ជំពូកទី២៤
គ្មានអ្វីអាច«ពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ»
១. តើមនុស្សជាច្រើនរួមទាំងជនគ្រីស្ទានពិតមួយចំនួន ធ្លាក់ទឹកចិត្តដោយសារមានអារម្មណ៍បែបណា?
តើព្រះយេហូវ៉ាស្រឡាញ់រូបអ្នកឬទេ? មនុស្សខ្លះយល់ស្របថា ព្រះស្រឡាញ់មនុស្សជាតិទូទៅដូចយ៉ូហាន ៣:១៦ចែងនោះ។ ក៏ប៉ុន្តែ ពួកគេមានអារម្មណ៍មួយថា៖ ‹ព្រះមិនអាចស្រឡាញ់រូបខ្ញុំនោះទេ›។ ម្ដងម្កាល សូម្បីតែជនគ្រីស្ទានពិតមានការសង្ស័យទៅលើសេចក្ដីស្រឡាញ់របស់ព្រះចំពោះរូបគេផ្ទាល់ដែរ។ ដោយធ្លាក់ទឹកចិត្ត បុរសម្នាក់បានប្រាប់ថា៖«ខ្ញុំពិបាកជឿណាស់ថាព្រះស្រឡាញ់ខ្ញុំ សូម្បីតែបន្ដិចក៏ដោយ»។ ជួនកាល តើអ្នកមានការសង្ស័យដូចគ្នាដែរឬទេ?
២, ៣. តើអ្នកណាចង់ធ្វើឲ្យយើងជឿថាយើងគ្មានតម្លៃនិងគ្មានអ្វីគួរឲ្យស្រឡាញ់ចំពោះព្រះយេហូវ៉ា? តើយើងអាចទប់ទល់និងគំនិតនេះយ៉ាងដូចម្ដេច?
២ អារក្សសាតាំងចាំតែស្រវាយកឱកាសធ្វើឲ្យយើងជឿថា ព្រះយេហូវ៉ាមិនស្រឡាញ់យើងនិងមិនឲ្យតម្លៃមកលើយើងទេ។ គឺជាការពិតមែនដែលថាសាតាំងល្បួងមនុស្សជាញឹកញាប់ដោយផ្អែកលើអំនួតនិងមោទនភាពរបស់ពួកគេ។ (កូរិនថូសទី២ ១១:៣) ប៉ុន្តែ វាក៏សប្បាយចិត្តក្នុងការបន្ទាបបន្ថោកអ្នកណាដែលងាយរងគ្រោះពីការគិតថាខ្លួនគ្មានតម្លៃ។ (យ៉ូហាន ៧:៤៧-៤៩; ៨:១៣, ៤៤) វាធ្វើដូច្នេះជាពិសេសនៅក្នុងថ្ងៃ«ជាន់ក្រោយបង្អស់»ដ៏លំបាកនេះ។ មនុស្សជាច្រើនសព្វថ្ងៃនេះបានធំឡើងក្នុងរង្វង់គ្រួសារដែល«មិនស្រឡាញ់តាមធម្មតាមនុស្ស»។ មនុស្សឯទៀតស្ថិតនៅកណ្ដាលចំណោមមនុស្សសាហាវ គិតតែពីប្រយោជន៍ខ្លួន និងរឹងចចេស។ (ធីម៉ូថេទី២ ៣:១-៥) ការទទួលរងនូវការប្រកាន់ពូជសាសន៍ ការធ្វើទុក្ខទោស ឬការស្អប់មើលងាយអស់កាលជាយូរ ប្រហែលជាធ្វើឲ្យមនុស្សបែបនេះជឿជាក់ថា ខ្លួនគ្មានតម្លៃនិងគ្មានអ្វីគួរឲ្យស្រឡាញ់ទេ។
៣ បើអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្តដូច្នេះ សូមកុំអស់សង្ឃឹមឲ្យសោះ។ ជួនកាល យើងជាច្រើននាក់រិះគន់ខ្លួនឯងខ្លាំងហួសហេតុពេក។ ប៉ុន្តែ សូមចាំថា ព្រះបន្ទូលរបស់ព្រះត្រូវបានសរសេរដើម្បី«ប្រដៅដំរង់»និង«រំលំទីមាំមួន»។ (ធីម៉ូថេទី២ ៣:១៦; កូរិនថូសទី២ ១០:៤) ព្រះគម្ពីរចែងថា៖«យើងនឹងបានកំឡាចិត្ត[ឬ«នឹងធ្វើឲ្យចិត្តយើងទុកចិត្ត», ព.ថ.] នៅចំពោះទ្រង់ផង ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង»។ (យ៉ូហានទី១ ៣:១៩, ២០) សូមពិចារណានូវវិធីបួនយ៉ាងដែលបទគម្ពីរជួយយើង«ធ្វើឲ្យចិត្តយើងទុកចិត្ត»ថាព្រះយេហូវ៉ាស្រឡាញ់យើង។
អ្នកមានតម្លៃចំពោះព្រះយេហូវ៉ា
