ជំពូកទី១៣
ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះ
១. តើអ្នកណាផ្ដល់ជីវិតឲ្យយើង?
ព្រះយេហូវ៉ាគឺជា«ព្រះដ៏មានព្រះជន្មរស់នៅ»។ (យេរេមា ១០:១០) លោកគឺជាអ្នកបង្កើតមនុស្សជាតិ ដូច្នេះលោកបានផ្ដល់ជីវិតឲ្យយើង។ គម្ពីរចែងថា៖ «លោកបានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់នោះបានកើតមក ក៏មាននៅផង ដោយសារបំណងប្រាថ្នារបស់លោក»។ (ការបើកបង្ហាញ ៤:១១) ពិតណាស់ ព្រះយេហូវ៉ាចង់ឲ្យយើងមានជីវិត។ ជីវិតគឺជាអំណោយដ៏មានតម្លៃពីព្រះ ពីព្រោះលោក«ជាប្រភពនៃជីវិត»។—ទំនុកតម្កើង ៣៦:១០, ខ.ស.
២. តើយើងអាចជោគជ័យក្នុងជីវិតយ៉ាងដូចម្ដេច?
២ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវអ្វីៗដែលយើងត្រូវការដើម្បីមានជីវិត ដូចជាអាហារនិងទឹកជាដើម។ (សកម្មភាព ១៧:២៨) ប៉ុន្តែលើសជាងនោះទៅទៀត លោកចង់ឲ្យយើងមានអំណរក្នុងជីវិត។ (សកម្មភាព ១៤:១៥-១៧) ដើម្បីជោគជ័យក្នុងជីវិត យើងត្រូវធ្វើតាមបញ្ញត្ដិរបស់ព្រះ។—អេសាយ ៤៨:១៧, ១៨
ទស្សនៈរបស់ព្រះចំពោះជីវិត
៣. តើព្រះយេហូវ៉ាបានធ្វើអ្វីក្រោយពីកាអ៊ីនបានសម្លាប់អេបិល?
៣ គម្ពីរបង្រៀនថាជីវិតយើងនិងជីវិតរបស់មនុស្សឯទៀតគឺមានតម្លៃណាស់ចំពោះព្រះយេហូវ៉ា។ ជាឧទាហរណ៍ ពេលកាអ៊ីនដែលជាកូនប្រុសរបស់អាដាមនិងអេវ៉ា បានខឹងយ៉ាងខ្លាំងចំពោះអេបិលដែលជាប្អូន ព្រះយេហូវ៉ាបានព្រមានកាអ៊ីនថាគាត់ត្រូវតែទប់កំហឹង។ ប៉ុន្តែ កាអ៊ីនមិនបានស្ដាប់ព្រះទេ ហើយគាត់ខឹងយ៉ាងខ្លាំងរហូតដល់«សំឡាប់អេបិលជាប្អូនទៅ»។ (លោកុប្បត្តិ ៤:៣-៨) ព្រះយេហូវ៉ាបានដាក់ទោសកាអ៊ីនដោយសារគាត់បានសម្លាប់អេបិល។ (លោកុប្បត្តិ ៤:៩-១១) ហេតុនេះ កំហឹងនិងការស្អប់គឺនាំឲ្យមានគ្រោះថ្នាក់ ពីព្រោះវាអាចធ្វើឲ្យយើងទៅជាមនុស្សសាហាវឃោរឃៅ។ មនុស្សដូចនោះនឹងមិនអាចទទួលជីវិតដែលគ្មានទីបញ្ចប់ឡើយ។ (សូមអាន យ៉ូហានទី១ ៣:១៥) ដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត យើងត្រូវតែរៀនឲ្យចេះស្រឡាញ់មនុស្សទាំងអស់។—យ៉ូហានទី១ ៣:១១, ១២
៤. ស្តីអំពីជីវិតដែលជាអំណោយពីព្រះ តើច្បាប់មួយដែលព្រះបានឲ្យទៅជនជាតិអ៊ីស្រាអែលបង្រៀនយើងអំពីអ្វី?
