ច្បាប់លេវី
២៦ «‹អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះឥតប្រយោជន៍+ ហើយមិនត្រូវដំឡើងរូបសំណាក+ ឬបង្គោលថ្មពិសិដ្ឋ ឬថ្មចម្លាក់នៅក្នុងស្រុកអ្នករាល់គ្នា+ ដើម្បីគោរពបូជាឡើយ។+ ព្រោះខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។ ២ អ្នករាល់គ្នាត្រូវកាន់តាមថ្ងៃឈប់សម្រាករបស់ខ្ញុំ ហើយត្រូវបង្ហាញការគោរពចំពោះកន្លែងបរិសុទ្ធរបស់ខ្ញុំ។ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
៣ «‹ប្រសិនបើអ្នករាល់គ្នាបន្តកាន់តាមច្បាប់និងបញ្ញត្តិទាំងប៉ុន្មានរបស់ខ្ញុំ+ ៤ នោះខ្ញុំនឹងធ្វើឲ្យមានភ្លៀងធ្លាក់តាមរដូវ+ ហើយដីនឹងបង្កើតផលជាបរិបូរ+ ព្រមទាំងដើមឈើនៅក្នុងស្រុកនោះនឹងមានផ្លែយ៉ាងច្រើន។ ៥ រដូវបញ្ជាន់ស្រូវនឹងមានរហូតដល់រដូវបេះផ្លែទំពាំងបាយជូរ ហើយរដូវបេះផ្លែទំពាំងបាយជូរនឹងមានរហូតដល់រដូវសាបព្រោះ។ អ្នករាល់គ្នានឹងមានអាហារបរិភោគយ៉ាងស្កប់ស្កល់ ហើយរស់នៅក្នុងស្រុកនោះដោយសុខសាន្ត។+ ៦ ខ្ញុំនឹងធ្វើឲ្យស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព+ ហើយនឹងគ្មានអ្នកណាមកធ្វើឲ្យអ្នករាល់គ្នាភ័យខ្លាចទេ។+ ខ្ញុំនឹងបណ្ដេញសត្វសាហាវទាំងឡាយចេញពីស្រុកនោះ។ គ្មានអ្នកណាលើកដាវច្បាំងនឹងអ្នករាល់គ្នាឡើយ។ ៧ អ្នករាល់គ្នានឹងដេញតាមពួកសត្រូវ ហើយអ្នករាល់គ្នានឹងសម្លាប់ពួកគេដោយដាវ។ ៨ អ្នករាល់គ្នា៥នាក់ នឹងដេញតាមពួកសត្រូវ១០០នាក់។ អ្នករាល់គ្នា១០០នាក់ នឹងដេញតាមពួកសត្រូវ១០.០០០នាក់ ហើយអ្នករាល់គ្នានឹងសម្លាប់ពួកគេដោយដាវ។+
៩ «‹ខ្ញុំនឹងឲ្យពរដល់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាកើនចំនួនជាច្រើន។+ ខ្ញុំនឹងរក្សាកិច្ចព្រមព្រៀងជាមួយនឹងអ្នករាល់គ្នា។+ ១០ កាលដែលអ្នករាល់គ្នាកំពុងបរិភោគភោគផលដែលសល់ពីឆ្នាំមុននៅឡើយ នោះភោគផលថ្មីក៏មកដល់។ ម្ល៉ោះហើយ អ្នករាល់គ្នានឹងយកភោគផលចាស់ចេញពីឃ្លាំង ដើម្បីមានកន្លែងដាក់ភោគផលថ្មី។ ១១ ខ្ញុំនឹងដាក់ត្រសាលរបស់ខ្ញុំនៅក្នុងចំណោមអ្នករាល់គ្នា+ ហើយខ្ញុំនឹងមិនបោះបង់ចោលអ្នករាល់គ្នាទេ។ ១២ ខ្ញុំនឹងនៅក្នុងចំណោមអ្នករាល់គ្នា ហើយធ្វើជាព្រះរបស់អ្នករាល់គ្នា។+ ឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទៅជារាស្ត្ររបស់ខ្ញុំ។+ ១៣ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ជាអ្នកដែលបាននាំអ្នករាល់គ្នាចេញផុតពីការធ្វើជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីប ហើយខ្ញុំបានបំបាក់នឹមរបស់អ្នករាល់គ្នា រួចធ្វើឲ្យអ្នករាល់ដើរត្រង់ដោយងើបមុខឡើង។
