ជំពូកទី៩៦
លោកយេស៊ូឆ្លើយតបនឹងអ្នកគ្រប់គ្រងដែលជាអ្នកមានម្នាក់
ម៉ាថាយ ១៩:១៦-៣០ ម៉ាកុស ១០:១៧-៣១ លូកា ១៨:១៨-៣០
បុរសអ្នកមានម្នាក់សួរអំពីជីវិតដែលគ្មានទីបញ្ចប់
លោកយេស៊ូបន្តធ្វើដំណើរកាត់តំបន់ភេរៀឆ្ពោះទៅក្រុងយេរូសាឡិម។ នៅពេលនោះ បុរសអ្នកមានវ័យក្មេងម្នាក់បានរត់ទៅលុតជង្គង់នៅមុខលោក។ បុរសនេះគឺជា«អ្នកគ្រប់គ្រងម្នាក់» ដែលប្រហែលជាអ្នកទទួលខុសត្រូវម្នាក់ក្នុងសាលាប្រជុំ ឬក៏ជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់។ គាត់សួរលោកយេស៊ូថា៖ «លោកគ្រូល្អ តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។—លូកា ៨:៤១; ១៨:១៨; ២៤:២០
លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ហេតុអ្វីអ្នកថាខ្ញុំល្អដូច្នេះ? ក្រៅពីព្រះ គ្មានអ្នកណាល្អឡើយ»។ បុរសវ័យក្មេងនោះទំនងជាប្រើពាក្យ«ល្អ»ដើម្បីបង្ហាញការគោរព ពីព្រោះនេះជាងារដែលពួករ៉ាប៊ីប្រើដែរ។ ទោះបីជាលោកយេស៊ូពូកែក្នុងការបង្រៀនក៏ដោយ លោកប្រាប់បុរសនោះឲ្យដឹងថាគឺមានតែព្រះប៉ុណ្ណោះដែលមានឋានៈ«ល្អ»នេះ។
លោកយេស៊ូឲ្យឱវាទគាត់ថា៖ «ប៉ុន្តែ ប្រសិនបើអ្នកចង់ទទួលជីវិត ចូរប្រព្រឹត្តតាមបញ្ញត្ដិទាំងប៉ុន្មានជាដរាបចុះ»។ ដូច្នេះ គាត់សួរលោកថា៖ «តើបញ្ញត្ដិអ្វីខ្លះលោក?»។ លោកយេស៊ូលើកឡើងបញ្ញត្ដិ៥ក្នុងចំណោមបញ្ញត្ដិទាំង១០ស្តីអំពីការមិនត្រូវធ្វើឃាតកម្ម មិនត្រូវផិតក្បត់ មិនត្រូវលួច មិនត្រូវធ្វើជាសាក្សីក្លែងក្លាយ និងការគោរពឪពុកម្ដាយ។ បន្ទាប់មក លោកបន្ថែមបញ្ញត្ដិមួយដែលសំខាន់ជាងថា៖ «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។—ម៉ាថាយ ១៩:១៧-១៩
បុរសវ័យក្មេងនោះជម្រាបលោកថា៖ «ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងអស់នេះហើយ តើខ្ញុំនៅខ្វះអ្វីទៀត?»។ (ម៉ាថាយ ១៩:២០) គាត់សួរដូច្នេះ ប្រហែលជាដោយសារគាត់មានអារម្មណ៍ថាគាត់ខ្វះការប្រព្រឹត្តដ៏ល្អណាមួយដែលមិនអាចឲ្យគាត់មានគុណសម្បត្ដិគ្រប់គ្រាន់ ដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់។ ពេលលោកយេស៊ូសង្កេតឃើញថាបុរសនោះសួរដោយចិត្តស្មោះ លោក«មានចិត្តស្រឡាញ់គាត់»។ (ម៉ាកុស ១០:២១) ក៏ប៉ុន្តែ បុរសនោះមានឧបសគ្គមួយដែលរារាំងគាត់។
