ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកាឡាទី
២ លុះ១៤ឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិមម្ដងទៀតជាមួយនឹងបាណាបាស+ ហើយខ្ញុំក៏បាននាំទីតុសទៅជាមួយដែរ។+ ២ ខ្ញុំបានឡើងទៅដោយសារអ្វីដែលបានត្រូវបើកបង្ហាញដល់ខ្ញុំ។ រួចមក ខ្ញុំបានរៀបរាប់ប្រាប់ពួកបុរសដែលនាំមុខក្នុងក្រុមជំនុំអំពីដំណឹងល្អដែលខ្ញុំផ្សព្វផ្សាយដល់ជនជាតិដទៃ។ ខ្ញុំបានប្រាប់ពួកគាត់ដោយឡែកពីគេ ដើម្បីឲ្យប្រាកដថាកិច្ចបម្រើដែលខ្ញុំបានបំពេញ និងកំពុងបំពេញ មិនមែនឥតប្រយោជន៍ឡើយ។ ៣ នៅពេលនោះ សូម្បីតែទីតុស+ដែលនៅជាមួយនឹងខ្ញុំ ក៏មិនបានត្រូវបង្ខំឲ្យទទួលការកាត់ចុងស្បែក*ដែរ+ ទោះជាគាត់ជាជនជាតិក្រិចក៏ដោយ។ ៤ ប៉ុន្តែ បញ្ហានេះកើតឡើងដោយសារបងប្អូនក្លែងក្លាយដែលបានចូលមកដោយសម្ងាត់+ គឺពួកគេបានលួចបន្លំចូលឃ្លាំមើលក្នុងបំណងរកវិធីបំផ្លាញសេរីភាព+ដែលយើងមានក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ ដើម្បីធ្វើឲ្យយើងទៅជាខ្ញុំបម្រើដាច់ថ្លៃ។+ ៥ ប៉ុន្តែ យើងមិនព្រមចុះចូលនឹងពួកគេឡើយ+ សូម្បីតែមួយភ្លែត ព្រោះយើងចង់ឲ្យសេចក្ដីពិតនៃដំណឹងល្អនៅជាប់ជាមួយនឹងអ្នករាល់គ្នាជានិច្ច។
៦ ចំណែកពួកអ្នកដែលមើលទៅដូចជាមនុស្សសំខាន់ក្នុងក្រុមជំនុំ+ តាមពិតពួកគាត់មិនបានបន្ថែមចំណេះឲ្យខ្ញុំសោះ។ ទោះជាពីមុនពួកគាត់ជាអ្វីក៏ដោយ នោះមិនសំខាន់ចំពោះខ្ញុំទេ ពីព្រោះព្រះមិនរើសមុខអ្នកណាម្នាក់ឡើយ។* ៧ ផ្ទុយទៅវិញ ពួកគាត់បានឃើញថាដំណឹងល្អសម្រាប់ជនជាតិដទៃ*+បានត្រូវប្រគល់មកខ្ញុំ ដូចដំណឹងល្អសម្រាប់ជនជាតិយូដា*បានត្រូវប្រគល់ទៅពេត្រុសដែរ ៨ ព្រោះលោកដែលបានឲ្យអំណាចដល់ពេត្រុសដើម្បីធ្វើជាសាវ័កសម្រាប់ពួកអ្នកដែលបានទទួលការកាត់ចុងស្បែក ក៏បានឲ្យអំណាចដល់ខ្ញុំដើម្បីធ្វើជាសាវ័កសម្រាប់ជនជាតិដទៃដែរ។+ ៩ ដូច្នេះ ពួកគាត់បានទទួលស្គាល់អំពីគុណដ៏វិសេសលើសលប់ដែលខ្ញុំបានទទួល+ ពេលនោះយ៉ាកុប+ កេផាស* និងយ៉ូហាន ជាពួកអ្នកដែលត្រូវគេចាត់ទុកជាសសរនៃក្រុមជំនុំ បានហុចដៃស្ដាំមកយើងដើម្បីបញ្ជាក់ការយល់ព្រមថា ខ្ញុំនឹងបាណាបាស+គួរទៅឯជនជាតិដទៃ តែពួកគាត់នឹងទៅឯអស់អ្នកដែលបានទទួលការកាត់ចុងស្បែក។ ១០ ពួកគាត់បានសុំយើងរឿងមួយគឺ កុំឲ្យភ្លេចគិតដល់បងប្អូនក្រីក្រ ហើយខ្ញុំក៏បានព្យាយាមធ្វើការនោះដោយស្មោះអស់ពីចិត្តដែរ។+