១៤ «‹ប៉ុន្តែ បើអ្នករាល់គ្នាមិនស្ដាប់ខ្ញុំ ឬមិនកាន់តាមបញ្ញត្តិទាំងនេះ+ ១៥ ឬមិនធ្វើតាមច្បាប់របស់ខ្ញុំ+ ឬមើលងាយក្រឹត្យក្រមរបស់ខ្ញុំ ឬមិនកាន់តាមបញ្ញត្តិទាំងអស់របស់ខ្ញុំ ឬបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំ+ ១៦ នោះខ្ញុំនឹងប្រព្រឹត្តទៅលើអ្នករាល់គ្នាដូចតទៅ៖ ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាមានទុក្ខ ហើយដាក់ទោសអ្នករាល់គ្នាឲ្យមានជំងឺរបេង គ្រុនក្ដៅខ្លាំង ភ្នែកស្រវាំង និងខ្សោះកម្លាំង។ អ្នករាល់គ្នានឹងសាបព្រោះដោយឥតប្រយោជន៍ ព្រោះពួកសត្រូវនឹងបរិភោគផលនោះ។+ ១៧ ខ្ញុំនឹងបែរមុខប្រឆាំងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងចាញ់ពួកសត្រូវ។+ ពួកអ្នកដែលស្អប់អ្នករាល់គ្នា នឹងជិះជាន់អ្នករាល់គ្នា+ ហើយអ្នករាល់គ្នានឹងរត់គេចខ្លួន ទោះជាគ្មានអ្នកណាដេញតាមក្ដី។+
១៨ «‹បើអ្នករាល់គ្នានៅតែមិនស្ដាប់ខ្ញុំទៀត នោះខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាលើសមុន៧ដង ព្រោះតែអំពើខុសឆ្គងរបស់អ្នករាល់គ្នា។ ១៩ ខ្ញុំនឹងបំបាក់អំណួតដ៏សម្បើមរបស់អ្នករាល់គ្នា ហើយធ្វើឲ្យមេឃគ្មានភ្លៀង*+ និងដីហួតហែង។* ២០ អ្នករាល់គ្នានឹងខំប្រឹងធ្វើការដោយឥតប្រយោជន៍ ព្រោះដីនឹងមិនបង្កើតផល+ ហើយដើមឈើក្នុងស្រុកនោះក៏នឹងគ្មានផ្លែដែរ។
២១ «‹បើអ្នករាល់គ្នានៅតែរឹងចចេសមិនព្រមស្ដាប់ខ្ញុំទៀត នោះខ្ញុំនឹងវាយប្រហារអ្នករាល់គ្នាលើសមុន៧ដង ស្របទៅតាមអំពើខុសឆ្គងរបស់អ្នករាល់គ្នា។ ២២ ខ្ញុំនឹងបណ្ដាលឲ្យសត្វព្រៃចូលទៅក្នុងស្រុករបស់អ្នករាល់គ្នា+ ពួកវានឹងហែកស៊ីសត្វចិញ្ចឹមនិងកូនចៅរបស់អ្នករាល់គ្នា។+ អ្នករាល់គ្នានឹងមានចំនួនកាន់តែតិចទៅៗ ហើយនៅលើផ្លូវនឹងលែងមានមនុស្សដើរទៀត។+
២៣ «‹ទោះជាមានរឿងទាំងនេះហើយក្ដី បើអ្នករាល់គ្នានៅតែមិនព្រមទទួលការប្រដៅតម្រង់ពីខ្ញុំ+ ហើយនៅតែរឹងទទឹងប្រឆាំងនឹងខ្ញុំទៀត ២៤ នោះខ្ញុំនឹងប្រឆាំងនឹងអ្នករាល់គ្នាវិញ ហើយវាយប្រហារអ្នករាល់គ្នាលើសមុន៧ដង ដោយសារតែអំពើខុសឆ្គងរបស់អ្នករាល់គ្នា។ ២៥ ខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាដោយឲ្យពួកសត្រូវមកវាយប្រហារលើអ្នករាល់គ្នា ព្រោះតែការបំពានលើកិច្ចព្រមព្រៀងរបស់ខ្ញុំ។+ បើអ្នករាល់គ្នារត់ចូលក្នុងក្រុងរបស់ខ្លួន នោះខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាមានជំងឺ+ ហើយប្រគល់អ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃពួកសត្រូវ។+ ២៦ ពេលខ្ញុំបំផ្លាញស្បៀងអាហាររបស់អ្នករាល់គ្នា+ ស្ត្រី១០នាក់នឹងដុតនំប៉័ងនៅក្នុងឡតែ១ ហើយថ្លឹងនំប៉័ងចែកគ្នា។+ ដូច្នេះ អ្នករាល់គ្នានឹងបរិភោគមិនឆ្អែតឡើយ។+
២៧ «‹ទោះជាមានរឿងទាំងនេះហើយក្ដី បើអ្នករាល់គ្នានៅតែមិនស្ដាប់ខ្ញុំ ហើយនៅតែរឹងទទឹងប្រឆាំងនឹងខ្ញុំទៀត ២៨ នោះខ្ញុំនឹងប្រឆាំងនឹងអ្នករាល់គ្នាកាន់តែខ្លាំង+ ហើយដាក់ទោសអ្នករាល់គ្នាលើសមុន៧ដង ព្រោះតែអំពើខុសឆ្គងរបស់អ្នករាល់គ្នា។ ២៩ ហេតុនេះ អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុសស្រីរបស់ខ្លួន។+ ៣០ ខ្ញុំនឹងបំផ្លាញទីខ្ពស់ពិសិដ្ឋរបស់អ្នករាល់គ្នា+ ហើយកាប់រំលំជើងតាំងសម្រាប់ដុតគ្រឿងក្រអូបរបស់អ្នករាល់គ្នា។ រួចប្រមូលសាកសពអ្នករាល់គ្នាដាក់គរលើគំនររូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នករាល់គ្នា+ ហើយខ្ញុំនឹងបែរមុខចេញពីអ្នករាល់គ្នាដោយការស្អប់ខ្ពើម។+ ៣១ ខ្ញុំនឹងបំផ្លាញក្រុងនានារបស់អ្នករាល់គ្នា+ ហើយធ្វើឲ្យកន្លែងបរិសុទ្ធទាំងប៉ុន្មានរបស់អ្នករាល់គ្នាទៅជាស្ងាត់ជ្រងំ។ ខ្ញុំនឹងមិនពេញចិត្តក្លិនឈ្ងុយនៃគ្រឿងបូជារបស់អ្នករាល់គ្នាឡើយ។ ៣២ ខ្ញុំនឹងធ្វើឲ្យស្រុកនោះទៅជាស្ងាត់សូន្យ+ ហើយពួកសត្រូវដែលរស់នៅទីនោះនឹងសម្លឹងមើលស្រុកនោះដោយនឹកហួសចិត្ត។+ ៣៣ ខ្ញុំនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅរស់នៅលើទឹកដីរបស់ប្រជាជាតិនានា+ ហើយខ្ញុំនឹងធ្វើឲ្យពួកសត្រូវលើកដាវវាយប្រហារមកលើអ្នករាល់គ្នា។+ បណ្ដាក្រុងរបស់អ្នករាល់គ្នានឹងត្រូវបំផ្លាញចោល ហើយស្រុកអ្នករាល់គ្នានឹងទៅជាកន្លែងស្ងាត់ជ្រងំ។+
៣៤ «‹នៅគ្រាដែលអ្នករាល់គ្នារស់នៅក្នុងស្រុករបស់ពួកសត្រូវ ដីនឹងត្រូវទុកចោល ហើយសម្រាកទាំងស្រុង ព្រោះដីមិនបានសម្រាកជាយូរមកហើយ។+ ៣៥ ក្នុងអំឡុងគ្រានោះ ដីនឹងត្រូវទុកចោលហើយបានសម្រាក ព្រោះអ្នករាល់គ្នាមិនបានកាន់តាមច្បាប់របស់ខ្ញុំស្ដីអំពីការឈប់សម្រាក ក្នុងកាលដែលអ្នករាល់គ្នារស់នៅលើទឹកដីនោះទេ។