បុរសនោះមានទ្រព្យសម្បត្ដិជាច្រើន។ ហេតុនេះ លោកយេស៊ូមានប្រសាសន៍ថា៖ «នៅមានអ្វីមួយទៀតដែលអ្នកត្រូវធ្វើ។ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយឲ្យដល់អ្នកក្រ នោះអ្នកនឹងមានទ្រព្យវិសេសនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ!»។ ត្រូវមែន បុរសនោះអាចចែកប្រាក់របស់គាត់ទៅអ្នកក្រីក្រដែលមិនអាចសងគាត់វិញ ហើយក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ លោកយេស៊ូទំនងជាអាណិតបុរសនោះ ពេលលោកឃើញគាត់ក្រោកឡើង ហើយបានចេញទៅដោយមានក្ដីទុក្ខ។ ដោយសារបុរសនោះស្រឡាញ់«ទ្រព្យសម្បត្ដិជាច្រើន»របស់គាត់ នោះធ្វើឲ្យគាត់មិនអាចឃើញទ្រព្យសម្បត្ដិដ៏ពិតឡើយ។ (ម៉ាកុស ១០:២១, ២២) លោកយេស៊ូមានប្រសាសន៍ថា៖ «អ្នកដែលមានប្រាក់ច្រើននឹងពិបាកចូលក្នុងរាជាណាចក្ររបស់ព្រះណាស់!»។—លូកា ១៨:២៤
ពួកអ្នកកាន់តាមនឹកភ្ញាក់ផ្អើលក្នុងចិត្តចំពោះអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ និងអ្វីដែលលោកមានប្រសាសន៍ជាបន្ទាប់ថា៖ «តាមការពិត សត្វអូដ្ឋអាចចូលតាមរន្ធម្ជុលដេរងាយជាងអ្នកមានចូលក្នុងរាជាណាចក្ររបស់ព្រះ»។ នេះនាំឲ្យពួកអ្នកកាន់តាមសួរថា៖ «តើអ្នកណាទៅអាចទទួលសេចក្ដីសង្គ្រោះបាន?»។ ពួកគាត់ឆ្ងល់ថា តើការទទួលសេចក្ដីសង្គ្រោះគឺពិបាកដល់ម្ល៉េះដែលហួសពីសមត្ថភាពមនុស្សឬ? លោកយេស៊ូមើលទៅពួកគាត់ ហើយឆ្លើយតបថា៖ «អ្វីដែលមនុស្សធ្វើពុំកើត ព្រះអាចធ្វើបាន»។—លូកា ១៨:២៥-២៧
ពេត្រុសបង្ហាញថាពួកគាត់បានធ្វើការសម្រេចចិត្តខុសពីបុរសអ្នកមាននោះ ដោយនិយាយថា៖ «មើល! យើងខ្ញុំបានចាកចេញពីអ្វីៗទាំងអស់ ហើយបានតាមលោក តើនឹងមានផលប្រយោជន៍អ្វីសម្រាប់យើង?»។ លោកយេស៊ូមានប្រសាសន៍អំពីលទ្ធផលនៃការសម្រេចចិត្តត្រឹមត្រូវរបស់ពួកគាត់ថា៖ «ក្នុងគ្រាបង្កើតសាជាថ្មី ពេលដែលកូនមនុស្សអង្គុយលើបល្ល័ង្ករុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានកាន់តាមខ្ញុំ ក៏នឹងអង្គុយលើបល្ល័ង្កដប់ពីរ ហើយវិនិច្ឆ័យសេចក្ដីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ»។—ម៉ាថាយ ១៩:២៧, ២៨
ពិតណាស់ លោកយេស៊ូសំដៅទៅលើផែនដីនាអនាគត។ នៅពេលនោះស្ថានភាពនៅផែនដីនឹងត្រូវបង្កើតសាជាថ្មី ឬកែប្រែឲ្យមានស្ថានភាពដូចសួនអេដែនម្ដងទៀត។ ពេត្រុសនិងអ្នកកាន់តាមឯទៀតនឹងទទួលរង្វាន់ដោយគ្រប់គ្រងជាមួយនឹងលោកយេស៊ូមកលើផែនដីដែលជាសួនឧទ្យាន។ នេះពិតជារង្វាន់ដែលសមនឹងការលះបង់ណាក៏ដោយដែលពួកគាត់បានធ្វើ!
