ជំពូកទី៧
តើអ្នកមានទស្សនៈដូចព្រះឬទេថាជីវិតមានតម្លៃ?
«ជ្រោះ[ឬ«ប្រភព»]នៃជីវិត នោះនៅជាមួយនឹងទ្រង់»។—ទំនុកតម្កើង ៣៦:៩; ៣៦:១០, ខ.ស.
១, ២. តើព្រះបានឲ្យអំណោយអ្វីដែលសំខាន់ណាស់សព្វថ្ងៃនេះ? ហើយហេតុអ្វីអំណោយនេះសំខាន់ម្ល៉េះ?
បិតារបស់យើងនៅស្ថានសួគ៌បានឲ្យអំណោយដ៏វិសេសលើសលប់មួយមកយើង ពោលគឺជីវិតជាមនុស្សជាតិដែលអាចរិះគិតពិចារណា ហើយបង្ហាញគុណសម្បត្ដិដូចលោក។ (លោកុប្បត្តិ ១:២៧) ដោយសារលោកបានឲ្យអំណោយដ៏វិសេសនេះ យើងអាចត្រិះរិះអំពីប្រយោជន៍ដែលមកពីការធ្វើតាមគោលការណ៍គម្ពីរ។ ពេលដែលយើងអនុវត្តគោលការណ៍គម្ពីរ យើងអាចក្លាយទៅជាមនុស្សដែលមានភាពចាស់ទុំ ហើយដែលស្រឡាញ់ព្រះយេហូវ៉ា ព្រមទាំង«បង្វឹកបង្ហាត់[សមត្ថភាពយល់ដឹង]ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។—ហេប្រឺ ៥:១៤
២ សព្វថ្ងៃនេះ ជាការសំខាន់ណាស់ដែលយើងចេះត្រិះរិះអំពីគោលការណ៍គម្ពីរ ពីព្រោះជីវិតក្នុងពិភពលោកនេះបានទៅជាស្មុគស្មាញដល់ម្ល៉េះ ដែលទោះជាមានច្បាប់ច្រើនយ៉ាងណាក៏ដោយ ក៏ច្បាប់ទាំងនោះនឹងនៅតែមិនគ្រប់គ្រាន់ដើម្បីយកមកអនុវត្តក្នុងគ្រប់កាលៈទេសៈដែលអាចកើតឡើងក្នុងជីវិតដែរ។ យើងអាចឃើញច្បាស់ថានោះគឺពិតមែន បើគិតអំពីវេជ្ជសាស្ត្រ ជាពិសេសផ្នែកខាងវិធីព្យាបាលនិងផលិតផលដែលទាក់ទងនឹងឈាម។ នេះជារឿងសំខាន់មួយដែលអស់អ្នកដែលចង់ស្ដាប់បង្គាប់ព្រះយេហូវ៉ាត្រូវយកចិត្តទុកដាក់។ ទោះជាមានជម្រើសច្រើនយ៉ាងណាក៏ដោយ បើយើងយល់គោលការណ៍គម្ពីរដែលទាក់ទងនឹងវិធីព្យាបាលនិងផលិតផលទាំងនោះ យើងនឹងអាចធ្វើការសម្រេចចិត្តដែលសមស្របតាមសមត្ថភាពវិនិច្ឆ័យរបស់យើង ហើយដែលជួយយើងរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។ (សុភាសិត ២:៦-១១) សូមពិចារណាអំពីគោលការណ៍បន្តបន្ទាប់នេះ។
ជីវិតនិងឈាមគឺពិសិដ្ឋ
៣, ៤. តើពេលណាដែលគម្ពីរបញ្ជាក់ជាលើកដំបូងអំពីភាពពិសិដ្ឋនៃឈាម? តើភាពពិសិដ្ឋនៃឈាមមានមូលដ្ឋានលើគោលការណ៍អ្វី?