៤ រាប់ពាន់ឆ្នាំក្រោយមក ព្រះយេហូវ៉ាបានបង្ហាញថាជីវិតនៅតែមានតម្លៃចំពោះលោក កាលដែលលោកឲ្យបញ្ញត្ដិ១០ប្រការទៅម៉ូសេ។ បញ្ញត្ដិមួយចែងថា៖ «កុំឲ្យសំឡាប់មនុស្សឲ្យសោះ»។ (ចោទិយកថា ៥:១៧) បើបុគ្គលម្នាក់សម្លាប់អ្នកណាម្នាក់ដោយចេតនា នោះគាត់នឹងត្រូវគេប្រហារជីវិត។
៥. តើព្រះមានអារម្មណ៍យ៉ាងណាចំពោះការពន្លូតកូន?
៥ តើព្រះមានអារម្មណ៍យ៉ាងណាចំពោះការពន្លូតកូន? សូម្បីតែជីវិតរបស់កូនដែលមិនទាន់កើតក៏មានតម្លៃចំពោះព្រះយេហូវ៉ាដែរ។ ក្នុងច្បាប់ដែលព្រះយេហូវ៉ាបានឲ្យទៅជនជាតិអ៊ីស្រាអែល លោកបានប្រាប់ថាបើអ្នកណាម្នាក់ធ្វើឲ្យស្ត្រីមានផ្ទៃពោះរងរបួស ហើយរលូតកូននាង អ្នកនោះនឹងត្រូវគេប្រហារជីវិត។ (សូមអាន និក្ខមនំ ២១:២២, ២៣; ទំនុកតម្កើង ១២៧:៣) នេះបង្រៀនយើងថាការពន្លូតកូនគឺខុស (សូមមើលលេខ២៨ក្នុងកំណត់នៅចុងសៀវភៅ)។
៦, ៧. តើតាមរបៀបណាយើងបង្ហាញព្រះយេហូវ៉ាថាយើងឲ្យតម្លៃជីវិត?
៦ តើតាមរបៀបណាយើងអាចបង្ហាញព្រះយេហូវ៉ាថាយើងឲ្យតម្លៃជីវិតយើងនិងជីវិតអ្នកឯទៀត? គឺដោយមិនធ្វើអ្វីមួយដែលអាចនាំឲ្យយើងនិងអ្នកដទៃមានគ្រោះថ្នាក់។ ដូច្នេះ យើងនឹងមិនប្រើគ្រឿងញៀន ជក់បារី ឬទំពាស្លាម្លូទេ ពីព្រោះវាធ្វើឲ្យយើងខូចសុខភាព ថែមទាំងអាចធ្វើឲ្យយើងស្លាប់ទៀតផង។
៧ ព្រះបានផ្ដល់ជីវិតនិងរូបកាយឲ្យយើង ដូច្នេះយើងគួរប្រើជីវិតនិងរូបកាយយើងឲ្យស្របតាមគោលបំណងរបស់លោក។ យើងត្រូវថែរក្សារូបកាយយើង បើមិនដូច្នោះទេ ព្រះនឹងចាត់ទុកយើងថាមិនស្អាតបរិសុទ្ធ។ (រ៉ូម ៦:១៩; ១២:១; កូរិនថូសទី២ ៧:១) យើងមិនអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាអ្នកដែលផ្ដល់ជីវិតឲ្យយើងបានឡើយ បើយើងមិនឲ្យតម្លៃជីវិតយើង។ ទោះបីជាការកែប្រែទម្លាប់អាក្រក់ប្រហែលជាពិបាកក៏ដោយ តែព្រះយេហូវ៉ានឹងជួយយើង បើយើងបង្ហាញថាយើងឲ្យតម្លៃជីវិត ហើយព្យាយាមយ៉ាងខ្លាំងដើម្បីកែប្រែទម្លាប់ទាំងនោះ។
៨. តើយើងនឹងធ្វើអ្វីខ្លះដើម្បីឲ្យប្រាកដថាយើងមិនបណ្ដាលឲ្យខ្លួនឬអ្នកឯទៀតមានគ្រោះថ្នាក់?
