។ ១៩ ស៊ីមម៉ាយនិយាយទៅស្ដេចថា៖ «សូមស្ដេចជាម្ចាស់មេត្តាអភ័យទោសឲ្យខ្ញុំផង! សូមលោកបំភ្លេចកំហុសដែលខ្ញុំបានធ្វើ+នៅថ្ងៃដែលលោកចាកចេញពីក្រុងយេរូសាឡិម។ សូមលោកកុំចាំទុកក្នុងចិត្តឡើយ ២០ ព្រោះខ្ញុំជាអ្នកបម្រើលោក ខ្ញុំដឹងខុសហើយ។ ម្ល៉ោះហើយថ្ងៃនេះក្នុងពូជពង្សយ៉ូសែប ខ្ញុំមកទីនេះជួបស្ដេចជាម្ចាស់មុនគេ»។
២១ ភ្លាមនោះ អាប៊ីសាយ+កូនប្រុសសេរូយ៉ា+និយាយថា៖ «ស៊ីមម៉ាយសមតែស្លាប់ ព្រោះគាត់បានជេរប្រមាថអ្នកដែលព្រះយេហូវ៉ាបានរើសតាំង»។+ ២២ ដាវីឌតបវិញថា៖ «កូនប្រុសសេរូយ៉ា+ រឿងនេះមិនទាក់ទងនឹងអ្នកទេ! ហេតុអ្វីថ្ងៃនេះអ្នកប្រឆាំងនឹងខ្ញុំ? ថ្ងៃនេះមិនគួរសម្លាប់អ្នកណាម្នាក់ក្នុងស្រុកអ៊ីស្រាអែលឡើយ ព្រោះថ្ងៃនេះខ្ញុំបានទៅជាស្ដេចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលម្ដងទៀត»។ ២៣ រួចស្ដេចនិយាយទៅស៊ីមម៉ាយថា៖ «អ្នកនឹងមិនស្លាប់ទេ»។ លុះនិយាយចប់ ស្ដេចស្បថឲ្យគាត់។+
២៤ រីឯមេភីបូសែត+ចៅប្រុសរបស់សុល គាត់ក៏បានទៅទទួលស្ដេចដែរ។ តាំងពីថ្ងៃដែលស្ដេចចាកចេញ រហូតដល់ថ្ងៃដែលស្ដេចត្រឡប់មកវិញដោយសុខសាន្ត មេភីបូសែតមិនបានលាងជើង តម្រឹមពុកមាត់ ឬបោកសម្លៀកបំពាក់ទេ។ ២៥ ពេលគាត់មកក្រុងយេរូសាឡិមដើម្បីទទួលស្វាគមន៍ស្ដេច* ស្ដេចសួរគាត់ថា៖ «មេភីបូសែត ហេតុអ្វីពេលនោះអ្នកមិនចាកចេញទៅជាមួយនឹងខ្ញុំ?»។ ២៦ គាត់ឆ្លើយថា៖ «ឱស្ដេចជាម្ចាស់ អ្នកបម្រើរបស់ខ្ញុំ+បានបោកបញ្ឆោតខ្ញុំ។ ខ្ញុំបាននិយាយថា៖ ‹ចូរចងកែបលា ដើម្បីឲ្យខ្ញុំជិះវាទៅជាមួយនឹងស្ដេច› ដោយសារខ្ញុំពិការជើង។+ ២៧ តែគាត់បានបង្កាច់បង្ខូចខ្ញុំនៅចំពោះមុខស្ដេចជាម្ចាស់។+ ប៉ុន្តែ ស្ដេចជាម្ចាស់ប្រៀបដូចជាទេវតានៃព្រះពិត ដូច្នេះសូមធ្វើអ្វីដែលលោកគិតថាល្អចុះ។ ២៨ ទោះជាស្ដេចជាម្ចាស់អាចសម្លាប់ក្រុមគ្រួសារទាំងមូលរបស់ឪពុកខ្ញុំក៏ដោយ តែលោកបែរជាឲ្យខ្ញុំមានកិត្តិយសបរិភោគនៅតុរបស់លោក។+ ដូច្នេះ តើគួរឲ្យខ្ញុំសុំអ្វីទៀតពីលោក?»។
២៩ ស្ដេចនិយាយទៅគាត់ថា៖ «ឈប់និយាយទៀតទៅ នេះជាការសម្រេចចិត្តរបស់ខ្ញុំ អ្នកត្រូវចែកស្រែចម្ការឲ្យសៀបា»។+ ៣០ មេភីបូសែតតបថា៖ «សូមឲ្យគាត់យកទាំងអស់ចុះ។ ការដែលស្ដេចជាម្ចាស់របស់ខ្ញុំបានត្រឡប់មកវិមានវិញដោយសុខសាន្ត នោះគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ»។