៣ មិនយូរក្រោយពីកាអ៊ីនសម្លាប់អេបិល ព្រះយេហូវ៉ាបានបញ្ជាក់ជាលើកដំបូងឲ្យដឹងថាជីវិតនិងឈាមជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ហើយថាជីវិតនិងឈាមគឺបរិសុទ្ធឬពិសិដ្ឋ។ ព្រះមានប្រសាសន៍ទៅកាអ៊ីនថា៖ «ឮសូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ»។ (លោកុប្បត្តិ ៤:១០) តាមទស្សនៈរបស់ព្រះយេហូវ៉ា ឈាមរបស់អេបិលជាតំណាងជីវិតរបស់គាត់ ដែលបានត្រូវកាត់ផ្ដាច់យ៉ាងឃោរឃៅ។ ដូច្នេះ ក្នុងន័យមួយ ឈាមរបស់អេបិលស្រែកអង្វរសុំព្រះសងសឹកឲ្យគាត់។—ហេប្រឺ ១២:២៤
៤ បន្ទាប់ពីទឹកជំនន់នៅសម័យណូអេ ព្រះបានបើកឲ្យមនុស្សបរិភោគសាច់សត្វ តែមិនឲ្យបរិភោគឈាមរបស់វាទេ។ ព្រះមានប្រសាសន៍ថា៖ «សាច់ណាដែលនៅមានជីវិត គឺជាឈាម នោះកុំឲ្យបរិភោគឡើយ។ រីឯជីវិតមនុស្សវិញ . . . អញនឹងទារឈាមដែលជាជីវិតរបស់អ្នកនោះជាមិនខាន»។ (លោកុប្បត្តិ ៩:៤, ៥) កូនចៅទាំងអស់របស់ណូអេដែលកើតមកជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ ត្រូវធ្វើតាមបញ្ញត្ដិនោះដែរ។ នោះបញ្ជាក់ឡើងវិញនូវអត្ថន័យនៃអ្វីដែលព្រះបានមានប្រសាសន៍ទៅកាអ៊ីនពីមុន គឺថាឈាមរបស់សត្វនិងមនុស្សទាំងឡាយជាតំណាងជីវិត។ បញ្ញត្ដិដែលព្រះយេហូវ៉ាឲ្យដល់ណូអេក៏ជាភ័ស្តុតាងថា ព្រះយេហូវ៉ាដែលជាប្រភពនៃជីវិត នឹងដាក់ទោសមនុស្សទាំងអស់ដែលមិនចាត់ទុកជីវិតនិងឈាមជាអ្វីដ៏ពិសិដ្ឋទេ។—ទំនុកតម្កើង ៣៦:៩
៥, ៦. តើច្បាប់ម៉ូសេបង្ហាញយ៉ាងដូចម្ដេចថាឈាមគឺពិសិដ្ឋនិងមានតម្លៃវិសេស? (សូមមើលប្រអប់ដែលមានចំណងជើងថា «ចូរគោរពជីវិតរបស់សត្វ»)
៥ ច្បាប់ម៉ូសេបានសឲ្យឃើញការពិតដ៏សំខាន់លើសលប់ទាំងពីរនេះ។ លេវីវិន័យ ១៧:១០, ១១ចែងថា៖ «អ្នកណា . . . ដែលនឹងបរិភោគឈាមអ្វីក៏ដោយ នោះអញនឹងតាំងមុខទាស់នឹងអ្នកដែលបរិភោគឈាមនោះ ហើយនឹងកាត់គេចេញពីសាសន៍របស់ខ្លួន ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សំរាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតឯង។ ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន»a (សូមមើលប្រអប់ដែលមានចំណងជើងថា «ឈាមអាចជម្រះការខុសឆ្គង»)។
៦ បើពួកគេមិនយកឈាមរបស់សត្វដែលពួកគេសម្លាប់ទៅដាក់លើទីបូជាទេ នោះពួកគេត្រូវចាក់ឈាមសត្វនោះទៅលើដីវិញ។ យ៉ាងនេះ ក្នុងន័យធៀប ជីវិតរបស់សត្វនោះបានត្រូវប្រគល់ជូនម្ចាស់ដើមវិញ។ (ចោទិយកថា ១២:១៦; អេសេគាល ១៨:៤) ប៉ុន្តែ សូមកត់សម្គាល់ថាជនជាតិអ៊ីស្រាអែលមិនចាំបាច់ខំប្រឹងពូតច្របាច់លាងជម្រះសាច់ដែលពួកគេនឹងបរិភោគទាល់តែអស់ឈាមឡើយ។ ជនជាតិអ៊ីស្រាអែលអាចបរិភោគដោយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ឲ្យតែពួកគេបានសម្លាប់ ហើយសម្រក់ឈាមសត្វនោះតាមរបៀបត្រឹមត្រូវ ពីព្រោះដោយធ្វើដូច្នេះ ពួកគេបង្ហាញការគោរពចំពោះលោកដែលជាអ្នកឲ្យជីវិត។
៧. តើដាវីឌបង្ហាញការគោរពចំពោះភាពពិសិដ្ឋនៃឈាមយ៉ាងដូចម្ដេច?
៧ ដាវីឌដែលជា«អ្នកត្រូវនឹងចិត្តរបស់[ព្រះ]» បានយល់គោលការណ៍ដែលជាមូលដ្ឋាននៃច្បាប់របស់ព្រះ។ (សកម្មភាព ១៣:២២) នៅគ្រាមួយពេលដែលគាត់ស្រេកទឹកខ្លាំង នោះបុរសបីនាក់របស់គាត់បានទម្លាយចូលជំរំរបស់ទ័ពសត្រូវទៅដងទឹកពីអណ្ដូង រួចយកទៅឲ្យដាវីឌ។ តើដាវីឌមានប្រតិកម្មយ៉ាងណា? ដាវីឌសួរថា៖ «តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬ?»។ តាមទស្សនៈរបស់ដាវីឌ ទឹកនោះគឺដូចជាឈាមរបស់បុរសទាំងនោះតែម្ដង។ ដូច្នេះ ទោះជាគាត់ស្រេកទឹកខ្លាំងក៏ដោយ គាត់បាន«ចាក់ច្រួចថ្វាយដល់ព្រះយេហូវ៉ា»វិញ។—សាំយូអែលទី២ ២៣:១៥-១៧
