ជំពូកទី១៣
«ក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍»
១, ២. ហេតុអ្វីមនុស្សជាច្រើនមិនសូវគោរពច្បាប់? ប៉ុន្តែ តើយើងអាចចាប់ផ្ដើមមានអារម្មណ៍យ៉ាងណាចំពោះច្បាប់របស់ព្រះវិញ?
នៅឆ្នាំ១៧១២ សៀវភៅមួយត្រូវបានបោះពុម្ពដែលមានសរសេរថា៖ «ច្បាប់គឺប្រៀបដូចជារណ្ដៅដ៏ជ្រៅគ្មានបាតមួយ ដែល . . . លេបបាត់អ្វីៗទាំងអស់»។ អ្នកនិពន្ធសៀវភៅនោះ បានរិះគន់យ៉ាងខ្លាំងនូវក្របខ័ណ្ឌច្បាប់ ដែលបណ្ដាលឲ្យរឿងក្ដីអូសបន្លាយយូរឆ្នាំ ព្រមទាំងជញ្ជក់យកលុយរបស់អ្នកដែលខំរកយុត្ដិធម៌ទាល់តែអស់គ្មានសល់។ នៅប្រទេសជាច្រើន ច្បាប់រដ្ឋគឺស្មុគស្មាញនិងពោរពេញទៅដោយភាពអយុត្ដិធម៌ ការលំអៀង និងគ្មានភាពទៀងទាត់ដល់ម្ល៉េះបានជាមនុស្សចាប់ផ្ដើមស្អប់ច្បាប់ទៅវិញ។
២ ឥឡូវសូមប្រៀបធៀបស្ថានការណ៍ខាងលើនេះទៅនឹងបន្ទូលដែលបានកត់សរសេរជិត២.៧០០ឆ្នាំមុន។ បន្ទូលនេះចែងថា៖ «ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎!»។ (ទំនុកដំកើង ១១៩:៩៧) ហេតុអ្វីបានជាអ្នកសរសេរទំនុកដំកើងនេះស្រឡាញ់ក្រិត្យវិន័យខ្លាំងម្ល៉េះ? គឺដោយព្រោះច្បាប់ដែលគាត់ស្រឡាញ់នោះ មិនមែនជាច្បាប់តែងដោយរដ្ឋាភិបាលរបស់មនុស្សជាតិឡើយ តែគឺជាច្បាប់របស់ព្រះយេហូវ៉ាវិញ។ បន្ដិចម្ដងៗ នៅពេលដែលអ្នកសិក្សាក្រិត្យវិន័យរបស់ព្រះយេហូវ៉ា នោះអ្នកប្រហែលជាចាប់ផ្ដើមមានអារម្មណ៍ដូចគ្នានឹងអ្នកតែងទំនុកដំកើងដែរ។ ការសិក្សានូវច្បាប់របស់ព្រះយេហូវ៉ានឹងបណ្ដុះឲ្យអ្នកមានការយល់ធ្លុះអំពីគំនិតរបស់ចៅក្រមដ៏ឧត្តុង្គឧត្តមបំផុតលើសកលលោក។
អ្នកតែងច្បាប់ដ៏ឧត្តុង្គឧត្តមបំផុត
៣, ៤. តើព្រះយេហូវ៉ាបានធ្វើជាអ្នកតែងច្បាប់យ៉ាងដូចម្ដេចខ្លះ?
៣ ស្តីអំពីព្រះយេហូវ៉ា ព្រះគម្ពីរចែងប្រាប់យើងថា«ឯអ្នកដែលតែងក្រិត្យវិន័យ ហើយជំនុំជំរះផង នោះមានតែ១ទេ»។ (យ៉ាកុប ៤:១២) សូម្បីតែដំណើរភពផ្កាយក៏ត្រូវគ្រប់គ្រងដោយ«ច្បាប់នៅលើមេឃ»ដែលព្រះយេហូវ៉ាបានតែងដែរ។ (យ៉ូប ៣៨:៣៣, ខ.ស.) ទេវតាបរិសុទ្ធយ៉ាងច្រើនអនេកអនន្តរបស់ព្រះយេហូវ៉ាក៏ត្រូវគ្រប់គ្រងដោយច្បាប់របស់ព្រះដែរ ដ្បិតបណ្ដាទេវតាត្រូវបែងចែកជាឋានៈផ្សេងៗ និងបំរើព្រះយេហូវ៉ាក្រោមបង្គាប់ទ្រង់។—ហេព្រើរ ១:៧, ១៤
៤ ព្រះយេហូវ៉ាក៏បានតែងច្បាប់សំរាប់មនុស្សជាតិដែរ។ យើងម្នាក់ៗមានមនសិការរៀងៗខ្លួន ដែលសមស្របទៅតាមយុត្ដិធម៌របស់ព្រះយេហូវ៉ា។ មនសិការគឺប្រៀបដូចជាច្បាប់ដិតជាប់ទៅក្នុងចិត្ត និងអាចជួយយើងវែកញែកយល់ខុសយល់ត្រូវ។ (រ៉ូម ២:១៤) ឪពុកម្ដាយដើមដំបូងរបស់យើង ធ្លាប់មានមនសិការដ៏គ្រប់ល័ក្ខណ៍មួយ ហេតុនេះហើយពួកគាត់ត្រូវការច្បាប់តែបន្ដិចបន្តួចប៉ុណ្ណោះ។ (លោកុប្បត្តិ ២:១៥-១៧) ក៏ប៉ុន្តែ មនុស្សឥតគ្រប់ល័ក្ខណ៍ត្រូវការច្បាប់ច្រើនជាង ដើម្បីណែនាំពួកគេឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះ។ លោកណូអេ លោកអ័ប្រាហាំ និងលោកយ៉ាកុបធ្លាប់ទទួលច្បាប់ពីព្រះយេហូវ៉ា ហើយពួកគាត់បានបង្រៀនច្បាប់នេះដល់ក្រុមគ្រួសាររបស់គាត់ដែរ។ (លោកុប្បត្តិ ៦:២២; ៩:៣-៦; ១៨:១៩; ២៦:៤, ៥) ព្រះយេហូវ៉ាបានក្លាយទៅជាអ្នកតែងច្បាប់ដែលរកប្រដូចគ្មាន នៅពេលដែលទ្រង់ប្រទានក្រិត្យវិន័យដល់សាសន៍អ៊ីស្រាអែលតាមរយៈលោកម៉ូសេ។ ក្រិត្យវិន័យនេះជួយបំភ្លឺឲ្យយល់ធ្លុះអំពីយុត្ដិធម៌របស់ព្រះយេហូវ៉ា។
ការសង្ខេបក្រិត្យវិន័យលោកម៉ូសេ
៥. តើក្រិត្យវិន័យលោកម៉ូសេជាច្បាប់ច្រើនស្មុគស្មាញឬ? ហេតុអ្វីអ្នកឆ្លើយដូច្នេះ?
