អេសាយ
៤០ ព្រះរបស់អ្នករាល់គ្នាមានប្រសាសន៍ថា៖ «ចូរសម្រាលទុក្ខរាស្ត្ររបស់ខ្ញុំ។+
២ ចូរនិយាយសម្រាលទុក្ខក្រុងយេរូសាឡិម
ហើយប្រកាសថាកិច្ចការធ្ងន់ដែលនាងត្រូវធ្វើ បានចប់សព្វគ្រប់ហើយ
និងប្រកាសថាទោសរបស់នាងបានត្រូវបង់រួចហើយ។+
នាងក៏បានទទួលទោសយ៉ាងពេញលេញ*ពីព្រះយេហូវ៉ាដែរ»។+
៣ មានសំឡេងមនុស្សម្នាក់ស្រែកប្រកាសនៅតំបន់ស្ងាត់ជ្រងំថា៖
«ចូររៀបចំផ្លូវទទួលព្រះយេហូវ៉ា!+
ចូរធ្វើឲ្យមានផ្លូវធំត្រង់+ភ្លឹងកាត់តាមតំបន់ស្ងាត់ជ្រងំ សម្រាប់ព្រះនៃយើង។+
៤ ចូរលុបជ្រលងទាំងអស់ ហើយពង្រាបគ្រប់ភ្នំគ្រប់ទួលឲ្យរាបស្មើ។
ឯដីក្រហេងក្រហូង ត្រូវចាក់បំពេញឲ្យស្មើ ហើយដីរដិបរដុប ត្រូវធ្វើឲ្យរាបចុះ។+
៥ នៅគ្រានោះ សិរីរុងរឿងរបស់ព្រះយេហូវ៉ានឹងត្រូវបង្ហាញ+
ហើយមនុស្សទាំងអស់នឹងមើលឃើញ+
ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ហើយ»។
៦ មានមនុស្សម្នាក់បង្គាប់ថា៖ «ចូរស្រែកឡើង!»
ហើយម្នាក់ទៀតសួរថា៖ «តើខ្ញុំគួរស្រែកអំពីអ្វី?»។
«មនុស្សទាំងឡាយគឺប្រៀបដូចជាស្មៅខៀវខ្ចី។
ឯសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ពួកគេ គឺប្រៀបដូចជាផ្ការីកនៅឯវាល។+
៧ ស្មៅខៀវខ្ចីបានក្រៀមស្វិតទៅ
ឯផ្ការីកក៏បានស្រពោនទៅដែរ+ ដោយសារខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ា។+
បណ្ដាជនប្រៀបបាននឹងស្មៅខៀវខ្ចីពិតប្រាកដមែន។
៨ ស្មៅខៀវខ្ចីតែងក្រៀមស្វិតទៅ ឯផ្ការីកក៏តែងស្រពោនទៅដែរ
ប៉ុន្តែ បណ្ដាំរបស់ព្រះនៃយើងនៅស្ថិតស្ថេរជាដរាប»។+
៩ ឱស្ត្រីដែលនាំដំណឹងល្អមកក្រុងស៊ីយ៉ូនអើយ!+ ចូរឡើងលើភ្នំខ្ពស់ទៅ!
ឱស្ត្រីដែលនាំដំណឹងល្អមកក្រុងយេរូសាឡិមអើយ!
ចូរបន្លឺសំឡេងឡើងយ៉ាងខ្លាំង! ចូរស្រែកឡើង ហើយកុំខ្លាចឡើយ។
ចូរប្រកាសដល់បណ្ដាក្រុងក្នុងស្រុកយូដាថា៖ «នេះជាព្រះរបស់អ្នករាល់គ្នា»។+
១០ មើល! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតនឹងមកដោយឫទ្ធានុភាពខ្លាំងក្លា
ហើយដៃរបស់លោកនឹងគ្រប់គ្រង។+
មើល! រង្វាន់របស់លោកនៅជាមួយនឹងលោកហើយ
ឯប្រាក់ឈ្នួលដែលលោកបង់ ក៏នៅចំពោះមុខលោកដែរ។+
១១ ដូចគង្វាល លោកនឹងមើលថែហ្វូងចៀមរបស់លោក+
លោកនឹងប្រមូលកូនចៀមដោយដៃលោកផ្ទាល់ ហើយបីពួកវានៅក្បែរដើមទ្រូង។
លោកនឹងនាំមេចៀមដែលមានកូនតូចដើរដោយថ្នមៗ។+
១២ តើនរណាអាចវាល់ទឹកសមុទ្រទាំងអស់ក្នុងទូកដៃបាន?+
តើនរណាអាចវាស់មេឃដោយចំអាមដៃ*បាន?
តើនរណាអាចប្រមូលធូលីដីទាំងអស់នៅផែនដីមកដាក់ក្នុងរង្វាល់បាន?+
តើនរណាអាចថ្លឹងភ្នំទាំងឡាយបាន?
តើនរណាអាចលើកទីទួលទាំងប៉ុន្មានដាក់លើជញ្ជីង?
១៣ តើនរណាអាចវាស់ស្ទង់*ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបាន?
តើនរណាអាចធ្វើជាទីប្រឹក្សារបស់លោកទៅ?+
១៤ តើអ្នកណាអាចឲ្យយោបល់ដល់លោកដើម្បីលោកមានការយល់ដឹង?
តើអ្នកណាអាចបង្រៀនលោកអំពីផ្លូវយុត្តិធម៌?
តើអ្នកណាអាចផ្ដល់ចំណេះដល់លោកបាន?
