ជីវិតដ៏ប្រសើរ—មិនយូរប៉ុន្មានទៀតទេ!
ចូរគិតអំពីអ្នកទាយអាកាសធាតុម្នាក់ ដែលការទាយជាច្រើនរបស់គាត់បានត្រូវចំៗស្ទើរតែរាល់ពេល។ បើសិនជាគាត់បានទាយនៅក្នុងសារពត៌មានពេលល្ងាច ថានឹងភ្លៀងនៅថ្ងៃស្អែក នោះអ្នកនឹងយកឆត្រទៅជាមួយអ្នកដោយមិនស្ទាក់ស្ទើរ នៅពេលដែលចាកចេញពីផ្ទះនៅព្រឹកស្អែក។ ពីព្រោះអ្នកបានទុកចិត្តនឹងអតីតប្រវត្ដិដ៏ល្អរបស់គាត់។ អ្នកនឹងប្រព្រឹត្តតាមអ្វីៗដែលគាត់មានប្រសាសន៍មក។
ឥឡូវនេះ តើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីជីវិតដ៏ប្រសើរនៅលើផែនដីមនោរម្យ ជាការគួរឲ្យទុកចិត្តបានយ៉ាងណាដែរ? បើអញ្ចឹង តើអតីតប្រវត្ដិរបស់ទ្រង់បញ្ជាក់យ៉ាងណាខ្លះ? ការបំពេញបទទំនាយទាំងឡាយក្នុងព្រះគម្ពីរ បញ្ជាក់ឲ្យឃើញច្បាស់នូវប្រវត្ដិរបស់ព្រះយេហូវ៉ា។ ទ្រង់ជាព្រះដែលមានភាពត្រឹមត្រូវនិងសេចក្ដីពិតដែលមិនចេះខុសឡើយ។ (យ៉ូស្វេ ២៣:១៤; អេសាយ ៥៥:១១) សេចក្ដីសន្យារបស់ព្រះយេហូវ៉ាជាការអាចទុកចិត្តបានដល់ម្ល៉េះ ដែលនៅពេលខ្លះ ទ្រង់បានមានបន្ទូលអំពីព្រឹត្ដិការណ៍នៅអនាគត ហាក់បីដូចជាបានកើតឡើងរួចទៅហើយ។ ជាឧទាហរណ៍ ក្រោយពីទ្រង់បានសន្យាអំពីពិភពលោកថ្មី ដែលថាសេចក្ដីស្លាប់និងសេចក្ដីសោកសង្រេងនឹងលែងមានទៀតនោះ យើងអានថា៖ «[ប្រសិទ្ធិពរដែលបានសន្យាមកនោះ]ស្រេចហើយ»! បើនិយាយឲ្យចំទៅ «នេះជាសេចក្ដីពិត»!—វិវរណៈ ២១:៥, ៦
ត្រូវហើយ សេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលបានបំពេញនៅអតីតកាល ធ្វើឲ្យយើងទុកចិត្តទៅលើការបំពេញនៃសេចក្ដីសន្យារបស់ទ្រង់អំពីជីវិតដ៏ប្រសើរសំរាប់មនុស្សលោក។ ប៉ុន្តែនៅពេលណាទៅទើបជីវិតដ៏ប្រសើរនេះនឹងមកដល់?
ជីវិតដ៏ប្រសើរ—នៅពេលណាទៅ?