៤, ៥. តើឧទាហរណ៍របស់ព្រះយេស៊ូស្តីអំពីសត្វចាបបង្ហាញថាយើងមានតម្លៃចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៤ ទីមួយ ព្រះគម្ពីរបង្រៀនដោយចំៗថា អ្នកបំរើម្នាក់ៗរបស់ព្រះមានតម្លៃចំពោះទ្រង់។ ជាឧទាហរណ៍ ព្រះយេស៊ូមានបន្ទូលថា៖«តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី? តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ យ៉ាងនោះ មិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន»។ (ម៉ាថាយ ១០:២៩-៣១) សូមពិចារណានូវអ្វីដែលអ្នកស្ដាប់ព្រះយេស៊ូនៅសតវត្សទីមួយបានយល់ចំពោះបន្ទូលរបស់ទ្រង់។
៥ យើងប្រហែលជាឆ្ងល់ថាតើមនុស្សចង់ទិញចាបធ្វើអ្វី។ នៅសម័យព្រះយេស៊ូ ចាបពូកជាចាបថោកបំផុតដែលគេលក់ធ្វើជាអាហារ។ សូមកត់សម្គាល់ថា មនុស្សម្នាក់អាចទិញបានចាបពីរក្នុងតម្លៃតែកាក់មួយដែលមិនសូវមានតម្លៃទេ។ ប៉ុន្តែ ក្រោយមក ព្រះយេស៊ូមានបន្ទូលថា បើគេឲ្យកាក់ពីរនោះ មនុស្សម្នាក់អាចបានចាបប្រាំក្បាល មិនមែនចាបបួនក្បាលទេ។ ចាបមួយទៀតនោះត្រូវបានបន្ថែមដូចជាវាគ្មានតម្លៃសោះ។ ប្រហែលជាចាបនេះពិតមែនគ្មានតម្លៃចំពោះមនុស្ស។ ប៉ុន្តែ តើព្រះដែលជាអ្នកបង្កើតមានទស្សនៈយ៉ាងណាចំពោះចាបនេះ? ព្រះយេស៊ូមានបន្ទូលថា៖ «គ្មានចាបណាមួយដែលព្រះទ្រង់ភ្លេចទេ» សូម្បីតែចាបមួយដែលគេបន្ថែមដោយឥតគិតថ្លៃក៏ដោយ។ (លូកា ១២:៦, ៧) ឥឡូវយើងអាចយល់គោលចំណុចដែលព្រះយេស៊ូបានបញ្ជាក់នោះ។ បើព្រះយេហូវ៉ាចាត់ទុកចាបមួយជាអ្វីដែលមានតម្លៃម្ល៉េះ មនុស្សជាតិច្បាស់ជាមានតម្លៃច្រើនជាងឆ្ងាយណាស់! ដូចព្រះយេស៊ូមានបន្ទូលនោះ ព្រះយេហូវ៉ាស្គាល់សេចក្ដីល្អិតល្អន់ទាំងអស់អំពីយើង។ សូម្បីតែសរសៃសក់របស់យើង ក៏ទ្រង់ជ្រាបចំនួនដែរ!
៦. ហេតុអ្វីយើងប្រាកដថាព្រះយេស៊ូមិនមានបន្ទូលពន្លើសស្តីអំពីការរាប់សរសៃសក់របស់យើង?
៦ តើព្រះអាចរាប់សរសៃសក់របស់យើងបានពិតមែនទេ? បុគ្គលខ្លះប្រហែលជាសន្មតថាព្រះយេស៊ូកំពុងតែមានបន្ទូលពន្លើសក្នុងខនេះ។ ប៉ុន្តែ សូមគិតអំពីដំណើររស់ឡើងវិញ។ ដើម្បីបង្កើតយើងសាជាថ្មី ព្រះយេហូវ៉ាត្រូវតែស្គាល់យើងច្បាស់ជាទីបំផុត! ចំពោះទ្រង់យើងមានតម្លៃដល់ម្ល៉េះដែលទ្រង់ចាំសេចក្ដីល្អិតល្អន់ទាំងអស់អំពីយើង រួមទាំងពត៌មានសេនេទិចដ៏សាំញ៉ាំរបស់យើង ហើយសេចក្ដីនឹកចាំនិងបទពិសោធន៍ទាំងឡាយដែលយើងបានប្រមូលទុក។a ដូច្នេះការរាប់សរសៃសក់របស់យើងដែលធម្មតាមានប្រមាណ១០០.០០០សរសៃនោះ ជាអ្វីដែលស្រួលធ្វើជាងនោះឆ្ងាយណាស់។
តើយើងមានលក្ខណៈអ្វីខ្លះដែលមានតម្លៃចំពោះព្រះយេហូវ៉ា?
៧, ៨. (ក) តើគុណសម្បត្ដិអ្វីខ្លះដែលព្រះយេហូវ៉ារកឃើញដោយរីករាយនៅពេលទ្រង់ស្ទង់ចិត្តមនុស្សជាតិ? (ខ) តើមានការប្រព្រឹត្តដ៏ល្អអ្វីខ្លះដែលមានតម្លៃចំពោះព្រះយេហូវ៉ា?
