អេសាយ
៤៤ «ឱយ៉ាកុបជាអ្នកបម្រើខ្ញុំអើយ! សូមស្ដាប់ចុះ។
ឱអ៊ីស្រាអែលជាអ្នកដែលខ្ញុំបានជ្រើសរើសអើយ!+ សូមត្រងត្រាប់ស្ដាប់។
២ ព្រះយេហូវ៉ាជាអ្នកបង្កើតអ្នកនិងដែលបានសូនអ្នក+
លោកបានជួយអ្នកតាំងពីអ្នកនៅក្នុងផ្ទៃ។* លោកមានប្រសាសន៍ថា៖
‹ឱយ៉ាកុបជាអ្នកបម្រើខ្ញុំអើយ! ចូរកុំភ័យខ្លាចឡើយ+
ឱយេសឺរុន*+ជាអ្នកដែលខ្ញុំបានជ្រើសរើសអើយ! ចូរកុំតក់ស្លុតឲ្យសោះ។
ខ្ញុំនឹងចាក់ឫទ្ធានុភាពរបស់ខ្ញុំទៅលើពូជពង្សអ្នក+
ព្រមទាំងចាក់ពរទៅលើកូនចៅរបស់អ្នកផងដែរ។
៤ ពួកគេនឹងលូតលាស់ឡើងដូចជាស្មៅខៀវខ្ចី+
និងដូចជាដើមផប់ផ្លឺដុះនៅតាមផ្លូវទឹក។
៥ ម្នាក់នឹងនិយាយថា៖ «ខ្ញុំជារបស់ព្រះយេហូវ៉ា»។+
រីឯម្នាក់ទៀត គាត់នឹងហៅខ្លួនតាមឈ្មោះយ៉ាកុប
ចំណែកម្នាក់ទៀត គាត់នឹងសរសេរនៅដៃខ្លួនថា៖ «ខ្ញុំជាកម្មសិទ្ធិរបស់ព្រះយេហូវ៉ា»
ហើយគាត់នឹងហៅខ្លួនតាមឈ្មោះអ៊ីស្រាអែល›។
៦ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌
គឺជាមហាក្សត្រនៃអ៊ីស្រាអែល+ និងជាអ្នកលោះគាត់។+ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ខ្ញុំជាបុគ្គលដំបូងបង្អស់ និងជាបុគ្គលចុងក្រោយបង្អស់។+
ក្រៅពីខ្ញុំ គ្មានព្រះណាទៀតឡើយ។+
៧ តើមានអ្នកណាដូចខ្ញុំ?+
បើមាន ចូរឲ្យគាត់ស្រែកឡើង ឲ្យគាត់រៀបរាប់មក ហើយបង្ហាញភ័ស្តុតាងដល់ខ្ញុំផង!+ តាំងពីពេលដែលខ្ញុំស្ថាបនាប្រជាជាតិនៅសម័យមុន
តើធ្លាប់មានអ្នកណាអាចប្រាប់អំពីអ្វីដែលហៀបនឹងកើតឡើង
ព្រមទាំងអ្វីដែលនឹងកើតឡើងនៅគ្រាអនាគតខាងមុខឬទេ?
៨ រាស្ត្រខ្ញុំអើយ! ចូរកុំភ័យខ្លាចឡើយ ហើយក៏កុំតក់ស្លុតនិងភាំងស្មារតីដែរ។+
ខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាអំពីការទាំងនោះជាមុនហើយ មែនទេ?
អ្នករាល់គ្នាជាសាក្សីរបស់ខ្ញុំ។+ ក្រៅពីខ្ញុំ តើមានព្រះណាទៀតឬ?