មិនយូរប៉ុន្មានទៀតទេ ជីវិតដ៏ប្រសើរជាងនេះនឹងមកដល់! យើងអាចដឹងយ៉ាងប្រាកដអំពីរឿងនេះ ពីព្រោះព្រះគម្ពីរចែងថា របស់ដ៏អាក្រក់ជាច្រើននឹងកើតឡើងនៅលើផែនដីនេះ មុននឹងផ្ដល់ឲ្យជីវិតដ៏ប្រសើរក្នុងសួនមនោរម្យ។ ព្រឹត្ដិការណ៍ដ៏អាក្រក់ទាំងនេះកំពុងតែកើតឡើងនៅសព្វថ្ងៃនេះ។
ជាឧទាហរណ៍ ព្រះយេស៊ូគ្រីស្ទបានទាយប្រាប់ថា នឹងមានសង្គ្រាមដ៏ធំជាច្រើន។ ទ្រង់បានមានបន្ទូលថា៖ «សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១»។ (ម៉ាថាយ ២៤:៧) ទំនាយនេះបានមានពិតមែន។ ក្នុងកំឡុងឆ្នាំ១៩១៤ទៅឆ្នាំ១៩៤៥ គឺមានសង្គ្រាមលោកពីរទៅហើយ។ ហើយក៏មានសង្គ្រាមជាច្រើនទៀត ដែលប្រទេសមួយច្បាំងនឹងប្រទេសមួយ។ «រៀងរាល់ឆ្នាំជាមធ្យម ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមនៃកំឡុងនេះ[តាំងពីសង្គ្រាមលោកលើកទីពីរ] គឺមានពីរដងច្រើនជាងចំនួនមនុស្សស្លាប់ក្នុងសតវត្សទី១៩ ហើយប្រាំពីរដងច្រើនជាងសតវត្សទី១៨ទៅទៀត»។—ការចំណាយខាងយោធានិងសង្គមនៃពិភពលោកក្នុងឆ្នាំ១៩៩៣
ការរាលដាលនៃរោគ ក៏ជាទីសំអាងមួយទៀតនៃការជិតមកដល់នៃជីវិតដ៏ប្រសើរក្នុងសួនមនោរម្យដែរ។ ព្រះយេស៊ូបានទាយថា នឹងមាន‹ជម្ងឺរាតត្បាតនៅកន្លែងផ្សេងៗ›។ (លូកា ២១:១១) តើទំនាយនេះបានមានពិតមែនទេ? គឺមានមែន។ ក្រោយពីសង្គ្រាមលោកលើកទី១មក រោគផ្ដាសាយអេស្ប៉ាញ៉ុលបានសម្លាប់មនុស្សជាង២០លាននាក់។ តាំងពីនោះមក រោគមហារីក រោគបេះដូង ជម្ងឺគ្រុនចាញ់ រោគអេដស៍ និងជម្ងឺផ្សេងៗទៀតបានសម្លាប់មនុស្សរាប់លាននាក់។ ក្នុងប្រទេសអភិវឌ្ឍន៍ទាំងឡាយ រោគជាច្រើនកើតមកពីទឹកក្រខ្វក់ (រួមបញ្ចូលនឹងរោគចុះរាគ ហើយដំបៅក្លាយពីព្រូនក្នុងពោះវៀន) ដែលធ្វើឲ្យមនុស្សរាប់លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ។
ព្រះយេស៊ូបានមានបន្ទូលថា៖ «នឹងកើតមានអំណត់»។ (ម៉ាថាយ ២៤:៧) ដូចជាបានកត់សម្គាល់មកក្នុងអត្ថបទមុននេះ មនុស្សក្រខ្សត់ក្នុងពិភពលោក មិនមានអាហារបរិភោគគ្រប់គ្រាន់ទេ។ នេះជាផ្នែកមួយទៀតនៃទីសំអាង ដែលថាជីវិតដ៏ប្រសើរជាងនេះក្នុងសួនមនោរម្យនឹងជិតមកដល់ហើយ។
ព្រះយេស៊ូបានមានបន្ទូលថា៖ «នឹងមានកក្រើកដីជាខ្លាំង»។ (លូកា ២១:១១) ហើយនេះក៏បានកើតឡើងនៅក្នុងសម័យយើងនេះដែរ។ តាំងពី១៩១៤ សេចក្ដីហិនវិនាសពីការកក្រើកដីបានសម្លាប់មនុស្សរាប់រយសែននាក់។
ព្រះគម្ពីរក៏ចែងថែមទៀតថា «ថ្ងៃជាន់ក្រោយបង្អស់»នឹងត្រូវបានសម្គាល់ពីការប្រែប្រួលក្នុងចិត្តមនុស្សលោក។ ពួកគេនឹង«ស្រឡាញ់តែខ្លួនឯង» ហើយ«ទាំងស្រឡាញ់ប្រាក់» ហើយកូនក្មេងនឹង«មិនស្ដាប់បង្គាប់ឪពុកម្ដាយ»។ មនុស្សជាទូទៅ«ចូលចិត្តនឹងល្បែងលេងជាជាងព្រះ»។ (ធីម៉ូថេទី២ ៣:១-៥) តើអ្នកមិនយល់ស្របថា សេចក្ដីរៀបរាប់ទាំងនេះត្រូវម៉ាច់នឹងមនុស្សជាច្រើនទេឬ?