៣១ បាស៊ីលឡាយ+ដែលជាអ្នកស្រុកគីលាតបានចេញពីក្រុងរ៉ូគីលីម ដើម្បីដង្ហែស្ដេចទៅទន្លេយ៉ូដាន់។ ៣២ បាស៊ីលឡាយមានវ័យចាស់ណាស់ហើយ គាត់មានអាយុ៨០ឆ្នាំ។ គាត់ជាអ្នកមានស្ដុកស្ដម្ភ។ អំឡុងពេលដែលស្ដេចអាស្រ័យនៅក្រុងម៉ាហាណែម គាត់បានផ្ដល់ស្បៀងអាហារដល់ស្ដេច។+ ៣៣ ស្ដេចនិយាយទៅបាស៊ីលឡាយថា៖ «សូមអ្នកឆ្លងទៅជាមួយនឹងខ្ញុំ។ ខ្ញុំនឹងផ្គត់ផ្គង់អាហារឲ្យអ្នកនៅក្រុងយេរូសាឡិម»។+ ៣៤ តែបាស៊ីលឡាយឆ្លើយថា៖ «ខ្ញុំចាស់ណាស់ហើយ រស់មិនបានយូរទៀតទេ តើឲ្យខ្ញុំទៅក្រុងយេរូសាឡិមជាមួយនឹងស្ដេចធ្វើអ្វី? ៣៥ ខ្ញុំមានអាយុ៨០ឆ្នាំហើយ+ ខ្ញុំមិនអាចមើលដឹងរបស់ល្អនិងរបស់មិនល្អបានឡើយ។ ទោះជាខ្ញុំបរិភោគអ្វីក៏ដោយ ក៏ខ្ញុំលែងដឹងថាឆ្ងាញ់ឬមិនឆ្ងាញ់ទៀតដែរ។ ណាមួយទៀត ទោះជាខ្ញុំស្ដាប់អ្នកចម្រៀងប្រុសស្រីច្រៀងក៏ដោយ ក៏ខ្ញុំលែងដឹងថាពីរោះឬមិនពីរោះទៀតដែរ។+ ដូច្នេះ តើគួរឲ្យខ្ញុំទៅធ្វើជាបន្ទុកថែមទៀតដល់ស្ដេចជាម្ចាស់របស់ខ្ញុំឬ? ៣៦ ការដែលខ្ញុំអាចជូនដំណើរស្ដេចទៅទន្លេយ៉ូដាន់ នោះជាកិត្តិយសសម្រាប់ខ្ញុំណាស់ទៅហើយ។ ស្ដេចមិនចាំបាច់តបស្នងអ្វីដល់ខ្ញុំទេ។ ៣៧ សូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅក្រុងរបស់ខ្ញុំវិញ ដើម្បីខ្ញុំអាចស្លាប់នៅជិតទីបញ្ចុះសពឪពុកម្ដាយខ្ញុំ។+ ស្ដេចជាម្ចាស់ នេះគីមហាំជាអ្នកបម្រើលោក+ សូមឲ្យគាត់ឆ្លងទៅជាមួយនឹងស្ដេចជាម្ចាស់ ហើយសូមស្ដេចប្រព្រឹត្តចំពោះគាត់តាមដែលលោកគិតថាល្អចុះ»។
៣៨ ស្ដេចនិយាយថា៖ «ខ្ញុំនឹងឲ្យគីមហាំឆ្លងទៅជាមួយនឹងខ្ញុំ ហើយខ្ញុំនឹងប្រព្រឹត្តចំពោះគាត់តាមដែលអ្នកពេញចិត្ត។ ខ្ញុំនឹងធ្វើតាមសំណូមពរទាំងអស់របស់អ្នក»។ ៣៩ បន្ទាប់មក បណ្ដាជនទាំងអស់ចាប់ផ្ដើមឆ្លងទន្លេយ៉ូដាន់។ មុននឹងស្ដេចឆ្លងទន្លេ ស្ដេចបានថើបបាស៊ីលឡាយ+ ហើយឲ្យពរដល់គាត់។ រួចបាស៊ីលឡាយត្រឡប់ទៅផ្ទះគាត់វិញ។ ៤០ ពេលស្ដេចឆ្លងទន្លេទៅក្រុងគីលកាល+ គីមហាំក៏ឆ្លងទៅជាមួយនឹងគាត់ដែរ។ កុលសម្ព័ន្ធយូដាទាំងមូលនិងបណ្ដាជនអ៊ីស្រាអែលចំនួនពាក់កណ្ដាល បានដង្ហែស្ដេចឆ្លងទន្លេនោះ។+
៤១ រួចមក បុរសទាំងអស់ដែលតំណាងបណ្ដាជនអ៊ីស្រាអែលចូលទៅជិតស្ដេច ហើយសួរថា៖ «ហេតុអ្វីកុលសម្ព័ន្ធយូដាដែលជាជនរួមជាតិរបស់យើង រួមទាំងពួកបុរសរបស់ស្ដេច នាំគ្នាដង្ហែស្ដេចនិងក្រុមគ្រួសារស្ដេចឆ្លងទន្លេយ៉ូដាន់មកទាំងស្ងាត់ៗដូច្នេះ?»។+ ៤២ បុរសទាំងអស់ដែលតំណាងកុលសម្ព័ន្ធយូដាឆ្លើយទៅពួកបុរសដែលតំណាងបណ្ដាជនអ៊ីស្រាអែលថា៖ «ដោយសារស្ដេចជាសាច់ញាតិរបស់យើង។+ ហេតុអ្វីអ្នករាល់គ្នាខឹងអំពីរឿងនេះ? តើស្ដេចបានឲ្យអាហារឬអំណោយមកយើងឬ?»។
៤៣ ប៉ុន្តែ ពួកបុរសដែលតំណាងបណ្ដាជនអ៊ីស្រាអែលតបទៅពួកបុរសកុលសម្ព័ន្ធយូដាថា៖ «យើងមានកុលសម្ព័ន្ធ១០ ដូច្នេះយើងមានសិទ្ធិចំពោះស្ដេចដាវីឌច្រើនជាងអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយពួកយើង? គឺពួកយើងទេដែលមានសិទ្ធិដង្ហែស្ដេចរបស់យើងមកវិញមុនអ្នករាល់គ្នា»។ ទោះជាយ៉ាងនោះក៏ដោយ ពួកបុរសកុលសម្ព័ន្ធយូដាបានជជែកឈ្នះពួកបុរសដែលតំណាងបណ្ដាជនអ៊ីស្រាអែល។