អ្នកទូន្មាន
៨ តើមានអ្នកណាឲ្យដូចមនុស្សមានប្រាជ្ញា? តើអ្នកណាស្គាល់វិធីដោះស្រាយបញ្ហា? ប្រាជ្ញារបស់មនុស្សធ្វើឲ្យទឹកមុខភ្លឺថ្លា ហើយធ្វើឲ្យមុខមាំប្រែទៅជារីករាយ។
២ ខ្ញុំប្រាប់ថា៖ «ចូរធ្វើតាមបង្គាប់របស់ស្ដេច+ ព្រោះអ្នកបានស្បថចំពោះមុខព្រះរួចហើយ។+ ៣ ពេលនៅចំពោះមុខស្ដេច កុំប្រញាប់ថយចេញឡើយ។+ កុំរួមចំណែកជាមួយនឹងអំពើអាក្រក់ឲ្យសោះ+ ព្រោះស្ដេចអាចធ្វើអ្វីក៏ដោយដែលគាត់ពេញចិត្ត។ ៤ ដោយសារសម្ដីរបស់ស្ដេចជាសម្ដីដាច់ខាត+ នោះគ្មានអ្នកណាហ៊ានសួរថា៖ ‹ហេតុអ្វីលោកធ្វើដូច្នេះ?›»។
៥ អ្នកដែលធ្វើតាមបញ្ញត្តិនឹងមិនជួបទុក្ខលំបាកឡើយ។+ មនុស្សមានប្រាជ្ញានឹងស្គាល់ពេលវេលាត្រឹមត្រូវ ហើយស្គាល់វិធីដោះស្រាយបញ្ហានីមួយៗ។*+ ៦ ព្រោះទោះជាមនុស្សជាតិមានបញ្ហាច្រើនយ៉ាងណាក៏ដោយ ក៏មានពេលវេលានិងវិធីត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាទាំងអស់ដែរ។+ ៧ គ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងឡើយ ដូច្នេះតើមាននរណាអាចប្រាប់បានថានោះនឹងកើតឡើងតាមរបៀបណា?
៨ គ្មានមនុស្សណាម្នាក់មានអំណាចគ្រប់គ្រងលើកម្លាំងជីវិត* ឬអាចឃាត់ឃាំងកម្លាំងជីវិតបានទេ។ ដូចគ្នាដែរ គ្មានអ្នកណាអាចគ្រប់គ្រងលើថ្ងៃមរណៈបានឡើយ។+ ដូចជាក្នុងអំឡុងសង្គ្រាមគ្មានអ្នកណាម្នាក់បានត្រូវអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញទេ នោះអំពើទុច្ចរិតក៏នឹងមិនអនុញ្ញាតឲ្យអ្នកដែលប្រព្រឹត្តអំពើនោះបានរួចខ្លួនដែរ។*
៩ ខ្ញុំបានឃើញអ្វីទាំងអស់នេះ ហើយខ្ញុំបានពិចារណាមើលអស់ទាំងកិច្ចការដែលបានត្រូវធ្វើនៅក្រោមថ្ងៃ។ ក្នុងអំឡុងពេលដែលមនុស្សបានត្រួតត្រាលើមនុស្ស នោះនាំឲ្យមានទុក្ខវេទនា។*+ ១០ ម្យ៉ាងទៀត ខ្ញុំបានឃើញគេបញ្ចុះសពជនទុច្ចរិត។ ជនទាំងនោះជាពួកអ្នកដែលធ្លាប់ចេញចូលកន្លែងបរិសុទ្ធ។ ប៉ុន្តែមិនយូរប៉ុន្មាន មនុស្សនៅក្នុងក្រុងបានភ្លេចអំពើទុច្ចរិតដែលពួកអ្នកទាំងនោះបានធ្វើនៅក្នុងក្រុង។+ នេះក៏អសារឥតការដែរ។
១១ ដោយសារជនដែលប្រព្រឹត្តអំពើអាក្រក់មិនបានត្រូវដាក់ទោសភ្លាមៗ+ នោះនាំឲ្យមនុស្សកាន់តែហ៊ានធ្វើអំពើអាក្រក់។+ ១២ ទោះជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងប្រហែលជាធ្វើអំពើអាក្រក់១០០ដង និងមានអាយុវែងក៏ដោយ តែខ្ញុំដឹងច្បាស់ថាមានតែអស់អ្នកដែលគោរពកោតខ្លាចព្រះពិតប៉ុណ្ណោះ ដែលទទួលបានសេចក្ដីល្អ ព្រោះពួកគេគោរពកោតខ្លាចលោក។+ ១៣ ចំណែកឯមនុស្សទុច្ចរិតវិញ គេគ្មានថ្ងៃទទួលបានសេចក្ដីល្អទេ+ ហើយជីវិតរបស់គេដែលប្រៀបដូចជាស្រមោល នឹងមិនបានវែងឡើយ+ ដោយសារគេមិនគោរពកោតខ្លាចព្រះ។
១៤ មានរឿងអសារឥតការ*ខ្លះទៀតដែលកើតឡើងនៅផែនដី៖ មនុស្សសុចរិតខ្លះបានទទួលលទ្ធផល ហាក់ដូចជាពួកគេបានធ្វើអំពើទុច្ចរិត+ ហើយមនុស្សទុច្ចរិតខ្លះបានទទួលលទ្ធផល ហាក់ដូចជាពួកគេបានធ្វើអំពើសុចរិត។+ ខ្ញុំចង់ប្រាប់ថា នេះក៏អសារឥតការដូចគ្នា។
១៥ ដូច្នេះ ខ្ញុំសូមជូនយោបល់ថា ចូររីករាយត្រេកអរចុះ+ ព្រោះសម្រាប់មនុស្ស គ្មានអ្វីនៅក្រោមថ្ងៃដែលប្រសើរជាងការផឹក ការបរិភោគ និងការសប្បាយរីករាយ កាលដែលគេខំព្យាយាមធ្វើការនឿយហត់+ ក្នុងអំឡុងពេលដែលព្រះពិតឲ្យគេមានជីវិតនៅក្រោមថ្ងៃ។
១៦ ខ្ញុំបានតាំងចិត្តខំរកឲ្យបានប្រាជ្ញា និងព្យាយាមយល់គ្រប់កិច្ចការដែលកំពុងកើតឡើងនៅផែនដី+ រហូតដល់ខ្ញុំមិនបានដេកទាំងថ្ងៃទាំងយប់។* ១៧ រួចមក ខ្ញុំបានរំពឹងគិតអំពីកិច្ចការទាំងអស់របស់ព្រះពិត ហើយខ្ញុំយល់ឃើញថាមនុស្សជាតិមិនអាចយល់អ្វីដែលកើតឡើងនៅក្រោមថ្ងៃបានទេ។+ ទោះបីជាពួកគេខំប្រឹងយល់យ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចយល់បានដែរ។ ទោះជាពួកគេអះអាងថាខ្លួនមានប្រាជ្ញាល្មមនឹងយល់បានក៏ដោយ ពួកគេនៅតែមិនអាចយល់បានច្បាស់ឡើយ។+