កាលដែលមនុស្សប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើង ការទទឹងច្បាប់ក៏មានកាន់តែច្រើនដែរ។ រឿងនេះក៏ត្រូវបានទាយទុកជាមុនដែរ។ យោងទៅតាមម៉ាថាយ ២៤:១២ ព្រះយេស៊ូបានមានបន្ទូលអំពី«ការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង»។ លោកអ្នកប្រហែលជាយល់ស្របថា ឧក្រិដ្ឋកម្មគឺកាន់តែអាក្រក់ឡើងៗជាងឆ្នាំមុនៗទៅទៀត។ មនុស្សនៅគ្រប់កន្លែងមានការខ្លាចណាស់ ថាគេនឹងត្រូវចោរប្លន់ លួចបន្លំ មានគ្រោះថ្នាក់តាមរបៀបណាមួយ។
សង្គ្រាម រោគឆ្លងរាលដាល ការខ្វះខាតម្ហូបអាហារ ការកក្រើកផែនដី ឧក្រិដ្ឋកម្មដែលមានកាន់តែច្រើនឡើងៗ ហើយការប្រែប្រួលដ៏អាក្រក់ក្នុងទំនាក់ទំនងមនុស្ស—ទាំងអស់នេះជាទីសំអាងនៅសព្វថ្ងៃនេះ ដូចជាព្រះគម្ពីរបានទាយទុកជាមុនមក។ អ្នកប្រហែលជាសួរថា៖ ‹ប៉ុន្តែ តើរឿងទាំងនេះមិនបានកើតឡើងនៅទូទាំងប្រវត្ដិសាស្ត្ររបស់មនុស្សលោកហើយទេឬអ្វី? តើមានការខុសប្លែកយ៉ាងណាទៅពីសម័យយើងនេះ›?
គឺមានចំណុចដ៏សំខាន់ណាស់អំពីអ្វីៗដែលកំពុងតែកើតឡើងនៅសព្វថ្ងៃនេះ។ ព្រះគម្ពីរមិនបានចែងថា ទិដ្ឋភាពណាមួយដូចជា ការខ្វះខាតម្ហូបអាហារ ជាភស្តុតាងថាយើងកំពុងតែរស់នៅក្នុងគ្រាចុងបញ្ចប់ ហើយថាជីវិតដ៏ប្រសើរនឹងជិតមកដល់នោះទេ។ ទំនាយរបស់ព្រះគម្ពីរទាំងឡាយអំពីគ្រាចុងបញ្ចប់ នឹងត្រូវសម្រេចទៅលើតំណមនុស្សដែលមិនគោរពព្រះ។—ម៉ាថាយ ២៤:៣៤-៣៩; លូកា ១៧:២៦, ២៧
ម្យ៉ាងវិញទៀត ជាការគួរឲ្យអស្ចារ្យណាស់ ដែលទិដ្ឋភាពខ្លះរបស់ទំនាយព្រះយេស៊ូ—ជាពិសេសអំពីការខ្វះខាតម្ហូបអាហារ និងរោគឆ្លងរាលដាល—បានកើតឡើងពិតមែននៅសព្វថ្ងៃនេះ។ ហេតុអ្វី? ពីព្រោះស្នាដៃខាងវិទ្យាសាស្ត្រមានកាន់តែច្រើនឡើង។ វិជ្ជានិងវិធីព្យាបាលរោគបានជឿនលឿនឡើងហើយមានពាសពេញ។ មានតែព្រះទេដែលអាចទាយប្រាប់ក្នុងព្រះគម្ពីរជាបន្ទូលរបស់ទ្រង់ ថានៅក្នុងកំឡុងគ្រាបែបនេះ រោគនិងទុរភិក្សមានសភាពកាន់តែអាក្រក់ឡើង មិនបានប្រសើរទេ។
ដោយសារតែទំនាយទាំងឡាយរបស់ព្រះគម្ពីរអំពីគ្រានៃចុងបញ្ចប់ ឬអំពី«ថ្ងៃជាន់ក្រោយបង្អស់»បានមានពិតមែននោះ តើយើងអាចសន្និដ្ឋានយ៉ាងណា? គឺថាជីវិតដ៏ប្រសើរជិតមកដល់ហើយ! ប៉ុន្តែតើនឹងមកតាមរបៀបណា?
ជីវិតដ៏ប្រសើរ—តាមរបៀបណា?