៨, ៩. ពេលដែលក្រុមជំនុំគ្រិស្តសាសនិកបានត្រូវរៀបចំឡើង តើទស្សនៈរបស់ព្រះស្តីអំពីជីវិតនិងឈាមបានផ្លាស់ប្ដូរឬទេ? សូមពន្យល់។
៨ ប្រហែល២.៤០០ឆ្នាំក្រោយពីណូអេបានទទួលបញ្ញត្ដិស្តីអំពីឈាម ហើយប្រហែល១.៥០០ឆ្នាំក្រោយពីព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងខាងច្បាប់ នោះលោកបានដឹកនាំគណៈអភិបាលនៃក្រុមជំនុំគ្រិស្តសាសនិកនៅសម័យដើមឲ្យសរសេរថា៖ «សកម្មពលបរិសុទ្ធនិងយើងខ្ញុំបានសម្រេចចិត្តថា មិនត្រូវដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា លើកលែងតែអ្វីៗដូចតទៅនេះ ដែលជាការចាំបាច់ ពោលគឺ ជៀសវាងជាដាច់ខាតពីអ្វីៗដែលបានត្រូវបូជាចំពោះរូបព្រះ ហើយជៀសវាងពីឈាម សាច់សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក និងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។—សកម្មភាព ១៥:២៨, ២៩
៩ នេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា គណៈអភិបាលនៅសម័យដើមបានយល់អំពីភាពពិសិដ្ឋនៃឈាម ហើយថាការប្រើឈាមតាមរបៀបមិនត្រឹមត្រូវគឺខុសសីលធម៌ ដូចការគោរពបូជារូបព្រះនិងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដែរ។ គ្រិស្តសាសនិកពិតនៅសព្វថ្ងៃនេះក៏គាំទ្រគោលជំហរនោះដែរ។ ម្យ៉ាងទៀត ដោយសារពួកគេគិតអំពីគោលការណ៍គម្ពីរហើយធ្វើតាមគោលការណ៍នោះ ពួកគេអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ពេលត្រូវធ្វើការសម្រេចចិត្តស្តីអំពីរបៀបប្រើឈាម។
ការប្រើឈាមក្នុងវេជ្ជសាស្ត្រ
១០, ១១. (ក) តើសាក្សីព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះឈាមសុទ្ធ និងសមាសធាតុសំខាន់ទាំងបួននៃឈាម? (ខ) តើគ្រិស្តសាសនិកម្នាក់ៗប្រហែលជាមានមតិខុសគ្នាចំពោះរឿងអ្វីខ្លះស្តីអំពីឈាម?
១០ សាក្សីព្រះយេហូវ៉ាទទួលស្គាល់ថា ការ«ជៀសវាងជាដាច់ខាត . . . ពីឈាម» មានន័យថាមិនទទួលការចាក់បញ្ចូលឈាម មិនបរិច្ចាគឈាម ឬឲ្យគេបូមឈាមខ្លួនទុកដើម្បីចាក់បញ្ចូលវិញនៅពេលក្រោយទេ។ ដោយសារពួកគេគោរពច្បាប់របស់ព្រះ ពួកគេក៏មិនព្រមទទួលនូវសមាសធាតុសំខាន់ទាំងបួននៃឈាម ពោលគឺគោលិកាក្រហម គោលិកាស ប្លាកែត និងប្លាស្មាដែរ។
១១ សព្វថ្ងៃនេះ តាមរយៈការបំបែកធាតុ នោះធាតុផ្សេងៗទៀតអាចត្រូវចម្រាញ់ចេញពីសមាសធាតុសំខាន់ទាំងបួននៃឈាម ហើយយកទៅប្រើតាមវិធីផ្សេងៗ។ តើគ្រិស្តសាសនិកពិតម្នាក់អាចទទួលសារធាតុដែលចម្រាញ់ចេញពីឈាមបានឬទេ? តើគាត់នៅតែចាត់ទុកសារធាតុនោះថាជា«ឈាម»ឬទេ? គ្រិស្តសាសនិកម្នាក់ៗត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីរឿងនេះ ថែមទាំងសម្រេចចិត្តអំពីវិធីព្យាបាលឯទៀតដែលប្រើឈាមរបស់អ្នកជំងឺផ្ទាល់ឲ្យតែឈាមនោះមិនបានត្រូវទុកមួយរយៈពេលសិន។ វិធីព្យាបាលទាំងនោះមានដូចជាការច្រោះនិងសម្អាតឈាម (hemodialysis) ការបំបែរឈាមចូលក្នុងប្លោកហើយចាក់បញ្ចូលសូលុយស្យុងជំនួស (hemodilution) និងការបូមឈាមដែលហូរចេញក្នុងអំឡុងពេលវះកាត់ចូលក្នុងម៉ាស៊ីនច្រោះ រួចបើកបង្ហូរទៅក្នុងខ្លួនអ្នកជំងឺវិញ (cell salvage) (សូមមើលសេចក្ដីពន្យល់បន្ថែមដែលមានចំណងជើងថា «ធាតុដែលចម្រាញ់ចេញពីឈាម និងបច្ចេកទេសវះកាត់ផ្សេងៗ»)។
១២. ពេលមានរឿងទាក់ទងនឹងសមត្ថភាពវិនិច្ឆ័យ តើយើងគួរមានទស្សនៈយ៉ាងណា? ហើយតើយើងគួរប្រព្រឹត្តយ៉ាងណា?