៨ យើងបានរៀនហើយថាជីវិតគឺជាអំណោយដ៏មានតម្លៃពីព្រះ។ ព្រះយេហូវ៉ាមានទំនុកចិត្តថាយើងនឹងព្យាយាមអស់ពីសមត្ថភាពមិនធ្វើអ្វីណាមួយដែលបណ្ដាលឲ្យយើង ឬអ្នកឯទៀតមានគ្រោះថ្នាក់ទេ។ យើងធ្វើដូច្នេះក្នុងរបៀបដែលយើងបើកបរឡាន ម៉ូតូ ឬយានយន្តផ្សេងទៀត។ យើងក៏មិនលេងកីឡាឃោរឃៅឬកីឡាដែលអាចបង្កគ្រោះថ្នាក់ដែរ។ (ទំនុកតម្កើង ១១:៥) ម្យ៉ាងទៀត យើងព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យផ្ទះរបស់យើងទៅជាកន្លែងដែលមានសុវត្ថិភាព។ ព្រះយេហូវ៉ាបានបង្គាប់ជនជាតិអ៊ីស្រាអែលថា៖ «កាលណាសង់ផ្ទះថ្មី នោះត្រូវឲ្យធ្វើបង្កាន់ដៃលើដំបូល ដើម្បីកុំឲ្យមានអ្នកណាធ្លាក់ពីលើនោះទៅក្រោមនឹងនាំឲ្យមានទោសចំពោះឈាមគេលើផ្ទះឯងឡើយ»។—ចោទិយកថា ២២:៨
៩. តើយើងគួរប្រព្រឹត្តយ៉ាងណាទៅលើសត្វ?
៩ សូម្បីតែរបៀបដែលយើងប្រព្រឹត្តទៅលើសត្វក៏សំខាន់ចំពោះព្រះយេហូវ៉ាដែរ។ ព្រះអនុញ្ញាតឲ្យយើងសម្លាប់សត្វសម្រាប់ធ្វើជាអាហារនិងសម្លៀកបំពាក់ ឬដើម្បីការពារខ្លួនពីគ្រោះថ្នាក់។ (លោកុប្បត្តិ ៣:២១; ៩:៣; និក្ខមនំ ២១:២៨) ប៉ុន្តែ ការប្រព្រឹត្តឃោរឃៅឬឥតមេត្ដាទៅលើសត្វ ឬក៏សម្លាប់សត្វជាការកម្សាន្តគឺជាការខុស។—សុភាសិត ១២:១០
ចូរគោរពភាពពិសិដ្ឋនៃជីវិត
១០. តើតាមរបៀបណាយើងដឹងថាឈាមតំណាងជីវិត?
១០ ឈាមគឺពិសិដ្ឋចំពោះព្រះយេហូវ៉ា ពីព្រោះឈាមតំណាងជីវិត។ ក្រោយពីកាអ៊ីនបានសម្លាប់អេបិល ព្រះយេហូវ៉ាប្រាប់កាអ៊ីនថា៖ «សូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ»។ (លោកុប្បត្តិ ៤:១០) ឈាមរបស់អេបិលតំណាងជីវិតរបស់គាត់ ដូច្នេះព្រះយេហូវ៉ាបានដាក់ទោសកាអ៊ីនដោយសារគាត់បានសម្លាប់អេបិល។ ក្រោយពីទឹកជំនន់នៅសម័យណូអេ ព្រះយេហូវ៉ាបានបញ្ជាក់ម្ដងទៀតថាឈាមគឺតំណាងជីវិត។ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យណូអេនិងក្រុមគ្រួសាររបស់គាត់បរិភោគសាច់សត្វ។ លោកបានប្រាប់ថា៖ «បណ្ដាសត្វទាំងប៉ុន្មានដែលកំរើកហើយនៅរស់ នោះនឹងបានជាអាហារដល់ឯង ដូចជាតិណជាតិទាំងអស់ដែលអញបានឲ្យដល់ឯងនោះដែរ»។ ប៉ុន្តែ ព្រះយេហូវ៉ាបានហាមពួកគេមិនឲ្យបរិភោគអ្វីមួយ ដោយមានប្រសាសន៍ថា៖ «តែសាច់ណាដែលនៅមានជីវិត គឺជាឈាម នោះកុំឲ្យបរិភោគឡើយ»។—លោកុប្បត្តិ ១:២៩; ៩:៣, ៤
១១. តើព្រះបានឲ្យបញ្ញត្ដិអ្វីទៅប្រជាជាតិអ៊ីស្រាអែលស្តីអំពីឈាម?