៧ ទីពីរ ព្រះគម្ពីរបង្រៀនយើងអំពីលក្ខណៈរបស់អ្នកបំរើព្រះយេហូវ៉ាដែលមានតម្លៃចំពោះទ្រង់។ បើនិយាយឲ្យចំទៅ ទ្រង់ពេញព្រះហឫទ័យណាស់នឹងលក្ខណៈល្អៗរបស់យើងនិងការព្យាយាមរបស់យើងដែរ។ ស្តេចដាវីឌមានបន្ទូលទៅកាន់សាឡូម៉ូនដែលជារាជបុត្រារបស់ទ្រង់ថា៖«ព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ»។ (របាក្សត្រទី១ ២៨:៩) នៅពេលព្រះស្ទង់មើលចិត្តរបស់មនុស្សជាតិរាប់ពាន់កោដិនាក់ក្នុងពិភពលោកដែលមានអំពើឃោរឃៅនិងសេចក្ដីស្អប់ពាសពេញនោះ ទ្រង់ច្បាស់ជារីករាយណាស់នៅពេលស្ទង់ឃើញថា មានមនុស្សម្នាក់ដែលមានចិត្តស្រឡាញ់មេត្រីភាព សេចក្ដីពិត និងសេចក្ដីសុចរិត! តើព្រះធ្វើយ៉ាងណានៅពេលទ្រង់រកឃើញមនុស្សដែលចិត្តរបស់គេពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះទ្រង់ ចង់រៀនអំពីទ្រង់ និងចង់ចែករំលែកចំណេះដឹងនេះទៅឲ្យអ្នកដទៃ? ព្រះយេហូវ៉ាមានបន្ទូលប្រាប់យើងថាទ្រង់កត់សម្គាល់អស់អ្នកដែលប្រាប់អ្នកដទៃអំពីទ្រង់។ ទ្រង់រហូតដល់មាន«សៀវភៅរំឭក»សំរាប់«ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់»។ (ម៉ាឡាគី ៣:១៦) គុណសម្បត្ដិបែបនេះមានតម្លៃវិសេសណាស់ចំពោះទ្រង់។
៨ តើមានការប្រព្រឹត្តដ៏ល្អអ្វីខ្លះដែលមានតម្លៃវិសេសចំពោះព្រះយេហូវ៉ា? ការព្យាយាមរបស់យើងក្នុងការយកតម្រាប់តាមព្រះរាជបុត្រារបស់ទ្រង់ព្រះយេស៊ូគ្រីស្ទ ពិតជាមានតម្លៃចំពោះទ្រង់។ (ពេត្រុសទី១ ២:២១) កិច្ចការមួយដែលមានតម្លៃចំពោះព្រះគឺជាការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ទ្រង់។ នៅរ៉ូម ១០:១៥ យើងអានថា៖«ជើងនៃពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពី សេចក្ដីដែលបណ្ដាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎!»។ យើងប្រហែលជាមិនគិតថាយើងមានប្រអប់ជើង«ល្អប្រពៃ»ឬស្អាតនោះទេ។ ប៉ុន្តែ ក្នុងខនេះជើងតំណាងការព្យាយាមរបស់អ្នកបំរើព្រះយេហូវ៉ាក្នុងការផ្សាយដំណឹងល្អ។ រាល់ការព្យាយាមបែបនេះគឺប្រៀបដូចជាអ្វីដ៏ស្អាតនិងថ្លៃវិសេសចំពោះព្រះយេហូវ៉ា។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០
៩, ១០. (ក) ហេតុអ្វីយើងអាចទុកចិត្តថាការស៊ូទ្រាំរបស់យើងនៅចំពោះមុខការលំបាកផ្សេងៗមានតម្លៃចំពោះព្រះយេហូវ៉ា? (ខ) តើមានទស្សនៈអគតិបែបណាដែលព្រះយេហូវ៉ាមិនដែលមានចំពោះអ្នកបំរើស្មោះភក្ដីរបស់ទ្រង់?
៩ ការស៊ូទ្រាំរបស់យើងក៏មានតម្លៃចំពោះព្រះយេហូវ៉ាដែរ។ (ម៉ាថាយ ២៤:១៣) សូមនឹកចាំថា សាតាំងចង់ឲ្យអ្នកបោះបង់ចោលព្រះយេហូវ៉ា។ រាល់ថ្ងៃដែលអ្នករក្សាភាពស្មោះត្រង់នឹងព្រះយេហូវ៉ាគឺជាថ្ងៃមួយទៀតដែលអ្នកបានជួយផ្ដល់ចម្លើយចំពោះការចោទប្រកាន់របស់សាតាំង។ (សុភាសិត ២៧:១១) ជួនកាល ការស៊ូទ្រាំគឺមិនស្រួលទេ។ បញ្ហាសុខភាព បញ្ហាលុយកាក់ ការឈឺចាប់ខាងផ្លូវចិត្ត និងឧបសគ្គឯទៀតអាចធ្វើឲ្យថ្ងៃនិមួយៗដែលកន្លងទៅជាការល្បងលមួយ។ សេចក្ដីសង្ឃឹមដែលមិនទាន់សម្រេចដូចបំណងក៏អាចធ្វើឲ្យធ្លាក់ទឹកចិត្តដែរ។ (សុភាសិត ១៣:១២) ការស៊ូទ្រាំនៅចំពោះមុខការពិបាកបែបនេះមានតម្លៃរឹតតែវិសេសចំពោះព្រះយេហូវ៉ាទៅទៀត។ នេះជាហេតុដែលស្តេចដាវីឌសុំព្រះយេហូវ៉ាប្រមូលទុកទឹកព្រះនេត្រដាវីឌដាក់នៅក្នុង«ដប[ឬ«ថង់ស្បែក», ព.