តើអ្នកគិតថា មនុស្សលោកអាចធ្វើឲ្យមានទីមនោរម្យបានទេ? ទូទាំងប្រវត្ដិសាស្ត្ររហូតមកដល់សម័យយើងនេះ គឺមានរដ្ឋាភិបាលរបស់មនុស្សជាច្រើនប្រភេទ។ រដ្ឋាភិបាលខ្លះបានខំប្រឹងប្រែងដើម្បីធ្វើឲ្យមនុស្សបានស្កប់ស្កល់នឹងសេចក្ដីត្រូវការរបស់គេ។ ប៉ុន្តែ បញ្ហាជាច្រើនកាន់តែអាក្រក់ឡើងៗ។ ក្នុងប្រទេសដ៏ស្តុកស្តម្ភនិងប្រទេសក្រខ្សត់ទាំងឡាយ រដ្ឋាភិបាលមានបញ្ហាដោះស្រាយនឹងការរំលោភលើគ្រឿងញៀន ការខ្វះខាតលំនៅ ភាពក្រខ្សត់ ឧក្រិដ្ឋកម្ម ការអត់មានការងារធ្វើ និងសង្គ្រាម។
ទោះបីរដ្ឋាភិបាលណាមួយអាចដោះស្រាយបញ្ហាទាំងនេះខ្លះក្ដី តែពួកគេមិនអាចផ្ដល់នូវសេរីភាពដ៏ពេញទីពីសុខភាពមិនល្អ ហើយក៏មិនអាចបញ្ចប់នៅភាពចាស់ជរា ឬសេចក្ដីស្លាប់បានឡើយ។ យ៉ាងច្បាស់ណាស់ មនុស្សមិនអាចផ្ដល់នូវទីមនោរម្យនៅលើផែនដីនេះបានទេ។
ព្រះគម្ពីរចែងយ៉ាងវាងវៃថា៖ «កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ»។ បើអញ្ចឹង តើយើងអាចទុកចិត្តទៅលើអ្នកណាបាន? ព្រះគម្ពីរឆ្លើយថា៖ «សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន»។ (ទំនុកដំកើង ១៤៦:៣, ៥) បើសិនជាយើងមានសេចក្ដីសង្ឃឹមនឹងព្រះយេហូវ៉ា យើងនឹងមិនត្រូវខកចិត្តឡើយ។
យ៉ាងប្រាកដណាស់ បុគ្គលដែលមានប្រាជ្ញានិងព្រះចេស្ដាក្នុងការបង្កើតផែនដី សុរិយា និងផ្កាយទាំងឡាយ ក៏អាចធ្វើឲ្យផែនដីទៅជាសួនមនោរម្យបានដែរ។ ទ្រង់អាចធ្វើឲ្យមនុស្សលោកទទួលបាននូវជីវិតដ៏ប្រសើរ។ អ្វីក៏ដោយដែលព្រះយេហូវ៉ាបានតាំងព្រះទ័យនឹងធ្វើឡើង នោះទ្រង់អាចហើយធ្វើឲ្យបានសម្រេច។ ព្រះគម្ពីរចែងថា៖ «ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ»។ (លូកា ១:៣៧) ប៉ុន្តែ តើតាមរបៀបណាទៅ ដែលព្រះនឹងនាំឲ្យមានជីវិតដ៏ប្រសើរនោះ?
ព្រះយេហូវ៉ានឹងនាំឲ្យមានជីវិតដ៏ប្រសើរដល់មនុស្ស តាមរយៈព្រះរាជាណាចក្ររបស់ទ្រង់។ ហើយតើព្រះរាជាណាចក្ររបស់ព្រះជាអ្វី? នេះជារដ្ឋាភិបាលដ៏ពិតមួយ ដែលមានព្រះយេស៊ូគ្រីស្ទជាអ្នកគ្រប់គ្រងដែលព្រះបានតែងតាំងមក។ រាជាណាចក្ររបស់ព្រះគឺនៅឯស្ថានសួគ៌ ប៉ុន្តែបន្ដិចទៀត រដ្ឋាភិបាលនេះនឹងផ្ដល់នូវប្រសិទ្ធិពរនិងជីវិតដ៏ប្រសើរដល់ពួកអ្នកដែលរស់នៅក្នុងផែនដីមនោរម្យ។—អេសាយ ៩:៦, ៧
លោកអ្នកប្រហែលជាដឹងអំពីគំរូអធិស្ឋានរបស់ព្រះយេស៊ូរួចមកហើយ ដែលនៅក្នុងព្រះគម្ពីរម៉ាថាយ ៦:៩-១៣។ មួយចំណែកនៃការអធិស្ឋានទៅព្រះ ចែងថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ ស្របទៅតាមការអធិស្ឋាននេះ រាជាណាចក្ររបស់ព្រះនឹង«មក»ដើម្បីនឹងចាត់វិធានការធ្វើតាមបំណងរបស់ព្រះយេហូវ៉ាសំរាប់ផែនដីនេះ។ ហើយជាបំណងរបស់ទ្រង់ ដែលចង់ឲ្យផែនដីនេះទៅជាសួនមនោរម្យនោះ។
នៅមានសំនួរមួយដែលត្រូវតែសួរឡើង៖ តើអ្នកត្រូវធ្វើយ៉ាងណា ដើម្បីនឹងបានជីវិតដ៏ប្រសើរក្នុងសួនមនោរម្យនៅអនាគតនេះ?