១១ ប្រហែលជា៨០០ឆ្នាំក្រោយពីព្រះយេហូវ៉ាបានហាមណូអេមិនឲ្យបរិភោគឈាម លោកបានបង្គាប់រាស្ត្ររបស់លោកម្ដងទៀតថា៖ «ឯអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកអ្នកប្រទេសក្រៅនៅជាមួយ ដែលដេញចាប់បានសត្វជើង៤ ឬសត្វស្លាប ដែលបរិភោគបាន ត្រូវឲ្យអ្នកនោះសំរក់ឈាមចោលចេញ រួចយកដីគ្របវិញ»។ បន្ទាប់មក លោកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាមិនត្រូវបរិភោគឈាម»ឡើយ។ (លេវីវិន័យ ១៧:១៣, ១៤) ព្រះយេហូវ៉ានៅតែចង់ឲ្យរាស្ត្ររបស់លោកចាត់ទុកថាឈាមគឺពិសិដ្ឋ។ ពួកគេអាចបរិភោគសាច់បាន តែមិនអាចបរិភោគឈាមទេ។ ពេលពួកគេសម្លាប់សត្វដើម្បីបរិភោគ ពួកគេត្រូវសម្រក់ឈាមសត្វនោះទៅដី។
១២. តើគ្រិស្តសាសនិកពិតមានទស្សនៈយ៉ាងណាចំពោះឈាម?
១២ ប៉ុន្មានឆ្នាំក្រោយពីលោកយេស៊ូបានស្លាប់ ពួកសាវ័កនិងបុរសចាស់ទុំនៃក្រុមជំនុំគ្រិស្តសាសនិកបានជួបគ្នាក្នុងក្រុងយេរូសាឡិម ដើម្បីសម្រេចថាតើផ្នែកណាមួយនៃច្បាប់ម៉ូសេដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែល នៅតែទាក់ទងនឹងគ្រិស្តសាសនិក។ (សូមអាន សកម្មភាព ១៥:២៨, ២៩; ២១:២៥) ព្រះយេហូវ៉ាបានជួយពួកគេឲ្យយល់ថាឈាមនៅតែមានតម្លៃចំពោះលោក ហើយថាពួកគេត្រូវតែចាត់ទុកឈាមជាអ្វីដែលពិសិដ្ឋ។ ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១មិនអាចបរិភោគឬផឹកឈាមទេ ហើយក៏មិនអាចបរិភោគសាច់ដែលគេមិនបានសម្រក់ឈាមតាមវិធីត្រឹមត្រូវដែរ។ បើពួកគេបរិភោគឈាម នោះគឺអាក្រក់ដូចជាការគោរពបូជារូបព្រះឬការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដែរ។ ចាប់តាំងពីពេលនោះមក គ្រិស្តសាសនិកពិតបានបដិសេធបរិភោគឬក៏ផឹកឈាម។ ចុះយ៉ាងណាវិញសព្វថ្ងៃនេះ? ព្រះយេហូវ៉ានៅតែចង់ឲ្យយើងចាត់ទុកថាឈាមគឺពិសិដ្ឋ។
១៣. ហេតុអ្វីគ្រិស្តសាសនិកពិតមិនព្រមទទួលការចាក់បញ្ចូលឈាម?