៥ មនុស្សជាច្រើនគិតថា ក្រិត្យវិន័យលោកម៉ូសេជាក្របខ័ណ្ឌច្បាប់ដ៏ស្មុគស្មាញនិងច្រើនរកកន្លែងល្មមទុកពុំបាន។ ប៉ុន្តែ គំនិតបែបនេះគឺខុសស្រឡះពីការពិត។ ក្រិត្យវិន័យលោកម៉ូសេមានច្បាប់ជាង៦០០ប្រការ។ នេះប្រហែលជាស្ដាប់ទៅដូចជាមានច្បាប់ច្រើនហួសហេតុពេក ប៉ុន្តែ សូមគិតទៅមើល នៅដំណាច់សតវត្សទី២០ ច្បាប់របស់សហរដ្ឋអាមេរិកត្រូវការជាង១៥០.០០០ទំព័រដើម្បីសរសេរច្បាប់ទាំងអស់របស់ប្រទេសនោះ។ នេះបានន័យថា ពីរឆ្នាំម្ដង ពួកគេបានបន្ថែមច្បាប់៦០០ប្រការទៀត! ដូច្នេះ បើគិតតែចំនួនប៉ុណ្ណោះ គំនរច្បាប់ដែលមនុស្សជាតិតែងមានច្រើនជាងក្រិត្យវិន័យលោកម៉ូសេឆ្ងាយណាស់។ ប៉ុន្តែ ក្រិត្យវិន័យរបស់ព្រះបានគ្រប់គ្រងទៅលើផ្នែកផ្សេងៗនៃជីវិតរបស់ជនជាតិអ៊ីស្រាអែល ដែលច្បាប់របស់មនុស្សមិនទាក់ទងសោះ។ សូមពិនិត្យមើលក្រិត្យវិន័យនោះយ៉ាងសង្ខេប។
៦, ៧. (ក) តើអ្វីជាលក្ខណៈខុសគ្នារវាងក្រិត្យវិន័យលោកម៉ូសេនិងក្រិត្យវិន័យផ្សេងទៀតរបស់មនុស្ស? តើអ្វីជាច្បាប់ដ៏ឧត្តមបំផុតក្នុងក្រិត្យវិន័យនោះ? (ខ) តើជនជាតិអ៊ីស្រាអែលបង្ហាញថាពួកគេចុះចូលចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៦ ក្រិត្យវិន័យលោកម៉ូសេបានលើកដំកើងអធិបតេយ្យរបស់ព្រះយេហូវ៉ា។ ហេតុនេះឯង ដែលក្រិត្យវិន័យលោកម៉ូសេគឺខ្ពង់ខ្ពស់ឧត្តុង្គឧត្តមជាងក្របខ័ណ្ឌច្បាប់ណាផ្សេងទៀតរបស់មនុស្ស។ ច្បាប់ដ៏ឧត្តុង្គឧត្តមបំផុតក្នុងក្រិត្យវិន័យនោះគឺ: ‹ចូរស្ដាប់ចុះ! ឱអ៊ីស្រាអែលអើយ! ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់ ត្រូវឲ្យអ្នកស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃអ្នកឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងអ្នក›។ តើរាស្ត្ររបស់ព្រះត្រូវសម្ដែងសេចក្ដីស្រឡាញ់ចំពោះទ្រង់យ៉ាងដូចម្ដេច? ពួកគេត្រូវបំរើទ្រង់ដោយចុះចូលនឹងការគ្រប់គ្រងរបស់ទ្រង់។—ចោទិយកថា ៦:៤, ៥; ១១:១៣
៧ ជនជាតិអ៊ីស្រាអែលម្នាក់ៗបានបង្ហាញថា ពួកគេទទួលស្គាល់ការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ដោយចុះចូលចំពោះអ្នកដែលបានតែងតាំងឲ្យមានអំណាចលើពួកគេ។ មាតាបិតា បណ្ដាមេកុលសម្ព័ន្ធ ពួកចៅហ្វាយ សង្ឃទាំងពួង និងក្រោយមកបណ្ដាស្តេច សុទ្ធតែតំណាងអំណាចរបស់ព្រះ។ ព្រះយេហូវ៉ាបានចាត់ទុកការប្រឆាំងនឹងអ្នកដែលមានអំណាច ជាការប្រឆាំងនឹងទ្រង់ផ្ទាល់។ ម្យ៉ាងទៀត អ្នកកាន់អំណាចអាចទទួលរងនូវសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បើពួកគេប្រព្រឹត្តដោយអយុត្ដិធម៌ឬដោយក្រអឺតក្រទមចំពោះរាស្ត្ររបស់ទ្រង់។ (និក្ខមនំ ២០:១២; ២២:២៨; ចោទិយកថា ១:១៦, ១៧; ១៧:៨-២០; ១៩:១៦, ១៧) អ្នកកាន់អំណាចព្រមទាំងអ្នកដែលនៅក្រោមអំណាចមានភារកិច្ចគាំទ្រអធិបតេយ្យរបស់ព្រះ។
៨. តើក្រិត្យវិន័យបានគាំទ្រខ្នាតតម្រារបស់ព្រះយេហូវ៉ាស្តីអំពីភាពបរិសុទ្ធយ៉ាងដូចម្ដេច?