តើអ្នកណាអាចបង្ហាញលោកនូវផ្លូវនៃការយល់ដឹងពិត?+
១៥ មើល! ប្រជាជាតិទាំងឡាយប្រៀបដូចជាទឹកមួយតំណក់ក្នុងធុង
ហើយប្រៀបដូចជាធូលីនៅលើថាសជញ្ជីង។+
មើល! លោកលើកកោះទាំងប៉ុន្មានដូចលម្អងធូលី។
១៦ សូម្បីតែដើមឈើនៅតំបន់ភ្នំលីបង់ ក៏មិនមានល្មមសម្រាប់ដុតផង
ហើយសត្វព្រៃនៅទីនោះ ក៏មិនមានគ្រប់គ្រាន់ដើម្បីជូនជាគ្រឿងបូជាដុតដែរ។
១៧ នៅចំពោះមុខលោក ប្រជាជាតិទាំងឡាយមិនជាអ្វីសោះ+
លោកចាត់ទុកពួកគេដូចជាទទេសុទ្ធសាធ គ្មានន័យអ្វីឡើយ។+
១៨ តើអ្នករាល់គ្នាអាចប្រៀបផ្ទឹមព្រះទៅនឹងអ្នកណា?+
តើអ្នករាល់គ្នាអាចប្រៀបប្រដូចលោកទៅនឹងអ្វី?+
១៩ ជាងម្នាក់ឆ្លាក់រូបព្រះ* ហើយស្រោបរូបនោះដោយមាស+ រួចភ្ជាប់នឹងខ្សែប្រាក់។
២០ បុគ្គលម្នាក់ជ្រើសរើសឈើមួយប្រភេទទុកជូនជាអំណោយ+ ជាឈើដែលមិនចេះពុក។
រួចគាត់ស្វែងរកជាងជំនាញម្នាក់ ដើម្បីឆ្លាក់រូបមួយដ៏មាំដែលមិនងាយរលំ។+
២១ តើអ្នកមិនបានដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬ?
តាំងពីដំបូងមក តើគ្មានអ្នកណាប្រាប់អ្នកទេឬ?
តាំងពីដាក់គ្រឹះផែនដី តើអ្នកមិនបានយល់ទេឬ?+
លោកលាតសន្ធឹងផ្ទៃមេឃដូចជាលាស្បៃ
ហើយត្រដាងលំហអាកាសដូចជាត្រដាងត្រសាល។+
២៣ លោកដកតំណែងពួកមន្ត្រីជាន់ខ្ពស់
ហើយធ្វើឲ្យចៅក្រម*ទាំងឡាយនៅផែនដី លែងមានតម្លៃទៀត។
២៤ ពួកគេប្រៀបដូចជាដំណាំដែលទើបតែដាំ
និងប្រៀបដូចជាគ្រាប់ពូជដែលទើបតែសាបព្រោះ
កាលមិនទាន់ចាក់ឫសក្នុងដីផង
ស្រាប់តែខ្យល់បក់បោកមកលើ ធ្វើឲ្យក្រៀមស្វិតទៅ
រួចបក់ផាត់នាំទៅដូចជាចំបើង។+
២៥ «តើអ្នករាល់គ្នាអាចប្រៀបផ្ទឹមខ្ញុំឲ្យស្មើនឹងអ្នកណា?»។ នេះជាប្រសាសន៍របស់ព្រះដ៏បរិសុទ្ធ។
គឺជាលោកដែលបាននាំអ្វីទាំងនោះចេញមកតាមចំនួនដូចជាកងទ័ព
លោកហៅអ្វីទាំងនោះតាមឈ្មោះនីមួយៗ។+
ដោយសារថាមពលដែលគ្មានកម្រិត និងដោយសារឫទ្ធានុភាពដ៏ខ្លាំងក្លានិងគួរឲ្យស្ញប់ស្ញែងរបស់លោក+ គឺគ្មានណាមួយបាត់ឡើយ។
២៧ ឱយ៉ាកុបអើយ! ម្ដេចក៏និយាយថា៖
‹ផ្លូវរបស់ខ្ញុំបានត្រូវលាក់ពីព្រះយេហូវ៉ាហើយ›?
ឱអ៊ីស្រាអែលអើយ! ម្ដេចក៏ប្រកាសថា៖
‹ខ្ញុំមិនបានទទួលយុត្តិធម៌ពីលោក›ដូច្នេះ?+
២៨ តើអ្នករាល់គ្នាមិនបានដឹងទេឬ? តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ?
ព្រះយេហូវ៉ាជាអ្នកបង្កើតផែនដីនិងរបស់សព្វសារពើ គឺជាព្រះដែលមានជីវិតជារៀងរហូត។+ លោកមិនដែលអស់កម្លាំងឬល្វើយទេ។+
ឯប្រាជ្ញា*របស់លោក គ្មានអ្នកណាអាចវាស់ស្ទង់បានឡើយ។+
២៩ លោកផ្ដល់កម្លាំងដល់អ្នកដែលល្វើយ
ហើយចំពោះអ្នកដែលខ្សោយ* លោកផ្ដល់កម្លាំងខ្លាំងក្លាដល់ពួកគេ។+
៣០ ក្មេងប្រុសៗនឹងអស់កម្លាំង ហើយល្ហិតល្ហៃទៅ
ឯពួកយុវជននឹងជំពប់ ហើយដួលចុះ។
៣១ ប៉ុន្តែ អស់អ្នកដែលសង្ឃឹមលើព្រះយេហូវ៉ា នឹងទទួលកម្លាំងឡើងវិញ។
ពួកគេនឹងត្រដាងស្លាបហោះដូចជាឥន្ទ្រី។+
ពួកគេនឹងរត់ ហើយមិនចេះហត់ទេ
ពួកគេនឹងដើរ ហើយក៏មិនចេះអស់កម្លាំងដែរ»។+