ភាគ១៦
មេស្ស៊ីមកដល់
ព្រះយេហូវ៉ាបង្ហាញឲ្យស្គាល់ថាលោកយេស៊ូពីក្រុងណាសារ៉ែតជាមេស្ស៊ីដែលបានត្រូវសន្យាជាយូរមកហើយ
តើព្រះយេហូវ៉ានឹងជួយមនុស្សឲ្យស្គាល់មេស្ស៊ីដែលបានត្រូវសន្យាឬទេ? មែនហើយ។ ចូរពិចារណាអំពីអ្វីដែលព្រះបានធ្វើ។ នេះបានកើតឡើងបួនរយឆ្នាំក្រោយពីបទគម្ពីរភាសាហេប្រឺបានត្រូវសរសេរចប់។ នៅក្រុងមួយឈ្មោះណាសារ៉ែត ដែលស្ថិតក្នុងតំបន់ខាងជើងនៃស្រុកកាលីឡេ ស្ត្រីម្នាក់ឈ្មោះម៉ារៀបានទទួលភ្ញៀវដ៏ចម្លែកបំផុតមួយ។ ទេវតាមួយឈ្មោះកាព្រីយ៉ែលបានលេចមកឲ្យនាងឃើញ ហើយបានប្រាប់នាងថាព្រះនឹងប្រើសកម្មពលបរិសុទ្ធ ដើម្បីបណ្ដាលឲ្យនាងមានផ្ទៃពោះ ហើយបង្កើតកូនប្រុសមួយ ថ្វីបើនាងជាស្ត្រីក្រមុំបរិសុទ្ធក៏ដោយ។ បុត្រនេះនឹងក្លាយទៅជាស្តេចដែលព្រះបានសន្យាជាយូរមកហើយ ជាអ្នកដែលនឹងគ្រប់គ្រងជារៀងរហូត! បុត្រនេះគឺជាបុត្រផ្ទាល់របស់ព្រះ ដែលព្រះបានផ្ទេរជីវិតពីស្ថានសួគ៌ទៅក្នុងស្បូនរបស់ម៉ារៀ។
ដោយចិត្តរាបទាប ម៉ារៀបានទទួលយកភារកិច្ចដ៏អស្ចារ្យនេះ។ គូដណ្ដឹងរបស់នាងឈ្មោះយ៉ូសែបជាជាងឈើក៏បានរៀបការជាមួយនឹងនាង ក្រោយពីព្រះចាត់ទេវតាមួយមកពង្រឹងទំនុកចិត្តថា ម៉ារៀមានផ្ទៃពោះដោយសារព្រះផ្ទេរជីវិតរបស់បុត្រលោកមកក្នុងស្បូននាង។ ប៉ុន្តែ ចុះទំនាយដែលថា មេស្ស៊ីនឹងត្រូវកើតនៅក្រុងបេថ្លេហិមយ៉ាងណាដែរ? (មីកា ៥:១) ក្រុងតូចនោះគឺមានចម្ងាយប្រហែល១៤០គីឡូម៉ែត្រពីក្រុងណាសារ៉ែត!
អ្នកគ្រប់គ្រងជាតិរ៉ូមម្នាក់ចេញក្រឹត្យឲ្យជំរឿនមនុស្ស។ បណ្ដាជនត្រូវទៅចុះបញ្ជីនៅតាមក្រុងកំណើតរៀងៗខ្លួន។ តាមមើលទៅ យ៉ូសែបនិងម៉ារៀបានកើតនៅក្រុងបេថ្លេហិម ដូច្នេះ ពួកគាត់ត្រូវធ្វើដំណើរទៅក្រុងនោះ។ (លូកា ២:៣) ម៉ារៀបានសម្រាលកូនប្រុសមួយនៅក្នុងក្រោលសត្វ រួចផ្ដេកក្នុងស្នូក។ រួចមក ព្រះចាត់ទេវតាជាច្រើនឲ្យប្រាប់គង្វាលចៀមមួយក្រុមនៅជម្រាលភ្នំថា បុត្រដែលទើបនឹងកើតគឺជាមេស្ស៊ី ឬគ្រិស្តដែលបានត្រូវសន្យា។
ក្រោយមក មនុស្សឯទៀតក៏បានបញ្ជាក់ថា លោកយេស៊ូគឺជាមេស្ស៊ីដែលបានត្រូវសន្យានោះ។ អ្នកប្រកាសទំនាយឈ្មោះអេសាយបានប្រាប់ថា នឹងមានបុរសម្នាក់មករៀបចំផ្លូវសម្រាប់កិច្ចការដ៏សំខាន់របស់មេស្ស៊ី។ (អេសាយ ៤០:៣) អ្នករៀបចំផ្លូវនោះគឺយ៉ូហានដែលជាអ្នកជ្រមុជទឹក។ នៅពេលដែលគាត់ឃើញលោកយេស៊ូ គាត់បានលាន់មាត់ថា៖ «មើលហ្ន៎! កូនចៀមរបស់ព្រះ ដែលដកយកភាពខុសឆ្គងរបស់ពិភពលោកចេញ!»។ អ្នកកាន់តាមយ៉ូហានខ្លះក៏ដើរតាមលោកយេស៊ូភ្លាម។ ម្នាក់ក្នុងចំណោមពួកគេបានពោលថា៖ «យើងរកឃើញមេស្ស៊ីហើយ»។—យ៉ូហាន ១:២៩, ៣៦, ៤១
មានការបញ្ជាក់ថែមទៀតដែរ។ នៅពេលដែលយ៉ូហានជ្រមុជទឹកឲ្យលោកយេស៊ូ ព្រះយេហូវ៉ាបានមានប្រសាសន៍ពីលើមេឃ។ តាមរយៈសកម្មពលបរិសុទ្ធ ព្រះយេហូវ៉ាបានរើសតាំងលោកយេស៊ូជាមេស្ស៊ី ហើយមានប្រសាសន៍ថា៖ «នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។ (ម៉ាថាយ ៣:១៦, ១៧) មេស្ស៊ីដែលបានត្រូវសន្យាជាយូរមកហើយបានមកដល់!
តើនេះបានកើតឡើងនៅពេលណា? គឺនៅឆ្នាំ២៩ គ.ស. ចំពេល៤៨៣ឆ្នាំដែលដានីយ៉ែលបានទាយទុក បានចប់។ នេះជាផ្នែកនៃទីសំអាងដែលមិនអាចប្រកែកបានថាលោកយេស៊ូគឺជាមេស្ស៊ី ឬគ្រិស្ត។ ប៉ុន្តែ តើលោកនឹងប្រកាសអំពីអ្វីពេលលោកនៅលើផែនដី?
—មានមូលដ្ឋានលើសៀវភៅម៉ាថាយ ជំពូកទី១ដល់ជំពូកទី៣ ម៉ាកុស ជំពូកទី១ លូកា ជំពូកទី២ យ៉ូហាន ជំពូកទី១។