៨ ក្រិត្យវិន័យនោះបានគាំទ្រភាពបរិសុទ្ធរបស់ព្រះយេហូវ៉ា។ ពាក្យ«បរិសុទ្ធ»មានជាង២៨០ដងក្នុងក្រិត្យវិន័យលោកម៉ូសេ។ ក្រិត្យវិន័យនោះជួយរាស្ត្ររបស់ព្រះឲ្យចេះវែកញែកសម្គាល់អ្វីដែលស្អាតហើយមិនស្អាត បរិសុទ្ធនិងមិនបរិសុទ្ធ ដោយបញ្ជាក់អ្វីផ្សេងៗប្រមាណ៧០យ៉ាងដែលអាចធ្វើឲ្យជនជាតិអ៊ីស្រាអែលម្នាក់មិនស្អាតចំពោះការថ្វាយបង្គំ។ ក្រិត្យទាំងនេះទាក់ទងនឹងការសំអាតខ្លួនប្រាណ ការបរិភោគ និងរហូតដល់ការបន្ទោបង់ទៀតផង។ ក្រិត្យវិន័យទាំងនេះបានផ្ដល់ប្រយោជន៍ច្រើនយ៉ាងណាស់ចំពោះសុខភាព។a ប៉ុន្តែ ក្រិត្យវិន័យទាំងនេះមានគោលបំណងមួយដ៏ខ្ពង់ខ្ពស់ជាង គឺទប់ស្កាត់មិនឲ្យពួកអ៊ីស្រាអែលប្រព្រឹត្តអំពើបាបដូចសាសន៍ថោកទាបទាំងប៉ុន្មានដែលនៅជុំវិញពួកគេ ដើម្បីអាចទទួលព្រះគុណពីព្រះយេហូវ៉ា។ សូមពិចារណាឧទាហរណ៍មួយ។
៩, ១០. តើកិច្ចព្រមព្រៀងក្រិត្យវិន័យមានច្បាប់អ្វីខ្លះស្តីអំពីការរួមដំណេកនិងការបង្កើតកូន? តើច្បាប់ទាំងនេះបានផ្ដល់ប្រយោជន៍អ្វីខ្លះ?
៩ ក្រិត្យខ្លះក្នុងកិច្ចព្រមព្រៀងក្រិត្យវិន័យនោះបានចែងថា ការសម្រាលកូននិងការរួមដំណេក សូម្បីតែរវាងអ្នកដែលបានរៀបការហើយ ក៏ជាអ្វីដែលនាំឲ្យមិនស្អាតមួយរយៈដែរ។ (លេវីវិន័យ ១២:២-៤; ១៥:១៦-១៨) ក្រិត្យវិន័យទាំងនេះមិនបានន័យថាការសម្រាលកូននិងការរួមដំណេកដែលជាអំណោយដ៏ស្អាតស្អំនេះពីព្រះ គឺជាអ្វីដ៏អាក្រក់នោះឡើយ។ (លោកុប្បត្តិ ១:២៨; ២:១៨-២៥) ផ្ទុយទៅវិញ ក្រិត្យវិន័យទាំងនេះបានលើកដំកើងភាពបរិសុទ្ធរបស់ព្រះយេហូវ៉ា ដោយធ្វើឲ្យរាស្ត្ររបស់ទ្រង់បានស្អាតស្អំ។ គួរឲ្យកត់សម្គាល់ថា សាសន៍ដែលនៅជុំវិញជនជាតិអ៊ីស្រាអែលច្រើនតែរួមបញ្ចូលការថ្វាយបង្គំជាមួយនឹងការរួមដំណេកនិងក្បួនរីតិ៍ដែលផ្ដល់ឲ្យសមត្ថភាពបង្កើតកូន។ សាសនារបស់ពួកកាណានរួមបញ្ចូលការរួមដំណេកជាមួយនឹងប្រុសហើយស្រីដែលលក់ខ្លួន។ ជាលទ្ធផល ទំនៀមទម្លាប់ដ៏ថោកទាបនិងស្មោកគ្រោកបំផុតបានរាលដាល។ ផ្ទុយទៅវិញ ក្រិត្យវិន័យបានធ្វើឲ្យការថ្វាយបង្គំព្រះយេហូវ៉ាប្រាសចាករឿងកាម។b ក្រិត្យវិន័យក៏មានប្រយោជន៍ផ្សេងទៀតដែរ។
១០ ក្រិត្យវិន័យទាំងនោះបានបង្រៀនសេចក្ដីពិតដ៏សំខាន់មួយ។c យ៉ាងណាមិញ តើបាបរបស់អ័ដាមឆ្លងពីមួយតំណទៅមួយតំណយ៉ាងដូចម្ដេច? តើមិនមែនដោយការរួមដំណេកនិងការបង្កើតកូនទេឬ? (រ៉ូម ៥:១២) ប្រាកដណាស់ ក្រិត្យវិន័យរបស់ព្រះបានរំឭករាស្ត្រទ្រង់អំពីបាប។ ការពិត យើងទាំងអស់គ្នាកើតមកទាំងមានបាបស្រាប់ហើយ។ (ទំនុកដំកើង ៥១:៥) យើងត្រូវការនូវការអត់ឱនទោសនិងការលោះបាបដើម្បីចូលទៅជិតព្រះដ៏បរិសុទ្ធរបស់យើង។
១១, ១២. (ក) តើក្រិត្យវិន័យបានគាំទ្រគោលការណ៍ដ៏សំខាន់អ្វីស្តីអំពីយុត្ដិធម៌? (ខ) តើក្រិត្យវិន័យនោះទប់ទល់មិនឲ្យមានអំពើអយុត្ដិធម៌យ៉ាងដូចម្ដេច?