ថ.]»របស់ទ្រង់ ហើយដាវីឌមានបន្ទូលបន្ថែមទាំងមានជំនឿជាក់ថា«តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី?»។ (ទំនុកដំកើង ៥៦:៨) ប្រាកដហើយ ទឹកភ្នែករបស់យើងនិងការលំបាកទាំងអស់ដែលយើងស៊ូទ្រាំពេលដែលរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ជាអ្វីដែលទ្រង់ចងចាំនិងប្រមូលទុកដូចជារបស់មានតម្លៃក្រៃលែង។ នោះក៏មានតម្លៃវិសេសចំពោះទ្រង់ដែរ។
ការស៊ូទ្រាំរបស់អ្នកនៅចំពោះមុខទុក្ខលំបាកជាអ្វីដែលមានតម្លៃចំពោះព្រះយេហូវ៉ា
១០ ចិត្តយើងដែលរិះគន់មកលើយើងប្រហែលជាបដិសេធភស្តុតាងនេះដែលបញ្ជាក់ថា យើងមានតម្លៃចំពោះព្រះ។ គឺដូចជាចិត្តយើងខ្សឹបប្រាប់ជានិច្ចថា៖‹មានអ្នកឯទៀតជាគំរូល្អជាងខ្ញុំឆ្ងាយណាស់! ព្រះយេហូវ៉ាច្បាស់ជាខកព្រះទ័យណាស់នៅពេលទ្រង់ប្រៀបធៀបខ្ញុំទៅនឹងពួកគេ!›។ ព្រះយេហូវ៉ាមិនដែលប្រៀបធៀបទេ ហើយទ្រង់ក៏មិនតឹងរ៉ឹងឬតឹងតែងនោះឡើយ។ (កាឡាទី ៦:៤) ទ្រង់ស្ទង់ចិត្តរបស់យើងដោយឃើញអ្វីៗទាំងអស់ ហើយសេចក្ដីល្អដែលមានក្នុងចិត្តយើងមានតម្លៃចំពោះទ្រង់ ទោះជាតិចយ៉ាងណាក៏ដោយ។
ព្រះយេហូវ៉ារែងយកលក្ខណៈល្អចេញពីលក្ខណៈអាក្រក់
១១. តើយើងអាចរៀនអ្វីអំពីព្រះយេហូវ៉ាដោយមើលការប្រព្រឹត្តរបស់ទ្រង់ទៅលើអ័ប៊ីយ៉ា?
១១ ទីបី នៅពេលព្រះយេហូវ៉ាស្ទង់ចិត្តយើង គឺដូចជាទ្រង់រែងយ៉ាងហ្មត់ចត់នូវលក្ខណៈរបស់យើងដើម្បីរកលក្ខណៈល្អ។ ជាឧទាហរណ៍ នៅពេលព្រះយេហូវ៉ាបញ្ជាឲ្យប្រហារព្រះជន្មគ្រប់សមាជិកនៃពូជពង្សរបស់ស្តេចយេរ៉ូបោមដោយសារការក្បត់សាសនានោះ ព្រះយេហូវ៉ាក៏បានបញ្ជាឲ្យបញ្ចុះសពរបស់អ័ប៊ីយ៉ាដែលជារាជបុត្រាម្នាក់របស់ស្តេចនោះ។ ហេតុអ្វី? ព្រោះមានតែ«បុត្រមួយនេះទេ ដែលឃើញមានសេចក្ដីល្អខ្លះចំពោះព្រះយេហូវ៉ា»។ (ពង្សាវតារក្សត្រទី១ ១៤:១, ១០-១៣) គឺដូចជាព្រះយេហូវ៉ារែងយកអ្វីៗក្នុងចិត្តយុវជននេះនិងរកឃើញ«សេចក្ដីល្អខ្លះ»។ មិនថាសេចក្ដីល្អនោះគឺតិចតួចយ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានចាត់ទុកនោះគួរឲ្យកត់ទុកក្នុងព្រះបន្ទូលរបស់ទ្រង់។ ទ្រង់រហូតដល់បានប្រទានរង្វាន់ចំពោះសេចក្ដីល្អនោះផងដែរ ដោយបង្ហាញសេចក្ដីមេត្ដាករុណាក្នុងកំរិតមួយដ៏សមរម្យចំពោះបុគ្គលនេះដែលជាសមាជិកក្រុមគ្រួសារដែលក្បត់សាសនានោះ។
១២, ១៣. (ក) តើករណីរបស់ស្តេចយ៉ូសាផាតបង្ហាញយ៉ាងដូចម្ដេចថា ព្រះយេហូវ៉ារិះរកលក្ខណៈល្អរបស់យើងសូម្បីតែនៅពេលយើងធ្វើបាបក៏ដោយ? (ខ) ស្តីអំពីលក្ខណៈនិងការប្រព្រឹត្តដ៏ល្អរបស់យើង តើព្រះយេហូវ៉ាប្រព្រឹត្តដូចជាបិតាដែលមានសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច?