អ្វីដែលអ្នកត្រូវតែធ្វើ
ព្រះយេហូវ៉ាប្រកបទៅដោយសេចក្ដីស្រឡាញ់ ទុកឲ្យជីវិតដ៏ប្រសើរក្នុងសួនមនោរម្យដល់ពួកអ្នកដែលធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ព្រះគម្ពីរចែងប្រាប់យើងថា៖ «ពួកអ្នកសុចរិតនឹងបានស្រុក[ផែនដី]ទុកជាមរដក ហើយនឹងនៅក្នុងស្រុក[ផែនដី]នោះជានិច្ច»។ (ទំនុកដំកើង ៣៧:២៩) ប៉ុន្តែតើអ្វីទៅដែលធ្វើឲ្យបុគ្គលម្នាក់បានសុចរិតក្នុងព្រះនេត្រទ្រង់?
ដើម្បីធ្វើឲ្យព្រះយេហូវ៉ាគាប់ព្រះទ័យ យើងត្រូវតែរៀនឲ្យបានដឹងថែមទៀតអំពីអ្វីដែលទ្រង់ចង់ឲ្យយើងធ្វើ។ បើសិនជាយើងយកចំណេះវិជ្ជាអំពីព្រះ ហើយអនុវត្តតាមក្នុងជីវិតរបស់យើងនោះ យើងអាចរស់នៅជានិរន្តរ៍បាន។ ក្នុងការអធិស្ឋានទៅព្រះ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលថា៖ «នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។—យ៉ូហាន ១៧:៣
សៀវភៅដែលប្រាប់យើងអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ គឺព្រះគម្ពីរដែលជាបន្ទូលរបស់ព្រះ។ នេះជារង្វាន់ដ៏មានតម្លៃមួយរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរគឺប្រៀបដូចនឹងសំបុត្រមួយពីឪពុកដ៏មានសេចក្ដីស្រឡាញ់ម្នាក់ ផ្ញើទៅកូនចៅរបស់គាត់។ ព្រះគម្ពីរចែងប្រាប់យើងអំពីសេចក្ដីសន្យារបស់ព្រះ ក្នុងការនាំឲ្យមានជីវិតដ៏ប្រសើរសំរាប់មនុស្សលោក ហើយបង្ហាញយើងនូវរបៀបដែលយើងអាចទទួលបាន។ ព្រះគម្ពីរចែងប្រាប់យើងនូវអ្វីៗដែលព្រះបានធ្វើនៅអតីតកាល ហើយប្រាប់យើងនូវអ្វីដែលទ្រង់នឹងធ្វើនៅនាអនាគត។ ហើយក៏ផ្ដល់ឲ្យយើងនូវឱវាទដ៏មានប្រយោជន៍អំពីរបៀបដែលយើងអាចដោះស្រាយបញ្ហារបស់យើងនៅសព្វថ្ងៃនេះដែរ។ ប្រាកដហើយ បន្ទូលរបស់ព្រះបង្រៀនយើងនូវរបៀបដែលយើងអាចស្វែងរកសុភមង្គល ទោះបីរស់នៅក្នុងពិភពលោកដ៏មានបញ្ហាជាច្រើននេះក្ដី។—ធីម៉ូថេទី២ ៣:១៦, ១៧
ស្មរបន្ទាល់ព្រះយេហូវ៉ានឹងមានចិត្តដ៏រីករាយ ក្នុងការចាត់ចែងឲ្យអ្នកសិក្សាព្រះគម្ពីរតាមផ្ទះដោយឥតគិតថ្លៃ។ ចូររៀនអំពីរបៀបដែលអ្នកអាចមានជីវិតដ៏សប្បាយថែមទៀតនៅសព្វថ្ងៃនេះ ដោយមានសង្ឃឹមនូវជីវិតដ៏ប្រសើរក្នុងនាអនាគត។
[រូបភាពនៅទំព័រ៥]
ទំនាយព្រះគម្ពីរបញ្ជាក់ឲ្យឃើញថា ជីវិតដ៏ប្រសើរនឹងជិតមកដល់ហើយ
[រូបភាពនៅទំព័រ៧]
ព្រះរាជាណាចក្ររបស់ព្រះ នឹងផ្ដល់ឲ្យមានជីវិតដ៏ប្រសើរសំរាប់មនុស្សលោក