១១ ក្រិត្យវិន័យនោះបានគាំទ្រយុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ា។ ក្រិត្យវិន័យលោកម៉ូសេបានគាំទ្រគោលការណ៍ដែលថា យុត្ដិធម៌តម្រូវឲ្យមានភាពស្មើគ្នា។ ហេតុនេះហើយ ក្រិត្យវិន័យបានចែងថា៖ «ត្រូវធ្វើឲ្យជីវិតធួននឹងជីវិត ភ្នែកធួននឹងភ្នែក ធ្មេញធួននឹងធ្មេញដៃធួននឹងដៃ ជើងធួននឹងជើងវិញ»។ (ចោទិយកថា ១៩:២១) ដូច្នេះ ក្នុងករណីបទឧក្រិដ្ឋវិញ ទោសគឺមានស្មើនឹងបទឧក្រិដ្ឋ។ នេះជាលក្ខណៈមួយនៃយុត្ដិធម៌របស់ព្រះដែលមានទូទៅក្នុងក្រិត្យវិន័យ ហើយក៏ជាលក្ខណៈដែលយើងត្រូវដឹងជាចាំបាច់ដើម្បីយល់នូវយញ្ញបូជាលោះរបស់ព្រះគ្រីស្ទយេស៊ូ ដូចដែលយើងនឹងរៀនក្នុងជំពូកទី១៤។—ធីម៉ូថេទី១ ២:៥, ៦
១២ ក្រិត្យវិន័យនោះក៏មានអ្វីទប់ទល់កុំឲ្យមានភាពអយុត្ដិធម៌ដែរ។ ឧទាហរណ៍ ដើម្បីបញ្ជាក់ថាការចោទប្រកាន់ណាមួយគឺពិត ត្រូវការយ៉ាងហោចណាស់សាក្សីពីរនាក់។ ទោសសំរាប់ធ្វើជាសាក្សីក្លែងក្លាយគឺធ្ងន់ណាស់។ (ចោទិយកថា ១៩:១៥, ១៨, ១៩) អំពើពុករលួយនិងការសូកប៉ាន់បានត្រូវហាមជាដាច់ខាត។ (និក្ខមនំ ២៣:៨; ចោទិយកថា ២៧:២៥) សូម្បីតែក្នុងការរកស៊ីក្ដី រាស្ត្ររបស់ព្រះត្រូវគាំទ្រគោលការណ៍យុត្ដិធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ាដែរ។ (លេវីវិន័យ ១៩:៣៥, ៣៦; ចោទិយកថា ២៣:១៩, ២០) ក្រិត្យវិន័យដ៏ខ្ពង់ខ្ពស់និងប្រកបដោយយុត្ដិធម៌នេះបានជាពរដ៏ប្រសើរណាស់សំរាប់ជនជាតិអ៊ីស្រាអែល!
ក្រិត្យដែលបញ្ជាក់ពីការកាត់ក្ដីដោយមេត្ដាករុណានិងមិនលំអៀង
១៣, ១៤. តើក្រិត្យវិន័យបានបណ្ដាលឲ្យមានការប្រព្រឹត្តដោយយុត្ដិធម៌និងមិនលំអៀងយ៉ាងដូចម្ដេចសំរាប់ចោរនិងជនដែលបាត់ទ្រព្យ?
១៣ តើក្រិត្យវិន័យលោកម៉ូសេជាច្បាប់ដ៏តឹងរ៉ឹងមិនប្រកបទៅដោយក្ដីមេត្ដាករុណាឬ? ប្រាកដជាមិនដូច្នេះទេ! ស្តេចដាវីឌបានត្រូវបណ្ដាលឲ្យសរសេរថា៖ «ក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍»។ (ទំនុកដំកើង ១៩:៧) ស្តេចដាវីឌជ្រាបច្បាស់ថា ក្រិត្យវិន័យបានបណ្ដាលឲ្យមានសេចក្ដីមេត្ដាករុណានិងការកាត់ក្ដីដោយមិនលំអៀង។ តើដោយដូចម្ដេច?