១២ ដោយសារយើងត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីរឿងណាមួយ តើនោះមានន័យថាការសម្រេចចិត្តរបស់យើងគឺមិនសូវសំខាន់ចំពោះព្រះយេហូវ៉ាឬ? មិនមែនទេ ពីព្រោះព្រះយេហូវ៉ាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគំនិតនិងបំណងចិត្តរបស់យើង។ (សូមអាន សុភាសិត ១៧:៣; ២៤:១២) ដូច្នេះ ក្រោយពីយើងបានអធិដ្ឋានសុំការណែនាំពីព្រះយេហូវ៉ា ហើយស្រាវជ្រាវដោយយកចិត្តទុកដាក់អំពីវិធីព្យាបាលឬផលិតផលវេជ្ជសាស្ត្រណាមួយ នោះយើងត្រូវធ្វើតាមសមត្ថភាពវិនិច្ឆ័យរបស់យើងដែលបានត្រូវអប់រំទៅតាមគម្ពីរ។ (រ៉ូម ១៤:២, ២២, ២៣) អ្នកឯទៀតមិនគួរបង្ខំយើងឲ្យធ្វើតាមសមត្ថភាពវិនិច្ឆ័យរបស់ពួកគេឡើយ។ យើងក៏មិនត្រូវសួរដែរថា«បើអ្នកជាខ្ញុំ តើអ្នកនឹងធ្វើយ៉ាងណា?»។ ក្នុងករណីបែបនេះ គ្រិស្តសាសនិកម្នាក់ៗត្រូវ«ទទួលភារៈរបស់ខ្លួន» (សូមមើលប្រអប់ដែលមានចំណងជើងថា «តើខ្ញុំចាត់ទុកឈាមជាអ្វីដែលពិសិដ្ឋឬទេ?»)។—កាឡាទី ៦:៥; រ៉ូម ១៤:១២
ច្បាប់របស់ព្រះយេហូវ៉ាបង្ហាញថាលោកស្រឡាញ់យើងដូចឪពុកស្រឡាញ់កូន
១៣. តើច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ាសឲ្យឃើញអ្វីខ្លះអំពីលោក? សូមឲ្យឧទាហរណ៍។
១៣ ច្បាប់និងគោលការណ៍ដែលព្រះយេហូវ៉ាឲ្យតាមរយៈគម្ពីរ បង្ហាញថាលោកជាអ្នកតែងច្បាប់ដែលមានប្រាជ្ញា ហើយបង្ហាញថាលោកជាបិតាដែលមានសេចក្ដីស្រឡាញ់ ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់កូនលោក។ (ទំនុកតម្កើង ១៩:៧-១១) ពិតមែនតែបញ្ញត្ដិដែលឲ្យ«ជៀសវាងជាដាច់ខាតពី . . . ឈាម» មិនមែនជាវិន័យសម្រាប់ថែទាំសុខភាពទេ ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយ បញ្ញត្ដិនោះការពារយើងពីបញ្ហាសុខភាពដែលបណ្ដាលមកពីការចាក់បញ្ចូលឈាម។ (សកម្មភាព ១៥:២០) តាមការពិត វេជ្ជបណ្ឌិតជាច្រើននាក់ចាត់ទុកការវះកាត់ដោយមិនចាក់បញ្ចូលឈាមជាវិធីថែទាំសុខភាពដែល«មានគុណភាពល្អបំផុត»នៅសម័យទំនើបនេះ។ ចំពោះគ្រិស្តសាសនិកពិត មតិនេះជួយបញ្ជាក់បន្ថែមថាព្រះយេហូវ៉ាមានប្រាជ្ញាដែលស្ទង់ពុំបានឡើយ ហើយថាលោកស្រឡាញ់យើងដូចឪពុកស្រឡាញ់កូន។—សូមអាន អេសាយ ៥៥:៩; យ៉ូហាន ១៤:២១, ២៣
១៤, ១៥. (ក) តើច្បាប់អ្វីខ្លះបានបង្ហាញឲ្យឃើញថាព្រះស្រឡាញ់រាស្ត្ររបស់លោក? (ខ) តើអ្នកអាចធ្វើតាមគោលការណ៍ដែលជាមូលដ្ឋាននៃវិន័យសម្រាប់ការពារសុវត្ថិភាពទាំងនេះយ៉ាងដូចម្ដេច?
១៤ ច្បាប់ជាច្រើនដែលព្រះយេហូវ៉ាឲ្យជនជាតិអ៊ីស្រាអែលនៅសម័យបុរាណ បញ្ជាក់ថាលោកយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់រាស្ត្រលោក។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានតម្រូវឲ្យជនជាតិអ៊ីស្រាអែលធ្វើបង្កាន់ដៃនៅជុំវិញដំបូលផ្ទះ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ ដោយសារដំបូលផ្ទះជាកន្លែងដែលពួកគេធ្វើអ្វីៗជាច្រើន។ (ចោទិយកថា ២២:៨; សាំយូអែលទី១ ៩:២៥, ២៦; នេហេមា ៨:១៦; សកម្មភាព ១០:៩) ព្រះក៏បានបង្គាប់ឲ្យពួកគេបង្ខាំងគោឈ្មោលដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកឯទៀតដែរ។ (និក្ខមនំ ២១:២៨, ២៩) បើអ្នកណារំលងវិន័យទាំងនេះ មានន័យថាអ្នកនោះមិនគិតដល់សុវត្ថិភាពនិងសុខុមាលភាពរបស់អ្នកឯទៀតសោះ ហើយអាចនាំឲ្យមានទោសឈាមទៀតផង។