៣៦ «‹នៅលើទឹកដីពួកសត្រូវ ខ្ញុំនឹងធ្វើឲ្យពួកអ្នកដែលរួចជីវិត+ភ័យតក់ស្លុត សូម្បីតែឮសំឡេងស្លឹកឈើបក់ផាត់ដោយខ្យល់ ក៏ពួកគេភ័យស្លន់ស្លោដែរ។ ពួកគេនឹងរត់ដូចជាមានអ្នកណាម្នាក់កាន់ដាវដេញតាមពួកគេ ហើយពួកគេនឹងជំពប់ដួលដោយគ្មានអ្នកដេញតាម។+ ៣៧ ពួកគេនឹងដួលលើគ្នាដូចពួកអ្នកដែលរត់គេចពីពួកសត្រូវ ទោះជាគ្មានអ្នកដេញតាមក៏ដោយ។ អ្នករាល់គ្នានឹងមិនអាចយកឈ្នះពួកសត្រូវបានឡើយ។+ ៣៨ អ្នករាល់គ្នានឹងវិនាសពីចំណោមប្រជាជាតិនានា។+ អ្នករាល់គ្នានឹងវិនាសនៅក្នុងស្រុករបស់ពួកសត្រូវ។ ៣៩ ឯពួកអ្នកដែលនៅសល់ពីចំណោមអ្នករាល់គ្នា ពួកគេនឹងជួបទុក្ខវេទនានៅក្នុងស្រុករបស់ពួកសត្រូវ+ ដោយសារកំហុសរបស់ខ្លួន និងកំហុសរបស់បុព្វបុរសខ្លួន។+ ៤០ រួចមក ពួកគេនឹងសារភាពកំហុសខ្លួន+ ព្រមទាំងសារភាពកំហុសនិងការមិនស្មោះត្រង់របស់បុព្វបុរសពួកគេដែរ។ ពួកគេនឹងទទួលស្គាល់ថាពួកគេបានប្រព្រឹត្តមិនស្មោះត្រង់ដោយរឹងទទឹងប្រឆាំងនឹងខ្ញុំ។+ ៤១ ឯខ្ញុំវិញ ខ្ញុំប្រឆាំងនឹងពួកគេ+ដោយនាំពួកគេទៅក្នុងស្រុករបស់ពួកសត្រូវ។+
«‹ក្រោយនោះ ពួកគេប្រហែលជានឹងលែងមានចិត្តរឹងចចេសតទៅទៀត។+ ពួកគេនឹងទទួលទោសដោយសារកំហុសរបស់ខ្លួន។ ៤២ ពេលនោះ ខ្ញុំនឹងចាំនូវកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងអាប្រាហាំ+ អ៊ីសាក+ និងយ៉ាកុប+ ហើយខ្ញុំក៏ចាំពីស្រុកនោះផងដែរ។ ៤៣ ពេលដែលស្រុកនោះបានត្រូវបោះបង់ចោល ស្រុកនោះនឹងបានសម្រាក+ ហើយនៅទំនេរ គឺកាលដែលពួកគេកំពុងទទួលទោស ដោយសារពួកគេបានមើលងាយក្រឹត្យក្រមរបស់ខ្ញុំ និងស្អប់ខ្ពើមបញ្ញត្តិរបស់ខ្ញុំ។+ ៤៤ ប៉ុន្តែ ទោះជាមានរឿងទាំងនោះក៏ដោយ ក៏ខ្ញុំមិនបោះបង់ចោលពួកគេក្នុងកាលដែលពួកគេរស់នៅក្នុងស្រុករបស់សត្រូវទេ+ ហើយខ្ញុំក៏មិនបំផ្លាញពួកគេឲ្យសាបសូន្យដែរ។ បើមិនដូច្នោះទេ ខ្ញុំបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំជាមួយនឹងពួកគេហើយ។+ ព្រោះខ្ញុំគឺយេហូវ៉ាជាព្រះរបស់ពួកគេ។ ៤៥ ខ្ញុំនឹងយល់ដល់ពួកគេ ដោយសារខ្ញុំនឹកឃើញកិច្ចព្រមព្រៀងជាមួយនឹងបុព្វបុរសរបស់ពួកគេ+ ដែលខ្ញុំបាននាំចេញពីស្រុកអេហ្ស៊ីបនៅមុខប្រជាជាតិនានា+ ដើម្បីបង្ហាញថាខ្ញុំជាព្រះរបស់ពួកគេ។ ខ្ញុំគឺយេហូវ៉ា›»។
៤៦ នេះហើយជាច្បាប់ បញ្ញត្តិ និងការសម្រេចក្ដីដែលព្រះយេហូវ៉ាបានធ្វើជាមួយនឹងបណ្ដាជនអ៊ីស្រាអែលនៅភ្នំស៊ីណាយ តាមរយៈម៉ូសេ។+