១៣ តើនេះមានន័យថាគ្រិស្តសាសនិកពិតគួរតែបដិសេធការចាក់បញ្ចូលឈាមដែរឬ? ពិតមែនហើយ។ ព្រះយេហូវ៉ាបានហាមយើងមិនឲ្យបរិភោគឬផឹកឈាម។ ជាឧទាហរណ៍ បើគ្រូពេទ្យប្រាប់ថា អ្នកត្រូវជៀសវាងការពិសាស្រា តើនេះមានន័យថាអ្នកអាចចាក់បញ្ចូលស្រាតាមសរសៃឈាមឬ? ប្រាកដជាមិនមានន័យដូច្នេះទេ! ស្រដៀងគ្នាដែរ ច្បាប់ដែលថាមិនត្រូវបរិភោគឬផឹកឈាមមានន័យថា យើងនឹងមិនទទួលការចាក់បញ្ចូលឈាមឡើយ (សូមមើលលេខ២៩ក្នុងកំណត់នៅចុងសៀវភៅ)។
១៤, ១៥. តើគ្រិស្តសាសនិកមានទស្សនៈយ៉ាងណាចំពោះជីវិត? តើពួកគេនឹងឈប់ស្ដាប់បង្គាប់ព្រះដោយគ្រាន់តែចង់ពន្យារជីវិតរបស់ពួកគេប៉ុណ្ណោះឬ? សូមពន្យល់។
១៤ ចុះបើគ្រូពេទ្យប្រាប់ថាយើងនឹងស្លាប់ បើយើងមិនព្រមទទួលការចាក់បញ្ចូលឈាម? បុគ្គលម្នាក់ៗត្រូវសម្រេចចិត្តដោយខ្លួនឯងថា តើគាត់នឹងធ្វើតាមច្បាប់ព្រះស្តីអំពីឈាមឬទេ? គ្រិស្តសាសនិកពិតឲ្យតម្លៃយ៉ាងខ្លាំងចំពោះជីវិតដែលជាអំណោយពីព្រះ ហើយយើងនឹងស្វែងរកវិធីព្យាបាលផ្សេងទៀតដើម្បីបន្តរស់នៅ តែយើងនឹងមិនព្រមទទួលការចាក់បញ្ចូលឈាមឡើយ។
១៥ យើងខំព្យាយាមរក្សាឲ្យមានសុខភាពល្អ ប៉ុន្តែដោយសារឈាមតំណាងជីវិតនិងមានតម្លៃណាស់ចំពោះព្រះ នោះយើងនឹងមិនទទួលការចាក់បញ្ចូលឈាមទេ។ បន្ថែមទៅទៀត ការស្ដាប់បង្គាប់ព្រះគឺសំខាន់ជាងការខំព្យាយាមពន្យារជីវិតរបស់យើងដោយមិនស្ដាប់បង្គាប់លោក។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់បង់ជីវិត។ តែអ្នកណាដែលបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ»។ (ម៉ាថាយ ១៦:២៥) យើងចង់ស្ដាប់បង្គាប់ព្រះយេហូវ៉ាពីព្រោះយើងស្រឡាញ់លោក។ ព្រះជ្រាបច្បាស់អំពីអ្វីដែលល្អបំផុតសម្រាប់យើង។ ដូច្នេះ យើងចង់មានទស្សនៈដូចព្រះយេហូវ៉ាដែរដោយចាត់ទុកថាជីវិតជាអ្វីដែលមានតម្លៃនិងពិសិដ្ឋ។—ហេប្រឺ ១១:៦
១៦. ហេតុអ្វីអ្នកបម្រើព្រះស្ដាប់បង្គាប់លោក?
១៦ អ្នកបម្រើស្មោះត្រង់របស់ព្រះតាំងចិត្តធ្វើតាមច្បាប់របស់លោកស្តីអំពីឈាម។ ពួកគេនឹងមិនបរិភោគឬផឹកឈាមទេ ហើយក៏មិនព្រមទទួលការចាក់បញ្ចូលឈាមក្នុងការព្យាបាលដែរ។a យ៉ាងណាក្ដី ពួកគេនឹងព្រមទទួលការព្យាបាលផ្សេងទៀតដើម្បីសង្គ្រោះជីវិត។ ពួកគេជឿជាក់ថាព្រះដែលជាអ្នកបង្កើតជីវិតនិងឈាមជ្រាបអំពីអ្វីដែលល្អបំផុតសម្រាប់ពួកគេ។ តើអ្នកជឿដូច្នេះដែរឬទេ?