១៤ នៅប្រទេសខ្លះសព្វថ្ងៃនេះ ក្រិត្យវិន័យមើលទៅដូចជាលំអៀងទៅរកជនពាល ជាជាងយកចិត្តទុកដាក់ជនរងគ្រោះ។ ជាឧទាហរណ៍ ពួកចោរប្រហែលជាត្រូវចាប់ខ្លួនដាក់គុកមួយរយៈ។ ចន្លោះពេលនោះ អ្នកដែលត្រូវចោរលួចទ្រព្យនៅតែមិនបានទ្រព្យរបស់ខ្លួនមកវិញ ហើយក៏ត្រូវបង់ពន្ធដែលរដ្ឋយកទៅប្រើក្នុងការជួលអាគារគុកនិងទិញម្ហូបអាហារចិញ្ចឹមចោរនោះ។ នៅប្រទេសអ៊ីស្រាអែលសម័យដើម គ្មានគុកដូចសព្វថ្ងៃនេះទេ។ ទោសដែលឧក្រិដ្ឋជនទទួលមានកំហិតដាច់ខាត។ (ចោទិយកថា ២៥:១-៣) ចោរត្រូវសងឲ្យជនរងគ្រោះនូវអ្វីដែលគាត់បានលួច។ ម្យ៉ាងទៀត ចោរនោះក៏ត្រូវសងលើសពីនោះទៅទៀត។ តើចោរត្រូវសងប៉ុន្មាន? គឺមិនទៀងទេ។ តាមមើលទៅ ពួកចៅហ្វាយមានអំណាចគិតថ្លឹងថ្លែងអំពីកត្ដាមួយចំនួន ដូចជាការប្រែចិត្តរបស់ចោរនោះ។ នេះអាចជាហេតុដែលចំនួនចោរត្រូវសងនៅលេវីវិន័យ ៦:១-៧ គឺតិចជាងចំនួននៅនិក្ខមនំ ២២:៧ ឆ្ងាយណាស់។
១៥. តើក្រិត្យវិន័យបានធានាឲ្យអ្នកសម្លាប់គេដោយឥតចេតនាទទួលនូវសេចក្ដីមេត្ដាករុណានិងយុត្ដិធម៌យ៉ាងដូចម្ដេច?
១៥ ក្រិត្យវិន័យលោកម៉ូសេមានច្បាប់ដែលមេត្ដាដល់ជនដែលធ្វើខុសដោយឥតចេតនា។ ជាឧទាហរណ៍ បើមនុស្សម្នាក់សម្លាប់មនុស្សម្នាក់ទៀតដោយគ្មានចេតនា គាត់មិនចាំបាច់សងជីវិតឲ្យធួននឹងជីវិតឡើយ បើគាត់ចង់ធ្វើអ្វីដែលត្រឹមត្រូវនោះ គាត់គួររត់ទៅទីក្រុងពំនាក់ដែលមាននៅទូទាំងប្រទេសអ៊ីស្រាអែល។ ក្រោយពួកចៅហ្វាយដែលមានសមត្ថភាពពិនិត្យមើលករណីរបស់ជនសម្លាប់គេនោះ គាត់ត្រូវបន្តរស់នៅទីក្រុងទីពំនាក់រហូតដល់សម្ដេចសង្ឃទទួលមរណភាព។ ក្រោយនោះគាត់មានសេរីភាពអាចរស់នៅកន្លែងណាបានតាមចិត្ត។ យ៉ាងនេះ អ្នកសម្លាប់គេទទួលនូវសេចក្ដីមេត្ដាករុណាពីព្រះ។ ទន្ទឹមនឹងនោះ ក្រិត្យវិន័យនេះបានបញ្ជាក់តម្លៃខ្ពស់នៃជីវិតមនុស្ស។—ជនគណនា ១៥:៣០, ៣១; ៣៥:១២-២៥
១៦. តើក្រិត្យវិន័យនោះបានការពារសិទ្ធិផ្ទាល់ខ្លួនរបស់មនុស្សយ៉ាងដូចម្ដេច?
១៦ ក្រិត្យវិន័យបានការពារសិទ្ធិរបស់បុគ្គលម្នាក់ៗផងដែរ។ សូមពិចារណារបៀបក្រិត្យវិន័យបានការពារអ្នកដែលជំពាក់លុយគេ។ ក្រិត្យវិន័យនោះបានហាមមិនឲ្យម្ចាស់បំណុលចូលទៅក្នុងផ្ទះរបស់កូនបំណុលដើម្បីយកទ្រព្យគាត់ជារបស់បញ្ចាំឡើយ។ ផ្ទុយទៅវិញ ម្ចាស់បំណុលត្រូវចាំខាងក្រៅផ្ទះរបស់កូនបំណុល ហើយឲ្យកូនបំណុលយករបស់បញ្ចាំនោះចេញមកដោយខ្លួនឯង។ យ៉ាងនេះ មិនអាចមានការបំពានចូលផ្ទះរបស់មនុស្សឡើយ។ បើម្ចាស់បំណុលយកអាវធំរបស់កូនបំណុលជារបស់បញ្ចាំនោះ គាត់ត្រូវតែឲ្យអាវធំនោះវិញពេលថ្ងៃលិច ដ្បិតកូនបំណុលទំនងជានឹងត្រូវការអាវធំនោះដើម្បីពេលយប់អាចទុកដណ្ដប់ខ្លួន។—ចោទិយកថា ២៤:១០-១៤
១៧, ១៨. ក្នុងសង្គ្រាម តើសាសន៍អ៊ីស្រាអែលខុសគ្នាពីសាសន៍ឯទៀតដូចម្ដេចខ្លះ? ហេតុអ្វី?