១៥ តើអ្នកអាចធ្វើតាមគោលការណ៍ដែលជាមូលដ្ឋាននៃច្បាប់ទាំងនេះយ៉ាងដូចម្ដេច? សូមគិតអំពីឡានឬម៉ូតូរបស់អ្នក របៀបអ្នកបើកបរ សត្វចិញ្ចឹម ផ្ទះ កន្លែងធ្វើការ និងការកម្សាន្តរបស់អ្នក។ នៅប្រទេសខ្លះ មូលហេតុធំជាងគេដែលយុវជនស្លាប់ គឺគ្រោះថ្នាក់ ដោយសារយុវជនច្រើនតែប្រថុយជីវិតដោយមិនចាំបាច់។ ក៏ប៉ុន្តែ យុវជនដែលចង់រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ ឲ្យតម្លៃខ្ពស់ទៅលើជីវិត ហើយមិនខំរកការសប្បាយដោយធ្វើអ្វីដែលអាចនាំឲ្យខ្លួនមានគ្រោះថ្នាក់ទេ។ ពួកគេមិនគិតដោយល្ងង់ខ្លៅថា ដោយសារពួកគេនៅក្មេងមិនអាចមានគ្រោះថ្នាក់អ្វីឡើយ។ ផ្ទុយទៅវិញ ពួកគេសប្បាយនឹងយុវភាពរបស់ខ្លួន ដោយមិនផ្សងគ្រោះថ្នាក់។—សាស្ដា ១១:៩, ១០
១៦. តើគោលការណ៍គម្ពីរអ្វីជាប់ទាក់ទងនឹងការពន្លូតកូន? (សូមមើលកំណត់សម្គាល់ដែរ)
១៦ សូម្បីតែជីវិតរបស់កូនដែលមិនទាន់កើតមក ក៏មានតម្លៃវិសេសចំពោះព្រះដែរ។ នៅអ៊ីស្រាអែលនាសម័យបុរាណ បើអ្នកណាបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះមានគ្រោះថ្នាក់ ហើយនាងឬកូនរបស់នាងបានស្លាប់ដោយសារគ្រោះថ្នាក់នោះ ព្រះបានចាត់ទុកថាអ្នកដែលបានបណ្ដាលឲ្យមានគ្រោះថ្នាក់ជាឃាតករ ហើយអ្នកនោះត្រូវសង«ជីវិតឲ្យធួននឹងជីវិត»។b (សូមអាន និក្ខមនំ ២១:២២, ២៣) បើដូច្នេះ សូមគិតថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលដែលឃើញកូនជាច្រើនរាប់មិនអស់ត្រូវគេពន្លូតដោយចេតនារៀងរាល់ឆ្នាំ ដោយករណីជាច្រើន គឺដោយសារការគិតតែប្រយោជន៍ខ្លួនឬដើម្បីមានសេរីភាពប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។
១៧. បើមនុស្សម្នាក់បានពន្លូតកូនមុនរៀនអំពីខ្នាតតម្រារបស់ព្រះ តើអ្នកនឹងសម្រាលទុក្ខគាត់យ៉ាងដូចម្ដេច?
១៧ ចុះយ៉ាងណាស្ត្រីដែលបានពន្លូតកូនមុនរៀនសេចក្ដីពិតពីគម្ពីរ? តើនោះមានន័យថាព្រះនឹងមិនបង្ហាញសេចក្ដីមេត្ដាករុណាចំពោះនាងឬ? មិនមានន័យដូច្នេះទេ! តាមការពិត មនុស្សដែលពិតជាប្រែចិត្តមានមូលហេតុជឿជាក់ថាព្រះយេហូវ៉ានឹងអភ័យទោសឲ្យពួកគេដោយផ្អែកលើតម្លៃនៃឈាមរបស់លោកយេស៊ូ។ (ទំនុកតម្កើង ១០៣:៨-១៤; អេភេសូរ ១:៧) គឺដូចលោកយេស៊ូបានមានប្រសាសន៍ថា៖ «ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតឡើយ តែបានមកដើម្បីហៅអ្នកប្រព្រឹត្តអំពើខុសឆ្គងឲ្យប្រែចិត្ត»។—លូកា ៥:៣២
កុំស្អប់អ្នកឯទៀត!
១៨. តើគម្ពីរបញ្ជាក់អំពីដើមហេតុនៃការបង្ហូរឈាមគ្នាជាច្រើនយ៉ាងដូចម្ដេច?
១៨ ព្រះយេហូវ៉ាមិនគ្រាន់តែមិនចង់ឲ្យយើងធ្វើបាបអ្នកឯទៀតប៉ុណ្ណោះទេ តែលោកចង់ឲ្យយើងជម្រុះចេញពីចិត្តនូវមូលហេតុធំបំផុតមួយដែលបណ្ដាលឲ្យមានការបង្ហូរឈាមគ្នាជាច្រើន ពោលគឺសេចក្ដីស្អប់។ សាវ័កយ៉ូហានបានសរសេរថា៖ «អ្នកណាដែលស្អប់បងប្អូនខ្លួន អ្នកនោះជាឃាតករ»។ (យ៉ូហានទី១ ៣:១៥) បុគ្គលបែបនោះមិនត្រឹមតែមិនចូលចិត្តបងប្អូនរបស់ខ្លួនទេ តែចង់ឲ្យគាត់ស្លាប់តែម្ដង។ សេចក្ដីស្អប់នោះប្រហែលជាសឲ្យឃើញដោយការបង្កាច់បង្ខូចបងប្អូនយ៉ាងសាហាវ ឬការចោទប្រកាន់ដោយមិនពិតថាបានធ្វើអ្វីដែលគួរទទួលនូវការផ្ដន្ទាទោសពីព្រះ។ (លេវីវិន័យ ១៩:១៦; ចោទិយកថា ១៩:១៨-២១; ម៉ាថាយ ៥:២២) បើដូច្នេះ ជាការសំខាន់ណាស់ដែលយើងបំបាត់ឲ្យអស់នូវសេចក្ដីស្អប់ណាដែលមានក្នុងចិត្តយើង!—យ៉ាកុប ១:១៤, ១៥; ៤:១-៣
១៩. តើបុគ្គលដែលឲ្យគោលការណ៍គម្ពីរដឹកនាំជីវិត មានទស្សនៈយ៉ាងណាចំពោះខគម្ពីរដូចទំនុកតម្កើង ១១:៥ និងភីលីព ៤:៨, ៩?