គ្មានទេ! គឺគ្មានថ្មដាណាទៀតឡើយ+ ខ្ញុំមិនស្គាល់ណាមួយសោះ›»។
៩ អស់អ្នកដែលឆ្លាក់ធ្វើរូបព្រះ គឺជាមនុស្សឥតបានការទេ
ហើយរូបឆ្លាក់ដែលពួកគេឲ្យតម្លៃនោះ ក៏ឥតប្រយោជន៍ដែរ។+
ក្នុងនាមជាសាក្សី ពួកគេ*មើលមិនឃើញ ហើយក៏មិនដឹងអ្វីឡើយ។+
ដូច្នេះ អស់អ្នកដែលធ្វើរូបព្រះទាំងនោះនឹងត្រូវអាម៉ាស់មុខជាមិនខាន។+
១០ គ្មាននរណានឹងធ្វើរូបព្រះ
ឬរូបសិតដែលឥតប្រយោជន៍បែបនេះទេ មែនទេ?+
១១ មើល! អស់អ្នកដែលចូលរួមធ្វើរូបទាំងនោះនឹងត្រូវបាក់មុខ!+
ពួកជាងទាំងនោះគ្រាន់តែជាមនុស្សប៉ុណ្ណោះ។
ចូរឲ្យពួកគេប្រមូលគ្នាមកឈរចុះ។
ពួកគេនឹងភ័យខ្លាច ហើយអាម៉ាស់មុខទាំងអស់គ្នា។
១២ ជាងដែកគាបដែកយកទៅដុតនៅក្នុងភ្លើង
រួចយកញញួរដំពត់ដែកនោះ ដោយអស់ពីកម្លាំងដៃដ៏ខ្លាំងរបស់គាត់។+
បន្ទាប់មក គាត់ឃ្លាន ហើយអស់កម្លាំង គាត់ក៏ស្រេកទឹក ហើយខ្សោយទៅ។
១៣ ឯជាងឈើវិញ គាត់យកខ្សែមកវាស់ដុំឈើ ហើយយកដីសពណ៌ក្រហមមកគូសឲ្យចេញជារូបរាង។
បន្ទាប់មក គាត់យកពន្លាកមកដាប់ឈើនោះ ហើយគូសជារាងដោយប្រើដែកឈាន។
គាត់ឆ្លាក់តាមរូបរាង និងភិនភាគដូចមនុស្ស+ រួចយកទៅតម្កល់នៅក្នុងផ្ទះ។*+
១៤ មានបុគ្គលម្នាក់ជាអ្នកកាប់ដើមស៊ីដារ
គាត់ជ្រើសរើសយកដើមឈើមួយប្រភេទ គឺជាដើមអុក
ហើយទុកឲ្យវាដុះធំឡើងជាមួយនឹងដើមឈើឯទៀតនៅក្នុងព្រៃ។+
គាត់ក៏ដាំដើមអូរ៉េលមួយដើមដែរ ហើយដោយសារទឹកភ្លៀងវាបានដុះលូតលាស់ឡើង។
១៥ ក្រោយមក គេយកដើមឈើនោះមកធ្វើជាអុស។
គាត់បានយកឈើមួយផ្នែកមកដុតដើម្បីកម្ដៅខ្លួន
ហើយមួយផ្នែកទៀតយកមកដុតចម្អិនអាហារ។
ឯមួយផ្នែកដែលនៅសល់ គាត់យកមកធ្វើជារូបព្រះដើម្បីគោរពបូជា
គឺគាត់ឆ្លាក់ធ្វើជារូបព្រះ ហើយក្រាបគោរពនៅចំពោះរូបនោះ។+
១៦ យ៉ាងនេះ គាត់យកឈើពាក់កណ្ដាលធ្វើជាអុសដុត
ហើយអាំងសាច់ជាអាហារ រួចគាត់បរិភោគឆ្អែតស្កប់ស្កល់ទៅ។
កាលដែលគាត់កំពុងកម្ដៅខ្លួន គាត់និយាយថា៖
«ខ្ញុំអាំងភ្លើងក្ដៅស្រួលណាស់»។
១៧ ឯឈើពាក់កណ្ដាលទៀត គាត់យកមកឆ្លាក់ធ្វើជារូបព្រះទុកសម្រាប់ខ្លួន។
រួចគាត់ក្រាបគោរពនៅចំពោះរូបនោះ ហើយអធិដ្ឋានទៅរូបនោះថា៖
«សូមសង្គ្រោះខ្ញុំផង ព្រោះលោកជាព្រះរបស់ខ្ញុំ»។+
១៨ ពួកគេឥតដឹងអ្វីសោះ ហើយក៏មិនយល់អ្វីដែរ+
ព្រោះភ្នែករបស់ពួកគេបានត្រូវបិទជិត មិនអាចមើលឃើញទេ
ហើយចិត្តរបស់ពួកគេមិនចេះពិចារណាឡើយ។
១៩ គ្មាននរណាម្នាក់មានចំណេះឬការយល់ដឹង
ហើយគិតវែកញែកក្នុងចិត្តថា៖
«ឈើពាក់កណ្ដាល ខ្ញុំបានយកមកធ្វើជាអុសដុត
ចម្អិនអាហារ ហើយអាំងសាច់បរិភោគ។
បើដូច្នេះ តើខ្ញុំគួរយកឈើដែលនៅសល់មកធ្វើជារបស់ដែលគួរឲ្យស្អប់ខ្ពើមបែបនេះឬ?+ តើខ្ញុំគួរគោរពបូជាដុំឈើនេះឬ?»។
២០ បុគ្គលនោះប្រៀបដូចជាបរិភោគផេះតែម្ដង។
ចិត្តរបស់គាត់បានត្រូវបញ្ឆោត ហើយបាននាំឲ្យខ្លួនវង្វេង។
គាត់មិនអាចសង្គ្រោះខ្លួនឯងបានទេ ហើយក៏មិនទទួលស្គាល់ថា
ខ្លួនកំពុងកាន់របស់ឥតប្រយោជន៍ដែរ។
២១ «ឱយ៉ាកុបអើយ! ចូរនឹកចាំអំពីរឿងនេះ។ ឱអ៊ីស្រាអែលអើយ! អ្នកក៏ត្រូវនឹកចាំដែរ ព្រោះអ្នកជាអ្នកបម្រើខ្ញុំ។
ខ្ញុំបានសូនអ្នក ហើយអ្នកជាអ្នកបម្រើរបស់ខ្ញុំ។+
ឱអ៊ីស្រាអែលអើយ! ខ្ញុំនឹងមិនភ្លេចអ្នកទេ។+
២២ ខ្ញុំនឹងលុបអំពើរំលងរបស់អ្នកដោយពពក+
ហើយគ្របបាំងអំពើខុសឆ្គងរបស់អ្នកដោយពពកយ៉ាងក្រាស់។
ចូរត្រឡប់មករកខ្ញុំវិញចុះ ព្រោះខ្ញុំនឹងលោះអ្នក។+
២៣ ឱមេឃ*អើយ! ចូរស្រែកឡើងដោយអំណរ
ព្រោះព្រះយេហូវ៉ាបានចាត់វិធានការហើយ!