១៧ សូម្បីតែសង្គ្រាមត្រូវគ្រប់គ្រងដោយក្រិត្យវិន័យដែរ។ រាស្ត្ររបស់ព្រះមិនត្រូវធ្វើសង្គ្រាមដើម្បីចំអែតការស្រេកឃ្លានចង់បានអំណាចនិងជ័យជំនះនោះឡើយ តែត្រូវធ្វើដើម្បីបំរើជាភ្នាក់ងាររបស់ព្រះក្នុង«ចំបាំងផងព្រះយេហូវ៉ា»។ (ជនគណនា ២១:១៤) ក្នុងករណីជាច្រើន សាសន៍អ៊ីស្រាអែលត្រូវស្នើឲ្យសត្រូវចុះចូលសិន។ បើអ្នកក្រុងនោះបដិសេធសំនើនោះ ពួកអ៊ីស្រាអែលអាចវាយយកទីក្រុងនោះបាន តែការវាយយកនោះត្រូវសមស្របទៅតាមច្បាប់របស់ព្រះ។ ទាហានជនជាតិអ៊ីស្រាអែលគឺមិនដូចពួកទាហានឯទៀតទេ ដ្បិតក្រិត្យវិន័យមិនឲ្យទាហានជនជាតិអ៊ីស្រាអែលរំលោភស្ត្រីឬសម្លាប់មនុស្សដោយមិនរើសមុខនោះឡើយ។ ពួកទាហានអ៊ីស្រាអែលក៏ត្រូវការពារបរិស្ថានទៀតផង ដោយមិនកាប់រំលំដើមឈើមានផ្លែលើទឹកដីនៃពួកសត្រូវឡើយ។d ទ័ពរបស់សាសន៍ផ្សេងទៀតគ្មានច្បាប់ដូចនេះទេ។—ចោទិយកថា ២០:១០-១៥, ១៩, ២០; ២១:១០-១៣
១៨ តើចិត្តអ្នករន្ធត់នៅពេលដែលឮថាក្មេងៗត្រូវបង្ហាត់ឲ្យធ្វើជាទាហាននៅប្រទេសផ្សេងៗឬទេ? នៅប្រទេសអ៊ីស្រាអែលពីបុរាណ បុរសណាដែលមានអាយុតិចជាង២០ឆ្នាំ មិនអាចចូលធ្វើទាហានបានឡើយ។ (ជនគណនា ១:២, ៣) សូម្បីតែបុរសពេញវ័យក៏អាចរួចពីការចូលធ្វើទាហានដែរ បើគាត់ខ្លាចហួសហេតុពេក។ បុរសដែលទើបតែរៀបការក៏បានរួចអស់មួយឆ្នាំ ដើម្បីអាចមានកូនបន្តត្រកូលមុនគាត់ចូលធ្វើកិច្ចបំរើនេះដែលប្រកបដោយគ្រោះថ្នាក់។ ច្បាប់បានពន្យល់ថា តាមវិធីនេះ ស្វាមីដែលស្ថិតក្នុងយុវវ័យនោះអាចធ្វើឲ្យភរិយាថ្មោងថ្មីរបស់ខ្លួន«មានសេចក្ដីរីករាយឡើង»។—ចោទិយកថា ២០:៥, ៦, ៨; ២៤:៥
១៩. តើក្រិត្យវិន័យមានប្រការណាខ្លះដែលបានការពារស្ត្រី កុមារ ក្រុមគ្រួសារ ស្ត្រីមេម៉ាយ និងកូនកំព្រា?
១៩ ក្រិត្យវិន័យក៏បានការពារស្ត្រី កុមារ និងក្រុមគ្រួសារ ដោយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ពួកគេ។ ក្រិត្យវិន័យបានតម្រូវឲ្យមាតាបិតាយកចិត្តទុកដាក់និងបង្រៀនកូនអំពីអ្វីខាងវិញ្ញាណជានិច្ច។ (ចោទិយកថា ៦:៦, ៧) ក្រិត្យវិន័យបានហាមមិនឲ្យមានការរួមដំណេកជាមួយសាច់ញាតិជិត ដ្បិតអ្នកណាដែលធ្វើដូច្នេះនឹងទទួលទោសស្លាប់។ (លេវីវិន័យ ជំពូកទី១៨) ក្រិត្យវិន័យក៏បានហាមមិនឲ្យមានការផិត ដែលធ្វើឲ្យបាក់បែកក្រុមគ្រួសារ និងបំផ្លាញនូវសេចក្ដីសុខហើយសេចក្ដីថ្លៃថ្នូរនៃគ្រួសារទៀតផង។ ក្រិត្យវិន័យក៏បានផ្គត់ផ្គង់ស្ត្រីមេម៉ាយនិងពួកកំព្រាដែរ និងបានហាមដាច់ខាតមិនឲ្យធ្វើបាបពួកគេឡើយ។—និក្ខមនំ ២០:១៤; ២២:២២-២៤
២០, ២១. (ក) ហេតុអ្វីបានជាក្រិត្យវិន័យលោកម៉ូសេអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលមានប្រពន្ធច្រើន? (ខ) ស្តីអំពីរឿងលែងលះគ្នា ហេតុអ្វីបានជាក្រិត្យវិន័យគឺខុសគ្នាពីគោលការណ៍ដែលព្រះយេស៊ូបានស្ថាបនាឡើងនៅពេលក្រោយទៅវិញ?