១៩ អ្នកដែលមានទស្សនៈដូចព្រះយេហូវ៉ាថាជីវិតមានតម្លៃ ហើយចង់រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ ក៏ជៀសវាងពីអំពើឃោរឃៅសព្វបែបយ៉ាងដែរ។ ទំនុកតម្កើង ១១:៥ចែងថា៖ «[ទ្រង់]ស្អប់ដល់ . . . ពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោត[ឬ«អំពើឃោរឃៅ», ខ.ស.]»។ ខគម្ពីរនេះមិនគ្រាន់តែជាការបញ្ជាក់អំពីបុគ្គលិកលក្ខណៈរបស់ព្រះទេ តែជាគោលការណ៍មួយដែលគួរមានឥទ្ធិពលទៅលើរបៀបរស់នៅរបស់យើង។ គោលការណ៍នោះជំរុញអ្នកដែលស្រឡាញ់ព្រះឲ្យជៀសវាងពីការកម្សាន្តណាដែលអាចនាំឲ្យចូលចិត្តអំពើឃោរឃៅ។ ដូចគ្នាដែរ ពាក្យដែលថាព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីសុខសាន្ត» ជំរុញអ្នកបម្រើរបស់លោកឲ្យបំពេញចិត្តគំនិតរបស់ពួកគេដោយអ្វីដែលគួរឲ្យស្រឡាញ់ ប្រកបដោយគុណធម៌ គួរឲ្យសរសើរ និងធ្វើឲ្យមានសន្ដិភាព។—សូមអាន ភីលីព ៤:៨, ៩
កុំចូលរួមក្នុងអង្គការដែលមានទោសកម្ចាយឈាម
២០-២២. តើគ្រិស្តសាសនិកពិតកាន់ជំហរអ្វីចំពោះពិភពលោកនេះ? ហើយហេតុអ្វី?
២០ តាមទស្សនៈរបស់ព្រះ ពិភពលោកទាំងមូលរបស់សាថានមានទោសកម្ចាយឈាម។ របបនយោបាយរបស់ពិភពលោកនេះ ដែលគម្ពីរប្រដូចទៅនឹងសត្វសាហាវ បានសម្លាប់មនុស្សច្រើនឥតគណនាដែលរួមទាំងអ្នកបម្រើជាច្រើននាក់របស់ព្រះយេហូវ៉ាដែរ។ (ដានីយ៉ែល ៨:៣, ៤, ២០-២២; ការបើកបង្ហាញ ១៣:១, ២, ៧, ៨) ពាណិជ្ជកម្មនិងវិទ្យាសាស្ត្របានរួមសហការជាមួយនឹងរដ្ឋាភិបាលដ៏ឃោរឃៅទាំងនេះ ដើម្បីបង្កើតអាវុធដ៏សាហាវបំផុត ហើយទទួលប្រាក់ចំណេញជាច្រើនទៀតផង។ ជាការពិតណាស់ដែលថា«ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច»។—យ៉ូហានទី១ ៥:១៩
២១ ដោយសារអ្នកកាន់តាមលោកយេស៊ូ«មិនរួមចំណែកក្នុងពិភពលោក» ហើយកាន់ជំហរអព្យាក្រឹតទាំងស្រុងក្នុងរឿងនយោបាយនិងសង្គ្រាម នោះពួកគេម្នាក់ៗមិនទទួលទោសឈាម ហើយជាក្រុមពួកគេក៏មិនទទួលទោសឈាមដែរ។c (យ៉ូហាន ១៥:១៩; ១៧:១៦) ម្យ៉ាងទៀត ពួកគេធ្វើតាមគំរូរបស់គ្រិស្តដោយមិនប្រើអំពើហិង្សាដើម្បីតបតនឹងអ្នកដែលបៀតបៀនពួកគេ។ ផ្ទុយទៅវិញ ពួកគេបង្ហាញសេចក្ដីស្រឡាញ់ចំពោះសត្រូវរបស់ពួកគេ ហើយរហូតដល់អធិដ្ឋានឲ្យអ្នកទាំងនោះទៀតផង។—ម៉ាថាយ ៥:៤៤; រ៉ូម ១២:១៧-២១
២២ សំខាន់ជាងនោះទៅទៀត គ្រិស្តសាសនិកពិតមិនមានទំនាក់ទំនងជាមួយនឹង«បាប៊ីឡូនដ៏ខ្លាំងក្លា» ដែលជាតំណាងសាសនាមិនពិតទាំងឡាយទូទាំងពិភពលោក ហើយដែលមានទោសឈាមច្រើនជាងគេបំផុត។ បណ្ដាំរបស់ព្រះចែងថា៖ «នៅក្នុងនាង មានឈាមរបស់ពួកអ្នកប្រកាសទំនាយ ពួកអ្នកបរិសុទ្ធ និងអស់អ្នកដែលបានត្រូវសម្លាប់នៅផែនដី»។ ហេតុនេះហើយគម្ពីរព្រមានយើងថា៖ «រាស្ត្រខ្ញុំអើយ ចូរចេញពីក្រុងនោះមក»។—ការបើកបង្ហាញ ១៧:៦; ១៨:២, ៤, ២៤
២៣. តើការចេញពីបាប៊ីឡូនដ៏ខ្លាំងក្លាមានន័យដូចម្ដេច?