១២ គំរូរបស់ស្តេចយ៉ូសាផាតដែលជាស្តេចល្អនោះគឺប្រសើរជាងនេះទៅទៀត។ នៅពេលស្តេចយ៉ូសាផាតបានធ្វើអ្វីមួយដែលមិនត្រឹមត្រូវ ព្យាការីរបស់ព្រះយេហូវ៉ាបានប្រាប់ទ្រង់ថា៖«ដោយព្រោះហេតុនេះបានជាមានសេចក្ដី ក្រេវក្រោធចេញពីចំពោះព្រះយេហូវ៉ា មកលើទ្រង់ហើយ»។ នេះពិតជារឿងធ្ងន់ធ្ងរមែន! ប៉ុន្តែ បន្ទូលរបស់ព្រះយេហូវ៉ាមិនមានតែប៉ុណ្ណេះទេ។ បន្ទូលបន្តថា៖«ប៉ុន្តែឃើញមានសេចក្ដីល្អខ្លះ នៅក្នុងទ្រង់ដែរ»។ (របាក្សត្រទី២ ១៩:១-៣) ដូច្នេះ សេចក្ដីខ្ញាល់ដ៏សុចរិតរបស់ព្រះយេហូវ៉ាមិនបានបំបាំងព្រះនេត្រទ្រង់មិនឲ្យឃើញលក្ខណៈល្អរបស់ស្តេចយ៉ូសាផាតឡើយ។ មនុស្សឥតគ្រប់ល័ក្ខណ៍គឺមិនដូច្នេះទេ! នៅពេលយើងរង្កៀសចិត្តនឹងអ្នកណាម្នាក់ យើងប្រហែលជាលែងមើលឃើញលក្ខណៈល្អរបស់ពួកគេហើយ។ ហើយនៅពេលយើងធ្វើបាប អារម្មណ៍ខកចិត្ត ការខ្មាស និងការបន្ទោសខ្លួនប្រហែលជាបំបាំងភ្នែកមិនឲ្យយើងឃើញលក្ខណៈល្អរបស់ខ្លួនយើងទេ។ ប៉ុន្តែ សូមចាំថា បើយើងប្រែចិត្តពីបាបរបស់យើងនិងខំប្រឹងព្យាយាមមិនធ្វើអំពើបាបនោះម្ដងទៀត ព្រះយេហូវ៉ាអត់ទោសឲ្យយើង។
១៣ នៅពេលព្រះយេហូវ៉ារែងយកលក្ខណៈរបស់អ្នក ទ្រង់បោះចោលបាបទាំងនេះ ដូចជាអ្នករែងដីខំរកត្បូងដោយបោះចោលគ្រាប់ក្រួសព្រោះគ្មានតម្លៃនោះ។ ចុះយ៉ាងណាវិញចំពោះលក្ខណៈនិងការប្រព្រឹត្តដ៏ល្អរបស់អ្នក? គឺអ្វីៗទាំងនេះហើយដែលប្រៀបដូចជាត្បូងដែលទ្រង់ទុកនោះ! តើអ្នកធ្លាប់កត់សម្គាល់ថាមាតាបិតាប្រមូលទុកគំនូរឬស្នាដៃផ្សេងៗរបស់កូន ជួនកាលទុកអស់ជាច្រើនឆ្នាំក្រោយកូនបានភ្លេចរបស់ទាំងនោះទៅហើយ? ព្រះយេហូវ៉ាជាបិតាដែលមានសេចក្ដីស្រឡាញ់ច្រើនបំផុត។ ដរាបណាដែលយើងរក្សាភាពស្មោះភក្ដីនឹងទ្រង់ ទ្រង់មិនដែលភ្លេចការប្រព្រឹត្តដ៏ល្អនិងលក្ខណៈដ៏ល្អរបស់យើងសោះឡើយ។ ការពិតទ្រង់ចាត់ទុកការភ្លេចអ្វីទាំងនេះជាអំពើទុច្ចរិត ហើយទ្រង់មិនដែលទុច្ចរិតទេ។ (ហេព្រើរ ៦:១០) ទ្រង់ក៏រែងយកលក្ខណៈរបស់យើងតាមវិធីមួយទៀត។
១៤, ១៥. (ក) ហេតុអ្វីភាពឥតគ្រប់ល័ក្ខណ៍របស់យើងមិនអាចបំបាំងព្រះនេត្រព្រះយេហូវ៉ាមិនឲ្យឃើញលក្ខណៈល្អរបស់យើង? សូមឲ្យឧទាហរណ៍។ (ខ) តើព្រះយេហូវ៉ានឹងធ្វើអ្វីចំពោះសេចក្ដីល្អដែលទ្រង់ឃើញនៅក្នុងយើង? ហើយតើទ្រង់មានទស្សនៈយ៉ាងណាចំពោះរាស្ត្រស្មោះភក្ដីរបស់ទ្រង់?
១៤ ព្រះយេហូវ៉ាទតឃើញធ្លុះជ្រៅនូវភាពឥតគ្រប់ល័ក្ខណ៍របស់យើង។ ទ្រង់ទតឃើញលទ្ធភាពរបស់យើង។ ជាឧទាហរណ៍៖ មនុស្សដែលស្រឡាញ់វិចិត្រសិល្បៈនឹងព្យាយាមលើសជាងធម្មតាដើម្បីធ្វើឲ្យគំនូរឬស្នាដៃខូចខាតរបស់សិល្បករល្អស្អាតឡើងវិញ។ ជាក់ស្តែងដូចជាពេលមនុស្សម្នាក់បាញ់កាំភ្លើងគ្រាប់ប្រាយនៅក្នុងសារមន្ទីរវិចិត្រសិល្បៈនៅទីក្រុងឡុង ប្រទេសអង់គ្លេស នោះធ្វើឲ្យខូចខាតដល់គំនូរមួយរបស់លោកឡេអូណាដឺវ៉ាំងស៊ី