២០ ប៉ុន្តែ មនុស្សខ្លះប្រហែលជាឆ្ងល់ថា៖‹ហេតុអ្វីបានជាក្រិត្យវិន័យអនុញ្ញាតឲ្យមានប្រពន្ធច្រើន?›។ (ចោទិយកថា ២១:១៥-១៧) យើងអាចយល់អំពីក្រិត្យវិន័យនោះដោយគិតពីទំនៀមទំលាប់នៅសម័យនោះ។ អ្នកណាដែលគិតអំពីក្រិត្យវិន័យលោកម៉ូសេដោយផ្អែកលើទស្សនៈរបស់មនុស្សនៅសម័យបច្ចុប្បន្ននេះ ច្បាស់ជានឹងយល់ច្រឡំហើយ។ (សុភាសិត ១៨:១៣) ខ្នាតតម្រារបស់ព្រះយេហូវ៉ាដែលទ្រង់បានតែងនៅសួនច្បារអេដែនបានចែងថា អាពាហ៍ពិពាហ៍ត្រូវជាសម្ព័ន្ធមេត្រីមួយដ៏ស្ថិតស្ថេររវាងស្វាមីមួយនិងភរិយាមួយ។ (លោកុប្បត្តិ ២:១៨, ២០-២៤) ប៉ុន្តែ ទំរាំមកដល់ពេលព្រះយេហូវ៉ាប្រទានក្រិត្យវិន័យដល់សាសន៍អ៊ីស្រាអែល មនុស្សបានមានទម្លាប់រៀបការប្រពន្ធច្រើនតាំងពីរាប់សតវត្សមុននោះ។ ព្រះយេហូវ៉ាជ្រាបច្បាស់ថា រាស្ត្ររបស់ទ្រង់ដែលមាន«ក្បាលរឹង»នេះ ជាញឹកញយមិនបានស្ដាប់បង្គាប់ទ្រង់នោះទេ សូម្បីតែច្បាប់ដែលស្រួលធ្វើដូចជាការចៀសវាងពីការថ្វាយបង្គំរូបព្រះក៏ពួកគេមិនបានស្ដាប់តាមដែរ។ (និក្ខមនំ ៣២:៩) ដូច្នេះ ដោយសារទ្រង់មានប្រាជ្ញា ទ្រង់មិនបានជ្រើសរើសសម័យនោះជាពេលដើម្បីអភិវឌ្ឍរបៀបរបបអាពាហ៍ពិពាហ៍របស់ពួកគេឡើយ។ ប៉ុន្តែ សូមចាំថា ព្រះយេហូវ៉ាមិនបានផ្ដើមឲ្យមានការរៀបការប្រពន្ធច្រើននោះទេ។ ប៉ុន្តែ ទ្រង់បានប្រើក្រិត្យវិន័យដើម្បីត្រួតពិនិត្យលើការមានប្រពន្ធច្រើន កុំឲ្យពួកអ៊ីស្រាអែលរំលោភទៅលើទំនៀមទំលាប់នេះ។
២១ ស្រដៀងគ្នាដែរ ក្រិត្យវិន័យលោកម៉ូសេបានអនុញ្ញាតឲ្យបុរសម្នាក់លែងលះប្រពន្ធដោយសំអាងហេតុជាច្រើនដែលធ្ងន់ធ្ងរ។ (ចោទិយកថា ២៤:១-៤) ព្រះយេស៊ូបានមានបន្ទូលថា ព្រះបានប្រណីនឹងការប្រព្រឹត្តនេះរបស់ជនជាតិអ៊ីស្រាអែល«ដោយព្រោះតែចិត្ត[ពួកគេ]រឹងរបឹង»។ ប៉ុន្តែ ការប្រណីនោះគឺបណ្ដោះអាសន្នប៉ុណ្ណោះ។ ព្រះយេស៊ូបានស្ថាបនាឡើងវិញនូវខ្នាតតម្រាដំបូងរបស់ព្រះយេហូវ៉ា សំរាប់អ្នកកាន់តាមទ្រង់។—ម៉ាថាយ ១៩:៨
ក្រិត្យវិន័យបានបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់
២២. តើក្រិត្យវិន័យលោកម៉ូសេបានបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេចខ្លះ? ហើយតើមានសេចក្ដីស្រឡាញ់ចំពោះអ្នកណា?