២៣ ការចេញពីបាប៊ីឡូនដ៏ខ្លាំងក្លាមិនគ្រាន់តែមានន័យថាយើងឲ្យគេលុបឈ្មោះយើងចេញពីបញ្ជីសមាជិកទេ តែនោះក៏មានន័យថាយើងស្អប់ការប្រព្រឹត្តដ៏អាក្រក់ដែលសាសនាមិនពិតបណ្ដោយឲ្យមនុស្សធ្វើ ឬដែលវាគាំទ្រជាចំហ ដូចជាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការចូលប្រឡូកក្នុងរឿងនយោបាយ និងការព្យាយាមឲ្យបានទ្រព្យសម្បត្ដិដោយចិត្តលោភលន់។ (សូមអាន ទំនុកតម្កើង ៩៧:១០; ការបើកបង្ហាញ ១៨:៧, ៩, ១១-១៧) សកម្មភាពទាំងនេះបាននាំឲ្យមានការបង្ហូរឈាមគ្នាច្រើនណាស់!
២៤, ២៥. (ក) តើព្រះអាចបង្ហាញសេចក្ដីមេត្ដាករុណាយ៉ាងដូចម្ដេចចំពោះអ្នកដែលមានទោសឈាមតែប្រែចិត្តនោះ? (ខ) តើនេះរំលឹកយើងអំពីការរៀបចំអ្វីនៅសម័យគម្ពីរ?
២៤ មុនយើងបានចូលក្នុងការគោរពប្រណិប័តន៍ដ៏ពិត យើងម្នាក់ៗធ្លាប់គាំទ្ររបៀបរបបពិភពលោករបស់សាថានតាមរបៀបណាមួយ។ ហេតុនេះយើងបានមានទោសឈាមមួយកម្រិត។ ក៏ប៉ុន្តែ ដោយសារយើងបានកែប្រែការប្រព្រឹត្តរបស់យើង អប់រំខ្លួនឲ្យមានជំនឿលើគ្រឿងបូជារបស់គ្រិស្តដែលជាថ្លៃលោះ ហើយបានប្រគល់ជីវិតជូនព្រះ នោះយើងទទួលសេចក្ដីមេត្ដាករុណាពីព្រះ ហើយលោកការពារយើងពីអ្វីដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងលោក។ (សកម្មភាព ៣:១៩) ក្រុងពំនាក់ទាំងប៉ុន្មាននៅសម័យគម្ពីររំលឹកយើងអំពីការការពារនេះ។—ជនគណនា ៣៥:១១-១៥; ចោទិយកថា ២១:១-៩
២៥ តើក្រុងពំនាក់ជាអ្វី? បើជនជាតិអ៊ីស្រាអែលម្នាក់បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ដោយគ្មានចេតនា នោះគាត់អាចរត់ទៅក្រុងពំនាក់មួយ។ ក្រោយពីពួកចៅក្រមដែលមានគុណសម្បត្ដិគ្រប់គ្រាន់វិនិច្ឆ័យរឿងក្ដីឃើញថា បុគ្គលនោះបានសម្លាប់គេដោយអចេតនាមែន បុគ្គលនោះត្រូវរស់នៅក្នុងក្រុងពំនាក់រហូតដល់សម្ដេចសង្ឃស្លាប់។ រួចមក គាត់មានសេរីភាពដើម្បីទៅរស់នៅកន្លែងផ្សេងទៀតវិញ។ គំរូនេះបង្ហាញយ៉ាងល្អប្រសើរអំពីសេចក្ដីមេត្ដារបស់ព្រះនិងតម្លៃដែលលោកឲ្យទៅលើជីវិតរបស់មនុស្ស! ក្រុងពំនាក់នៅសម័យបុរាណគឺស្រដៀងនឹងរបៀបរៀបចំរបស់ព្រះសព្វថ្ងៃនេះ ដែលការពារយើងកុំឲ្យបំពានដោយអចេតនានូវច្បាប់របស់ព្រះស្តីអំពីភាពពិសិដ្ឋនៃជីវិតនិងឈាម។ របៀបរៀបចំនេះមានមូលដ្ឋានលើគ្រឿងបូជារបស់គ្រិស្តដែលជាថ្លៃលោះ។ តើអ្នកយល់តម្លៃនៃរបៀបរៀបចំនេះឬទេ? តើអ្នកអាចបង្ហាញថាអ្នកយល់តម្លៃនៃរបៀបរៀបចំនេះយ៉ាងដូចម្ដេច? វិធីមួយគឺដោយអញ្ជើញអ្នកឯទៀតឲ្យទទួលយកការការពារដែលព្រះបានរៀបចំ ជាពិសេសដោយសារ«ទុក្ខវេទនាជាខ្លាំង»កំពុងឆ្ពោះមកយ៉ាងលឿន។—ម៉ាថាយ ២៤:២១; កូរិនថូសទី២ ៦:១, ២
ចូរចាត់ទុកជីវិតថាមានតម្លៃដោយផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ
២៦-២៨. តើស្ថានភាពរបស់យើងស្រដៀងនឹងស្ថានភាពរបស់អេសេគាលយ៉ាងដូចម្ដេច? តើតាមរបៀបណាដែលយើងអាចរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់?