១១ ក៏ប៉ុន្តែ ពេលកេផាស*+មកដល់ក្រុងអាន់ទីយ៉ូក+ ខ្ញុំបានស្ដីបន្ទោសគាត់នៅចំពោះមុខតែម្ដង ពីព្រោះគាត់ពិតជាបានធ្វើខុសមែន។* ១២ ព្រោះយ៉ាកុប+បានចាត់បុរសខ្លះឲ្យមក ហើយមុនពេលពួកគេមកដល់ កេផាសតែងតែបរិភោគជាមួយនឹងជនជាតិដទៃ។+ ប៉ុន្តែ ពេលដែលបុរសទាំងនោះមកដល់ កេផាសឈប់ធ្វើដូច្នោះទៀត ហើយនៅដោយឡែកពីជនជាតិដទៃវិញ ដោយសារគាត់ខ្លាចពួកអ្នកដែលគាំទ្រការកាត់ចុងស្បែក។+ ១៣ រីឯជនជាតិយូដាឯទៀតបានធ្វើពើ*ជាមួយនឹងគាត់ សូម្បីតែបាណាបាសក៏បានបណ្ដែតបណ្ដោយខ្លួនទៅតាមពួកគាត់ក្នុងការធ្វើពើនោះដែរ។ ១៤ ប៉ុន្តែ ពេលដែលខ្ញុំឃើញថាពួកគាត់មិនដើរតាមសេចក្ដីពិតនៃដំណឹងល្អ+ នោះខ្ញុំនិយាយទៅកេផាសនៅមុខពួកគាត់ទាំងអស់គ្នាថា៖ «ទោះជាអ្នកជាជនជាតិយូដាក៏ដោយ តែបើអ្នកមិនរស់នៅដូចជនជាតិយូដាទេ គឺរស់នៅដូចជនជាតិដទៃ ហេតុអ្វីអ្នកកំពុងជំរុញចិត្តជនជាតិដទៃឲ្យរស់នៅតាមទំនៀមទម្លាប់យូដា?»។+
១៥ ចំណែកយើងដែលមានដើមកំណើតជាជនជាតិយូដា យើងមិនមែនជាអ្នកប្រព្រឹត្តអំពើខុសឆ្គង*ដូចជនជាតិដទៃទេ ១៦ ហើយយើងដឹងថាមនុស្សបានត្រូវប្រកាសថាជាមនុស្សសុចរិត មិនមែនដោយអាងលើការប្រព្រឹត្តតាមច្បាប់ទេ តែតាមរយៈជំនឿ+លើគ្រិស្តយេស៊ូប៉ុណ្ណោះ។+ ដូច្នេះ យើងបានជឿគ្រិស្តយេស៊ូ ដើម្បីយើងអាចត្រូវប្រកាសថាជាមនុស្សសុចរិតដោយសារជំនឿលើគ្រិស្ត មិនមែនដោយអាងលើការប្រព្រឹត្តតាមច្បាប់ទេ ពីព្រោះគ្មានអ្នកណាអាចត្រូវប្រកាសថាជាមនុស្សសុចរិតដោយអាងលើការប្រព្រឹត្តតាមច្បាប់ឡើយ។+ ១៧ ប្រសិនបើយើងដែលកំពុងព្យាយាមធ្វើជាអ្នកដែលនឹងត្រូវប្រកាសថាជាមនុស្សសុចរិតតាមរយៈគ្រិស្ត បានត្រូវគេចាត់ទុកជាអ្នកប្រព្រឹត្តអំពើខុសឆ្គងវិញ តើនេះមានន័យថាគ្រិស្តលើកទឹកចិត្តយើងឲ្យធ្វើខុសឬ? មិនអាចទេ! ១៨ ប្រសិនបើខ្ញុំយកអ្វីៗដែលខ្ញុំបានរំលំចោល ហើយមកសង់ឡើងវិញ នោះបង្ហាញថាខ្ញុំជាអ្នកប្រព្រឹត្តអំពើរំលង។ ១៩ ព្រោះតាមរយៈច្បាប់ ខ្ញុំបានរួចពីច្បាប់*+ ដូច្នេះខ្ញុំអាចរស់ដើម្បីព្រះ។ ២០ ខ្ញុំបានត្រូវព្យួរ*ជាមួយនឹងគ្រិស្ត។+ មិនមែនខ្ញុំទៀតទេដែលរស់ តែគឺគ្រិស្តដែលកំពុងរស់+ ហើយលោករួបរួមជាមួយនឹងខ្ញុំ។ ឥឡូវនេះ ខ្ញុំរស់នៅស្របតាមជំនឿលើបុត្ររបស់ព្រះ+ដែលបានស្រឡាញ់ខ្ញុំ និងដែលបានបូជាជីវិតដើម្បីខ្ញុំ។+ ២១ ខ្ញុំមិនច្រានចោលគុណដ៏វិសេសលើសលប់របស់ព្រះឡើយ+ ព្រោះប្រសិនបើសេចក្ដីសុចរិតគឺតាមរយៈច្បាប់ នោះគ្រិស្តបានស្លាប់គឺជាការឥតប្រយោជន៍ទទេ។+