ដើមកំណើត
៨ ប៉ុន្តែ ព្រះគិតដល់ណូអេ និងសត្វព្រៃសត្វស្រុកទាំងឡាយដែលនៅក្នុងទូក។+ ដូច្នេះ លោកបានធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រកបន្តិចម្ដងៗ។ ២ ឯប្រភពទឹកទាំងប៉ុន្មាននៅខាងលើបានត្រូវបិទ ព្រមទាំងទ្វារទឹកនៅលើមេឃក៏ត្រូវបិទដែរ។ ម្ល៉ោះហើយ ភ្លៀងក៏ឈប់ធ្លាក់ទៀត។+ ៣ ក្រោយមក ទឹកក៏ចាប់ផ្ដើមស្រកបន្តិចម្ដងៗពីផែនដី។ លុះ១៥០ថ្ងៃកន្លងទៅ ទឹកកាន់តែស្រកថែមទៀត។ ៤ នៅថ្ងៃទី១៧ ខែទី៧ ទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត។ ៥ ទឹកចេះតែស្រកទៅៗរហូតដល់ខែទី១០។ នៅថ្ងៃទី១ ក្នុងខែនោះ កំពូលភ្នំនានាបានលេចឡើង។+
៦ លុះ៤០ថ្ងៃក្រោយមក ណូអេបានបើកបង្អួច+ទូកដែលគាត់បានធ្វើ។ ៧ គាត់បានលែងសត្វក្អែកមួយ ហើយវាចេះតែហើរទៅហើរមក និងត្រឡប់មកទូកវិញ រហូតដល់ទឹកស្រកអស់ពីផែនដី។
៨ ក្រោយមក គាត់បានលែងសត្វព្រាបមួយ ដើម្បីឲ្យដឹងថាទឹកបានស្រកអស់ហើយឬនៅ។ ៩ ប៉ុន្តែ វារកកន្លែងទំមិនបានទេ ព្រោះទឹកនៅពេញពាសលើផែនដីនៅឡើយ។+ ដូច្នេះ វាបានហើរត្រឡប់មកវិញ ហើយណូអេក៏លូកដៃទៅចាប់យកវាមកក្នុងទូក។ ១០ ណូអេបានចាំ៧ថ្ងៃទៀត ទើបលែងព្រាបឲ្យចេញពីទូកជាលើកទី២។ ១១ នៅពេលល្ងាច ព្រាបនោះបានហើរមកវិញ ទាំងពាំយកត្រួយអូលីវមកជាមួយផង។ ដូច្នេះ ណូអេដឹងថាទឹកបានស្រកពីផ្ទៃផែនដី។+ ១២ បន្ទាប់មក គាត់បានរង់ចាំ៧ថ្ងៃទៀត រួចក៏លែងព្រាបឲ្យចេញទៅ តែលើកនេះវាមិនបានហើរត្រឡប់មកវិញទេ។
១៣ នៅថ្ងៃទី១ ខែទី១ ក្នុងឆ្នាំទី៦០១+នៃអាយុណូអេ ទឹកបានស្រកអស់ពីផ្ទៃផែនដី។ ណូអេបានបើកដំបូលទូក ហើយមើលទៅផ្ទៃដីឃើញថាចាប់ផ្ដើមស្ងួត។ ១៤ នៅថ្ងៃទី២៧ ខែទី២ ផ្ទៃដីបានស្ងួតធេង។
១៥ ពេលនោះ ព្រះបានមានប្រសាសន៍ទៅណូអេថា៖ ១៦ «ចូរអ្នកនិងប្រពន្ធកូន ព្រមទាំងកូនប្រសាចេញពីទូកធំនេះចុះ។+ ១៧ ចូរនាំសត្វហើរលើអាកាស សត្វលូនវារ និងសត្វទាំងឡាយចេញមក+ ដើម្បីឲ្យពួកវាទៅរស់នៅពេញពាសលើផែនដី ហើយឲ្យបង្កើតកូនជាច្រើនឡើង»។+
១៨ ដូច្នេះ ណូអេនិងប្រពន្ធកូន+ ព្រមទាំងកូនប្រសាគាត់បានចេញពីទូកធំ។ ១៩ ឯសត្វហើរលើអាកាស សត្វលូនវារ និងសត្វឯទៀត ពួកវាបានចេញពីទូកតាមពូជនីមួយៗ។+ ២០ បន្ទាប់មក ណូអេបានសង់ទីបូជាមួយ+ជូនព្រះយេហូវ៉ា ហើយគាត់យកសត្វស្លាបខ្លះ និងសត្វឯទៀតដែលស្អាតបរិសុទ្ធ+ ទៅជូនជាគ្រឿងបូជាដុតនៅលើទីបូជានោះ។+ ២១ ព្រះយេហូវ៉ាពេញចិត្តនឹងក្លិនឈ្ងុយពីគ្រឿងបូជានោះ ហើយព្រះយេហូវ៉ាបានគិតក្នុងចិត្តថា៖ «ខ្ញុំនឹងលែងដាក់បណ្ដាសាដី+ ដោយព្រោះតែមនុស្សជាតិទៀតហើយ ព្រោះពួកគេមានចិត្តគំនិតអាក្រក់តាំងពីក្មេងមក។+ ខ្ញុំនឹងមិនបំផ្លាញជីវិតទាំងឡាយដូចដែលខ្ញុំបានធ្វើទៀតឡើយ។+ ២២ ដរាបណាមានផែនដី ដរាបនោះមានរដូវសាបព្រោះរដូវច្រូតកាត់ រដូវក្ដៅរដូវត្រជាក់ ព្រមទាំងមានថ្ងៃនិងយប់ជារៀងដរាបតទៅ»។+