ដែលមានតម្លៃប្រមាណ៣០លានដុល្លារសហរដ្ឋអាមេរិក។ នៅពេលនោះគ្មានអ្នកណាហ៊ានជូនយោបល់ថា ត្រូវបោះចោលគំនូរនោះដោយព្រោះឥឡូវវាខូចហើយ។ ភ្លាមៗមនុស្សចាប់ផ្ដើមប៉ះគំនូរដែលមានចំណាស់ជិត៥០០ឆ្នាំនេះឲ្យល្អស្អាតឡើងវិញ។ ហេតុអ្វី? ពីព្រោះគំនូរនោះមានតម្លៃវិសេសចំពោះអ្នកដែលស្រឡាញ់សិល្បៈ។ តើអ្នកមិនមានតម្លៃជាងគំនូរមួយដែលគូរដោយដីសនិងធ្យូងទេឬ? ចំពោះព្រះ អ្នកពិតជាមានតម្លៃជាងនោះឆ្ងាយណាស់ មិនថាអ្នកហាក់បីដូចជាខូចខាតដោយសារមានភាពឥតគ្រប់ល័ក្ខណ៍យ៉ាងណាក៏ដោយ។ (ទំនុកដំកើង ៧២:១២-១៤) ព្រះយេហូវ៉ាដែលជាព្រះដ៏ប៉ិនប្រសប់ដែលបង្កើតមនុស្សជាតិ ទ្រង់នឹងធ្វើអ្វីដែលចាំបាច់ដើម្បីឲ្យអស់អ្នកណាដែលប្រព្រឹត្តតបនឹងការថែរក្សាដោយសេចក្ដីស្រឡាញ់របស់ទ្រង់ទទួលបានភាពល្អឥតខ្ចោះឡើងវិញ។—កិច្ចការ ៣:២១; រ៉ូម ៨:២០-២២
១៥ ពិតមែនហើយ ព្រះយេហូវ៉ាទតឃើញលក្ខណៈល្អរបស់យើងដែលយើងប្រហែលជាមើលមិនឃើញដោយខ្លួនឯងសោះ។ ហើយនៅពេលយើងបំរើទ្រង់ ទ្រង់នឹងធ្វើឲ្យភាពល្អរបស់យើងរីកចំរើនឡើងរហូតដល់យើងមានភាពល្អឥតខ្ចោះនៅទីបំផុត។ មិនថារបបលោកីយ៍របស់សាតាំងបានប្រព្រឹត្តយ៉ាងណាមកលើយើងក៏ដោយ ចំពោះព្រះយេហូវ៉ាអ្នកបំរើដ៏ស្មោះភក្ដីរបស់ទ្រង់ជាទីគាប់ព្រះហឫទ័យទ្រង់។—ហាកាយ ២:៧
ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ដោយការប្រព្រឹត្ត
១៦. តើអ្វីជាភស្តុតាងមានមូលដ្ឋានរឹងមាំបំផុតដែលបញ្ជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើង? ហើយហេតុអ្វីយើងដឹងថាអំណោយនេះគឺសំរាប់ខ្លួនយើងផ្ទាល់?
១៦ ទីបួន ព្រះយេហូវ៉ាធ្វើអ្វីជាច្រើនដើម្បីបញ្ជាក់ភស្តុតាងថាទ្រង់ស្រឡាញ់យើង។ តម្លៃលោះរបស់ព្រះគ្រីស្ទច្បាស់ជាការតបឆ្លើយដែលមានប្រសិទ្ធភាពបំផុតចំពោះសេចក្ដីភូតភររបស់សាតាំងថា យើងគ្មានតម្លៃនិងមិនគួរឲ្យស្រឡាញ់សោះ។ កុំបីឲ្យយើងភ្លេចថា ការសោយទិវង្គតទាំងឈឺចាប់យ៉ាងវេទនារបស់ព្រះយេស៊ូនៅលើបង្គោលទារុណកម្ម ថែមទាំងក្ដីឈឺចាប់ដ៏ខ្លោចផ្សារបស់ព្រះយេហូវ៉ានៅពេលទ្រង់ទតឃើញព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់សោយទិវង្គតនោះ គឺជាភស្តុតាងដែលបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់ទ្រង់ទាំងពីរអង្គចំពោះយើង។ គួរឲ្យស្ដាយណាស់ថា មនុស្សជាច្រើនពិបាកជឿថា អំណោយនេះគឺសំរាប់ខ្លួនគេផ្ទាល់។ ពួកគេមានអារម្មណ៍ថាខ្លួនគឺមិនសមទទួលអំណោយនេះទេ។ ប៉ុន្តែ សូមនឹកចាំថា សាវ័កប៉ុលធ្លាប់បៀតបៀនអ្នកកាន់តាមព្រះគ្រីស្ទ។ យ៉ាងណាក៏ដោយ គាត់នៅតែសរសេរថា៖«ព្រះរាជបុត្រានៃព្រះ . . . ស្រឡាញ់ខ្ញុំក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំ»។—កាឡាទី ១:១៣; ២:២០, កំណែជាអក្សរទ្រេត
១៧. តើព្រះយេហូវ៉ាទាញយើងមកឯទ្រង់និងព្រះរាជបុត្រារបស់ទ្រង់យ៉ាងដូចម្ដេចខ្លះ?