វិធីតែមួយគត់ដែល ព្រះយេហូវ៉ាអនុញ្ញាតឲ្យប្រើឈាម
១៧. នៅអ៊ីស្រាអែលសម័យបុរាណ តើអ្វីជាវិធីតែមួយគត់ដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យប្រើឈាម?
១៧ ក្នុងច្បាប់ដែលព្រះយេហូវ៉ាបានឲ្យម៉ូសេ លោកប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «ជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សំរាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតឯង[ឬសុំការអភ័យទោស]។ ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន»។ (លេវីវិន័យ ១៧:១១) ពេលពួកអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គង ពួកគេអាចសុំការអភ័យទោសពីព្រះយេហូវ៉ាដោយជូនសត្វជាគ្រឿងបូជា ហើយសុំសង្ឃសម្រក់ឈាមសត្វនោះនៅលើទីបូជាក្នុងវិហារ។ នេះគឺជាវិធីតែមួយគត់ដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលប្រើឈាម។
១៨. តាមរយៈគ្រឿងបូជារបស់លោកយេស៊ូ តើយើងមានឱកាសទទួលអ្វី?
១៨ ពេលលោកយេស៊ូមកផែនដី លោកបានជំនួសច្បាប់សម្រាប់ការជូនសត្វជាគ្រឿងបូជា ដោយប្រគល់ជីវិតឬឈាមលោកដើម្បីឲ្យយើងទទួលការអភ័យទោសចំពោះអំពើខុសឆ្គងរបស់យើង។ (ម៉ាថាយ ២០:២៨; ហេប្រឺ ១០:១) ជីវិតលោកយេស៊ូគឺមានតម្លៃខ្លាំងណាស់ ពីព្រោះក្រោយពីព្រះយេហូវ៉ាបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញនៅស្ថានសួគ៌ ព្រះអាចផ្ដល់ឱកាសឲ្យមនុស្សទាំងអស់ទទួលជីវិតដែលគ្មានទីបញ្ចប់។—យ៉ូហាន ៣:១៦; ហេប្រឺ ៩:១១, ១២; ពេត្រុសទី១ ១:១៨, ១៩
១៩. តើយើងត្រូវធ្វើអ្វីដើម្បី«គ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់»?
១៩ យើងដឹងគុណព្រះយេហូវ៉ាចំពោះជីវិតដែលជាអំណោយដ៏អស្ចារ្យ! យើងចង់ប្រាប់មនុស្សឯទៀតថាបើពួកគេមានជំនឿលើលោកយេស៊ូ នោះពួកគេអាចរស់ជារៀងរហូត។ យើងស្រឡាញ់មនុស្សឯទៀត ដូច្នេះយើងនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីអាចបង្រៀនពួកគេអំពីរបៀបទទួលជីវិតដូចនោះ។ (អេសេគាល ៣:១៧-២១) បន្ទាប់មក ដូចសាវ័កប៉ូលដែរ យើងនឹងអាចនិយាយថា៖ «ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់ទេ ព្រោះខ្ញុំមិនបានខានប្រាប់អ្នករាល់គ្នានូវឱវាទណាមួយរបស់ព្រះឡើយ»។ (សកម្មភាព ២០:២៦, ២៧) យើងពិតជាបង្ហាញថាយើងឲ្យតម្លៃយ៉ាងខ្លាំងចំពោះជីវិតនិងឈាម នៅពេលយើងប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ានិងទស្សនៈរបស់លោកចំពោះជីវិត។
a ដើម្បីទទួលព័ត៌មានថែមទៀតស្តីអំពីការប្រើឈាម សូមមើលសៀវភៅ«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់» ទំព័រ៨៧-៨៩ បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។