ឱទីជម្រៅនៃផែនដីអើយ! ចូរស្រែកអបអរ!
ឱភ្នំទាំងឡាយអើយ! ចូរស្រែកហ៊ោឡើង!+
ឱព្រៃព្រឹក្សានិងដើមឈើទាំងឡាយអើយ! ចូរស្រែកអរសប្បាយចុះ!
ព្រោះព្រះយេហូវ៉ាបានលោះយ៉ាកុបហើយ
លោកបានបង្ហាញសិរីរុងរឿងទៅលើអ៊ីស្រាអែល»។+
២៤ ព្រះយេហូវ៉ាជាអ្នកលោះអ្នក+
ហើយបានសូនអ្នកកាលដែលអ្នកនៅក្នុងផ្ទៃនៅឡើយ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំគឺយេហូវ៉ា ជាអ្នកដែលបានបង្កើតរបស់សព្វសារពើ។
ខ្ញុំបានត្រដាងមេឃដោយខ្លួនខ្ញុំផ្ទាល់+ ហើយក៏បានលាតសន្ធឹងផែនដីដែរ។+
នៅពេលនោះ តើនរណានៅជាមួយនឹងខ្ញុំ?
២៥ ខ្ញុំនឹងធ្វើឲ្យសញ្ញាសម្គាល់របស់ពួកអ្នកប្រកាសទំនាយមិនពិតទៅជាអសារឥតការ
ខ្ញុំធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់+ ហើយបំភាន់ពួកអ្នកប្រាជ្ញ
ព្រមទាំងធ្វើឲ្យចំណេះរបស់ពួកគេប្រែទៅជាការល្ងង់ខ្លៅវិញ។+
២៦ ខ្ញុំនឹងធ្វើឲ្យពាក្យរបស់អ្នកបម្រើខ្ញុំក្លាយទៅជាការពិត
រីឯការប្រកាសទុកជាមុនរបស់ពួកអ្នកនាំសាររបស់ខ្ញុំ ក៏នឹងកើតឡើងទាំងអស់ដែរ។+
ខ្ញុំនឹងនិយាយអំពីក្រុងយេរូសាឡិមថា៖ ‹ក្រុងនេះនឹងមានមនុស្សរស់នៅ›+
ខ្ញុំក៏និយាយអំពីបណ្ដាក្រុងក្នុងស្រុកយូដាថា៖ ‹ក្រុងទាំងនេះនឹងត្រូវសង់ឡើងវិញ។+ ចំណែកសំណង់បាក់បែកទាំងប៉ុន្មាន ខ្ញុំនឹងធ្វើឡើងសាជាថ្មី›។+
២៧ ខ្ញុំជាអ្នកដែលនិយាយទៅកាន់ជម្រៅទឹកថា៖ ‹ចូរហួតហែងទៅ
ហើយខ្ញុំនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតអស់ដែរ›។+
២៨ ខ្ញុំនឹងនិយាយអំពីស៊ីរូស+ថា៖ ‹គាត់ជាគង្វាលរបស់ខ្ញុំ
គាត់នឹងធ្វើតាមបំណងប្រាថ្នារបស់ខ្ញុំទាំងស្រុង›។+
ខ្ញុំនឹងនិយាយអំពីក្រុងយេរូសាឡិមថា៖ ‹ក្រុងនេះនឹងត្រូវសង់ឡើងវិញ›
ហើយនិយាយអំពីវិហារថា៖ ‹គ្រឹះវិហារនឹងត្រូវដាក់ម្ដងទៀត›»។+