១៧ ព្រះយេហូវ៉ាផ្ដល់ភស្តុតាងដែលបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងដោយជួយយើងម្នាក់ៗឲ្យឆ្លៀតយកប្រយោជន៍ពីយញ្ញបូជារបស់ព្រះគ្រីស្ទ។ ព្រះយេស៊ូបានមានបន្ទូលថា៖«គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»។ (យ៉ូហាន ៦:៤៤) គឺពិតណាស់ដែលថាព្រះយេហូវ៉ាទាញយើងម្នាក់ៗឲ្យមកឯរាជបុត្រារបស់ទ្រង់និងសេចក្ដីសង្ឃឹមឲ្យបានជីវិតជារៀងរហូត។ តើទ្រង់ទាញយើងយ៉ាងដូចម្ដេច? តាមរយៈកិច្ចផ្សព្វផ្សាយដំណឹងល្អដែលជាកិច្ចការទាក់ទងនឹងយើងផ្ទាល់ និងតាមរយៈវិញ្ញាណបរិសុទ្ធដែលព្រះយេហូវ៉ាប្រើ ដើម្បីជួយយើងយល់និងអនុវត្តតាមសេចក្ដីពិតខាងវិញ្ញាណ ទោះជាយើងមានភាពឥតគ្រប់ល័ក្ខណ៍និងកំរិតសមត្ថភាពយ៉ាងណាក៏ដោយ។ ដូច្នេះ ព្រះយេហូវ៉ាក៏អាចមានបន្ទូលអំពីយើងដូចទ្រង់មានបន្ទូលអំពីអ៊ីស្រាអែលដែរថា៖‹យើងបានស្រឡាញ់អ្នក ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាយើងទាញនាំអ្នកមក ដោយសេចក្ដីសប្បុរសដ៏ស្មោះ›។—យេរេមា ៣១:៣
១៨, ១៩. (ក) តើអ្វីជាវិធីស្និទ្ធស្នាលបំផុតដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង? ហើយតើទ្រង់បង្ហាញថាទ្រង់ស្រឡាញ់យើងម្នាក់ៗយ៉ាងដូចម្ដេច? (ខ) តើព្រះបន្ទូលរបស់ព្រះធានាយើងថាព្រះយេហូវ៉ាស្ដាប់យើងដោយយល់អារម្មណ៍យើងយ៉ាងដូចម្ដេច?
១៨ សេចក្ដីអធិស្ឋានប្រហែលជាវិធីដែលយើងទទួលនូវសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ាយ៉ាងស្និទ្ធស្នាលបំផុត។ ព្រះគម្ពីរអញ្ជើញយើងម្នាក់ៗឲ្យ«អធិស្ឋានឥតឈប់ឈរ»ចំពោះព្រះ។ (ថែស្សាឡូនីចទី១ ៥:១៧) ទ្រង់ស្ដាប់យើង។ ទ្រង់ក៏ត្រូវហៅថា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»។ (ទំនុកដំកើង ៦៥:២) ទ្រង់មិនបានប្រគល់មុខតំណែងនេះដល់បុគ្គលណាផ្សេងទៀតទេ សូម្បីតែព្រះរាជបុត្រារបស់ទ្រង់ក៏ដោយ។ សូមគិតទៅមើល៖ ព្រះដែលបង្កើតសកលលោកទាំងមូលជំរុញយើងឲ្យទូលអធិស្ឋានចំពោះទ្រង់និងទូលដោយសេរី។ ហើយតើទ្រង់ស្ដាប់យើងដោយមានទឹកចិត្តយ៉ាងណា? តើដោយគ្មានភាពកក់ក្ដៅ សោះអង្កើយ ឬមិនអើពើឬ? គឺមិនដូច្នេះទេ!
១៩ ព្រះយេហូវ៉ាចេះយល់អារម្មណ៍យើង។ តើការយល់អារម្មណ៍រួមបញ្ចូលអ្វីទៅ? គ្រីស្ទានស្មោះភក្ដីម្នាក់ដែលមានអាយុច្រើនហើយបានប្រាប់ថា៖«ការយល់អារម្មណ៍បានន័យថាទុក្ខរបស់អ្នកស្ថិតនៅក្នុងចិត្តរបស់ខ្ញុំ»។ តើព្រះយេហូវ៉ាពិតជារំជួលព្រះទ័យចំពោះទុក្ខរបស់យើងឬ? យើងអានអំពីទុក្ខវេទនារបស់អ៊ីស្រាអែលដែលជារាស្ត្ររបស់ទ្រង់ថា៖«ក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ»។ (អេសាយ ៦៣:៩) ទ្រង់មិនគ្រាន់តែបានទតឃើញទុក្ខវេទនារបស់ពួកគេប៉ុណ្ណោះ តែទ្រង់ក៏បានយល់អារម្មណ៍គេនិងកើតទុក្ខក្នុងព្រះទ័យដែរ។ យើងអាចយល់ថាទ្រង់យល់អារម្មណ៍មនុស្សខ្លាំងប៉ុនណាទៅ ដោយអានបន្ទូលព្រះយេហូវ៉ាផ្ទាល់ចំពោះអ្នកបំរើទ្រង់ថា៖‹អ្នកណាដែលពាល់អ្នករាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃយើងហើយ›។b (សាការី ២:៨) ការពាល់ប្រស្រីភ្នែកមនុស្សម្នាក់ពិតជាឈឺណាស់! ប្រាកដហើយព្រះយេហូវ៉ាចេះយល់អារម្មណ៍យើង។ នៅពេលយើងកើតទុក្ខទ្រង់ក៏កើតទុក្ខដែរ។
២០. បើយើងអនុវត្តតាមឱវាទនៅរ៉ូម ១២:៣ តើយើងត្រូវជៀសវាងគំនិតអ្វីដែលគ្មានតុល្យភាព?