២៦ ស្ថានភាពរបស់រាស្ត្រព្រះនៅសម័យយើងធ្វើឲ្យនឹកឃើញស្ថានភាពរបស់អេសេគាល ដែលជាអ្នកប្រកាសទំនាយនៅសម័យបុរាណ។ ព្រះយេហូវ៉ាបានតែងតាំង ហើយបានបង្គាប់គាត់ឲ្យធ្វើជាអ្នកយាមល្បាត ដែលត្រូវប្រកាសសេចក្ដីព្រមានរបស់ព្រះដល់ជនជាតិអ៊ីស្រាអែល។ ព្រះមានប្រសាសន៍ថា៖ «ចូរស្ដាប់ពាក្យពីមាត់អញ ហើយប្រកាសប្រាប់គេឲ្យអញ»។ បើអេសេគាលខកខានមិនបំពេញកិច្ចការនេះ គាត់នឹងទទួលខុសត្រូវចំពោះឈាមរបស់អ្នកដែលត្រូវសម្លាប់ពេលក្រុងយេរូសាឡិមទទួលការវិនិច្ឆ័យ។ (អេសេគាល ៣៣:៧-៩) ប៉ុន្តែអេសេគាលបានស្ដាប់បង្គាប់ ហើយមិនមានទោសឈាមទេ។
២៧ សព្វថ្ងៃនេះ យើងកំពុងប្រឈមមុខនឹងទីបញ្ចប់នៃរបៀបរបបទាំងមូលរបស់សាថាន។ ដូច្នេះ សាក្សីព្រះយេហូវ៉ាចាត់ទុកថា ការប្រកាសអំពី«ថ្ងៃដែលព្រះ . . . នឹងសងសឹក» ហើយអំពីរាជាណាចក្ររបស់លោកជាឯកសិទ្ធិនិងជាកាតព្វកិច្ចមួយ។ (អេសាយ ៦១:២; ម៉ាថាយ ២៤:១៤) តើអ្នកចូលរួមអស់ពីសមត្ថភាពក្នុងកិច្ចការដ៏សំខាន់នេះឬទេ? សាវ័កប៉ូលបានចាត់ទុកកាតព្វកិច្ចផ្សព្វផ្សាយថាជាកិច្ចការសំខាន់ណាស់។ ជាលទ្ធផល គាត់អាចនិយាយថា៖ «ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់ទេ ព្រោះខ្ញុំមិនបានខានប្រាប់អ្នករាល់គ្នានូវឱវាទណាមួយរបស់ព្រះឡើយ»។ (សកម្មភាព ២០:២៦, ២៧) នេះជាគំរូល្អណាស់ដែលយើងអាចធ្វើតាម!
២៨ ដើម្បីរក្សាខ្លួនជាមនុស្សដែលទទួលនូវសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅពីព្រះយេហូវ៉ាដែលជាបិតា នោះយើងមិនគ្រាន់តែត្រូវមានទស្សនៈដូចព្រះយេហូវ៉ាចំពោះឈាមនិងជីវិតទេ។ យើងក៏ត្រូវរក្សាខ្លួនឲ្យស្អាតស្អំឬបរិសុទ្ធតាមទស្សនៈលោកដែរ ដូចយើងនឹងរៀនក្នុងជំពូកបន្ទាប់។
a ស្តីអំពីប្រសាសន៍របស់ព្រះដែលថា«ជីវិតនៃរូបសាច់ នោះនៅក្នុងឈាម» ទស្សនាវដ្ដីមួយបានប្រាប់ថា៖ «ពិតមែនតែពាក្យនេះអាចមានន័យធៀប ប៉ុន្តែអត្ថន័យត្រង់នៃពាក្យនេះក៏ជាការពិតដែរ គឺប្រភេទនីមួយៗនៃគោលិកាឈាមគឺចាំបាច់ដើម្បីទ្រទ្រង់ជីវិត» (Scientific American)។
b ស្តីអំពីពាក្យភាសាហេប្រឺដែលបានត្រូវប្រើក្នុងខនេះ បណ្ឌិតខាងអត្ថន័យពាក្យក្នុងគម្ពីរប្រាប់ថាពាក្យនោះ«តាមមើលទៅមិនអាចសំដៅទៅលើគ្រោះថ្នាក់ដល់ស្ត្រីជាម្ដាយតែប៉ុណ្ណោះទេ»។ សូមកត់សម្គាល់ដែរថា គម្ពីរមិនចែងសោះថាព្រះយេហូវ៉ាវិនិច្ឆ័យទោសដោយគិតអំពីអាយុនៃកូនក្នុងផ្ទៃម្ដាយ។
c សូមមើលជំពូកទី៥ «របៀបបង្ហាញថាយើងមិនរួមចំណែកក្នុងពិភពលោក»។
d សូមមើលសេចក្ដីពន្យល់បន្ថែមដែលមានចំណងជើងថា «ធាតុដែលចម្រាញ់ចេញពីឈាម និងបច្ចេកទេសវះកាត់ផ្សេងៗ» ដើម្បីទទួលព័ត៌មានជាក់លាក់។