២២ បើមានច្បាប់ទម្លាប់ដែលបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់សព្វថ្ងៃនេះ នោះពិតជាល្អណាស់មែនទេ? ក្រិត្យវិន័យលោកម៉ូសេបានយកសេចក្ដីស្រឡាញ់ជាធំបំផុត។ បើគិតតែសៀវភៅចោទិយកថាប៉ុណ្ណោះ មានពាក្យ«ស្រឡាញ់»ជាង២០ដង។ ច្បាប់សំខាន់បំផុតទីពីរក្នុងក្រិត្យវិន័យគឺ៖ «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ»។ (លេវីវិន័យ ១៩:១៨; ម៉ាថាយ ២២:៣៧-៤០) រាស្ត្ររបស់ព្រះមិនគ្រាន់តែត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះជនជាតិអ៊ីស្រាអែលដូចគ្នានោះទេ តែចំពោះសាសន៍ផ្សេងដែលនៅក្នុងចំណោមពួកគេនោះ សាសន៍អ៊ីស្រាអែលក៏ត្រូវបង្ហាញសេចក្ដីស្រឡាញ់ដែរដោយចាំថា ខ្លួនក៏ធ្លាប់ស្នាក់នៅប្រទេសគេដែរ។ សាសន៍អ៊ីស្រាអែលត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះជនក្រីក្រនិងអ្នកឈឺ ដោយជួយពួកគេខាងសម្ភារៈនិងមិនប្រើភាពខ្សត់ខ្សោយរបស់អ្នកទាំងនោះធ្វើជាឈ្នាន់ដើម្បីទទួលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ក្រិត្យវិន័យក៏បានណែនាំឲ្យពួកគេមេត្ដាដល់សត្វពាហនៈផងដែរ។—និក្ខមនំ ២៣:៦; លេវីវិន័យ ១៩:១៤, ៣៣, ៣៤; ចោទិយកថា ២២:៤, ១០; ២៤:១៧, ១៨
២៣. តើអ្នកតែងទំនុកដំកើង១១៩បានត្រូវជំរុញឲ្យធ្វើអ្វី? តើយើងអាចតាំងចិត្តធ្វើអ្វី?
២៣ គ្មានសាសន៍ណាផ្សេងទៀតដែលបានទទួលពរពីក្រិត្យវិន័យទាំងនេះឡើយ។ ហេតុនេះគ្មានចំឡែកអ្វីទេដែលអ្នកតែងទំនុកដំកើងបានសរសេរថា៖ «ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎!»។ ប៉ុន្តែ សេចក្ដីស្រឡាញ់របស់គាត់មិនគ្រាន់តែជាទឹកចិត្តមួយប៉ុណ្ណោះ តែនោះជាអ្វីដែលបានជំរុញឲ្យគាត់មានការប្រព្រឹត្ត ដ្បិតគាត់បានព្យាយាមស្ដាប់តាមក្រិត្យវិន័យនោះនិងរស់នៅឲ្យសមស្របទៅតាមនោះដែរ។ ម្យ៉ាងទៀត គាត់បានបន្តដោយថា៖ «ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ»។ (ទំនុកដំកើង ១១៩:១១, ៩៧) ពិតណាស់ គាត់ចំណាយពេលជាទៀងទាត់ក្នុងការសិក្សាក្រិត្យវិន័យរបស់ព្រះយេហូវ៉ា។ គាត់ពិតជាស្រឡាញ់ក្រិត្យវិន័យនោះរឹតតែខ្លាំងពេលគាត់សិក្សា។ ទន្ទឹមនឹងនោះ សេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ាដែលប្រទានច្បាប់ទាំងនោះក៏មានខ្លាំងទ្វេឡើងដែរ។ នៅពេលដែលអ្នកបន្តសិក្សាក្រិត្យវិន័យរបស់ព្រះ សូមឲ្យអ្នកចូលទៅកាន់តែជិតព្រះយេហូវ៉ា ជាព្រះដ៏ឧត្តុង្គឧត្តមដែលប្រទានច្បាប់ និងជាព្រះនៃយុត្ដិធម៌។
a ជាឧទាហរណ៍ ក្រិត្យវិន័យស្តីអំពីការកប់លាមក ការបង្ខាំងទុកអ្នកជំងឺឲ្យនៅដាច់ពីគេ និងការមុជទឹកបោកសំលៀកបំពាក់នៅពេលណាដែលប៉ះសព គឺជាច្បាប់ទំនើបជាងសម័យនោះឆ្ងាយណាស់។—លេវីវិន័យ ១៣:៤-៨; ជនគណនា ១៩:១១-១៣, ១៧-១៩; ចោទិយកថា ២៣:១៣, ១៤
b ព្រះវិហារសាសនារបស់សាសន៍កាណានបានមានបន្ទប់ទុកដោយឡែកសំរាប់ការរួមដំណេក រីឯក្រិត្យវិន័យលោកម៉ូសេវិញបានចែងថា អ្នកណាម្នាក់ដែលមិនស្អាតមិនអាចចូលក្នុងព្រះវិហារបានទេ។ ដូច្នេះ ដោយព្រោះការរួមដំណេកបាននាំឲ្យមិនស្អាតមួយរយៈ គ្មានអ្នកណានឹងអាចធ្វើឲ្យការរួមដំណេកទៅជាផ្នែកមួយនៃការថ្វាយបង្គំនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាបានឡើយ។
c គោលបំណងចំបងនៃក្រិត្យវិន័យគឺជាការបង្រៀន។ ការពិត សព្វវចនាធិប្បាយយូដេអ៊ីខាបានបញ្ជាក់ថា ពាក្យហេព្រើរតូរាដែលត្រូវបកប្រែថា«ក្រិត្យវិន័យ»នោះមានន័យថា«ការណែនាំ»។
d ក្រិត្យវិន័យនោះមានសំនួរចំៗថា៖ «តើដើមឈើនៅវាលជាមនុស្សឬអី បានជាត្រូវឲ្យឯងច្បាំងនឹងវាដែរដូច្នេះ?»។ (ចោទិយកថា ២០:១៩) លោកភីឡូ បណ្ឌិតសាសន៍យូដាម្នាក់នៅសតវត្សទីមួយបានលើកនិយាយពីច្បាប់នេះ ដោយពន្យល់ថា ព្រះចាត់ទុកថា «កាលបើកំហឹងរបស់មនុស្សត្រូវបញ្ចេញទៅលើអ្វីៗដែលគ្មានទោស នោះគឺអយុត្ដិធម៌»។