២០ គ្រីស្ទានណាដែលមានតុល្យភាពនឹងមិនប្រើភស្តុតាងនេះដែលបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់ព្រះនិងតម្លៃដែលទ្រង់ឲ្យមកលើខ្លួនយើង យកមកធ្វើជាហេតុឲ្យអួតខ្លួននោះទេ។ សាវ័កប៉ុលបានសរសេរថា៖«ដ្បិតខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នា ដោយព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំថា ចូរគិតបែបឲ្យមានគំនិតនឹងធឹង[ឬ«សតិនឹងនរ», ព.ថ.] តាមខ្នាតនៃសេចក្ដីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានិមួយៗ កុំឲ្យមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិតនោះឡើយ»។ (រ៉ូម ១២:៣) សេចក្ដីបកប្រែមួយទៀតចែងថា៖«ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា កុំឲ្យតម្លៃខ្លួនខ្ពស់លើសពីតម្លៃពិតរបស់អ្នកទេ ប៉ុន្តែត្រូវតែឲ្យតម្លៃខ្លួនឲ្យបានសមត្រឹមត្រូវ»។ (សញ្ញាថ្មីជាភាសាអង់គ្លេសសម័យទំនើប, របស់លោក ឆាល ប. វីល្លៀម) ដូច្នេះ នៅពេលយើងរីករាយនឹងភាពកក់ក្ដៅនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតារបស់យើង ចូរយើងមានសតិនឹងនរហើយនឹកចាំថា សេចក្ដីស្រឡាញ់របស់ព្រះមិនមែនជាអ្វីដែលយើងសមនឹងទទួល ហើយក៏មិនមែនជាអ្វីដែលយើងអាចព្យាយាមយកឲ្យបាននោះដែរ។—លូកា ១៧:១០
២១. តើសេចក្ដីភូតភរអ្វីរបស់សាតាំងដែលយើងត្រូវបដិសេធទប់ទល់ជានិច្ចនោះ? ហើយតើយើងអាចបន្តធ្វើឲ្យចិត្តយើងមានទំនុកចិត្តដោយសេចក្ដីពិតអ្វីពីព្រះ?
២១ ចូរយើងម្នាក់ៗធ្វើអស់ពីសមត្ថភាពដើម្បីបដិសេធសេចក្ដីភូតភរទាំងប៉ុន្មានរបស់សាតាំង រួមទាំងសេចក្ដីភូតភរថាយើងគ្មានតម្លៃនិងក៏មិនគួរឲ្យស្រឡាញ់នោះ។ បើបទពិសោធន៍ក្នុងជីវិតបានធ្វើឲ្យអ្នកជឿថា ខ្លួនអ្នកជាឧបសគ្គមួយដែលសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ព្រះឈ្នះពុំបាន ឬក៏ការប្រព្រឹត្តដ៏ល្អរបស់អ្នកគឺតូចតាចពេក ធ្វើឲ្យព្រះនេត្រទ្រង់ដែលទតឃើញអ្វីៗទាំងអស់ពុំអាចទតឃើញការល្អនោះបានឡើយ ឬមួយក៏បាបរបស់អ្នកគឺធ្ងន់ធ្ងរដល់ម្ល៉េះដែលការសោយទិវង្គតរបស់ព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់មិនអាចលុបបំបាត់បាននោះ នេះបានន័យថាអ្នកជឿអ្វីដែលជាសេចក្ដីភូតភរហើយ។ ចូរបដិសេធសេចក្ដីភូតភរទាំងនេះអស់ពីចិត្តចុះ! ចូរយើងបន្តធ្វើឲ្យចិត្តយើងមានទំនុកចិត្តដោយសេចក្ដីពិតដែលប៉ុលបានបណ្ដាលឲ្យសរសេរថា៖«ខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្ដី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ»។—រ៉ូម ៨:៣៨, ៣៩
a ម្ដងហើយម្ដងទៀតព្រះគម្ពីរចង្អុលបញ្ជាក់ពីទំនាក់ទំនងរវាងសេចក្ដីសង្ឃឹមរស់ឡើងវិញនិងសេចក្ដីនឹកចាំរបស់ព្រះយេហូវ៉ា។ យ៉ូបដែលជាបុរសដ៏ស្មោះភក្ដីមួយរូបបានទូលព្រះយេហូវ៉ាថា៖«ឱបើទ្រង់ . . . ដំរូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង!»។ (យ៉ូប ១៤:១៣, កំណែជាអក្សរទ្រេត) ព្រះយេស៊ូបានសំដៅទៅលើការប្រោសឲ្យរស់ឡើងវិញនូវ«អស់ទាំងខ្មោចនៅក្នុងផ្នូរ[ឬ«ក្នុងផ្នូរនៃសេចក្ដីនឹកចាំ», ព.ថ.]»។ បន្ទូលនេះគឺសមរម្យពីព្រោះព្រះយេហូវ៉ានឹកចាំយ៉ាងល្អឥតខ្ចោះនូវមនុស្សស្លាប់ដែលទ្រង់មានបំណងប្រោសឲ្យរស់ឡើងវិញ។—យ៉ូហាន ៥:២៨, ២៩
b ក្នុងខនេះ សេចក្ដីបកប្រែខ្លះចែងថាអ្នកដែលពាល់រាស្ត្ររបស់ព្រះកំពុងតែពាល់ប្រស្រីភ្នែករបស់ខ្លួនឬភ្នែកពួកអ៊ីស្រាអែល តែមិនមែនប្រស្រីព្រះនេត្ររបស់ព្រះទេ។ កំហុសនេះចាប់ផ្ដើមដោយសារពួកស្ក្រែបខ្លះមានទស្សនៈថា ខនេះមិនបង្ហាញការគោរពចំពោះព្រះ ហើយហេតុនេះពួកគេបានកែប្រែខនេះទៅ។ ការព្យាយាមដោយច្រឡំរបស់ពួកគេបានលាក់បាំងមិនឲ្យយើងដឹងនូវកំរិតដែលព្រះយេហូវ៉ាចេះយល់អារម្មណ៍យើងម្នាក់ៗ។