ក៏ប៉ុន្តែ រង្វាន់មិនគ្រាន់តែសម្រាប់គ្រាអនាគតប៉ុណ្ណោះទេ តែអ្នកកាន់តាមលោកក៏អាចទទួលរង្វាន់ខ្លះនៅគ្រាឥឡូវនេះដែរ។ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «អស់អ្នកណាដែលបានចាកចេញពីផ្ទះ ឬប្រពន្ធ ឬកូន ឬបងប្អូនប្រុស ឬឪពុកម្ដាយ ដើម្បីរាជាណាចក្ររបស់ព្រះ អ្នកទាំងនោះប្រាកដជានឹងទទួលអ្វីៗទាំងនោះច្រើនដងលើសមុនទៅទៀតក្នុងគ្រាឥឡូវនេះ ហើយនឹងទទួលជីវិតដែលគ្មានទីបញ្ចប់ក្នុងរបៀបរបបពិភពលោកដែលនឹងមកដល់»។—លូកា ១៨:២៩, ៣០
ពិតមែន ទោះជាពួកអ្នកកាន់តាមលោកទៅកន្លែងណាក៏ដោយ ពួកគាត់អាចមានបងប្អូនដែលជាអ្នករួមជំនឿ ហើយចំណងមិត្តភាពរបស់ពួកគាត់គឺជិតស្និទ្ធជាង និងមានតម្លៃជាងចំណងមិត្តភាពរវាងសមាជិកគ្រួសារទៅទៀត។ ប៉ុន្តែគួរឲ្យស្ដាយណាស់ តាមមើលទៅ បុរសអ្នកមានវ័យក្មេងដែលជាអ្នកគ្រប់គ្រងនោះប្រហែលជាបាត់បង់ឱកាសទទួលពរនេះ ថែមទាំងបាត់បង់រង្វាន់ដែលជាជីវិតក្នុងរាជាណាចក្រព្រះនៅស្ថានសួគ៌។
លោកយេស៊ូមានប្រសាសន៍បន្ថែមថា៖ «ក៏ប៉ុន្តែ មនុស្សជាច្រើនដែលជាអ្នកមុនគេ នឹងទៅជាអ្នកក្រោយគេវិញ ហើយអ្នកដែលក្រោយគេ នឹងទៅជាអ្នកមុនគេវិញ»។ (ម៉ាថាយ ១៩:៣០) តើលោកចង់មានន័យអ្វី?
អ្នកគ្រប់គ្រងវ័យក្មេងដែលជាអ្នកមាននោះនៅក្នុងចំណោម«អ្នកមុនគេ» ពោលគឺក្នុងចំណោមពួកអ្នកដឹកនាំជនជាតិយូដា។ ដោយសារគាត់ស្គាល់ហើយធ្វើតាមបញ្ញត្ដិរបស់ព្រះ នោះគាត់អាចក្លាយទៅជាអ្នកកាន់តាមម្នាក់របស់លោកយេស៊ូ ហើយធ្វើកិច្ចការល្អជាច្រើនក្នុងចំណោមអ្នកកាន់តាមមេស្ស៊ីពិត។ ប៉ុន្តែ គាត់កំពុងចាត់ទុកទ្រព្យសម្បត្ដិថាជាអ្វីដែលសំខាន់បំផុតក្នុងជីវិត។ ផ្ទុយទៅវិញ មនុស្សសាមញ្ញដែលជាពួកអ្នកស្រុកបានឃើញសេចក្ដីពិត ហើយឃើញផ្លូវដែលនាំទៅជីវិតក្នុងការបង្រៀនរបស់លោកយេស៊ូ។ ពួកគេហាក់ដូចជា«អ្នកក្រោយគេ» តែឥឡូវពួកគេនឹងទៅជា«អ្នកមុនគេ»វិញ។ ហេតុនេះ ពួកគេអាចរង់ចាំអង្គុយលើបល្ល័ង្កនៅស្ថានសួគ៌ជាមួយនឹងលោកយេស៊ូ ហើយគ្រប់គ្រងមកលើផែនដីដែលជាសួនឧទ្យាន។